« ថ្ងៃទី២៣–២៩ ខែមីនា ‹ យើងបានរឭកដល់សេចក្តីសញ្ញារបស់យើង › ៖ និក្ខមនំ ១–៦ ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ២០២៦ ( ឆ្នាំ២០២៦ )
« ថ្ងៃទី២៣–២៩ ខែមីនា ‹ យើងបានរឭកដល់សេចក្តីសញ្ញារបស់យើង » ៖ ចូរមកតាមខ្ញុំ ៖ ឆ្នាំ២០២៦
ម៉ូសេ និងគុម្ពបន្លាដែលមានភ្លើងឆេះ ដោយ ហារី អាន់ឌើរសិន
ថ្ងៃទី២៣–២៩ ខែមីនា ៖ « យើងបានរឭកដល់សេចក្តីសញ្ញារបស់យើង »
និក្ខមនំ ១–៦
ការអញ្ជើញឲ្យរស់នៅក្នុងស្រុកអេស៊ីព្ទ បានជួយសង្រ្គោះក្រុមគ្រួសាររបស់យ៉ាកុប ។ ប៉ុន្តែបន្ទាប់ពីរាប់រយឆ្នាំក្រោយមក កូនចៅរបស់ពួកគេបានធ្វើជាទាសករ និងត្រូវបំភ័យដោយផារ៉ោនអង្គថ្មី « ស្តេចនោះមិនបានស្គាល់យ៉ូសែបទេ » ( និក្ខមនំ ១:៨ ) ។ វាជារឿងធម្មតាដែលពួកសាសន៍អ៊ីស្រាអែលត្រូវឆ្ងល់ពីមូលហេតុដែលព្រះទុកឲ្យរឿងទាំងនេះកើតឡើងចំពោះពួកគេ ដែលជារាស្រ្តនៃសេចក្តីសញ្ញារបស់ទ្រង់ ។ តើទ្រង់បានចាំពីសេចក្តីសញ្ញាដែលទ្រង់បានធ្វើជាមួយពួកគេដែរឬទេ ? តើពួកគេនៅតែជាប្រជារាស្រ្តរបស់ទ្រង់ដែរឬទេ ? តើទ្រង់អាចទតឃើញថាពួកគេរងទុក្ខប៉ុនណាទេ ?
ប្រហែលជាមានពេលខ្លះបងប្អូនក៏ធ្លាប់ចង់សួរសំណួរស្រដៀងគ្នានេះផងដែរ ។ បងប្អូនអាចឆ្លល់ថា « តើព្រះជ្រាបដឹងអំពីអ្វីដែលខ្ញុំកំពុងឆ្លងកាត់ដែរឬទេ ? តើទ្រង់បានព្រះរាជសណ្តាប់ឮការទូលអង្វរសុំជំនួយរបស់ខ្ញុំដែរ ឬទេ ? » ការរំដោះអ៊ីស្រាអែលចេញពីស្រុកអេស៊ីព្ទឆ្លើយតបនឹងសំណួរបែបនោះយ៉ាងច្បាស់ ៖ ព្រះទ្រង់មិនដែលភ្លេចប្រជារាស្រ្តរបស់ទ្រង់ឡើយ ។ ទ្រង់ចងចាំសេចក្តីសញ្ញារបស់ទ្រង់ជាមួយយើង ហើយនឹងបំពេញសេចក្តីសញ្ញាទាំងនោះតាមពេលវេលាកំណត់ និងមធ្យោបាយរបស់ទ្រង់ ។ ទ្រង់បានមានបន្ទូលថា « យើងនឹងលើកដៃយើងឡើងលោះឯងរាល់គ្នា ។ « យើងនេះជាយេហូវ៉ា គឺជាព្រះនៃឯង ដែលនាំឯងចេញផុតពីបន្ទុក [ របស់ឯង ] » ( និក្ខមនំ ៦:៦–៧ ) ។
សម្រាប់ទិដ្ឋភាពទូទៅស្ដីពីគម្ពីរនិក្ខមនំ សូមមើល« Exodus, book of » នៅក្នុងBible Dictionary ។
គំនិតសម្រាប់ការរៀនសូត្រនៅឯគេហដ្ឋាន និងព្រះវិហារ
និក្ខមនំ ១–២
ទ្រង់អាចធ្វើការតាមរយៈខ្ញុំដើម្បីបំពេញគោលបំណងរបស់ទ្រង់ ។
តើអ្វីខ្លះដែលបានធ្វើឲ្យបងប្អូនចាប់អារម្មណ៍អំពីស្រ្តីដែលបានពិពណ៌នានៅក្នុង និក្ខមនំ ១–២ ? តើពួកគេបានជួយបំពេញផែនការរបស់ព្រះសម្រាប់រាស្ដ្ររបស់ទ្រង់ដោយរបៀបណា ? តើការខិតខំរបស់ពួកគេបង្រៀនបងប្អូនអ្វីខ្លះអំពីការបម្រើនៅក្នុងកិច្ចការរបស់ព្រះ ?
