អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម
១.បទពិសោធន៍​ផ្សព្វផ្សាយ​សាសនា​របស់​អ្នក


« ១. បទពិសោធន៍​ផ្សព្វផ្សាយ​សាសនា​របស់​អ្នក » បទដ្ឋាន​អ្នកផ្សព្វផ្សាយ​សាសនា​សម្រាប់​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ—ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម ( ឆ្នាំ២០២៥ )

« បទពិសោធន៍​អ្នក​ផ្សព្វផ្សាយ​សាសនា​របស់​អ្នក » បទដ្ឋាន​អ្នកផ្សព្វផ្សាយ​សាសនា​សម្រាប់​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ—ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម

ព្រះយេស៊ូវ​កំពុង​បង្រៀន​ពួកសិស្ស

បទពិសោធន៍​ផ្សព្វផ្សាយ​សាសនា​របស់​អ្នក​

១.០

គោលបំណង​របស់អ្នក

ការងារបម្រើ​របស់​ព្រះអង្គសង្រ្គោះ​បង្ហាញ​ពី​គំរូ​នៃ​បទបញ្ញត្តិ​ធំ​ពីរ ។ បទបញ្ញត្តិ​ទី​មួយ « ត្រូវ​ឲ្យ​ស្រឡាញ់​ព្រះអម្ចាស់​ជា​ព្រះ​នៃ​ឯង​ឲ្យ​អស់​អំពី​ចិត្ត អស់​ពី​ព្រលឹង ហើយ​អស់​អំពី​គំនិត​ឯង » ។ ហើយ​បញ្ញត្តិ​ទី​ពីរ ក៏​បែប​ដូចគ្នា​គឺ​ថា « ត្រូវ​ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង » (ម៉ាថាយ ២២:៣៧, ៣៩ ) ។ ដំបូង​យើង​ស្រឡាញ់​ព្រះ ។ ដោយសារ​យើង​ស្រឡាញ់​ទ្រង់ នោះយើង​ស្រឡាញ់​បុត្រាបុត្រី​របស់​ទ្រង់ ។ ហើយ​របៀប​មួយ​ដែល​យើង​បង្ហាញ​សេចក្តីស្រឡាញ់​របស់​យើង​សម្រាប់​បុត្រាបុត្រី​របស់​ព្រះ គឺ​តាមរយៈ​ការបម្រើ​ពួកគេ ឲ្យ​ដូច​ជា​អ្នកជិតខាង​របស់​យើង ។

អ្នក​មាន​គោលបំណង​ជាក់លាក់​មួយ​ក្នុងនាម​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែកសេវាកម្ម ។ គោលបំណង​នេះ​ត្រូវបាន​ផ្ដល់​ឲ្យ​អ្នក​ដោយ​គណៈប្រធាន​ទីមួយ ។ សេចក្តីណែនាំ​នេះ​គួរតែ​ដឹកនាំ​អ្នក​នៅក្នុង​ការហៅ​ដ៏​ពិសិដ្ឋ ដើម្បី​បម្រើ​បុត្រាបុត្រី​របស់​ព្រះវរបិតាសួគ៌ ។

  • ជួយ​អ្នកដទៃ​ឲ្យ​មក​កាន់​ព្រះគ្រីស្ទ ដោយ​ការបម្រើ​ពេញ​ដោយ​សេចក្តីមេត្តាករុណា​ដូចជា​ព្រះអង្គសង្រ្គោះ​នឹង​ធ្វើ ។ ផ្ដល់​ការងារ​បម្រើ​នៅក្នុង​ព្រះនាម​របស់​ទ្រង់​ទៅដល់​មនុស្ស​ម្នាក់ តាមរយៈ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​រស់នៅ​ជា​គំរូ​នៃ​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ការប្រែចិត្ត ការរក្សា​សេចក្ដីសញ្ញា​ជាមួយ​នឹង​ព្រះ និង​ការកាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត ។

