ថ្នាក់​សិក្ខាសាលា
ទំនុកដំកើង ១១៩ ៖ « ព្រះបន្ទូល​នៃ​ទ្រង់​ជា​ចង្កៀង​ដល់​ជើង​ទូលបង្គំ ហើយ​ជា​ពន្លឺ​បំភ្លឺ​ផ្លូវ​ទូលបង្គំ​ផង »


« ទំនុកដំកើង ១១៩ ៖ ‹ ព្រះបន្ទូល​នៃ​ទ្រង់​ជា​ចង្កៀង​ដល់​ជើង​ទូលបង្គំ ហើយ​ជា​ពន្លឺ​បំភ្លឺ​ផ្លូវ​ទូលបង្គំ​ផង › » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ២០២៦ )

« ទំនុកដំកើង ១១៩ ៖ ‹ ព្រះបន្ទូល​នៃ​ទ្រង់​ជា​ចង្កៀង​ដល់​ជើង​ទូលបង្គំ ហើយ​ជា​ពន្លឺ​បំភ្លឺ​ផ្លូវ​ទូលបង្គំ​ផង › » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

ទំនុកដំកើង ១០២–១០៣; ១១០; ១១៦–១១៩; ១២៧–១២៨; ១៣៥–១៣៩; ១៤៦–១៥០ ៖ មេរៀន​ទី ១០៧

ទំនុកដំកើង ១១៩

« ព្រះបន្ទូល​នៃ​ទ្រង់​ជា​ចង្កៀង​ដល់​ជើង​ទូលបង្គំ ហើយ​ជា​ពន្លឺ​បំភ្លឺ​ផ្លូវ​ទូលបង្គំ​ផង »

Oil Lamp lit

តើ​អ្នក​មាន​អារម្មណ៍​ថា​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​នាំ​ទៅ​រក​ការដឹកនាំ​ពី​ព្រះអម្ចាស់​ដែរ​ឬ​ទេ ? ទំនុកដំកើង ១១៩ បង្ហាញ​ការដឹងគុណ​ចំពោះ​ព្រះបន្ទូល​នៃ​ព្រះ ហើយ​ថ្លែង​ទីបន្ទាល់​អំពី​អំណាច​របស់​ខ្លួន ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​បង្កើត​ផែនការ​ដើម្បី​សិក្សា​ព្រះបន្ទូល​របស់​ព្រះ ។

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​សិក្សា​ព្រះគម្ពីរ​ផ្ទាល់​ខ្លួន​មុន​ថ្នាក់​បន្ទាប់​ទៀត ។ សូម​ឲ្យ​ពួកគេ​ជញ្ជឹងគិត​ថា​តើ​ពួកគេ​មាន​អារម្មណ៍​ថា​មាន​ការដឹកនាំ​របស់​ព្រះអម្ចាស់​តាមរយៈ​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ​ឬ​អត់ ។ បើ​ដូច្នេះ តើ​ពួកគេ​អាច​គិត​ពី​ឧទាហរណ៍​ណា​មួយ​បាន​ដែរ​ឬ​ទេ ?

សកម្មភាព​រៀនសូត្រ​ដែល​អាចមាន

ការដឹកនាំ និង​ព្រះគម្ពីរ​ទាំងឡាយ

ដើម្បី​រៀបចំ​សិស្ស​ឲ្យ​សិក្សា​អំពី​ព្រះគម្ពីរ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ជញ្ជឹងគិត​អំពី​របៀប​ដែល​មនុស្ស​ផ្សេងគ្នា​មាន​អាកប្បកិរិយា​ខុសៗ​គ្នា​ចំពោះ​ព្រះគម្ពីរ ។ សូម​ឲ្យ​សិស្ស​ពិចារណា​អំពី​របៀប​ដែល​មនុស្ស​ផ្សេងគ្នា​ទាំងនេះ​អាច​បញ្ចប់​សេចក្តី​ថ្លែងការណ៍​ដូច​ខាងក្រោម ។ អ្នក​ក៏​អាច​ប្រើ​សកម្មភាព​នេះ​ជា​ការរៀបចំ​សិស្ស​ផងដែរ ។ អ្នក​អាច​ចែកចាយ​សេចក្តី​ថ្លែងការណ៍​ពីមុន​ចូលរៀន ហើយ​អញ្ជើញ​សិស្ស​ឲ្យ​យក​វត្ថុ​មួយ​ដែល​នឹង​ជួយ​បញ្ចប់​សេចក្តីថ្លែងការណ៍​នេះ ។