និក្ខមនំ ១–៣
ព្រះយេស៊ូវគ្រីស្ទគឺជាអង្គសង្គ្រោះរបស់ខ្ញុំ ។
មុនពេលបងប្អូនចាប់ផ្តើមអាននិក្ខមនំ បងប្អូនប្រហែលជាគិតអំពីសេចក្តីលំបាកដែលបងប្អូនកំពុងឆ្លងកាត់—ជាអ្វីមួយដែលបងប្អូនសង្ឃឹមថា ព្រះអម្ចាស់នឹងជួយដោះបងប្អូនចេញពីសេចក្តីលំបាកនោះ ។ តើពាក្យសម្តី និងឃ្លានៅក្នុង និក្ខមនំ ១–៣ ស្ដាប់ទៅស្រដៀងនឹងការជាប់ឃុំឃាំងខាងវិញ្ញាណ ឬរឿងផ្សេងទៀតដែលយើងជួបប្រទះសព្វថ្ងៃនេះអ្វីខ្លះ ? សូមកត់សម្គាល់ផងដែរអំពីរបៀបដែលកូនចៅអ៊ីស្រាអែលបានស្វែងរកជួយដោះ និងរបៀបដែលព្រះអម្ចាស់បានឆ្លើយតប ( សូមមើលឧទាហរណ៍ និក្ខមនំ ២:២៣–២៥; ៣:៧–៨ ) ។ តើព្រះអម្ចាស់ « បានចុះមកដើម្បីនឹងជួយដោះ » បងប្អូនដោយរបៀបណា ?
ពេញមួយគម្ពីរនិក្ខមនំ បងប្អូនក៏អាចកត់សម្គាល់ឃើញភាពស្រដៀងគ្នាមួយចំនួនរវាងម៉ូសេ និងព្រះយេស៊ូវគ្រីស្ទ ( សូមមើល ចោទិយកថា ១៨:១៨–១៩; នីហ្វៃទី១ ២២:២០–២១ ) ។ ឧទាហរណ៍ តើបងប្អូនឃើញភាពស្រដៀងគ្នាអ្វីខ្លះរវាង និក្ខមនំ ១:២២; ២:១–១០ និង ម៉ាថាយ ២:១៣–១៦ ? ឬរវាង និក្ខមនំ ២៤:១៨ និង ម៉ាថាយ ៤:១–២ ? តើបងប្អូនមានអារម្មណ៍ថា ព្រះអម្ចាស់សព្វព្រះទ័យឲ្យបងប្អូនយល់ដឹងអ្វីខ្លះអំពីទ្រង់ផ្ទាល់ និងព្រះចេស្ដារបស់ទ្រង់ ?
