« ២. ការរៀបចំ និងសកម្មភាពរបស់អ្នកផ្សព្វផ្សាយសាសនាផ្នែកសេវាកម្ម » បទដ្ឋានអ្នកផ្សព្វផ្សាយសាសនាសម្រាប់សិស្សរបស់ព្រះយេស៊ូវគ្រីស្ទ—ពួកអ្នកផ្សព្វផ្សាយសាសនាផ្នែកសេវាកម្ម ( ឆ្នាំ២០២៥ )
« ការរៀបចំ និងសកម្មភាពរបស់អ្នកផ្សព្វផ្សាយសាសនាផ្នែកសេវាកម្ម » ពួកអ្នកផ្សព្វផ្សាយសាសនាផ្នែកសេវាកម្ម
២
ការរៀបចំ និងសកម្មភាពរបស់អ្នកផ្សព្វផ្សាយសាសនាផ្នែកសេវាកម្ម
២.០
សេចក្តីផ្ដើម
ព្រះអម្ចាស់មានព្រះបន្ទូលថា « អ្នករាល់គ្នាត្រូវរៀបចំខ្លួន ហើយតាំងឲ្យមនុស្ស [ ទាំងប្រុសទាំងស្រី ] មានការកាន់កាប់ត្រួតត្រារៀងៗខ្លួន [ របស់ពួកគេ ] » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ១០៤:១១ ) ។ ផ្នែកនេះពិពណ៌នាអំពីការរៀបចំបេសកកម្ម ។ វាក៏ពន្យល់ពីរបៀបដែលអ្នកអាចបម្រើមនុស្សដទៃបានល្អបំផុតដោយមានសេចក្ដីស្រឡាញ់ដ៏សុទ្ធសាធនៃព្រះគ្រីស្ទ ពេលអ្នកចូលរួមនៅក្នុងកិច្ចការ និងសកម្មភាពអ្នកផ្សព្វផ្សាយសាសនាផ្នែកសេវាកម្ម ( សូមមើល មរ៉ូណៃ ៧:៤៤–៤៧ ) ។
កំណត់ចំាំ ៖ នៅក្នុងក្បួនខ្នាតនេះ ពាក្យថា ប្រធានស្តេក ប៊ីស្សពស្តេក និង វួដ ក៏អនុវត្តចំពោះប្រធានមណ្ឌល ប្រធានសាខា មណ្ឌល និងសាខាផងដែរ ។
២.១
ថ្នាក់ដឹកនាំបេសកកម្ម
ក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនា ការទទួលខុសត្រូវដ៏សំខាន់បំផុតរបស់អ្នកគឺធ្វើជាសិស្សដ៏ស្មោះត្រង់របស់ព្រះយេស៊ូវគ្រីស្ទ ។ អ្នកនឹងមានពរ ពេលអ្នកធ្វើតាមការប្រឹក្សាមកពីថ្នាក់ដឹកនាំរបស់អ្នក និងពេលអ្នកអភិវឌ្ឍទំនាក់ទំនងដោយសេចក្ដីស្រឡាញ់ជាមួយនឹងពួកគេ ។
២.១.១
ថ្នាក់ដឹកនាំបេសកកម្ម
ប្រធានបេសកកម្មរបស់អ្នក និងភរិយារបស់គាត់ បម្រើជាមួយគ្នាក្នុងនាមជាថ្នាក់ដឹកនាំបេសកកម្មរបស់អ្នក ។ ពួកគាត់ត្រូវបានហៅដោយព្រះ ហើយត្រូវបានញែកចេញដើម្បីដឹកនាំបេសកកម្មនោះ ។ ពួកគាត់ទាំងពីរស្រឡាញ់ និងបម្រើអ្នក ជួយអ្នកឲ្យបំពេញគោលបំណងរបស់អ្នកក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនាម្នាក់ ហើយជួយអ្នកថែរក្សាខ្លួនអ្នកឲ្យមានសុវត្ថិភាព និងរីករាយ ។
ប្រធានបេសកកម្មរបស់អ្នកកំណត់ការរំពឹងទុកខាងវិញ្ញាណ និងឥរិយាបថនៃបេសកកម្មរបស់អ្នក ។ គាត់ក៏អនុម័តនូវបទពិសោធន៍ជាអ្នកផ្សព្វផ្សាយសាសនាផ្ទាល់ខ្លួនសម្រាប់ការបម្រើរបស់អ្នកផងដែរ ។ គាត់ធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នកប្រឹក្សាយោបល់របស់អ្នកផ្សព្វផ្សាយសាសនាផ្នែកសេវាកម្មក្នុងការធ្វើកិច្ចការនេះ ។
ថ្នាក់ដឹកនាំបេសកកម្ម និងអ្នកប្រឹក្សាយោបល់របស់អ្នកផ្សព្វផ្សាយសាសនាផ្នែកសេវាកម្មរបស់អ្នកចែកចាយការទទួលខុសត្រូវជាច្រើនសម្រាប់បេសកកម្មនេះ ។ ពួកគេធ្វើការរួមគ្នាក្នុងការប្រឹក្សាដើម្បី ៖
-
គាំទ្រ និងលើកទឹកចិត្តអ្នក ។
-
ស្ដាប់ពីកង្វល់របស់អ្នក ។
-
ឆ្លើយសំណួររបស់អ្នក ។
-
វាយតម្លៃការរីកចម្រើនរបស់អ្នក ។
-
ផ្ដល់ដំបូន្មានដល់អ្នក ។
-
ជួយអ្នកឲ្យរីកចម្រើនខាងវិញ្ញាណ ។
នៅពេលអ្នកមានការសម្ភាសជាមួយប្រធានបេសកកម្មរបស់អ្នក ឬទីប្រឹក្សាម្នាក់របស់គាត់ នោះអ្នកអាចអញ្ជើញឪពុកម្ដាយ អាណាព្យាបាល ឬអ្នកប្រឹក្សាយោបល់របស់អ្នកផ្សព្វផ្សាយសាសនាផ្នែកសេវាកម្មរបស់អ្នកឲ្យចូលរួមបាន ។
