« ការទទួលខុសត្រូវលើបច្ចេកវិទ្យា ៖ « ចូរយើងប្រុងប្រយ័ត្ន និងកុំធ្វេសប្រហែសក្នុងការប្រើប្រាស់បច្ចេកវិទ្យារបស់យើង » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
« ការទទួលខុសត្រូវលើបច្ចេកវិទ្យា ៖ « ចូរយើងប្រុងប្រយ័ត្ន និងកុំធ្វេសប្រហែសក្នុងការប្រើប្រាស់បច្ចេកវិទ្យារបស់យើង » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
ដើម្បីកម្លាំងនៃយុវជន ៖ ការធ្វើការជ្រើសរើស ៖ មេរៀនទី ១៧៤
ការទទួលខុសត្រូវលើបច្ចេកវិទ្យា
« ចូរយើងប្រុងប្រយ័ត្ន និងកុំធ្វេសប្រហែសក្នុងការប្រើប្រាស់បច្ចេកវិទ្យារបស់យើង »
ពេលខ្លះវាងាយស្រួលក្នុងការធ្វេសប្រហែសជំនួសឲ្យការគិតគូរវែងឆ្ងាយ និងមានគោលបំណងពេលប្រើបច្ចេកវិទ្យា ។ ប្រសិនបើយើងប្រុងប្រយ័ត្ន និងប្របកដោយគោលបំណងនៅពេលប្រើប្រាស់វា នោះព្រះអម្ចាស់អាចធ្វើឲ្យបច្ចេកវិទ្យាជាពរជ័យដល់យើង និងអ្នកដទៃទៀត ។ មេរៀននេះអាចជួយសិស្សឲ្យប្រើការបង្រៀនរបស់ព្រះយេស៊ូវគ្រីស្ទដើម្បីវាយតម្លៃការប្រើប្រាស់បច្ចេកវិទ្យារបស់ពួកគេ ។
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតអំពីការប្រើប្រាស់បច្ចេកវិទ្យារបស់ពួកគេ និងឥទ្ធិពលដែលអាចកើតមានលើពួកគេ និងអ្នកដទៃ ។ ដើម្បីជួយជាមួយបញ្ហានេះ សិស្សមួយចំនួនអាចពិនិត្យមើលឧបករណ៍របស់ពួកគេសម្រាប់ការកំណត់ ឬកម្មវិធីដែលអាចបង្ហាញថាតើមានឧបករណ៍ ឬកម្មវិធីកំពុងតែប្រើប្រាស់ប៉ុន្មាន ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការសម្រេចចិត្តអំពីការប្រើប្រាស់បច្ចេកវិទ្យា
សូមពិចារណាគូររូបមនុស្សឈរនៅផ្លូវបំបែកនៃផ្លូវជាច្រើន ។
-
តើអ្វីទៅជារបៀបខុសគ្នាដែលយុវវ័យប្រើបច្ចេកវិទ្យានាសព្វថ្ងៃនេះ ?
សិស្សអាចចែកចាយការប្រើប្រាស់ដូចជា ការនិយាយជាមួយអ្នកដទៃ ការសិក្សាព្រះគម្ពីរ ការរីករាយនឹងការកម្សាន្ត ការចូលរួមក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម និងការធ្វើកិច្ចការសាលា ។ នៅពេលសិស្សឆ្លើយសំណួរនេះ អ្នកអាចបង្កើតបញ្ជីមួយ ឬដាក់ស្លាកផ្លូវនៅលើក្ដារខៀនជាមួយនឹងការឆ្លើយតបរបស់សិស្ស ។ បញ្ជីនេះនឹងមានអត្ថប្រយោជន៍ចំពោះសិស្សក្រោយមកនៅក្នុងមេរៀននេះ ។
-
តើយើងអាចដឹងថាបច្ចេកវិទ្យាអ្វីដែលសមរម្យ ឬមិនសមរម្យប្រើដោយរបៀបណា ?
