ជោគជ័យនៅក្នុងសាលារៀន ៖ មេរៀនទី ១៩២
ការធ្វើឲ្យព្រះអម្ចាស់មានចំណែកនៅក្នុងការរៀនសូត្ររបស់អ្នក
ព្រះអម្ចាស់នឹងតម្កើង ហើយពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់អ្នក
សូមមើល « សិក្សាព្រះគម្ពីរ » ដើម្បីជួយរៀបចំខ្លួនអ្នកខាងវិញ្ញាណដើម្បីរៀនសូត្រ ។
តើអ្នកបានដឹងទេថា កែវពង្រីកត្រូវបានគេប្រើប្រាស់អស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ ? ជនជាតិអេហ្ស៊ីបពីបុរាណបានប្រើបំណែកកែវគ្រីស្ដាល់ដើម្បីមើលភាគល្អិតតូចៗ ។ កែវពង្រីកសម័យទំនើប ដែលត្រូវបានបង្កើតឡើងដោយ រ៉ជើរ បេខិន នៅក្នុងសតវត្សរ៍ទី១៣ ជួយមនុស្សឲ្យអាន និងរុករកពិភពលោកជុំវិញខ្លួនគេ ។
ស្រដៀងគ្នាទៅនឹងរបៀបដែលកែវពង្រីកធ្វើឲ្យវត្ថុមើលឃើញធំឡើងដែរ ព្រះអម្ចាស់អាច « តម្កើង » កិច្ចខិតខំរៀនសូត្ររបស់អ្នក នៅពេលអ្នកស្វែងកជំនួយរបស់ទ្រង់ ។ នៅក្នុងការសិក្សារបស់អ្នក អ្នកនឹងប្រឈមមុខនឹងឧបសគ្គនានា នៅពេលអ្នកខិតខំបង្កើនចំណេះដឹង និងការយល់ដឹងរបស់អ្នកអំពីសេចក្តីពិត ។ ប៉ុន្ដែអ្នកពុំនៅតែឯងទេ ។ ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទខ្វល់ខ្វាយអំពីអ្នក ហើយនឹងជួយអ្នកឲ្យជោគជ័យ ។
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យរួមបញ្ចូលព្រះអម្ចាស់នៅក្នុងការរៀនសូត្ររបស់អ្នក ។
រៀនអំពីរបៀបធ្វើ
ព្រះអម្ចាស់ប្រទានពរដល់ការខិតខំប្រឹងប្រែងដ៏សុចរិតរបស់យើង
សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ក្លាក ជី ហ្គីលប៊ឺត នៃពួកចិតសិបនាក់ ហើយរកមើលកន្លែងដែលយើងអាចបែរទៅរកជំនួយជាមួយនឹងបញ្ហាប្រឈមនានានៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់យើងដើម្បីរៀននៅសាលា ។
ខ្ញុំដឹងថា ការស្វែងរកការអប់រំរបស់អ្នកអាចមានការលំបាក ហើយទាមទារឲ្យមានការលះបង់ ។ ខ្ញុំដឹងថា អ្នកកំពុងខិតខំខ្លាំងណាស់ ហើយថាមានយប់ដ៏លំបាកជាច្រើន ពេលអ្នកត្រូវនៅដល់យប់ជ្រៅដើម្បីបញ្ចប់កិច្ចការសាលា រៀនគំនិតថ្មី និងគ្រប់គ្រងការប្តេជ្ញាចិត្តដ៏សំខាន់ផ្សេងទៀតក្នុងជីវិតរបស់អ្នក ។ ប៉ុន្តែសូមកុំទាន់ចុះចាញ់ ។ សូមបន្តបង្ហាញភាពរឹងមាំដ៏ពិតប្រាកដ ។ ប៉ុន្តែក៏ត្រូវត្រៀមខ្លួនដើម្បីផ្លាស់ទីពីភាពរឹងមាំទៅរកព្រះគុណផងដែរ ។ សូមទុកចិត្តលើព្រះអម្ចាស់ ។ អធិស្ឋានសូមជំនួយពីទ្រង់ ហើយទ្រង់នឹងពង្រីកកិច្ចខិតខំរបស់អ្នក ។ សូមដឹងថា យើងស្រឡាញ់អ្នកខ្លាំងណាស់ ។ សំខាន់ជាងនេះទៅទៀត សូមដឹងថា ព្រះអម្ចាស់ស្រឡាញ់អ្នកយ៉ាងខ្លាំង ហើយនឹងពង្រឹងអ្នកនៅក្នុងការខិតខំប្រឹងប្រែងដ៏សុចរិតរបស់អ្នកទាំងអស់ដើម្បីរៀនសូត្រ និងរីកចម្រើន ហើយក្លាយកាន់តែដូចទ្រង់ ។ ( « From Grit to Grace » [ ការប្រជុំធម្មនិដ្ឋាន BYU–Pathway Worldwide ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ] ទំព័រ ២ នៅលើគេហទំព័រ byupathway.edu )
