ជោគជ័យនៅក្នុងសាលារៀន ៖ មេរៀនទី ១៩៤
ការរៀបចំកិច្ចការ និងអាទិភាពទាំងឡាយ
គំរូរបស់ព្រះអង្គសង្គ្រោះអាចជួយឲ្យជីវិតរបស់យើងមានរបៀបរៀបរយ
សូមមើល « សិក្សាព្រះគម្ពីរ » ដើម្បីជួយរៀបចំខ្លួនអ្នកខាងវិញ្ញាណដើម្បីរៀនសូត្រ ។
សកម្មភាពកាយសម្ព័ន្ធដ៏ល្បីល្បាញមួយរួមមានការបង្វិលចានច្រើននៅលើដងបង្វិលផ្សេងៗគ្នា ។ នៅពេលចានមួយកំពុងវិលមានលំនឹង អ្នកកីឡាកាយសម្ព័ន្ធម្នាក់អាចចាប់ផ្ដើមមានតុល្យភាព ហើយបង្វិលចានថ្មីមួយទៀតនៅលើដងបង្វិលមួយទៀត ។ ខណៈដែលសកម្មភាពនេះគឺអស្ចារ្យ គោលដៅនោះគឺមិនមែនឲ្យចានទាំងអស់បង្វិលនៅល្បឿនតែមួយនោះទេ ។ វាជារឿងដែលមិនអាចទៅរួចនោះទេ ។ ភាពជោគជ័យរបស់អ្នកកីឡាកាយសម្ព័ន្ធគឺស្ថិតនៅលើការដឹងថា តើចានមួយណាដែលហៀបនឹងធ្លាក់ ហើយបន្ទាប់មកបន្ដផ្លាស់ទីទៅបង្វិលចានដែលវិលយឺតជាងគេ ដោយបន្ដរក្សាឲ្យចានទាំងអស់នៅលើអាកាស ។ ពេលខ្លះការទទួលខុសត្រូវ និងការតាំងចិត្ដរបស់អ្នកអាចមានអារម្មណ៍ដូចជាការបន្ដបង្វិលចាននៅក្នុងអាកាសដែរ ។ ប៉ុន្ដែនៅពេលអ្នកធ្វើតាមព្រះអង្គសង្គ្រោះ អ្នកអាចរៀនស្គាល់ និងដាក់អាទិភាពអ្វីដែលសំខាន់បំផុតនៅក្នុងជីវិតរបស់អ្នក ។
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យរៀនពីរបៀបដែលគំរូរបស់ព្រះអង្គសង្គ្រោះអាចជួយនាំមកនូវរបៀបរៀបរយដល់កិច្ចការសាលារបស់អ្នក ។
រៀនអំពីរបៀបធ្វើ
ពរជ័យនៃការរៀបចំកិច្ចការ និងអាទិភាពទាំងឡាយ
ព្រះគម្ពីរបង្រៀនម្ដងហើយម្ដងទៀតនូវសេចក្ដីពិតដូចតទៅនេះ ៖ យើងអាចធ្វើតាមព្រះយេស៊ូវគ្រីស្ទបាន ដោយការមានរបៀបរៀបរយនៅក្នុងជីវិតរបស់យើង ។
នៅពេលអ្នកអានវគ្គបទគម្ពីរខាងក្រោម សូមធ្វើកំណត់ចំណាំនៅជាប់នឹងវគ្គបទគម្ពីរមួយ ដោយកត់ត្រាសេចក្ដីពិតដែលបានលើកឡើង ។
-
ទំនុកដំកើង ៣៧:២៣–២៤ ( ដាវីឌបង្រៀនពីពរជ័យនៃការធ្វើតាមព្រះអម្ចាស់ ) ។
-
កូរិនថូស ទី១ ១៤:៤០ ( ប៉ុលប្រឹក្សាដល់ពួកកូរិនថូស ) ។
-
គោលលទ្ធិ និងសេចក្ដីសញ្ញា ២៨:១៣; ១៣២:៨ (វិវរណៈទៅកាន់ យ៉ូសែប ស្ម៊ីធ អំពីការស្ថាបនាសាសនាចក្រ ) ។
ព្យាការីសម័យទំនើបក៏បានបង្រៀនអំពីរបៀបរៀបរយនេះផងដែរ ។ ប្រធាន ដាល្លិន អេក អូក នៃគណៈប្រធានទីមួយ បានចែកចាយអំពីសារៈសំខាន់នៃរបៀបរៀបរយនៅក្នុងការឈានទៅដល់គោលដៅរបស់យើង ៖
