អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម
៤. សុខុមាលភាព​ខាងរាងកាយ និង​ខាងសតិអារម្មណ៍


« ៤. សុខុមាលភាព​ខាង​រាងកាយ និង​ខាងសតិអារម្មណ៍ » បទដ្ឋាន​អ្នកផ្សព្វផ្សាយ​សាសនា​សម្រាប់​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ—ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម ( ឆ្នាំ២០២៥ )

« សុខុមាលភាព​ខាង​រាងកាយ និង​ខាងសតិអារម្មណ៍ » បទដ្ឋាន​អ្នកផ្សព្វផ្សាយ​សាសនា—ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម

ព្រះយេស៊ូវគ្រីស្ទ​ឲ្យ​ចំណី​កូនចៀម​តូច​មួយ​នៅក្នុង​វាល​ស្មៅ

សុខភាព​ខាង​រាងកាយ និង​ខាងសតិអារម្មណ៍

៤.០

សេចក្តីផ្ដើម

បេសកកម្ម​អាច​មាន​ទាំង​ភាពរីករាយ និង​ឧបសគ្គ ។ បទដ្ឋាន​នៅក្នុង​វគ្គ​នេះ និង​នៅក្នុង ការសម្រប​ទៅ​នឹង​ជីវិត​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា នឹង​ជួយ​អ្នក​ឲ្យ​រៀបចំ​គំនិត និង​រាងកាយ​របស់​អ្នក ដើម្បី​បម្រើ​ព្រះអម្ចាស់​ឲ្យ​បាន​ប្រសើរ​ឡើង ។ សូម​រំឭក​បទដ្ឋាន​ទាំងនេះ​ជា​ទៀងទាត់ ក្នុង​អំឡុង​បេសកកម្ម​របស់​អ្នក ។

៤.១

សុខភាព​រាងកាយ

សុខភាព និង​សុវត្ថិភាព​របស់​អ្នក​គឺជា​រឿង​ដ៏សំខាន់ ។ សូម​ថែរក្សា​សុខភាព​របស់អ្នក ដើម្បី​អ្នក​អាច​បម្រើ​ឲ្យ​អស់​ពីចិត្ត អស់​ពី​ពលំ អស់​ពី​គំនិត ហើយ​អស់​ពី​កម្លាំង ( សូមមើល គោលលទ្ធិ និង​សេចក្តីសញ្ញា ៤:២ ) ។

អ្នក និង​គ្រួសារ​របស់​អ្នក​មាន​ការទទួលខុសត្រូវ​ចំពោះ​សេចក្ដីត្រូវការ​ផ្នែក​វេជ្ជសាស្ត្រ​របស់​អ្នក ។ ពេលខ្លះ​ការ​ទៅ​ជួប​អ្នក​ជំនាញ​ផ្នែក​ថែទាំ​សុខភាព​អាច​កើត​ឡើង​ក្នុង​អំឡុងពេល​កាលវិភាគ​បេសកកម្ម​របស់​អ្នក ។ ក្នុង​ស្ថានភាព​ទាំងនេះ សូម​សម្របសម្រួល​ការទៅ​ជួប​ជាមុន​ជាមួយ​អ្នកប្រឹក្សា​យោបល់​របស់​អ្នកផ្សព្វផ្សាយ​សាសន​ផ្នែក​សេវាកម្ម​របស់​អ្នក ។

៤.១.១

គោលការណ៍​ណែនាំ​សម្រាប់​អាហារ​រូបត្ថម្ភ​ទូទៅ

គោលការណ៍​ណែនាំ​អំពី​អាហា​រូបត្ថម្ភ​ខាងក្រោម​គឺ​សម្រាប់​ការប្រើប្រាស់​ទូទៅ ៖

  • ហូបទឹក​ឲ្យបាន​គ្រប់គ្រាន់​ជា​ប្រចាំថ្ងៃ ។ អ្នក​អាច​ត្រូវការ​ទឹក និង​អំបិល​បន្ថែម​ទៀត ប្រសិន​បើ​អ្នក​បែកញើស​ច្រើន​ពេញ​មួយ​ថ្ងៃ ឬ​អំឡុង​ពេល​ហាត់​ប្រាណ ។

