« ពរជ័យអយ្យកោ ៖ ការបង្ហាញនៃសេចក្តីស្រឡាញ់របស់ព្រះ និងការប្រកាសអំពីពូជពង្ស » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
« ពរជ័យអយ្យកោ ៖ ការបង្ហាញនៃសេចក្តីស្រឡាញ់របស់ព្រះ និងការប្រកាសអំពីពូជពង្ស » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
ដើម្បីកម្លាំងនៃយុវជន ៖ ការធ្វើការជ្រើសរើស ៖ មេរៀនទី ១៧៥
ពរជ័យអយ្យកោ
ការបង្ហាញនៃសេចក្តីស្រឡាញ់របស់ព្រះ និងការប្រកាសអំពីពូជពង្ស
ការទទួលបានពរជ័យអយ្យកោអាចជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតមួយក្នុងជីវិតរបស់យើង ។ តាមរយៈពរជ័យអយ្យកោរបស់យើង ព្រះវរបិតាសួគ៌បើកសម្ដែងព្រះហឫទ័យរបស់ទ្រង់សម្រាប់យើង ជួយយើងទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ទ្រង់ និងប្រកាសអំពីពូជពង្សរបស់យើងនៅក្នុងវង្សអ៊ីស្រាអែល ។ មេរៀននេះអាចជួយសិស្សឲ្យយល់ពីរបៀបដែលពរជ័យអយ្យកោគឺជាការបង្ហាញពីសេចក្តីស្រឡាញ់របស់ព្រះ និងការប្រកាសពីពូជពង្សរបស់ពួកគេនៅក្នុងវង្សអ៊ីស្រាអែល ។
ការរៀបចំសិស្ស ៖ សូមពិចារណាអញ្ជើញសិស្សឲ្យធ្វើអ្វីមួយដូចខាងក្រោមពីមុនថ្នាក់ ៖ ( ១ ) អានពរជ័យអយ្យកោរបស់ពួកគេ ឬ ( ២ ) សួរអ្នកដែលបានទទួលពរជ័យអយ្យកោរបស់ពួកគេឲ្យចែកចាយពីរបៀបដែលពរជ័យរបស់ពួកគេបានជួយពួកគេ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ពរជ័យអយ្យកោ
កំណត់ចំណាំ ៖ សិស្សខ្លះបានទទួលពរជ័យអយ្យកោ ខណៈសិស្សផ្សេងទៀតប្រហែលជាកំពុងរៀបចំដើម្បីទទួល ។ មេរៀននេះនិយាយអំពីសិស្សទាំងពីរក្រុម ។ ស្វែងរកជំនួយពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីដឹងពីរបៀបដែលអ្នកអាចបំពេញតម្រូវការផ្សេងៗនៃសិស្សរបស់អ្នក ។ នៅពេលសិស្សនិយាយអំពីពរជ័យអយ្យកោរបស់ពួកគេផ្ទាល់ សូមរំឭកពួកគេកុំឲ្យចែកចាយព័ត៌មានលម្អិតជាក់លាក់នៃពររបស់ពួកគេ ។
មុនពេលសិក្សាអំពីយ៉ាកុបផ្ដល់ពរដល់គ្រួសាររបស់លោក អ្នកគួរចាប់ផ្តើមមេរៀននេះដោយឲ្យសិស្សគិតអំពីការយល់ដឹងបច្ចុប្បន្នរបស់ពួកគេអំពីពរជ័យអយ្យកោ ។ វិធីមួយដែលអ្នកអាចធ្វើបែបនេះបានគឺការសរសេរឃ្លា ពរជ័យអយ្យកោ នៅលើក្ដារខៀន ដោយមានជួរឈរបីពិពណ៌នាដូចខាងក្រោម ។
សូមអញ្ជើញសិស្សឲ្យជញ្ជឹងគិតអំពីអ្វីដែលពួកគេដឹងអំពីពរជ័យអយ្យកោ និងសំណួរអ្វីខ្លះដែលពួកគេអាចមាន ។ របៀបមួយដើម្បីធ្វើបែបនេះគឺការអញ្ជើញសិស្សបង្កើតជួរឈរបីនៅលើទំព័រមួយក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។
-
ជួរឈរទីមួយ ៖ អ្វីដែលខ្ញុំ ដឹង អំពីពរជ័យអយ្យកោ
-
ជួរឈរទីពីរ ៖ អ្វីដែលខ្ញុំ ចង់ដឹង អំពីពរជ័យអយ្យកោ
-
ជួរឈរទីបី ៖ អ្វីដែលខ្ញុំ កំពុងរៀនសូត្រ អំពីពរជ័យអយ្យកោ
សិស្សអាចបំពេញជួរឈរពីរដំបូងឥឡូវនេះ ។ សិស្សនឹងបន្ថែមទៅជួរឈរទីបីនៅពេញមួយមេរៀននេះ ។
មុនពេលលោកស្លាប់ ព្យាការី និងលោកអយ្យកោយ៉ាកុបបានប្រមូលផ្តុំគ្រួសាររបស់លោក ។
សូមអាន លោកុប្បត្តិ ៤៨:៨–៩ និង លោកុប្បត្តិ ៤៩:១–២ ដោយរកមើលអ្វីដែលលោកបានធ្វើសម្រាប់ពួកគេ ។ ( កំណត់ចំណាំ ៖ ពាក្យ ប្រាប់ សំដៅទៅលើអ្វីដែលលោកនឹងនិយាយនៅក្នុងពររបស់លោក ) ។
-
តើអ្នកបានរកឃើញអ្វីខ្លះ ?