សូមសិក្សាសេចក្ដីយោងខាងក្រោម ។ សូមគូសសម្គាល់វិធីដែលព្រះអម្ចាស់អាចប្រទានពរដល់កិច្ចខិតខំដ៏សុចរិតរបស់អ្នកតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។
-
រ៉ូម ១៥:១៣ ( ប៉ុលបង្រៀនពួកបរិសុទ្ធសាសន៍រ៉ូម ) ។
-
មរ៉ូណៃ ១០:៥ ( មរ៉ូណៃបញ្ចប់ព្រះគម្ពីរមរមន ) ។
-
គោលលទ្ធិ និងសេចក្ដីសញ្ញា ៦:១៥ ( ព្រះអម្ចាស់មានបន្ទូលទៅកាន់អូលីវើរ ខៅឌើរី ) ។
-
« Sweet Power of Prayer » ចាប់ពីនាទីទី ៤:១៥ ដល់ ៨:៣៨ ( ប្រធាន រ័សុល អិម ណិលសុន ពន្យល់ពីរបៀបដែលព្រះអម្ចាស់បានជួយដល់ការរៀនសូត្ររបស់លោក ) ។
ការសិក្សាស៊ីជម្រៅ ៖ សូមអានសុន្ទរកថានេះដោយប្រធាន ហែនរី ប៊ី អាវរិង នៃគណៈប្រធានទីមួយ អំពីការរួមបញ្ចូលព្រះអម្ចាស់នៅក្នុងការរៀនសូត្ររបស់អ្នក ៖ « Education for Real Life» ( Ensign ខែតុលា ឆ្នាំ២០០២ ទំព័រ ១៨–១៩ ) ។
របៀបដើម្បីធ្វើឲ្យព្រះអម្ចាស់មានចំណែកនៅក្នុងការរៀនសូត្ររបស់អ្នក
សូមបំពេញសកម្មភាពពីរ ឬច្រើនដូចខាងក្រោមនេះ ។
សកម្មភាពទី ១
សូមអាន នីហ្វៃទី២ ២៨:៣០ ។ សូមគូសបន្ទាត់ពីក្រោមឃ្លាដែលពន្យល់ពីរបៀបដែលព្រះអម្ចាស់អាចជួយអ្នកបាន ។
ស៊ូសាន អេច ផតធ័រ សមាជិកក្រុមប្រឹក្សាយោបល់សមាគមសង្គ្រោះ បានបង្រៀន ៖
ព្រះអម្ចាស់មានការចាប់អារម្មណ៍ទៅលើដំណើរការ ។ ទ្រង់ចាប់អារម្មណ៍លើកត្តាដែលថា យើងកំពុងបង្ហាញសេចក្តីជំនឿគ្រប់គ្រាន់ដើម្បីធ្វើតាមចំណាប់អារម្មណ៍ដំបូងនោះ ។ បន្ទាប់មក ទ្រង់នឹងប្រទានឲ្យយើងនូវចំណាប់អារម្មណ៍មួយទៀត ហើយយើងអាចបង្ហាញសេចក្តីជំនឿបន្ថែមបន្តិចទៀតដើម្បីធ្វើសកម្មភាព ។ ហេតុដូច្នោះ វាគឺជាដំណើរការនៃការផ្លាស់ប្តូរដែលត្រូវបានដាក់រួមបញ្ចូលនៅក្នុងមួយបន្ទាត់ម្តងៗ ។ ( « Avoiding Spiritual Overwhelm: Progressing ‹ Line upon Line › » [ សន្និសីទស្ដ្រី ប៊ី.វ៉ាយ.យូ. ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ ] )
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក ។
-
តើអ្នករៀនអ្វីខ្លះចេញមកពី នីហ្វៃទី២ និងស៊ីស្ទើរ ផតធ័រ អំពីរបៀបដែលព្រះអម្ចាស់ជួយយើងក្នុងការធ្វើឲ្យការរៀនសូត្ររបស់យើងប្រសើរឡើង ?
