« គំនិតដែលត្រូវចងចាំ ៖ គម្ពីរប្រវត្តិសាស្រ្តនៅក្នុងព្រះគម្ពីរសញ្ញាចាស់ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ២០២៦ ( ឆ្នាំ២០២៦ )
« គម្ពីរប្រវត្តិសាស្រ្តនៅក្នុងព្រះគម្ពីរសញ្ញាចាស់ » ចូរមកតាមខ្ញុំ ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ២០២៦
គំនិតដែលត្រូវចងចាំ
គម្ពីរប្រវត្តិសាស្រ្តនៅក្នុងព្រះគម្ពីរសញ្ញាចាស់
ពីគម្ពីរយ៉ូស្វេ ដល់គម្ពីរនាងអេសធើរ ត្រូវបានគេស្គាល់ថាជា « គម្ពីរប្រវត្តិសាស្រ្ត » នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ។ នេះមិនមែនមានន័យថា គម្ពីរដទៃទៀតនៅក្នុងព្រះគម្ពីរសញ្ញាចាស់ពុំមានតម្លៃក្នុងប្រវត្តិសាស្រ្តនោះទេ ។ ផ្ទុយទៅវិញ គម្ពីរប្រវត្តិសាស្រ្តត្រូវបានគេហៅបែបនោះ ពីព្រោះគោលបំណងចម្បងរបស់អ្នកនិពន្ធ គឺដើម្បីបង្ហាញព្រះហស្តរបស់ព្រះនៅក្នុងប្រវត្តិសាស្រ្តនៃរាស្រ្តអ៊ីស្រាអែល ។ គោលបំណងនៃគម្ពីរទាំងនេះគឺមិនមែនដើម្បីចែងពីក្រឹត្យវិន័យរបស់ម៉ូសេ ដូចជាគម្ពីរលេវីវិន័យ និងគម្ពីរចោទិយកថា នោះទេ ។ វាមិនមែនដើម្បីបង្ហាញការសរសើរ ឬការទួញសោកបែបទម្រង់កំណាព្យ ដូចគម្ពីរទំនុកដំកើង និងគម្ពីរបរិទេវ នោះទេ ។ ហើយវាពុំបានកត់ត្រាពាក្យពេចន៍របស់ព្យាការីដូចដែលគម្ពីរអេសាយ និងគម្ពីរអេសេគាល បានធ្វើនោះដែរ ។ ផ្ទុយទៅវិញ គម្ពីរប្រវត្តិសាស្រ្តទាំងនេះប្រាប់ជាដំណើររឿងវិញ ។
ប្រធានបទអំពីទស្សនៈ
តាមធម្មតា រឿងទាំងនេះត្រូវបានប្រាប់តាមទស្សនៈជាក់លាក់មួយ ។ វាដូចគ្នានឹងការដែលយើងមិនអាចមើលផ្កា ថ្ម និងដើមឈើឲ្យបានគ្រប់ជ្រុងជ្រោយក្នុងពេលតែមួយដែរ វាចៀសមិនរួចទេដែលដំណើររឿងប្រវត្តិសាស្ត្រមួយនឹងឆ្លុះបញ្ចាំងពីទស្សនៈរបស់បុគ្គលម្នាក់ ឬមនុស្សមួយក្រុមដែលសរសេរដំណើររឿងនោះ ។ ទស្សនៈនេះរួមមានទំនាក់ទំនងខាងជាតិ ឬជនជាតិរបស់អ្នកនិពន្ធ ព្រមទាំងទម្លាប់ និងជំនឿខាងវប្បធម៌របស់ពួកគេ ។ ការដឹងពីរឿងនេះអាចជួយយើងឲ្យយល់ដឹងថា ពួកអ្នកនិពន្ធ និងពួកអ្នករៀបរៀងគម្ពីរប្រវត្តិសាស្ត្រទាំងនោះបានផ្ដោតលើព័ត៌មានលម្អិតមួយចំនួន ខណៈដែលទុកចោលរឿងផ្សេងៗទៀត ។ ពួកគេបានធ្វើការប៉ាន់ស្មានដែលមនុស្សដទៃមិនបានធ្វើ ។ ហើយពួកគេបានធ្វើការសន្និដ្ឋានដោយផ្អែកលើសេចក្ដីលម្អិត និងការប៉ានស្មានទាំងនេះ ។ យើងថែមទាំងអាចមើលឃើញពីទស្សនៈខុសគ្នានៅក្នុងគម្ពីរទាំងឡាយនៃព្រះគម្ពីរប៊ីប ( ហើយពេលខ្លះក្នុងគម្ពីរតែមួយ ) ។ កាលណាយើងយល់ដឹងកាន់តែច្រើនអំពីទស្សនៈទាំងនេះ យើងអាចយល់បានកាន់តែច្បាស់អំពីគម្ពីរប្រវត្តិសាស្ត្រផងដែរ ។
ទស្សនៈរួមមួយនៅក្នុងគម្ពីរប្រវត្តិសាស្ត្រទាំងអស់នៅក្នុងព្រះគម្ពីរសញ្ញាចាស់គឺជាទស្សនៈរបស់កូនចៅអ៊ីស្រាអែល ជារាស្ត្រនៃសេចក្ដីសញ្ញារបស់ព្រះ ។ សេចក្ដីជំនឿរបស់ពួកគេលើព្រះអម្ចាស់បានជួយពួកគេឲ្យមើលឃើញពីព្រះហស្ដរបស់ទ្រង់នៅក្នុងជីវិតរបស់ពួកគេ និងកិច្ចការនៃប្រទេសជាតិរបស់ពួកគេ ។ ខណៈដែលសៀវភៅប្រវត្តិសាស្ត្រខាងលោកិយមិនមានបំណងដើម្បីមើលឃើញរឿងទាំងឡាយតាមរបៀបនេះ នោះទស្សនៈខាងវិញ្ញាណនេះគឺជាផ្នែកមួយនៃអ្វីដែលធ្វើឲ្យគម្ពីរប្រវត្តិសាស្ត្រក្នុងព្រះគម្ពីរសញ្ញាចាស់ទាំងឡាយ មានតម្លៃយ៉ាងខ្លាំងចំពោះមនុស្សដែលកំពុងខិតខំដើម្បីស្ថាបនាសេចក្ដីជំនឿរបស់ពួកគេផ្ទាល់លើព្រះ ។
បរិបទសម្រាប់ដំណើររឿងនៅសល់ទាំងប៉ុន្មាននៃព្រះគម្ពីរសញ្ញាចាស់
គម្ពីរប្រវត្តិសាស្ត្រទាំងនេះចាប់ផ្ដើមពីត្រង់កន្លែងដែលគម្ពីរ ចោទិយកថាបន្សល់ទុក គឺការដើរវង្វេងក្នុងទីរហោស្ថានជាច្រើនឆ្នាំរបស់ពួកសាសន៍អ៊ីស្រាអែលហៀបនឹងបញ្ចប់ ។ គម្ពីរយ៉ូស្វេបង្ហាញពីពួកកូនចៅអ៊ីស្រាអែលត្រៀមខ្លួនចូលស្រុកកាណាន ដែលជាដែនដីសន្យារបស់ពួកគេ ហើយពិពណ៌នាអំពីរបៀបដែលពួកគេយកបានស្រុកនេះ ។ គម្ពីរបន្ដបន្ទាប់ទៀតគឺគម្ពីរពួកចៅហ្វាយ រហូតដល់គម្ពីររបាក្សត្រ ទី២ រៀបរាប់ពីបទពិសោធន៍របស់អ៊ីស្រាអែលនៅលើដែនដីសន្យា តាំងពីពេលដែលពួកគេបានស្នាក់នៅលើដែនដីនោះរហូតដល់គ្រាដែលសាសន៍អាសស៊ើរ និងសាសន៍បាប៊ីឡូនបានវាយលុកពួកគេ ។ គម្ពីរអែសរ៉ា និងនេហេមា ប្រាប់ពីការវិលត្រឡប់របស់ពួកសាសន៍អ៊ីស្រាអែលជាច្រើនក្រុមទៅកាន់រាជធានីរបស់ពួកគេវិញគឺទីក្រុងយេរូសាឡិម នៅច្រើនទសវត្សរ៍ក្រោយមក ។ នៅចុងបញ្ចប់ គម្ពីរនាងអេសធើរទាក់ទងនឹងដំណើររឿងមួយអំពីពួកសាសន៍អ៊ីស្រាអែលកំពុងរស់នៅនិរទេសខ្លួននៅក្រោមការគ្រប់គ្រងរបស់ពើស៊ី ។
