« ទំនុកដំកើង ១៣៦ ៖ ‹ ឱសូមអរព្រះគុណដល់ព្រះយេហូវ៉ា › » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
« ទំនុកដំកើង ១៣៦ ៖ ‹ ឱសូមអរព្រះគុណដល់ព្រះយេហូវ៉ា › » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
ទំនុកដំកើង ១០២–១០៣; ១១០; ១១៦–១១៩; ១២៧–១២៨; ១៣៥–១៣៩; ១៤៦–១៥០ ៖ មេរៀនទី ១០៨
ទំនុកដំកើង ១៣៦
« ឱសូមអរព្រះគុណដល់ព្រះយេហូវ៉ា »
ដូចជាទំនុកតម្កើងជាច្រើនដែរ ទំនុកដំកើងរំឭកយើងឲ្យដឹងគុណក្នុងគ្រប់ការទាំងអស់ ។ ការបង្ហាញការដឹងគុណដោយស្មោះចំពោះព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ អាចបើកភ្នែក និងដួងចិត្តរបស់យើងចំពោះសេចក្ដីស្រឡាញ់ និងសេចក្ដីមេត្តាករុណារបស់ទ្រង់ទាំងទ្វេ ហើយអនុញ្ញាតឲ្យសេចក្ដីស្រឡាញ់របស់យើងចំពោះទ្រង់ទាំងទ្វេរីកចម្រើន ។ មេរៀននេះអាចជួយសិស្សទទួលអារម្មណ៍ពីសេចក្តីស្រឡាញ់របស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ នៅពេលពួកគេបង្ហាញការដឹងគុណចំពោះទ្រង់ទាំងទ្វេ ។
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យថ្វាយការអធិស្ឋានថ្លែងអំណរគុណដល់ព្រះវរបិតាសួគ៌ដោយមិនទាមទារអ្វីត្រឡប់មកវិញឡើយ ។ សិស្សអាចរៀបចំចែកចាយចំណាប់អារម្មណ៍របស់ពួកគេពីបទពិសោធន៍នេះជាមួយថ្នាក់ ។
សកម្មភាពរៀនសូត្រដែលអាចមាន
តើខ្ញុំអាចទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ព្រះបានដោយរបៀបណា ?
ចាប់ផ្ដើមថ្នាក់ដោយជួយសិស្សឲ្យជញ្ជឹងគិតពីរបៀបដែលពួកគេអាចទទួលអារម្មណ៍នៃសេចក្ដីស្រឡាញ់របស់ព្រះ ។ របៀបមួយដើម្បីធ្វើការណ៍នេះគឺត្រូវអញ្ជើញសិស្សឲ្យស្រមៃនូវសាច់រឿងដូចខាងក្រោម ។
ថ្ងៃមួយ មិត្តម្នាក់បាននិយាយមកកាន់អ្នក ៖ « នៅពេលខ្លះនៅក្នុងព្រះវិហារ និងថ្នាក់សិក្ខាសាលា មនុស្សនិយាយអំពីអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ព្រះ ។ ខ្ញុំមិនប្រាកដអំពីវាទេ ។ តើខ្ញុំអាចធ្វើអ្វីខ្លះដើម្បីទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ទ្រង់នៅក្នុងជីវិតរបស់ខ្ញុំ ? »
-
តើអ្នកនឹងឆ្លើយតបចំពោះមិត្តភក្តិរបស់អ្នកយ៉ាងដូចម្តេច ?
សិស្សអាចមានចម្លើយផ្សេងៗគ្នា ឬពួកគេប្រហែលជាមិនដឹងថាត្រូវនិយាយអ្វីឡើយ ។ បន្ទាប់ពីសិស្សបានឆ្លើយតបហើយ អ្នកអាចចែកចាយសេចក្ដីថ្លែងការណ៍ដូចខាងក្រោម ។
ប្រធាន ថូម៉ាស អេស ម៉នសុន ( ឆ្នាំ១៩២៧–២០១៨ ) បានពន្យល់ពីអ្វីមួយដែលយើងអាចធ្វើដើម្បីទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ព្រះ ៖
បងប្អូនប្រុសស្រីរបស់ខ្ញុំអើយ តើយើងចងចាំថាត្រូវថ្លែងអំណរគុណចំពោះពរជ័យ ដែលយើងទទួលឬទេ ? ការអរព្រះគុណដោយស្មោះមិនត្រឹមតែជួយយើងឲ្យស្គាល់ពរជ័យរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយបើកទ្វារស្ថានសួគ៌ និងជួយយើងឲ្យទទួលអារម្មណ៍នៃសេចក្ដីស្រឡាញ់របស់ព្រះផងដែរ ។ ( « The Divine Gift of Gratitude » Liahona ខែវិច្ឆិកា ឆ្នាំ២០១០ ទំព័រ ៨៧ )
-
តើអ្នកអាចសង្ខេបអ្វីដែលប្រធាន ម៉នសុន បានបង្រៀនដោយរបៀបណា ?
