ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី២៣ ខែកុម្ភៈ–ថ្ងៃទី១ ខែមីនា  « តើ​មាន​ការ​អ្វី​ដែល​ព្រះយេហូវ៉ា​ធ្វើ​មិន​កើត​ដែរ​ឬ​អី ? » ៖ លោកុប្បត្តិ ១៨–២៣


« ថ្ងៃទី២៣ ខែកុម្ភៈ–ថ្ងៃទី១ ខែមីនា ‹ តើ​មាន​ការ​អ្វី​ដែល​ព្រះយេហូវ៉ា​ធ្វើ​មិន​កើត​ដែរ​ឬ​អី › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ២០២៦ ( ឆ្នាំ២០២៦ )

« ថ្ងៃទី២៣ ខែកុម្ភៈ–ថ្ងៃទី១ ខែមីនា ‹ តើ​មាន​ការ​អ្វី​ដែល​ព្រះយេហូវ៉ា​ធ្វើ​មិន​កើត​ដែរ​ឬ​អី › » ចូរ​មក​តាម​ខ្ញុំ ៖ ឆ្នាំ២០២៦

សារ៉ាយ​កំពុង​បី​ទារក​អ៊ីសាក

សារ៉ាយ និង​អ៊ីសាក ដោយ ស្កត ស្នូ

ថ្ងៃទី២៣ ខែកុម្ភៈ–ថ្ងៃទី១ ខែមីនា ៖ « តើ​មាន​ការ​អ្វី​ដែល​ព្រះយេហូវ៉ា​ធ្វើ​មិន​កើត​ដែរ​ឬ​អី ? »

លោកុប្បត្តិ ១៨–២៣

ជីវិត​របស់អ័ប្រាហាំ និង​សារ៉ាយ ពោរពេញ​ដោយ​ព្រឹត្តិការណ៍ មានទាំង​ការឈឺចាប់ និង​ការលួងលោម ដែលជា​ភស្តុតាង​នៃ​សេចក្តីពិត​ដែល​អ័ប្រាហាំ​បានរៀន​នៅក្នុង​ការនិមិត្ត—ថា​យើង​នៅលើ​ផែនដី​ ត្រូវ​បញ្ជាក់ភស្តុតាង « មើល​បើ​សិន​ជា​[ យើង ]​នឹង​ប្រព្រឹត្ត​នូវ​អ្វីៗ​គ្រប់​យ៉ាង ដែល​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​របស់​[ យើង ]​នឹង​បញ្ជា » ( អ័ប្រាហាំ ៣:២៥ ) ។ តើ​អ័ប្រាហាំ និង​សារ៉ាយ​បញ្ជាក់​ថា​ស្មោះត្រង់​ឬ​ទេ ? តើ​ពួកលោក​នឹង​បន្ត​មាន​សេចក្តីជំនឿ​នៅលើ​សេចក្តីសន្យា​របស់ព្រះ​អំពី​ការមាន​កូនចៅ​ដ៏ច្រើន ខណៈពេល​ដែល​ពួកលោក​គ្មាន​កូន​ក្នុង​វ័យ​ចំណាស់​របស់​ពួកលោក​ដែរ​ឬ​ទេ ? ហើយ​នៅពេល​អ៊ីសាក​បានកើត​មក តើ​សេចក្តីជំនឿ​របស់​ពួកលោក​អាច​ទ្រាំទ្រ​បាន​ទេ—ចំពោះ​បញ្ញត្តិ​ដែល​ឲ្យ​បូជា​កូន​ប្រុស​តែ​ម្នាក់​ដែល​ព្រះ​បានសន្យា​ដើម្បី​បំពេញ​សេចក្តីសញ្ញា​នោះ ?