ដូចបុគ្គលរូបនេះ មានផ្លូវជាច្រើនត្រូវជ្រើសរើស នោះយើងក៏អាចឆ្លងកាត់ការលំបាកក្នុងការសម្រេចចិត្តបានល្អអំពីរបៀបដែលយើងប្រើប្រាស់បច្ចេកវិទ្យាដែរ ។
សូមអានខគម្ពីរខាងក្រោម ដោយរកមើលអំពីរបៀបដែលព្រះអម្ចាស់អាចដឹកនាំការធ្វើការសម្រេចចិត្តរបស់យើង ។
-
និក្ខមនំ ១៣:២១–២២
-
ទំនុកដំកើង ១១៩:១០៥
-
អេសាយ ២:៣, ៥
អ្នកអាចអញ្ជើញសិស្សឲ្យចែកចាយនូវអ្វីដែលពួកគេនឹងបន្ថែមទៅក្នុងគំនូរ និងមូលហេតុ ។ ពួកគេអាចបន្ថែមចង្កៀង សសរពពក ឬភ្លើង ឬព្រះគម្ពីរទៅក្នុងគំនូរ នៅដើមផ្លូវ ។
-
តើអ្នកនឹងសង្ខេបការបង្រៀនទាំងនេះទៅជាមួយប្រយោគដោយរបៀបណា ?
សូមជួយសិស្សស្វែងរកសេចក្តីពិតដូចជា ព្រះអម្ចាស់ប្រទានជំនួយដើម្បីដឹកនាំយើងនៅក្នុងជីវិតរបស់យើង ។
-
តើព្រះអម្ចាស់ និងការបង្រៀនរបស់ទ្រង់អាចដឹកនាំយើងក្នុងការសម្រេចចិត្តអំពីរបៀបដែលយើងប្រើបច្ចេកវិទ្យាដោយរបៀបណា ?
សូមចំណាយពេលបន្តិច ហើយពិចារណាពីរបៀបដែលអ្នកប្រើបច្ចេកវិទ្យា និងអ្វីដែលណែនាំពីរបៀបដែលអ្នកជ្រើសរើសប្រើប្រាស់វា ។ នៅពេលសិក្សានៅថ្ងៃនេះ សូមយកចិត្តចំពោះការបំផុសគំនិតពីព្រះវិញ្ញាណ ។
ការទទួលខុសត្រូវលើបច្ចេកវិទ្យា
សាសនាចក្របានបង្កើតធនធានមួយសម្រាប់យុវវ័យ ហៅថា ការទទួលខុសត្រូវលើបច្ចេកវិទ្យា ។ គោលការណ៍សំខាន់ៗចំនួនបីរបស់វាអាចជួយយើងធ្វើការសម្រេចចិត្តកាន់តែប្រសើរឡើងអំពីការប្រើប្រាស់បច្ចេកវិទ្យារបស់យើង ។
-
គោលបំណង ។ ខ្ញុំអាចប្រើបច្ចេកវិទ្យាដោយមានគោលបំណង ។ វាមិនគ្រប់គ្រងលើខ្ញុំទេ ។
-
ផែនការ ។ នៅពេលដែលខ្ញុំរៀបចំផែនការជាមុន ខ្ញុំមានអារម្មណ៍ល្អប្រសើរ និងធ្វើការជ្រើសរើសកាន់តែប្រសើរ ។
-
ផ្អាក ។ វាមិនអីទេសម្រាប់ខ្ញុំក្នុងការផ្អាក និងឈប់សម្រាក ។
ប្រសិនបើមានប្រយោជន៍ អ្នកអាចណែនាំសិស្សទៅគំនូរនៅលើក្ដារខៀន ហើយសួរពីរបៀបដែលគោលការណ៍ទាំងបីនេះអាចជួយបុគ្គលម្នាក់ៗនៅក្នុងគំនូរនេះធ្វើការសម្រេចចិត្តកាន់តែប្រសើរឡើងអំពីការប្រើប្រាស់បច្ចេកវិទ្យារបស់ពួកគេ ។
ខណៈពេលដែលគោលការណ៍ទាំងបីនេះមានសារៈសំខាន់ នោះមេរៀនដែលនៅសល់នឹងផ្តោតលើការមានគោលបំណង ។ ដើម្បីជួយសិស្សឲ្យគិតអំពីគោលបំណងក្នុងការប្រើប្រាស់បច្ចេកវិទ្យារបស់ពួកគេ សូមពិចារណាសួរសំណួរដូចតទៅនេះ ។
-
តើអ្នកគិតថាព្រះអម្ចាស់សព្វព្រះទ័យចង់ឲ្យអ្នកប្រើប្រាស់បច្ចេកវិទ្យាដោយរបៀបណា ?