ការបម្រើ​របស់​អ្នក​គឺ​សម្រាប់​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​អ្នក​ត្រូវបាន​អញ្ជើញ​ឲ្យ​បម្រើ និង​ប្រែក្លាយ​ដូចជា​ទ្រង់ ។

១.១

សេចក្តីផ្ដើម

បេសកកម្ម​របស់​អ្នក​ពុំ​បាន​ចាប់ផ្ដើម​នៅ​ថ្ងៃ​ដែល​អ្នក​បាន​ទទួល​ពិធី​ញែក​ចេញ​នោះ​ទេ ។ ហើយ​វា​នឹង​មិន​បញ្ចប់​នៅ​ថ្ងៃ​ដែល​អ្នក​ត្រូវបាន​ដោះលែង​នោះ​ដែរ ។ បេសកកម្ម​គឺ​លើស​ពី​ការពាក់​ស្លាក​ឈ្មោះ​នៅពេល​ព្រឹក និង​ដក​វា​ចេញ​នៅពេល​យប់​ទៅ​ទៀត ។

បទពិសោធន៍​បេសកកម្ម​របស់​អ្នក​បង្ហាញ​ពី​ការ​តាំង​ចិត្ត​របស់​អ្នក​ចំពោះ​ព្រះយេស៊ូវគ្រីស្ទ និង​បំណង​ប្រាថ្នា​របស់​អ្នក​ដើម្បី​បម្រើ​មនុស្ស​ដទៃ​នៅក្នុង​ព្រះនាម​របស់​ទ្រង់ ។ ចាប់​តាំង​ពី​ពិធី​បុណ្យ​ជ្រមុជ​ទឹក​របស់​អ្នក​មក អ្នក​បាន​ស្ថិត​នៅលើ​ផ្លូវ​នៃ​សេចក្ដី​សញ្ញា ដែល​នាំ​ទៅ​កាន់​សុភមង្គល អំណរ និង​សេចក្ដី​សុខសាន្ត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។ បទពិសោធន៍​បេសកកម្ម​របស់អ្នក​អាច​ផ្លាស់ប្តូរ​អ្នក​បាន ។ អ្នក​គួរតែ​យក​ការផ្លាស់ប្តូរ​ទាំងនោះ​ទៅ​ជាមួយ​អ្នក​អស់​មួយ​ជីវិត ។

ចេញពី​ទស្សនៈ​ដ៏​អស់កល្ប​មួយ នោះ​បេសកកម្ម​របស់​អ្នក​គឺជា​របៀប​ដើម្បី​ជួយ​អ្នក​ឲ្យ​ធ្វើ​ជា​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ​ពេញ​មួយ​ជីវិត ។ ព្រះគម្ពីរ​មរមន​បង្រៀន​ថា « យើង​សុំ​ប្រាប់​អ្នក​នូវ​ការណ៍​ទាំងនេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​មាន​ប្រាជ្ញា ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​អាច​បាន​ដឹង​ថា កាលណា​អ្នក​រាល់​គ្នា​នៅ​ក្នុង​ការបម្រើ​ដល់​មនុស្ស​ទូទៅ នោះ​អ្នក​រាល់​គ្នា​គ្រាន់​តែ​នៅ​ក្នុង​ការបម្រើ​ដល់​ព្រះ​របស់​អ្នក​តែ​ប៉ុណ្ណោះ » ( ម៉ូសាយ ២:១៧ ) ។ បេសកកម្ម​របស់អ្នក​គឺជា​ពេលវេលា​តែ​មួយ​គត់​នៅក្នុង​ជីវិត​របស់​អ្នក​ដើម្បី​ស្វែងយល់​ពី​អំណរ​នៃ​ការបម្រើ​ព្រះអម្ចាស់ និង​អ្នក​ដទៃ ។

