ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី១៣–១៩ ខែមេសា  « ឈប់​សិន ចាំមើល​សេចក្តីសង្គ្រោះ​របស់​ព្រះ​យេហូវ៉ា » ៖ និក្ខមនំ ១៤–១៨


« ថ្ងៃទី១៣–១៩ ខែមេសា ‹ ឈប់​សិន ចាំមើល​សេចក្តីសង្គ្រោះ​របស់​ព្រះ​យេហូវ៉ា › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ២០២៦ ( ឆ្នាំ២០២៦ )

« ថ្ងៃទី១៣–១៩ ខែមេសា ‹ ឈប់​សិន ចាំមើល​សេចក្តីសង្គ្រោះ​របស់​ព្រះ​យេហូវ៉ា › » ចូរ​មក​តាម​ខ្ញុំ ៖ ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ២០២៦

សមុទ្រ​ក្រហម

ថ្ងៃទី១៣–១៩ ៖ « ឈប់​សិន ចាំមើល​សេចក្តីសង្គ្រោះ​របស់​ព្រះ​យេហូវ៉ា »

និក្ខមនំ ១៤–១៨

ពួកសាសន៍​អ៊ីស្រាអែល​ត្រូវបាន​ជាប់ ។ សមុទ្រ​ក្រហម​នៅ​ម្ខាង ហើយ​ទាហាន​របស់​ផារ៉ោន បាន​មក​ពី​ម្ខាង​ទៀត ។ តាម​មើល​ទៅ ការរត់គេច​របស់​ពួកគេ​ចេញពី​ស្រុក​អេស៊ីព្ទ ហាក់ដូចជា​មាន​រយៈពេលខ្លី​តែប៉ុណ្ណោះ ។ ប៉ុន្តែ​ព្រះ​មាន​សារលិខិត​សម្រាប់​ពួកសាសន៍​អ៊ីស្រាអែលថា ទ្រង់ចង់​ឲ្យ​ពួកគេចងចាំ​អស់គ្រប់​តំណ ៖ « កុំខ្លាចអី ។ … ព្រះយេហូវ៉ា​ទ្រង់​នឹង​ច្បាំង​ជំនួស​អ្នក​រាល់​គ្នា » ( និក្ខមនំ ១៤:១៣–១៤ ) ។

ចាប់តាំង​ពីពេលនោះ នៅពេល​ប្រជារាស្រ្ត​របស់ព្រះ​ត្រូវការ​សេចក្តីជំនឿ និង​សេចក្តីក្លាហាន ពួកគេ​បានប្រាប់​ដំណើររឿង​នេះ ។ នៅពេល​នីហ្វៃ​ចង់​បំផុសគំនិត​ដល់​បងៗរបស់​លោក លោក​បានមាន​ប្រសាសន៍ថា « ចូរ​យើង​មាន​កម្លាំង​ខ្លាំង ដូច​លោក​ម៉ូសេ ដ្បិត​លោក​ពិត​ជា​បាន​និយាយ​ទៅ​ទឹក​នៅ​ក្នុង​សមុទ្រ​ក្រហម ហើយ​ទឹក​ក៏​បែក​ចេញ​ជា​ពីរ​ចំណែក ដើម្បី​ឲ្យ​ពួក​អយ្យកោ​យើង​ឆ្លងកាត់​ទៅ​លើ​ដីគោក » ( នីហ្វៃទី១ ៤:២ ) ។ នៅពេល​ស្តេច លិមហៃ ចង់​ឲ្យ​ប្រជារាស្រ្ត​ដែល​ជាប់ជាឈ្លើយ​របស់​ទ្រង់ « ងើបមុខ [ របស់ពួកគេ ]​ឡើង ហើយ​អរ​រីករាយ​ចុះ » ទ្រង់បាន​រំឭក​ពួកគេ​ពី​ដំណើររឿង​ដូចគ្នា​នេះ ( ម៉ូសាយ ៧:១៩ ) ។ អាលម៉ា​ក៏​ធ្វើ​ដូច្នោះ​ដែរ នៅពេល​លោក​ចង់​ថ្លែង​ទីបន្ទាល់​ដល់​កូនប្រុស​លោក​អំពី​ព្រះចេស្ដា​របស់​ព្រះ ( សូមមើល អាលម៉ា ៣៦:២៨ ) ។ ហើយ​នៅពេល​យើង​មាន​អារម្មណ៍​ថា​ជាប់ផុង—នៅពេល​យើង​ត្រូវការ​សេចក្តីជំនឿ​បន្តិចទៀត​ដើម្បី « ឈប់​សិន ចាំមើល​សេចក្តីសង្គ្រោះ​របស់​ព្រះយេហូវ៉ា »—នោះ​យើង​អាច​ចងចាំ​ពី​របៀប​ដែល « ព្រះយេហូវ៉ា​ទ្រង់​បាន​ជួយ​ពួក​អ៊ីស្រាអែល » ( និក្ខមនំ ១៤:១៣, ៣០ ) ។

