ថ្នាក់​សិក្ខាសាលា
សាស្ដា ៖ « ព្រះ​ទ្រង់​នឹង​នាំ​គ្រប់​ការ​ទាំង​អស់​មក​ដើម្បី​ជំនុំជម្រះ »


« សាស្តា ៖ ‹ ព្រះ​ទ្រង់​នឹង​នាំ​គ្រប់​ការ​ទាំង​អស់​មក​ដើម្បី​ជំនុំជម្រះ › » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ២០២៦ )

« សាស្ដា ៖ ‹ ព្រះ​ទ្រង់​នឹង​នាំ​គ្រប់​ការ​ទាំង​អស់​មក​ដើម្បី​ជំនុំជម្រះ › » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

សុភាសិត ១–៤; ១៥–១៦; ២២; ៣១; សាស្ដា ១–៣; ១១–១២ ៖ មេរៀនទី ១១១

សាស្តា

« ព្រះ​ទ្រង់​នឹង​នាំ​គ្រប់​ការ​ទាំង​អស់​មក​ដើម្បី​ជំនុំជម្រះ »

A thoughtful young woman sitting at a kitchen table.

ពេល​ខ្លះ វា​អាច​ជា​ការ​ងាយស្រួល​ក្នុង​ការផ្ដោតលើ​អ្វី​ដែល​កើតឡើង​ក្នុង​ជីវិត​នេះ ខណៈ​ពេល​ដែល​ភ្លេច​មើល​ជីវិត​របស់​យើង​ពី​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ ។ នៅក្នុង​សាស្ដា គ្រូប្រដៅ​រំឭក​យើង​ថា អ្វីៗ​ក្នុង​លោក​នេះ គឺ​បណ្តោះ​អាសន្ន​ទេ ។ ទ្រង់​ទូន្មាន​យើង​ឲ្យ​រៀបចំ​សម្រាប់​ពេល​ដែល​ព្រះ​នឹង​វិនិច្ឆ័យ​បុត្រាបុត្រី​ទាំងអស់​របស់​ទ្រង់ ។ មេរៀន​នេះ​មាន​គោលបំណង​ជួយ​សិស្ស​យល់​ពី​របៀប​ដែល​ការផ្ដោត​លើ​ការជួប​ព្រះ​នៅឯ​ការជំនុំ​ជម្រះ​ចុងក្រោយ អាច​ជួយ​ពួកគេ​ឲ្យ​ធ្វើ​ការជ្រើសរើស​ដ៏​ឈ្លាសវៃ ។

ការរៀបចំ​សិស្ស ៖ អញ្ជើញ​សិស្ស​ឲ្យ​សន្ទនា​ជាមួយ​ឪពុកម្តាយ ឬ​អ្នកដឹកនាំ​ដែល​គួរ​ឲ្យ​ទុកចិត្ត អំពី​របៀប​ដែល​ពួកគេ​បានឃើញ​ពី​ផលប៉ះពាល់​រយៈពេល​វែង​នៃ​ការសម្រេច​ចិត្ត​ដែល​ពួកគេ​បានធ្វើ​កាល​ពី​ក្មេង ។

សកម្មភាព​រៀនសូត្រ​ដែល​អាចមាន

ការសម្រេចចិត្ត

សូម​ពិចារណា​អំពី​ការចាប់ផ្តើម​ថ្នាក់​ដោយ​ជួយ​សិស្ស​ឲ្យ​ដឹង​ពី​របៀប​ដែល​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ​អាច​មាន​ឥទ្ធិពល​លើ​ការសម្រេចចិត្ត​ដែល​ពួកគេ​ធ្វើ ។ ដើម្បី​ធ្វើ​ដូច្នេះ អ្នក​អាច​សរសេរ​ដូច​ខាងក្រោម​នៅលើ​ក្ដារខៀន ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិភាក្សា​អំពី​របៀប​ដែល​ការ​សម្រេចចិត្ត​នីមួយៗ​នៅពេល​ពួកគេ​នៅ​ក្មេង​អាច​ជះឥទ្ធិពល​ដល់​អនាគត​របស់​ពួកគេ ។

