« ការដាក់គោលដៅ ៖ ការដាក់គោលដៅប្រកបដោយប្រសិទ្ធភាព និងសមិទ្ធផល » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
« ការដាក់គោលដៅ ៖ ការដាក់គោលដៅប្រកបដោយប្រសិទ្ធភាព និងសមិទ្ធផល » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
ដើម្បីកម្លាំងនៃយុវជន ៖ ធ្វើការជ្រើសរើស ៖ មេរៀនទី ១៧២
ការដាក់គោលដៅ
ការដាក់គោលដៅប្រកបដោយប្រសិទ្ធភាព និងសមិទ្ធផល
ទោះបីជាមនុស្សជាច្រើនមានពរតាមរយៈការដាក់ និងសម្រេចគោលដៅក្ដី ក៏មនុស្សផ្សេងទៀតអាចទុកគោលដៅមួយអន្លើ ឬបាក់ទឹកចិត្តនៅពេលពួកគេបរាជ័យក្នុងការសម្រេចគោលដៅ ។ ព្រះអម្ចាស់សព្វព្រះទ័យឲ្យយើងក្លាយដូចជាទ្រង់ និងព្រះវរបិតាសួគ៌ ( សូមមើល នីហ្វៃទី៣ ១២:៤៨ ) ។ ទ្រង់នឹងជួយយើងនៅពេលយើងខិតខំរៀនសូត្រនិងរីកចម្រើន ។ មេរៀននេះអាចជួយសិស្សឲ្យខិតទៅជិតព្រះអម្ចាស់ នៅពេលពួកគេរៀនដាក់ និងសម្រេចគោលដៅផ្ទាល់ខ្លួនរបស់ពួកគេដោយមានជំនួយរបស់ទ្រង់ ។
ការរៀបចំសិស្ស ៖ អញ្ជើញសិស្សឲ្យពិចារណាអំពីគោលដៅរយៈពេលវែង និងរយៈពេលខ្លីដែលពួកគេចង់សម្រេចបាន ។ ពួកគេក៏អាចសួរអ្នកដែលពួកគេស្គាល់ពីអ្វីដែលពួកគេបានរៀនអំពីការដាក់ និងសម្រេចបានគោលដៅ ។
សកម្មភាពរៀនសូត្រដែលអាចមាន
គោលដៅ និងការជ្រើសរើស
សូមពិចារណាចាប់ផ្តើមថ្នាក់ដោយគូរដ្យាក្រាមខាងក្រោមនៅលើក្ដារខៀន ។ សូមអញ្ជើញសិស្សឲ្យធ្វើដូចគ្នានៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។
សិស្សអាចសរសេរចម្លើយរបស់ពួកគេចំពោះសំណួរខាងក្រោមនៅជាប់នឹងរូបនីមួយៗនៅខាងស្តាំ ។
-
តើអ្នកសង្ឃឹមថានឹងសម្រេចបានអ្វីខ្លះក្នុងរយៈពេលបីខែចាប់ពីពេលនេះទៅ ? ក្នុងរយៈពេលមួយឆ្នាំ ? ក្នុងរយៈពេលប្រាំឆ្នាំ ?
សូមអញ្ជើញសិស្សឲ្យជញ្ជឹងគិតអំពីសំណួរខាងក្រោមនេះ ។ បន្ទាប់មកសិស្សដែលស្ម័គ្រចិត្តអាចចែកចាយចម្លើយរបស់ពួកគេជាមួយសិស្សក្នុងថ្នាក់ ។
-
តើអ្នកមានគំនិតអ្វីខ្លះ ឬមានអារម្មណ៍យ៉ាងណាដែរ ពេលអ្នកគិតអំពីគោលដៅទាំងនេះ ? ហេតុអ្វី ?
ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទសព្វព្រះទ័យឲ្យអ្នកក្លាយជាមនុស្សល្អបំផុត—នៅទីបំផុតក្លាយដូចជាទ្រង់ទាំងទ្វេ ( សូមមើល នីហ្វៃទី៣ ១២:៤៨ ) ។ នៅក្នុងមេរៀនថ្ងៃនេះ ស្វែងរកការណែនាំមកពីព្រះវិញ្ញាណ ដើម្បីមើលឃើញពីរបៀបដែលទ្រង់ទាំងទ្វេអាចជួយអ្នកដាក់ និងសម្រេចគោលដៅផ្ទាល់ខ្លួនរបស់អ្នក ។
ជំនួយរបស់ព្រះអម្ចាស់
សូមអានសេចក្តីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ អូលីសេស សូរ៉េស ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ដោយរកមើលអ្វីដែលអ្នករៀនអំពីការដាក់ និងការសម្រេចគោលដៅរបស់យើង ៖
ជំនួយដែលយើងទទួលបានមកពីព្រះអម្ចាស់នៅក្នុងគោលដៅ និងការស្វែងរកដ៏សុចរិតរបស់យើងគឺគ្មានដែនកំណត់ឡើយ ហើយទ្រង់គាំទ្រយើងនៅគ្រប់ការខិតខំប្រឹងប្រែងល្អៗ និងសុចរិតនានា ។ … ខ្ញុំសូមអញ្ជើញបងប្អូនឲ្យពិចារណាវិធីដើម្បីស្វែងរកការខិតខំប្រឹងប្រែងសុចរិតនៅក្នុងជីវិតរបស់បងប្អូនផ្ទាល់ មិនថាកាលៈទេសៈរបស់បងប្អូនយ៉ាងណានោះទេ ។ ខ្ញុំសូមអះអាងនឹងបងប្អូនថា ព្រះអម្ចាស់ស្រឡាញ់យើងម្នាក់ៗ ហើយទ្រង់តែងតែគង់នៅទីនោះដើម្បីជួយយើង ដោយមិនគិតពីស្ថានភាពដែលយើងកំពុងប្រឈមមុខឡើយ ។ ( « Goals, Growth, and Progress—Recent Messages from Prophets and Apostles » [ អត្ថបទមានតែឌីជីថលប៉ុណ្ណោះ ] Liahona ខែមករា ឆ្នាំ២០២៣ នៅក្នុបណ្ណាល័យដំណឹងល្អ )
-
តើសារលិខិតរបស់អែលឌើរ សូរ៉េស អាចអនុវត្តចំពោះការដាក់ និងសម្រេចគោលដៅរបស់យើងយ៉ាងដូចម្តេច ?
ខណៈពេលដែលសិស្សអាចប្រើពាក្យពេចន៍ផ្សេងគ្នា សូមជួយពួកគេឲ្យមើលឃើញថា ព្រះអម្ចាស់នឹងជួយយើងដាក់ និងសម្រេចគោលដៅដ៏សុចរិតរបស់យើង ។ សូមពិចារណាសរសេរសេចក្តីពិតនេះដាក់នៅលើក្តារខៀន ។
បន្ទាប់មកសរសេរពាក្យ ព្រះអម្ចាស់ នៅលើក្តារខៀន ខាងលើដ្យាក្រាមនៅដើមមេរៀន ហើយសួរសំណួរដូចខាងក្រោម ។
-
តើវាធ្វើឲ្យមានភាពខុសប្លែកអ្វីខ្លះចំពោះអ្នកក្នុងការដឹងថា ព្រះអម្ចាស់នឹងជួយអ្នក នៅពេលអ្នកដាក់ និងខិតខំសម្រេចគោលដៅរបស់អ្នក ?