ស្វែងរកនិមិត្តរូបនានាដែលធ្វើទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ។ « អ្នក … អាចរកឃើញដំណើរជីវិតដូចគ្នាទៅនឹងព្រះជន្មរបស់ព្រះអង្គសង្គ្រោះ នៅក្នុងជីវិតរបស់ពួកព្យាការី និងពួកបុរសស្ដ្រីដ៏ស្មោះត្រង់ផ្សេងទៀតនៅក្នុងព្រះគម្ពីរផងដែរ ។ [ ការធ្វើដូច្នោះ ] បើកសម្តែងសេចក្តីពិតអំពីព្រះអង្គសង្គ្រោះ នៅកន្លែងខ្លះដែលអ្នកអាចមើលរំលង » ( សូមមើល ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ទំព័រ ៧ សូមមើលផងដែរ ហូសេ ១២:១០ ) ។
Faith at Water’s Edge [ សេចក្តីជំនឿនៅមាត់ទឹក ] អាណា ម៉ារី អូប៊ន
និក្ខមនំ ៣:១–៦
ខ្ញុំអាចបង្ហាញគារវភាពចំពោះអ្វីៗ និងទីកន្លែងដ៏បរិសុទ្ធ ។
តើបងប្អូនអាចគិតដល់ពេលមួយដែលមានអ្វីមួយបំពេញឲ្យបងប្អូនដោយសេចក្តីស្ញើច និងភាពអស្ចារ្យដែរឬទេ ? តើបងប្អូនមានប្រតិកម្មតបវិញយ៉ាងដូចម្ដេច ? តើបងប្អូននឹងរៀបរាប់ពីអារម្មណ៍ដែលបងប្អូនមានយ៉ាងដូចម្តេច ?
ដោយចាំការណ៍នោះ នៅក្នុងគំនិត សូមអាន និក្ខមនំ ៣:១–៦ ។ តើមានអ្វីខ្លះដែលធ្វើឲ្យបងប្អូនចាប់អារម្មណ៍អំពីបទពិសោធន៍ដ៏បំផុសគំនិតរបស់ម៉ូសេ ? តើម៉ូសេបានធ្វើអ្វីខ្លះដើម្បីបង្ហាញការគោរពចំពោះព្រះ ? តើបងប្អូនមើលឃើញទំនាក់ទំនងអ្វីខ្លះរវាងទង្វើរបស់លោក និងការគោរពចំពោះវត្ថុពិសិដ្ឋ ?
ការអានខគម្ពីរទាំងនេះអាចនឹងជំរុញបងប្អូនឲ្យគិតអំពីវត្ថុបរិសុទ្ធ និងកន្លែងបរិសុទ្ធនៅក្នុងជីវិតរបស់បងប្អូន ។ តើហេតុអ្វីវាពិសិដ្ឋចំពោះបងប្អូន ? តើបងប្អូនចាត់ទុកវាខុសពីអ្វីដែលទូទៅដោយរបៀបណា ? ដើម្បីដឹកនាំការជញ្ជឹងគិតរបស់បងប្អូន នោះបងប្អូនអាចយោងទៅផ្នែកទាំងនេះដែលមានចំណងជើងថា « ការចងចាំអំពីសេចក្តីសន្យា » នៅក្នុងសារលិខិតរបស់អែលឌើរ ដេវីឌ អេ បែដណា « Exceeding Great and Precious Promises » ” ( Liahona ខែវិច្ឆិកា ឆ្នាំ២០១៧ ទំព័រ៩១–៩៣ ) ។ បងប្អូនក៏អាចច្រៀង ឬស្ដាប់ទំនុកតម្កើងដែលបំផុសគំនិត និងស្ញើចសរសើរ ដូចជា « ខ្ញុំឆ្ងល់យ៉ាងអស្ចារ្យ » ( ទំនុកតម្កើង ល.រ. ១១៥ ) ហើយជញ្ជឹងគិតនូវអ្វីដែលដំណឹងល្អធ្វើឲ្យបង្អូនស្ញប់ស្ញែង ។