២.១.២
អ្នកប្រឹក្សាយោបល់របស់អ្នកផ្សព្វផ្សាយសាសនាផ្នែកសេវាកម្ម
អ្នកប្រឹក្សាយោបល់របស់អ្នកផ្សព្វផ្សាយសាសនាផ្នែកសេវាកម្មរបស់អ្នក បម្រើរួមគ្នាជាថ្នាក់ដឹកនាំជំនួយ នៅក្រោមការដឹកនាំរបស់ប្រធានបេសកកម្មរបស់អ្នក ។ ពួកគាត់ត្រូវបានហៅដោយព្រះ ហើយត្រូវបានញែកចេញដើម្បីដឹកនាំពួកអ្នកផ្សព្វផ្សាយសាសនាផ្នែកសេវាកម្ម នៅក្នុងតំបន់ដែលបានចាត់តាំងរបស់អ្នក ។ ពួកគាត់ស្រឡាញ់អ្នក បម្រើអ្នក និងជួយអ្នកបំពេញគោលបំណងរបស់អ្នកក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនាម្នាក់ ។ ដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រធានបេសកកម្មរបស់អ្នក អ្នកប្រឹក្សាយោបល់របស់អ្នកផ្សព្វផ្សាយសាសនាផ្នែកសេវាកម្ម ៖
-
ជួយស្វែងរកឱកាសសម្រាប់អ្នកដើម្បីផ្តល់ការបម្រើដូចជាព្រះគ្រីស្ទ ។
-
ជួយអភិវឌ្ឍកាលវិភាគអ្នកផ្សព្វផ្សាយសាសនារបស់អ្នក និងការចាត់តាំងផ្ទាល់ខ្លួនរបស់អ្នក ។
-
ជួបជាមួយអ្នករៀងរាល់សប្តាហ៍ ។
-
វាយតម្លៃ និងគាំទ្រការរីកចម្រើនរបស់អ្នកក្នុងការបម្រើរបស់អ្នក និងជាសិស្សរបស់ព្រះគ្រីស្ទ ។
-
គាំទ្រ និងលើកទឹកចិត្តអ្នក ។
-
ស្ដាប់កង្វល់របស់អ្នក ឆ្លើយសំណួររបស់អ្នក ហើយប្រឹក្សាយោបល់ ។
-
ប្រើការបំផុសគំនិត និងវិវរណៈដើម្បីជួយអ្នកឲ្យទទួលជោគជ័យក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនា ។
សរុបមក អ្នកប្រឹក្សាយោបល់របស់អ្នកផ្សព្វផ្សាយសាសនាផ្នែកសេវាកម្មមានការទទួលខុសត្រូវប្រចាំថ្ងៃ ដើម្បីធ្វើការជាមួយអ្នក ដើម្បីជួយអ្នកឲ្យមានបទពិសោធន៍បេសកកម្មដែលផ្លាស់ប្តូរជីវិត ។ ថ្នាក់ដឹកនាំទាំងនេះអាចជួយអ្នកឲ្យរីកចម្រើនក្នុងនាមជាសិស្សពេញមួយជីវិតរបស់ព្រះយេស៊ូវគ្រីស្ទ ។
នៅពេលអ្នកជួបរៀងរាល់សប្តាហ៍ជាមួយអ្នកប្រឹក្សាយោបល់របស់អ្នកផ្សព្វផ្សាយសាសនាផ្នែកសេវាកម្មរបស់អ្នក អ្នកអាចអញ្ជើញឪពុកម្តាយរបស់អ្នក ឬអ្នកគ្រប់គ្រងការគាំទ្រនៅទីតាំងផ្ទាល់នោះឲ្យចូលរួមបាន ។
២.១.៣
ប្រធានស្តេក និងប៊ីស្សព
ដោយសារអ្នកជាសមាជិកម្នាក់នៅក្នុងវួដ ឬស្តេក នោះប៊ីស្សព និងប្រធានស្តេករបស់អ្នកមានទំនួលខុសត្រូវបព្វជិតភាពចំពោះអ្នក ។
ប៊ីស្សព និងប្រធានស្តេករបស់អ្នកគឺមានការទទួលខុសត្រូវសម្រាប់ការសម្ភាសអំពីភាពស័ក្ដិសម ។ ដោយសារប៊ីស្សព និងប្រធានស្តេករបស់អ្នកកាន់កូនសោបព្វជិតភាព នោះពួកគាត់ដើរតួជាចៅក្រមទូទៅ ។ អំពើបាបធ្ងន់ធ្ងរ ( ដូចជាអំពើបាបខាងផ្លូវភេទ ) គួរតែត្រូវបានសារភាពចំពោះប៊ីស្សពរបស់អ្នក ហើយនៅពេលចាំបាច់សារភាពដល់ ប្រធានស្តេករបស់អ្នក ជាជាងប្រធានបេសកកម្មរបស់អ្នក ។ ត្រូវមានភាពស្មោះត្រង់យ៉ាងពេញលេញជាមួយពួកគាត់ ។ ទ្រង់ស្រឡាញ់អ្នក ហើយនឹងជួយអ្នកដកបទពិសោធន៍នូវអំណរនៃការប្រែចិត្ត ( សូមមើល ម៉ូសាយ ២៦:២៩–៣០ ) ។
នៅចុងបញ្ចប់នៃបេសកកម្មរបស់អ្នក ប្រធានស្តេករបស់អ្នកនឹងដោះលែងអ្នក ហើយអរគុណអ្នកចំពោះការបម្រើជាអ្នកផ្សព្វផ្សាយសាសនាផ្នែកសេវាកម្មរបស់អ្នក ។
២.១.៤
ការរៀបចំថ្នាក់ដឹកនាំអ្នកផ្សព្វផ្សាយសាសនាផ្នែកសេវាកម្ម
