អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម
សារលិខិត​មក​ពី​គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់


« សារលិខិត​មកពី​គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ » បទដ្ឋាន​អ្នកផ្សព្វផ្សាយ​សាសនា​សម្រាប់​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ—ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម ( ឆ្នាំ២០២៥ )

« សារលិខិត​មកពី​គណៈប្រធាន​ទីមួយ » បទដ្ឋាន​អ្នក​ផ្សព្វផ្សាយ​សាសនា—ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម

ព្រះយេស៊ូវ​លាង​ជើង​ឲ្យ​ពួកសិស្ស​របស់​ទ្រង់

សារលិខិត​មក​ពី​គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់

ជូន​ចំពោះ​អ្នក​ផ្សព្វផ្សាយ​សាសនា​ជា​ទី​ស្រឡាញ់ ៖

ព្រះគម្ពីរ​មរមន​បង្រៀន​ថា « ហើយ​មើលចុះ យើង​សុំ​ប្រាប់​អ្នក​នូវ​ការណ៍​ទាំងនេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​មាន​ប្រាជ្ញា ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​អាច​បាន​ដឹង​ថា កាលណា​អ្នក​រាល់​គ្នា​នៅ​ក្នុង​ការបម្រើ​ដល់​មនុស្ស​ទូទៅ នោះ​អ្នក​រាល់​គ្នា​គ្រាន់​តែ​នៅ​ក្នុង​ការបម្រើ​ដល់​ព្រះ​របស់​អ្នក​តែ​ប៉ុណ្ណោះ » ( ម៉ូសាយ ២:១៧ ) ។ ព្រះ​បាន​ហៅ​អ្នក​ឲ្យ​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​ដើម្បី​ជួយ​ប្រមូល​សាសន៍​អ៊ីស្រាអែល តាមរយៈ​ការបម្រើ ។ យើង​មាន​អំណរគុណ​ចំពោះ​ឆន្ទៈ​របស់​អ្នក​ក្នុង​ការបម្រើ​ព្រះ ដោយ​តាមរយៈ​ការបម្រើ​មិត្តភក្តិ​របស់​អ្នក ។

ការបម្រើ​ដល់​បុត្រាបុត្រី​របស់​ព្រះបិតាសួគ៌​របស់​យើង គឺជា​ការបង្ហាញ​ដ៏​សំខាន់​នៃ​ការដឹងគុណ​របស់​អ្នក​ចំពោះ​ព្រះ​សម្រាប់​ជីវិត និង​ដំណឹងល្អ​របស់​ទ្រង់ ។ វា​បង្ហាញ​ពី​ឆន្ទៈ​របស់​អ្នក​ដើម្បី​រក្សា​សេចក្តីសញ្ញា​ដែល​អ្នក​បានធ្វើ​ជា​មួយនឹង​ទ្រង់ ។ យើង​សូម​លើក​ទឹកចិត្ត​អ្នក​ឲ្យ « អធិស្ឋាន​ដល់​ព្រះវរបិតា​ដោយ​អស់​ពី​កម្លាំង​ចិត្ត » ដើម្បី​អ្នក​អាច​បាន​ពោរពេញ​ដោយ​សេចក្តីស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះគ្រីស្ទ ។ សេចក្តីស្រឡាញ់​នេះ​ផ្ដល់​ឲ្យ​ដល់ « អស់​អ្នក​ណា​ដែល​ជា​អ្នក​ដើរ​តាម​ដ៏​ពិត » របស់​ព្រះយេស៊ូគ្រីស្ទ ( មរ៉ូណៃ ៧:៤៧–៤៨ ) ។ ពេល​អ្នកបម្រើ​អ្នកដទៃ​ក្នុង​ព្រះ​នាម​របស់​ទ្រង់ នោះ​ទ្រង់​នឹង​បំពេញ​អ្នក​ដោយ​អំណរ ។

បទដ្ឋាន​អ្នកផ្សព្វផ្សាយ​សាសនា​សម្រាប់​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ—ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម ត្រូវ​បាន​ផ្តល់​ឲ្យ​ដោយ​គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់ គឺដើម្បី​ដឹកនាំ​ការបម្រើ​របស់​អ្នក ។ យើង​សូម​លើក​ទឹក​ចិត្ត​អ្នក​ឲ្យ​ស្គាល់​ក្បួនខ្នាត​នេះ ហើយ​រស់​នៅ​តាម​បទដ្ឋាន​ទាំងឡាយ​ដែល​មាន​នៅក្នុង​នោះ ។ បទដ្ឋាន​ទាំង​នេះ​នឹង​ជួយ​ការពារ​អ្នក​ខាង​ផ្លូវកាយ ខាង​វិញ្ញាណ និង​ខាង​សតិអារម្មណ៍ ។ វា​នឹង​ជួយ​អ្នក​ឲ្យ​ធ្វើ​ជា​សិស្ស​ដ៏​កាន់តែ​ស្មោះត្រង់​របស់​ព្រះយេស៊ូវគ្រីស្ទ ហើយ​ប្រែក្លាយ​កាន់តែ​ដូចជា​ទ្រង់ ។

យើង​សូម​អធិស្ឋាន​សូម​ឲ្យ​អ្នក​នឹង​រកឃើញ​សេចក្ដីសុខសាន្ត និង​អំណរ​ពិត ក្នុង​ការបម្រើ​ព្រះអម្ចាស់​ព្រះ​យេស៊ូវ​គ្រីស្ទ និង​បុត្រាបុត្រី​របស់​ព្រះវរបិតា​សួគ៌ ។

ដោយ​សេចក្ដីស្រឡាញ់ និង​អរគុណ

គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់

សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