ព្រះគម្ពីរ​គឺ​ដូចជា ពីព្រោះ  ។

ប្រសិន​បើ​សិស្ស​ត្រូវការ​ឧទាហរណ៍​មួយ អ្នក​អាច​និយាយ​ថា « ព្រះគម្ពីរ​គឺ​ដូចជា​ផែនទី ឬ GPS ពីព្រោះ​វា​ណែនាំ​យើង » ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​គំនិត​របស់​ពួកគេ ។ អ្នក​អាច​សួរ​ថា ហេតុអ្វី​បាន​ជា​មនុស្ស​មួយ​ចំនួន​ចូលចិត្ត​សិក្សា​ព្រះគម្ពីរ ប៉ុន្តែ​អ្នក​ខ្លះ​ទៀត​មិន​ចូល​ចិត្ត​សិក្សា​ព្រះគម្ពីរ ។

សូម​ពិចារណា​អំពី​ការអញ្ជើញ​សិស្ស​ឲ្យ​ជញ្ជឹងគិត​ពី​របៀប​ដែល​ពួកគេ​អាច​បំពេញ​សេចក្ដី​ថ្លែងការណ៍​នេះ​ដើម្បី​ឆ្លុះបញ្ចាំង​ពី​អាកប្បកិរិយា​របស់​ពួកគេ​ចំពោះ​ព្រះគម្ពីរ ។

នៅ​ចុងបញ្ចប់​នៃ​មេរៀន​នេះ អ្នក​នឹង​វាយតម្លៃ​គោលដៅ​សិក្សា​ព្រះគម្ពីរ​របស់អ្នក ឬ​បង្កើត​គោលដៅ​ថ្មី​មួយ ។ សូម​ពិចារណា​អធិស្ឋាន​ស្ងាត់ៗ​ទូលសូម​ព្រះវរបិតាសួគ៌​ឲ្យ​ដឹកនាំ​អ្នក​នៅ​ថ្ងៃ​នេះ ពេល​អ្នក​សិក្សា ទំនុកដំកើង ១១៩ ។ ស្វែងរក​ការបំផុស​គំនិត​ដើម្បី​ធ្វើ​ឲ្យ​គោលដៅ​នោះ​អាច​ជួយ​អ្នក​បាន​ល្អ​បំផុត ។

ព្រះបន្ទូល​នៃ​ព្រះ​គឺ​ដូចជា …

អ្នក​និពន្ធ​នៃ ទំនុកដំកើង ១១៩ បានប្រើ​ទីសម្គាល់​ដើម្បី​ពិពណ៌នា​ពី​ព្រះបន្ទូល​របស់​ព្រះ ។ ទីសម្គាល់​ទាំងនេះ​បានសង្កត់​ធ្ងន់​លើ​សេចក្តីស្រឡាញ់​របស់​អ្នក​តែង​ទំនុកដំកើង​ចំពោះ​ព្រះបន្ទូល​របស់​ព្រះ និង​ពរជ័យ​ដែល​មក​តាមរយៈ​ការសិក្សា​ដោយ​ឧស្សាហ៍ព្យាយាម និង​គោរពតាម​ព្រះបន្ទូល​របស់​ទ្រង់ ។

ឧទាហរណ៍ សូម​អាន ទំនុកដំកើង ១១៩:១០៥–១០៦ ដោយ​រកមើល​អ្វី​ដែល​អ្នក​តែង​ទំនុកដំកើង​ប្រៀបធៀប​ទៅ​នឹង​ព្រះបន្ទូល​របស់​ព្រះ ។

