ថ្នាក់​សិក្ខាសាលា
ការដាក់​គោលដៅ ៖ ការដាក់​គោលដៅ​ប្រកបដោយ​ប្រសិទ្ធភាព និង​សមិទ្ធផល


« ការដាក់​គោលដៅ ៖ ការដាក់​គោលដៅ​ប្រកបដោយ​ប្រសិទ្ធភាព និង​សមិទ្ធផល » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ​២០២៦ )

« ការដាក់​គោលដៅ ៖ ការដាក់​គោលដៅ​ប្រកបដោយ​ប្រសិទ្ធភាព និង​សមិទ្ធផល » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

ដើម្បី​កម្លាំង​នៃ​យុវជន ៖ ធ្វើ​ការជ្រើសរើស ៖ មេរៀនទី ១៧២

ការដាក់​គោលដៅ

ការដាក់​គោលដៅ​ប្រកបដោយ​ប្រសិទ្ធភាព និង​សមិទ្ធផល

Illustration from August

ទោះបីជា​មនុស្ស​ជាច្រើន​មាន​ពរ​តាមរយៈ​ការដាក់ និង​សម្រេច​គោលដៅ​ក្ដី ក៏​មនុស្ស​ផ្សេង​ទៀត​អាច​ទុក​គោលដៅ​មួយ​អន្លើ ឬ​បាក់ទឹកចិត្ត​នៅពេល​ពួកគេ​បរាជ័យ​ក្នុង​ការ​សម្រេច​គោលដៅ ។ ព្រះអម្ចាស់​សព្វព្រះទ័យ​ឲ្យ​យើង​ក្លាយដូចជា​ទ្រង់ និង​ព្រះវរបិតាសួគ៌ ( សូមមើល នីហ្វៃទី៣ ១២:៤៨ ) ។ ទ្រង់​នឹង​ជួយ​យើង​នៅពេល​យើង​ខិតខំ​រៀន​សូត្រ​និង​រីកចម្រើន ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​ខិតទៅ​ជិត​ព្រះអម្ចាស់ នៅពេល​ពួកគេ​រៀន​ដាក់ និង​សម្រេច​គោលដៅ​ផ្ទាល់ខ្លួន​របស់​ពួកគេ​ដោយមាន​ជំនួយ​របស់​ទ្រង់ ។

ការរៀបចំ​សិស្ស ៖ អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​អំពី​គោលដៅ​រយៈពេល​វែង និង​រយៈពេល​ខ្លី​ដែល​ពួកគេ​ចង់​សម្រេច​បាន ។ ពួកគេ​ក៏​អាច​សួរ​អ្នក​ដែល​ពួកគេ​ស្គាល់​ពី​អ្វី​ដែល​ពួកគេ​បានរៀន​អំពី​ការដាក់ និង​សម្រេច​បាន​គោលដៅ ។

សកម្មភាព​រៀនសូត្រ​ដែល​អាចមាន

គោលដៅ និង​ការជ្រើសរើស

សូម​ពិចារណា​ចាប់ផ្តើម​ថ្នាក់​ដោយ​គូរ​ដ្យាក្រាម​ខាងក្រោម​នៅលើ​ក្ដារខៀន ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ធ្វើ​ដូចគ្នា​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ។

សិស្ស​អាច​សរសេរ​ចម្លើយ​របស់​ពួកគេ​ចំពោះ​សំណួរ​ខាងក្រោម​នៅជាប់​នឹង​រូប​នីមួយៗ​នៅខាងស្តាំ ។

  • តើ​អ្នក​សង្ឃឹម​ថានឹង​សម្រេច​បាន​អ្វីខ្លះ​ក្នុង​រយៈពេល​បីខែ​ចាប់ពី​ពេលនេះ​ទៅ ? ក្នុង​រយៈ​ពេល​មួយឆ្នាំ ? ក្នុង​រយៈពេល​ប្រាំឆ្នាំ ?