ជាការពិតណាស់ សូម្បីតែនៅពេលដែលយើងមានបទពិសោធន៍ខាងវិញ្ញាណដ៏អស្ចារ្យក៏ដោយ វាក៏មានគ្រោះថ្នាក់ដែរក្នុងការធ្វើឲ្យរឿងពិសិដ្ឋក្លាយជារឿងធម្មតាពេក ។ តើបងប្អូនចៀសវាងការណ៍នេះដោយរបៀបណា ? នេះគឺជាសារលិខិតពីរដែលនិយាយអំពីបញ្ហានេះ សូមជ្រើសរើសមួយ ហើយរកមើលសេចក្តីថ្លែងការណ៍ដែលជួយបងប្អូន ៖ អូលីសេស សូរ៉េស « ស្ងើចសរសើរដល់ព្រះគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ » ( លីអាហូណា ខែឧសភា ឆ្នាំ២០២២ ទំព័រ ១១៥–១១៧ ); ជែរលដ៍ ឃូសេ « Is It Still Wonderful to You? » ( Liahona ខែឧសភា ឆ្នាំ២០១៥ ទំព័រ ៩៨–១០០ ) ។
សូមមើលផងដែរ គោលលទ្ធិ និងសេចក្តីសញ្ញា ៦:១០–១២; ៦៣:៦៤ ។
និក្ខមនំ ៣–៤
ព្រះប្រទានព្រះចេស្តាដល់មនុស្សដែលទ្រង់បានហៅឲ្យធ្វើកិច្ចការរបស់ទ្រង់ ។
នៅសព្វថ្ងៃនេះយើងស្គាល់ម៉ូសេ ថាជាព្យាការី និងអ្នកដឹកនាំដ៏អស្ចារ្យ ។ ប៉ុន្តែម៉ូសេ មិនបានមើលឃើញខ្លួនលោកតាមបែបនោះទេ នៅពេលព្រះអម្ចាស់បានហៅលោកដំបូង ។ នៅពេលបងប្អូនអាន និក្ខមនំ ៣–៤ សូមសរសេរកង្វល់របស់ម៉ូសេ និងរបៀបដែលព្រះអម្ចាស់បានឆ្លើយតបចំពោះកង្វល់នីមួយៗ ។ តើបងប្អូនរកឃើញអ្វីខ្លះនៅក្នុងជំពូកទាំងនេះដែលអាចបំផុសគំនិតបងប្អូន នៅពេលបងប្អូនមានអារម្មណ៍ថាមិនគ្រប់គ្រាន់ ? តើពេលណាដែលបងប្អូនបានឃើញព្រះផ្តល់អំណាចដល់បងប្អូន ឬអ្នកដទៃទៀតឲ្យធ្វើកិច្ចការរបស់ទ្រង់ ?
សូមមើលផងដែរ « The Church Gives Us Opportunities to Assist in God’s Work » នៅក្នុង « Church Organization » នៅក្នុង Topics and Questions នៅលើបណ្ណាល័យដំណឹងល្អ ។
និក្ខមនំ ៥–៦
ព្រះរាជបំណងរបស់ព្រះអម្ចាស់នឹងត្រូវបានបំពេញតាមពេលកំណត់របស់ទ្រង់ ។
វាអាចជាការបាក់ទឹកចិត្តនៅពេលការខិតខំដោយស្មោះរបស់យើងដើម្បីធ្វើល្អហាក់ដូចជាមិនដំណើរការ—នៅពេលយើងព្យាយាមធ្វើតាមព្រះហឫទ័យរបស់ព្រះអម្ចាស់ ប៉ុន្តែយើងមិនបានឃើញលទ្ធផលដែលយើងរំពឹងទុកនោះទេ ។ ដើម្បីរៀនអំពីបទពិសោធន៍ស្រដៀងគ្នាមួយដែលម៉ូសេបានមាន សូមអាន និក្ខមនំ ៥:៤–៩, ២០–២៣ ។ តើព្រះអម្ចាស់បានជួយម៉ូសេឲ្យយកឈ្នះលើអារម្មណ៍បាក់ទឹកចិត្តរបស់លោកដោយរបៀបណា ? ( សូមមើល និក្ខមនំ ៦:១–១៣ ) ។ តើព្រះអម្ចាស់បានជួយបងប្អូនតស៊ូក្នុងការធ្វើតាមព្រះទ័យរបស់ទ្រង់យ៉ាងដូចម្តេច ?
