ចំណេះចំណានខាងគោលលទ្ធិ ៖ ការស្វែងរកចម្លើយចំពោះសំណួររបស់ខ្ញុំ ៖ មេរៀនទី ១៦៥
ងាកទៅរកប្រភពដែលបានតែងតំាងដ៏ទេវភាពដើម្បីជួយស្វែងរកចម្លើយ
ប្រភពដែលបានតែងតំាងដ៏ទេវភាពរបស់ព្រះអម្ចាស់
សូមមើល « សិក្សាព្រះគម្ពីរ » ដើម្បីជួយរៀបចំខ្លួនអ្នកខាងវិញ្ញាណដើម្បីរៀនសូត្រ ។
តើអ្នកអាចជឿលើអ្វីដែលអ្នកមើលឃើញនៅក្នុងកញ្ចក់បានឬទេ ? ចម្លើយនោះគឺបាន និងមិនបាន ។ កញ្ចក់អាចចាត់ទុកថា ជារបស់ដែលអាចទុកចិត្តបានសម្រាប់ការបង្ហាញរូបរាងកាយរបស់អ្នក ប៉ុន្តែវាជារឿងសំខាន់ដែលត្រូវចងចាំថាវាឆ្លុះបញ្ចាំងពីរូបភាព 2D បញ្រ្ចាស ។ នោះហើយគឺរបៀបដែលអ្នកមើលឃើញខ្លួនឯងនៅក្នុងកញ្ចក់មិនមែនជាអ្វីពិតប្រាកដដូចដែលអ្នកមើលឃើញនោះទេ ។ កត្តាដូចជាពន្លឺ និងទំហំកញ្ចក់ក៏អាចបង្ខូចការយល់ឃើញរបស់អ្នកដែរ ហើយជាញឹកញាប់មិនឆ្លុះបញ្ចាំងពីការពិតទេ ។ ឧទាហរណ៍ នៅក្នុងទីក្រុង ម៉ាឌ្រីដ អេស្ប៉ាញ Espejos del Callejón del Gato ឬខាត អាលី មែរើ គឺមានរូបរាងកោងក្នុងគោលបំណងបង្ហាញរូបរាងមិនពិត ។ ដោយសារយើងរស់នៅក្នុងគ្រាមួយ ដែលមានមនុស្សជាច្រើន « រាប់សេចក្ដីអាក្រក់ថាជាល្អ ហើយសេចក្ដីល្អថាជាអាក្រក់វិញ » ( អេសាយ ៥:២០ ) វាអាចជាការពិបាកក្នុងការស្គាល់សេចក្ដីពិត ។ ទោះជាយ៉ាងណាក៏ដោយ ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ បានប្រទានជំនួយដែលចាំបាច់ ។
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកស្វែងរកសេចក្ដីពិតពីប្រភពដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានប្រទានឲ្យ ។
រៀនអំពីរបៀបធ្វើ
តើអ្វីទៅជាការពិត ?
តាមរយៈព្យាការីអេសាយ ព្រះអម្ចាស់បានព្រមានអំពីបញ្ហាមួយដែលយើងនឹងប្រឈមមុខនៅជំនាន់របស់យើង ដែលនឹងធ្វើឲ្យវាពិបាកស្គាល់សេចក្តីពិត ។
សូមអាន អេសាយ ៥:២០ ហើយរកមើលអ្វីដែលព្រះអម្ចាស់បានបង្រៀន ។
តើអ្នកបានឃើញអ្វីខ្លះដែលសេចក្តីអាក្រក់ហៅថា « សេចក្តីល្អ » ឬអ្វីដែលសេចក្តីល្អហៅថា « សេចក្តីអាក្រក់ » វិញ ?