សូម​ពិចារណា​ធ្វើ​ឲ្យ​មាន​ភាពស្រអាប់ ឬ​បិទភ្លើង​នៅក្នុង​បន្ទប់ ហើយ​បើក​ចង្កៀង ឬ​ពិល ។ សូម​អនុញ្ញាត​ឲ្យ​សិស្ស​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។⁠

  • តើ​ព្រះ​បន្ទូល​របស់​ព្រះ​ដូចជា​ពន្លឺ ឬ​ចង្កៀង​យ៉ាង​ដូចម្តេច ?

    ប្រសិនបើ​សិស្ស​ចែកចាយ​អ្វី​មួយ​ដែល​ដូចជា​គោលការណ៍​ខាងក្រោម សូម​សរសេរ​វា​នៅលើ​ក្ដារខៀន ៖ នៅពេល​យើង​សិក្សា​ព្រះបន្ទូល​របស់​ព្រះ ទ្រង់​ប្រទានពរ​ជា​ការដឹកនាំ​ដល់​យើង ។

    ប្រសិនបើ​សិស្ស​ត្រូវការ​ជំនួយ​បន្ថែម​ដើម្បី​ស្វែងរក​គោលការណ៍​នេះ សូម​ពិចារណា​សួរ​ថា « តើ​ការដើរ​នៅក្នុង​ពន្លឺ និង​នៅក្នុង​ទីងងឹត​ខុស​គ្នា​ដោយ​របៀប​ណា ? » ឬ « តើ​ព្រះគម្ពីរ​ជួយ​យើង​ដើរ​នៅក្នុង​ពន្លឺ​ដោយ​របៀប​ណា ? » ឬ​អ្នក​អាច​សរសេរ​គោលការណ៍​នេះ ហើយ​សួរ​ថា « តើ​ខគម្ពីរ​ទាំងនេះ​បង្ហាញ​ពី​គោលការណ៍​នៅលើ​ក្ដារខៀន​នេះ​ដោយ​របៀប​ណា ? »

    បើក​ភ្លើង​ក្នុង​បន្ទប់​មកវិញ ។ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​យោង ឬ​ភ្ជាប់ ទំនុកដំកើង ១១៩:១០៥ ទៅ នីហ្វៃទី២ ៣២:៣ ។ សូម​ឲ្យ​សិស្ស​កត់ចំណាំ​ពី​របៀប​ដែល​ខគម្ពីរ​ទាំងនេះ​ស្រដៀង​គ្នា ។ ឬ​មើល « How I #HearHim: Elder David A. Bednar » ( ១:១៥ ) នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

    1:16

    អាន ឬ​ដាក់បង្ហាញ​សំណួរ​ខាងក្រោម ហើយ​អញ្ជើញ​សិស្ស​ពីរ​បីនាក់​ឲ្យ​ម្នាក់ៗ​ជ្រើសរើស​សំណួរ​មួយ ហើយ​ឆ្លើយ​វា ៖

  • តើ​អ្នក​គិតថា​ហេតុអ្វី​បាន​ជា​ព្រះ​ចង់​ដឹកនាំ​យើង ?

  • តើ​ការដឹង​ថា​ព្រះ​អាច​ដឹកនាំ​យើង​តាមរយៈ​ព្រះគម្ពីរ អាច​ជំរុញចិត្ត​នរណា​ម្នាក់​ឲ្យ​សិក្សា​ព្រះគម្ពីរ​យ៉ាង​ដូច​ម្ដេច ?

  • តើ​នៅ​ពេលណា​ដែល​ព្រះបន្ទូល​របស់​ព្រះ​អម្ចាស់​ដូចជា​ចង្កៀង ឬ​ពន្លឺ​ដល់​អ្នក ឬ​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់ ?