សូមមើលផងដែរ ជែហ្វ្រី អ័រ ហូឡិន « Waiting on the Lord » Liahona ខែវិច្ឆិកា ឆ្នាំ២០២០ ទំព័រ ១១៥–១១៧ ។
សម្រាប់គំនិតបន្ថែម សូមមើលការចុះផ្សាយទស្សនាវដ្តី លីអាហូណា និង ដើម្បីកម្លាំងនៃយុវជន ប្រចាំខែនេះ ។
គំនិតសម្រាប់បង្រៀនកុមារ
ពីព្រោះថ្ងៃអាទិត្យនេះ ជាសប្ដាហ៍ទី៥ នៃខែនេះ គ្រូបង្រៀនអង្គការបឋមសិក្សាត្រូវបានលើកទឹកចិត្តឲ្យប្រើប្រាស់សកម្មភាពរៀននៅក្នុង « ឧបសម្ព័ន្ធ ខ ៖ ការរៀបចំកុមារឲ្យនៅលើផ្លូវនៃសេចក្តីសញ្ញារបស់ព្រះពេញមួយជីវិត » ។
និក្ខមនំ ១–២
ទ្រង់អាចធ្វើការតាមរយៈខ្ញុំដើម្បីបំពេញគោលបំណងរបស់ទ្រង់ ។
-
ម៉ូសេមានតួនាទីដ៏សំខាន់ក្នុងការដោះលែងអ៊ីស្រាអែលពីសេវកភាព ។ ប៉ុន្តែលោកមិនអាចសម្រេចកិច្ចការនេះបានទេ ប្រសិនបើមាតាលោក បងស្រីលោក ដែលជាបុត្រីរបស់ផារ៉ោន និងស្រ្តីស្មោះត្រង់ដទៃទៀតមិនបានការពារ និងថែទាំលោកនោះ ។ សូមជួយកូនៗបងប្អូនរៀនអំពីស្រ្តីទាំងនេះនៅក្នុង និក្ខមនំ ១:១៥–២០; និក្ខមនំ ២:២–១០ ( សូមមើលផងដែរ ជនគណនា ២៦:៥៩ ) និង និក្ខមនំ ២:១៦–២១ ។ បងប្អូនក៏អាចប្រើប្រាស់ទំព័រសកម្មភាពសប្តាហ៍នេះ និង « ទារកម៉ូសេ » ( នៅក្នុង ដំណើររឿងព្រះគម្ពីរសញ្ញាចាស់ ទំព័រ ៦១–៦៣ ) ដើម្បីប្រាប់ ពីដំណើររឿងរបស់ពួកគេ ។ តើស្រ្តីទាំងនេះជួយបំពេញផែនការរបស់ព្រះដោយរបៀបណា ? សូមនិយាយជាមួយគ្នាអំពីមនុស្សផ្សេងទៀតដែលបងប្អូនកោតសរសើរដែលជួយកិច្ចការរបស់ព្រះ រួមទាំងតាមរបៀបតូចតាច និងងាយ ។ តើយើងអាចធ្វើតាមគំរូរបស់ពួកគាត់ដោយរបៀបណា ?