ព្រះអម្ចាស់​បាន​មាន​ព្រះ​បន្ទូល​ថា « បើសិនជា​អ្នករាល់គ្នា​មាន​បំណង​ចង់​បម្រើ​ព្រះ នោះ​អ្នករាល់គ្នា​បាន​ហៅ​ឲ្យ​ធ្វើ​កិច្ចការ​នោះ​ហើយ » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤:៣ ) ។ អ្នក​មាន​អភ័យ​ឯកសិទ្ធិ​ក្នុង​ការលះបង់​រយៈពេល​នេះ​ក្នុង​ជីវិត​របស់​អ្នក​ដើម្បី​បម្រើ​ព្រះអម្ចាស់ ដោយ​ការបម្រើ​អ្នក​ដទៃ​ក្នុង​ព្រះនាម​របស់​ទ្រង់ ។ នៅ​ក្នុង​ការហៅ​នេះ អ្នក​នឹង​មាន​ឱកាស​ផ្ដល់​ការបម្រើ​ដែល​នឹង​ផ្ដល់​ពរ​ដល់​មនុស្ស​ដទៃ ជីវិត​របស់​អ្នក​ផ្ទាល់ គ្រួសារ​របស់​អ្នក សាសនាចក្រ និង​អង្គការ​ដែល​អ្នក​បម្រើ ។

យើងម្នាក់ៗ​ត្រូវ​បាន​ចាត់​មក​ផែនដី​នេះ​ជាមួយ​នឹង​សមត្ថភាព និង​ទេពកោសល្យ​ខុសៗគ្នា ។ អ្នក​អាច​ធ្វើ​ការចូលរួម​ចំណែក​ដ៏​មាន​អត្ថន័យ​ចំពោះ​កិច្ចការ​របស់​ព្រះ​ជាមួយ​នឹង​ទេពកោសល្យ និង​សមត្ថភាព​ដ៏​វិសេស​វិសាល​របស់​អ្នក ។

ចូរ​រីករាយ​នឹង​បទពិសោធន៍​បេសកកម្ម​របស់​អ្នក ពេល​អ្នក​ស្រឡាញ់​ព្រះ និង​ស្រឡាញ់​អ្នក​ជិត​ខាង​របស់​អ្នក ។ នេះ​ជា​ពេល​ដើម្បី​ត្រេកអរ និង​ដើម្បី​ដក​ពិសោធន៍​សុភមង្គល និង​ភាពសុខសាន្ត​ដ៏​យូរ​អង្វែង​តាម​រយៈ​ព្រះយេស៊ូវគ្រីស្ទ ។

១.២

ការគោរព​ប្រតិបត្តិ

សិស្ស​ដ៏​ពិត​របស់​ព្រះយេស៊ូវគ្រីស្ទ គឺ​គោរព​ប្រតិបត្តិ ។ ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ថា « បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ ចូរ​កាន់​តាម​បញ្ញត្តិ​របស់​ខ្ញុំ​ចុះ » ( យ៉ូហាន ១៤:១៥ ) ។ ការកាន់​តាម​បទបញ្ញត្តិ​មាន​ន័យ​ថា អ្នក​នឹង​ធ្វើ​អ្វី​ដែល​ព្រះអម្ចាស់​សុំ​ដោយ​ស្ម័គ្រចិត្ត ហើយ​ដោយ​ស្មោះត្រង់ ដោយសារ​អ្នក​ស្រឡាញ់​ទ្រង់ ។ ការគោរព​ប្រតិបត្តិ​ក៏​មាន​ន័យ​ថា អ្នក​កាន់​តាម​បទបញ្ញត្តិ « ដោយ​អំណរ » និង « ចិត្ត​ស្មោះត្រង់ » ផងដែរ ( កូល៉ុស ១:១១; កិច្ចការ ២:៤៦ ) ។

ព្រះយេស៊ូវគ្រីស្ទ​គឺជា​គំរូ​នៃ​ការគោរព​ប្រតិបត្តិ​ដ៏​ល្អ​ឥត​ខ្ចោះ ។ អ្វីៗ​ដែល​ទ្រង់​បាន​ធ្វើ​គឺ​ស្របតាម​ព្រះហឫទ័យ​របស់​ព្រះវរបិតា ។ សូម​ធ្វើ​តាម​ទ្រង់​ដោយ​ខិតខំ​អស់ពី​លទ្ធភាព​របស់​អ្នក ដើម្បី​គោរព​រាល់​បទបញ្ញត្តិ​របស់​ទ្រង់ ហើយ​រស់​នៅ​តាម​បទដ្ឋាន​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម ។

