« ៣៨. គោលនយោបាយ និងគោលការណ៍ណែនាំរបស់សាសនាចក្រ » ជម្រើសចេញមកពីក្បួនខ្នាតទូទៅ ( ឆ្នាំ២០២៣ ) ។
« ៣៨. គោលនយោបាយ និងគោលការណ៍ណែនាំរបស់សាសនាចក្រ » ជម្រើសចេញមកពីក្បួនខ្នាតទូទៅ
៣៨.
គោលនយោបាយ និងគោលការណ៍ណែនាំរបស់សាសនាចក្រ
៣៨.១
ការចូលរួមរបស់សាសនាចក្រ
ព្រះវរបិតារបស់យើងដែលគង់នៅស្ថានសួគ៌ ស្រឡាញ់បុត្រាបុត្រីរបស់ទ្រង់ ។ « មនុស្សទាំងអស់ … ក៏ដូចគ្នានៅចំពោះព្រះ » ហើយទ្រង់អញ្ជើញមនុស្សទាំងអស់ « ឲ្យមករកទ្រង់ ហើយទទួលទាននូវសេចក្ដីល្អសប្បុរសរបស់ទ្រង់ » ( នីហ្វៃទី២ ២៦:៣៣ ) ។
៣៨.១.១
វត្តមាននៅឯការប្រជុំសាសនាចក្រ
មនុស្សទាំងអស់គ្នាត្រូវបានស្វាគមន៍ឲ្យចូលរួមការប្រជុំសាក្រាម៉ង់ ការប្រជុំថ្ងៃអាទិត្យផ្សេងៗទៀត ក៏ដូចជាព្រឹត្តិការណ៍ខាងសង្គមនានារបស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយផងដែរ ។ អ្នកកាន់តំណែងជាអធិបតីមានការទទួលខុសត្រូវក្នុងការធ្វើឲ្យប្រាកដថា មនុស្សទាំងអស់ដែលចូលរួមមានការគោរពដល់ការកំណត់ដ៏ពិសិដ្ឋនោះ ។
អស់អ្នកដែលចូលរួមគួរតែចៀសវាងការរំខានដែលផ្ទុយពីការថ្វាយបង្គំ ឬគោលបំណងផ្សេងៗទៀតនៃការប្រជុំនោះ ។ គ្រប់ការតម្រូវទាំងអស់ផ្នែកអាយុ និងឥរិយាបថនៃការប្រជុំ និងព្រឹត្តិការណ៍របស់សាសនាចក្រផ្សេងៗទៀត គួរតែត្រូវបានគោរពតាម ។ ការណ៍នោះតម្រូវឲ្យមានការចៀសវាងពីការបង្ហាញនូវឥរិយាបថស្និទ្ធស្នាលផ្អែមល្ហែមហួសប្រមាណ និងពីការស្លៀកពាក់ ឬការតុបតែងខ្លួនដែលបណ្ដាលឲ្យមានការរំខាន ។ វាក៏ហាមឃាត់មិនឲ្យមានការថ្លែងដែលទាក់ទងនឹងនយោបាយ ឬការនិយាយណែនាំអំពីទំនាក់ទំនងផ្លូវភេទ ឬអំពីបុគ្គលិកលក្ខណៈផ្ទាល់ខ្លួនផ្សេងទៀត នៅក្នុងរបៀបមួយដែលរារាំងដល់ការប្រជុំដែលផ្ដោតលើព្រះអង្គសង្គ្រោះផងដែរ ។
ប្រសិនបើមានឥរិយាបថមិនសមរម្យ នោះប៊ីស្សព ឬប្រធានស្ដេកផ្ដល់នូវការប្រឹក្សាជាលក្ខណៈឯកជនដោយផ្ទាល់ក្នុងស្មារតីនៃសេចក្ដីស្រឡាញ់ ។ គាត់លើកទឹកចិត្តពួកអ្នកដែលមានឥរិយាបថមិនសមរម្យក្នុងឱកាសនោះ ឲ្យផ្ដោតលើការជួយរក្សានូវភាពពិសិដ្ឋសម្រាប់អ្នកគ្រប់គ្នាដែលចូលរួម ដោយការសង្កត់ធ្ងន់ជាពិសេស លើការថ្វាយបង្គំព្រះវរបិតាសួគ៌ និងព្រះអង្គសង្គ្រោះ ។
