ចំណេះចំណានខាងគោលលទ្ធិ ៖ ការស្វែងរកចម្លើយចំពោះសំណួររបស់ខ្ញុំ ៖ មេរៀនទី ១៦២
ការស្វែងរកវិវរណៈផ្ទាល់ខ្លួនសម្រាប់សំណួររបស់ខ្ញុំ
ការយល់ដឹងពីរបៀបដែលព្រះអម្ចាស់មានបន្ទូលមកកាន់អ្នក
សូមមើល « សិក្សាព្រះគម្ពីរ » ដើម្បីជួយរៀបចំខ្លួនអ្នកខាងវិញ្ញាណដើម្បីរៀនសូត្រ ។
តើរបៀបចុងក្រោយអ្វីដែលនរណាម្នាក់បានទាក់ទងជាមួយអ្នក ? តើការទំនាក់ទំនងនោះតាមរយៈការហៅទូរសព្ទ ឬការផ្ញើសារជាអក្សរ ? នៅក្នុងវប្បធម៌អាហ្វ្រិកខាងលិចមួយចំនួន មនុស្សអាចផ្ញើសារតាមរយៈតន្ត្រី សម្លៀកបំពាក់ ម៉ូដសក់ គ្រឿងអលង្ការ និងការតុបតែងនៅលើវត្ថុប្រចាំថ្ងៃ ។ សារលិខិតទាំងនេះគឺយល់បានដោយសារតែគ្រួសារ និងមិត្តភក្តិយល់ពីរបៀបទំនាក់ទំនងនោះ ។ តើអាចមានអ្វីកើតឡើង ប្រសិនបើអ្នកដទៃមិនដឹងពីអត្ថន័យនៃសារលិខិតទំនាក់ទំនងនោះ ? តើព្រះវរបិតាសួគ៌មានសារលិខិតអ្វីខ្លះសម្រាប់អ្នក ? តើអ្នកអាចធ្វើអ្វីខ្លះដើម្បីយល់ពីសារលិខិតទាំងនោះ ? ការរៀនស្គាល់ព្រះសូរសៀងរបស់ព្រះវិញ្ញាណអាចជាការប្រឈម ប៉ុន្តែព្រះវរបិតាសួគ៌មានព្រះទ័យចង់មានបន្ទូលមកកាន់អ្នក ។
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យយល់អំពីរបៀបដែលអ្នកអាចទទួលបានការណែនាំ និងវិវរណៈមកពីព្រះវរបិតាសួគ៌តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។
រៀនអំពីរបៀបធ្វើ
ព្រះវរបិតាសួគ៌សព្វព្រះទ័យបើកសម្តែងព្រះគំនិត និងព្រះឆន្ទៈរបស់ទ្រង់ប្រាប់អ្នក
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀន ៖
យើងអាចអធិស្ឋានទៅព្រះវរបិតាសួគ៌របស់យើង ហើយទទួលបានការណែនាំ និងការដឹកនាំ ។ … ប្រសិនបើយើងពិតជាទទួលព្រះវិញ្ញាណបរិសុទ្ធ ព្រមទាំងរៀនដើម្បីញែកដឹង ហើយយល់អំពីការបំផុសគំនិតរបស់យើង នោះយើងនឹងត្រូវបានណែនាំនៅគ្រប់បញ្ហា ទោះតូច ឬធំក្ដី ។ …
តើព្រះពិតជា ចង់ មានបន្ទូលមកកាន់បងប្អូនមែនទេ ? មែនហើយ ! ( « Revelation for the Church, Revelation for Our Lives » Liahona ខែឧសភា ឆ្នាំ២០១៨ ទំព័រ ៩៤–៩៥ )
វិវរណៈ ការបំផុសគំនិត ព្រះឆន្ទៈរបស់ព្រះ
សូមពិចារណាពីចម្លើយរបស់អ្នកចំពោះសំណួរខាងក្រោម ។ អ្នកអាចចង់កត់ត្រាគំនិតរបស់អ្នកនៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក ។
-
តើខ្ញុំមានទំនុកចិត្តប៉ុនណាក្នុងការស្គាល់ព្រះសូរសៀងរបស់ព្រះអម្ចាស់នៅក្នុងជីវិតរបស់ខ្ញុំ ?
-
តើខ្ញុំមានសំណួរអ្វីខ្លះអំពីការទទួលវិវរណៈពីព្រះវរបិតាសួគ៌ ?