  • របៀប​ដែល​ខ្ញុំ​ប្រព្រឹត្ត​ចំពោះ​រូបកាយ​របស់​ខ្ញុំ

  • របៀប​ដែល​ខ្ញុំ​ចំណាយ​ពេល​ទំនេរ​របស់​ខ្ញុំ

  • របៀប​ដែល​ខ្ញុំ​ប្រព្រឹត្ត​ចំពោះ​មនុស្ស

បន្ទាប់មក សូម​ចែកចាយ​សេចក្ដីថ្លែងការណ៍​ខាងក្រោម ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ភ្ជាប់​ទំនាក់ទំនង​រវាង​ការសម្រេចចិត្ត​ខាងលើ និង​អ្វី​ដែល​ប្រធាន ណិលសុន បាន​បង្រៀន ។

ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ដូច​ខាងក្រោម​អំពី​ការជ្រើសរើស​របស់​យើង ។

Official portrait of President Russell M. Nelson taken January 2018

រាល់​ការជ្រើសរើស​សុចរិត​ដែល​ក្មួយៗ​ធ្វើ​នៅទីនេះ​ នឹង​ទទួល​បាន​រង្វាន់​ក្នុង​ជីវិត​នេះ ។ ប៉ុន្តែ​ការជ្រើសរើស​សុចរិត​ក្នុង​ជីវិត​រមែងស្លាប់​ក៏​នឹង​ទទួល​បាន​រង្វាន់​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដែល​នឹក​ស្មាន​មិន​ដល់​ផងដែរ ។ …

ជាការពិត​ណាស់ មារសត្រូវ​មិន​ចង់​ឲ្យ​ក្មួយៗ​គិត​សូម្បីតែ​អំពី​ថ្ងៃស្អែក ចុះ​ទម្រាំ​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ទៀត​នោះ ។ ( « ការជ្រើសរើស​ដែល​ជះ​ឥទ្ធិពល​លើ​ភាពអស់កល្ប​ជានិច្ច » [ ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក​សម្រាប់​យុវមជ្ឈិមវ័យ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ] នៅលើ​បណ្ណាល័យ​ដំណឹងល្អ )

  • តើ​ការ​មិន​មើល​ការជ្រើសរើស​របស់​យើង​ដោយ​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ​អាច​មាន​ឥទ្ធិពល​លើ​យើង​យ៉ាង​ដូចម្ដេច ?

សរសេរ​ការសម្រេចចិត្ត​ដែល​អ្នក​កំពុង​ប្រឈមមុខ​ដែល​អាច « ទទួល​បាន​រង្វាន់​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដែល​នឹក​ស្មាន​មិន​ដល់ » ។

វា​អាច​ជា​ការល្អ​ក្នុងការ​ផ្តល់​ឲ្យ​សិស្ស​នូវ​គំនិត​មួយចំនួន​អំពី​ប្រភេទ​នៃ​ការសម្រេចចិត្ត​ដែល​ពួកគេ​អាច​សរសេរ​ដូចជា ៖

  • ថា​តើ​ត្រូវ​បន្ត​ចំណាយពេល​ជាមួយ​ក្រុម​មិត្តភក្តិ​ជាក់លាក់​ឬ​អត់ ។

  • ថាតើ​ត្រូវ​ប្រែចិត្ត​ពី​អំពើ​បាប​ដែល​មាន​ក្នុង​គំនិត​របស់​ពួកគេ​ឬ​អត់ ។

  • អ្វី​ដែល​ពួកគេ​ជ្រើសរើស​ធ្វើ​នៅ​ថ្ងៃ​ឈប់សម្រាក ។

សូម​ជញ្ជឹងគិត​ពី​មូលហេតុ​ដែល​ព្រះវរបិតាសួគ៌​ប្រហែលជា​ចង់​ឲ្យ​អ្នក​គិត​អំពី​អនាគត ពេល​ដែល​អ្នក​ធ្វើការ​សម្រេចចិត្ត​នេះ ។ តើ​មាន​អ្វី​កើតឡើង​ប្រសិនបើ​អ្នក​មិន​បានធ្វើ ?