    សូមអញ្ជើញ​សិស្សឲ្យ​ជញ្ជឹង​គិត​អំពី​សំណួរ​ខាងក្រោម​នេះ ។ បន្ទាប់មក​សិស្ស​ដែល​ស្ម័គ្រចិត្ត​អាច​ចែកចាយ​ចម្លើយ​របស់​ពួកគេ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់ ។

  • តើ​អ្នក​មាន​គំនិត​អ្វីខ្លះ ឬ​មាន​អារម្មណ៍​យ៉ាងណា​ដែរ ពេល​អ្នក​គិត​អំពី​គោលដៅ​ទាំងនេះ ? ហេតុអ្វី ?

ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​សព្វ​ព្រះទ័យ​ឲ្យ​អ្នក​ក្លាយជា​មនុស្ស​ល្អ​បំផុត—នៅទីបំផុត​ក្លាយ​ដូចជា​ទ្រង់​ទាំងទ្វេ ( សូមមើល នីហ្វៃទី៣ ១២:៤៨ ) ។ នៅក្នុង​មេរៀន​ថ្ងៃនេះ ស្វែងរក​ការណែនាំ​មកពី​ព្រះវិញ្ញាណ ដើម្បី​មើលឃើញ​ពី​របៀប​ដែល​ទ្រង់ទាំងទ្វេ​អាច​ជួយ​អ្នក​ដាក់ និង​សម្រេច​គោលដៅ​ផ្ទាល់ខ្លួន​របស់​អ្នក ។

ជំនួយ​របស់​ព្រះអម្ចាស់

សូម​អាន​សេចក្តី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ អូលីសេស សូរ៉េស ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ដោយ​រកមើល​អ្វី​ដែល​អ្នក​រៀន​អំពី​ការដាក់ និង​ការសម្រេច​គោលដៅ​របស់យើង ៖

Elder Ulisses Soares, Quorum of the Twelve Apostles official portrait.

ជំនួយ​ដែល​យើង​ទទួល​បាន​មកពី​ព្រះអម្ចាស់​នៅក្នុង​គោលដៅ និង​ការស្វែងរក​ដ៏​សុចរិត​របស់យើង​គឺគ្មាន​ដែនកំណត់​ឡើយ ហើយ​ទ្រង់​គាំទ្រ​យើង​នៅគ្រប់​ការខិតខំ​ប្រឹងប្រែង​ល្អៗ និង​សុចរិត​នានា ។ … ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​ពិចារណា​វិធី​ដើម្បី​ស្វែងរក​ការ​ខិតខំ​ប្រឹងប្រែង​សុចរិត​នៅក្នុង​ជីវិត​របស់​បងប្អូន​ផ្ទាល់ មិនថា​កាលៈទេសៈ​របស់​បងប្អូន​យ៉ាងណា​នោះ​ទេ ។ ខ្ញុំសូម​អះអាង​នឹង​បងប្អូន​ថា ព្រះអម្ចាស់​ស្រឡាញ់​យើង​ម្នាក់ៗ ហើយ​ទ្រង់​តែងតែ​គង់នៅ​ទីនោះ​ដើម្បី​ជួយ​យើង ដោយ​មិនគិត​ពី​ស្ថានភាព​ដែល​យើង​កំពុង​ប្រឈមមុខ​ឡើយ ។ ( « Goals, Growth, and Progress—Recent Messages from Prophets and Apostles » [ អត្ថបទ​មាន​តែ​ឌីជីថល​ប៉ុណ្ណោះ ] Liahona ខែ​មករា ឆ្នាំ​២០២៣ នៅក្នុ​បណ្ណាល័យ​ដំណឹង​ល្អ )

  • តើ​សារលិខិត​របស់​អែលឌើរ សូរ៉េស អាច​អនុវត្ត​ចំពោះ​ការដាក់ និង​សម្រេច​គោលដៅ​របស់​យើង​យ៉ាងដូចម្តេច ?