  • ទទួលទាន​អាហារ​ដែលមាន​តុល្យភាព ​ដូចជា​បន្លែ ផ្លែឈើ គ្រាប់​ធញ្ញជាតិ ខ្លាញ់ល្អ និង​ប្រូតេអ៊ីន ។

  • កំណត់​លើ​អាហារ​ដែល​ឥត​បាន​ការ ភេស្ជជៈ​មាន​ជាតិ​កាបូន អាហារ​កែច្នៃ និង​អាហារ​ចម្អិន​ស្រាប់ ។

  • ធ្វើតាម​ការ​ណែនាំ​មក​ពី​អ្នក​ជំនាញ​វេជ្ជសាស្ត្រ​របស់​អ្នក ​ទាក់ទង​នឹង​របប​អាហារ​ពិសេស ថ្នាំពេទ្យ ឬ​ការ​អនុវត្ត​ដែលជា​ទម្លាប់​ល្អខាង​សុខភាព​ជាក់លាក់​សម្រាប់​សេចក្ដីត្រូវការ​របស់​អ្នក ។

៤.២

ការហាត់ប្រាណ

ការហាត់​ប្រាណ​ជួយ​ឲ្យ​អ្នក​មាន​សុខភាព​ល្អ និង​ជួយ​កាត់​បន្ថយ​ភាពតានតឹង ។ ធ្វើ​ឲ្យ​ការហាត់ប្រាណ​ក្លាយ​ជា​ទម្លាប់​ប្រចាំ​ថ្ងៃ​របស់​អ្នក ប្រសិន​បើ​កាលៈទេសៈ​អំណោយផល ។

៤.៣

សុខភាព​ផ្នែក​សតិអារម្មណ៍

កិច្ចការ​ផ្សព្វផ្សាយ​សាសនា​អាច​ជា​កិច្ចការ​ដែល​មាន​ការទាមទារ​ខ្លាំង ។ ការមាន​អារម្មណ៍​តានតឹង​ពី​មួយ​ពេល​ទៅ​មួយ​ពេល គឺ​ជា​រឿង​ធម្មតា ។ អ្នក​អាច​រៀបចំ​រូបកាយ និង​គំនិត​របស់​អ្នក​ឲ្យ​គ្រប់គ្រង​ភាព​តានតឹង​កាន់​តែប្រសើរ ដោយ​ក្ដាប់​យកឱកាស​ពី​ការ​គាំទ្រ​របស់​គ្រួសារ ។

អ្នក​ក៏​អាច​ជួយ​គ្រប់គ្រង​ភាពតានតឹង​ដោយ​អនុវត្ត​ទម្លាប់​នៃ​ការទទួល​ទាន​អាហារ​ដែល​មាន​សុខភាពល្អ ហាត់​ប្រាណ​ទៀងទាត់ ចូល​ដេក​ទៀងទាត់ សម្រាក និង​សកម្មភាព​ខាងវិញ្ញាណ ។ សកម្មភាព​បែប​នេះ​រួម​មាន​ការអធិស្ឋាន ការពិចារណា ការសិក្សា និង​ការចូលរួម​ពិធី​ថ្វាយបង្គំ​ជា​ទៀងទាត់ ។

ក្នុង​អំឡុង​បេសកកម្ម​របស់​អ្នក សូម​ប្រើ ការសម្រប​ទៅ​នឹង​ជីវិត​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ដើម្បី​ជួយ​អ្នក​ឲ្យ​គ្រប់គ្រង​ភាព​តានតឹង​របស់​អ្នក ។ ប្រសិន​បើ​អ្នក​មាន​អារម្មណ៍​ថា អ្នក​មាន​ការលំបាក​ក្នុង​ការគ្រប់គ្រង​ភាពតានតឹង ឬ​ប្រសិន​បើ​អ្នក​មាន​ការបន្ទាន់ផ្នែក​សុខភាព​ខាង​ផ្លូវចិត្ត ឬ​ខាងសតិអារម្មណ៍ សូម​ទាក់ទង​ទៅ​អ្នកប្រឹក្សា​យោបល់​របស់​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​របស់​អ្នក ។