ការប្រើប្រាស់បច្ចេកវិទ្យាដោយមានគោលបំណង
ដើម្បីជួយយើងប្រើប្រាស់បច្ចេកវិទ្យាដោយមានគោលបំណង នោះយើងអាចងាកទៅរកព្រះអម្ចាស់ និងដំបូន្មានរបស់ទ្រង់ដែលមាននៅក្នុងព្រះគម្ពីរ និងប្រសាសន៍របស់ពួកព្យាការីទ្រង់ ។ ដោយផ្អែកលើការបង្រៀនរបស់ព្រះអម្ចាស់ យើងអាចបង្កើតសំណួរដើម្បីវាយតម្លៃការប្រើប្រាស់បច្ចេកវិទ្យារបស់យើង និងជួយយើងឲ្យប្រើប្រាស់ឲ្យកាន់តែមានគោលបំណង ។
សូមដាក់បង្ហាញសេចក្តីណែនាំដូចខាងក្រោម ហើយអញ្ជើញសិស្សឲ្យបំពេញជំហានទាំងពីររៀងៗខ្លួន ឬនៅក្នុងក្រុមតូចៗ ។ ប្រសិនបើសិស្សនឹងទទួលបានអត្ថប្រយោជន៍ពីឧទាហរណ៍មួយអំពីរបៀបធ្វើវា សូមពិចារណាអានព្រះគម្ពីរមួយពីជំហានទីមួយ ជាថ្នាក់ ។ អ្នកក៏អាចដាក់បង្ហាញកម្រងសំណួរដូចខាងក្រោម ដើម្បីជួយសិស្សឲ្យមើលឃើញថា សំណួរទាំងនេះអាចមានលក្ខណៈបែបណា ?
-
តើការប្រើប្រាស់បច្ចេកវិទ្យាតាមរបៀបនេះនឹង … ?
-
តើការប្រើប្រាស់បច្ចេកវិទ្យារបស់ខ្ញុំរំខានខ្ញុំពី … ?