អ័ប្រាហាំ និង​សារ៉ាយ​បានទុកចិត្ត​លើ​ព្រះ ហើយ​ទ្រង់​បានទុក​ព្រះទ័យ​លើ​ពួកគេ ( សូមមើល លោកុប្បត្តិ ១៥:៦; រ៉ូម ៤:៣ ) ។ នៅក្នុង លោកុប្បត្តិ ១៨–២៣ យើង​ឃើញ​ដំណើររឿង​ចេញពី​ជីវិត​របស់​អ័ប្រាហាំ សារ៉ាយ និង​អ្នកដទៃទៀត​ដែល​អាច​បំផុស​គំនិត​យើង​ឲ្យ​គិតអំពី​ឆន្ទៈ​ផ្ទាល់ខ្លួន​របស់យើង​ដើម្បីជឿ​លើ​សេចក្តីសន្យា​របស់ព្រះ ដើម្បី​គេចចេញ​ពី​អំពើ​ទុច្ចរិត ហើយ​មិន​ត្រឡប់ក្រោយ​វិញ និង​ត្រូវទុកចិត្ត​លើ​ព្រះ ទោះជា​មាន​ការលះបង់​ក៏ដោយ ។ ក្នុង​ការបញ្ជាក់​ដល់​យើង ព្រះ​ក៏​ធ្វើ​ឲ្យ​យើង​ប្រសើរ​ឡើង​ដែរ ។

រូបតំណាង​ការសិក្សា

គំនិត​សម្រាប់​ការរៀនសូត្រ​នៅ​ឯ​គេហដ្ឋាន និង​នៅ​ឯ​សាសនាចក្រ

លោកុប្បត្តិ ១៨:៩–១៤; ២១:១–៧

ព្រះអម្ចាស់​បំពេញ​សេចក្តីសន្យា​របស់​ទ្រង់​តាម​ពេលវេលា​របស់ទ្រង់ ។

ព្រះអម្ចាស់​បាន​ធ្វើសេចក្តី​សន្យា​ដ៏រុងរឿង​ចំពោះ​មនុស្ស​ដែល​ស្មោះត្រង់ ប៉ុន្តែ នៅពេលខ្លះ​កាលៈទេសៈ​នៃជីវិត​របស់យើង​អាច​បណ្តាល​ឲ្យ​យើង​ឆ្ងល់​ពី​របៀប​ដែល​សេចក្តី​សន្យា​ទាំងនេះ​អាច​បំពេញ​បាន​ដោយ​របៀប​ណា ។ អ័ប្រាហាំ និង​សារ៉ាយ អាច​មាន​អារម្មណ៍​បែប​នោះ ។ តើ​បងប្អូន​អាច​រៀន​អ្វី​ខ្លះ ចេញ​ពី​បទពិសោធន៍​របស់​ពួកលោក ? វាអាច​មាន​អត្ថប្រយោជន៍​ដើម្បី​ចាប់ផ្តើម​សិក្សា​ដោយការ​ពិនិត្យមើល​អ្វី​ដែល​ព្រះអម្ចាស់​បានសន្យា​នៅក្នុង លោកុប្បត្តិ ១៧:៤, ១៥–២២ ។ តើ​អ័ប្រាហាំ និង​សារ៉ាយ បាន​មាន​ប្រតិកម្ម​យ៉ាងណា ? ( សូមមើល​ផងដែរ​នៅក្នុង ការបកប្រែ​ដោយយ៉ូសែប ស្ម៊ីធ លោកុប្បត្តិ ១៧:២៣ [ នៅក្នុង លោកុប្បត្តិ ១៧:១៧ footnote b ]; លោកុប្បត្តិ ១៨:៩–១២ ) ។ តើ​ព្រះអម្ចាស់​បានឆ្លើយតប​យ៉ាងដូចម្តេច​ដើម្បី​ជួយ​ពួកលោក​ឲ្យ​មានជំនឿ​កាន់តែ​ខ្លាំង​លើ​សេចក្តីសន្យា​របស់ទ្រង់ ( សូមមើល លោកុប្បត្តិ ១៨:១៤ ) ។

តើ​បងប្អូន​រក​ឃើញ​អ្វីខ្លះ​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ ដែល​ស្ថាបនា​សេចក្តីជំនឿ​របស់​បងប្អូន ? តើ​មាន​បទពិសោធន៍​អ្វីផ្សេង​ទៀត—នៅក្នុងជីវិត​របស់​បងប្អូន ឬ​ជីវិត​នរណា​ម្នាក់​ផ្សេងទៀត—បានពង្រឹង​សេចក្តីជំនឿ​របស់​បងប្អូន​ថា ព្រះអម្ចាស់​នឹង​បំពេញ​សេចក្តីសន្យា​របស់ទ្រង់​ចំពោះ​បងប្អូន តាម​ពេលវេលា​កំណត់​របស់​ទ្រង់ ? បងប្អូន​ក៏​ប្រហែលជា​ជញ្ជឹងគិត​ពី​របៀប​ដែល​បងប្អូន​អាច​ទ្រទ្រង់​សេចក្តីជំនឿ​របស់​បងប្អូន នៅពេល​ពរជ័យ​ដែល​បានសន្យា មិន បានទទួល​នៅក្នុង​ជីវិត​នេះ​ដែរ ។ តើ​ដំបូន្មាន​អ្វី​ដែល​បងប្អូន​រកឃើញ​នៅក្នុង ហេព្រើរ ១១:៨–១៣ និង​សារលិខិត​របស់​ប្រធាន រ័សុល អិម ណិលសុន⁠ « ព្រះគ្រីស្ទ​មាន​ព្រះជន្ម​រស់ឡើងវិញ សេចក្តីជំនឿ​លើ​ទ្រង់​នឹងរើ​ភ្នំចេញ​បាន » ? ( លីអាហូណា ខែឧសភា ឆ្នាំ២០២១ ទំព័រ ១០១–១០៤ ) ។

