ថ្នាក់​សិក្ខាសាលា
វាយតម្លៃ​ការរៀនសូត្រ​របស់​អ្នក​ទី ៧ ៖ យ៉ូប—សាស្ដា


« វាយ​តម្លៃ​ការរៀនសូត្រ​របស់​អ្នក​ទី ៧ ៖ យ៉ូប—សាស្ដា » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ២០២៦ )

« វាយតម្លៃ​ការរៀនសូត្រ​របស់​អ្នក​ទី ៧ ៖ យ៉ូប—សាស្ដា » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

សុភាសិត ១–៤; ១៥–១៦; ២២; ៣១; សាស្ដា ១–៣; ១១–១២ ៖ មេរៀន​ទី ១១២

វាយតម្លៃ​ការរៀនសូត្រ​របស់​អ្នក​ទី ៧

យ៉ូប—សាស្ដា

Scripture Study

ការពិចារណា និង​ការវាយតម្លៃ​ពី​ការរៀនសូត្រ​ខាង​វិញ្ញាណ​របស់​យើង អាច​ជួយ​យើង​ឲ្យ​ខិតទៅ​កាន់តែ​ជិត​ព្រះវរបិតាសួគ៌ និង​ព្រះ​យេស៊ូវ​គ្រីស្ទ ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​គិត​ពិចារណា​ពី​គោលដៅ​ដែល​ពួកគេ​បានដាក់ និង​ការរីកចម្រើន​ដែល​ពួកគេ​បាន​ដកពិសោធន៍​ក្នុង​អំឡុង​ពេល​ការសិក្សា​ថ្មីៗ​របស់​ពួកគេ​អំពី​ព្រះគម្ពីរ​សញ្ញាចាស់ ។

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​មក​រៀន​ដោយ​ត្រៀមខ្លួន​ចែកចាយ​ដំណើររឿង​នៃ​ព្រះគម្ពីរ​សញ្ញាចាស់ ឬ​ការបង្រៀន​ដែល​មាន​ឥទ្ធិពល​លើ​ការរីកចម្រើន​ខាងវិញ្ញាណ​របស់​ពួកគេ ។

សកម្មភាព​រៀនសូត្រ​ដែល​អាចមាន

ការសិក្សា​របស់​សិស្ស​របស់​អ្នក​អំពី​យ៉ូប​ទៅ​ដល់​សាស្ដា អាច​ផ្តោតលើ​លទ្ធផល​ខុសៗ​គ្នា ជាង​អ្វី​ដែល​បាន​វាយតម្លៃ​នៅក្នុង​មេរៀន​នេះ ។ បើ​ដូច្នេះ សូម​បត់បែន​សកម្មភាព​នេះ​ដើម្បី​វាយតម្លៃ​ពី​ការរីកចម្រើន​ដែល​សិស្ស​បាន​ដកពិសោធន៍​ចេញពី​លទ្ធផល​ដែល​ពួកគេ​ផ្តោតលើ​ក្នុង​ថ្នាក់​របស់​អ្នក ។

នៅក្នុង​មេរៀននេះ សិស្ស​នឹង​មាន​ឱកាស​វាយតម្លៃ​ការរីកចម្រើន​របស់​ពួកគេ​ដូច​ខាងក្រោម ៖

  1. ពន្យល់​ពី​ការរស់​ឡើងវិញ​ដែល​ជា​ផ្នែក​មួយ​នៃ​ផែនការ​របស់​ព្រះវរបិតា​សួគ៌ ។ ( ចំណាំ ៖ សកម្មភាព​នេះ​គឺ​ផ្អែក​លើ​ការបង្រៀន​ពី​មេរៀន​ទី ៩៨ ៖ « យ៉ូប ១៤, ១៩ » ) ។

  2. មាន​នូវ​បំណងប្រាថ្នា​ដែល​កើនឡើង​ដើម្បី​ថ្វាយបង្គំ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។ ( ចំណាំ ៖ សកម្មភាព​នេះ​គឺ​ផ្អែកលើ​មតិយោបល់​មកពី​មេរៀន​ទី ១០១ ៖ « បុព្វកថា​ទៅកាន់​ទំនុកដំកើង ផ្នែក​ទី ២ » ។ មេរៀន​ផ្សេងទៀត​ពី​ទំនុកដំកើង និង​គម្ពីរ​ផ្សេងៗ​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ ក៏​អាច​ជួយ​សិស្ស​បង្កើន​បំណងប្រាថ្នា​ចង់​ថ្វាយបង្គំ​ព្រះអម្ចាស់​ផងដែរ ) ។