-
តើអ្នកមានបទពិសោធន៍អ្វីខ្លះក្នុងការធ្វើឲ្យ « មួយបន្ទាត់ម្តងៗ » មានភាពប្រសើរឡើងនៅក្នុងការរៀនសូត្រ ឬកិច្ចការសាលារបស់អ្នកដោយមានជំនួយពីព្រះអម្ចាស់ ?
សកម្មភាពទី ២
ព្រះអម្ចាស់បានមានបន្ទូលប្រាប់បងប្រុសរបស់យ៉ារេឌឲ្យសាងសង់ភេត្រាដើម្បីនាំគ្រួសាររបស់គាត់ឆ្លងសមុទ្រ ។ បន្ទាប់ពីសាងសង់ភេត្រាហើយ យ៉ារេឌបានរកឃើញបញ្ហាដែលគាត់មិនអាចដោះស្រាយបាន ។
សូមអាន អេធើរ ២:១៨–២០ ហើយរកមើលបញ្ហាជាក់លាក់មួយចំនួន ដែលបងប្រុសរបស់យ៉ារេឌបានទូលសូមជំនួយពីព្រះអម្ចាស់ដើម្បីដោះស្រាយ ។ អ្នកអាចដាក់ស្លាកវគ្គបទគម្ពីរនេះថា « ការស្វែងរកជំនួយរបស់ព្រះអម្ចាស់ » ។
សូមជ្រើសរើសឧបសគ្គជាមួយការរៀនសូត្រ ឬកិច្ចការសាលាជាក់លាក់មួយ ដែលនរណាម្នាក់អាចត្រូវការជំនួយរបស់ព្រះអម្ចាស់ដើម្បីយកឈ្នះ ។
-
ដោយប្រើការអធិស្ឋានរបស់បងប្រុសរបស់យ៉ារេឌជាគំរូ តើបុគ្គលម្នាក់អាចនិយាយពាក្យអ្វីខ្លះនៅក្នុងការអធិស្ឋាន ដើម្បីស្វែងរកជំនួយរបស់ព្រះអម្ចាស់ជាមួយនឹងការសាកល្បងនេះ ?
-
តើយើងអាចរៀនអ្វីខ្លះអំពីព្រះអម្ចាស់ ចេញពីការឆ្លើយតបរបស់ទ្រង់ទៅដល់បងប្រុសរបស់យ៉ារេឌ ?
សកម្មភាពទី ៣
កាលហេណុកបានទទួលការហៅរបស់ព្រះអម្ចាស់ឲ្យធ្វើជាព្យាការីរបស់ទ្រង់ និងឲ្យអំពាវនាវដល់ប្រជាជនឲ្យប្រែចិត្ត នោះលោកមានអារម្មណ៍ថា លោកមិនមានសមត្ថភាពគ្រប់គ្រាន់នោះទេ ។
សូមអាន ម៉ូសេ ៦:៣១–៣៤ ។ សូមសរសេរកំណត់ចំណាំមួយនៅជាប់នឹងខគម្ពីរនេះជាមួយចម្លើយរបស់អ្នកចំពោះសំណួរខាងក្រោមនេះ ៖
-
តើការឆ្លើយតបរបស់ព្រះអម្ចាស់ចំពោះហេណុកអាចបង្រៀនយើងអ្វីខ្លះអំពីទ្រង់ ? និងអ្វីខ្លះអំពីការយកឈ្នះលើភាពទន់ខ្សោយ ?