ប្រសិន​បើ​អ្នក​ត្រូវបាន​ចេញ​វេជ្ជបញ្ជា​ឲ្យ​ប្រើថ្នាំ​ដើម្បី​គ្រប់គ្រង​ស្ថានភាព ឬ​ជំងឺ សូម​ធ្វើ​តាម​វេជ្ជបញ្ជា និង​ការណែនាំ​របស់​គ្រូពេទ្យ​របស់អ្នក ។

៤.៤

ការថែទាំ​ផ្នែក​វេជ្ជសាស្ត្រ

សូម​យក​ចិត្ត​ទុកដាក់​ឲ្យ​ហ្មត់ចត់​ចំពោះ​សុខភាព​រាង​កាយ និង​សតិអារម្មណ៍​របស់​អ្នក ។ សូម​ប្រាកដថា អ្នក​ទទួល​បាន​ការ​គាំទ្រ​ដែល​ចាំបាច់​មក​ពី​ឪពុកម្ដាយ ឬ​អាណាព្យាបាល​របស់​អ្នក​សម្រាប់​បញ្ហា​វេជ្ជសាស្ត្រ​ណា​មួយ​ដែល​អ្នក​មាន ( ដូចជា ថ្នាំ​ដែល​អ្នក​កំពុង​ប្រើ អាឡែស៊ី​ដែល​អ្នក​មាន ឬ​សកម្មភាព​ដែល​អ្នក​គួរ​ចៀសវាង ) ។ អ្នក​ក៏​អាច​ចែកចាយ​ព័ត៌មាន​វេជ្ជសាស្ត្រ​មួយ​ចំនួន​ជាមួយ​នឹង​អ្នកប្រឹក្សា​យោបល់​របស់​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​របស់​អ្នក ឬ​ប្រធាន​ផ្នែក​ប្រតិបត្តិការ​ផងដែរ ប្រសិន​បើ​ចាំបាច់ ។

ប្រសិន​បើ​អ្នក​មាន​ការបន្ទាន់​ខាង​សុខភាព សូម​ធ្វើ​សកម្មភាព​ដោយ​មាន​សុភវិនិច្ឆ័យ​សម្រាប់​សុវត្ថិភាព ឬ​ការថែទាំ​បន្ទាន់​របស់​អ្នក ។ ទូរសព្ទ​ទៅ​សេវាកម្ម​បន្ទាន់​ក្នុង​មូលដ្ឋាន ( ដូច​ជា ៩១១ នៅក្នុង​សហរដ្ឋ​អាមេរិក ) លើក​លែង​តែ​អ្នក​ត្រូវបាន​ផ្ដល់​ការណែនាំ​ផ្សេង​ទៀត ។ សូម​ទាក់ទង​ទៅ​ឪពុកម្តាយ ឬ​អាណាព្យាបាល និង​អ្នកប្រឹក្សា​យោបល់​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​របស់​អ្នក​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​បាន ។

ប្រសិន​បើ​អ្នក​ត្រូវការ​ការថែទាំ​ផ្នែក​វេជ្ជសាស្ត្រ​ដែល​មិន​បន្ទាន់​អំឡុង​ពេល​ធ្វើ​កិច្ចការ សូម​ទូរសព្ទ​ទៅ​ឪពុកម្ដាយ ឬ​អាណាព្យាបាល​របស់​អ្នក​ភ្លាម ។ ពួកគាត់​នឹង​ប្រាប់​អ្នក​ថា​ត្រូវ​ធ្វើ​អ្វីខ្លះ ។ សាកល្បង​ធ្វើការណាត់​ទុក​ជាមុន សម្រាប់​ការមើលថែ​មិន​បន្ទាន់ ដើម្បី​កុំ​ឲ្យ​រំខាន​ដល់កិច្ចការ​បម្រើ ឬ​កាលវិភាគ​របស់​អ្នក ។