សំណួរដែលអាចមាន ដែលពួកគេអាចបង្កើតគឺមានបន្ទាប់ពីសេចក្តីណែនាំសម្រាប់សកម្មភាពនោះ ។
អនុវត្តការបង្កើតសំណួរឆ្លុះបញ្ចាំងដោយផ្អែកលើការបង្រៀនរបស់ព្រះអម្ចាស់ ។
-
សូមអានបទគម្ពីរខាងក្រោម ។ ប្រើអ្វីដែលអ្នករៀនដើម្បីបង្កើតសំណួរដែលអាចជួយយើងមានគោលបំណង និងឆ្លុះបញ្ចាំងអំពីការប្រើប្រាស់បច្ចេកវិទ្យារបស់យើង ។
អេសាយ ៥៥:២; នីហ្វៃទី២ ៩:៥១
ម៉ាថាយ ២២:៣៦–៣៩
-
សូមអានកថាខណ្ឌមួយនៃកថាខណ្ឌបួន ក្រោមចំណងជើង « ការអញ្ជើញ » នៃផ្នែក « ដើរក្នុងពន្លឺរបស់ព្រះ » នៃ ដើម្បីកម្លាំងនៃយុវជន ៖ សេចក្តីណែនាំដើម្បីធ្វើការជ្រើសរើស ។ ប្រើអ្វីដែលអ្នករៀនដើម្បីបង្កើតសំណួរដែលអាចជួយយើងមានគោលបំណង និងឆ្លុះបញ្ចាំងអំពីការប្រើប្រាស់បច្ចេកវិទ្យារបស់យើង ។
សូមពិចារណាអញ្ជើញសិស្សឲ្យសរសេរសំណួរដែលពួកគេបានបង្កើតនៅលើក្ដារខៀន ឬសរសេរវានៅលើក្រដាស ហើយបិទវានៅលើជញ្ជាំងជុំវិញបន្ទប់ ។ នេះគឺជាគំរូនៃសំណួរពីរបីដែលសិស្សអាចបង្កើតបាន ៖
-
តើការប្រើប្រាស់បច្ចេកវិទ្យាតាមវិធីនេះនឹងនាំឲ្យខ្ញុំស្កប់ចិត្ត ឬធ្វើឲ្យខ្ញុំមានអារម្មណ៍ទទេ ? ( អេសាយ ៥៥:២; នីហ្វៃទី២ ៩:៥១ )
-
តើការប្រើប្រាស់បច្ចេកវិទ្យារបស់ខ្ញុំបង្អាក់ខ្ញុំពីការបង្ហាញសេចក្ដីស្រឡាញ់ចំពោះព្រះ ឬចំពោះមនុស្សផ្សេងដែរឬទេ ? ( ម៉ាថាយ ២២:៣៦–៣៩ )
-
តើការប្រើប្រាស់បច្ចេកវិទ្យាតាមរបៀបនេះនឹងនាំឲ្យខ្ញុំច្រណែននឹងអ្នកដទៃ ហើយប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃដែរឬទេ ? ( មរ៉ូណៃ ៧:៤៥ )
-
តើខ្ញុំអាចប្រើប្រាស់បច្ចេកវិទ្យាក្នុងរបៀបមួយដែលនាំពន្លឺកាន់តែច្រើនមកក្នុងជីវិតរបស់ខ្ញុំដោយរបៀបណា ? ( គោលលទ្ធិ និងសេចក្ដីសញ្ញា ៥០:២៣–២៥ )
-
តើការប្រើប្រាស់បច្ចេកវិទ្យានេះជំរុញឲ្យមានចំណង់តណ្ហាដែរឬទេ ? ( គោលលទ្ធិ និងសេចក្ដីសញ្ញា ៦៣:១៦ )
-
តើការប្រើប្រាស់បច្ចេកវិទ្យារបស់ខ្ញុំ ជួយ ឬប៉ះពាល់ដល់ទំនាក់ទំនងដែលខ្ញុំមានជាមួយអ្នកដទៃទេ ? ( « ដើរក្នុងពន្លឺរបស់ព្រះ » នៅក្នុង ដើម្បីកម្លាំងនៃយុវជន ៖ សេចក្តីណែនាំដើម្បីធ្វើការជ្រើសរើស [ ឆ្នាំ២០២២ ]ទំព័រ ១៩ )
សូមអញ្ជើញសិស្សពីរបីនាក់ ឬក្រុមឲ្យចែកចាយនូវអ្វីដែលពួកគេអាន ដែលនាំទៅកាន់សំណួររបស់ពួកគេ ។
-
តើការប្រើប្រាស់ការបង្រៀនរបស់ព្រះអម្ចាស់តាមរបៀបនេះអាចជួយយើងឲ្យមានគោលបំណងតាមរបៀបដែលយើងប្រើប្រាស់បច្ចេកវិទ្យាយ៉ាងដូចម្ដេច ?