ហើយនោះគឺជាកន្លែងដែលកាលប្រវតិ្តរបស់ព្រះគម្ពីរសញ្ញាចាស់បានបញ្ចប់ ។ ពួកអ្នកអានមួយចំនួនដែលអានព្រះគម្ពីរប៊ីបលើកដំបូងមានការភ្ញាក់ផ្អើលដោយរកឃើញថា ពួកគេពិតជាបានបញ្ចប់ការអាន ដំណើររឿង របស់ព្រះគម្ពីរសញ្ញាចាស់ពីមុនពួកគេបានអានព្រះគម្ពីរលើសពាក់កណ្ដាល ។ បន្ទាប់ពីគម្ពីរនាងអេសធើរ យើងមិនមានព័ត៌មានច្រើនអំពីប្រវត្តិសាស្ត្ររបស់ពួកសាសន៍អ៊ីស្រាអែលទេ ។ ផ្ទុយទៅវិញ គម្ពីរក្រោយៗ—ជាពិសេសគម្ពីររបស់ពួកព្យាការី—គឺស្រប នឹង កាលវេលាដែលគម្ពីរប្រវត្តិសាស្ត្រទាំងនោះបានបង្ហាញ ។ ឧទាហរណ៍ ការងារបម្រើរបស់ព្យាការីយេរេមា កើតឡើងនៅអំឡុងព្រឹត្តិការណ៍ដែលបានកត់ត្រានៅក្នុង ពង្សាវតារក្សត្រ ទី២ ២២–២៥ ( និងដំណើររឿងដូចគ្នានៅក្នុង របាក្សត្រ ទី២ ៣៤–៣៦ ) ។ ការដឹងពីរឿងនេះអាចជះឥទ្ធិពលលើរបៀបដែលបងប្អូនអានដំណើររឿងប្រវត្តិសាស្ត្រផង និងគម្ពីររបស់ព្យាការីផង ។
នៅពេលដែលអ្វីមួយមិនសម
ដូចគ្នានឹងប្រវត្តិសាស្ត្រផ្សេងៗទៀតដែរ នៅពេលអានព្រះគម្ពីរសញ្ញាចាស់ បងប្អូនទំនងជាអានអំពីមនុស្សកំពុងធ្វើ ឬនិយាយរឿងដែលចម្លែកៗ ឬថែមទាំងធ្វើឲ្យមានបញ្ហាចំពោះក្រសែភ្នែករបស់មនុស្សសម័យទំនើបទៀតផង ។ យើងគួរតែរំពឹងទុកពីរឿងនេះ—អ្នកនិពន្ធព្រះគម្ពីរសញ្ញាចាស់បានមើលឃើញពិភពលោកនេះចេញពីទស្សនៈមួយដែលខុសប្លែកពីទស្សនៈរបស់យើងតាមរបៀបមួយចំនួន ។ អំពើហិង្សា ទំនាក់ទំនងជនជាតិ និងតួនាទីរបស់ស្ត្រីគឺគ្រាន់តែជាបញ្ហាមួយចំនួន ដែលអ្នកនិពន្ធពីបុរាណប្រហែលជាបានឃើញខុសគ្នាពីអ្វីដែលយើងមើលឃើញសព្វថ្ងៃនេះ ។
ដូច្នេះតើយើងគួរធ្វើអ្វីខ្លះ នៅពេលយើងជួបនឹងវគ្គបទគម្ពីរដែលទំនងជាមានបញ្ហា ? ដំបូង វាអាចនឹងជួយបាន ពេលយើងពិចារណាវគ្គនីមួយៗនៅក្នុងបរិបទដ៏ទូលំទូលាយមួយ ។ តើវាស្របនៅក្នុងផែនការនៃសេចក្ដីសង្គ្រោះរបស់ព្រះតាមរបៀបណា ? តើវាស្របនឹងអ្វីដែលបងប្អូនដឹងអំពីនិស្ស័យនៃព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ? តើវាស្របនឹងសេចក្ដីពិតដែលបានបើកសម្ដែងនៅក្នុងបទគម្ពីរផ្សេងទៀត ឬជាមួយនឹងការបង្រៀនរបស់ព្យាការីនៅរស់តាមរបៀបណា ? ហើយតើវាស្របនឹងការខ្សឹបប្រាប់ពីព្រះវិញ្ញាណទៅកាន់ដួងចិត្ត និងគំនិតរបស់បងប្អូនផ្ទាល់តាមរបៀបណា ?