នៅពេល​អ្នក​សិក្សា​សាស្ដា​នៅ​ថ្ងៃ​នេះ សូម​ស្វែងរក​ការយល់ដឹង​ពី​សេចក្ដីពិត​ទាំងឡាយ ហើយ​ទទួល​វិវរណៈ​ផ្ទាល់​ខ្លួន​ពី​ព្រះអម្ចាស់ ដែល​អាច​ជួយ​អ្នក​ក្នុង​ការ​សម្រេចចិត្ត​នេះ ។

ផ្តោតលើ​រឿង​ខាងសាច់ឈាម

នៅក្នុង​គម្ពីរ​សាស្ដា អ្នកនិពន្ធ​បានសំដៅ​លើ​ខ្លួន​គាត់​ថា​ជា « គ្រូប្រដៅ » ( សាស្ដា ១:១ ) ។ គ្រូប្រដៅ​បាន​ធ្វើ​ឲ្យ​ឃើញ​ពី​ភាពផ្ទុយ​គ្នា​នៃ​ភាពទទេ​នៃ​ការផ្ដោតលើ​ជីវិត​របស់យើង​លើ​រឿង​ខាង​សាច់ឈាម ជាមួយនឹង​សារៈសំខាន់​នៃ​ការរៀបចំ​ខ្លួន​ដើម្បី​ជួប​ព្រះ ។

សូម​ពិចារណា​បង្កើត​ក្រុម​តូចៗ ហើយ​អញ្ជើញ​ក្រុម​នីមួយៗ​ឲ្យ​អាន​វគ្គបទគម្ពីរ​មួយ​ខាងក្រោម ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​វគ្គបទគម្ពីរ​នេះ​ឲ្យ​បានច្បាស់ នោះ​អ្នក​អាច​ដាក់បង្ហាញ​និយមន័យ​ដូច​ខាងក្រោម ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ជំនួស​ពាក្យ និង​ឃ្លា​ខាងក្រោម​ជាមួយនឹង​និយមន័យ​របស់​ពួកគេ នៅពេល​ពួកគេ​អាន ៖

  • « ការ​ឥត​ប្រយោជន៍ » មាន​ន័យ​ថា ទទេ ឬ​មួយ​ភ្លែត ។

  • « នៅ​ក្រោម​មេឃ » ឬ « នៅ​ក្រោម​ថ្ងៃ » មានន័យ​ថា​នៅក្នុង​ជីវិត​រមែងស្លាប់​នេះ ។

  • « ជា​អសារ​ឥត​ការ » មានន័យ​ថា ធ្វើ​មិន​បាន​សម្រេច ។

សូម​អាន​វគ្គបទគម្ពីរ​ខាងក្រោម ដោយ​រកមើល​អ្វី​ដែល​គ្រូប្រដៅ​បានរកឃើញ បន្ទាប់ពី​បានស្វែងរក​នូវ​អ្វី​មួយចំនួន​ដែល​មនុស្ស​ខ្លះ​គិត​ថា​នឹង​ធ្វើ​ឲ្យ​ពួកគេ​សប្បាយចិត្ត និង​នាំ​មក​នូវ​ការបំពេញ ៖

  • ប្រាជ្ញា​នៃ​លោកិយ ។ សាស្ដា ១:១៣–១៨

  • ភាពរីករាយ​ខាង​សាច់ឈាម និង​ទ្រព្យសម្បត្ដិ​ខាង​សម្ភារ ។ សាស្ដា ២:១, ៤–១១

អ្នក​ប្រហែល​ជា​ចង់​បញ្ជាក់​ថា ប្រាជ្ញា​របស់​លោកិយ និង​ទ្រព្យសម្បត្តិ​មិន​ចាំបាច់​ថា​អាក្រក់ ឬ​ខុស​នោះ​ទេ ។ ប៉ុន្តែ​នៅពេល​ដែល​រឿង​ទាំងនេះ​ក្លាយជា​ការផ្តោត​អារម្មណ៍​របស់​យើង ជាពិសេស​ជាង​ការគាប់​ព្រះហឫទ័យ​ព្រះ​អម្ចាស់ នោះ​វា​ក្លាយជា​គ្រោះថ្នាក់​ខាងវិញ្ញាណ​វិញ ។ សូម​អញ្ជើញ​ក្រុម​ឲ្យ​ពិភាក្សា​នូវ​សំណួរ​ដូច​ខាងក្រោម ។ បន្ទាប់មក​សមាជិក​ក្រុម​អាច​ចែកចាយ​ការយល់ដឹង​របស់​ក្រុម​ជាមួយ​ថ្នាក់ ។

  • តើ​តាម​របៀប​ណា​ដែល​ការទទួល​បាន​របស់​ទាំង​នេះ នៅ​ទីបំផុត​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ទទេ ឬ​តានតឹង ?