ដើម្បីជួយយើងឲ្យយល់ពីតម្រូវការនៃការប្រុងប្រយ័ត្ន នៅពេលយល់ដឹងរវាងសេចក្តីពិត និងកំហុស ប្រធាន ដាល្លិន អេក អូក នៃគណៈប្រធានទីមួយបានពន្យល់ ៖
យើងរស់នៅក្នុងជំនាន់ដែលមាននូវព័ត៌មានសម្បូរបែប និងចែកចាយគ្នា ។ ប៉ុន្តែមិនមែនព័ត៌មានទាំងអស់សុទ្ធតែពិតប្រាកដទេ ។ យើងត្រូវតែប្រុងប្រយ័ត្ន នៅពេលយើងស្វែងរកសេចក្ដីពិត និងជ្រើសរើសប្រភពសម្រាប់ការស្រាវជ្រាវនោះ ។ យើងមិនគួរចាត់ទុកប្រជាប្រិយភាព ឬសិទ្ធិអំណាចលោកិយថាជាប្រភពនៃសេចក្ដីពិតដ៏មានគុណភាពឡើយ ។ យើងគួរតែប្រុងប្រយ័ត្នលើការពឹងផ្អែកទៅលើព័ត៌មាន ឬយោបល់ដែលផ្ដល់ឲ្យដោយតារាសម្ដែង អត្តពលករដ៏មានប្រជាប្រិយភាព ឬប្រភពអ៊ីនធឺណិតអនាមិក ។ អ្នកឯកទេសក្នុងជំនាញមួយមិនគួរត្រូវបានចាត់ទុកជាអ្នកឯកទេសក្នុងសេចក្ដីពិតនៃប្រធានបទផ្សេងទៀតទេ ។ ( « Truth and the Plan » Liahona ខែវិច្ឆិកា ឆ្នាំ២០១៨ ទំព័រ ២៥ )
សេចក្តីពិត ប្រភពដែលបានតែងតាំងដ៏ទេវភាព
ជាទូទៅ តើប្រភពអ្វីដែលអ្នកស្វែងរកនៅពេលអ្នកមានសំណួរទាក់ទងនឹងសាសនាចក្រ ? តើអ្នកមានទំនុកចិត្តប៉ុនណាចំពោះសមត្ថភាពរបស់អ្នកក្នុងការស្គាល់សេចក្តីពិត ?
ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទស្រឡាញ់អ្នក ហើយចង់ជួយអ្នកឲ្យស្គាល់អ្វីដែលពិត និងអ្វីដែលមិនពិត ។ ពេញមួយមេរៀននៅថ្ងៃនេះ សូមយកចិត្តទុកដាក់លើសំឡេងខ្សឹបប្រាប់នៃព្រះវិញ្ញាណ ដើម្បីជួយអ្នកឲ្យស្គាល់ពីអ្វីដែលទ្រង់ទាំងទ្វេបានប្រទានឲ្យអ្នក ។
ប្រភពដែលបានតែងតាំងដ៏ទេវភាព
សូមអាន កថាខណ្ឌទី ១១ និង ១២ នៃផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » នៅក្នុង ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ២០២៣ ) ហើយគូសចំណាំការបង្រៀនដែលអ្នកមានអារម្មណ៍ថាមានសារៈសំខាន់ដើម្បីដឹង នៅពេលស្វែងរកចម្លើយចំពោះសំណួររបស់អ្នក ។
ស្លាក កថាខណ្ឌទី ១១ នៅពេល « ប្រភពដែលបានតែងតាំងដ៏ទេវភាព » ។ អ្នកអាចចង់ធ្វើការកត់ចំណាំនៅត្រង់នេះនូវសេចក្តីពិតដូចខាងក្រោម ៖ ព្រះអម្ចាស់ជួយខ្ញុំស្គាល់ត្រូវ និងខុស នៅពេលខ្ញុំងាកទៅរកប្រភពដែលបានតែងតាំងដ៏ទេវភាពរបស់ទ្រង់ ដោយរួមទាំងការស្វែងរកសេចក្តីណែនាំមកពីព្រះវិញ្ញាណបរិសុទ្ធផងដែរ ។
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក ៖
-
តើអ្នកគិតថា ហេតុអ្វីវាសំខាន់ក្នុងការពឹងផ្អែកលើប្រភពដែលបានតែងតាំងដ៏ទេវភាពរបស់ព្រះអម្ចាស់ នៅពេលយើងស្វែងរកចម្លើយចំពោះសំណួររបស់យើង ?
-
តើការងាកទៅរកប្រភពដែលបានតែងតាំងដ៏ទេវភាពផ្ដល់ពរដល់ជីវិតរបស់អ្នកដោយរបៀបណា ? តើវាអាចផ្ដល់ពរដល់អ្នកដែលនៅជុំវិញអ្នកដោយរបៀបណា ?