    ខណៈពេល​ដែល​សិស្ស​អាច​ប្រើ​ពាក្យពេចន៍​ផ្សេងគ្នា សូមជួយ​ពួកគេ​ឲ្យ​មើលឃើញថា ព្រះអម្ចាស់​នឹង​ជួយ​យើង​ដាក់ និង​សម្រេច​គោលដៅ​ដ៏​សុចរិត​របស់​យើង ។ សូម​ពិចារណា​សរសេរ​សេចក្តីពិត​នេះ​ដាក់​នៅលើ​ក្តារខៀន ។

    បន្ទាប់មក​សរសេរ​ពាក្យ ព្រះអម្ចាស់ នៅលើ​ក្តារខៀន ខាងលើ​ដ្យាក្រាម​នៅ​ដើម​មេរៀន ហើយ​សួរ​សំណួរ​ដូចខាងក្រោម ។

  • តើវា​ធ្វើ​ឲ្យ​មានភាព​ខុសប្លែក​អ្វីខ្លះ​ចំពោះ​អ្នក​ក្នុងការដឹង​ថា ព្រះអម្ចាស់​នឹង​ជួយអ្នក នៅពេល​អ្នកដាក់ និង​ខិតខំ​សម្រេច​គោលដៅ​របស់​អ្នក ?

    វា​អាច​មាន​ប្រយោជន៍​ក្នុង​ការពន្យល់​ថា យើង​អាច​ដាក់​គោលដៅ​នៅក្នុង​ផ្នែក​ជាច្រើន​នៃ​ជីវិត​របស់​យើង រួមទាំង​គោលដៅ​សម្រាប់​ការអប់រំ ទំនាក់ទំនង និង​សុខភាព​រាងកាយ​របស់​យើង ។ ការខិតខំ​ប្រឹងប្រែង​ណា​ក៏​ដោយ​ដើម្បី​លូតលាស់ កែលម្អ ឬ​រីកចម្រើន​តាម​វិធី​ដូចជា​ព្រះគ្រីស្ទ​អាច​ជា​គោលដៅ​ដ៏​សុចរិត ។

    សិស្ស​មួយ​ចំនួន​អាច​មាន​អារម្មណ៍​បាក់​ទឹកចិត្ត​ចំពោះ​ការដាក់​គោលដៅ ព្រោះ​ពួកគេ​មាន​អារម្មណ៍​ថា ពួកគេ​បរាជ័យ​ច្រើនជាង​ពួកគេ​ជោគជ័យ ។ ដើម្បី​ជួយ​សិស្ស​ទាំងនេះ សូម​ពិចារណា​សួរ​សំណួរ​ខាងក្រោម​នេះ ។

  • នៅពេល​យើង​បរាជ័យ​ក្នុង​ការសម្រេច​គោលដៅ​របស់​យើង ហេតុអ្វី​បានជា​វា​សំខាន់​ក្នុង​ការ​ចងចាំ​ថា ព្រះអម្ចាស់​ស្រឡាញ់​យើង ហើយ​គង់នៅ​ដើម្បី​ជួយ​យើង ដូចដែល​អែលឌើរ សូរ៉េស បានបង្រៀន ?

អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​អាន នីហ្វៃ​ទី​២ ៤:១៧–២១, ២៦–២៨ ហើយ​រកមើល​ពី​របៀប​ដែល​នីហ្វៃ​ងាក​ទៅរក​ព្រះអម្ចាស់​នៅពេល​លោក​មាន​អារម្មណ៍​ថា​លោក​ខ្វះ​សមត្ថភាព ។

សម្រាប់​ឧទាហរណ៍​អំពី​របៀប​ដែល​ព្រះអម្ចាស់​អាច​ជួយ​យើង​សម្រេច​គោលដៅ​របស់​យើង—ទោះបីជា​វា​ហាក់​ដូចជា​មិន​អាច​ទៅ​រួច​ក៏ដោយ—សូម​ពិចារណា​ប្រើ​គំរូ​របស់​អ័ប្រាហាំ ។ សិស្ស​ប្រហែលជា​បាន​ពិនិត្យ​ឡើង​វិញ​ដំណើរ​រឿង​នេះ​រួចហើយ​នៅក្នុង​មេរៀនទី​២២ ៖ « អ័ប្រាហាំ ១ » ។ ប្រសិន​បើ​ដូច្នេះ អ្នក​អាច​កែ​តម្រូវ​សកម្មភាព​ខាងក្រោម​ដើម្បី​បំពេញ​តម្រូវការ​របស់​សិស្ស ។