នៅក្នុងករណីមួយចំនួន វគ្គនោះទំនងជាមិនសមស្របនឹងសំណួរទាំងនេះឡើយ ។ ពេលខ្លះ វគ្គនោះប្រហែលជាដូចនឹងបំណែករូបផ្គុំមួយដែលទំនងជាមិនមានកន្លែងមួយនៅក្នុងបំណែកទាំងឡាយដែលបងប្អូនបានផ្គុំរួចហើយនោះទេ ។ ការព្យាយាមជំរុញបំណែកនោះឲ្យត្រូវគ្នាមិនមែនជាវិធីដ៏ល្អបំផុតនោះទេ ។ ប៉ុន្តែក៏មិនមែនបោះបង់ចោលរូបផ្គុំទាំងមូលនោះដែរ ។ ផ្ទុយទៅវិញ បងប្អូនអាចនឹងត្រូវដាក់បំណែកនោះឲ្យនៅមួយឡែកសិនសម្រាប់ពេលនេះ ។ នៅពេលបងប្អូនរៀនសូត្របានកាន់តែច្រើន ហើយផ្គុំរូបផ្គុំចូលគ្នាបានកាន់តែច្រើន នោះបងប្អូនអាចមើលឃើញកាន់តែច្បាស់ពីរបៀបដែលបំណែកទាំងនោះត្រូវគ្នា ។
ការធ្វើបែបនេះក៏ជួយរំឭកផងដែរថា ក្រៅពីការធ្វើតាមតែទស្សនៈមួយជ្រុងណាមួយ នោះប្រវត្តិសាស្រ្តរបស់បទគម្ពីរក៏មាននូវកំហុសរបស់មនុស្សផងដែរ ។ ឧទាហរណ៍ អស់ជាច្រើនសតវត្សរ៍ « សេចក្ដីដ៏ច្បាស់ និងពិសេសៗជាច្រើន[ ត្រូវ ]បានដកយកពី[ ព្រះគម្ពីរប៊ីប ] » រួមទាំងសេចក្ដីពិតដ៏សំខាន់អំពីគោលលទ្ធិ និងពិធីបរិសុទ្ធទាំងឡាយផងដែរ ( នីហ្វៃទី១ ១៣:២៨; សូមមើលផងដែរ ខទី ២៦, ២៩, ៤០ ) ។ ទន្ទឹមគ្នានេះដែរ យើងគួរតែយល់ព្រមសារភាពថា ទស្សនៈរបស់យើងផ្ទាល់ក៏មានកំណត់ផងដែរ ៖ វានឹងតែងតែមានរឿងដែលយើងមិនយល់ទាំងស្រុង និងមានសំណួរដែលយើងមិនអាចឆ្លើយបានជានិច្ច ។
វគ្គបទគម្ពីរមួយចំនួនប្រហែលជាដូចនឹងបំណែករូបផ្គុំដែលយើងមិនដឹងពីរបៀបដើម្បីដាក់វាឲ្យត្រូវនឹងរូបផ្គុំផ្សេងទៀតដែរ ។
ការស្វែងរកត្បូងច្នៃ
ប៉ុន្តែនៅពេលនេះ សំណួរដែលគ្មានចម្លើយមិនគួររារាំងយើងពីត្បូងច្នៃដ៏មានតម្លៃនៃសេចក្ដីពិតដ៏នៅអស់កល្បជានិច្ចដែលមាននៅក្នុងព្រះគម្ពីរសញ្ញាចាស់ឡើយ—ទោះបីត្បូងច្នៃទាំងនេះពេលខ្លះត្រូវបានលាក់បាំងនៅក្នុងវាលថ្មីនៃបទពិសោធន៍ដ៏លំបាកៗ និងការជ្រើសរើសមិនល្អដែលមនុស្សមិនល្អឥតខ្ចោះបានជ្រើសយកក្ដី ។ ប្រហែលជារឿងដ៏មានតម្លៃបំផុតនៃត្បូងច្នៃទាំងនេះគឺជាដំណើររឿង និងវគ្គដែលថ្លែងទីបន្ទាល់អំពីសេចក្ដីស្រឡាញ់របស់ព្រះ—ជាពិសេសដំណើររឿង និងវគ្គដែលដឹកនាំគំនិតរបស់យើងទៅរកពលិកម្មរបស់ព្រះយេស៊ូវគ្រីស្ទ ។ ទោះមើលពីជ្រុងណាក៏ដោយក៏ ត្បូងច្នៃទាំងនេះនៅតែជះពន្លឺចែងចាំងនៅសព្វថ្ងៃនេះ ដូចជាវាបានចែងចាំងកាលពីមុនដែរ ។ ហើយដោយសារដំណើររឿងទាំងនេះប្រាប់ពីរាស្រ្តនៃសេចក្តីសញ្ញារបស់ព្រះ—ជាបុរស និងស្រ្តីដែលមានភាពទន់ខ្សោយជាមនុស្ស ប៉ុន្តែបានស្រឡាញ់ និងបម្រើព្រះអម្ចាស់—ត្បូងនៃសេចក្តីពិតដែលមាននៅក្នុងគម្ពីរប្រវត្តិសាស្ត្រនៃព្រះគម្ពីរសញ្ញាចាស់ ។