« ថ្ងៃទី១៦–២២ ខែមីនា ‹ ព្រះទ្រង់សម្រេចជាការល្អវិញ › ៖ លោកុប្បត្តិ ៤២–៥០ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ២០២៦ ( ឆ្នាំ២០២៦ )
« ថ្ងៃទី១៦–២២ ខែមីនា ‹ ព្រះទ្រង់សម្រេចជាការល្អវិញ › » ៖ ចូរមកតាមខ្ញុំ ៖ ឆ្នាំ២០២៦
Forgiveness [ ការអភ័យទោស ] ដោយ មីហ្គេន រីឃឺ
ថ្ងៃទី១៦–២២ ខែមីនា ៖ « ព្រះទ្រង់សម្រេចជាការល្អវិញ »
លោកុប្បត្តិ ៤២–៥០
វាមានរយៈពេលប្រហែលជា ២២ ឆ្នាំ ចាប់តាំងពីពួកបងប្រុសរបស់យ៉ូសែបបានលក់លោកធ្វើជាទាសករ ។ យ៉ូសែបបានរងទុក្ខលំបាកជាច្រើន រួមទាំងការចោទប្រកាន់មិនពិត និងការជាប់គុកផងដែរ ។ នៅទីបំផុត នៅពេលលោកបានជួបពួកបងប្រុសម្តងទៀត យ៉ូសែបក្លាយជាអ្នកគ្រប់គ្រងទីពីរ នៅស្រុកអេស៊ីព្ទទាំងមូលបន្ទាប់ពីផារ៉ោន ។ ហើយដោយគិតពីអ្វីដែលពួកគេបានធ្វើចំពោះយ៉ូសែប វាអាចនឹងសមហេតុផលថា លោកអាចសងសឹកពួកបងប្រុសៗរបស់លោកបានយ៉ាងងាយ ។ ហើយផ្ទុយទៅវិញ យ៉ូសែបបានអភ័យទោសឲ្យពួកគេ ។ មិនត្រឹមតែប៉ុណ្ណោះ លោកបានជួយពួកគេមើលឃើញពីគោលបំណងដ៏ទេវភាពនៅក្នុងការរងទុក្ខរបស់លោកថែមទៀតផង ។ « ព្រះទ្រង់សម្រេចជាការល្អវិញ » ( លោកុប្បត្តិ ៥០:២០ ) លោកបានប្រាប់ពួកបងៗ ដោយសារការណ៍នេះបានធ្វើឲ្យលោកស្ថិតក្នុងតួនាទីមួយដើម្បីសង្រ្គោះ « ពួកផ្ទះឪពុកទាំងអស់ » ( លោកុប្បត្តិ ៤៧:១២ ) ពីគ្រោះទុរភិក្ស ។
តាមរបៀបជាច្រើន យ៉ូសែបគឺដូចជាព្រះយេស៊ូវគ្រីស្ទ ។ ទោះបីជាអំពើបាបរបស់យើងបានបណ្តាលឲ្យព្រះយេស៊ូវរងទុក្ខដ៏មហិមាក្តី ក៏ទ្រង់បានប្រទានការអភ័យទោស ដោយរំដោះយើងទាំងអស់គ្នាចេញពីវាសនាមួយ ដែលអាក្រក់ជាងគ្រោះទុរភិក្សទៅទៀត ។ ទោះបីជាយើងត្រូវទទួលការអភ័យទោស ឬផ្ដល់ការអភ័យទោសក្ដី—ដល់ពេលមួយយើងត្រូវការធ្វើទាំងពីរ—គំរូរបស់យ៉ូសែប បង្ហាញផ្លូវយើងឲ្យទៅរកព្រះអង្គសង្រ្គោះ ជាប្រភពពិតនៃការព្យាបាល និងការផ្សះផ្សា ។