វាអាចមានប្រយោជន៍ក្នុងការពន្យល់ថា យើងអាចដាក់គោលដៅនៅក្នុងផ្នែកជាច្រើននៃជីវិតរបស់យើង រួមទាំងគោលដៅសម្រាប់ការអប់រំ ទំនាក់ទំនង និងសុខភាពរាងកាយរបស់យើង ។ ការខិតខំប្រឹងប្រែងណាក៏ដោយដើម្បីលូតលាស់ កែលម្អ ឬរីកចម្រើនតាមវិធីដូចជាព្រះគ្រីស្ទអាចជាគោលដៅដ៏សុចរិត ។
សិស្សមួយចំនួនអាចមានអារម្មណ៍បាក់ទឹកចិត្តចំពោះការដាក់គោលដៅ ព្រោះពួកគេមានអារម្មណ៍ថា ពួកគេបរាជ័យច្រើនជាងពួកគេជោគជ័យ ។ ដើម្បីជួយសិស្សទាំងនេះ សូមពិចារណាសួរសំណួរខាងក្រោមនេះ ។
-
នៅពេលយើងបរាជ័យក្នុងការសម្រេចគោលដៅរបស់យើង ហេតុអ្វីបានជាវាសំខាន់ក្នុងការចងចាំថា ព្រះអម្ចាស់ស្រឡាញ់យើង ហើយគង់នៅដើម្បីជួយយើង ដូចដែលអែលឌើរ សូរ៉េស បានបង្រៀន ?
អ្នកអាចអញ្ជើញសិស្សឲ្យអាន នីហ្វៃទី២ ៤:១៧–២១, ២៦–២៨ ហើយរកមើលពីរបៀបដែលនីហ្វៃងាកទៅរកព្រះអម្ចាស់នៅពេលលោកមានអារម្មណ៍ថាលោកខ្វះសមត្ថភាព ។
សម្រាប់ឧទាហរណ៍អំពីរបៀបដែលព្រះអម្ចាស់អាចជួយយើងសម្រេចគោលដៅរបស់យើង—ទោះបីជាវាហាក់ដូចជាមិនអាចទៅរួចក៏ដោយ—សូមពិចារណាប្រើគំរូរបស់អ័ប្រាហាំ ។ សិស្សប្រហែលជាបានពិនិត្យឡើងវិញដំណើររឿងនេះរួចហើយនៅក្នុងមេរៀនទី២២ ៖ « អ័ប្រាហាំ ១ » ។ ប្រសិនបើដូច្នេះ អ្នកអាចកែតម្រូវសកម្មភាពខាងក្រោមដើម្បីបំពេញតម្រូវការរបស់សិស្ស ។
ជាច្រើនឆ្នាំមុនពេលការហៅរបស់លោកជាព្យាការីរបស់ព្រះអម្ចាស់ អ័ប្រាហាំ ត្រូវបានចិញ្ចឹមបីបាច់នៅក្នុងដែនដីនៃសេចក្ដីទុច្ចរិត និងការថ្វាយបង្គំរូបព្រះ ។ សូម្បីតែឪពុករបស់លោកផ្ទាល់បានប្តេជ្ញាចិត្តដើម្បី« ផ្ដាច់ជីវិត[ លោក ]បង់ » ( អ័ប្រាហាំ ១:៣០ ) ។
សូមអាន អ័ប្រាហាំ ១:១–២, ៤ ដោយរកមើលគោលដៅដែលអ័ប្រាហាំបានដាក់សម្រាប់ខ្លួនឯង ។
-
តើអ្នកបានរកឃើញអ្វីខ្លះ ?
-
ដោយពិចារណាពីកាលៈទេសៈរបស់អ័ប្រាហាំ តើវាអាចមានការលំបាកប៉ុនណាដើម្បីសម្រេចបានគោលដៅរបស់លោក ?
ព្រះអម្ចាស់បានជួយសង្គ្រោះជីវិតរបស់លោកអ័ប្រាហាំដោយអព្ភូតហេតុ ហើយបានសន្យាថានឹងជួយលោកសម្រេចគោលដៅដ៏សុចរិតរបស់លោក ( សូមមើល អ័ប្រាហាំ ១:១៥–២០ ) ។
សូមអាន អ័ប្រាហាំ ១:១៨–១៩ ដោយរកមើលពីរបៀបដែលព្រះអម្ចាស់នឹងជួយអ័ប្រាហាំ ។
-
តើបទពិសោធន៍របស់លោកអ័ប្រាហាំអាចមានឥទ្ធិពលលើរបៀបដែលអ្នកគិតអំពីគោលដៅរបស់អ្នកយ៉ាងដូចម្តេច ?