ជាច្រើន​ឆ្នាំ​មុន​ពេល​ការហៅ​របស់​លោក​ជា​ព្យាការី​របស់​ព្រះអម្ចាស់ អ័ប្រាហាំ ត្រូវបាន​ចិញ្ចឹម​បីបាច់​នៅក្នុង​ដែនដី​នៃ​សេចក្ដី​ទុច្ចរិត និង​ការថ្វាយ​បង្គំ​រូបព្រះ ។ សូម្បីតែ​ឪពុក​របស់​លោក​ផ្ទាល់​បាន​ប្តេជ្ញាចិត្ត​ដើម្បី​« ផ្ដាច់​ជីវិត​[ លោក ]​បង់ » ( អ័ប្រាហាំ ១:៣០ ) ។

សូមអាន អ័ប្រាហាំ ១:១–២, ៤ ដោយ​រកមើល​គោលដៅ​ដែល​អ័ប្រាហាំ​បាន​ដាក់​សម្រាប់​ខ្លួនឯង ។

  • តើ​អ្នក​បាន​រក​ឃើញ​អ្វីខ្លះ ?

  • ដោយ​ពិចារណា​ពី​កាលៈទេសៈ​របស់​អ័ប្រាហាំ តើ​វា​អាច​មាន​ការលំបាក​ប៉ុនណា​ដើម្បី​សម្រេច​បាន​គោលដៅ​របស់លោក ?

ព្រះអម្ចាស់​បាន​ជួយ​សង្គ្រោះ​ជីវិត​របស់​លោក​អ័ប្រាហាំ​ដោយ​អព្ភូតហេតុ ហើយ​បាន​សន្យាថា​នឹង​ជួយ​លោក​សម្រេច​គោលដៅ​ដ៏​សុចរិត​របស់​លោក ( សូមមើល អ័ប្រាហាំ ១:១៥–២០ ) ។

សូមអាន អ័ប្រាហាំ ១:១៨–១៩ ដោយ​រកមើល​ពី​របៀប​ដែល​ព្រះអម្ចាស់​នឹង​ជួយ​អ័ប្រាហាំ ។

  • តើ​បទពិ​សោធន៍​របស់​លោក​អ័ប្រាហាំ​អាច​មាន​ឥទ្ធិពល​លើ​របៀប​ដែល​អ្នក​គិត​អំពី​គោលដៅ​របស់​អ្នក​យ៉ាង​ដូចម្តេច ?

  • តើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ធ្លាប់​ជួយ​អ្នក ឬ​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់​ឲ្យ​ដាក់ ឬ​សម្រេច​គោលដៅ​ដ៏សុចរិត​មួយ​ដោយ​របៀបណា ?

ដំណើរការ​នៃ​ការដាក់​គោលដៅ

រូបតំណាង​ថ្នាក់​សិក្ខាសាលា ផ្តល់ឲ្យ​សិស្ស​ម្នាក់ៗ​នូវ​សំណៅ​មេរៀន « គោលការណ៍​សម្រាប់​ការដាក់ និង​សម្រេច​គោលដៅ » ។ សិស្ស​ក៏​អាច​ចូល​ប្រើ​ព័ត៌មាន​នេះ​ដោយ​ចូល​ទៅកាន់​ទំព័រ ១៥១ នៅក្នុង ប្រកាស​ដំណឹងល្អ​របស់​យើង ៖ មគ្គុទេសន៍​ចែកចាយ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ( ឆ្នាំ២០២៣ ) ។