ការប្រជុំ​ចុងក្រោយ​របស់យើង​ជាមួយព្រះ

បន្ទាប់ពី​ស្វែងរក​ចំណេះដឹង និង​ទ្រព្យសម្បត្តិ​ខាង​សាច់ឈាម គ្រូប្រដៅ​បញ្ចប់​សៀវភៅ​របស់គាត់​ជាមួយនឹង​មេរៀន​ដែល​គាត់​បានរៀន ។ សូម​អាន សាស្ដា ១២:៧, ១៣–១៤ ដោយ​រកមើល​អ្វី​ដែល​គាត់​បានបង្រៀន​ដែល​អាច​ជួយ​យើង​រក្សា​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ ។

ទស្សនវិស័យ​នេះ​មាន​សារៈសំខាន់​ណាស់ ដែល​ព្រះ​បានបំផុសគំនិត​អ្នកបម្រើ​របស់​ទ្រង់​ជាច្រើន​នាក់​ឲ្យ​បង្រៀន​វា ។ សូម​យោង​បទគម្ពីរ​នៅ​ក្នុង​ព្រះគម្ពីរ ឬ​ភ្ជាប់ សាស្ដា ១២:៧, ១៣–១៤ ជាមួយនឹង អាលម៉ា ៣៤:៣២ និង មរមន ៣:២០, ២២ ។ សូម​អាន​វគ្គបទគម្ពីរ​ទាំងនេះ ដោយ​រកមើល​ពី​របៀប​ដែល​អាមូលេក និង​មរមន​បានបង្រៀន​នូវ​សារលិខិត​ស្រដៀង​គ្នា​មួយ ។

  • តើ​អ្នក​នឹង​សង្ខេប​អ្វី​ដែល​ខគម្ពីរ​ទាំងនេះ​បង្រៀន​នៅក្នុង​សេចក្តីថ្លែងការណ៍​នៃ​សេចក្តីពិត​នេះ​ដោយ​របៀប​ណា ?

    សូម​ជួយ​សិស្ស​ស្វែងរក​សេចក្តីពិត​មួយ​ដូចជា ៖ ការជ្រើសរើស​របស់​យើង​នៅក្នុង​ជីវិត​នេះ​នឹង​កំណត់​ថា​តើ​យើង​ត្រៀមខ្លួន​យ៉ាងណា​ដើម្បី​ឈរ​នៅ​ចំពោះ​ព្រះ​នៅ​ឯ​សេចក្តីជំនុំ​ជម្រះ​ចុង​ក្រោយ ។ មុនពេល​សិស្ស​ឆ្លើយ​សំណួរ​បន្ទាប់ អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​បិទ​ភ្នែក ហើយ​ស្រមៃ​ថា​បាន​ជួប​ព្រះ​បន្ទាប់ពី​ជីវិត​នេះ ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ពិចារណា​អំពី​អ្វី​ដែល​ពួកគេ​ដឹង​អំពី​ទ្រង់ និង​គុណលក្ខណៈ​របស់​ទ្រង់ ។

  • តើ​គុណលក្ខណៈ​ពិសេស​អ្វីខ្លះ​របស់​ព្រះ​ដែល​ធ្វើ​ឲ្យ​ទ្រង់​មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់​ធ្វើ​ជា​អង្គជំនុំជម្រះ​របស់​យើង ?

អ្នក​អាច​រំឭក​សិស្ស​អំពី​តួនាទី​របស់​ព្រះយេស៊ូវគ្រីស្ទ​ក្នុង​ការជួយ​យើង​រៀបចំ​សម្រាប់​ការជំនុំជម្រះ​ចុងក្រោយ ដោយ​ការចែកចាយ​បទគម្ពីរ និង​សំណួរ​ខាងក្រោម

សូម​អាន នីហ្វៃទី៣ ២៧:១៦, ១៩ ដោយ​រកមើល​ពី​របៀប​ដែល​យើង​អាច​រៀបចំខ្លួន​ដើម្បី​ជួប​ព្រះយេស៊ូវគ្រីស្ទ​នៅ​ឯ​ការជំនុំជម្រះ​ចុងក្រោយ ។

  • ហេតុអ្វី​បាន​ជា​វា​សំខាន់​ដើម្បី​យល់​ថា យើង​មិន​អាច​រៀបចំខ្លួន​សម្រាប់​ការជំនុំជម្រះ​ចុងក្រោយ​ដោយ​គ្មាន​ព្រះយេស៊ូវគ្រីស្ទ ?