នៅពេលអ្នកស្វែងរកវិរណៈ ព្រះនឹងជួយអ្នកឲ្យស្គាល់ព្រះសូរសៀងរបស់ទ្រង់ និងទទួលបានទំនុកចិត្តក្នុងការទទួលការណែនាំរបស់ទ្រង់ ។
ការសិក្សាស៊ីជម្រៅ ៖ សូមរៀនពីអែលឌើរ ដេវីឌ ភី ហូមើរ នៃពួកចិតសិបនាក់ ពីរបៀបដែលព្រះវិញ្ញាណបរិសុទ្ធអាចមានបន្ទូលមកកាន់អ្នក ( « Hearing His Voice » Liahona ខែឧសភា ឆ្នាំ២០១៩ ទំព័រ ៤២ ) ។
សំឡេងតូចរហៀងៗ
ពេលរត់គេចពីមនុស្សដែលចង់បំផ្លាញជីវិតរបស់លោក ព្យាការីអេលីយ៉ាបានលាក់ខ្លួនក្នុងរូងភ្នំ ( សូមមើល ពង្សាវតារក្សត្រ ទី១ ១៩:១–១០ ) ។ កាលនៅទីនោះ ព្រះអម្ចាស់មានព្រះបន្ទូលទៅលោក ។
សូមអាន ពង្សាវតារក្សត្រ ទី១ ១៩:៩–១២ ហើយស្វែងរកអ្វីដែលអេលីយ៉ាបានរៀនអំពីរបៀបដែលព្រះអម្ចាស់ប្រាស្រ័យទាក់ទងជាមួយយើង ។
សូមធ្វើការកត់ចំណាំនៅជាប់នឹង ខទី ១២ ជាមួយនឹងសេចក្តីពិតដូចតទៅនេះ ៖ របៀបមួយដែលព្រះអង្គសង្រ្គោះប្រាស្រ័យទាក់ទងមកយើង គឺតាមរយៈសំឡេងតូចរហៀងនៃព្រះវិញ្ញាណបរិសុទ្ធ ។
អែលឌើរ រ៉ូណល អេ រ៉ាសបាន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពន្យល់ ៖
បទពិសោធន៍ដែលខ្ញុំមានគឺថា ជាញឹកញាប់បំផុតព្រះវិញ្ញាណទាក់ទងយើងតាមអារម្មណ៍ ។ អ្នកទទួលអារម្មណ៍ពីព្រះវិញ្ញាណតាមពាក្យដែលអ្នកស្គាល់ ដែលធ្វើឲ្យអ្នកយល់ ដែលបំផុសគំនិតអ្នក ។ … សំឡេងនៃព្រះវិញ្ញាណបរិសុទ្ធជាសំឡេងតូចរហៀង ។ ( « Let the Holy Spirit Guide » Liahona ខែឧសភា ឆ្នាំ២០១៧ ទំព័រ ៩៤ )
វិវរណៈ ការបំផុសគំនិត ព្រះវិញ្ញាណបរិសុទ្ធ
សូមអាន នីហ្វៃទី៣ ១១:១–៧ ។ សូមគូសសម្គាល់ពាក្យ និងឃ្លាអំពីការស្តាប់ និងការស្គាល់វិវរណៈមកពីព្រះ ។
ការសិក្សាស៊ីជម្រៅ ៖ ដើម្បីជួយអ្នកឲ្យមើលឃើញបទពិសោធន៍បន្ថែមរបស់អ្នកដទៃក្នុងការស្តាប់ឮព្រះសូរសៀងរបស់ព្រះវរបិតាសួគ៌ នោះអ្នកអាចមើលបទពិសោធន៍មកពីថ្នាក់ដឹកនាំសាសនាចក្រនៅក្នុងស៊េរីវីដេអូ Hear Him នៅលើគេហទំព័រ ChurchofJesusChrist.org ។
ការស្គាល់វិវរណៈមកពីព្រះ
នៅកន្លែងដូចជាប្រទេស ម៉ាលី និង នីហ្សេរីយ៉ា គ្រីអតស៍ គឺជាអ្នកចម្រៀងដែលចងចាំ ទន្ទេញ និងសូត្រដំណើររឿងវែងៗ និងជាញឹកញាប់ពិបាកៗអំពីប្រវត្តិសាស្រ្តរបស់ពួកគេ ។ គ្រីអតស៍ អាចធ្វើដំណើរពីភូមិមួយទៅភូមិមួយចែកចាយប្រវត្តិសាស្ត្ររបស់ប្រជាជនជាមួយអ្នកមកជួបជុំ ។ ការណ៍នេះគ្រាន់តែជារបៀបមួយដែលសារត្រូវបានចែកចាយប៉ុណ្ណោះ ។ តើមានរបៀបណាខ្លះដែលសារត្រូវបានចែកចាយក្នុងវប្បធម៌របស់អ្នក ?