សូមគិតមួយភ្លែតអំពីរបៀបដែលចំណេះដឹងនេះអាចជួយនរណាម្នាក់ដែលកំពុងមានការលំបាកក្នុងការរៀនសូត្រ ។
សកម្មភាពទី ៤
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៨៨:១១៨ និងសេចក្តីថ្លែងការណ៍នេះដោយប្រធាន រ័សុល អិម ណិលសុន ៖
យើងពង្រឹងសេចក្ដីជំនឿរបស់យើងទៅលើព្រះយេស៊ូវគ្រីស្ទ នៅពេលយើងព្យាយាមរក្សាបទបញ្ញត្តិរបស់ទ្រង់ ហើយ « តែងតែចងចាំទ្រង់ជានិច្ច » ។ បន្ថែមពីលើនោះ សេចក្ដីជំនឿរបស់យើងចម្រើនឡើងគ្រប់ពេល ដែលយើង អនុវត្ត សេចក្ដីជំនឿរបស់យើងទៅលើទ្រង់ ។ នោះគឺជាអត្ថន័យនៃការរៀនសូត្រដោយសារសេចក្ដីជំនឿ ។ ( « Embrace the Future with Faith » Liahona ខែវិច្ឆិកា ឆ្នាំ២០២០ ទំព័រ ៧៥ )
សូមសរសេរកំណត់ចំណាំមួយនៅជាប់នឹងខគម្ពីរនេះ ដែលពិពណ៌នាអំពីរបៀបដែលអ្នកអាចធ្វើតាមការទូន្មានរបស់ព្រះអម្ចាស់ចេញមកពីខគម្ពីរនោះ ។
ការសិក្សាស៊ីជម្រៅ ៖ ដើម្បីស្ដាប់ឮពីពរជ័យនៃការរួមបញ្ចូលព្រះអម្ចាស់នៅក្នុងការរៀនសូត្ររបស់អ្នក អ្នកអាចមើលវីដេអូ « Elder and Sister Gilbert’s Comments » ចាប់ពីនាទីទី ៣:២៥ ដល់ ៥:៤៨ ។
ឥឡូវត្រូវធ្វើដូចម្តេចទៀត ?
ប្រធាន ហែនរី ប៊ី អាវរិង នៃគណៈប្រធានទីមួយ បានពន្យល់ ៖
នៅពេលដែលអ្នកដាក់រឿងខាងវិញ្ញាណជាទីមួយនៅក្នុងជីវិតរបស់អ្នក នោះអ្នកនឹងទទួលបានពរជ័យដែលដឹកនាំអ្នកឆ្ពោះទៅកាន់ការរៀនសូត្រដែលជាក់លាក់ ហើយអ្នកនឹងមានការលើកទឹកចិត្ដឲ្យខិតខំកាន់តែខ្លាំងថែមទៀត ។ អ្នកនឹងទទួលស្គាល់នៅពេលក្រោយថា អំណាចរបស់អ្នកក្នុងការបម្រើត្រូវបានបង្កើន ហើយអ្នកនឹងដឹងគុណ ។ ( « Education for Real Life » Ensign ខែតុលា ឆ្នាំ២០០២ ទំព័រ ១៨–១៩ )
ការអប់រំ អាទិភាព ការងារ
សូមគិតអំពីឧបសគ្គទាក់ទងនឹងការរៀនសូត្រមួយដែលអ្នកកំពុងជួបប្រទះបច្ចុប្បន្ននេះ ។ នៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក សូមដាក់ផែនការអំពីរបៀបរួមបញ្ចូលព្រះអម្ចាស់ នៅពេលអ្នកខិតខំរៀនសូត្រ ។
ចែកចាយគំនិតរបស់អ្នក
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យរួមបញ្ចូលព្រះអម្ចាស់នៅក្នុងការរៀនសូត្ររបស់អ្នក ។
សូមចែកចាយរឿងមួយ ឬច្រើន នៃអ្វីខាងក្រោមនេះជាមួយគ្រូបង្រៀន ឬសិស្សក្នុងថ្នាក់របស់អ្នក ៖
-
អ្វីដែលអ្នកនឹងធ្វើដើម្បីឲ្យព្រះអម្ចាស់កាន់តែមានចំណែកនៅក្នុងការរៀនសូត្ររបស់អ្នក ។
-
អ្វីមួយជាក់លាក់ដែលអ្នកបានធ្វើដើម្បីសម្រេចគោលបំណងមេរៀននេះ ។
-
មានសំណួរណាមួយដែលមេរៀននេះបានធ្វើឲ្យអ្នកឆ្ងល់ដែរឬទេ ។ តើអ្នកនឹងព្យាយាមស្វែងរកចម្លើយចំពោះសំណួររបស់អ្នកដោយរបៀបណា ?