ប្រធានបេសកកម្មរបស់អ្នក និងអ្នកប្រឹក្សាយោបល់របស់អ្នកផ្សព្វផ្សាយសាសនាផ្នែកសេវាកម្ម ប្រើការបំផុសគំនិតដើម្បីរៀបចំកិច្ចការនេះ ។ ពួកគេអាចនឹងចាត់តាំងពួកអ្នកផ្សព្វផ្សាយសាសនាឲ្យធ្វើជាអ្នកដឹកនាំដល់ពួកអ្នកផ្សព្វផ្សាយសាសនាផ្នែកសេវាកម្មផ្សេងទៀត ។ អ្នកក៏អាចត្រូវបានសុំឲ្យដឹកនាំ ឬផ្ដល់ការបំពាក់បំប៉ននៅក្នុងការចាត់តាំងប្រតិបត្តិការ ឬសហគមន៍របស់អ្នកផងដែរ ។
២.១.៥
ការទទួលខុសត្រូវរបស់អ្នកដឹកនាំអ្នកផ្សព្វផ្សាយសាសនាវ័យក្មេង
អាស្រ័យលើកាលៈទេសៈបេសកកម្មរបស់អ្នក អ្នកអាចមានថ្នាក់ដឹកនាំបេសកកម្មវ័យក្មេង ដែលរួមមាន អ្នកដឹកនាំហ្សូន អ្នកដឹកនាំការបំពាក់បំប៉នជាស៊ីស្ទើរ និងអ្នកដឹកនាំមណ្ឌល ។ ដូចជាពួកអ្នកផ្សព្វផ្សាយសាសនាទាំងអស់ដែរ ពួកគេធ្វើតាមដំបូន្មានរបស់ព្រះយេស៊ូវគ្រីស្ទឲ្យ « បម្រើ [ ព្រះ ] ដោយអស់ពីចិត្ត អស់ពីពលំ អស់ពីគំនិត និងអស់ពីកម្លាំង [ របស់ពួកគេ] » ។ ថ្នាក់ដឹកនាំទាំងនេះ « នឹកចាំពីសេចក្ដីជំនឿ គុណធម៌ តម្រិះ សេចក្ដីអត់សង្កត់ សេចក្ដីអត់ធន់ សេចក្ដីរាប់អានគ្នាជាបងប្អូន សេចក្ដីកោតខ្លាចដល់ព្រះ សេចក្ដីសប្បុរស សេចក្ដីទាបរាបសា សេចក្ដីឧស្សាហ៍ចុះ » ( គោលលទ្ធិ និងសេចក្តីសញ្ញា ៤:២, ៦ ) ។
ការចាត់តាំងភាពជាអ្នកដឹកនាំ ពុំចង្អុលបង្ហាញអំពីការទទួលស្គាល់ពិសេស ឬការពូកែជាងគេនោះទេ ។ ហើយការចាត់តាំងទាំងនោះក៏មិនឆ្លុះបញ្ចាំងពីតម្លៃនៃអ្នកផ្សព្វផ្សាយសាសនានោះដែរ ។
អ្នកដឹកនាំអ្នកផ្សព្វផ្សាយសាសនាមានទំនួលខុសត្រូវដើម្បី ៖
-
ធ្វើជាគំរូមួយក្នុងនាមជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ ។
-
ធ្វើជាគំរូអំពីបទដ្ឋានអ្នកផ្សព្វផ្សាយសាសនា ផ្នែកអាកប្បកិរិយា ( សូមមើល ផ្នែកទី ៣ ) ។
-
ជួយបង្ហាត់បង្រៀនពួកអ្នកផ្សព្វផ្សាយសាសនាផ្សេងទៀត តាមការណែនាំរបស់ប្រធានបេសកកម្ម ឬអ្នកប្រឹក្សាយោបល់របស់អ្នកផ្សព្វផ្សាយសាសនាផ្នែកសេវាកម្ម ។
-
ស្រឡាញ់ និងធ្វើជាមិត្តភក្ដិនឹងពួកអ្នកផ្សព្វផ្សាយសាសនាដទៃទៀត ។
-
ជួយពួកអ្នកផ្សព្វផ្សាយសាសនាផ្សេងទៀតឲ្យស្គាល់ពីតម្លៃនៃកិច្ចខិតខំរបស់ពួកគេ ។
-
ស្ដាប់ពីកង្វល់របស់ពួកអ្នកផ្សព្វផ្សាយសាសនាផ្សេងទៀត ហើយចែកចាយតម្រូវការជាមួយនឹងអ្នកប្រឹក្សាយោបល់របស់អ្នកផ្សព្វផ្សាយសាសនាផ្នែកសេវាកម្ម ។
-
ទទួលខុសត្រូវចំពោះកាតព្វកិច្ចជាអ្នកដឹកនាំរបស់ពួកគេចំពោះអ្នកប្រឹក្សាយោបល់របស់អ្នកផ្សព្វផ្សាយសាសនាផ្នែកសេវាកម្ម ។
-
ជួយរៀបចំ និងដឹកនាំសន្និសីទ ការប្រជុំ និងសកម្មភាពនៅក្រោមការដឹកនាំរបស់ប្រធានបេសកកម្ម ឬអ្នកប្រឹក្សាយោបល់របស់អ្នកផ្សព្វផ្សាយសាសនាផ្នែកសេវាកម្ម ។
អែលឌើរ និងស៊ីស្ទើរដែលមានការចាត់តាំងជាថ្នាក់ដឹកនាំ គួរតែដឹកនាំដូចជាព្រះអង្គសង្រ្គោះនឹងធ្វើ ។ ប្រសិនបើចរិយាមារយាទរបស់អ្នកផ្សព្វផ្សាយណាម្នាក់ រួមទាំងថ្នាក់ដឹកនាំអ្នកផ្សព្វផ្សាយសាសនាផងដែរ ហាក់បីដូចជាមិនខ្ជាប់ខ្ជួននឹងបទបញ្ញត្តិ និងបទដ្ឋានអ្នកផ្សព្វផ្សាយសាសនា សូមពិភាក្សាបញ្ហានោះជាមួយនឹងអ្នកប្រឹក្សាយោបល់របស់អ្នកផ្សព្វផ្សាយសាសនារូបនោះតែប៉ុណ្ណោះ ។ កុំពិភាក្សាបញ្ហានោះជាមួយពួកអ្នកផ្សព្វផ្សាយសាសនាផ្សេងទៀត ឪពុកម្តាយ ឬអណាព្យាបាល ឬមិត្តភក្តិឡើយ ។
២.១.៦
ទំនួលខុសត្រូវផ្ទាល់ខ្លួន