រូបតំណាង​ការសិក្សា

គំនិត​សម្រាប់​ការរៀនសូត្រ​នៅ​ឯ​គេហដ្ឋាន និង​នៅ​ឯ​សាសនាចក្រ

និក្ខមនំ ១៤; និក្ខមនំ ១៥:១–២១

ព្រះអម្ចាស់​អាច​ធ្វើ « ការយ៉ាងធំ » នៅក្នុង​ជីវិត​ខ្ញុំ ។

កាល​បងប្អូន​អាន និក្ខមនំ ១៤:១—១០ សូម​ស្រមៃ​ថា ពួកសាសន៍​អ៊ីស្រាអែល​អាច​មានអារម្មណ៍​យ៉ាងណា នៅពេល​ពួកគេ​បានឃើញ​ទាហាន​របស់​ផារ៉ោន​ខិតជិត​មកដល់ ។ ប្រហែល​បងប្អូន​មាន​អារម្មណ៍​ថា បងប្អូន​ត្រូវការ​អព្ភូតហេតុ​មួយ ដើម្បី​រស់​ពី​ឧបសគ្គ​ដ៏​លំបាក​ដែល​បងប្អូន​កំពុង​ជួបប្រទះ ។ តើ​បងប្អូន​បានរកឃើញ​អ្វីខ្លះ​ពី និក្ខមនំ ១៤:១៣–៣១ ដែល​អាច​បំផុសគំនិត​បងប្អូន​ឲ្យ​ស្វែងរក​ព្រះចេស្ដា​របស់​ព្រះ​នៅក្នុង​ជីវិត​របស់​បងប្អូន ? សូម​សញ្ជឹងគិត​ពី​របៀប​ដែល​បងប្អូន​បានឃើញ​ព្រះចេស្តា​របស់ទ្រង់​ពី​អតីតកាល ។ តើ​បងប្អូន​បានរៀន​អ្វីខ្លះ​អំពី​ទ្រង់​ចេញពី​បទពិសោធន៍​ទាំងនេះ ?

និក្ខមនំ ១៥:១–១៩ គឺជា​បទចម្រៀង​សរសើរ​តម្កើង​ដែល​ពួកសាសន៍​អ៊ីស្រាអែល​បានច្រៀង​បន្ទាប់ពី​ព្រះអម្ចាស់​បានញែក​សមុទ្រ​ក្រហម ។ តើ​ឃ្លា​មួយ​ណា​ក្នុង​បទចម្រៀង​នេះ​ដែល​បងប្អូន​យល់ឃើញ​ថា​មាន​អត្ថន័យ​យ៉ាងពិសេស ? ប្រហែលជា​មាន​ទំនុកតម្កើង​មួយ​ដែល​បងប្អូន​មាន​អារម្មណ៍​ចង់​ច្រៀង​នៅពេល​ដែល​ព្រះអម្ចាស់​បានធ្វើ​អ្វីមួយ​ដ៏​អស្ចារ្យ​សម្រាប់​បងប្អូន ដូចជា​បទ « ព្រះ​នៃ​អ៊ីស្រាអែល » ( ទំនុកតម្កើង ល.រ. ៦ ) ។ សូម​ពិចារណា​ការច្រៀង ឬ​ស្តាប់​បទនេះ​ជា​ផ្នែក​នៃ​ការថ្វាយ​បង្គំ​របស់​បងប្អូន ។