សាលាប្រជុំរបស់សាសនាចក្រនៅតែជាទ្រព្យសម្បត្តិឯកជន យោងទៅតាមគោលនយោបាយរបស់សាសនាចក្រ ។ បុគ្គលទាំងឡាយណាដែលមិនព្រមធ្វើតាមសេចក្ដីណែនាំទាំងនេះ នឹងត្រូវបានស្នើសុំដោយការគោរព មិនឲ្យចូលរួមនៅក្នុងការប្រជុំ ឬព្រឹត្តិការណ៍របស់សាសនាចក្រទេ ។
៣៨.២
គោលនយោបាយសម្រាប់ពិធីបរិសុទ្ធ និងការប្រសិទ្ធពរទាំងឡាយ
ព័ត៌មានទូទៅអំពីពិធីបរិសុទ្ធ និងការប្រសិទ្ធពរទាំងឡាយមានចែងនៅក្នុង ជំពូកទី ១៨ ។ ព័ត៌មានអំពីពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធមានចែងនៅក្នុង ជំពូកទី ២៧ និង ២៨ ។ ប៊ីស្សពអាចទាក់ទងប្រធានស្តេក ប្រសិនបើពួកគាត់មានសំណួរ ។ ប្រធានស្តេកអាចទាក់ទងទៅកាន់គណៈប្រធានតំបន់ ប្រសិនបើពួកគាត់មានសំណួរ ។
៣៨.៣
អាពាហ៍ពិពាហ៍ស៊ីវិល
ថ្នាក់ដឹកនាំសាសនាចក្រលើកទឹកចិត្តឲ្យសមាជិកមានភាពស័ក្តិសមសម្រាប់អាពាហ៍ពិពាហ៍នៅក្នុងព្រះវិហារបរិសុទ្ធ ហើយរៀបការ និងផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធ ។ ប្រសិនបើច្បាប់នៅក្នុងមូលដ្ឋានអនុញ្ញាត នោះថ្នាក់ដឹកនាំ សាសនាចក្រអាចដូច្នោះបាន ទោះជាយ៉ាងណា ឲ្យរៀបអាពាហ៍ពិពាហ៍ស៊ីវិលជាមុនសិន ។
អាពាហ៍ពិពាហ៍ស៊ីវិលគួរតែធ្វើឡើងស្របទៅតាមច្បាប់នៅក្នុងទីកន្លែងដែលអាពាហ៍ពិពាហ៍ត្រូវបានធ្វើឡើង ។
៣៨.៣.១
បុគ្គលដែលអាចប្រារព្ធធ្វើពិធីអាពាហ៍ពិពាហ៍ស៊ីវិល
នៅពេលបានអនុញ្ញាតដោយច្បាប់ក្នុងមូលដ្ឋាន អ្នកកាន់តំណែងក្នុងសាសនាចក្រដែលកំពុងបម្រើនាពេលបច្ចុប្បន្នដូចតទៅនេះ អាចធ្វើពិធីអាពាហ៍ពិពាហ៍ស៊ីវិលស្របតាមការហៅរបស់ពួកគាត់បាន ៖
-
ប្រធានបេសកកម្ម
-
ប្រធានស្តេក
-
ប្រធានមណ្ឌល
-
ប៊ីស្សព
-
ប្រធានសាខា