« តម្កើងការងារ [ របស់អ្នក ] ថ្វាយព្រះអម្ចាស់ » ( យ៉ាកុប ១:១៩ ) ។ រៀនមានភាពខ្លួនទីពឹងខ្លួនខាងវិញ្ញាណ និង « ប្រព្រឹត្តអ្វីៗដោយ [ ខ្លួនរបស់អ្នក ] ( នីហ្វៃទី២ ២:១៦ ) ។
-
នៅពេលអ្នកមានសំណួរ ឬកង្វល់ សូមអនុវត្តការបង្រៀននេះទៅនឹង « សិក្សាក្នុងគំនិតរបស់អ្នក រួចហើយ … សូមដល់យើង បើសិនជាការណ៍នោះត្រឹមត្រូវ » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ៩:៨ ) ។
-
ស្វែងរកការដឹកនាំតាមរយៈវិវរណៈផ្ទាល់ខ្លួន ការអធិស្ឋាន ការសិក្សាព្រះគម្ពីរ ( ជាពិសេស ព្រះគម្ពីរមរមន ) ការបង្រៀនរបស់ព្យាការីដែលនៅរស់ និងបទដ្ឋានអ្នកផ្សព្វផ្សាយសាសនាផ្នែកសេវាកម្ម ។
និយាយជាមួយប៊ីស្សព ឬប្រធានស្តេករបស់អ្នកអំពីបញ្ហាភាពស័ក្ដិសម ។ ជួបជាមួយអ្នកប្រឹក្សាយោបល់របស់អ្នកផ្សព្វផ្សាយសាសនាផ្នែកសេវាកម្មរបស់អ្នក អំពីកង្វល់ដែលទាក់ទងនឹងសុវត្ថិភាពបន្ទាន់ ដូចជាការយាយី ការរំលោភបំពាន ឬបញ្ហាផ្សេងៗទៀត ។
វាអាចនឹងមានគ្រាទាំងឡាយ អំឡុងបេសកកម្មរបស់អ្នក ពេលដែលអ្នកឃើញថាវាពិបាកដើម្បីផ្ដោតលើកិច្ចការសេវាកម្មរបស់អ្នក ដោយសារតែឧបសគ្គនាពេលបច្ចុប្បន្ន បញ្ហាផ្ទាល់ខ្លួន ឬគ្រួសារ ឬបទពិសោធន៍ពីអតីតកាល ។ កុំស្ទាក់ស្ទើរក្នុងការចែកចាយកង្វល់របស់អ្នកជាមួយអ្នកប្រឹក្សាយោបល់របស់អ្នកផ្សព្វផ្សាយសាសនាផ្នែកសេវាកម្ម ប្រធានស្តេក ឬប្រធានបេសកកម្មរបស់អ្នកឡើយ ។
សូមចងចាំអំពីការអញ្ជើញរបស់ព្រះអង្គសង្គ្រោះ ៖ « ចូរមើលមកឯយើងដោយនូវគ្រប់ទាំងគំនិត ចូរកុំសង្ស័យ កុំខ្លាចឡើយ ។ ចូរមើលស្នាមទាំងឡាយដែលនៅចំហៀងយើង ហើយព្រមទាំងស្នាមដែកគោលនៅដៃ និងជើងរបស់យើងចុះ ចូរមានចិត្តស្មោះត្រង់ កាន់តាមបញ្ញត្តិទាំងឡាយរបស់យើង នោះអ្នករាល់គ្នានឹងគ្រងនគរស្ថានសួគ៌ទុកជាមរតក ( គោលលទ្ធិ និងសេចក្ដីសញ្ញា ៦:៣៦–៣៧ ) ។
២.២
ការបម្រើរួមគ្នា
ពីមួយគ្រាទៅមួយគ្រា អ្នកអាចត្រូវចាត់តាំងជាមួយនឹងពួកអ្នកផ្សព្វផ្សាយសាសនាផ្នែកសេវាកម្មផ្សេងទៀតទៅកាន់ទីតាំងដូចគ្នា ។ អ្នកក៏ប្រហែលជាត្រូវបានចាត់តាំងឲ្យរួមដំណើរជាមួយអ្នកផ្សព្វផ្សាយសាសនាផ្នែកការបង្រៀនផងដែរ ។ ក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនាដែលធ្វើការបម្រើរួមគ្នា អ្នកគួរតែ ៖
-
មានភាពសាមគ្គីគ្នានៅក្នុងកិច្ចការនេះ ហើយបម្រើដូចជាព្រះអង្គសង្គ្រោះបានធ្វើ ។
-
គាំទ្រសុខុមាលភាពរបស់គ្នាទៅវិញទៅមក ខាងវិញ្ញាណ ខាងសតិអារម្មណ៍ និងខាងរាងកាយ ។
-
ត្រូវគិតពីសុវត្ថិភាពគ្នាទៅវិញទៅមក ។
-
ទទួលខុសត្រូវចំពោះគ្នាទៅវិញទៅមក ក្នុងការកាន់តាមបទដ្ឋានអ្នកផ្សព្វផ្សាយសាសនាផ្នែកសេវាកម្ម ។
២.២.១
ដៃគូ
ប្រធានបេសកកម្មរបស់អ្នក ឬអ្នកប្រឹក្សាយោបល់របស់អ្នកផ្សព្វផ្សាយសាសនាផ្នែកសេវាកម្ម អាចចាត់តាំងដៃគូដើម្បីកែលម្អរចនាសម្ព័ន្ធការសិក្សាដំណឹងល្អ និងទំនាក់ទំនងសង្គមក្នុងអំឡុងពេលបេសកកម្មរបស់អ្នក ។ ដៃគូទាំងឡាយអាចត្រូវបានចាត់តាំងនៅទូទាំងតំបន់អ្នកផ្សព្វផ្សាយសាសនាផ្នែកសេវាកម្ម នៅក្នុងការបង្រៀន នៅទីតាំងនៃការបម្រើ ឬសម្រាប់សកម្មភាពការបម្រើពិសេសៗ ។
សូមចងចាំពីសេចក្ដីណែនាំដូចតនេះជានិច្ច ពេលអ្នកប្រាស្រ័យទាក់ទងនឹងពួកអ្នកផ្សព្វផ្សាយសាសនាផ្សេងទៀត ៖
-
ស្រឡាញ់ គោរព និងពង្រឹងអ្នកផ្សព្វផ្សាយសាសនាផ្សេងទៀត ។