សិស្ស​អាច​សិក្សា​សំណៅ​មេរៀន​ដោយ​ខ្លួនឯង រួចហើយ​ពិភាក្សា​ចម្លើយ​របស់​ពួកគេ​ចំពោះ​សំណួរ​ខាងក្រោម​ជាគូ ឬ​ក្រុម​តូចៗ ។

ពិនិត្យ​មើល​គោលការណ៍​នៅលើ​សំណៅ​មេរៀន និង​រៀបចំ​ឆ្លើយ​សំណួរ​ខាងក្រោម ៖

  • តើផ្នែក​ណាមួយ​នៃ​ដំណើរការ​នេះ​ដែល​អ្នក​ធ្វើបាន​ល្អ ? តើ​ផ្នែក​ណា​មួយ​ដែល​ពិបាក​បំផុត​សម្រាប់​អ្នក ? ហេតុអ្វី ?

  • តើវា​អាច​មាន​ទិដ្ឋភាព​បែបណា​ដើម្បី​ធ្វើការ​ជាមួយ​នឹង​ព្រះអម្ចាស់ ហើយ​ស្វែងរក​ជំនួយ​របស់​ទ្រង់​នៅក្នុង​ដំណើរការ​នេះ ?

បន្ទាប់ពី​ទុក​ពេល​គ្រប់គ្រាន់​ហើយ សិស្ស​ពីរ​បី​នាក់​អាច​ចែកចាយ​ចម្លើយ​របស់ពួកគេ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់ ។

អនុវត្ត​ការដាក់​គោលដៅ

ប្រសិនបើ​មាន​ពេល ពិចារណា​ជួយ​សិស្ស​របស់​អ្នក​អនុវត្ត​ការដាក់ និង​ការសម្រេច​គោលដៅ​ដោយ​ប្រើ​ដំណើរការ​នេះ ។ សិស្ស​អាច​ធ្វើ​សកម្មភាព​ដូចខាងក្រោម​នេះ​ជាមួយ​ដៃគូ ឬ​ជា​ក្រុម​តូចៗ ។ ឬ​អ្នក​អាច​ចូលទៅ​កាន់​ផ្នែក « គោលដៅ​របស់អ្នក » ។

សូម​សរសេរ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក​នូវ​ឧទាហរណ៍​ជាច្រើន​នៃ​គោលដៅ​ដ៏​សុចរិត និង​មាន​តម្លៃ​ដែល​ក្មេង​ជំទង់​អាច​ដាក់​សម្រាប់​ជីវិត​របស់​ពួកគេ ។

បន្ទាប់មក​ជ្រើសរើស​គោលដៅ​មួយ​ក្នុង​ចំណោម​គោលដៅ​ទាំងនេះ ដោយ​ប្រើ​គោលការណ៍​នៅលើ​សំណៅ​មេរៀន បង្កើត​សាច់រឿង​មួយ​ដែល​បុគ្គល​ម្នាក់​អាច​អាច​អនុវត្ត​ជំហាន​នីមួយៗ​ជាក់ស្តែង ។ ពិចារណា​ពី​របៀប​ដែល​អ្នក​អាច​ឲ្យ​ព្រះអម្ចាស់​មាន​ចំណែក​នៅក្នុង​ដំណើរការ​នេះ ។

អ្នក​អាច​ប្រើ​សាច់រឿង​ខាងក្រោម​ជា​គំរូ ។

  1. ជេដិន ទូល​សួរ​ព្រះវរបិតាសួគ៌​សម្រាប់​ជំនួយ​ក្នុង​ការ​ដាក់​គោលដៅ ។ គាត់​សម្រេចចិត្ត​សិក្សា​ព្រះគម្ពីរ​មរមន​ជា​រៀងរាល់ថ្ងៃ​រយៈពេល ១០ នាទី ។

  2. គាត់​សម្រេចចិត្ត​ក្រោក​ពី​គេង​ពី​ព្រលឹម​ដើម្បី​សិក្សា​មុន​ពេល​ទៅសាលា​រៀន ។

  3. បន្ទាប់​ពី​មួយ​សប្តាហ៍ ជេដិន​បានសង្កេតឃើញ​ថា​គាត់​ក្រោក​ពី​គេង​យឺត ។ គាត់​អធិស្ឋាន​ទូល​សុំ​ជំនួយ ។