ជារឿយៗយើងធ្វើនូវកំហុសក្នុងការកំណត់គោលដៅវែងឆ្ងាយ ដូចជាសិស្សម្នាក់ដែលបានប្រាប់ខ្ញុំថា គាត់កំពុងសិក្សាដើម្បីធ្វើជាគ្រូពេទ្យវះកាត់ខួរក្បាល ។ ខ្ញុំបាននិយាយថា « វាជាការណ៍ល្អតើ ។ ប៉ុន្តែតើការប្រលងឲ្យជាប់វគ្គសិក្សាជីវវិទ្យា មិនមែនជាគោលដៅដំបូងដែលប្អូនគួរតែធ្វើឲ្យបានសិនទេឬ ? » … ដូច្នេះត្រូវចាំថា ប្អូនអាចមើលឃើញឆ្ងាយហួសពីស្ថានភាពបច្ចុប្បន្ន ។ ប៉ុន្តែត្រូវចាំថា គោលដៅដែលមានប្រសិទ្ធភាពបំផុត ដើម្បីជំរុញប្អូនឲ្យឆ្ពោះទៅកាន់ការគិតបានវែងឆ្ងាយ គឺជាគោលដៅកម្រិតមធ្យម គោលដៅរយៈពេលខ្លី ដែលនាំប្អូនទៅកាន់គោលដៅចុងក្រោយនោះ ។ ( « Face to Face with President and Sister Oaks [Strive to Be] » [ ការចាក់ផ្សាយទូទាំងពិភពលោក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ ] នៅក្នុងបណ្ណាល័យដំណឹងល្អ )
នៅពេលអ្នកសិក្សាថ្ងៃនេះ សូមពិចារណាពីរបៀបដែលអ្នកអាចរៀបចំកិច្ចការនៅក្នុងជីវិតរបស់អ្នក ដើម្បីជួយអ្នកឲ្យមានរបៀបរៀបរយនៅក្នុងកិច្ចការសាលារបស់អ្នក ។
ការសិក្សាស៊ីជម្រៅ ៖ ប្រសិនបើមាន សូមមើលវីដេអូដូចតទៅនេះ ដែលនឹងផ្ដល់នូវឧទាហរណ៍ពីរបៀបរៀបចំកិច្ចការសាលារបស់អ្នក ហើយដាក់អាទិភាពអ្វីដែលសំខាន់បំផុត ៖ « Management Tips for BYU Students » ( ៣:៣០ ) និង « The Gift of Time » ( ២:២៧ ) ។
ការបង្កបង្កើត ៖ លំនាំនៃរបៀបរៀបរយ
នៅក្រោមការដឹកនាំរបស់ព្រះវរបិតាសួគ៌ ការបង្កបង្កើតផែនដីរបស់ព្រះអង្គសង្គ្រោះអាចបង្រៀនយើងអំពីយុទ្ធសាស្ត្រដើម្បីរៀបចំកិច្ចការ និងអាទិភាពរបស់យើងឲ្យបានកាន់តែប្រសើរឡើង ។ ព្រះអម្ចាស់មិនបានបង្កើតអ្វីគ្រប់យ៉ាងក្នុងពេលតែម្ដងនោះទេ ។ ទ្រង់បានរៀបចំការបង្កបង្កើតទៅជាប្រាំមួយរយៈកាលដាច់ដោយឡែកពីគ្នា ដែលបង្ហាញពីការអនុវត្ដនៃការដាក់ផែនការ និងរបៀបរៀបរយ ។
អ្នកអាចអនុវត្ដជំហានដូចតទៅនេះចេញពីដំណើររឿងនៃការបង្កបង្កើតទៅក្នុងការដាក់ផែនការ និងការរៀបចំរបស់អ្នក ។
-
នៅពេលអ្នកចាប់ផ្ដើមគម្រោងមួយ សូមចំណាយពេលដើម្បីរៀបចំខ្លួនអ្នក ។
-
សូមវាយតម្លៃផែនការរបស់អ្នក កាលអ្នករីកចម្រើនបន្ដិចម្ដងៗ ។
-
សូមសម្រាកម្ដងម្កាលពីកិច្ចការរបស់អ្នក ។
សូមអាន អ័ប្រាហាំ ៤:១, ២១; ៥:២ ហើយរកមើលជំហានទាំងបីដែលបានលើកឡើងមុននេះ ។ នៅក្បែរខនីមួយៗ សូមកត់ត្រាជំហានដែលអ្នករកឃើញ ។
ការរៀបចំកិច្ចការសាលារបស់អ្នក
អ្នកអាចធ្វើតាមគំរូនៃការរៀបចំរបស់ព្រះអង្គសង្គ្រោះ ដែលអនុវត្ដតាមគោលការណ៍ដែលបានប្រើនៅក្នុងការបង្កបង្កើត ។ សូមដាក់ផែនការដើម្បីរៀបចំកិច្ចការសាលាផ្ទាល់ខ្លួនរបស់អ្នក ។ សូមបញ្ចប់ជំហានខាងក្រោមនេះនៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក ។
-