សូម​មើល​ផងដែរ គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៨:២–៣ ។

និក្ខមនំ ១៥:២២–២៧; ១៦:១–១៥; ១៧:១–៧

ព្រះអម្ចាស់​អាច​ធ្វើ​ឲ្យ​រឿងល្វីង​ក្លាយ​ជា​ផ្អែមល្ហែម​បាន ។

ការអាន​អំពី​ដំណើរ​របស់​អ៊ីស្រាអែល​អាច​នាំ​ឲ្យ​បងប្អូន​គិត​អំពី​រឿង​នៅក្នុង​ជីវិត​បងប្អូន​ដែល​ហាក់​ដូចជា « ល្វីង » ដូចជា​ទឹក​ម៉ារ៉ា ( សូមមើល និក្ខមនំ ១៥:២៣–២៧ ) ។ តើ​ព្រះអម្ចាស់​បានធ្វើ​ឲ្យ​រឿង​ល្វីង​ក្នុង​ជីវិត​បងប្អូន​ទៅជា​ផ្អែម​យ៉ាង​ដូចម្ដេច ? តើ​បទពិសោធន៍​ទាំងនេះ​មានតម្លៃ​អ្វី​នៅក្នុង​ជីវិត​របស់​បងប្អូន ?

បងប្អូន​នឹង​កត់សម្គាល់​ឃើញ​ឧទាហរណ៍​បន្ថែម​ទៀត​នៃ​បទពិសោធន៍​ល្វីង​សម្រាប់​ពួកសាសន៍​អ៊ីស្រាអែល​នៅក្នុង និក្ខមនំ ១៦ និង ១៧ ។ វា​ជា​ការចង់​ឲ្យ​មាន​ការរិះគន់​ចំពោះ​ការរអ៊ូរទាំ ឬ​ការត្អូញត្អែរ​របស់​ពួកគេ ប៉ុន្តែ​នៅពេល​បងប្អូន​អាន សូម​ពិចារណា​ថាតើ​បងប្អូន​ធ្លាប់​ធ្វើ​រឿង​ដូចគ្នា​នេះ​ដែរ​ឬ​ទេ ។ តើ​បងប្អូន​បានរៀន​អ្វីខ្លះ​ចេញពី​បទពិសោធន៍​របស់​ពួកសាសន៍​អ៊ីស្រាអែល​ដែល​អាច​ជួយ​បងប្អូន​ឲ្យ​មិន​សូវ​រអ៊ូរទាំ ហើយ​កាន់តែ​ទុកចិត្តទៅ​លើ​ព្រះ​បន្ថែម​ទៀត ? តើ​ខគម្ពីរ​ទាំងនេះ​បង្រៀន​យើង​អ្វី​ខ្លះ​អំពី​ព្រះ ?

សូមមើល​ផងដែរ នីហ្វៃទី១ ២:១១–១២ ។

ពួកសាសន៍​អ៊ីស្រាអែល​ប្រមូល​នំ​ម៉ាន៉ា

ពួកសាសន៍​អ៊ីស្រាអែល​ប្រមូល​នំ​ម៉ាន៉ា ។ ផ្ទាំងគំនូរ​នីអូ-ហ្គោធិក ត្រណាវ៉ា ( សេចក្តីលម្អិត )

និក្ខមនំ ១៦

រូបតំណាង​ថ្នាក់​សិក្ខាសាលា
ព្រះអម្ចាស់​ប្រទាន​ការចិញ្ចឹម​បីបាច់​ខាងវិញ្ញាណ​ជា​ប្រចាំ​ថ្ងៃ​ដល់​ខ្ញុំ ។

