« ៦. ការបញ្ចប់បេសកកម្មរបស់អ្នក » បទដ្ឋានអ្នកផ្សព្វផ្សាយសាសនាសម្រាប់សិស្សរបស់ព្រះយេស៊ូវគ្រីស្ទ—ពួកអ្នកផ្សព្វផ្សាយសាសនាផ្នែកសេវាកម្ម ( ឆ្នាំ២០២៥ )
« ការបញ្ចប់បេសកកម្មរបស់អ្នក » បទដ្ឋានអ្នកផ្សព្វផ្សាយសាសនាសម្រាប់សិស្សរបស់ព្រះយេស៊ូវគ្រីស្ទ—ពួកអ្នកផ្សព្វផ្សាយសាសនាផ្នែកសេវាកម្ម
៦
ការបញ្ចប់បេសកកម្មរបស់អ្នក
៦.០
សេចក្តីផ្ដើម
សូមរៀបចំខ្លួនរបស់អ្នកឥឡូវនេះ ដើម្បីបន្តរស់នៅក្នុងនាមសិស្សម្នាក់របស់ព្រះយេស៊ូវគ្រីស្ទ និងជាសមាជិកដ៏ស្មោះត្រង់ម្នាក់របស់សាសនាចក្រព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ក្រោយពីអ្នកត្រូវបានដោះលែង ។ ទោះបីជាបេសកកម្មរបស់អ្នកនឹងត្រូវបានបញ្ចប់ក៏ដោយ អ្នកនឹងបន្តស្វែងរកដើម្បីបំពេញបេសកកម្មក្នុងជីវិតរបស់អ្នកក្នុងការត្រឡប់មករស់នៅជាមួយនឹងព្រះវរបិតាសួគ៌វិញ ។
៦.១
« ផែនការរបស់ខ្ញុំ »
នៅពេលដែលបេសកកម្មរបស់អ្នកឈានដល់ទីបញ្ចប់ ហើយដោយមានជំនួយពីអ្នកប្រឹក្សាយោបល់របស់អ្នកផ្សព្វផ្សាយសាសនាផ្នែកសេវាកម្មរបស់អ្នក សូមបំពេញ « ផែនការរបស់ខ្ញុំ » របស់អ្នក ។ សូមចែកចាយវាជាមួយនឹងអ្នកប្រឹក្សាយោបល់របស់អ្នកផ្សព្វផ្សាយសាសនាផ្នែកសេវាកម្មរបស់អ្នក ។ បន្ទាប់ពីបេសកកម្មរបស់អ្នក អ្នកនឹងត្រូវបានចាត់តាំងឲ្យមានអ្នកណែនាំដែលអាចជួយ និងគាំទ្រអ្នកក្នុងការធ្វើតាម « ផែនការរបស់ខ្ញុំ » របស់អ្នក ។
៦.២
ការបញ្ចប់បេសកកម្មរបស់អ្នក
ដោយសារអ្នកនៅតែជាអ្នកផ្សព្វផ្សាយសាសនាម្នាក់ រហូតទាល់តែអ្នកត្រូវបានដោះលែង ដោយប្រធានស្តេករបស់អ្នក នោះអ្នកត្រូវបានរំពឹងឲ្យធ្វើតាមបទដ្ឋានអ្នកផ្សព្វផ្សាយសាសនាទាំងអស់រហូតដល់ពេលនោះ ។
៦.៣
ការបម្រើ និងការរីកចម្រើនក្រោយពីបេសកកម្មរបស់អ្នក
នៅពេលអ្នកបញ្ចប់បេសកកម្មរបស់អ្នក សូមបន្តរស់នៅតាមដំណឹងល្អ និងរក្សាទម្លាប់សុចរិតដែលជួយអ្នកនៅជិតព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ សូមប្រើទេពកោសល្យ និងសមត្ថភាពរបស់អ្នក ដែលអ្នកបានអភិវឌ្ឍដើម្បីពង្រឹងអ្នកដទៃ និងស្ថាបនានគររបស់ព្រះ ។ សូមប្រាកដថាអ្នក ៖