៤.៥

ស្ថានភាព​គ្រោះថ្នាក់ និង​ការគំរាមកំហែង

មាន​គ្រោះថ្នាក់​ជាច្រើន​ដែល​អាច​ចៀសវាង​បាន​តាមរយៈការ​អនុវត្ត​ដោយ​ប្រើ​សុភវិនិច្ឆ័យ និង​ដោយ​គោរព​តាម​បទដ្ឋាន​អ្នកផ្សព្វផ្សាយ​សាសនា​នៅក្នុង​ក្បួនខ្នាត​នេះ ។ ទោះជា​យ៉ាង​ណា អ្នក​អាច​ប្រឈម​មុខ​នឹង​ស្ថានភាព​គ្រោះថ្នាក់ ទោះបី​នៅពេល​អ្នក​ព្យាយាម​ដើម្បី​មាន​សុវត្ថិភាព​ក្តី ។ ប្រសិន​បើ​មាន​បញ្ហា​មួយ សូម​រាយការណ៍​ភ្លាម​ទៅ​អ្នកប្រឹក្សា​យោបល់​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​របស់​អ្នក ។

ចាកចេញ​ភ្លាម​ប្រសិន​បើ​អ្នក​មាន​អារម្មណ៍​មិន​ស្រណុក​ក្នុង​ចិត្ត​អំពី​ទីកន្លែង មនុស្ស ឬ​ស្ថានភាព​មួយ ។ សូម​ស្ដាប់​តាម​ការបំផុស​គំនិត​ខាង​វិញ្ញាណ​ជានិច្ច ។

៤.៦

លំនៅដ្ឋាន

ជួយ​ថែទាំ​ផ្ទះ​របស់​គ្រួសារ​អ្នក និងជួយគ្នា​ធ្វើ​កិច្ចការផ្ទះ ។ ថែ​រក្សា​បន្ទប់​របស់​អ្នក​ឲ្យ​បាន​ស្អាត ។ ថែរក្សា​ទ្រព្យសម្បត្តិ​ផ្ទាល់​ខ្លួន​របស់​អ្នក រួមមាន​ឧបករណ៍​អេឡិចត្រូនិក​ទាំងឡាយ ឲ្យ​ដំណើរការ​ល្អ ។

អ្នក​មិន​គួរ​ចំណាយពេល​ដេក​យប់ ឬ​រស់នៅ​ជាមួយ​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​ការបង្រៀន​ឡើយ ។

៤.៧

មធ្យោបាយ​ធ្វើ​ដំណើរ

សូម​អនុវត្ត​តាម​ច្បាប់​ចរាចរណ៍​ក្នុង​ស្រុក ច្បាប់ និង​ទំនៀមទម្លាប់​ទាំងឡាយ នៅពេល​អ្នក​ធ្វើ​ដំណើរ​ជានិច្ច ។

មធ្យោបាយ​ធ្វើ​ដំណើរ​សាធារណៈ ជា​ធម្មតា​មាន​តម្លៃ​ថោក​ជាង​ការ​បើក​រថយន្ត​ផ្ទាល់ខ្លួន ។ ប្រសិនបើ​មាន​មធ្យោបាយ​ធ្វើដំណើរ​សាធារណៈ សូម​ពិចារណា​ប្រើ​វា​សម្រាប់ការ​ទៅ និង​ត្រឡប់​មក​ពី​​កិច្ចការ​ចាត់តាំង​ការបម្រើ​របស់​អ្នក ។