គំនិតសម្រាប់ការរៀនសូត្រនៅឯគេហដ្ឋាន និងនៅឯសាសនាចក្រ
លោកុប្បត្តិ ៤៥:៥–៧; ៤៧:១២
« ព្រះទ្រង់បានចាត់ខ្ញុំឲ្យមកមុនអ្នករាល់គ្នា ដើម្បីនឹងរក្សាទុកអ្នករាល់គ្នា » ។
តើបងប្អូនបានកត់សម្គាល់ឃើញភាពស្រដៀងគ្នាណាមួយរវាងជីវិតរបស់យ៉ូសែប និងបេសកកម្មដ៏ធួនរបស់ព្រះយេស៊ូវគ្រីស្ទដែរឬទេ ? ដើម្បីមើលឧទាហរណ៍ខ្លះនៃភាពស្រដៀងគ្នានេះ សូមសាកល្បងប្រៀបធៀប ៖
-
លោកុប្បត្តិ ៣៧:៣ ជាមួយ ម៉ាថាយ ៣:១៧ ។
-
លោកុប្បត្តិ ៣៧:២៦–២៨ ជាមួយ ម៉ាថាយ ២៦:១៤–១៦ ។
-
លោកុប្បត្តិ ៤៥:៥–៧ ជាមួយ លូកា ៤:១៨ ។
-
លោកុប្បត្តិ ៤៧:១២ ជាមួយ យ៉ូហាន ៦:៣៥ ។
តើបងប្អូនបានទទួលចំណាប់អារម្មណ៍អ្វីខ្លះអំពីព្រះអង្គសង្គ្រោះ និងបេសកកម្មរបស់ទ្រង់នៅពេលបងប្អូនអានវគ្គបទគម្ពីរទាំងនេះ ?
លោកុប្បត្តិ ៤៥; ៥០:១៥–២១
ការអភ័យទោសនាំមកនូវការព្យាបាល ។
ការអានអំពីយ៉ូសែបអភ័យទោសឲ្យពួកបងប្រុសរបស់លោកចំពោះរឿងអាក្រក់ៗដែលពួកគេបានធ្វើ អាចបំផុសគំនិតបងប្អូនឲ្យគិតអំពីនរណាម្នាក់ដែលបងប្អូនកំពុងពិបាកក្នុងការអភ័យទោសឲ្យ ។ សំណួរខាងក្រោមអាចជួយនៅពេលបងប្អូនព្យាយាមអនុវត្តគោលការណ៍នេះ ៖
-
ហេតុអ្វីវាអាចជារឿងពិបាកចំពោះយ៉ូសែប ដែលត្រូវអភ័យទោសឲ្យបងប្រុសរបស់លោក ? ( ដើម្បីមើលអ្វីដែលពួកគេបានធ្វើចំពោះលោក សូមមើល លោកុប្បត្តិ ៣៧ ) ។ តើបទពិសោធន៍ ឬឥរិយាបថអ្វីខ្លះដែលអាចផ្ដល់កម្លាំងឲ្យយ៉ូសែបអភ័យទោសបាន ? ( សូមមើល ឧទាហរណ៍ លោកុប្បត្តិ ៤៥:១–១៥ ឬ ៥០:១៥–២១ ) ។
-
តើមានពរជ័យអ្វីខ្លះ ដែលបានកើតពីការអភ័យទោសរបស់យ៉ូសែបឲ្យបងប្រុសរបស់លោក ? ឧទាហរណ៍ ប្រៀបធៀបទំនាក់ទំនងក្នុងគ្រួសាររបស់យ៉ាកុបនៅដើមដំណើររឿងនេះ ( សូមមើល ឧទាហរណ៍ លោកុប្បត្តិ ៣៧:៣–១១ ) ទៅនឹងស្ថានភាពរបស់ពួកគេនៅចុងបញ្ចប់ ( សូមមើល លោកុប្បត្តិ ៤៥:៩–១៥; ៥០:១៥–២១ ) ។ តើរឿងនេះអាចខុសគ្នាយ៉ាងណាទៅ បើយ៉ូសែបមិនបានស្ម័គ្រចិត្តអភ័យទោសទេនោះ ?