ពរដែលយ៉ាកុបបានផ្ដល់ដល់ពួកកូនប្រុសរបស់លោកគឺជាពរជ័យអយ្យកោ ( សូមមើល លោកុប្បត្តិ ៤៨:៩–២២, ៤៩:១–២៨ ) ។ នៅក្នុងជំនាន់របស់យើង « រាល់សមាជិកដែលបានទទួលពិធីបុណ្យជ្រមុជទឹក និងមានភាពស័ក្តិសមគ្រប់រូបមានសិទ្ធិទទួលពរជ័យអយ្យកោ ដែលផ្តល់ការដឹកនាំដ៏បំផុសគំនិតមកពីព្រះវរបិតាសួគ៌ » ( ក្បួនខ្នាតទូទៅ ៖ ការបម្រើនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ១៨.១៧ គេហទំព័រ ChurchofJesusChrist.org ១៨.១៧ នៅក្នុងបណ្ណាល័យដំណឹងល្អ ) ។
អែលឌើរ ហ្គែរីត ដបុលយូ ហ្គង ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានចែកចាយហេតុផលដែលយើងទទួលពរជ័យអយ្យកោនៅក្នុងជំនាន់របស់យើង ៖
ពួកលោកអយ្យកោដ៏ថ្លៃថ្នូររៀបចំខ្លួនខាងវិញ្ញាណដើម្បីប្រទានពរជ័យបព្វជិតភាពដ៏បំផុសគំនិតនៅទូទាំងពិភពលោក ។ នៅពេលលោកអយ្យកោដាក់ដៃគាត់លើក្បាលរបស់អ្នក គាត់ដឹង ហើយបង្ហាញសេចក្ដីស្រឡាញ់របស់ព្រះចំពោះអ្នក ។ លោកប្រកាសអំពីពូជពង្សរបស់អ្នកនៅក្នុងវង្សអ៊ីស្រាអែល ។ លោកបានបង្ហាញពីពរជ័យទាំងឡាយមកពីព្រះអម្ចាស់ ។ ( « Covenant Belonging » Liahona ខែវិច្ឆិកា ឆ្នាំ២០១៩ ទំព័រ ៨២ )
-
តើអ្នករៀនអ្វីខ្លះអំពីពរជ័យអយ្យកោចេញពីសេចក្ដីថ្លែងការណ៍នេះ ?