អ្នកកាន់តំណែងទាំងនេះអាចធ្វើបានតែអាពាហ៍ពិពាហ៍ស៊ីវិលសម្រាប់បុរសម្នាក់ និងស្ដ្រីម្នាក់ប៉ុណ្ណោះ ។ លក្ខខណ្ឌខាងក្រោមនេះទាំងអស់ត្រូវតែអនុវត្តផងដែរ ៖
-
កូនក្រមុំ ឬកូនកំលោះគឺជាសមាជិកនៃសាសនាចក្រ ឬមានកាលបរិច្ឆេទបុណ្យជ្រមុជទឹក ។
-
កំណត់ត្រាសមាជិកភាពរបស់កូនក្រមុំ ឬរបស់កូនកំលោះកំពុងនៅក្នុង ឬនឹងមកក្នុងអង្គភាពសាសនាចក្ររបស់អ្នកកាន់តំណែងជាអធិបតីនោះ បន្ទាប់ពីពិធីបុណ្យជ្រមុជទឹក ។
-
អ្នកកាន់តំណែងក្នុងសាសនាចក្រមានសិទ្ធិអំណាចតាមផ្លូវច្បាប់ ដើម្បីធ្វើអាពាហ៍ពិពាហ៍ស៊ីវិលស្របតាមយុត្តាធិការ ដែលអាពាហ៍ពិពាហ៍នោះនឹងប្រារព្ធឡើង ។
៣៨.៣.៤
អាពាហ៍ពិពាហ៍ស៊ីវិលដែលធ្វើនៅក្នុងអគារសាសនាចក្រ
ពិធីរៀបអាពាហ៍ពិពាហ៍អាចធ្វើឡើងនៅក្នុងអគារសាសនាចក្របាន ប្រសិនបើគ្មានការប៉ះពាល់ដល់កាលវិភាគនៃកិច្ចការរបស់សាសនាចក្រជាធម្មតានោះទេ ។ ពិធីអាពាហ៍ពិពាហ៍មិនគួរធ្វើឡើងនៅថ្ងៃឈប់សម្រាក ឬនៅពេលល្ងាចថ្ងៃចន្ទឡើយ ។ ពិធីអាពាហ៍ពិពាហ៍ដែលធ្វើឡើងនៅក្នុងអគារសាសនាចក្រ គួរតែសាមញ្ញ និងមានភាពថ្លៃថ្នូរ ។ តន្ដ្រីគួរតែជាតន្ដ្រីពិសិដ្ឋ មានគារវភាព និងមានភាពរីករាយ ។
អាពាហ៍ពិពាហ៍អាចធ្វើឡើងនៅក្នុងរោងជំនុំ សាលវប្បធម៌ ឬបន្ទប់ដែលសមរម្យផ្សេងទៀតបាន ។ អាពាហ៍ពិពាហ៍គួរតែធ្វើតាមគោលការណ៍ណែនាំស្ដីពីការប្រើប្រាស់សាលាប្រជុំឲ្យបានត្រឹមត្រូវ ។
៣៨.៣.៦
ពិធីអាពាហ៍ពិពាហ៍ស៊ីវិល
ដើម្បីធ្វើពិធីអាពាហ៍ពិពាហ៍ស៊ីវិល អ្នកកាន់តំណែងសាសនាចក្រនិយាយទៅកាន់គូស្វាមីភរិយា ហើយប្រាប់ថា « សូមចាប់ដៃស្តាំគ្នាទៅវិញទៅមក » ។ បន្ទាប់មកគាត់ហៅ « [ ឈ្មោះពេញរបស់កូនកំលោះ ] និង [ ឈ្មោះពេញរបស់កូនក្រមុំ ] អ្នកទាំងពីរបានចាប់ដៃស្តាំគ្នាទៅវិញទៅមក ជាទីសម្គាល់នៃសម្បថទាំងឡាយថា ឥឡូវនេះអ្នកទាំងពីរចូលទៅក្នុងវត្តមានរបស់ព្រះ និងសាក្សីទាំងនេះ » ។ ( គូស្វាមីភរិយាអាចជ្រើសរើស ឬកំណត់យកសាក្សីទាំងនេះជាមុនបាន ) ។