-
សូមពិចារណាសរសេរឈ្មោះរបស់នរណាម្នាក់ដែលប្រហែលជាត្រូវការការអភ័យទោសរបស់បងប្អូន—មិនថាពួកគេបានសុំការអភ័យទោសឬក៏អត់នោះទេ ។ តើបងប្អូនអាចធ្វើអ្វីខ្លះ ដើម្បីយាងអញ្ជើញព្រះចេស្ដាព្យាបាលរបស់ព្រះអង្គសង្គ្រោះមកក្នុងស្ថានភាពនោះ ? ប្រសិនបើការអភ័យទោសហាក់ដូចជាពិបាកពេក សូមពិចារណាពិនិត្យមើលដំបូន្មានរបស់អែលឌើរ ហ្គើរីត ដបុលយូ ហ្គង ក្នុងកថាខណ្ឌប្រាំមួយចុងក្រោយនៃសារលិខិតរបស់លោក « រីករាយជារៀងរហូត » ( លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២២ ទំព័រ ៨៥ ) ។ តើបងប្អូនរកឃើញអ្វីដែលផ្តល់ឲ្យបងប្អូននូវក្តីសង្ឃឹមថាបងប្អូនអាចអភ័យទោសបាន ?
សូមមើលផងដែរ គោលលទ្ធិ និងសេចក្តីសញ្ញា ៦៤:៩–១១; « Forgiveness: My Burden Was Made Light » ( វីដេអូ ) នៅលើបណ្ណាល័យដំណឹងល្អ ។
Forgiveness: My Burden Was Made Light
លោកុប្បត្តិ ៤៩
យ៉ាកុបបានផ្ដល់ពរជ័យដ៏ព្យាករដល់គ្រួសាររបស់លោក ។
ពរជ័យរបស់យ៉ាកុបចំពោះកូនចៅរបស់លោក មានរូបភាពរស់រវើក ប៉ុន្តែវាមិនងាយយល់នោះទេ ។ ជាអំណរគុណ ដំណឹងល្អដែលបានស្តារឡើងវិញផ្តល់ឲ្យយើងនូវការយល់ដឹងបន្ថែម ។ នៅពេលបងប្អូនអានពរជ័យដែលផ្តល់ឲ្យយ៉ូសែប នៅក្នុង លោកុប្បត្តិ ៤៩:២២–២៦ សូមអានខគម្ពីរដូចខាងក្រោមផងដែរ ហើយសូមមើលការយល់ដឹងអ្វីខ្លះដែលវាបានផ្តល់ឲ្យ ៖ នីហ្វៃទី១ ១៥:១២; នីហ្វៃទី២ ៣:៤–៥; យ៉ាកុប ២:២៥; គោលលទ្ធិ និងសេចក្តីសញ្ញា ៥០:៤៤ ។
នៅពេលបងប្អូនអានអំពីពរជ័យរបស់យូដានៅក្នុង លោកុប្បត្តិ ៤៩:៨–១២ សូមចាំថា ព្រះយេស៊ូវគ្រីស្ទជាកូនចៅរបស់សាសន៍យូដា ។ តើបងប្អូនរកឃើញអ្វីនៅក្នុងខគម្ពីរទាំងនេះ ដែលរំឭកបងប្អូនអំពីព្រះអង្គសង្គ្រោះ ? ( សូមមើលផងដែរ វិវរណៈ ៥:៥–៦, ៩; នីហ្វៃទី១ ១៥:១៤–១៥; គោលលទ្ធិ និងសេចក្តីសញ្ញា ៤៥:៥៩; ១៣៣:៤៦–៥០ ) ។
ការអានពរជ័យទាំងនេះអាចបំផុសគំនិតបងប្អូនឲ្យពិនិត្យឡើងវិញនូវពររបស់លោកអយ្យកោ—ឬប្រសិនបើបងប្អូនមិនមានទេ សូមទៅទទួលពររបស់លោកអយ្យកោ ។ តើពាក្យ និងឃ្លាអ្វីខ្លះនៅក្នុងពររបស់លោកអយ្យកោរបស់បងប្អូនបង្វែរគំនិតបងប្អូនទៅរកព្រះយេស៊ូវគ្រីស្ទ ?