ចេះសង្កេតពីសេចក្តីពិត និងកំហុស
ព្រះគម្ពីរមាននូវដំណើររឿងជាច្រើនពីប្រជាជនដែលពឹងផ្អែកលើការណែនាំរបស់ព្រះអម្ចាស់ដើម្បីចេះសង្កេតពីសេចក្ដីពិត និងកំហុស ។
នៅក្នុង ម៉ូសេ ១ ម៉ូសេបានបង្ហាញរបៀបដែលព្រះអម្ចាស់អាចជួយយើងឲ្យចេះសង្កេតពីសេចក្ដីពិត និងកំហុស ។ បន្ទាប់ពីម៉ូសេបានទូលទៅកាន់ព្រះប្រទល់មុខ នោះសាតាំងបានមក ហើយព្យាយាមបញ្ឆោតម៉ូសេឲ្យថ្វាយបង្គំវា ( សូមមើល ម៉ូសេ ១:១២ ) ។
សូមអាន ម៉ូសេ ១:១៣–១៦ ។ សូមគូសសម្គាល់ឃ្លាដែលបង្ហាញពីរបៀបដែលម៉ូសេអាចមើលឃើញរវាងសាតាំង និងព្រះ ។
នៅជិតនឹង ខទី ១៥ សូមកត់ចំណាំជាមួយនឹងការឆ្លើយតបរបស់អ្នកចំពោះសំណួរដូចតទៅ នេះ ៖
តើយើងអាចប្រដូចបទពិសោធន៍របស់ម៉ូសេទៅនឹងជីវិតរបស់យើងយ៉ាងដូចម្ដេច នៅពេលយើងជ្រើសរើសប្រភពដើម្បីស្វែងរកសេចក្តីពិត និងចម្លើយចំពោះសំណួររបស់យើង ?
ប្រសិនបើវាអាចទៅរួច អ្នកក៏អាចមើលវីដេអូ « In Search of Truth » ( ៣:០៣ ) បានផងដែរ ។ វីដេអូនេះចែកចាយដំណើររឿងពីយុវវ័យនៅក្នុងសម័យរបស់យើង និងរបៀបដែលពួកគេស្វែងរក និងធ្វើតាមសេចក្តីពិតនៅសព្វថ្ងៃនេះ ។
អនុវត្ត
សូមជ្រើសរើសសេចក្តីថ្លែងការណ៍មិនពិតមួយ ក្នុងចំណោមសេចក្តីថ្លែងការណ៍មិនពិតដូចខាងក្រោម ឬជ្រើសរើសសេចក្តីថ្លែងការណ៍មួយរបស់អ្នកផ្ទាល់ ៖
-
មិនពិត ៖ ព្រះពិតជាមិនខ្វល់ពីរបៀបដែលយើងរស់នៅនោះទេ ដរាបណាយើងមិនធ្វើបាបអ្នកដទៃ ។
-
មិនពិត ៖ ជីវិតនេះមិនបន្តលើសពីនេះទេ ។ យើងមិនមានវត្ដមានមុនយើងកើតទេ ហើយយើងក៏នឹងមិនមានវត្ដមានដែរបន្ទាប់ពីយើងស្លាប់ទៅ ។
-
មិនពិត ៖ យើងពិតជាមិនត្រូវការព្រះគម្ពីរមរមនទេ ដោយសារយើងមានព្រះគម្ពីរប៊ីបរួចហើយ ។
ដោយប្រើប្រភពដែលបានតែងតាំងដ៏ទេវភាព សូមស្វែងរកសេចក្តីថ្លែងការណ៍ដែលកែសេចក្តីថ្លែងការណ៍មិនពិតដែលអ្នកបានជ្រើសរើស ។ សូមកត់ត្រាអ្វីដែលអ្នករកឃើញនៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក ។
ខាងក្រោមនេះគឺជាឧទាហរណ៍នៃប្រភពដែលបានតែងតាំងពីព្រះដែលអ្នកអាចពិចារណាប្រើ ៖
-
Topical Guide
-
លិបិក្រមព្រះគម្ពីរ
-
ប្រធានបទ និងសំណួរ នៅលើគេហទំព័រ ChurchofJesusChrist.org
-
សុន្ទរកថាទាំងឡាយនៃ សន្និសីទទូទៅ
-
ឪពុកម្តាយរបស់អ្នក ឬថ្នាក់ដឹកនាំសាសនាចក្រ
ជាមួយសមាជិកគ្រួសារ ឬមិត្តភក្តិ សូមចែកចាយនូវអ្វីដែលអ្នកបានរៀននៅថ្ងៃនេះ អំពីប្រភពដែលបានតែងតាំងដ៏ទេវភាព ដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានប្រទានដោយក្ដីស្រឡាញ់ដល់យើង ។
ចែកចាយគំនិតរបស់អ្នក
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកស្វែងរកសេចក្ដីពិតពីប្រភពដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានប្រទានឲ្យ ។
សូមចែកចាយ អ្វីដូចខាងក្រោមនេះជាមួយនឹងគ្រូបង្រៀន ឬថ្នាក់របស់អ្នក ៖
-
អ្វីដែលអ្នកបានរកឃើញពីប្រភពដែលបានតែងតាំងដ៏ទេវភាព ដើម្បីជំទាស់នឹងសេចក្តីថ្លែងការណ៍មិនពិតដែលអ្នកបានសិក្សា ។