អនុវត្ត
សកម្មភាពខាងក្រោមអាចជួយសិស្សឲ្យប្រើសំណួរដែលពួកគេបានបង្កើត ដើម្បីវាយតម្លៃការប្រើប្រាស់បច្ចេកវិទ្យាផ្ទាល់ខ្លួនរបស់ពួកគេ ។
ប្រសិនបើសិស្សបានបិទសំណួររបស់ពួកគេជុំវិញបន្ទប់ សូមលើកទឹកចិត្តសិស្សឲ្យក្រោកឈរ ហើយផ្លាស់ប្តូរតាមសំណួរដើម្បីបញ្ចប់សកម្មភាព ។
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមរៀបរាប់របៀបមួយចំនួនដែលអ្នកប្រើប្រាស់បច្ចេកវិទ្យា ។ ប្រើប្រាស់សំណួរដែលអ្នក និងមិត្តរួមថ្នាក់របស់អ្នកបានបង្កើត សូមវាយតម្លៃការប្រើប្រាស់បច្ចេកវិទ្យាផ្ទាល់ខ្លួនរបស់អ្នក ។ សូមគិតអំពីអ្វីដែលអ្នកកំពុងធ្វើបានល្អ ឬកន្លែងដែលអ្នកអាចកែលម្អបាន ។ សរសេរចំណាប់អារម្មណ៍ទាំងឡាយដែលអ្នកអាចនឹងទទួលបានពីព្រះវិញ្ញាណបរិសុទ្ធ ។
សិស្សដែលស្ម័គ្រចិត្តអាចចែកចាយអ្វីដែលពួកគេបានរៀន ។ ប្រសិនបើមានប្រយោជន៍ អ្នកអាចចែកចាយសេចក្តីថ្លែងការណ៍ខាងក្រោម ។
អែលឌើរ ភីទើរ អិម ចនសិន នៃពួកចិតសិបនាក់បានបង្រៀនដូចខាងក្រោមអំពីរបៀបដែលការប្រើប្រាស់បច្ចេកវិទ្យារបស់យើងអាចភ្ជាប់យើងទៅនឹងព្រះអម្ចាស់ និងព្រះចេស្ដារបស់ទ្រង់ ។
ការជឿនលឿនខាងបច្ចេកវិទ្យាទាំងនេះគឺអស្ចារ្យណាស់ ប៉ុន្តែបើយើងពុំប្រុងប្រយ័ត្ន វាអាចអូសទាញយើងចេញពីការបំពេញសក្ដានុពលដ៏ទេវភាពរបស់យើងបាន ។ ការប្រើប្រាស់ទាំងនេះបានត្រឹមត្រូវ អាចនាំមកនូវព្រះចេស្ដាពីស្ថានសួគ៌ ។ …
ចូរយើងប្រុងប្រយ័ត្ន ហើយកុំធ្វេសប្រហែសប្រើប្រាស់បច្ចេកវិទ្យារបស់យើងឡើយ ។ សូមស្វែងរកជាបន្តបន្ទាប់នូវវិធីដែលបច្ចេកវិទ្យាអាចនាំយើងខិតទៅជិតព្រះអង្គសង្គ្រោះ ហើយអនុញ្ញាតឲ្យយើងសម្រេចកិច្ចការរបស់ទ្រង់ ពេលយើងរៀបចំខ្លួនសម្រាប់ការយាងមកជាលើកទីពីររបស់ទ្រង់ ។ ( « Power to Overcome the Adversary » Liahona ខែវិច្ឆិកា ឆ្នាំ២០១៩ ទំព័រ ១១០, ១១១ )
សូមរំឭកសិស្សថា ព្រះអង្គសង្គ្រោះនឹងប្រទានពរ ហើយពង្រឹងពួកគេ នៅពេលពួកគេធ្វើតាមចំណាប់អារម្មណ៍ណាមួយដែលពួកគេអាចនឹងទទួលបាននៅថ្ងៃនេះ ( សូមមើល ទំនុកដំកើង ២៩:១១ ) ។