  3. សិក្សា​ព្រះគម្ពីរ​ជា​ទៀងទាត់​ដោយ​ខ្លួនឯង ។ ( ចំណាំ ៖ សកម្មភាព​នេះ​គឺ​ផ្អែកលើ​ការបង្រៀន​ពី​មេរៀន​ទី ១០៧ ៖ « ទំនុកដំកើង ១១៩ » ។ ទោះបីជា​ថ្នាក់រៀន​មិន​បាន​សិក្សា​មេរៀន​ជាក់លាក់​នោះ​ក្តី ក៏​ការអញ្ជើញ​សិស្ស​យូរៗម្តង​ឲ្យ​វាយតម្លៃ​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន​របស់​ពួកគេ អាច​ជួយ​ពួកគេ​ឲ្យ​រីកចម្រើន​ខាងវិញ្ញាណ​របស់​ពួកគេ​ផងដែរ ) ។

ការត្រួតពិនិត្យ​ជា​ប្រចាំ

ដើម្បី​ចាប់ផ្តើម​មេរៀន​នេះ សូម​ពិចារណា​ជួយ​សិស្ស​ឲ្យ​មើលឃើញ​ពី​តម្លៃ​នៃ​ការធ្វើ​ការត្រួតពិនិត្យ​ជាប្រចាំ​លើ​កិច្ចការ​សំខាន់ៗ ជាជាង​ផ្តោតលើ​វា​តែ​បន្ទាប់ពី​មាន​បញ្ហា​កើតឡើង ។ អ្នក​អាច​បង្ហាញ​រូបភាព​នៃ​របស់របរ​ដែល​ត្រូវការ​ការត្រួតពិនិត្យ​ជាប្រចាំ ។ ឬ​អ្នក​អាច​ប្រាប់​រឿង​ផ្ទាល់ខ្លួន​អំពី​របៀប​ដែល​អ្នក​ត្រូវ​បាន​ផ្ដល់​ពរ​ដោយ​ការចំណាយ​ពេល​ដើម្បី​ពិនិត្យ​មើល​អ្វី​មួយ ។

  • ហេតុអ្វី​បាន​ជា​ការពិនិត្យមើល​ជា​ទៀងទាត់​នូវ​កិច្ចការ​ខាងក្រោម​នេះ​មាន​សារៈសំខាន់ ? តើ​មាន​អ្វី​អាច​កើតឡើង ប្រសិនបើ​យើង​មិន​ចំណាយពេល​ពិនិត្យមើល​វា​ទេ ?

  • យានយន្ត

  • ដំណើរ​ឆ្ពោះ​ទៅ​បញ្ចប់​ការសិក្សា​នៅ​វិទ្យាល័យ

  • សុខភាព​រាងកាយ ( ឧទាហរណ៍ ភ្នែក ត្រចៀក ធ្មេញ និង​សុខភាព​ទូទៅ )

អ្នក​អាច​ផ្លាស់ប្តូរ​ការពិភាក្សា​ក្នុង​ថ្នាក់​ទៅ​ជា​កិច្ចការ​ខាងវិញ្ញាណ ដោយ​សួរ​សំណួរ​ដូចជា ៖

  • តើ​អ្នក​គិត​ថា​ហេតុអ្វី​វា​សំខាន់​ក្នុង​ការពិនិត្យមើល​ការរីកចម្រើន​ខាងវិញ្ញាណ​របស់​យើង​ជា​ទៀងទាត់ ?

  • តើ​វា​អាច​មាន​ប្រយោជន៍​ក្នុង​ការកត់សម្គាល់​ការរីកចម្រើន​ដែល​យើង​កំពុង​ធ្វើ ក៏​ដូចជា​ការកែតម្រូវ​ដែល​យើង​អាច​ធ្វើ​បាន​ដោយ​របៀបណា ?