-
បន្ទាបខ្លួន ហើយទទួលស្គាល់ពីភាពខ្លាំងរបស់គ្នាទៅវិញទៅមក ។
-
ប្រព្រឹត្តចំពោះគ្នាទៅវិញទៅមក ដូចជាអ្នកចង់ឲ្យគេប្រព្រឹត្តចំពោះអ្នកដែរ ។
-
ទទួលស្គាល់ភាពល្អនៅក្នុងពួកអ្នកផ្សព្វផ្សាយសាសនាផ្សេងទៀត ។
-
ចៀសវាងការរិះគន់ និងការឈ្លោះប្រកែកគ្នា ។
-
ចៀសវាងការនិយាយអវិជ្ជមានអំពីគ្នាទៅវិញទៅមក ប្រាប់អ្នកផ្សព្វផ្សាយសាសនាផ្នែកសេវាកម្មផ្សេងទៀត សមាជិកសាសនាចក្រ ឬគ្រួសារ និងមិត្តភក្ដិ ។
ប្រសិនបើអ្នកកត់សម្គាល់ឃើញថាមានស្ថានភាព ឬអាកប្បកិរិយាមិនសមរម្យណាមួយ សូមពិភាក្សាវាជាមួយអ្នកប្រឹក្សាយោបល់របស់អ្នកផ្សព្វផ្សាយសាសនាផ្នែកសេវាកម្មរបស់អ្នក ។
២.៣
ការប្រជុំ សន្និសីទ និងក្រុមប្រឹក្សា
ការប្រជុំ សន្និសីទ និងក្រុមប្រឹក្សាគួរតែយាងអញ្ជើញព្រះវិញ្ញាណនៃព្រះអម្ចាស់ និងគួរតែជាពេលវេលាមួយសម្រាប់ការបំផុសគំនិត និងវិវរណៈ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៦:៣២ ) ។ ការជួបជុំក្នុងនាមជាពួកអ្នកផ្សព្វផ្សាយសាសនា ក៏នឹងផ្ដល់ឱកាសឲ្យអ្នកស្អាងគ្នាទៅវិញទៅមក និងរីករាយជាមួយគ្នាផងដែរ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៤៣:៨; ៥០:២២ ) ។
ក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនា អ្នកប្រឹក្សាជាមួយគ្នាពេលអ្នកផ្ដល់ និងទទួលការបំពាក់បំប៉ន ។ អ្នកក៏ប្រឹក្សាជាមួយគ្នាផងដែរ ពេលអ្នករៀបចំផែនការ និងសម្របសម្រួលសេវាកម្មរបស់អ្នកជាមួយនឹងថ្នាក់ដឹកនាំ និងពួកអ្នកផ្សព្វផ្សាយសាសនាផ្សេងទៀត ។
ការប្រជុំអ្នកផ្សព្វផ្សាយសាសនាត្រូវធ្វើឡើងក្រោមការដឹកនាំរបស់ប្រធានបេសកកម្ម និងអ្នកប្រឹក្សាយោបល់របស់អ្នកផ្សព្វផ្សាយសាសនាផ្នែកសេវាកម្ម ។ ការប្រជុំជាទៀងទាត់ដែលអ្នកអាចចូលរួម រួមមាន ៖
-
សន្និសីទហ្សូន ។
-
ការប្រជុំមណ្ឌល ។
-
ការប្រជុំជារៀងសប្ដាហ៍ ឬជារៀងរាល់ខែ ។
-
ក្រុមប្រឹក្សាថ្នាក់ដឹកនាំបេសកកម្ម ។
២.៤
ការចាត់តាំង និងកាលវិភាគ
ចូរស្មោះត្រង់ ហើយឧស្សាហ៍នៅក្នុងការធ្វើតាមការចាត់តាំង និងកាលវិភាគអ្នកផ្សព្វផ្សាយសាសនារបស់អ្នក ។
២.៤.១
ការចាត់តាំងតាមបំណង
អ្នកត្រូវបានហៅដោយព្រះអម្ចាស់ឲ្យធ្វើជាអ្នកផ្សព្វផ្សាយសាសនា ។ ទ្រង់សុំឲ្យអ្នកបម្រើឲ្យអស់ពីចិត្ត អស់ពីពលំ អស់ពីគំនិត ហើយអស់ពីកម្លាំងរបស់អ្នក ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ៤:២ ) ។
អ្នកត្រូវបានចាត់តាំងឲ្យបម្រើនៅក្នុងបទពិសោធន៍បេសកកម្មតាមបំណងដែលបានជ្រើសរើសយ៉ាងវិសេសសម្រាប់ទេពកោសល្យ សមត្ថភាព និងអំណោយទានរបស់អ្នក ។ ក្នុងអំឡុងពេលបេសកកម្មរបស់អ្នក អ្នកអាចបម្រើក្នុងការចាត់តាំងជាច្រើន ។ ទាំងនេះអាចរាប់បញ្ចូលទាំងអង្គការសប្បុរសធម៌ដែលបានអនុម័ត ប្រតិបត្តិការរបស់សាសនាចក្រ ព្រះវិហារបរិសុទ្ធ ការបង្រៀនការសួរសុខទុក្ខជាមួយពួកអ្នកផ្សព្វផ្សាយសាសនាផ្នែកការបង្រៀន ហើយឱកាសធ្វើការបម្រើដែលបានចាត់តាំងដោយស្តេក ។
អ្នកអាចបម្រើលើសពីមួយកន្លែងនៅក្នុងសប្ដាហ៍ ។ នៅឯទីតាំងនីមួយៗ អ្នកនឹងរាយការណ៍ទៅកាន់អ្នកគ្រប់គ្រងដែលនឹងផ្ដល់ការបំពាក់បំប៉ន ឧបករណ៍ និងការគាំទ្រដែលអ្នកត្រូវការដើម្បីបំពេញការទទួលខុសត្រូវរបស់អ្នក ។