គោលដៅ​សេឡេស្ទាល​របស់​យើង

សូម​ជួយ​សិស្ស​មើលឃើញ​ពី​របៀប​ដែល​ការដឹង​ថា​ជម្រើស​របស់​យើង​រៀបចំ​យើង​សម្រាប់​ភាពអស់កល្បជានិច្ច អាច​ជះឥទ្ធិពល​ដល់​ការសម្រេចចិត្ត​ប្រចាំថ្ងៃ​ដែល​យើង​ធ្វើ ។ របៀប​មួយ​ដើម្បី​ធ្វើ​ការណ៍​នេះ​គឺ​ដោយ​ការអនុញ្ញាត​ឲ្យ​សិស្ស​អនុវត្ត​នូវ​អ្វី​ដែល​ប្រធាន ណិលសុន បានបង្រៀន​នៅក្នុង​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម ។

ប្រធាន រ័សុល អិម ណិលសុន បានថ្លែង​ទីបន្ទាល់​ពី​សារៈសំខាន់​នៃ​ការចាប់ផ្ដើម « ពិចារណា​ពី​គោលដៅ​ដ៏​ខ្ពស់​បំផុត » ៖

19:15
Official portrait of President Russell M. Nelson taken January 2018

នៅក្នុង​សារលិខិត​ដំបូង​របស់​ខ្ញុំ​ក្នុងនាម​ជា​ប្រធាន​នៃ​សាសនាចក្រ​នេះ ខ្ញុំ​បាន​លើកទឹកចិត្ត​បងប្អូន​ឲ្យ​ពិចារណា​ពី​គោលដៅ​ដ៏​ខ្ពស់​បំផុត​របស់​បងប្អូន ។ ការណ៍​នេះ​មាន​ន័យ​ថា​ដាក់​នគរ​សេឡេស្ទាល​ជា​គោលដៅ​ដ៏​អស់កល្ប​ជានិច្ច​របស់​បងប្អូន ហើយ​បន្ទាប់មក​ពិចារណា​ដោយ​ប្រុងប្រយ័ត្ន​ថា ការសម្រេចចិត្ត​នីមួយៗ​របស់​បងប្អូន​ខណៈ​នៅលើ​ផែនដី​នេះ នឹង​នាំ​បងប្អូន​ទៅ​កន្លែង​ណា​នៅ​ពិភពលោក​បន្ទាប់​ទៀត ។ ( « គិត​ដល់​សេឡេស្ទាល ! » លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២៣ ទំព័រ ១១៨ )

  • តើ​តាម​របៀប​ណា​ខ្លះ​ដែល​ការបង្រៀន និង​គំរូ​របស់​ព្រះយេស៊ូវគ្រីស្ទ​បង្ហាញ​ថា​ទ្រង់​បាន​ធ្វើ​ការសម្រេចចិត្ត​តាម « ពិចារណា​ពី​គោលដៅ​ដ៏​ខ្ពស់​បំផុត » ?

សូម​ពន្យល់​ថា សិស្ស​នឹង​អនុវត្ត​នូវ​អ្វី​ដែល​ប្រធាន ណិលសុន បង្រៀន ។ មុន​ពេល​ពួកគេ​ចាប់ផ្តើម អ្នក​អាច​សុំ​ឲ្យ​ពួកគេ​គិត​អំពី​ការសម្រេចចិត្ត​ដែល​នឹង​ជះឥទ្ធិពល​ដល់​ពួកគេ​ក្នុង​ជីវិត​បន្ទាប់ ។ បន្ថែម​ការសម្រេចចិត្ត​ទាំងនេះ​ទៅក្នុង​បញ្ជី​នៃ​ការសម្រេចចិត្ត​នៅលើ​ក្ដារខៀន​ចាប់ពី​ពេល​ចាប់ផ្តើម​ថ្នាក់ ។

បន្ទាប់មក​សិស្ស​អាច​ពិភាក្សា​នូវ​អ្វី​ខាងក្រោម​នៅក្នុង​ក្រុម​តូចៗ ។

ជ្រើសរើស​ការសម្រេចចិត្ត​មួយ​នៅលើ​ក្តារខៀន ហើយ​ឆ្លើយ​សំណួរ​ខាងក្រោម ៖

  • តើ​ការសម្រេចចិត្ត​អ្វីខ្លះ​ដែល​ក្មេង​វ័យជំទង់​អាច​ធ្វើ​អំពី​ការណ៍​នេះ​ដែល​នឹង​ជះឥទ្ធិពល​ដល់​ការរៀបចំខ្លួន​របស់​ពួកគេ​ដើម្បី​ជួប​ព្រះ ?