ដោយសារ​យើង​ទាំងអស់​គ្នា​ត្រូវការ​បរិភោគ នោះ​ជា​ញឹកញាប់​ព្រះអម្ចាស់​ប្រៀបធៀប​រឿង​ខាងវិញ្ញាណ​ទៅ​នឹង​អាហារ ។ រកមើល​មេរៀន​ខាងវិញ្ញាណ​របស់ទ្រង់​នៅក្នុង​បទពិសោធន៍​របស់​ពួកសាសន៍​អ៊ីស្រាអែល​ទាក់ទង​នឹង​នំ​ម៉ាន៉ា​នៅក្នុង និក្ខមនំ ១៦ ។ ឧទាហរណ៍ តើ​បងប្អូន​រកឃើញ​អ្វី​នៅក្នុង​ការណែនាំ​របស់​ព្រះអម្ចាស់​នៅក្នុង និក្ខមនំ ១៦:១៦, ១៩, ២២–២៦ ដែល​អនុវត្ត​ចំពោះ​អាហាររូបត្ថម្ភ​ខាងវិញ្ញាណ​របស់​បងប្អូន ?

ដើម្បី​ស្វែងរក​មេរៀន​ផ្សេង​ទៀត ដែល​ព្រះអម្ចាស់​អាច​នឹងឲ្យ​បងប្អូន​រៀន​ពី​អព្ភូតហេតុ​នេះ សូម​ជញ្ជឹងគិត​អំពី​សំណួរ​ទាំងនេះ ដូចជា ៖

  • តើ​ព្រះអម្ចាស់​ប្រទាន​អ្វីខ្លះ​ដល់​ខ្ញុំ ដែល​ប្រៀប​បាន​នឹង​នំម៉ាន៉ា​ប្រចាំថ្ងៃ​ដែល​ទ្រង់​បានប្រទាន​ដល់​ពួកសាសន៍​អ៊ីស្រាអែល ?

  • តើ​ខ្ញុំ​អាច​ធ្វើ​អ្វីខ្លះ​ដែល​ប្រៀប​បាន​នឹង​ការប្រមូល​នំម៉ាន៉ា ?

បងប្អូន​អាច​រកឃើញ​ការយល់ដឹង​បន្ថែម​នៅក្នុង​វីដេអូ​មួយ ឬ​ច្រើន​នៃ​វីដេអូ​ទាំងនេះ ៖ « Daily Bread: Pattern », « Daily Bread: Experience » និង « Daily Bread: Change » ( បណ្ណាល័យ​ដំណឹង​ល្អ ) ។

2:52

Daily Bread: Pattern

3:12

Daily Bread: Experience

3:0

Daily Bread: Change

សូម​គិត​ពី​រឿង​ផ្សេងៗ ក្រៅពី​ការបរិភោគ​ដែល​បងប្អូន​ធ្វើ​រាល់​ថ្ងៃ ។ ហេតុអ្វី​បាន​ជា​កិច្ចការ​ខ្លះ​ត្រូវ​ធ្វើ​ប្រចាំ​ថ្ងៃ​ទើប​មាន​ប្រសិទ្ធភាព ? តើ​បងប្អូន​ទទួល​អារម្មណ៍​បំផុសគំនិត​ឲ្យ​ធ្វើ​អ្វីខ្លះ ដើម្បី​ស្វែងរក​បទពិសោធន៍​ខាងវិញ្ញាណ​ជា​ប្រចាំ​ថ្ងៃ ?

សូមមើល​ផងដែរ ឌៀថើរ អេហ្វ អុជដូហ្វ « ការស្ដារឡើងវិញ​ប្រចាំ​ថ្ងៃ » លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២១ ទំព័រ ៧៧–៧៩ « Daily Restoration » ( វីដេអូ ) នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

5:27

Daily Restoration

និក្ខមនំ ១៧:១–៧

ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ថ្មដា​ខាងព្រលឹងវិញ្ញាណ និង​ទឹករស់​របស់​ខ្ញុំ ។