មកដល់កន្លែងចាត់តាំងរបស់អ្នកឲ្យទាន់ពេល ហើយរៀបចំខ្លួនដើម្បីបម្រើឲ្យបានល្អ ។ មានភាពជឿជាក់ និងអាចទុកចិត្តបាន ។ ធ្វើតាមការដឹកនាំមកពីអ្នកគ្រប់គ្រងរបស់អ្នកដោយប្រុងប្រយ័ត្ន និងដោយពេញលេញ ។
ធ្វើឲ្យអស់ពីលទ្ធភាពរបស់អ្នកដើម្បីចូលរួមចំណែកក្នុងការងាររបស់ព្រះអម្ចាស់ តាមរបៀបដ៏មានអត្ថន័យ ។ ចូរមានភាពវិជ្ជមាន និងមានឥទ្ធិពលនៃការលើកស្ទួយដល់មនុស្សដែលអ្នកបម្រើ និងប្រាស្រ័យទាក់ទង ។ ធ្វើការដោយសុវត្ថិភាព និងព្យាយាមកែលម្អជានិច្ច ។
២.៤.២
ការប្ដូរការចាត់តាំង
ដោយធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធ នោះប្រធានបេសកកម្ម និងអ្នកប្រឹក្សាយោបល់របស់អ្នកផ្សព្វផ្សាយសាសនាផ្នែកសេវាកម្មរបស់អ្នក អាចកែសម្រួលការចាត់តាំងផ្នែកសេវាកម្មរបស់អ្នក ក្នុងអំឡុងពេលនៃបេសកកម្មរបស់អ្នក ។
២.៤.៣
កាលវិភាគប្រចាំថ្ងៃ
ដោយធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ នោះអ្នកប្រឹក្សាយោបល់របស់អ្នកផ្សព្វផ្សាយសាសនាផ្នែកសេវាកម្មរបស់អ្នក ដោយបានមតិមកពីអ្នក នឹងបង្កើតកាលវិភាគអ្នកផ្សព្វផ្សាយសាសនាប្រចាំថ្ងៃ ។ ប្រធានបេសកម្មរបស់អ្នកនឹងអនុម័តលើកាលវិភាគនោះ ។ វាអាចរួមបញ្ចូលការចាត់តាំង និងសកម្មភាពនានានៅក្នុងផ្នែកនៃការអភិវឌ្ឍខាងក្រោម ៖
-
ផ្នែកខាងវិញ្ញាណ
-
ផ្នែកខាងសង្គម
-
ផ្នែកខាងសាច់ឈាម
-
ផ្នែកខាងបញ្ញា
ចូរមានភាពជាប់លាប់ និងអាចទុកចិត្តបានក្នុងការធ្វើតាមកាលវិភាគអ្នកផ្សព្វផ្សាយសាសនាប្រចាំថ្ងៃរបស់អ្នក ។ ការណ៍នេះនឹងនាំមកនូវការីកចម្រើន អំណរ និងពរជ័យខាងវិញ្ញាណដ៏ធំដល់អ្នក ក្នុងអំឡុងការបម្រើជាអ្នកផ្សព្វផ្សាយសាសនារបស់អ្នក ។
កាលវិភាគប្រចាំថ្ងៃរបស់អ្នកអាចរួមមាន ៖
-
ការដាក់ និងការពិនិត្យមើលគោលដៅអ្នកផ្សព្វផ្សាយសាសនាផ្នែកសេវាកម្មរបស់អ្នក ។
-
ការរៀបចំខ្លួន និងការបំពេញការចាត់តាំងរបស់អ្នករៀងរាល់ថ្ងៃ ។
-
ការសិក្សាព្រះគម្ពីរ ( ជាពិសេសព្រះគម្ពីរមរមន ) ការបង្រៀនរបស់ពួកព្យាការី និងពួកសាវកដែលនៅរស់ ដែលទាក់ទងនឹង ការសម្របខ្លួនទៅនឹងជីវិតជាអ្នកផ្សព្វផ្សាយសាសនាផ្នែកសេវាកម្ម នៃ ប្រកាសដំណឹងល្អរបស់យើង និងធនធានដែលបានអនុម័តផ្សេងៗទៀត ( សូមមើល ២.៤.៥ ) ។
២.៤.៤
គំរូកាលវិភាគប្រចាំថ្ងៃ
ធ្វើការជាមួយអ្នកប្រឹក្សាយោបល់របស់អ្នកផ្សព្វផ្សាយសាសនាផ្នែកសេវាកម្មរបស់អ្នក ដើម្បីធ្វើកាលវិភាគជាលាយលក្ខណ៍អក្សរទូទៅមួយ ។ រួមបញ្ចូលទាំងពេលវេលារបស់អ្នកនៅក្នុងការចាត់តាំង និងពេលវេលានៅពេលអ្នកប្រើសិទ្ធិជ្រើសរើសរបស់អ្នកដើម្បីកំណត់ពីរបៀបដែលអ្នកនឹងបម្រើ កែលម្អ និងរីកចម្រើន ( ហៅថា « ម៉ោងសិទ្ធិជ្រើសរើស » ) ។ កំណត់ថ្ងៃមួយជារៀងរាល់សប្តាហ៍ ជាថ្ងៃរៀបចំរបស់អ្នក ។ ពិនិត្យមើលឡើងវិញ ហើយធ្វើតាមផែនការរបស់អ្នករៀងរាល់ថ្ងៃ ។
កាលវិភាគប្រចាំថ្ងៃសម្រាប់បេសកកម្មរបស់អ្នក អាចមើលទៅដូចគំរូខាងក្រោមនេះ ៖
|
ពេលព្រឹក | |
|
[ ម៉ោងចាប់ផ្ដើម ] |
ក្រោកឡើង និងអធិស្ឋាន ។ |
|
[ ម៉ោងចាប់ផ្ដើម ] |
ហាត់ប្រាណ ៣០ នាទី ។ ( ប្រឹក្សាជាមួយនឹងអ្នកជំនាញផ្នែកសុខភាពអំពីអ្វីដែលល្អបំផុតសម្រាប់សុខភាព និងស្ថានភាពរាងកាយរបស់អ្នក ) ។ |
|
[ ម៉ោងចាប់ផ្ដើម ] |