នៅពេល​សិស្ស​ចែកចាយ​ចម្លើយ​របស់​ពួកគេ អ្នក​អាច​សួរ​ថា​តើ​គំនិត និង​បទពិសោធន៍​ទាំងនេះ​ជះ​ឥទ្ធិពល​ដល់​ទំនាក់ទំនង​របស់​ពួកគេ​ជាមួយ​ព្រះ​យ៉ាង​ដូចម្តេច ។

ទីសម្គាល់​ផ្សេង​ទៀត

អ្នក​តែង​ទំនុកដំកើង​បានធ្វើ​ការប្រៀបធៀប​ផ្សេង​ទៀត ។ ( ចំណាំ ៖ អ្នក​តែង​ទំនុកដំកើង​បានសំដៅ​ទៅលើ​ព្រះបន្ទូល​នៃ​ព្រះ​តាម​ពាក្យ​ផ្សេងៗ​ដូចជា សេចក្ដីបន្ទាល់ ច្បាប់ ក្រឹត្យវិន័យ សេចក្ដីបញ្ញត្តិ សេចក្តី​បង្គាប់ និង​ផ្លូវ ) ។

ដើម្បី​ជួយ​សិស្ស​សិក្សា ទំនុកដំកើង ១១៩ សូម​សរសេរ​សេចក្តីយោង​ដូច​ខាងក្រោម​នៅលើ​ក្ដារខៀន ៖

ទំនុកដំកើង ១១៩:១៤–១៦, ៧២, ១២៧

ទំនុកដំកើង ១១៩:២២–២៤

ទំនុកដំកើង ១១៩:៣៣–៣៥

ទំនុកដំកើង ១១៩:៥០–៥២, ៥៤

ទំនុកដំកើង ១១៩:១០២–១០៤

សូម​បែងចែក​សិស្ស​ជា​ប្រាំ​ក្រុម ហើយ​ចាត់តាំង​ក្រុម​នីមួយៗ​នូវ​បទគម្ពីរយោង​នៅលើ​ក្ដារខៀន ។ ដាក់​បង្ហាញ​វត្ថុ ឬ​រូបភាព​នៃ​វត្ថុ​ទាំងនេះ ៖ សៀវភៅ​ទំនុកតម្កើង កាក់ ( ឬ​អ្វីមួយ​ដែល​តំណាង​ឲ្យ​ទ្រព្យសម្បត្តិ ) ទឹកឃ្មុំ ( ឬ​អ្វីមួយ​ដែល​ផ្អែម ) រូបភាព​ផ្លូវ​មួយ និង​រូបភាព​ទីប្រឹក្សា ( ឧទាហរណ៍ ទីប្រឹក្សា​ក្នុង​គណៈប្រធាន​ទីមួយ​នៃ​សាសនាចក្រ ឬ​ទីប្រឹក្សា​សាលារៀន ) ។

សូម​ដាក់បង្ហាញ​សេចក្តីណែនាំ​ដូចខាងក្រោម ៖

  1. អាន​វគ្គបទគម្ពីរ​ដែល​បានចាត់​ឲ្យ​អ្នក ដោយ​រកមើល​អ្វី​ដែល​អ្នក​តែង​ទំនុកដំកើង​ប្រៀបធៀប​ទៅ​នឹង​ព្រះបន្ទូល​របស់​ព្រះ ។

  2. យក​វត្ថុ ឬ​រូបភាព​ដែល​ត្រូវ​នឹង​វគ្គបទគម្ពីរ​ដែល​បាន​ចាត់​ឲ្យ​អ្នក ។

  3. ពិភាក្សា​អំពី​របៀប​ដែល​វត្ថុ ឬ​រូបភាព​នោះ​អាច​ជួយ​នរណា​ម្នាក់​ឲ្យ​យល់​អំពី​សារៈសំខាន់​នៃ​ព្រះបន្ទូល​របស់​ព្រះ ។