សូមមើល​ផងដែរ គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:៦៨ ។

លោកុប្បត្តិ ១៩:១២–២៩

ព្រះអម្ចាស់​បានបញ្ជា​ដល់​យើង​ឲ្យ​ចាកចេញ​ពី​សេចក្ដីទុច្ចរិត និង​កុំ​ងាក​មើល​ក្រោយ​ឡើយ ។

តើ​បងប្អូន​បានរៀន​មេរៀន​អ្វីខ្លះ​អំពី​ការគេចចេញ​ពី​អំពើទុច្ចរិត​នៅពេល​បងប្អូន​អាន​អំពី​ឡុត និង​ក្រុមគ្រួសារ​របស់គាត់ ? ឧទារហណ៍ តើ​អ្វី​ដែល​ធ្វើ​ឲ្យ​បងប្អូន​ចាប់អារម្មណ៍​អំពី​អ្វី​ដែល​ពួកទេវតា​បានមាន​បន្ទូល និង​បានធ្វើ​ដើម្បី​ជួយ​ឡុត និង​ក្រុមគ្រួសារ​របស់គាត់​គេច​ពី​ការបំផ្លិចបំផ្លាញ ? ( សូមមើល លោកុប្បត្តិ ១៩:១២–១៧ ) ។ តើ​ព្រះអម្ចាស់​ជួយ​បងប្អូន និង​ក្រុមគ្រួសារ​បងប្អូន​គេចចេញ ឬ​រកឃើញ​ការការពារ​ពី​ឥទ្ធិពល​របស់​អារក្ស​នៅក្នុង​ពិភពលោក​យ៉ាងដូចម្តេច ? សូម​គិត​អំពី​ស្ថានភាព​ដែល​បងប្អូន​អាច​នឹង​ត្រូវ​បានល្បួង​ឲ្យ « ងាកបែរ [ មើល ] ( ខទី ២៦ ) នៅពេល​បងប្អូន​គួរតែ​ទន្ទឹងរង់ចាំ​ដោយ​សេចក្ដីជំនឿ​លើ​ព្រះអង្គ​សង្គ្រោះ ។ តើ លូកា ៩:៦២ បន្ថែម​អ្វីខ្លះ​ទៅលើ​ការយល់ដឹង​របស់​បងប្អូន​អំពី​គោលគំនិត​នេះ ?

សូមមើល​ផងដែរ ការបកប្រែ​ដោយ យ៉ូសែប ស្ម៊ីធ លោកុប្បត្តិ ១៩:៩–១៥ ( នៅក្នុង​សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ) ។

លោកុប្បត្តិ ១៩:២៦

តើ​ប្រពន្ធ​របស់​ឡុត​បាន​ធ្វើ​ខុសអ្វី ?

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បាន​បង្រៀន ៖

« តាមមើលទៅ អ្វី​ដែល​ប្រពន្ធ​របស់​ឡុត​បានធ្វើខុស​គឺថា នាង​មិនគ្រាន់តែ ងាក​មើល ត្រឡប់ក្រោយ​វិញនោះទេ គឺ​នាង​មាន​បំណងប្រាថ្នា​ចង់ ត្រឡប់ ទៅវិញ​តែម្តង ។ វាហាក់ដូចជា សូម្បីតែ​ពី​មុន​នាង​បាន​ឆ្លងកាត់​ព្រំប្រទល់​ទីក្រុង នាង​បាននឹក​ពី​អ្វី​ដែល​ក្រុង​សូដុំម និង​ក្រុង​កូម៉ូរ៉ា បាន​ផ្តល់​ឲ្យ​នាងទៅហើយ ។…