ងូតទឹក បរិភោគអាហារពេលព្រឹក និងបញ្ចប់ការរៀបចំខ្លួនសម្រាប់ថ្ងៃនេះ ។ |
|
[ ម៉ោងចាប់ផ្ដើម ] |
ចូលរួមក្នុងការប្រជុំធម្មនិដ្ឋាន ឬការសិក្សាដំណឹងល្អ ។ |
|
[ ម៉ោងចាប់ផ្ដើម ] |
ទៅដល់កន្លែងធ្វើការចាត់តាំងរបស់អ្នកឲ្យទាន់ពេល ។ ( ចូលរួមការប្រជុំអធិស្ឋាន ឬការប្រជុំធម្មនិដ្ឋានពីមុនការបម្រើរបស់អ្នក ប្រសិនបើមាននៅក្នុងកាលវិភាគ ) ។ |
|
ពេលរសៀល | |
|
[ ម៉ោងចាប់ផ្ដើម ] |
បរិភោគអាហារថ្ងៃត្រង់ ។ |
|
[ ម៉ោងចាប់ផ្ដើម ] |
បម្រើរហូតដល់ពេលវេលានៃការចាត់តាំងរបស់អ្នកបានបញ្ចប់ ។ |
|
ពេលល្ងាច | |
|
[ ម៉ោងចាប់ផ្ដើម ] |
បរិភោគអាហារពេលល្ងាច ។ |
|
[ ម៉ោងចាប់ផ្ដើម ] |
ធ្វើតាមផែនការសកម្មភាពផ្ទាល់ខ្លួនរបស់អ្នកនៅក្នុងកាលវិភាគប្រចាំថ្ងៃរបស់អ្នក ។ ការណ៍នេះគួរតែដាក់បញ្ចូលនូវពេលវេលាមួយម៉ោង នៃការសិក្សាដំណឹងល្អផ្ទាល់ខ្លួន ។ វាក៏អាចរួមបញ្ចូលនូវការចូលរួមក្នុងព្រះវិហារបរិសុទ្ធ ថ្នាក់វិទ្យាស្ថាន សកម្មភាពយុវមជ្ឈិមវ័យនៅលីវ ( យ.ម.ល ) និងកិច្ចការក្នុងផ្ទះ ។ |
|
[ ម៉ោងចាប់ផ្ដើម ] |
កត់ត្រាអារម្មណ៍របស់អ្នក និងបទពិសោធន៍ពិសេសៗនៅក្នុងកំណត់ហេតុរបស់អ្នក ។ |
|
[ ម៉ោងចាប់ផ្ដើម ] |
រៀបចំខ្លួនចូលដំណេក ។ អធិស្ឋាន និងចូលដំណេក ។ |
សូម្បីតែពេលដែលអ្នកមិនបម្រើនៅទីតាំងដែលអ្នកបានចាត់តាំងក្ដី ក៏អ្នកនៅតែជាអ្នកផ្សព្វផ្សាយសាសនាដែរ ។ ការប្រព្រឹត្ត គំនិត និងសកម្មភាពរបស់អ្នកគួរតែឆ្លុះបញ្ចាំងពីការណ៍នេះ និងការលះបង់របស់អ្នកចំពោះព្រះយេស៊ូវគ្រីស្ទ ។
២.៤.៥
ម៉ោងសិក្សាជាមួយពួកអ្នកផ្សព្វផ្សាយសាសនាផ្នែកសេវាកម្មផ្សេងទៀត
បើអាចធ្វើទៅបាន និងតាមដែលអនុម័តដោយអ្នកប្រឹក្សាយោបល់របស់អ្នកផ្សព្វផ្សាយសាសនាផ្នែកសេវាកម្មរបស់អ្នក សូមសិក្សាជាមួយអ្នកផ្សព្វផ្សាយសាសនាផ្នែកសេវាកម្មផ្សេងទៀត ។ នរណាម្នាក់អាចត្រូវបានចាត់តាំងឲ្យអ្នកដោយប្រធានបេសកកម្មរបស់អ្នក ឬអ្នកប្រឹក្សាយោបល់របស់អ្នកផ្សព្វផ្សាយសាសនាផ្នែកសេវាកម្ម ។ ការសិក្សាជាមួយនឹងអ្នកផ្សព្វផ្សាយសាសនាម្នាក់ទៀតត្រូវបានធ្វើពីចម្ងាយ ។ ផ្ទុយទៅវិញ អ្នកអាចសិក្សាដោយផ្ទាល់នៅពេលដែលកាលៈទេសៈអនុញ្ញាតឲ្យ ។
សូមផ្ដោតលើព្រះគម្ពីរ ( ជាពិសេសព្រះគម្ពីរមរមន ) ការបង្រៀនរបស់ព្យាការីនៅរស់ ផ្នែកដែលទាក់ទងស្ដីពី ការសម្របខ្លួនទៅនឹងជីវិតជាអ្នកផ្សព្វផ្សាយសាសនាផ្នែកសេវាកម្ម នៃ ប្រកាសដំណឹងល្អរបស់យើង និងក្បួនខ្នាតនេះ ។ ធនធានដែលត្រូវបានអនុម័តទាំងនេះ អាចពង្រឹងចំណេះដឹង និងទីបន្ទាល់របស់អ្នក អំពីដំណឹងល្អដែលបានស្ដារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ព្រមទាំងជួយអ្នកឲ្យរៀបចំខ្លួន ដើម្បីបំពេញតាមសេចក្ដីត្រូវការរបស់មនុស្សដែលអ្នកបម្រើផងដែរ ។
២.៥
ព្រឹត្តិការណ៍ សកម្មភាព និងការរៀបចំខ្លួនក្រៅពីការចាត់តាំងផ្នែកសេវាកម្ម
កាលវិភាគអ្នកផ្សព្វផ្សាយសាសនារបស់អ្នកគួររួមបញ្ចូលថ្ងៃរៀបចំសម្រាប់រៀងរាល់សប្តាហ៍ ។ នៅថ្ងៃរៀបចំ សូមចាត់ចែងតម្រូវការផ្ទាល់ខ្លួន និងគ្រួសាររបស់អ្នក ។ ការណ៍ទាំងនេះអាចរួមបញ្ចូលការងារនៅផ្ទះ ការណាត់ជួបពេទ្យ ពេលវេលាសម្រាប់គ្រួសារ និងការកម្សាន្ដដែលសមរម្យ ។ ថ្ងៃរៀបចំគឺជាពេលដើម្បី « រៀបចំខ្លួន ចូររៀបចំអ្វីៗដែលត្រូវការគ្រប់មុខ ហើយចូរតាំងដំណាក់មួយឡើង គឺ … ដំណាក់នៃរបៀបរៀបរយ » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ១០៩:៨ ) ។