សូម​គិតអំពី​ព្រះអង្គសង្រ្គោះ នៅពេល​បងប្អូន​អាន និក្ខមនំ ១៧:១–៧ ។ តើ​ព្រះយេស៊ូវ​គ្រីស្ទ ដូចជា​ថ្មដា​ចំពោះ​បងប្អូន​យ៉ាងដូចម្តេច ? ( សូមមើល ទំនុកដំកើង ៦២:៦–៧; ហេលេមិន ៥:១២ ) ។ តើ​ទ្រង់​ដូចជា​ទឹក​យ៉ាងដូចម្តេច ? ( សូមមើល យ៉ូហាន ៤:១០–១៤; កូរិនថូសទី ១ ១០:១–៤; នីហ្វៃទី ១ ១១:២៥ ) ។

រកមើល​វត្ថុ​រូបវន្ត​ដែល​ថ្លែង​ទីបន្ទាល់​អំពី​ព្រះគ្រីស្ទ ។ នៅពេល​ដែល​បទគម្ពីរ​ពិពណ៌នា​អំពី​អ្វី​ដែល​អាច​ជា​និមិត្តរូប​នៃ​ព្រះយេស៊ូវគ្រីស្ទ ដូចជា និក្ខមនំ ១៧:១–៧ មាន វា​អាច​ជា​ឱកាស​សម្រាប់​មេរៀន​ដែល​ប្រើ​វត្ថុ ។ ការមើល ឬ​ប៉ះ​ថ្ម ឬ​ទឹក អាច​ធ្វើ​ឲ្យ​វា​កាន់តែ​ងាយស្រួល​យល់​ពី​របៀប​ដែល​វត្ថុ​ទាំងនេះ​ដូចជា​ព្រះយេស៊ូវ​គ្រីស្ទ ។ ប្រសិនបើ​បងប្អូន​អាច​រួមបញ្ចូល​ញាណ​ជាច្រើន​ក្នុង​ការរៀនសូត្រ វា​នឹង​កាន់តែ​ចងចាំ និង​មាន​ឥទ្ធិពល ។

និក្ខមនំ ១៧:៨–១៦; ១៨:១៣–២៦

សិស្ស​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក « ជាជំនួយ »​នៅក្នុង​ការធ្វើ​កិច្ចការ​របស់​ព្រះអម្ចាស់ ។

ប្រហែលជា​មាន​ពេល​ខ្លះ​នៅក្នុង​ជីវិត​បងប្អូន នៅពេល​ដែល​បងប្អូន​អាច​ប្រដូច​ទៅនឹង​ម៉ូសេ—នៅពេល​ដែល​អ្នកដទៃ​ពឹងផ្អែក​លើ​បងប្អូន ប៉ុន្តែ បងប្អូន « [ មាន​អារម្មណ៍ ] រួយ​ដៃ » ( និក្ខមនំ ១៧:១២ ) ។ ពេលខ្លះ​ទៀត បងប្អូន​ប្រហែលជា​ដូច​អើរ៉ុន ហ៊ើរ និង​រហួល ដែល​គាំទ្រ​ដល់​ម៉ូសេ ។ សូម​ដាក់​ខ្លួន​បងប្អូន​នៅក្នុង​ស្ថានភាព​របស់​មនុស្ស​ម្នាក់ៗ​ទាំងនេះ​នៅពេល​បងប្អូន​អាន និក្ខមនំ ១៧:៨–១៦; ១៨:១៣–២៦ និង​មើលឃើញ​អ្វី​ដែល​ព្រះអម្ចាស់​បង្រៀន​បងប្អូន​អំពី​កិច្ចការ​របស់​ទ្រង់ ។

សូមមើល​ផងដែរ ម៉ូសាយ ៤:២៧; ១៨:៨–៩ ។

សម្រាប់​គំនិត​បន្ថែម សូម​មើល​ការចុះផ្សាយ​ទស្សនាវដ្តី លីអាហូណា និង ដើម្បី​កម្លាំង​នៃ​យុវជន ប្រចាំ​ខែ​នេះ ។