សិស្សអាចឆ្លើយតបដោយសេចក្តីពិតដូចតទៅនេះ ៖
តាមរយៈពរជ័យអយ្យកោរបស់ខ្ញុំ ខ្ញុំអាច ៖
-
ទទួលអារម្មណ៍នូវសេចក្តីស្រឡាញ់របស់ព្រះចំពោះខ្ញុំ ។
-
រៀនអំពីពូជពង្សរបស់ខ្ញុំនៅក្នុងវង្សអ៊ីស្រាអែល ។
-
រកមើលពរជ័យដែលព្រះមានសម្រាប់ខ្ញុំ ។
រំឭកសិស្សឲ្យបន្ថែមអ្វីដែលពួកគេបានរៀនអំពីពរជ័យអយ្យកោនៅក្នុងជួរឈរ « កំពុងរៀនសូត្រ » ។ ពួកគេក៏អាចសរសេរសំណួរដែលពួកគេអាចមាននៅក្នុងជួរឈរ « ចង់ដឹង » ផងដែរ ។
មេរៀនដែលនៅសល់ផ្តោតលើរបៀបដែលពរជ័យអយ្យកោជួយយើងឲ្យទទួលអារម្មណ៍នូវសេចក្តីស្រឡាញ់របស់ព្រះ និងរបៀបដែលពរជ័យទាំងនេះប្រកាសអំពីពូជពង្សរបស់យើងនៅក្នុងវង្សអ៊ីស្រាអែល ។ នៅក្នុង សកម្មភាពរៀនសូត្របន្ថែមទៀត សម្រាប់មេរៀននេះ នៅក្នុងបណ្ណាល័យដំណឹងល្អ អ្នកនឹងឃើញសម្ភារៈអំពីរបៀបដែលពរជ័យអយ្យកោជួយយើងរកឃើញពរជ័យរបស់ព្រះសម្រាប់យើង ។
ពរជ័យអយ្យកោគឺជាការបង្ហាញមួយនៃសេចក្ដីស្រឡាញ់របស់ព្រះ
អែលឌើរ កាស្សូហ៊ីកូ យ៉ាម៉ាស្ស៊ីតា នៃពួកចិតសិបនាក់ បានថ្លែងទីបន្ទាល់អំពីរបៀបដែលពរជ័យអយ្យកោគឺជាការបង្ហាញមួយនៃសេចក្តីស្រឡាញ់របស់ព្រះ ៖
បងប្អូនប្រុសស្រី ខ្ញុំសូមថ្លែងទីបន្ទាល់ថា ព្រះវរបិតាសួគ៌ និងបុត្រាដ៏ស្ងួនភ្ងា ដែលជាព្រះរាជបុត្រាបង្កើតតែមួយរបស់ទ្រង់ គឺព្រះយេស៊ូវគ្រីស្ទមានព្រះជន្មរស់ ។ ទ្រង់ទាំងទ្វេស្រឡាញ់យើង ។ ពរជ័យអយ្យកោគឺជាអំណោយដ៏ពិសិដ្ឋមកពីទ្រង់ទាំងទ្វេ ។ នៅពេលបងប្អូនទទួលពរជ័យ នោះបងប្អូននឹងដឹង ព្រមទាំងទទួលអារម្មណ៍ថា ទ្រង់ទាំងទ្វេស្រឡាញ់បងប្អូន និងយកចិត្តទុកដាក់លើបងប្អូនម្នាក់ៗរៀងៗខ្លួនប៉ុនណា ។ ( « ពេលដែលត្រូវទទួលពរជ័យអយ្យកោរបស់បងប្អូន » លីអាហូណា ខែឧសភា ឆ្នាំ២០២៣ ទំព័រ៩០ )
-
តើអ្នកគិតថាពរជ័យអយ្យកោគឺជាការបង្ហាញមួយនៃសេចក្ដីស្រឡាញ់របស់ព្រះយ៉ាងដូចម្ដេច ?
ដើម្បីជួយសិស្សមើលឃើញនូវឧទាហរណ៍មួយអំពីរបៀបដែលពរជ័យអយ្យកោគឺជាការបង្ហាញមួយនៃសេចក្ដីស្រឡាញ់របស់ព្រះ អ្នកអាចបង្ហាញ « Bethany’s Story » ចាប់ពីនាទីទី ៧:០២ ដល់ ៨:៥៥ ។ សូមអញ្ជើញសិស្សឲ្យរកមើលរបៀបដែលការសិក្សាពីពរជ័យអយ្យកោរបស់នាងបានជួយនាងឲ្យទទួលបានអារម្មណ៍ថាព្រះទ្រង់ជ្រាប និងស្រឡាញ់នាង ។
11:8 -
តើអ្នកធ្លាប់ទទួលអារម្មណ៍យ៉ាងណាចំពោះសេចក្ដីស្រឡាញ់របស់ព្រះ តាមរយៈពរជ័យអយ្យកោរបស់អ្នក ?