នៅពេលសិស្សចែកចាយចម្លើយរបស់ពួកគេ សូមសរសេរសេចក្តីពិតខាងក្រោមនៅលើក្ដារខៀន ៖ ការបង្ហាញអំណរគុណចំពោះពរជ័យរបស់យើង ជួយយើងទទួលអារម្មណ៍ពីសេចក្ដីស្រឡាញ់របស់ព្រះ ។
សូមអាន ទំនុកដំកើង ១៣៦:១–៣, ២៦ ដោយរកមើលមូលហេតុដែលអ្នកតែងទំនុកដំកើងបង្ហាញការដឹងគុណចំពោះព្រះ ។
-
តើអ្នកកត់សម្គាល់ឃើញអ្វីខ្លះ ?
អ្នកអាចអញ្ជើញសិស្សឲ្យគូសចំណាំឃ្លា « ដ្បិតសេចក្តីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប » ។ អ្នកអាចចង្អុលបង្ហាញថា រាល់ពេលដែលអ្នកតែងទំនុកដំកើងថ្លែងអំណរគុណ គាត់ស្គាល់ពីសេចក្ដីស្រឡាញ់របស់ព្រះ ។ អ្នកអាចពន្យល់ថា នៅក្នុងភាសាហេព្រើរពាក្យថា សេចក្តីមេត្តាករុណា នៅក្នុងខគម្ពីរទាំងនេះគឺ hesed គឺជា « សេចក្ដីស្រឡាញ់ និងសេចក្ដីមេត្តាករុណាដ៏ពិសេសមួយដែលព្រះមានព្រះទ័យ និងសព្វព្រះទ័យប្រទានដល់អស់អ្នកដែលបានចុះសេចក្ដីសញ្ញាជាមួយទ្រង់ » ( រ័សុល អិម ណិលសុន « សេចក្តីសញ្ញាដ៏នៅអស់កល្បអស់កាលជានិច្ច » លីអាហូណា ខែតុលា ឆ្នាំ២០២២ ទំព័រ ៦ ) ។
-
តើអ្នកគិតថា ហេតុអ្វីបានជាការបង្ហាញការមានអំណរគុណចំពោះពរជ័យរបស់យើងជួយយើងឲ្យទទួលអារម្មណ៍ពីសេចក្តីស្រឡាញ់របស់ព្រះ ?
ការស្គាល់ពរជ័យរបស់ព្រះ
ដើម្បីជួយសិស្សវាយតម្លៃពីរបៀបដែលពួកគេកំពុងធ្វើ ក្នុងការបង្ហាញការដឹងគុណចំពោះព្រះអម្ចាស់ នោះអ្នកអាចធ្វើសកម្មភាពដូចខាងក្រោម ។ សូមរំឭកសិស្សថា ព្រះវិញ្ញាណបរិសុទ្ធអាចជួយយើងឲ្យចងចាំ ដើម្បីយើងអាចរៀន និងកែលម្អ ។ សូមអញ្ជើញសិស្សឲ្យស្តាប់នូវចំណាប់អារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធ នៅពេលពួកគេពិចារណាអំពីចម្លើយរបស់ពួកគេ ។
គិតអំពីបទពិសោធន៍របស់អ្នកកាលពីសប្តាហ៍មុន ។ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមឆ្លើយសំណួរខាងក្រោមដោយប្រើឃ្លា មិនដែល ម្តង ឬពីរដង ពីរបីដង ឬ ជាច្រើនដង ។
-
តើអ្នកស្គាល់ពរជ័យជាក់លាក់ពីព្រះអម្ចាស់ក្នុងជីវិតរបស់អ្នកញឹកញាប់ប៉ុនណា ?
-
តើអ្នកបានសម្ដែងអំណរគុណចំពោះព្រះអម្ចាស់ញឹកញាប់ប៉ុនណាសម្រាប់ពរជ័យរបស់អ្នក ?
-
តើអ្នកទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់ទ្រង់ញឹកញាប់ប៉ុនណា ?