-
តើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទធ្លាប់ជួយអ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់ឲ្យដាក់ ឬសម្រេចគោលដៅដ៏សុចរិតមួយដោយរបៀបណា ?
ដំណើរការនៃការដាក់គោលដៅ
ផ្តល់ឲ្យសិស្សម្នាក់ៗនូវសំណៅមេរៀន « គោលការណ៍សម្រាប់ការដាក់ និងសម្រេចគោលដៅ » ។ សិស្សក៏អាចចូលប្រើព័ត៌មាននេះដោយចូលទៅកាន់ទំព័រ ១៥១ នៅក្នុង ប្រកាសដំណឹងល្អរបស់យើង ៖ មគ្គុទេសន៍ចែកចាយដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ( ឆ្នាំ២០២៣ ) ។
សិស្សអាចសិក្សាសំណៅមេរៀនដោយខ្លួនឯង រួចហើយពិភាក្សាចម្លើយរបស់ពួកគេចំពោះសំណួរខាងក្រោមជាគូ ឬក្រុមតូចៗ ។
ពិនិត្យមើលគោលការណ៍នៅលើសំណៅមេរៀន និងរៀបចំឆ្លើយសំណួរខាងក្រោម ៖
-
តើផ្នែកណាមួយនៃដំណើរការនេះដែលអ្នកធ្វើបានល្អ ? តើផ្នែកណាមួយដែលពិបាកបំផុតសម្រាប់អ្នក ? ហេតុអ្វី ?
-
តើវាអាចមានទិដ្ឋភាពបែបណាដើម្បីធ្វើការជាមួយនឹងព្រះអម្ចាស់ ហើយស្វែងរកជំនួយរបស់ទ្រង់នៅក្នុងដំណើរការនេះ ?
បន្ទាប់ពីទុកពេលគ្រប់គ្រាន់ហើយ សិស្សពីរបីនាក់អាចចែកចាយចម្លើយរបស់ពួកគេជាមួយសិស្សក្នុងថ្នាក់ ។
អនុវត្តការដាក់គោលដៅ
ប្រសិនបើមានពេល ពិចារណាជួយសិស្សរបស់អ្នកអនុវត្តការដាក់ និងការសម្រេចគោលដៅដោយប្រើដំណើរការនេះ ។ សិស្សអាចធ្វើសកម្មភាពដូចខាងក្រោមនេះជាមួយដៃគូ ឬជាក្រុមតូចៗ ។ ឬអ្នកអាចចូលទៅកាន់ផ្នែក « គោលដៅរបស់អ្នក » ។
សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នកនូវឧទាហរណ៍ជាច្រើននៃគោលដៅដ៏សុចរិត និងមានតម្លៃដែលក្មេងជំទង់អាចដាក់សម្រាប់ជីវិតរបស់ពួកគេ ។
បន្ទាប់មកជ្រើសរើសគោលដៅមួយក្នុងចំណោមគោលដៅទាំងនេះ ដោយប្រើគោលការណ៍នៅលើសំណៅមេរៀន បង្កើតសាច់រឿងមួយដែលបុគ្គលម្នាក់អាចអាចអនុវត្តជំហាននីមួយៗជាក់ស្តែង ។ ពិចារណាពីរបៀបដែលអ្នកអាចឲ្យព្រះអម្ចាស់មានចំណែកនៅក្នុងដំណើរការនេះ ។
អ្នកអាចប្រើសាច់រឿងខាងក្រោមជាគំរូ ។
-