រូបតំណាង​ផ្នែក​របស់​កុមារ

គំនិត​សម្រាប់​បង្រៀន​កុមារ

និក្ខមនំ ១៤:៥–២២

ព្រះអម្ចាស់​អាច​ធ្វើ « ការយ៉ាងធំ » នៅក្នុង​ជីវិត​ខ្ញុំ ។

  • នៅពេល​ព្រះអម្ចាស់​បានញែក​សមុទ្រ​ក្រហម ម៉ូសេ និង​ពួកសាសន៍​អ៊ីស្រាអែល​បានឃើញ​ថា ទ្រង់​មាន​ព្រះចេស្ដា​ប៉ុនណា ។ អនុញ្ញាត​ឲ្យ​កូនៗ​បងប្អូន​ជួយ​បងប្អូន​គិត​ពី​វិធី​ដ៏​រីករាយ​មួយ ដើម្បី​សម្តែង​រឿង​ឡើងវិញ និក្ខមនំ ១៤:៥–២២ ( សូមមើល​ផងដែរ « បុណ្យ​រំលង » នៅក្នុង ដំណើររឿង​ព្រះគម្ពីរ​សញ្ញាចាស់ ទំព័រ ៧០–៧៤ ) ។ ប្រហែលជា​បងប្អូន​អាច​រៀប​កៅអី ឬ​ភួយ ហើយ « ញែក » វា​ដូចជា​សមុទ្រ​ក្រហម ។ បន្ទាប់មក បងប្អូន​អាច​ចែកចាយ​ជាមួយ​គ្នា​អំពី​របៀប​ដែល​បងប្អូន​បានឃើញ​ព្រះចេស្ដា​របស់​ព្រះ​ក្នុង​ជីវិត​របស់​បងប្អូន ។

    2:54

    The Passover

  • តើ គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៨:២–៣ បាន​បន្ថែម​អ្វីខ្លះ​ទៅ​នឹង​ការយល់ដឹង​របស់​យើង​អំពី​ដំណើរ​រឿង​នេះ​នៅក្នុង និក្ខមនំ ១៤ ? សូម​ប្រាប់​កូនៗ​បងប្អូន​អំពី​បទពិសោធន៍ នៅពេល​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ បាន​ប្រាប់​បងប្អូន​អំពី​អ្វី​មួយ​នៅក្នុង​ចិត្ត ឬ​គំនិត​របស់​បងប្អូន ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​និយាយ​អំពី​បទពិសោធន៍​របស់​ពួកគេ ។ បងប្អូន​ក៏​អាច​ច្រៀង​ចម្រៀង​អំពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ផងដែរ ដូចជា « ទុក​ឲ្យ​ព្រះវិញ្ញាណ​ដឹកនាំ » ( ទំនុកតម្កើង ល.រ. ៨២ ) ។

និក្ខមនំ ១៥:២២–២៥

ព្រះអម្ចាស់​អាច​ធ្វើ​ឲ្យ​រឿងល្វីង​ក្លាយ​ជា​ផ្អែមល្ហែម​បាន ។

  • ប្រហែលជា​បងប្អូន និង​កូនៗ​បងប្អូន​អាច​ផឹក​អ្វី​ដែល​ផ្អែម និង​ល្វីង​ពេល​កំពុងសិក្សា និក្ខមនំ ១៥:២២–២៥ ជាមួយ​គ្នា ។ តើ​ព្រះអង្គសង្រ្គោះ​បាន​ធ្វើ​ឲ្យ​បទពិសោធន៍ « ល្វីង » នៅក្នុង​ជីវិត​របស់​យើង​ទៅជា « ផ្អែម » ដោយ​របៀប​ណា ?

និក្ខំមនំ ១៥:២៣–២៥; ១៦:១៤–១៥; ១៧:១–៦

ព្រះ​យេស៊ូវ​គឺជា​ទឹក​រស់​របស់​ខ្ញុំ ជា​នំបុ័ង​ជីវិត​របស់​ខ្ញុំ និង​ជា​ថ្មដា​របស់​ខ្ញុំ ។