ការគោរព​ប្រតិបត្តិ និង​ការស្មោះត្រង់ ក៏​មានន័យ​ថា អ្នក​ព្យាយាម​រៀន លូតលាស់ និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ផង​ដែរ ។ សូម​កែតម្រូវ​កំហុស​ភ្លាមៗ ។ ប្រែចិត្ត​ដោយ​គ្មាន​ការពន្យារពេល ។ សូម​បង្ហាញ​ថា អ្នក​មានភាព​ស្មោះត្រង់ និង​គោរពប្រតិបត្តិ ដោយ​ទទួលខុសត្រូវ​ចំពោះ​សកម្មភាព​របស់​អ្នក ។

អ្នក​នឹង​មានពរ នៅពេល​អ្នក​ធ្វើតាម​បទបញ្ញត្តិ និង​បទដ្ឋាន​អ្នក​ផ្សព្វផ្សាយ​សាសនា ហើយ​ប្រើ​សុភវិនិច្ឆ័យ ។ សូម​ដឹង​ថា សូម្បីតែ​នៅពេល​ដែល​អ្នក​រក្សា​បទបញ្ញត្តិ​ទាំងឡាយ​ក្តី ក៏​អ្នកប្រហែលជា​ដកពិសោធន៍​នូវ​ការបាក់ទឹកចិត្ត ជំងឺ ឬ​បញ្ហាប្រឈម​ផ្សេងៗ​ទៀត​ដែរ ( សូមមើល នីហ្វៃទី២ ៤:១៧–១៩; អាលម៉ា ២៦:២៧ ) ។ ព្រះអង្គ​សង្គ្រោះ​ក៏​បាន​ដកពិសោធន៍​គ្រប់​រឿង​ទាំងនេះ​ដែរ ( សូម​មើល អាលម៉ា ៧:១១–១២; គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១២២:៨ ) ។ ទ្រង់​សន្យា​ថា « ខ្ញុំ​មិន​ចោល​អ្នក​រាល់​គ្នាឲ្យ​នៅ​កំព្រា​ទេ ខ្ញុំ​នឹង​មក​ឯ​អ្នក​រាល់​គ្នា​វិញ » ( យ៉ូហាន ១៤:១៨ ) ។

ព្រះ​ស្រឡាញ់​អ្នក ។ ចូរ​ជ្រើសរើស​កាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ ដោយសារ​អ្នក​ស្រឡាញ់​ព្រះ ។ សូម​កុំ​ព្យាយាម​ធ្វើ​កិច្ចព្រមព្រាង​ជាមួយ​នឹង​ទ្រង់ ឬ​ចាត់ទុក​ការគោរព​ប្រតិបត្តិ​របស់​អ្នក​ជា​ការ​ដោះដូរ​ដើម្បីទទួល​បាន​ពរជ័យ​ណាមួយ​ឡើយ ។

១.៣

សិទ្ធិ​ជ្រើសរើស

សិទ្ធិ​ជ្រើស​រើស ឬ​សមត្ថភាព​ដើម្បី​ជ្រើសរើស និង​ធ្វើ​សកម្មភាព​ដោយ​ខ្លួន​របស់​យើង គឺជា​អំណោយទាន​ដ៏​មហិមា​មួយ​របស់​ព្រះ​ចំពោះ​បុត្រាបុត្រី​របស់​ទ្រង់ ។ ការ​រីកចម្រើន​ដ៏អស់កល្បជានិច្ច​របស់​យើង​ពឹង​អាស្រ័យ​ទៅ​លើ​របៀប​ដែល​យើង​ប្រើ​អំណោយទាន​នេះ ។ ពេល​យើង​ជ្រើសរើស​ធ្វើ​តាម​ព្រះយេស៊ូវ​គ្រីស្ទ និង​ការបង្រៀន​របស់​ទ្រង់ នោះ​យើង​នឹង​ដកពិសោធន៍​នូវ​អំណរ ។