« វា​អាច​ទៅរួច​ដែល​ថា ប្រពន្ធ​របស់​ឡុត ងាក​ត្រឡប់​មើល​ក្រោយ​ដោយ​ការអាក់អន់​ចិត្ត​នឹង​ព្រះអម្ចាស់​ចំពោះអ្វី​ដែល​ទ្រង់​បាន​សុំ​ឲ្យ​នាង​បោះបង់​ចោល​នោះ ។ … ដូច្នេះ វា​មិន​ត្រឹមតែ​ថា នាង​បាន​ងាក​មើល​ក្រោយ​នោះ​ទេ តែ​នាង​បាន​ងាក​បែរ​មើល​ទៅក្រោយ ទាំង​អាល័យ ។ សរុប​មក ការជាប់​ចិត្ត​នឹង​អតីតកាល​របស់​នាង​បាន​គាបសង្កត់​លើ​ទំនុកចិត្ត​របស់​នាង​ទៅពេល​អនាគត ។ តាម​មើល​ទៅ នោះ​យ៉ាង​ហោច​ណាស់​ជា​ផ្នែក​មួយ​នៃ​អំពើបាប​របស់​នាង ។

« … ខ្ញុំ​សូម​អង្វរ​ដល់​អ្នក​កុំ​ឲ្យ​រស់នៅ​ក្នុង​ថ្ងៃ​ដែល​បាន​កន្លង​ផុត​ទៅ​នា​ពេលនេះ ហើយ​ក៏​កុំ​ចង់​បាន​អ្វី​ឥត​ប្រយោជន៍​មក​ពី​ម្សិលមិញ​ដែរ ប៉ុន្ដែ​វា​ល្អ​ដែល​បទពិសោធន៍​អតីតកាល​ទាំងនោះ​អាច​កើត​មាន ។ អតីតកាល​គឺ​ជា​អ្វី​ដែល​យើង​ត្រូវ​រៀន​ពី​វា ប៉ុន្ដែ​មិន​រស់នៅ​ក្នុង​វា​ទេ ។ យើង​ក្រឡេក​ក្រោយ​មើល​អ្វី​ដែល​ល្អ​បំផុត ចេញ​ពី​បទពិសោធន៍​ល្អ​នោះ ពុំ​មែន​ផេះផង់​ទេ ។ ហើយ​នៅពេល​យើង​បានរៀន​នូវ​អ្វី​ដែល​យើង​ចាំបាច់​ត្រូវ​រៀន ហើយ​បាននាំ​យក​មក​ជាមួយ​យើង​នូវ​អ្វី​ដែល​ល្អបំផុត ដែល​យើង​បាន​ជួបប្រទះ នោះ​យើង​សម្លឹង​មើល​ទៅមុខ ហើយ​ចងចាំ​ថា សេចក្ដីជំនឿ​តែងតែ​ចង្អុល​ទៅរក​អនាគតកាល​ជានិច្ច ។…

« … ការរស់នៅ​ក្នុង​ជីវិត​អតីតកាល រួម​ទាំង​កំហុស​ពី​អតីតកាល គឺ​មិនមែន​ជា​រឿង​ត្រឹមត្រូវ​នោះ​ទេ ! វា​មិនមែន​ជា​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នោះ​ទេ ។ …

« ចំពោះ​[ ប្រជាជន ]​នៅគ្រប់ជំនាន់ ខ្ញុំ​សូមអំពាវនាវ​ឲ្យ ‹ ចូរ​នឹក​ចាំ​ពី​ប្រពន្ធ​លោក​ឡុត › [ លូកា ១៧:៣២ ] ។ សេចក្តីជំនឿ​គឺសម្រាប់​អនាគត ។ សេចក្តីជំនឿ​គឺ​ស្ថាបនាឡើង​ពីអតីតកាល ប៉ុន្តែ​ពុំស្ថិត​នៅ​ទី​នោះទេ ។ សេចក្តីជំនឿ​ដែលទុកចិត្តថា ព្រះ​មាន​អ្វីៗ​ដ៏អស្ចារ្យ​រក្សា​ទុក​សម្រាប់​យើង​ម្នាក់ៗ ហើយ​ថា​ព្រះគ្រីស្ទ​ពិតជា ‹ សម្តេច​សង្ឃ ខាង​ឯ​សេចក្តី​ល្អ​ដែល​ត្រូវ​មក › ( ហេព្រើរ ៩:១១ ) » ( «The Best Is Yet to Be » Ensign ខែមករា ឆ្នាំ២០១០ ទំព័រ ២៤, ២៦–២៧ ) ។