នៅពេលសិស្សពិចារណាពីចម្លើយរបស់ពួកគេ ពួកគេអាចនឹងគិតអំពីពរជ័យទាំងឡាយដែលព្រះអម្ចាស់បានប្រទានដល់ពួកគេ ដែលពួកគេមិនបានស្គាល់ ឬសម្តែងអំណរគុណ ។
ដើម្បីជួយសិស្សស្គាល់ពីពរជ័យរបស់ពួកគេ សូមប្រើសំណៅមេរៀន « ទំនុកដំកើង ១៣៦ ៖ អំណរគុណចំពោះព្រះអម្ចាស់ » ។
សិស្សអាចមើលសំណៅមេរៀននោះតែម្នាក់ឯង ឬអ្នកអាចឲ្យសិស្សបំពេញប្រអប់ដំបូងនៃសំណៅមេរៀននោះ បន្ទាប់មកបញ្ជូនវាតទៅមិត្តរួមថ្នាក់ផ្សេងទៀត ដើម្បីបំពេញប្រអប់បន្ទាប់ ។ សិស្សបន្តបញ្ជូនបន្តរហូតដល់ប្រអប់នីមួយៗត្រូវបានបំពេញ ។ បន្ទាប់មក សំណៅមេរៀននោះអាចបញ្ជូនត្រឡប់ទៅសិស្សដែលជាម្ចាស់ដើមវិញ ដើម្បីមើលអ្វីដែលមិត្តរួមថ្នាក់របស់ពួកគេបានសរសេរ ។ អនុញ្ញាតឲ្យសិស្សមានពេលគ្រប់គ្រាន់ដើម្បីផ្តល់ចម្លើយប្រកបដោយការគិតចំពោះផ្នែកនីមួយៗ ។
បន្ទាប់ពីសកម្មភាពនេះ អ្នកអាចពិភាក្សាអំពីអ្វីដែលសិស្សបានរៀន ឬមានអារម្មណ៍អំពីការបង្ហាញអំណរគុណចំពោះព្រះ ។ ជាផ្នែកមួយនៃការពិភាក្សា អ្នកប្រហែលជាចង់បញ្ជាក់ពីរបៀបដែលអារម្មណ៍ និងការបង្ហាញពីអំណរគុណអាចជួយយើងឲ្យទទួលអារម្មណ៍ស្រឡាញ់សម្រាប់ និងមកពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
បន្ទាប់ពីសិស្សមានពេលគ្រប់គ្រាន់ដើម្បីពិភាក្សាហើយ អ្នកអាចចែកចាយវីដេអូខាងក្រោមដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ៖
-
« Principles of Peace: Gratitude » ( ២:៣២ )
ការបង្ហាញអំណរគុណចំពោះព្រះ
ដើម្បីជួយសិស្សឲ្យអនុវត្តការបង្ហាញពីអំណរគុណចំពោះព្រះ អ្នកអាចអញ្ជើញពួកគេឲ្យធ្វើសកម្មភាពមួយក្នុងចំណោមសកម្មភាពខាងក្រោម ។
ជ្រើសរើសជម្រើសមួយក្នុងចំណោមជម្រើសខាងក្រោម ដើម្បីបង្ហាញពីអំណរគុណរបស់អ្នកចំពោះព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ សូមយកចិត្តទុកដាក់ចំពោះសេចក្តីស្រឡាញ់ដែលអ្នកប្រហែលជាទទួលអារម្មណ៍ពីទ្រង់ទាំងទ្វេនៅពេលអ្នកធ្វើការណ៍នេះ ។
-
សូមបង្ហាញអំណរគុណរបស់អ្នកចំពោះព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ នៅក្នុងការចុះផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ឬដោយការសរសេរនៅក្នុងសៀវភៅកំណត់ហេតុរបស់អ្នក ។
-
សូមធ្វើបញ្ជីនៃអ្វីៗដែលអ្នកមានអំណរគុណចំពោះ ។ សូមចងចាំថាត្រូវបញ្ចូលអ្វីៗទាំងនោះនៅក្នុងការអធិស្ឋានបន្ទាប់របស់អ្នក ។
ដើម្បីបញ្ចប់ អ្នកអាចនឹងចែកចាយពីរបៀបដែលការបង្ហាញអំណរគុណចំពោះព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទជួយយើងឲ្យទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ទ្រង់ទាំងទ្វេ ហើយអនុញ្ញាតឲ្យសេចក្ដីស្រឡាញ់របស់យើងចំពោះទ្រង់ទាំងទ្វេរីកចម្រើន ។