សូម​ចំណាយ​ពេល​ដើម្បី​ពិនិត្យមើល​ពី​របៀប​ដែល​ការសិក្សា​របស់​អ្នក​អំពី​ព្រះ​គម្ពីរ​សញ្ញាចាស់​បាន​ជួយ​អ្នក​ឲ្យ​រីកចម្រើន​ខាងវិញ្ញាណ​នៅ​ឆ្នាំ​នេះ ។ នៅពេល​អ្នក​ពិនិត្យមើល​ការរីកចម្រើន​របស់អ្នក អ្នក​អាច​ជញ្ជឹងគិត ឬ​សរសេរ​ចម្លើយ​របស់​អ្នក​ចំពោះ​សំណួរ​មួយ ឬ​ច្រើន​ខាងក្រោម ៖

  • តើ​អ្នក​បាន​រៀន​អ្វីខ្លះ​អំពី​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ដែលមាន​សារៈសំខាន់​ចំពោះ​អ្នក ?

  • តើ​មាន​ដំណើររឿង​ព្រះគម្ពីរ ឬ​ការបង្រៀន​ជាក់លាក់​ដែល​មាន​ឥទ្ធិពល​ដល់​អ្នក​ដែរ​ឬទេ ? ប្រសិនបើ​ដូច្នេះ តើ​តាម​របៀប​ណា ?

  • តើ​អ្នក​សប្បាយចិត្ត​នឹង​ការរីកចម្រើន​ដែល​អ្នក​កំពុង​ធ្វើ​ដែរ​ឬ​ទេ ? តើ​អ្វី​បាននាំ​ឲ្យ​មាន​វា ឬ​តើ​អ្នក​អាច​ធ្វើ​អ្វី​ដើម្បី​ជួយ​អ្នក​ទទួល​បាន​លទ្ធផល​ដែល​អ្នក​ស្វែងរក ?

បន្ទាប់ពី​ពេលវេលា​ជញ្ជឹងគិត និង​សរសេរ​រួចហើយ សូម​អញ្ជើញ​អ្នក​ស្ម័គ្រចិត្ត​ឲ្យ​ចែកចាយ​គំនិត​និង​ចំណាប់​អារម្មណ៍​ខ្លះៗ​របស់​ពួកគេ ។

ពន្យល់​ពី​ការរស់ឡើងវិញ​ដែល​ជា​ផ្នែក​មួយ​នៃ​ផែនការ​របស់​ព្រះវរបិតាសួគ៌

សូម​ពិចារណា​សរសេរ​សំណួរ​ដូច​ខាងក្រោម​នៅលើ​ក្ដារខៀន ។ ជំនួស​ឲ្យ​ការ​ឲ្យ​សិស្ស​ឆ្លើយ​សំណួរ​នោះ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​អ្នក​ដែល​អាច​នឹង​សួរ​ពី​វា ឬ​ក្នុង​ស្ថានភាព​អ្វី​ដែល​នរណា​ម្នាក់​អាច​សួរ​ពី​វា ។

  • តើ​យើង​នឹង​រស់នៅ​ម្តងទៀត​បន្ទាប់ពី​យើង​ស្លាប់​ឬ ?

    សូម​ជួយ​សិស្ស​ឲ្យ​យល់​ថា ចំណេះដឹង​របស់​យើង​អំពី​ការមាន​ព្រះជន្ម​រស់ឡើងវិញ​របស់​ព្រះយេស៊ូវគ្រីស្ទ អាច​ជួយ​យើង​ឆ្លើយ​សំណួរ​នេះ ។

    សកម្មភាព​ខាងក្រោម​អាច​ជួយ​សិស្ស​ឲ្យ​ពន្យល់​អ្វី​ដែល​ពួកគេ​យល់​អំពី​ការមាន​ព្រះជន្ម​រស់ឡើងវិញ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ។ នៅក្នុង​មេរៀន​ទី ៩៨ ៖ « យ៉ូប ១៤, ១៩ » សិស្ស​អាច​សរសេរ​កថាខណ្ឌ​មួយ​ជា​ការឆ្លើយតប​ទៅនឹង​សំណួរ​របស់​យ៉ូប ៖ « បើ​មនុស្ស​ស្លាប់​ទៅ តើ​នឹង​មាន​ជីវិត​រស់​ឡើង​ទៀត​ឬ ? » ( យ៉ូប ១៤:១៤ ) ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិនិត្យមើល​កថាខណ្ឌ​នោះ​នៅក្នុង​សៀវភៅកំណត់ហេតុ​របស់​ពួកគេ ហើយ​អាន​សេចក្តីយោង​បទគម្ពីរ​ទាំងឡាយ​ដែល​ពួកគេ​អាច​នឹង​មាន​បញ្ចូល​ក្នុង​ការឆ្លើយតប​របស់​ពួកគេ ។