អ័ប្រាហាំ​សម្លឹង​មើល​ទៅ​ស្ថានសួគ៌​ដោយ​កាន់​កាំបិត​ក្នុង​ដៃ ហើយ​អ៊ីសាក​ដេក​លើ​អាសនា

Abraham and Isaac [ អ័ប្រាហាំ និង​អ៊ីសាក ] ដោយ ហារ៉ូល ខូបភីង

លោកុប្បត្តិ ២២:១–១៩

រូបតំណាង​ថ្នាក់​សិក្ខាសាលា
អ័ប្រាហាំ​សុខចិត្ត​បូជា​អ៊ីសាក គឺជា​និមិត្តរូប​ពី​ព្រះ និង​ព្រះរាជបុត្រា​របស់ទ្រង់ ។

ទោះបីជា​យើង​ពុំ​ដឹង​ពី​មូលហេតុ​ទាំងអស់​ដែល​ព្រះ​បានបញ្ជា​ឲ្យ​អ័ប្រាហាំ ត្រូវ​ថ្វាយ​អ៊ីសាក ជា​ការបូជា​ក៏​ដោយ យើង​ដឹងថា វាគឺជា​ការសាកល្បង​ពី​សេចក្តីជំនឿ​របស់លោក​នៅលើ​ព្រះ ។ យើង​ក៏​ដឹង​ថា វា​គឺជា « និមិត្តរូប​អំពី​ព្រះ និង​ព្រះ​រាជ​បុត្រា​បង្កើត​តែមួយ​របស់​ទ្រង់ » ( យ៉ាកុប ៤:៥ ) ។ នៅពេល​បងប្អូន​អាន លោកុប្បត្តិ ២២:១–១៩ បងប្អូន​អាច​រកមើល​និមិត្តរូប ឬ​ភាពស្រដៀង​គ្នា​រវាង​ការថ្វាយ​អ៊ីសាក​របស់​អ័ប្រាហាំ និង​ដង្វាយ​របស់​ព្រះវរបិតា​នៃ​ព្រះរាជបុត្រា​របស់ទ្រង់ គឺ​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​ពិចារណា​សរសេរ​អ្វី​ដែល​បងប្អូន​រកឃើញ​នៅក្នុង​តារាង​ដូច​នេះ ៖

អ័ប្រាហាំ និង អ៊ីសាក

ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ

អ័ប្រាហាំ និង អ៊ីសាក

អ៊ីសាក​ជា​កូនប្រុស​បង្កើត​តែ​មួយ​របស់​អ័ប្រាហាំ និង​សារ៉ាយ ( លោកុប្បត្តិ ២២:២; សូមមើល​ផងដែរ ហេព្រើរ ១១:១៧ )

ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ

ព្រះយេស៊ូវ​គឺជា​ព្រះរាជបុត្រា​បង្កើត​តែមួយ​នៃ​ព្រះវរបិតា ( យ៉ូហាន ៣:១៦ )

អ័ប្រាហាំ និង អ៊ីសាក

អ៊ីសាក​ត្រូវ​ថ្វាយ​ជំនួស​កូនចៀម ( លោកុប្បត្តិ ២២:៧–៩ )

ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ

ព្រះ​យេស៊ូវ​គ្រីស្ទ​ជា​កូនចៀម​របស់​ព្រះ ( យ៉ូហាន ១:២៩ )

តើ​និមិត្តរូប ឬ​ភាពស្រដៀង​គ្នា​អ្វីខ្លះ​ចំពោះ​ពលិកម្ម​ធួន​របស់​ព្រះអង្គ​សង្គ្រោះ ដែល​បងប្អូន​យល់ឃើញ​ថា មាន​អត្ថន័យ​បំផុត ? សូម​ពិចារណា​ពី​ការច្រៀង ឬ​អាន​ទំនុកច្រៀង​នៃ​ទំនុកតម្កើង​ដែល​បង្ហាញពី​សេចក្តីស្រឡាញ់​របស់​ព្រះវរបិតាសួគ៌​ចំពោះ​យើង ដូចជា​បទ « ព្រះ​ស្នេហ៍​យើង​ទើប​ចាត់​បុត្រា​ទ្រង់ » ទំនុកតម្កើង ល.រ. ១៨៧ ។ បងប្អូន​ក៏​អាច​កត់ត្រា​អារម្មណ៍​របស់​បងប្អូន​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ និង​ការពលិកម្ម​របស់​ទ្រង់​ទាំងទ្វេ​សម្រាប់​បងប្អូន​ផងដែរ ។