1:36Baby Moses
និក្ខមនំ ៣:១–៥
ខ្ញុំអាចប្រព្រឹត្តចំពោះទីកន្លែបរិសុទ្ធដោយការគោរព ។
-
បន្ទាប់ពីអាន និក្ខមនំ ៣:១–៥ ជាមួយគ្នា សូមសុំឲ្យកូនៗបងប្អូនសង្ខេបខគម្ពីរទាំងនេះតាមពាក្យពេចន៍របស់ពួកគេផ្ទាល់ ( សូមមើលផងដែរ « ម៉ូសេជាព្យាការី » នៅក្នុង ដំណើររឿងព្រះគម្ពីរសញ្ញាចាស់ ទំព័រ ៦៤–៦៦ ) ។ តើម៉ូសេបង្ហាញគារវភាពនៅក្នុងទីវត្តមានរបស់ព្រះអម្ចាស់ដោយរបៀបណា ? តើព្រះអម្ចាស់សព្វព្រះទ័យឲ្យយើងបង្ហាញគារវភាពដោយរបៀបណា ? បងប្អូនក៏អាចសុំឲ្យកូនៗបងប្អូនជួយបងប្អូនស្វែងរក ( ឬគូរ ) រូបភាពនៃទីកន្លែងពិសិដ្ឋ ឬសកម្មភាពដែលយើងមានគារវភាព ។ តើយើងអាចធ្វើអ្វីខ្លះដើម្បីធ្វើឲ្យផ្ទះយើងជាទីកន្លែងពិសិដ្ឋ ។
1:26Moses the Prophet
-
សូមច្រៀងចម្រៀងមួយបទជាមួយគ្នាបទអំពីគារវភាព ដូចជាបទ « គារវភាពជាក្តីស្នែហ៍ » ( សៀវភៅចម្រៀងកុមារ ទំព័រ ១២ ) ។ នៅពេលបងប្អូនធ្វើដូច្នោះ កូនៗបងប្អូនអាចស្វែងរកពាក្យ ឬឃ្លាដែលពន្យល់ពីអត្ថន័យនៃគារវភាព ។ ប្រសិនបើយើងនាំមិត្តភក្តិទៅព្រះវិហារជាលើកដំបូង តើយើងនឹងពន្យល់ពីអត្ថន័យនៃគារវភាពដោយរបៀបណា ?
Moses and Aaron Speak to the People [ ម៉ូសេ និងអើរ៉ុនមានប្រសាសន៍ទៅកាន់ប្រជាជន ] ដោយ ជេមស៍ ធីសុទ្ធ
និក្ខមនំ ៣–៤
នៅពេលដែលព្រះអម្ចាស់បង្គាប់ឲ្យខ្ញុំធ្វើអ្វីមួយ ទ្រង់នឹងជួយខ្ញុំធ្វើវា ។
-
សូមប្រើដំណើររឿងនៅក្នុង និក្ខមនំ ៣; ៤:១–១៧ សូមឲ្យកូនៗរបស់បងប្អូនប្តូរវេនគ្នាសម្តែងធ្វើជាម៉ូសេ ។ វាអាចជាការសប្បាយក្នុងការបញ្ចូលវត្ថុ ឬឧបករណ៍សាមញ្ញៗ ដូចជាពិល និងរុក្ខជាតិដើម្បីតំណាងឲ្យគុម្ពបន្លាដែលកំពុងឆេះ ។ សូមជួយកូនៗបងប្អូនស្វែងរកតើម៉ូសេមានអារម្មណ៍យ៉ាងដូចម្តេចអំពីការចាត់តាំងដែលព្រះអម្ចាស់ប្រទានឲ្យគាត់ ( សូមមើល និក្ខមនំ ៣:១១; ៤:១, ១០ ) ។ ប្រហែលជាបងប្អូនអាចចែកចាយជាមួយគ្នានៅពេលដែលបងប្អូនមានអារម្មណ៍ស្រដៀងគ្នានេះ ។ តើដំបូន្មានអ្វីដែលយើងនឹងចែកចាយជាមួយម៉ូសេដើម្បីជួយលោក ? សូមអានអំពីរបៀបដែលព្រះអម្ចាស់លើកទឹកចិត្តម៉ូសេនៅក្នុង និក្ខមនំ ៣:១២; ៤:២–៩, ១១–១២ ។ សូមប្រាប់កុមារពីរបៀបដែលព្រះអង្គសង្គ្រោះបានជួយបងប្អូនបំពេញការហៅ ធ្វើតាមការបំផុសគំនិត ឬធ្វើអ្វីមួយផ្សេងទៀតដែលពិបាកសម្រាប់បងប្អូន ។
សម្រាប់គំនិតបន្ថែម សូមមើលការចុះផ្សាយទស្សនាវដ្តី ប្រិយមិត្ត នៅខែនេះ ។