-
ចែកចាយបទពិសោធន៍នៅក្នុងបេសកកម្មរបស់អ្នកជាមួយអ្នកដទៃ ។
-
អនុវត្តតាម « ផែនការរបស់ខ្ញុំ » របស់អ្នក ហើយបន្តដាក់គោលដៅពេញមួយជីវិតរបស់អ្នក ។
-
អធិស្ឋាន និងសិក្សាដំណឹងល្អជារៀងរាល់ថ្ងៃ ។
-
ទៅ និងចូលរួមនៅក្នុងវួដកំណើតរបស់អ្នក ឬនៅវួដយុវមជ្ឈិមវ័យនៅលីវ ។ សុំការហៅបម្រើមួយពីប៊ីស្សពរបស់អ្នក ។
-
ស្វែងរកឱកាសដើម្បីបម្រើនៅក្នុងព្រះវិហារបរិសុទ្ធ ប្រសិនបើមានព្រះវិហារបរិសុទ្ធនៅជិត ។
-
បន្តស្វែងរកឱកាសបម្រើមនុស្សដទៃទៀត ។
-
ចូលរួមថ្នាក់វិទ្យាស្ថាន ឬការអប់រំខាងសាសនាផ្សេងទៀត ។
-
ស្វែងរកឱកាសសម្រាប់ការអប់រំ ការបំពាក់បំប៉ន និងការងារ ។
រស់នៅដើម្បីឲ្យអ្នកនឹងបានដកពិសោធន៍នូវអំណរដែលបានពិពណ៌នានៅក្នុងព្រះគម្ពីរមរមន ពេលដែលអាលម៉ាជាកូនបានជួបនឹងពួកអ្នកផ្សព្វផ្សាយសាសនាដូចគាត់នៅពេលក្រោយមកក្នុងជីវិត ៖
« កាលអាលម៉ាកំពុងតែធ្វើដំណើរពីដែនដីគេឌាន ទៅឯទិសខាងត្បូង គឺឆ្ពោះទៅរកដែនដីម៉ាន់តៃ មើលចុះ លោកមានសេចក្ដីអស្ចារ្យជាខ្លាំងដោយបានជួបនឹងពួកបុត្រានៃម៉ូសាយ ដែលកំពុងតែធ្វើដំណើរទៅដែនដីសារ៉ាហិមឡា ។ …
« … ហេតុដូច្នេះហើយ អាលម៉ាបានអររីករាយជាខ្លាំង នៅពេលបានជួបបងប្អូនរបស់លោកទៀត រីឯសេចក្ដីអំណររបស់លោកកាន់តែកើនឡើងថែមទៀតព្រោះពួកគេនៅជាបងប្អូនរបស់លោកក្នុងព្រះអម្ចាស់នៅឡើយ មែនហើយ ពួកគេបានមាំមួននៅក្នុងការស្គាល់ពីសេចក្ដីពិត ព្រោះពួកគេជាមនុស្សដែលមានយោបល់ដ៏ជ្រាលជ្រៅ ហើយគេបានព្យាយាមពិចារណាមើលបទគម្ពីរ ដើម្បីឲ្យគេអាចស្គាល់ព្រះបន្ទូលនៃព្រះ ។
« ប៉ុន្តែនេះពុំទាន់អស់នៅឡើយទេ ពួកគេបានប្រគល់ខ្លួនទៅក្នុងការអធិស្ឋាន និងការតមអាហារជាច្រើន ហេតុដូច្នេះហើយ ពួកគេប្រកបដោយវិញ្ញាណនៃការព្យាករណ៍ និងវិញ្ញាណនៃវិវរណៈ ហើយកាលណាគេបង្រៀន គឺគេបង្រៀនដោយអានុភាព និងសិទ្ធិអំណាចពីព្រះ » ( អាលម៉ា ១៧:១–៣ ) ។