  • តើ​អ្នក​បាន​រៀន​អ្វីខ្លះ​ពី​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ដែល​អាច​ជួយ​ក្មេង​វ័យ​ជំទង់​ម្នាក់​ធ្វើ​ការសម្រេចចិត្ត​អំពី​ការណ៍​នេះ ?

សូម​អញ្ជើញ​ក្រុម​ឲ្យ​ចែកចាយ​ការយល់ដឹង​របស់​ពួកគេ​ជា​មួយ​ថ្នាក់ ។ អ្នក​អាច​នឹង​លើកទឹកចិត្ត​សិស្ស​ឲ្យ​ស្វែងរក និង​ចែកចាយ​បទគម្ពីរ ឬ​សេចក្ដីថ្លែងការណ៍​ពី​ថ្នាក់ដឹកនាំ​សាសនាចក្រ ដែល​គាំទ្រ​អ្វី​ដែល​ពួកគេ​ចែកចាយ ។

សេចក្តីសន្និដ្ឋាន

មុន​ពេល​សិស្ស​បញ្ចប់​សកម្មភាព​ខាងក្រោម អ្នក​អាច​រំឭក​ពួកគេ​អំពី​ការសម្រេចចិត្ត​ដែល​ពួកគេ​បានសរសេរ​នៅពេល​ចាប់ផ្ដើម​ថ្នាក់ ។

ស្រមៃ​ថា​ឈរ​នៅ​ចំពោះ​ព្រះ​នៅ​ឯ​ការជំនុំជម្រះ​ចុងក្រោយ ហើយ​ស្តាប់​ទ្រង់​ប្រាប់​អ្នក​ថា « ប្រពៃ​ហើយ បាវ​ល្អ​ស្មោះត្រង់​អើយ » ( ម៉ាថាយ ២៥:២៣ ) ។

ឥឡូវនេះ សូម​ស្រមៃ​ថា ខណៈពេល​ដែល​ឈរ​នៅ​ចំពោះ​ព្រះ នោះ​អ្នក​មាន​ឱកាស​ផ្ញើសារ​ត្រឡប់​ទៅ​អតីតកាល​វិញ ទៅកាន់​ខ្លួន​អ្នក​បច្ចុប្បន្ន ។ សរសេរ​សារ​ដែល​ផ្តល់​ដំបូន្មាន​ដល់​ខ្លួន​អ្នក​បច្ចុប្បន្ន ដែល​នឹង​ជួយ​អ្នក​រៀបចំខ្លួន​សម្រាប់​ការជំនុំជម្រះ​ចុងក្រោយ ។ អ្នក​អាច​រួមបញ្ចូល​អ្វី​ដែល​អ្នក​បានរៀន និង​មាន​អារម្មណ៍​នៅ​ថ្ងៃ​នេះ​អំពី ៖

  • របៀប​ដែល​ជម្រើស​នៅពេល​អ្នក​នៅក្មេង​មាន​ឥទ្ធិពល​លើ​ការរៀបចំ​ខ្លួន​របស់អ្នក​ដើម្បី​ជួប​ព្រះ ។

  • ការកែតម្រូវ​អ្វីខ្លះ​ដែល​អ្នក​នឹង​លើក​ទឹកចិត្ត​ខ្លួនឯង​ឲ្យ​ធ្វើ​អំពី​ការសម្រេចចិត្ត​ដែល​អ្នក​កំពុង​ប្រឈមមុខ​នា​ពេលបច្ចុប្បន្ន ។

សូម​ពិចារណា​អំពី​ការថ្លែង​ទីបន្ទាល់​អំពី​សារៈសំខាន់​នៃ​ការសម្រេចចិត្ត​ដោយ​ផ្តោតលើ​ថ្ងៃ​ដែល​យើង​នឹង​ឈរ​នៅ​ចំពោះ​ព្រះ​ដើម្បី​ទទួល​ការជំនុំជម្រះ ។