ប្រើ​សុភវិនិច្ឆ័យ ដឹង​ពី​អ្វីៗ​ដែល​នៅ​ជុំវិញ​ខ្លួន​អ្នក និង​ស្គាល់​តំបន់​របស់​អ្នក ។ ធ្វើតាម​បទដ្ឋាន​សុវត្ថិភាព​ទូទៅ​នៅ​ក្នុង​ក្បួនខ្នាត​នេះ ។

៤.៧.១

ការបើកបរ

ប្រសិនបើ​ស្ថានភាព​គ្រួសារ​អនុញ្ញាត​ឲ្យ អ្នក​អាច​បើកបរ​រថយន្ត​ផ្ទាល់ខ្លួន ឬ​របស់​គ្រួសារ​អ្នក​ដើម្បី​បំពេញ​ការចាត់តាំង និង​សកម្មភាព​បេសកកម្ម​របស់​អ្នក​បាន ។ អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម និង​ក្រុមគ្រួសារ​របស់​ពួកគេ ទទួល​ខុសត្រូវ​រាល់​ការចំណាយ​លើ​ការ​ធ្វើដំណើរ រួម​ទាំង​ប្រេងសាំង ការ​ថែទាំរថយន្ត និង​ធានា​រ៉ាប់រង ។

អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម និង​ក្រុម​គ្រួសារ​របស់​ពួកគេ​ទទួល​បន្ទុក​រាល់​ហានិភ័យ​ផ្ទាល់ខ្លួន នៅពេល​បើកបរ ។ ប្រសិន​បើ​អ្នក​បើកបរ​រថយន្ត សូម​បើក​បរ​ដោយ​ប្រុង​ប្រយ័ត្ន ។

ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​ពុំ​បើក​រថយន្ត​ដែល​ជា​កម្មសិទ្ធិ​របស់​សាសនាចក្រ​កាល​កំពុង​បម្រើ​ឡើយ ប៉ុន្តែ​អាច​ជិះ​នៅលើ​រថយន្ត​នោះ​បាន ។ ដោយ​មាន​ការអនុម័ត​ពី​នាយកដ្ឋាន​អ្នក​ផ្សព្វផ្សាយ​សាសនា ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​ការបម្រើ​នៅក្នុង​ការិយាល័យ​បេសកកម្ម អាច​បើក​រថយន្ត​ដែល​ជាកម្មសិទ្ធិ​របស់​សាសនាចក្រ បន្ទាប់ពី​ទទួល​បានការបញ្ជាក់​ត្រឹមត្រូវ ។

ផែនការ​បំពាក់​បំប៉ន​តម្រូវ​ឲ្យ​មាន ប្រសិន​បើ​អ្នក​បើក​រថយន្ត​សហគម៍ ឬ​រថយន្ត​របស់​អង្គការ​មនុស្សធម៌​អំឡុង​កិច្ចការបម្រើ​របស់​អ្នក ។

៤.៨

គ្រោះថ្នាក់

ប្រសិន​បើ​អ្នក​ជួប​នឹង​គ្រោះថ្នាក់​ខណៈ​កំពុង​បើកបរ​ទៅ ឬ​មក​ពី​ការចាត់តាំង​ជា​អ្នកផ្សព្វផ្សាយ​សាសនា ការ​ប្រជុំ ឬ​សន្និសីទ​របស់​អ្នក សូម​ទូរសព្ទ​ទៅ​នគរ​បាល ឬ​សេវាកម្ម​សង្គ្រោះ​បន្ទាន់ ប្រសិន​បើ​ចាំបាច់ ។ ទាក់ទង​ទៅ​គ្រួសារ​របស់​អ្នក​ ឲ្យ​បាន​ឆាប់​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បានផងដែរ ។ បន្ទាប់មក​សូម​ទាក់ទង​ទៅ​អ្នកប្រឹក្សា​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​របស់​អ្នក ។