សូមចងចាំពីការព្រមានដ៏ទាន់ពេលវេលា ៖ « ចូរកុំរត់លឿន ឬធ្វើការលើសជាងកម្លាំងដែលអ្នកមាន » ( គោលលទ្ធិ និងសេចក្តីសញ្ញា ១០:៤ ) ។ « ចូរឆាប់ចូលដំណេក ប្រយោជន៍កុំឲ្យអ្នករាល់គ្នាអស់កម្លាំង ចូរឆាប់ក្រោក ប្រយោជន៍ឲ្យរូបកាយរបស់អ្នករាល់គ្នា និងគំនិតរបស់អ្នករាល់គ្នាអាចមានកម្លាំងក្លៀវក្លា » ( គោលលទ្ធិ និងសេចក្តីសញ្ញា ៨៨:១២៤ ) ។ ការឈប់សម្រាក និងការរៀបចំខ្លួននឹងជួយគាំទ្រដល់សមត្ថភាពរបស់អ្នកដើម្បីបម្រើមនុស្សដទៃ និងបំពេញគោលបំណងអ្នកផ្សព្វផ្សាយសាសនារបស់អ្នក ។
២.៦
សកម្មភាពថ្ងៃឈប់សម្រាក
ដាក់ផែនការសកម្មភាពនៅថ្ងៃឈប់សម្រាកដែលជួយអ្នកឲ្យបំពេញគោលបំណងជាអ្នកផ្សព្វផ្សាយសាសនារបស់អ្នក ដើម្បីជួយមនុស្សដទៃឲ្យមករកព្រះគ្រីស្ទ តាមរយៈការបម្រើដូចជាព្រះគ្រីស្ទ ។ សូមចងចាំការបង្រៀនរបស់ព្រះអម្ចាស់អំពីថ្ងៃឈប់សម្រាកនៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ៥៩:១៣–១៩ ។
ដោយធ្វើការជាមួយអ្នកប្រឹក្សាយោបល់របស់អ្នកផ្សព្វផ្សាយសាសនាផ្នែកសេវាកម្មរបស់អ្នក ថ្នាក់ដឹកនាំបព្វជិតភាពរបស់អ្នក អាចផ្ដល់ការហៅក្នុងវួដ ឬស្តេកដល់អ្នក ដែលពង្រីកបទពិសោធន៍ក្នុងបេសកកម្មរបស់អ្នក ។ អ្នកក៏អាចបម្រើជាបងប្អូនប្រុស ឬបងប្អូនស្រីដែលផ្ដល់ការងារបម្រើផងដែរ ។
២.៧
ការបម្រើនៅក្នុងសហគមន៍
« អ្នករាល់គ្នាជាពន្លឺនៃលោកិយ ។ … ដូច្នេះចូរឲ្យពន្លឺរបស់អ្នករាល់គ្នា បានភ្លឺនៅមុខមនុស្សលោកយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អ ដែលអ្នករាល់គ្នាប្រព្រឹត្ត រួចសរសើរតម្កើងដល់ព្រះវរបិតានៃអ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌ » ( ម៉ាថាយ ៥:១៤, ១៦ ) ។ របៀបមួយដើម្បីរៀនធ្វើជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទគឺតាមរយៈការបម្រើដូចជាទ្រង់បានធ្វើ ។ អ្នកប្រឹក្សាយោបល់របស់អ្នកផ្សព្វផ្សាយសាសនាផ្នែកសេវាកម្មរបស់អ្នកនឹងជួយស្វែងរកឱកាសសម្រាប់អ្នកដើម្បីបម្រើអ្នកដទៃក្នុងសហគមន៍ ( សូមមើល ម៉ូសាយ ២:១៧ ) ។
បម្រើដោយបំណងប្រាថ្នាដ៏ស្មោះសរ ដើម្បីជួយមនុស្សផ្សេងទៀតដោយមិនរំពឹងថាលទ្ធផលជាអ្វីនោះទេ ។ តាមរយៈការបម្រើដូចជាព្រះគ្រីស្ទរបស់អ្នក នោះអ្នកបង្ហាញពីសេចក្តីស្រឡាញ់របស់អ្នកចំពោះព្រះ និងបុត្រាបុត្រីរបស់ទ្រង់ ។
ការចាត់តាំងជាក់លាក់តម្រូវឲ្យមានការបំពាក់បំប៉ន ឬការគ្រប់គ្រងបន្ថែមទៀត ។ លើកលែងតែអង្គការមនុស្សធម៌ដែលអ្នកកំពុងបម្រើបានដាក់ស្នើឲ្យមានផែនការបំពាក់បំប៉នជាក់លាក់មួយទៅកាន់អ្នកប្រឹក្សាយោបល់របស់អ្នកផ្សព្វផ្សាយសាសនាផ្នែកសេវាកម្មរបស់អ្នក នោះអ្នកមិនគួរចូលរួមក្នុងសកម្មភាពហាមឃាត់ណាមួយដូចតទៅនេះឡើយ ៖
-
ការប្រាស្រ័យទាក់ទងជាមួយនឹងកុមារ ឬមនុស្សពេញវ័យដែលងាយរងគ្រោះ
-
ការដំណើរការម៉ាស៊ីន ឧបករណ៍ ឬរថយន្តផ្សេងៗ
-
ការកាន់ប្រាក់ ឬវត្ថុមានតម្លៃណាមួយ
-
ការផ្ដល់យោបល់បែបវិជ្ជាជីវៈ
សូមចងចាំជានិច្ច សូមកុំផ្សព្វផ្សាយពេលអ្នកកំពុងបម្រើនៅក្នុងអង្គការមនុស្សធម៌ ។