ប្រសិនបើ​បងប្អូន​ចង់​សិក្សា​បន្ថែម​អំពី​ការពលិកម្ម​របស់​ព្រះអង្គ​សង្គ្រោះ​របស់​យើង សូម​ពិចារណា​អាន​សារលិខិត​របស់​ប្រធាន ជែហ្វ្រី អ័រ ហូឡិន « Behold the Lamb of God » ( Liahona ខែឧសភា ឆ្នាំ២០១៩ ទំព័រ ៤៤–៤៦ ) ។ ហេតុអ្វី​បាន​ជា​កូនចៀម​ជា​និមិត្តរូប​ដ៏​មាន​ឥទ្ធិពល​នៃ​ព្រះរាជបុត្រា​នៃ​ព្រះ ? តើ​ប្រធាន ហូឡិន បង្រៀន​អ្វីខ្លះ ដែល​បង្កើន​គារវភាព​របស់​បងប្អូន​ចំពោះ​អំណោយទាន​របស់​ព្រះវរបិតាសួគ៌ ?

សូមមើល​ផងដែរ « Akedah ( The Binding ) » ( វីដេអូ ) នៅលើ ChurchofJesusChrist.org ។

12:57

Akedah (The Binding)

ប្រើ​រូបភាព​ដើម្បី​បង្រៀន ។ ដើម្បី​បន្ថែម​ភាពចម្រុះ​ក្នុង​ការបង្រៀន និង​ការរៀន បងប្អូន​អាច​ប្រើ​រូបភាព​មួយ ឬ​ច្រើន​នៅក្នុង​គម្រោង​នេះ នៅពេល​បងប្អូន​សិក្សា​ដំណើររឿង​នោះ​នៅក្នុង លោកុប្បត្តិ ១៨–២៣ ។ ឬ​ឧទាហរណ៍ បងប្អូន និង​គ្រួសារ ឬ​ថ្នាក់​របស់​បងប្អូន​អាច​កត់សម្គាល់​ព័ត៌មាន​លម្អិត​នៅក្នុង​រូបភាព​របស់​អ័ប្រាហាំ និង​អ៊ីសាក ។ សូម​និយាយ​អំពី​មូលហេតុ​ដែល​ព័ត៌មាន​លម្អិត​ទាំងនេះ​មាន​សារៈសំខាន់​ចំពោះ​ដំណើររឿង​នេះ ហើយ​ស្វែងរក​ព័ត៌មាន​លម្អិត​ទាំងនេះ​នៅក្នុង​ព្រះគម្ពីរ ។ តើ​ព័ត៌មាន​លម្អិត​នេះ​គូសបញ្ជាក់​អំពី​និមិត្តរូប​នៃ​ដំណើររឿង​អំពី​ពលិកម្ម​របស់​ព្រះរាជបុត្រា​នៃ​ព្រះ​យ៉ាង​ដូចម្ដេច ?

សម្រាប់​គំនិត​បន្ថែម សូម​មើល​ការចុះផ្សាយ​ទស្សនាវដ្តី លីអាហូណា និង ដើម្បី​កម្លាំង​នៃ​យុវជន ប្រចាំ​ខែ​នេះ ។