សូមមើលផងដែរ រែនដល ឃេ បិនណ្ណិត « ពរជ័យអយ្យកោរបស់បងប្អូន—ជាការបំផុសគំនិតមកពីព្រះវរបិតាសួគ៌ » លីអាហូណា ខែឧសភា ឆ្នាំ២០២៣ ទំព័រ ៤២–៤៤ ។
លោកុប្បត្តិ ៥០:១៩–២១
ព្រះអាចជួយខ្ញុំឲ្យរកឃើញនូវអត្ថន័យនៅក្នុងការសាកល្បងរបស់ខ្ញុំ ។
ទោះជាវាមិនច្បាស់ពីពេលវេលាដែលលោកឆ្លងកាត់វាក្ដី ក៏យ៉ូសែបអាចមើលត្រឡប់ទៅឧបសគ្គរបស់លោកនៅស្រុកអេស៊ីព្ទនៅទីបញ្ចប់ ហើយឃើញថា « ព្រះទ្រង់សម្រេចជាការល្អ » ( លោកុប្បត្តិ ៥០:២០ ) ។ ប្រសិនបើបងប្អូនអាចទៅជួបនឹងយ៉ូសែប ខណៈលោកស្ថិតនៅក្នុងរណ្ដៅ ឬនៅក្នុងគុក តើបងប្អូនអាចលួងលោមលោកយ៉ាងណាទៅ ? តើ លោកុប្បត្តិ ៥០:១៩–២១ អាចជួយបងប្អូននៅគ្រានៃការសាកល្បងរបស់បងប្អូនដោយរបៀបណា ?
សូមមើលផងដែរ គោលលទ្ធិ និងសេចក្តីសញ្ញា ១២២; « គ្រឹះដ៏មាំមួន » ទំនុកតម្កើង ល.រ. ៣៧ ។
Joseph Smith among the Prophets [ យ៉ូសែប ស្ម៊ីធ នៅក្នុងចំណោមពួកព្យាការី ] ដោយ ផល ម៉ាន ( សេចក្តីលម្អិត )
លោកុប្បត្តិ ៥០:២៤–២៥
« មានអ្នកមើលឆុតម្នាក់ដែលព្រះអម្ចាស់ដ៏ជាព្រះរបស់ខ្ញុំទ្រង់នឹងបង្កើតឡើង » ។
នៅពេលបងប្អូនអាន លោកុប្បត្តិ ៥០:២៤–២៥ និង ការបកប្រែដោយយ៉ូសែ ស្ម៊ីធ លោកុប្បត្តិ ៥០:២៤–៣៨ ( នៅក្នុងBible appendix ) សូមពិចារណាអំពីមូលហេតុដែលវាមានសារៈសំខាន់សម្រាប់យ៉ូសែប ដើម្បីដឹងអំពីម៉ូសេ និងយ៉ូសែប ស្ម៊ីធ ជាច្រើនសតវត្សរ៍មុន ។ តើយ៉ូសែប ស្ម៊ីធ បានបំពេញការព្យាកររបស់យ៉ូសែបអំពីលោកដោយរបៀបណា ? ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ១:១៧–២៣; ២០:៧–១២; ៣៩:១១; ១៣៥:៣ ) ។
សម្រាប់គំនិតបន្ថែម សូមមើលការចុះផ្សាយទស្សនាវដ្តី លីអាហូណា និង ដើម្បីកម្លាំងនៃយុវជន ប្រចាំខែនេះ ។
គំនិតសម្រាប់បង្រៀនកុមារ
លោកុប្បត្តិ ៤២–៤៤; ៤៥:៤–១៥
ខ្ញុំអាចបង្ហាញសេចក្ដីស្រឡាញ់ និងការអភ័យទោសចំពោះគ្រួសាររបស់ខ្ញុំ ។
-