ប្រសិន​បើ​អ្នក​ជួប​នឹង​គ្រោះថ្នាក់​នៅ​ឯ​កិច្ចការបម្រើ​របស់​អ្នក សូម​ពិភាក្សា​នឹង​អ្នក​គ្រប់គ្រង​ទីតាំង​ផ្នែកសេវាកម្ម​របស់​អ្នក ។ បុគ្គល​នោះ​នឹង​ទូរសព្ទ​ទៅ​នគរបាល ឬ​សេវាកម្ម​សង្គ្រោះ​បន្ទាន់ ប្រសិន​បើ​ចាំបាច់ ។ សូម​ទាក់ទង​ទៅ​គ្រួសារ និង​ទីប្រឹក្សា​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​របស់​អ្នក ឲ្យ​បាន​ឆាប់​បំផុត​តាម​ដែល​អាច​ធ្វើ​បាន ។

៤.៩

មូលនិធិ​ផ្ទាល់​ខ្លួន

អ្នកត្រូវ​បាន​លើក​ទឹកចិត្ត​ឲ្យ​ធ្វើ​ផែនការ​ថវិកា និង​ចំណាយ​មូលនិធិ​ផ្ទាល់​ខ្លួន​របស់​អ្នក ។ ប្រាក់​ដែល​អ្នកប្រើ​នៅអំឡុង​បេសកកម្ម​របស់​អ្នកតំណាង​ឲ្យ​ពលិកម្ម​ដែល​អ្នក គ្រួសារ​របស់​អ្នក និង​មនុស្ស​ដទៃទៀត​បាន​ធ្វើ ។

សូម​រស់នៅ​តាម​គោលការណ៍​នៃ​ការថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង និង​ដង្វាយ​ផ្សេងៗ និង​ការសន្សំ​ប្រាក់ ។

សូម​កុំ​រៃអង្គាស​មូលនិធិ​សម្រាប់​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន ឬ​សម្រាប់​អង្គការ​ដែល​អ្នក​បម្រើ ។

៤.១០

ការស្លៀកពាក់ និង​ការតុបតែង​ខ្លួន​របស់​អ្នក​ផ្សព្វផ្សាយសាសនា​ផ្នែក​សេវាកម្ម

ដោយសារ​អ្នក​ត្រូវបាន​អនុញ្ញាត​ឲ្យ​ធ្វើ​ជា​អ្នកតំណាង​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់​ដែល​បាន​ស្ដារឡើងវិញ នោះ​ការតុបតែង​ខ្លួន​របស់​អ្នក​ជាញឹកញាប់ គឺជា​សារ​ដំបូង​ដែល​អ្នក​ដទៃ​ទទួល ។ សូម​ស្លៀក​សម្លៀកបំពាក់​ឲ្យបាន​សមរម្យ​សម្រាប់​កិច្ចការ​ចាត់តាំង​ការបម្រើ​របស់​អ្នក ហើយ​សមស្រប​ទៅនឹង​ការហៅ​ដ៏​ពិសិដ្ឋ​របស់​អ្នក ។

ពេញ​មួយ​បេសកកម្ម​របស់​អ្នក សូម​ធានា​ឲ្យ​បាន​ថា ការតុបតែង​ខ្លួន និង​ឥរិយាបថ​របស់​អ្នក​គាំទ្រ​ដល់​អ្វី​ដែល​អ្នក​និយាយ និង​ធ្វើ ។ វា​មិន​គួរ​រំខាន​ដល់​គោលបំណង​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​របស់​អ្នក​ឡើយ ។ ការស្លៀកពាក់ និង​ការតុបតែង​ខ្លួន​របស់​អ្នក គួរ​តែ​ជា​ការបង្ហាញ​ពី​ការបន្ទាប​ខ្លួន ការគោរព និង​សេចក្ដី​ជំនឿ ។

របៀប​ដែល​អ្នក​បង្ហាញ​ខ្លួន​ក្នុងនាម​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ជះ​ឥទ្ធិពល​លើ​របៀប​ដែល​មនុស្ស​គិត​អំពី​អ្នក និង​សាសនាចក្រ​របស់​ព្រះអម្ចាស់ ។ វា​ក៏​អាច​ជួយ​ការពារ​អ្នក​ពី​គ្រោះថ្នាក់​ផងដែរ ។