រូបតំណាង​ផ្នែក​របស់​កុមារ ០១

គំនិត​សម្រាប់​បង្រៀន​កុមារ

លោកុប្បត្តិ ១៧:១៥–២១; ១៨:១៤; ២១:១–៧

ខ្ញុំ​អាច​ទុក​ចិត្ត​ព្រះ​ថាទ្រង់​នឹង​រក្សា​សេចក្តីសន្យា​របស់​ទ្រង់ ។

  • ដើម្បី​រៀន​អំពី​ការទុកចិត្ដ​របស់​អ័ប្រាហាំ និង​សារ៉ាយ​លើ​ការសន្យា​របស់​ព្រះ នោះ​បងប្អូន និង​កូនៗ​របស់​បងប្អូន​អាច​និយាយ​អំពី​ពេល​ដែល​ពួកគេ​ត្រូវ​រង់ចាំ​សម្រាប់​អ្វីមួយ​ដែល​ពួកគេ​ពិត​ជា​ចង់បាន ។ បន្ទាប់មក បងប្អូន​អាច​មើល​រូបភាព​របស់​សារ៉ាយ និង​អ៊ីសាក នៅ​ដើម​នៃ​គម្រោង​នេះ ហើយ​និយាយ​អំពី​ការសន្យា​ដែល​ព្រះ​បានធ្វើ​ចំពោះ​នាង និង​អ័ប្រាហាំ ( សូម​មើល​ផងដែរ « អ័ប្រាហាំ និង​សារ៉ាយ » នៅក្នុង ដំណើររឿង​ព្រះគម្ពីរ​សញ្ញាចាស់ ទំព័រ ២៨–៣១ ) ។ សូម​ជួយ​កូនៗ​របស់​បងប្អូន​ឲ្យ​គិត​អំពី​អ្វី​ដែល​ព្រះ​បានសន្យា​ដល់​យើង ប្រសិន​បើ​យើង​ស្មោះត្រង់ ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​អត់ធ្មត់ ហើយ​ទុកចិត្ត​ថា ព្រះ​នឹង​រក្សា​ការសន្យា​របស់​ទ្រង់ ។

    2:20

    Abraham and Sarah

  • ដើម្បី​ជួយ​កូនៗ​របស់​បងប្អូន​រៀន​ពី​សេចក្តីពិត​ដ៏​សំខាន់​នៅក្នុង លោកុប្បត្តិ ១៨:១៤ នោះ​បងប្អូន​អាច​សរសេរ​ពាក្យ​នីមួយៗ​ពី​ប្រយោគ​ដំបូង​នៃ​ខគម្ពីរ​នោះ​នៅលើ​ក្រដាស​ដាច់​ដោយ​ឡែក ។ បន្ទាប់មក សូម​ច្របល់​ក្រដាស​ទាំងនោះ​ចូល​គ្នា ហើយ​សូម​អញ្ជើញ​កូនៗ​របស់​បងប្អូន​ឲ្យ​រៀប​ពាក្យ​ទាំងនេះ​តាម​លំដាប់​លំដោយ ។ បន្ទាប់មក បងប្អូន និង​កូនៗ​របស់​បងប្អូន​អាច​អាន លោកុប្បត្តិ ១៧:១៥–២១; ២១:១–៧ ដើម្បី​ស្វែងរក​ឧទាហរណ៍​ពី​អ្វី​មួយ​ដែល​ព្រះអម្ចាស់​បានធ្វើ ដែល​ហាក់​ដូចជា​មិន​អាច​ទៅរួច ។ សូម​ចែកចាយ​ជាមួយ​កូនៗ​របស់​បងប្អូន​នូវ​សេចក្តីជំនឿ​របស់​បងប្អូន​ថា ព្រះអម្ចាស់​នឹង​បំពេញ​ការសន្យា​របស់​ទ្រង់ ទោះបីជា​វា​ហាក់​ដូចជា​មិន​អាច​ទៅ​រួច ឬ​ចំណាយពេល​យូរ​ក៏​ដោយ ។

លោកុប្បត្តិ ១៩:១៥–២៦

ខ្ញុំ​អាច​ភៀសខ្លួន​ចេញ​ពី​អំពើទុច្ចរិត ។

  • សូម​សួរ​កូនៗ​របស់​បងប្អូន​អំពី​ស្ថានភាព​ដែល​នរណា​ម្នាក់​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ធ្វើ​អ្វីមួយ​ដែល​ពួកគេ​ដឹង​ថា​មិន​ត្រឹមត្រូវ ។ តើ​យើង​អាច « គេច​ចេញ » ពី​ស្ថានភាព​ទាំងអស់​នោះ​យ៉ាង​ដូចម្តេច ? សូម​សង្ខេប លោកុប្បត្តិ ១៩:១៥–២៦ ដោយ​ពន្យល់​ថា ក្រុម​គ្រួសារ​របស់ ឡុត បាន​រស់នៅ​ក្នុង​ទីក្រុង​មួយ​ដែល​ទុច្ចរិត​បំផុត ហើយ​ទេវតា​បាន​ព្រមាន​ឲ្យ​ពួកគេ​ចាកចេញ ។ នៅពេល​កូនៗ​របស់​បងប្អូន​អាន​ជាមួយ​គ្នា ខទី ១៥–១៧, ២៦ សូម​សួរ​ពួកគេ​អំពី​អ្វី​ដែល​វា​អាច​មាន​អត្ថន័យ​សម្រាប់​យើង​នៅ​សព្វថ្ងៃ​នេះ​ដើម្បី « ឲ្យ​បានរួច » ពី​អំពើ​អាក្រក់ និង « កុំ​ឲ្យ​មើល​មក​ក្រោយ​ឡើយ » ( ខទី ១៧ ) ។