វាប្រហែលជាសប្បាយសម្រាប់កូនៗបងប្អូនក្នុងការសម្តែងដំណើររឿងនៃការជួបជុំរបស់យូស៉ែបជាមួយនឹងគ្រួសាររបស់លោកឡើងវីញ ( សូមមើល លោកុប្បត្តិ ៤២–៤៤ ) ។ ឬពួកគេអាចប្រើប្រាស់ « យ៉ូសែប និងអំណត់អត់ » ( នៅក្នុង ដំណើររឿងព្រះគម្ពីរសញ្ញាចាស់ ទំព័រ ៥៧–៦០ ) ឬរូបភាពនៅក្នុងគម្រោងនេះដើម្បីបង្រៀនដំណើររឿងទៅគ្នាទៅវិញទៅមក ។ នេះគឺជាសំណួរមួយចំនួនដែលអាចជួយកូនបងប្អូនរៀនពីដំណើររឿងនេះ ៖
-
តើយ៉ូសែបបានធ្វើអ្វីដើម្បីបង្ហាញសេចក្ដីស្រឡាញ់ចំពោះគ្រួសារលោក ? ( សូមមើល លោកុប្បត្តិ ៤៥:៤–១៥ ) ។
-
ហេតុអ្វីបានជាបងប្អូនមានអារម្មណ៍ថា យ៉ូសែបបានអភ័យទោសដល់ពួកបងប្រុសរបស់លោក ?
-
តើបងប្អូនគិតថា ពួកបងប្រុសរបស់យ៉ូសែបមានអារម្មណ៍យ៉ាងណា ពេលពួកគាត់បានដឹងថា យ៉ូសែបបានអត់ទោសឲ្យពួកគាត់ ? តើនរណានៅក្នុងជីវិតបងប្អូនត្រូវការការអភ័យទោស ? តើបងប្អូនអាចបង្ហាញសេចក្តីស្រឡាញ់ និងការអភ័យទោសដោយរបៀបណា ?
2:26Joseph and the Famine
-
នៅពេលបងប្អូនរៀបចំខ្លួនបង្រៀន សូមសួរថា « តើកូនៗខ្ញុំនឹងធ្វើអ្វីដើម្បីរៀន ? » ឧទាហរណ៍ ក្នុងសកម្មភាពនេះ កូនៗបងប្អូនកំពុងសម្ដែង ឬនិទានរឿងឡើងវិញ ។ ការធ្វើបែបនេះនឹងជួយពួកគេចងចាំទាំងអ្វីដែលបានកើតឡើង និងគោលការណ៍នៃដំណឹងល្អដែលមានក្នុងដំណើររឿងនេះ ។
-
បងប្អូន ឬកូនៗបងប្អូនប្រហែលជាចង់ចែកចាយបទពិសោធន៍មួយនៅពេលដែលពួកគេបានអភ័យទោសឲ្យនរណាម្នាក់ ឬនៅពេលដែលនរណាម្នាក់បានលើកលែងទោសឲ្យពួកគេ ។ បន្ទាប់មក បងប្អូនអាចច្រៀងចម្រៀងដូចជាបទ « ចូរស្រឡាញ់គ្នាទៅវិញទៅមក » ( សៀវភៅចម្រៀងកុមារ ទំព័រ ២០ ) ឬ « បិតាសូមជួយកូន » ( សៀវភៅចម្រៀងកុមារ ទំព័រ ៥២ ) ។
លោកុប្បត្តិ ៤៨:៨–៩
ព្រះអម្ចាស់ជួយខ្ញុំតាមរយៈពរជ័យបព្វជិតភាព ។
-
បងប្អូន និងកូនៗបងប្អូនអាចមើលរូបភាពរបស់យ៉ាកុបប្រសិទ្ធពរដល់ពួកកូនប្រុសរបស់លោកនៅចុងបញ្ចប់នៃគម្រោងនេះ ហើយពិភាក្សាអំពីអ្វីដែលកំពុងកើតឡើង ( សូមមើល លោកុប្បត្តិ ៤៨:៨–៩ ) ។ បើចាំបាច់ សូមពន្យល់ថា យ៉ាកុប ជាឪពុករបស់យ៉ូសែប ចង់ផ្តល់ពរជ័យបព្វជិតភាពដល់គ្រួសារលោក ។ ប្រហែលជាបងប្អូនអាចចែកចាយជាមួយគ្នាទៅវិញទៅមកនូវបទពិសោធន៍ទាំងឡាយដែលបងប្អូនបានទទួលជំនួយពីព្រះតាមរយៈពរជ័យបព្វជិតភាព ។ តើមានហេតុផលអ្វីខ្លះដែលយើងអាចសុំពរជ័យបព្វជិតភាព ?