  4. ចែកចាយ​ឧទាហរណ៍ ឬ​បទពិសោធន៍​ពី​ជីវិត​របស់​អ្នក ជីវិត​របស់​អ្នក​ដទៃ ឬ​បទគម្ពីរ​ដែលបង្ហាញ​ពី​របៀប​ដែល​វត្ថុ ឬ​រូបភាព​នោះ​គឺ​ដូចជា​ព្រះបន្ទូល​របស់​ព្រះ ។

អញ្ជើញ​សិស្ស​ឲ្យ​បង្ហើយ​គោលការណ៍​ខាងក្រោម​ស្រប​តាម​អ្វី​ដែល​ពួកគេ​បាន​សិក្សា ៖ នៅពេល​យើង​សិក្សា​ព្រះបន្ទូល​នៃ​ព្រះ ទ្រង់​ប្រទានពរ​ដល់​យើង …

ចម្លើយ​ដែល​អាច​មាន​មួយ​ចំនួន​គឺ អំណរ ( សូមមើល ខទី ១៤, ១៦, ៣៥, ១០៣ ) លួងលោម ( សូមមើល ខទី ៥០, ៥២ ) ប្រឹក្សា ( សូមមើល ខទី ២៤ ) និង​ការយល់ដឹង ( សូមមើល ខទី ១០៤ ) ។

  • តើ​គោលការណ៍​ដែល​អ្នក​រកឃើញ​អាច​ជួយ​នរណា​ម្នាក់​ដែល​ចង់​សិក្សា​ព្រះបន្ទូល​របស់​ព្រះ​យ៉ាង​ដូចម្ដេច ?

  • តើ​ព្រះ​បានប្រទាន​ពរ​ដល់​អ្នក ឬ​មនុស្ស​ដែល​អ្នក​ស្គាល់​ដោយ​អំណរ ការលួងលោម ការប្រឹក្សា ឬ​ការយល់ដឹង ពេល​អ្នក ឬ​ពួកគេ​បានសិក្សា​ព្រះបន្ទូល​ទ្រង់​យ៉ាង​ដូចម្ដេច ?

នៅពេល​សិស្ស​ចែកចាយ​ចម្លើយ​របស់​ពួកគេ​ចំពោះ​សំណួរ​មុន អ្នក​អាច​សួរ​ពី​របៀប​ដែល​បទពិសោធន៍​ទាំងនេះ​បានជះ​ឥទ្ធិពល​ដល់​ទំនាក់ទំនង​របស់​ពួកគេ​ជាមួយ​ព្រះ ។

គោលដៅ​របស់​អ្នក

យាងអញ្ជើញ​ព្រះវិញ្ញាណ នៅពេល​អ្នក​ជញ្ជឹងគិត​អំពី​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។ ប្រសិនបើ​អ្នក​មាន​គោលដៅ​សិក្សា​ព្រះគម្ពីរ​រួចហើយ សូម​កត់ត្រា​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក​អំពី​អ្វី​ដែល​បាន​ដំណើរការ​ល្អ និង​អ្វី​ដែល​អ្នក​អាច​នឹង​ចង់​បន្ត ។ អ្នក​អាច​រួមបញ្ចូល​មូលហេតុ​ដែល​អ្នក​ជ្រើសរើស​គោលដៅ​នេះ និង​របៀប​ដែល​វា​ជួយ​អ្នក​ឲ្យ​មាន​អារម្មណ៍​កាន់តែ​ខិតជិត​ព្រះអម្ចាស់ ។ សូម​ទូលសួរ​ព្រះវរបិតាសួគ៌​ដោយ​ការអធិស្ឋាន ប្រសិនបើ​ទ្រង់​ចង់​ឲ្យ​អ្នក​ធ្វើការ​កែសម្រួល​គោលដៅ​ណា​មួយ​របស់​អ្នក ។

ប្រសិនបើ​អ្នក​មិនមាន​គោលដៅ​សិក្សា​ព្រះគម្ពីរ​បច្ចុប្បន្ន​ទេ សូម​ស្វែងរក​ការណែនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​អ្នក​បង្កើត​គោលដៅ​មួយ ។ អ្នក​អាច​រួមបញ្ចូល​ដូច​ខាងក្រោម ៖