រំឭកសិស្សឲ្យបន្ថែមអ្វីដែលពួកគេបានរៀនអំពីពរជ័យអយ្យកោនៅក្នុងជួរឈរ « កំពុងរៀនសូត្រ » ។
ពរជ័យអយ្យកោប្រកាសអំពីពូជពង្សរបស់យើង
មុននឹងចាប់ផ្តើមផ្នែកនេះ អ្នកអាចអញ្ជើញសិស្សឲ្យចែកចាយនូវអ្វីដែលពួកគេដឹងអំពីការប្រកាសនូវពូជពង្ស និងមូលហេតុដែលវាសំខាន់ ។ សិស្សក៏អាចសរសេរសំណួរដែលពួកគេមានអំពីការប្រកាសពូជពង្សនៅក្នុងជួរឈរ « ចង់ដឹង » ហើយរកមើលចម្លើយនៅពេលពួកគេសិក្សា ។
អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនអំពីការប្រកាសពូជពង្ស ៖
មូលហេតុចម្បងមួយ ដែលយើងបានទទួលពរជ័យអយ្យកោគឺដើម្បីជួយយើងឲ្យយល់កាន់តែច្បាស់ថា តើយើងជាអ្នកណាក្នុងនាមជាពូជពង្សរបស់អ័ប្រាហាំ ហើយទទួលស្គាល់ការទទួលខុសត្រូវដែលកើតមានចំពោះយើង ។… យើងត្រូវបានតែងតាំងជាមុនពីមុនឆាកជីវិតនេះ និងបានកើតនៅក្នុងជីវិតរមែងស្លាប់ដើម្បីបំពេញតាមសេចក្ដីសញ្ញា និងសេចក្ដីសន្យាដែលព្រះបានធ្វើជាមួយនឹងអ័ប្រាហាំ ។ ( « Becoming a Missionary » Liahona ខែវិច្ឆិកា ឆ្នាំ២០០៥ ទំព័រ ៤៧ )
-
តើអ្វីខ្លះនៅក្នុងសេចក្ដីថ្លែងការណ៍នេះដែលអ្នកអាចបន្ថែមទៅក្នុងជួរឈរ « កំពុងរៀនសូត្រ » ?
អាស្រ័យលើអ្វីដែលសិស្សចែកចាយ អ្នកអាចអាន ឬសង្ខេបកថាខណ្ឌខាងក្រោមនេះ ដើម្បីជួយសិស្សយល់អំពីទំនាក់ទំនងរវាងអ័ប្រាហាំ និងពូជពង្សដែលបានប្រកាសនៅក្នុងពរជ័យអយ្យកោរបស់ពួកគេ ។
ព្រះបានធ្វើសេចក្ដីសញ្ញាជាមួយនឹងព្យាការីអ័ប្រាហាំ ដែលហៅថាសេចក្ដីសញ្ញាអ័ប្រាហាំ ។ ព្រះបានរំឭកសេចក្ដីសញ្ញានេះជាមួយអ៊ីសាក និងយ៉ាកុប—ដែលត្រូវបានហៅថាអ៊ីស្រាអែលដែរ ( សូមមើល លោកុប្បត្តិ ២៦:៣–៤; ២៨:១២–១៥ ) ។ ពួកកូនប្រុសរបស់យ៉ាកុបត្រូវបានគេស្គាល់ថាជាកុលសម្ព័ន្ធអ៊ីស្រាអែល ។ ពរជ័យអយ្យកោរបស់យើងបង្ហាញពីរបៀបដែលយើងជាកូនចៅរបស់អ័ប្រាហាំ និងសមាជិកនៃវង្សអ៊ីស្រាអែល ។ សមាជិកម្នាក់នៃវង្សអ៊ីស្រាអែល មិនថាពួកគេនៅក្នុងកុលសម្ព័ន្ធណាទេ អាចទទួលបានពរជ័យ និងចែកចាយការទទួលខុសត្រូវនៃសេចក្ដីសញ្ញាអ័ប្រាហាំនោះ ។
ប្រសិនបើសិស្សបានសិក្សាមេរៀនទី២៣ ៖ « លោកុប្បត្តិ ១២:១៧ » ឬមេរៀនទី២៤ ៖ « អ័ប្រាហាំ ២:៩–១១ » អ្នកអាចអញ្ជើញពួកគេឲ្យចែកចាយអ្វីដែលពួកគេចងចាំអំពីសេចក្ដីសញ្ញាអ័ប្រាហាំ ។
សូមពិចារណាអញ្ជើញសិស្សឲ្យសិក្សាខគម្ពីរខាងក្រោមជាក្រុមតូចៗ ហើយធ្វើបញ្ជីមួយនៅលើក្ដារខៀននូវអ្វីដែលពួកគេរកឃើញ ។
សូមអាន អ័ប្រាហាំ ២:៩–១១ ដោយរកមើលពរជ័យ និងការទទួលខុសត្រូវដែលព្រះអម្ចាស់បានសន្យាជាមួយអ័ប្រាហាំ និងកូនចៅរបស់លោក ។
-
តើពរជ័យ និងការទទួលខុសត្រូវអ្វីខ្លះដែលយើងមានក្នុងនាមជាកូនចៅរបស់អ័ប្រាហាំ ?