សិទ្ធិជ្រើសរើស​ខាងសីលធម៌​របស់​យើង​ដើម្បី​រៀន លូតលាស់ រីកចម្រើន និង​ធ្វើតាម​ព្រះអង្គសង្រ្គោះ ។ ដោយសារ​យើង​មាន​អំណោទាន​នៃ​សិទ្ធិជ្រើសរើស នោះ​យើង « មាន​សិទ្ធិ​នឹង​រើស​យក​ឥស្សរភាព និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច តាម​រយៈ​ព្រះ​ជា​អ្នក​សង្រួបសង្រួម​ដ៏​ធំ​របស់​មនុស្ស​លោក​ទាំង​អស់ » ( នីហ្វៃទី២ ២:២៧ ) ។

អ្នក​ទទួលខុសត្រូវ​លើ​ការ​សម្រេចចិត្ត​ដែល​អ្នក​ធ្វើ ។ អ្នក​គឺជា​បុត្រ​របស់​ព្រះ​ដែល​មាន​កម្លាំង​ដ៏​អស្ចារ្យ ។ អ្នក​មាន​សមត្ថភាព​ជ្រើសរើស​សេចក្ដីសុចរិត និង​សុភមង្គល ទោះ​បីជា​កាលៈទេសៈ​របស់​អ្នក​បែប​ណា​ក្ដី ។

អ្នកក៏​ទទួល​ខុសត្រូវ​ចំពោះ​ការ​អភិវឌ្ឍ​សមត្ថភាព និង​ទេពកោសល្យ​ដែល​ព្រះបាន​ប្រទាន​ដល់​អ្នក​ផង​ដែរ ។ បេសកកម្ម​របស់​អ្នក​គឺជា​ពេលវេលា​មួយ ដើម្បី​រៀន​ទទួល​ខុសត្រូវ​ចំពោះ​ទ្រង់​សម្រាប់​អ្វី​ដែល​អ្នក​ធ្វើ​ដោយ​ប្រើ​សមត្ថភាព​របស់​អ្នក ។

បេសកកម្ម​របស់​អ្នក​ក៏​ជា​ពេលវេលា​មួយ ដើម្បី​រៀន​ទទួល​ខុសត្រូវ​ចំពោះ​របៀប​ដែល​អ្នក​ប្រើ​ពេលវេលា​របស់​អ្នក​ដែរ ។ សូម​កុំ​ចំណាយ​ពេលវេលា​ដោយ​ភាព​ខ្ជិល​ច្រអូស ។ ចូរ​មាន​ឆន្ទៈ​ខិតខំ​ធ្វើ​ការ ។ សូម​ជ្រើសរើស​ឲ្យ​មាន​ភាពស្ថិតស្ថេរ និង​អាច​ទុក​ចិត្ត​បាន ។ ធ្វើ​កិច្ចការ​ល្អៗ​ជាច្រើន​តាម​ឆន្ទៈ​របស់​អ្នក​ផ្ទាល់ ( សូមមើល គោលលទ្ធិ និង​សេចក្តីសញ្ញា ៥៨:២៧–២៨ ) ។ សូមមើល « ការបម្រើ​ដោយ​ព្រះចេស្ដា និង​សិទ្ធិអំណាច​ពី​ព្រះ » ដោយ​ប្រធាន​រ័សុល អិម ណិលសុន ។

១.៤

គោលដៅ​ផ្សព្វផ្សាយ​សាសនា

គណៈប្រធាន​ទីមួយ​បាន​ផ្ដល់​គោលដៅ​ដូចតទៅ​នេះ​សម្រាប់​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​ផង​ដែរ ៖

  • ផ្ដល់​ឱកាស​សម្រាប់​យុវជន និង​យុវនារី​គ្រប់រូប​ដែល​មាន​ឆន្ទៈ ដើម្បី​បម្រើ​ព្រះអម្ចាស់ ហើយ​បង្កើន​ទីបន្ទាល់​លើ​ទ្រង់ ។