លោកុប្បត្តិ ៤៥:៥–១១
ព្រះវរបិតាសួគ៌បានបញ្ជូនព្រះយេស៊ូវគ្រីស្ទដើម្បីសង្គ្រោះខ្ញុំ ។
-
តើបងប្អូនអាចជួយកូនៗបងប្អូនឲ្យមើលឃើញព្រះអង្គសង្គ្រោះនៅក្នុងដំណើររឿងរបស់យ៉ូសែបបានសង្គ្រោះគ្រួសារលោកពីអំណត់អត់ដោយរបៀបណា ? សូមពិចារណាធ្វើតារាងដែលមានជួរឈរពីរដែលបានដាក់ស្លាក យ៉ូសែប និង ព្រះយេស៊ូវគ្រីស្ទ ។ សូមជួយកូនៗបងប្អូនឲ្យស្រាវជ្រាវបទគម្ពីរជាគូៗដូចខាងក្រោម ហើយបំពេញតារាងនូវអ្វីដែលយ៉ូសែប និងព្រះយេស៊ូវមានដូចគ្នា ៖ លោកុប្បត្តិ ៣៧:៣ និង ម៉ាថាយ ៣:១៧; លោកុប្បត្តិ ៣៧:២៦–២៨ និង ម៉ាថាយ ២៦:១៤–១៦; លោកុប្បត្តិ ៤៥:៥–៧ និង លូកា ៤:១៨ និង លោកុប្បត្តិ ៤៧:១២ និង យ៉ូហាន ៦:៣៥ ។
-
សូមសួរកូនៗបងប្អូនអំពីអត្ថន័យនៃការសង្គ្រោះ ឬជួយសង្គ្រោះនរណាម្នាក់ ។ ប្រសិនបើពួកគេណាម្នាក់ធ្លាប់មានបទពិសោធន៍ត្រូវបានសង្គ្រោះ ឬ ជួយសង្រ្គោះពីគ្រោះថ្នាក់ សូមអញ្ជើញពួកគេឲ្យចែកចាយ ។ តើយ៉ូសែបបានសង្គ្រោះបងប្រុសៗរបស់លោកដោយរបៀបណា ? ( សូមមើល លោកុប្បត្តិ ៤២:១–៣ ; ៤៥:៥–៧ ) ។ បន្ទាប់មក បងប្អូនអាចមើលរូបភាពនៃព្រះអង្គសង្គ្រោះជាមួយគ្នា ហើយសុំឲ្យកូនៗបងប្អូននិយាយអំពីរបៀបដែលព្រះយេស៊ូវបានសង្គ្រោះយើង ។
សម្រាប់គំនិតបន្ថែម សូមមើលការចុះផ្សាយទស្សនាវដ្តី ប្រិយមិត្ត នៅខែនេះ ។