បុរស និង​ស្ត្រី​រត់​ចេញ​ពី​សូដុំម និង​កូម៉ូរ៉ា

Sodom [ សូដុំម ] ដោយ ជូលៀស ឆ្នូ វន់ ខារូលស្វីល

លោកុប្បត្តិ ២២:១–១៤

អ័ប្រាហាំ​បាន​គោរព​តាម​ព្រះអម្ចាស់ ។

  • សូម​ប្រើ​រូបភាព​របស់​អ័ប្រាហាំ និង​អ៊ីសាក និង​ការឆ្កាង ( សូមមើល សៀវភៅ​រូបភាព​ដំណឹងល្អ លេខ ៩៥៧ ) អាច​ជួយ​បងប្អូន​ប្រៀបធៀប​ដំណើររឿង​នៅក្នុង លោកុប្បត្តិ ២២ ជាមួយ​នឹង​ដំណើររឿង​នៃ​ការពលិកម្ម​របស់​ព្រះអម្ចាស់ ( សូមមើល ម៉ាថាយ ២៧:២៦–៣៧ ) ។ តើ​យើង​អាច​រៀន​អ្វីខ្លះ​អំពី​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​ចេញ​មក​ពី​ដំណើររឿង​របស់​អ័ប្រាហាំ និង​អ៊ីសាក ហើយ​និង​ការឆ្កាង ? ( សូមមើល​ផងដែរ « អ័ប្រាហាំ និង​អ៊ីសាក » នៅក្នុង ដំណើររឿង​ព្រះគម្ពីរ​សញ្ញាចាស់ ទំព័រ ៣៤–៣៧ ) ។

    2:0

    Abraham and Isaac

  • តើ​បងប្អូន​អាច​គិត​ពី​ល្បែង​កម្សាន្ត​សាមញ្ញ​មួយ​ដើម្បី​លេង​ជាមួយ​កូនៗ​បងប្អូន​ដែល​តម្រូវ​ឲ្យ​ពួកគេ​ធ្វើ​តាម​ការណែនាំ​បាន​ដែរ​ឬ​ទេ ? ប្រហែលជា​ការណែនាំ​នេះ​អាច​នាំ​ទៅ​រក​រូបភាព​របស់​ព្រះអង្គ​សង្គ្រោះ​ដែល​បាន​លាក់ ។ ល្បែងកម្សាន្ត​នេះ​អាច​ជំរុញ​ឲ្យ​មាន​ការសន្ទនា​អំពី​អ្វី​ដែល​ព្រះវរបិតាសួគ៌​បានបញ្ជា​ឲ្យ​យើង​ធ្វើ ដើម្បី​យើង​អាច​រស់នៅ​ជាមួយ​ទ្រង់ និង​ព្រះយេស៊ូវ​គ្រីស្ទ​ម្តងទៀត ។ សូម​ពិចារណា​ច្រៀង​ចម្រៀង ដូចជា​បទ « រក្សា​បទបញ្ញត្តិ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៦៨–៦៩ ) ។ ទំព័រ​សកម្មភាព​សប្ដាហ៍​នេះ​អាច​ជួយ​បាន​ផងដែរ ។

សម្រាប់​គំនិត​បន្ថែម សូម​មើល​ការចុះផ្សាយ​ទស្សនាវដ្តី ប្រិយមិត្ត នៅ​ខែ​នេះ ។

អ័ប្រាហាំ​មើល​ទៅ​អ៊ីសាក​កំពុង​លី​អុស

Abraham and Isaac [ អ័ប្រាហាំ និង​អ៊ីសាក ] ដោយ ជេហ្វ វួដ

ទំព័រ​សកម្មភាព​សម្រាប់​កុមារ ៖ អ័ប្រាហាំ​បាន​គោរព​តាម​ព្រះអម្ចាស់