    ប្រសិនបើ​សិស្ស​មិន​បាន​សរសេរ​ការឆ្លើយតប​ចំពោះ​សំណួរ​របស់​យ៉ូប​ទេ សូម​ពិចារណា​ផ្តល់​សេចក្តីយោង​បទគម្ពីរ​ខាងក្រោម​សម្រាប់​ពួកគេ​អាន ។

  • កូរិនថូស ទី១ ១៥:២០–២២

  • ម៉ូសាយ ១៦:៧–៨

  • អាលម៉ា ១១:៤២–៤៤

  • ហេលេមិន ១៤:១៧

  • មរ៉ូណៃ ៧:៤១

បន្ទាប់ពី​សិស្ស​មាន​ពេល​ពីរ​បី​នាទី​ដើម្បី​ពិនិត្យមើល​នូវ​អ្វី​ដែល​ពួកគេ​បានសរសេរ ឬ​បទគម្ពីរ​ខាង​លើ​ហើយ សូម​អញ្ជើញ​ពួកគេ​ម្នាក់ៗ​ឲ្យ​ជ្រើសរើស​លេខ​មួយ​ចន្លោះ​ពីមួយ​ទៅ​បួន ។ ដាក់​សិស្ស​ជា​ក្រុម​តូចៗ​ជាមួយ​មនុស្ស​ដែល​ជ្រើសរើស​លេខ​ខុសៗ​គ្នា ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​ជាមួយ​ក្រុម​របស់​ពួកគេ​អំពី​របៀប​ដែល​ពួកគេ​នឹង​ពន្យល់​អំពី​ការមាន​ព្រះជន្ម​រស់ឡើងវិញ និង​តួនាទី​របស់​ព្រះយេស៊ូវគ្រីស្ទ​នៅក្នុង​នោះ នៅក្នុង​ស្ថានភាព​ខាងក្រោម ដែល​ត្រូវគ្នា​ទៅនឹង​លេខ​ដែល​ពួកគេ​ជ្រើសរើស ។

  1. មិត្ត​រួម​ថ្នាក់​ម្នាក់​នៅ​សាលារៀន ដែល​ចង់​ដឹង​អំពី​អ្វី​ដែល​ព្រះវិហារ​បស់​យើង​បង្រៀន​អំពី​ជីវិត​បន្ទាប់ពី​សេចក្តីស្លាប់

  2. មិត្តភក្តិ​ម្នាក់​នៅ​កន្លែង​ធ្វើការ ដែល​ទើប​តែ​ដឹង​ថា​បងប្អូន​របស់​ពួកគេ​មាន​ជំងឺ​ប្រចាំ​កាយ

  3. កុមារ​នៅក្នុង​ថ្នាក់​អង្គការ​បឋម​សិក្សា

  4. ឡើង​និយាយ​នៅក្នុង​ពិធីបុណ្យ​សព​លោកតា​ម្នាក់

បន្ទាប់ពី​សិស្ស​មាន​ឱកាស​ចែកចាយ​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក អ្នក​អាច​សុំ​សិស្ស​ពីរ​បី​នាក់​ដែល​ស្ម័គ្រចិត្ត​ចែកចាយ​អ្វី​ដែល​ពួកគេ​បានរៀន​ពី​បទពិសោធន៍​នេះ ។ ការណ៍​នេះ​អាច​រួម​បញ្ចូល​ការយល់ដឹង​ថ្មី​មួយ​ដែល​ពួកគេ​បានរៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ការរស់ឡើងវិញ ឬ​អ្វីមួយ​ដែល​ពួកគេ​បានរៀន​ដោយ​ការពន្យល់​ដល់​អ្នកដទៃ ។