ព្រះវិញ្ញាណបរិសុទ្ធអាចចែកចាយសារលិខិតពីព្រះដល់អ្នកតាមរបៀបជាច្រើន ។ ការរៀនពីរបៀបដែលព្រះអម្ចាស់អាចប្រាស្រ័យទាក់ទងជាមួយអ្នក អាចជួយអ្នកឲ្យស្គាល់វិវរណៈពីព្រះវិញ្ញាណបរិសុទ្ធ នៅពេលវិវរណៈត្រូវបានប្រទានឲ្យ ។
ប្រសិនបើវាហាក់ដូចជាមានប្រយោជន៍ នោះអ្នកអាចមើលវីដេអូ « Receiving Revelation » ( ៤:១៧ ) ចាប់ពីដំបូងរហូតដល់នាទីទី ២:១៨ ។ នៅក្នុងវីដេអូនេះ មនុស្សជាច្រើនឆ្លើយសំណួរ « តើព្រះវិញ្ញាណបញ្ជូនវិវរណៈមកកាន់អ្នកដោយរបៀបណា ? »
សូមសិក្សាវគ្គបទគម្ពីរចំនួនបី ឬច្រើនជាងនេះដូចខាងក្រោម ។ សូមរកមើលរបៀបដែលព្រះវរបិតាសួគ៌អាចប្រាស្រ័យទាក់ទងជាមួយអ្នកតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។ នៅពេលអ្នកសិក្សា សូមគិតពិចារណាអំពីរបៀបទាំងឡាយដែលបានរៀបរាប់ដែលអ្នកបានដកពិសោធ ។ សូមដាក់ស្លាកវគ្គបទគម្ពីរនីមួយៗថា « ការស្គាល់វិវរណៈ » ឬអ្វីមួយដែលស្រដៀងនោះ ។
-
និក្ខមនំ ៣១:៣
-
យ៉ូហាន ១៤:២៦–២៧
-
យ៉ូហាន ១៦:១៣
-
កាឡាទី ៥:២២–២៣
ការសិក្សាស៊ីជម្រៅ ៖ សូមមើលគោលការណ៍មួយចំនួនដែលមាននៅក្នុង « ទទួលស្គាល់ថាវិវរណៈគឺជាដំណើរការមួយ » ( ប្រធានបទ និងសំណួរ នៅក្នុងបណ្ណាល័យដំណឹងល្អ ) ហើយស្វែងរករបៀបដើម្បីកែលម្អសមត្ថភាពរបស់អ្នកដើម្បីទទួលវិវរណៈមកពីព្រះវរបិតាសួគ៌ ។
ព្រះមានបន្ទូលទៅកាន់អ្នក
សូមស្រមៃថា សាច់រឿងខាងក្រោមនេះកើតឡើងនៅថ្ងៃអាទិត្យនេះ ៖
អំឡុងពេលការប្រជុំសាក្រាម៉ង់ អ្នកឡើងនិយាយម្នាក់បានដកស្រង់ប្រសាសន៍របស់ប្រធាន រ័សុល អិម ណិលសុន ថា « តើព្រះពិតជាសព្វព្រះទ័យមានបន្ទូលមកកាន់បងប្អូនមែនទេ ? មែនហើយ ! » ( « Revelation for the Church, Revelation for Our Lives » Liahona ខែឧសភា ឆ្នាំ២០១៨ ទំព័រ ៩៥ ) ។ នៅពេលអ្នកចេញពីរោងជំនុំបន្ទាប់ពីការប្រជុំ មិត្តរបស់អ្នកនិយាយ ៖ « ខ្ញុំប្រាថ្នាថា ខ្ញុំអាចស្គាល់ការណែនាំ និងវិវរណៈមកពីព្រះនៅក្នុងជីវិតរបស់ខ្ញុំ ប៉ុន្តែខ្ញុំមិនប្រាកដថាធ្វើដូចម្តេចនោះទេ » ។
ដោយផ្អែកលើអ្វីដែលអ្នកបានរៀនមកពី និងអំពីព្រះវិញ្ញាណបរិសុទ្ធនៅថ្ងៃនេះ តើអ្នកនឹងនិយាយអ្វីទៅកាន់មិត្តរបស់អ្នក ? សូមចែកចាយគំនិតរបស់អ្នកជាមួយសមាជិកគ្រួសារ ឬមិត្តភក្តិ ឬកត់ត្រាគំនិតរបស់អ្នកនៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក ។
ចែកចាយគំនិតរបស់អ្នក
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យយល់អំពីរបៀបដែលអ្នកអាចទទួលបានការណែនាំ និងវិវរណៈមកពីព្រះវរបិតាសួគ៌តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។
សូមចែកចាយ អ្វីដូចខាងក្រោមនេះជាមួយនឹងគ្រូបង្រៀន ឬថ្នាក់របស់អ្នក ៖
-
អ្វីដែលអ្នកបានរៀនមកពី និងអំពីព្រះវិញ្ញាណបរិសុទ្ធនៅថ្ងៃនេះ និងអ្វីដែលអ្នកនឹងនិយាយអ្វីទៅកាន់មិត្តភក្តិរបស់អ្នក ។