  • នៅពេល​បងប្អូន និង​កូនៗ​បងប្អូន​អាន និក្ខមនំ ១៥:២៣–២៥; ១៦:១៤–១៥; ១៧:១–៦ អនុញ្ញាត​ឲ្យ​ពួកគេ​ជួយ​បងប្អូន​ស្វែងរក​វត្ថុ​ដើម្បី​ជួយ​និទាន​ដំណើររឿង​នីមួយៗ ដូចជា​មែកឈើ ( ដើម្បី​ព្យាបាល​ទឹក​ម៉ារ៉ា ) ថូ ឬ​ក្អម ( ដើម្បី​ដាក់​នំម៉ាន៉ា ) និង​ដុំថ្ម ( សម្រាប់​ទឹក​នៅ​ហូរែប ) ។ តើ​ដំណើររឿង​ទាំងនេះ​រំឭក​យើង​អំពី​អ្វីខ្លះ​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បានធ្វើ​សម្រាប់​យើង ? ជា​ផ្នែកមួយ​នៃ​ការពិភាក្សា​របស់​បងប្អូន បងប្អូន​អាច​អាន ម៉ាថាយ ៧:២៤–២៧; យ៉ូហាន ៤:១០–១៤; ៦:២៩–៣៥, ៤៨–៥១; ហេលេមិន ៥:១២; គោលលទ្ធិ និង​សេចក្តីសញ្ញា ២០:៧៧, ៧៩ ។

រូប​គំនូរ​បង្ហាញពី​ម៉ូសេ អើរ៉ុន និង​ហ៊ើរ

One Before God [ ម្នាក់​នៅ​ចំពោះ​ព្រះភ័ក្រ្ត​ព្រះ ] ដោយ យ៉ូសែប ប្រ៊ីកឃី ( សេចក្តីលម្អិត )

និក្ខមនំ ១៧:៨–១៦; ១៨:១៣–២៦

ខ្ញុំ​អាច ជួយ « ជាជំនួយ »​នៅក្នុង​ការធ្វើ​កិច្ចការ​របស់​ព្រះអម្ចាស់ ។

  • នៅពេល​បងប្អូន​អាន និក្ខមនំ ១៧:៨–១៦ បងប្អូន​អាច​អញ្ជើញ​កុមារ​ម្នាក់​ឲ្យ​លើក​ដៃ​របស់​ពួកគេ​ខ្ពស់​នៅលើ​អាកាស ។ នៅពេល​ដែល​កុមារ​រូប​នេះ​រួយ​ដៃ កុមារ​ផ្សេង​ទៀត​អាច​ជួយ​បាន តាម​របៀប​ដែល​អើរ៉ុន និង​ហ៊ើរ​បាន​ជួយ​ម៉ូសេ ។ តើ​ដំណើរ​រឿងនេះ​បង្រៀន​អំពី​របៀប​ដែល​យើង​អាច​ជួយ​នគរ​របស់ព្រះ ឲ្យ​ទទួល​បាន​ជោគជ័យ​ដោយ​របៀបណា ? បងប្អូន​ក៏​អាច​អាន និក្ខមនំ ១៨:១៣–២៦ ហើយ​និយាយ​អំពី​ការទទួល​ខុសត្រូវ​ដ៏​សំខាន់​របស់​បុគ្គល​ដែល​បម្រើ​ក្នុង​វួដ​របស់​បងប្អូន ។ តើ​សព្វថ្ងៃ នេះ​យើង​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ជួយ​ដល់​ថ្នាក់ដឹកនាំ​សាសនាចក្រ​របស់​យើង ដូចដែល អើរ៉ុន និង​ហ៊ើរ ​បានជួយ​ដល់​ព្យាការី​ម៉ូសេ ?

សម្រាប់​គំនិត​បន្ថែម សូម​មើល​ការចុះផ្សាយ​ទស្សនាវដ្តី ប្រិយមិត្ត នៅ​ខែ​នេះ ។

ម៉ូសេ​ញែក​សមុទ្រ​ក្រហម

Crossing the Red Sea [ ឆ្លងកាត់​សមុទ្រ​ក្រហម ] ដោយ អូតូ ស៊ីមលឺ

ទំព័រ​សកម្មភាព​សម្រាប់​កុមារ ៖ ព្រះអម្ចាស់​អាច​ធ្វើ « ការយ៉ាង​ធំ » ក្នុង​ជីវិត​ខ្ញុំ ។