  4. បន្ទាប់ពី​ពីរ​សប្តាហ៍ ជេដិន​មាន​អារម្មណ៍​ថា​គាត់​មិន​សម្រេច​គោលដៅ​នោះ​ទេ ។ គាត់​ទូលសុំ​ព្រះវរបិតាសួគ៌​ឲ្យ​ជួយ​គាត់​ទទួល​អារម្មណ៍​ពី​សេចក្តីស្រឡាញ់​របស់​ទ្រង់ និង​ព្រះយេស៊ូវគ្រីស្ទ​ចំពោះ​គាត់ ។ គាត់​មាន​អារម្មណ៍​លើក​ទឹកចិត្ត ហើយ​សម្រេចចិត្ត​ព្យាយាម​ម្តងទៀត ដោយ​ទុកចិត្ត​ថា​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​នឹង​ជួយ​គាត់ ។ គាត់​សម្រេចចិត្ត​ចូល​គេង​ឲ្យ​បាន​លឿន​ជា​រៀង​រាល់យប់ ដើម្បី​ឲ្យ​គាត់​ក្រោក​ពី​ដំណេក​បាន​ស្រួល​ជាង ។

ក្រោយពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​សិស្ស​ដែល​ស្ម័គ្រចិត្ត​ឲ្យ​ចែកចាយ​សាច់រឿង​របស់​ពួកគេ ។

គោលដៅ​របស់​អ្នក

សកម្មភាព​ខាងក្រោម​គឺជា​របៀប​មួយ​ដែល​សិស្ស​អាច​ធ្វើ​ផែនការ​មួយ​ដើម្បី​ឲ្យ​ព្រះអម្ចាស់​មាន​ចំណែក​នៅក្នុង​គោលដៅ​របស់​ពួកគេ ។ ពួកគេ​អាច​សរសេរ​គោលដៅ និង​ផែនការ​របស់​ពួកគេ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា ឬ​នៅលើ​សំណៅ​មេរៀន​របស់​ពួកគេ ។

ពិចារណា​ពី​គោលដៅ​ផ្ទាល់ខ្លួន​របស់​អ្នក ដោយប្រើ​ជំហាន​ដំបូង​ពី​សំណៅ​មេរៀន​នេះ ។ ដើម្បី​ធ្វើ​ដូច្នេះ អ្នក​អាច​គិតពិចារណា​ពី​គំនូរ​របស់​អ្នក​នៅ​ដើម​មេរៀន​នេះ ។

សរសេរ​គោលដៅ​មួយ ឬ​ពីរ​ដែល​អ្នក​ចង់​សម្រេច​បាន ។ បង្កើត​ផែនការ​លម្អិត​ដែល​រៀបរាប់​ពី​ជំហាន​ដែល​អ្នក​ចង់​ធ្វើ​ដើម្បី​សម្រេច​គោលដៅ​ទាំងនោះ ។ សូម​ប្រាកដ​ថា​ត្រូវ​រួមបញ្ចូល​ក្នុង​ផែនការ​របស់​អ្នក​អំពី​របៀប​ដែល​អ្នក​អាច​ឲ្យ​ព្រះអម្ចាស់​ចូលរួម​នៅក្នុង​គោលដៅ​របស់​អ្នក ។

សូម​លើក​ទឹកចិត្ត​សិស្ស​ក្នុង​ការខិតខំ​របស់ពួកគេ​ដើម្បី​សម្រេច​គោលដៅ​របស់ពួកគេ ហើយ​រំឭក​ពួកគេ​អំពី​ជំនួយ​របស់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។ សូម​ពិចារណា​អាន​ម្ដងទៀត​នូវ​សេចក្ដីថ្លែងការណ៍​របស់​អែលឌើរ សូរ៉េស ហើយ​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​អ្វី​ដែល​លោក​បាន​បង្រៀន ។