-
តើយើងអាចរៀនអ្វីខ្លះពីពរជ័យអយ្យកោរបស់យើង ដើម្បីជួយយើងបំពេញការទទួលខុសត្រូវទាំងនេះ ?
សូមពិចារណាអញ្ជើញសិស្សដែលបានទទួលពរជ័យអយ្យកោឲ្យពិនិត្យមើលនូវអ្វីដែលវាបង្រៀនអំពីទេពកោសល្យ ឬបុគ្គលិកលក្ខណៈដែលព្រះបានប្រទានឲ្យពួកគេដើម្បីបំពេញការទទួលខុសត្រូវទាំងនេះ ។ ប្រសិនបើអាចធ្វើបាន សិស្សអាចចូលមើលពរជ័យរបស់ពួកគេនៅក្នុងបណ្ណាល័យដំណឹងល្អ ។
រំឭកសិស្សឲ្យបន្ថែមអ្វីដែលពួកគេបានរៀនអំពីពរជ័យអយ្យកោនៅក្នុងជួរឈរ « កំពុងរៀនសូត្រ » ។
អ្វីដែលខ្ញុំបានរៀន
សូមអញ្ជើញសិស្សឲ្យពិនិត្យមើលនូវអ្វីដែលពួកគេបានសរសេរនៅក្នុងជួរឈរ « កំពុងរៀនសូត្រ » ។ ពួកគេថែមទាំងអាចគូសរង្វង់លើការណ៍មួយ ឬពីរដែលធ្វើឲ្យពួកគេចាប់អារម្មណ៍បំផុត ។ សិស្សអាចចែកចាយជាមួយថ្នាក់ ឬជាក្រុមតូចៗនូវអ្វីដែលពួកគេបានសរសេរ ។
សិស្សអាចឆ្លើយតបសំណួរនៅខាងក្រោមមួយ ឬច្រើននៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។
-
តើអ្នកបានរៀនអ្វីខ្លះ ឬមានអារម្មណ៍យ៉ាងណាអំពីព្រះវរបិតាសួគ៌ ?
-
តើអ្នកបានរៀនអ្វីខ្លះដែលលើកទឹកចិត្តរបស់អ្នកឲ្យសិក្សាពីពរជ័យអយ្យកោរបស់អ្នក ?
-
តើអ្នកបានរៀនអ្វីខ្លះដែលលើកទឹកចិត្តអ្នកឲ្យរៀបចំខ្លួនដើម្បីទទួលបានពរជ័យអយ្យកោរបស់អ្នក ?
សូមពិចារណាចែកចាយគំនិត និងអារម្មណ៍របស់អ្នកអំពីពរជ័យអយ្យកោ ។ សូមអញ្ជើញសិស្សដែលមិនទាន់បានទទួលពរជ័យអយ្យកោឲ្យពិចារណាដោយការអធិស្ឋានថា នៅពេលណាដែលត្រឹមត្រូវសម្រាប់ពួកគេដើម្បីទទួលពរជ័យអយ្យកោ ។ សូមអញ្ជើញសិស្សដែលបានទទួលពរជ័យអយ្យកោឲ្យសិក្សាពីវាជាប្រចាំ ។
ប្រសិនបើសិស្សនៅតែមានសំណួរអំពីពរជ័យអយ្យកោ សូមលើកទឹកចិត្តពួកគេឲ្យបន្តស្វែងរកចម្លើយ ។ ពួកគេអាចសិក្សា ប្រធានបទ និង សំណួរ ៖ ពរជ័យអយ្យកោ ឬជួបជាមួយឪពុកម្តាយ ឬអ្នកដឹកនាំសាសនាចក្រ ។