  • រយៈពេល​ដែល​អ្នក​នឹង​សិក្សា

  • តើ​អ្នក​នឹង​សិក្សា​ញឹកញាប់​ប៉ុនណា ( បើ​អាច សូម​ខិតខំ​សិក្សា​រាល់ថ្ងៃ )

  • អ្វី​ដែល​អ្នក​នឹង​ធ្វើ​ដើម្បី​ស្វែងរក​ជំនួយ​របស់​ព្រះអម្ចាស់​ជាមួយ​នឹង​ការសិក្សា​របស់​អ្នក ( ឧទាហរណ៍ សូម​អធិស្ឋាន​មុន​ពេល​អ្នក​សិក្សា ឬ​ស្វែងរក​វិវរណៈ​អំពី​អ្វី​ដែល​អ្នក​សិក្សា )

  • របៀប​ដែល​អ្នក​អាច​ចងចាំ ជញ្ជឹងគិត ឬ​អនុវត្ត​អ្វី​ដែល​អ្នក​រៀន ( ឧទាហរណ៍ រក្សា​កំណត់ហេតុ​នៃ​អ្វី​ដែល​អ្នក​កំពុងរៀន​ពី​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក រក្សា​កំណត់ត្រា​អំពី​អ្វី​ដែល​អ្នក​កំពុង​ព្យាយាម​អនុវត្ត ឬ​ពិភាក្សា​ជាមួយ​អ្នក​ផ្សេង​អំពី​អ្វី​ដែល​អ្នក​កំពុង​រៀន​ម្តង​ក្នុង​មួយ​សប្តាហ៍ )

អញ្ជើញ​អ្នក​ស្ម័គ្រចិត្ត​ឲ្យ​ចែកចាយ​គោលដៅ​សិក្សា​ព្រះគម្ពីរ​របស់​ពួកគេ ព្រម​ទាំង​កង្វល់​ទាំងឡាយ​ដែល​ពួកគេ​អាច​មាន ។ ប្រសិនបើ​សិស្ស​ចែកចាយ​កង្វល់​នានា សូម​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ចែកចាយ​បទគម្ពីរ សេចក្តីថ្លែងការណ៍​ពី​ថ្នាក់​ដឹកនាំ​សាសនាចក្រ ឬ​បទពិសោធន៍​ផ្ទាល់ខ្លួន​ដែល​អាច​ជួយ​បាន ។

សូម​ប្រាប់​សិស្ស​ថា​នៅក្នុង « វាយតម្លៃ​ការរៀនសូត្រ​របស់​អ្នក​ទី ៧ » ពួកគេ​នឹង​មាន​ឱកាស​ដើម្បី​រាយការណ៍​ពី​គោលដៅ​របស់​ពួកគេ ។ ពួកគេ​នឹង​ចែកចាយ​ពី​របៀប​ដែល​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ​កំពុង​ដំណើរការ និង​ពរជ័យ​អ្វីខ្លះ​ដែល​ពួកគេ​មាន​អារម្មណ៍​ថា ព្រះអម្ចាស់​កំពុង​ប្រទាន​ដល់​ពួកគេ​ដោយសារ​ការសិក្សា​ព្រះគម្ពីរ ។

ប្រសិនបើ​នៅ​មាន​ពេល​ក្នុង​ថ្នាក់ សូម​អញ្ជើញ​សិស្ស​ឲ្យ​សិក្សា​ព្រះគម្ពីរ​ដោយ​ស្ងាត់ស្ងៀម ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ស្វែងរក​សេចក្តីពិត​ដែល​ព្រះ​ប្រទាន​ដល់​យើង ដែល​អាច​ដឹកនាំ​ពួកគេ​ក្នុង​ជីវិត​របស់​ពួកគេ​សព្វថ្ងៃនេះ ។ សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។

សូម​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​គោលការណ៍​ទាំងឡាយ​ដែល​បានបង្រៀន​នៅក្នុង​មេរៀន​នេះ ។