ជេដិន ទូលសួរព្រះវរបិតាសួគ៌សម្រាប់ជំនួយក្នុងការដាក់គោលដៅ ។ គាត់សម្រេចចិត្តសិក្សាព្រះគម្ពីរមរមនជារៀងរាល់ថ្ងៃរយៈពេល ១០ នាទី ។
-
គាត់សម្រេចចិត្តក្រោកពីគេងពីព្រលឹមដើម្បីសិក្សាមុនពេលទៅសាលារៀន ។
-
បន្ទាប់ពីមួយសប្តាហ៍ ជេដិនបានសង្កេតឃើញថាគាត់ក្រោកពីគេងយឺត ។ គាត់អធិស្ឋានទូលសុំជំនួយ ។
-
បន្ទាប់ពីពីរសប្តាហ៍ ជេដិនមានអារម្មណ៍ថាគាត់មិនសម្រេចគោលដៅនោះទេ ។ គាត់ទូលសុំព្រះវរបិតាសួគ៌ឲ្យជួយគាត់ទទួលអារម្មណ៍ពីសេចក្តីស្រឡាញ់របស់ទ្រង់ និងព្រះយេស៊ូវគ្រីស្ទចំពោះគាត់ ។ គាត់មានអារម្មណ៍លើកទឹកចិត្ត ហើយសម្រេចចិត្តព្យាយាមម្តងទៀត ដោយទុកចិត្តថាព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទនឹងជួយគាត់ ។ គាត់សម្រេចចិត្តចូលគេងឲ្យបានលឿនជារៀងរាល់យប់ ដើម្បីឲ្យគាត់ក្រោកពីដំណេកបានស្រួលជាង ។
ក្រោយពីមានពេលគ្រប់គ្រាន់ហើយ សូមអញ្ជើញសិស្សដែលស្ម័គ្រចិត្តឲ្យចែកចាយសាច់រឿងរបស់ពួកគេ ។
គោលដៅរបស់អ្នក
សកម្មភាពខាងក្រោមគឺជារបៀបមួយដែលសិស្សអាចធ្វើផែនការមួយដើម្បីឲ្យព្រះអម្ចាស់មានចំណែកនៅក្នុងគោលដៅរបស់ពួកគេ ។ ពួកគេអាចសរសេរគោលដៅ និងផែនការរបស់ពួកគេនៅក្នុងសៀវភៅកំណត់ហេតុការសិក្សា ឬនៅលើសំណៅមេរៀនរបស់ពួកគេ ។
ពិចារណាពីគោលដៅផ្ទាល់ខ្លួនរបស់អ្នក ដោយប្រើជំហានដំបូងពីសំណៅមេរៀននេះ ។ ដើម្បីធ្វើដូច្នេះ អ្នកអាចគិតពិចារណាពីគំនូររបស់អ្នកនៅដើមមេរៀននេះ ។
សរសេរគោលដៅមួយ ឬពីរដែលអ្នកចង់សម្រេចបាន ។ បង្កើតផែនការលម្អិតដែលរៀបរាប់ពីជំហានដែលអ្នកចង់ធ្វើដើម្បីសម្រេចគោលដៅទាំងនោះ ។ សូមប្រាកដថាត្រូវរួមបញ្ចូលក្នុងផែនការរបស់អ្នកអំពីរបៀបដែលអ្នកអាចឲ្យព្រះអម្ចាស់ចូលរួមនៅក្នុងគោលដៅរបស់អ្នក ។
សូមលើកទឹកចិត្តសិស្សក្នុងការខិតខំរបស់ពួកគេដើម្បីសម្រេចគោលដៅរបស់ពួកគេ ហើយរំឭកពួកគេអំពីជំនួយរបស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ សូមពិចារណាអានម្ដងទៀតនូវសេចក្ដីថ្លែងការណ៍របស់អែលឌើរ សូរ៉េស ហើយចែកចាយទីបន្ទាល់របស់អ្នកអំពីអ្វីដែលលោកបានបង្រៀន ។