មាន​នូវ​បំណងប្រាថ្នា​ដែល​កើនឡើង​ដើម្បី​ថ្វាយបង្គំ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ

ដោយ​ជា​ផ្នែក​នៃ​មេរៀន​ទី ១០១ ៖ « បុព្វកថា​ទៅកាន់​ទំនុកដំកើង ផ្នែក​ទី ២ » សិស្ស​ប្រហែល​ជា​បានចាប់ផ្តើម​បង្កើត​វីដេអូ កំណាព្យ ការគូររូប meme ឬ​ការបង្ហាញ​ពី​គំនិត និង​អារម្មណ៍​ផ្សេងទៀត​របស់​ពួកគេ​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្វែងរក ឬ​ចងចាំ​គម្រោង​របស់​ពួកគេ ។ សូម​ដាក់បង្ហាញ​សេចក្តីណែនាំ និង​សំណួរ​ខាងក្រោម​សម្រាប់​សិស្ស​ឆ្លើយតប​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ។ អ្នក​អាច​នឹង​ចាក់​ភ្លេង​តិចៗ​ខ្លះៗ ខណៈ​សិស្ស​ធ្វើ​សកម្មភាព​នេះ ។

ចំណាយ​ពេល​បន្តិច​ដើម្បី​គិត​អំពី​បទពិសោធន៍​ដែល​អ្នក​បានបង្កើត​កិច្ចការ​នេះ ។ សូម​យាង​អញ្ជើញ​ព្រះវិញ្ញាណបរិសុទ្ធ​ឲ្យ​ជួយ​អ្នក​រំឭក​ពី​អារម្មណ៍​ដែល​អ្នក​បានបង្ហាញ ។

  • តើ​អ្នក​បាន​រៀន ឬ​មាន​អារម្មណ៍​អ្វីខ្លះ​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ចាប់តាំងពី​អ្នក​បានបង្កើត​ការបង្ហាញ​អារម្មណ៍​នៃ​ការថ្វាយបង្គំ​នេះ ?

  • តើ​មាន​ការផ្លាស់ប្ដូរ​អ្វីខ្លះ ដែល​អ្នក​បានកត់​សម្គាល់​ពី​របៀប​ដែល​អ្នក​គិត ឬ​មាន​អារម្មណ៍​ចំពោះ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ចាប់តាំងពី​អ្នក​បានបង្កើត​វា​មក ? តើ​អ្នក​មាន​អារម្មណ៍​បែបណា​នៅ​ថ្ងៃ​នេះ ?

  • ការមើល​គម្រោង​របស់​អ្នក តើ​អ្នក​នឹង​បន្ថែម​អ្វី ? តើ​អ្នក​នឹង​ផ្លាស់ប្តូរ​អ្វី ?

អ្នក​អាច​ផ្តល់​ឲ្យ​សិស្ស​ដែល​ស្ម័គ្រចិត្ត​ដែល​មិន​ទាន់​បាន​ចែកចាយ​គម្រោង​របស់​ពួកគេ​នូវ​ឱកាស​មួយ​ដើម្បី​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បានបង្កើត អ្វី​ដែល​មាន​ន័យ​សម្រាប់​ពួកគេ​អំពី​បទពិសោធន៍ ឬ​អារម្មណ៍​ដែល​ពួកគេ​មាន ។

សិក្សា​ព្រះគម្ពីរ​ជា​ទៀងទាត់​ដោយ​ខ្លួន​របស់​អ្នក

នៅក្នុង​មេរៀន​ទី ១០៧ ៖ « ទំនុកដំកើង ១១៩ » អ្នក​ប្រហែលជា​បានបង្កើត​មេរៀន​មួយ​ដែល​មាន​ប្រើ​វត្ថុ ដោយ​បន្ថយ​ពន្លឺ​នៅក្នុង​បន្ទប់ ហើយ​បើក​ចង្កៀង ឬ​ពិល ។ បើ​ដូច្នេះ​មែន សូម​ពិចារណា​ធ្វើ​មេរៀន​ដែល​មាន​ប្រើ​វត្ថុ​នេះ​ឡើងវិញ ហើយ​សុំ​ឲ្យ​សិស្ស​អាន ទំនុកដំកើង ១១៩:១០៥ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​ចងចាំ​ពី​មេរៀន​នោះ រួម​ទាំង​របៀប​ដែល​ព្រះបន្ទូល​របស់​ព្រះ​ប្រៀប​ដូច​ជា​ពន្លឺ​ក្នុង​ជីវិត​របស់​យើង ។