សូមបង្កើតបញ្ជីមួយអំពីកិច្ចការសាលាទាំងអស់ដែលអ្នកត្រូវបញ្ចប់នៅសប្តាហ៍នេះ ។ ការណ៍នេះអាចរួមបញ្ចូលទាំងកិច្ចការផ្ទះ ការប្រឡង គម្រោង ឬអំណានដែលបានចាត់តាំងទាំងឡាយ ( រួមទាំងថ្នាក់សិក្ខាសាលាផងដែរ ) ។
-
សូមមើលបញ្ជីរបស់អ្នកនៅខាងលើ ។ សូមកំណត់ថាតើកិច្ចការនីមួយៗមានភាពបន្ទាន់ប៉ុនណា ។ សម្រាប់ចំណុចនីមួយៗនៅក្នុងបញ្ជីរបស់អ្នក អ្នកអាចសួរសំណួរដូចតទៅនេះ ៖ តើវាមានកាលបរិច្ឆេទកំណត់ដែរឬទេ ? តើអ្នកដទៃកំពុងរង់ចាំ ឬពឹងផ្អែកលើខ្ញុំឬទេ ? តើវាជះឥទ្ធិពលដល់ការរីកចម្រើនរបស់ខ្ញុំនៅក្នុងថ្នាក់ដែរឬទេ ? សូមដាក់សញ្ញា * នៅក្បែរចំណុចទាំងឡាយនៅក្នុងបញ្ជីរបស់អ្នក ដែលមានសារៈសំខាន់ ឬបន្ទាន់ដើម្បីបំពេញ ។ តើអ្នកអាចធ្វើអ្វីបានដើម្បីធ្វើឲ្យប្រាកដថា អ្នកធ្វើការលើកិច្ចការបន្ទាន់ទាំងនោះមុនគេ ?
-
សូមរាយបញ្ជីមួយ ឬច្រើននៃអ្វីដែលអ្នកនឹងធ្វើដើម្បីនាំមកនូវពន្លឺនៃព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទចូលមកក្នុងជីវិតរបស់អ្នកមុនគេជារៀងរាល់ថ្ងៃ ។
-
សូមជ្រើសរើសអ្វីមួយចេញពីបញ្ជីរបស់អ្នកនៅខាងលើ ដែលមានអារម្មណ៍ថាដូចជាគម្រោងដ៏ធំមួយ ។ សូមអនុវត្តការបំបែកគម្រោងនោះយ៉ាងហោចណាស់ទៅជាបីបំណែកតូចៗ ។
បន្ទាប់ពីអ្នកបានអនុវត្ដការរៀបចំ និងការដាក់អាទិភាពកិច្ចការសាលារបស់អ្នកហើយ សូមពិភាក្សាពីសំណួរខាងក្រោមជាមួយសមាជិកគ្រួសារ ឬមិត្តភក្តិ ។ សូមប្រាកដថា អ្នកចែកចាយទាំងចម្លើយរបស់អ្នក ហើយសុំយោបល់របស់ពួកគេ ។
-
តើអ្នកអាចធ្វើអ្វីបានដើម្បីកត់សម្គាល់អ្វីដែល « ល្អ » នៅក្នុងជីវិតរបស់អ្នក ? តើអ្នកអាចធ្វើអ្វីខ្លះ ដើម្បីអបអរនូវរឿងដែលអ្នកសម្រេចបាន ?
-
តើមានរបៀបអ្វីខ្លះដែលយើងអាចគោរព និងផ្តល់អាទិភាពដល់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទនៅថ្ងៃឈប់សម្រាក ដែលជាថ្ងៃសម្រាកពីការងាររបស់យើង ?
ចែកចាយគំនិតរបស់អ្នក
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យរៀនពីរបៀបដែលគំរូរបស់ព្រះអង្គសង្គ្រោះអាចជួយនាំមកនូវរបៀបរៀបរយដល់កិច្ចការសាលារបស់អ្នក ។
សូមចែកចាយរឿងមួយ ឬច្រើន នៃអ្វីខាងក្រោមនេះជាមួយគ្រូបង្រៀន ឬសិស្សក្នុងថ្នាក់របស់អ្នក ៖
-
ផែនការរបស់អ្នកដើម្បីរៀបចំកិច្ចការសាលារបស់អ្នក ។
-
អ្វីមួយជាក់លាក់ដែលអ្នកបានធ្វើដើម្បីសម្រេចគោលបំណងមេរៀននេះ ។
-
មានសំណួរណាមួយដែលមេរៀននេះបានធ្វើឲ្យអ្នកឆ្ងល់ដែរឬទេ ។ តើអ្នកនឹងព្យាយាមស្វែងរកចម្លើយចំពោះសំណួររបស់អ្នកដោយរបៀបណា ?