  • ជួយ​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​ម្នាក់ៗ​រៀបចំខ្លួន​សម្រាប់​ការ​បម្រើពេញ​មួយ​ជីវិត ។

  • ផ្ដល់​ការបម្រើ​ដ៏​ចាំបាច់ និង​មាន​តម្លៃ​ថ្វាយ​ដល់​ព្រះអម្ចាស់​តាមរយៈ​ការបម្រើ​នៅ​ក្នុង​សាសនាចក្រ និង​អង្គការ​សហគមន៍ ។

ការបម្រើ​ព្រះអង្គសង្គ្រោះ​ដោយ​ស្មោះត្រង់​នៅក្នុង​ព្រះនាម​របស់​ទ្រង់ និង​តាម​របៀប​របស់​ទ្រង់​ទាំង​អំឡុង និង​ក្រោយ​ពេល​បេសកកម្ម​របស់​អ្នក ។ « ផ្ដោត​លើ​ព្រះគ្រីស្ទ ពេល​អ្នក​ខិតខំ​ដើម្បី​បណ្ដុះ​គុណលក្ខណៈ​របស់​ទ្រង់ ។ … សូម​អធិស្ឋាន​ទូលសុំ​ឲ្យ​ព្រះ​ប្រទាន​គុណលក្ខណៈ​ទាំងនេះ​ដល់​អ្នក » ( ប្រកាស​ដំណឹងល្អ​របស់​យើង ទំព័រ ១២៤ ) ។ គុណលក្ខណៈ​ទាំងនេះ​នឹង​ជួយ​អ្នក​បំពេញ​គោលបំណង​នៃ​បេសកកម្ម​របស់​អ្នក និង​ធ្វើជា​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ ដែល​មាន​ការលះបង់​កាន់តែ​ច្រើន ។

ក្នុង​អំឡុង​ពេល​បេសកកម្ម​របស់អ្នក អ្នក​នឹង​មាន​ឱកាស​ដើម្បី​កសាង​ជំនាញថ្មី​ខាងវិញ្ញាណ ខាងសង្គម រាងកាយ និង​ខាងបញ្ញា ។ ជំនាញ​ទាំងនេះ​នឹង​ផ្តល់​ពរជ័យ និង​មាន​ឥទ្ធិពល​ដល់​អ្នក​ក្នុង​គ្រប់​ទិដ្ឋភាព​ក្នុង​ជីវិត​របស់​អ្នក ។

១.៥

បទដ្ឋាន​សម្រាប់​ជីវិត

ព្រះ​អញ្ជើញ​អ្នក​ឲ្យ​ថ្វាយ​ខ្លួន​អ្នក​ដល់​ទ្រង់​អស់​មួយ​ជីវិត​របស់អ្នក ។ បទដ្ឋាន​បេសកកម្ម ដូច​ជា​ការសិក្សា​ផ្ទាល់​ខ្លួន ការដាក់​គោលដៅ និង​ការប្រើប្រាស់​បច្ចេកវិទ្យា​ដោយ​សុចរិត នឹង​ផ្ដល់​ពរជ័យ​ដល់​អ្នក​នៅ​ក្នុង​បេសកកម្ម​របស់​អ្នក និង​សម្រាប់​ពេញ​មួយ​ជីវិត​របស់​អ្នក ។

ចូរ​ធ្វើឲ្យ​បទបញ្ញត្តិ​នៅ​ក្នុង​បទគម្ពីរ និង​បទដ្ឋាន​បេសកកម្ម​ទាំង​នេះក្លាយ​ជា​គោលការណ៍​ដឹកនាំ​ពេញ​មួយ​ជីវិត ។ កាលដែល​អ្នក​ធ្វើតាម​ព្រះបញ្ញត្តិ​របស់​ព្រះ និង​តាម​បទដ្ឋាន​ទាំងឡាយ នោះ​ទ្រង់​នឹង​ដឹកនាំ ប្រទាន​ពរ និង​ណែនាំ​អ្នក​ពេញ​មួយ​ជីវិត​របស់​អ្នក ។