សិស្ស​អាច​នឹង​ត្រូវ​បានអញ្ជើញ​ក្នុង​មេរៀន​នោះ​ដើម្បី​បង្កើត​គោលដៅ​សិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន ឬ​ដើម្បី​ជញ្ជឹងគិត​ពី​របៀប​ដែល​ពួកគេ​កំពុង​ធ្វើ​ជាមួយ​នឹង​គោលដៅ​ដែល​ពួកគេ​បាន​កំណត់​រួច​ហើយ ។ អញ្ជើញ​ពួកគេ​ឲ្យ​វាយតម្លៃ​ពី​របៀប​ដែល​ពួកគេ​បានធ្វើ​ជាមួយនឹង​គោលដៅ​សិក្សា​របស់​ពួកគេ និង​របៀប​ដែល​វា​កំពុង​ជួយ​ពួកគេ ។ ដើម្បី​ធ្វើ​ដូច្នេះ អ្នក​អាច​ដាក់បង្ហាញ​សេចក្តីណែនាំ​ដូចខាងក្រោម ។

នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក សូម​សរសេរ​ពី​របៀប​ដែល​ការសិក្សា​ព្រះគម្ពីរ​របស់អ្នក​កំពុង​ដំណើរការ ។ អ្នក​អាច​រួមបញ្ចូល​ចម្លើយ​ចំពោះ​សំណួរ​ដូច​ខាងក្រោម​មួយចំនួន ៖

  • តើ​អ្នក​កំពុងធ្វើ​យ៉ាង​ណា​ក្នុង​ការអនុវត្ត​គោលដៅ​របស់​អ្នក​ឲ្យ​ជាប់លាប់ ?

  • តើ​អ្នក​មាន​អារម្មណ៍​ថា​ព្រះអម្ចាស់​កំពុង​ដឹកនាំ​អ្នក​នៅពេល​អ្នក​សិក្សា​ព្រះគម្ពីរ​ដែរ​ឬទេ ? ហេតុអ្វី​កំពុងដឹកនាំ ឬ​ហេតុអ្វី​មិន​ដឹកនាំ ?

  • តើ​អ្នក​ប្រឈម​មុខ​នឹង​ឧបសគ្គ​អ្វីខ្លះ បើ​មាន ?

  • តើ​អ្នក​អាច​ចង់​បន្ត​កែលម្អ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​ដោយ​របៀប​ណា ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​គំនិត​របស់​ពួកគេ ។ ប្រសិនបើ​ពួកគេ​ចែកចាយ​ភាពជោគជ័យ សូម​ពិចារណា​សួរ​សំណួរ​ដូចជា « តើ​វា​មាន​ឥទ្ធិពល​ដល់​ជីវិត​របស់​អ្នក​យ៉ាង​ដូចម្តេច ? » ឬ « តើ​អ្នក​បានធ្វើ​អ្វី​ដែល​បានជួយ​នាំ​ឲ្យ​មាន​លទ្ធផល​នេះ ? » ប្រសិនបើ​ពួកគេ​ចែកចាយ​ការលំបាក​ដែល​ពួកគេ​កំពុង​មាន សូម​ពិចារណា​អំពី​ការអញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​រកមើល​បទគម្ពីរ សេចក្តីថ្លែងការណ៍​ពី​ថ្នាក់​ដឹកនាំ​សាសនាចក្រ ឬ​ចែកចាយ​បទពិសោធន៍​ផ្ទាល់ខ្លួន​ដែល​អាច​ជួយ​បាន ។ ព្យាយាម​បង្កើត​បរិយាកាស​ដែល​សិស្ស​ខិតខំ​ជួយ និង​គាំទ្រ​គ្នាទៅ​វិញទៅ​មក ។

សូម​ពិចារណា​ចែកចាយ​គោលដៅ​សិក្សា​ព្រះគម្ពីរ​របស់​អ្នក និង​បទពិសោធន៍​ផងដែរ ។