ការស្លៀកពាក់​សមរម្យ និង​ការតុបតែងខ្លួន​ផ្ទាល់ខ្លួន​គឺជា​ជំនាញ​ជីវិត​ដ៏​សំខាន់ ដែល​នឹង​ជួយ​អ្នក​បន្ទាប់ពី​បេសកកម្ម​របស់​អ្នក​ផង​ដែរ ។ នៅពេល​ចូលរួម​សន្និសីទ​ហ្សូន ការសម្ភាស និង​ការចូលរួម​ដំណើរ​ទស្សន​កិច្ច​បង្រៀន សូម​អនុវត្ត​តាម​បទដ្ឋាន​ស្លៀកពាក់ និង​ការសម្អិតសម្អាង​នៅ​ឯ Dress and Appearance ។ គេហទំព័រ​នេះ​ផ្តល់​នូវ​គំរូ​នៃ​ការស្លៀកពាក់​សមរម្យ និង​វិជ្ជាជីវៈ​សម្រាប់​បេសកកម្ម​របស់​អ្នក ។ ថ្នាក់ដឹកនាំ​បេសកកម្ម​របស់​អ្នក និង​គណៈប្រធាន​តំបន់​អាច​កែប្រែ​គោលនយោបាយ​ទាំងនេះ​ដើម្បី​អនុលោម​តាម​កាលៈទេសៈ​ក្នុង​មូលដ្ឋាន ។

៤.១០.១

បទដ្ឋាន​ទូទៅ​សម្រាប់​ការសម្អិត​សម្អាង

សូម​ធ្វើតាម​បទដ្ឋាន​សម្អិត​សម្អាង​ដែល​មាន​ផាសុកភាព ៖

  • ងូតទឹក​ជា​រៀងរាល់​ថ្ងៃ បើ​អាច​ធ្វើ​បាន ។

  • ដុស​ធ្មេញ​ជា​រៀងរាល់ថ្ងៃ ។

  • ប្រើ​ផលិតផល​បំបាត់​ក្លិន​ក្លៀក​ជា​រៀង​រាល់​ថ្ងៃ ។

  • កក់​សក់​ឲ្យ​បាន​ញឹកញាប់ ។

  • លាងដៃ​របស់​អ្នក​ជាមួយ​សាប៊ូ​ឲ្យ​បាន​ទៀងទាត់ រួម​ទាំង​ពីមុន​ការរៀបចំ​អាហារ និង​បន្ទាប់​ពី​ការប្រើ​បង្គន់ ។

  • លាបឡេ​ការពារ​កម្តៅ​ថ្ងៃ នៅពេល​ចេញទៅ​ខាងក្រៅ និង​ប៉ះ​នឹង​កាំ​រស្មី​ព្រះអាទិត្យ ។

  • ជ្រើសរើស​ម៉ូដ​សក់​ដែល​មាន​របៀប និង​សមរម្យ ដែល​ងាយ​ក្នុង​ការថែទាំ ។

៤.១០.២

សម្លៀកបំពាក់​ពិសិដ្ឋ

ប្រសិនបើ​អ្នក​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ សូម​ធ្វើតាម​សេចក្តីណែនាំ​នេះ​សម្រាប់​ការពាក់ និង​ការមើលថែ​សម្រាប់​សម្លៀកបំពាក់​ពិសិដ្ឋ នៅក្នុង​ផ្នែក ៣៨.៥.៥ និង ៣៨.៥.៦ នៃ ក្បួនខ្នាត​ទូទៅ ។ ជ្រើសរើស​ក្រណាត់​ដែល​ត្រូវ​នឹង​អាកាសធាតុ​សម្រាប់​បេសកកម្ម​របស់​អ្នក ។