បន្ទាប់មក អ្នកកាន់តំណែងនិយាយទៅកាន់កូនកំលោះ ហើយសួរ « [ ឈ្មោះពេញរបស់កូនកំលោះ ] តើអ្នកយល់ព្រមទទួលយក [ ឈ្មោះពេញរបស់កូនក្រមុំ ] ធ្វើជាភរិយារៀបការពេញច្បាប់របស់អ្នក ហើយសុខចិត្តជ្រើសរើសយកគាត់ធ្វើជាដៃគូ ដោយសន្យាយ៉ាងម៉ឺងម៉ាត់ថា ធ្វើជាស្វាមីរៀបការពេញច្បាប់ ហើយអ្នកនឹងនៅជាប់នឹងនាង ហើយគ្មាននរណាទៀតឡើយ ថាអ្នកនឹងធ្វើតាមរាល់ច្បាប់ ការទទួលខុសត្រូវ និងកាតព្វកិច្ចដែលជាប់ទាក់ទងនឹងស្ថានភាពបរិសុទ្ធនៃអាពាហ៍ពិពាហ៍ ហើយថាអ្នកនឹងស្រឡាញ់ គោរព និងរក្សានាងដរាបណាអ្នកទាំងពីរនៅមានជីវិតដែរឬទេ ? »
កូនកំលោះឆ្លើយ « បាទ » ឬ « ខ្ញុំយល់ព្រម » ។
បន្ទាប់មក អ្នកកាន់តំណែងសាសនាចក្រនិយាយទៅកាន់កូនក្រមុំ ហើយសួរ « [ ឈ្មោះពេញរបស់កូនក្រមុំ ] តើអ្នកយល់ព្រមទទួលយក [ ឈ្មោះពេញកូនកំលោះ ] ធ្វើជាស្វាមីរៀបការពេញច្បាប់របស់អ្នក ហើយសុខចិត្តជ្រើសរើសយកគាត់ធ្វើជាដៃគូ ដោយសន្យាយ៉ាងម៉ឺងម៉ាត់ថា ធ្វើជាភរិយារៀបការពេញច្បាប់ ហើយអ្នកនឹងនៅជាប់នឹងគាត់ ហើយគ្មាននរណាទៀតឡើយ ថាអ្នកនឹងធ្វើតាមរាល់ច្បាប់ ការទទួលខុសត្រូវ និងកាតព្វកិច្ចដែលទាក់ទងនឹងស្ថានភាពបរិសុទ្ធនៃអាពាហ៍ពិពាហ៍ ហើយថាអ្នកនឹងស្រឡាញ់ គោរព និងរក្សាគាត់ ដរាបណាអ្នកទាំងពីរនៅមានជីវិតដែរឬទេ ? »
កូនក្រមុំឆ្លើយ « ចាស » ឬ « ខ្ញុំយល់ព្រម » ។
បន្ទាប់មកអ្នកកាន់តំណែងសាសនាចក្រថ្លែងទៅកាន់ស្វាមីភរិយា ហើយនិយាយថា « ដោយគុណធម៌នៃសិទ្ធិអំណាចស្របច្បាប់ ដែលខ្ញុំមានក្នុងនាមជាអែលឌើរនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ខ្ញុំប្រកាសថាអ្នក [ ឈ្មោះកូនកំលោះ ] និង [ ឈ្មោះកូនក្រមុំ ] ជាស្វាមីភរិយា ដែលបានរៀបការស្របច្បាប់ និងត្រឹមត្រូវតាមច្បាប់ សម្រាប់វេលាកាលនៃជីវិតរបស់អ្នក » ។
( ពាក្យកែសម្រួលសម្រាប់បព្វជិតដែលមិនកំពុងបម្រើជាអ្នកកាន់តំណែងក្នុងសាសនាចក្រជាអធិបតី ៖ « ដោយគុណធម៌នៃសិទ្ធិអំណាចស្របច្បាប់ ដែលខ្ញុំមានក្នុងនាមជាបព្វជិតនៅក្នុង [ សាខាកងទ័ព ឬអង្គការស៊ីវិល ] ខ្ញុំប្រកាសថាអ្នក [ ឈ្មោះកូនកំលោះ ] និង [ ឈ្មោះកូនក្រមុំ ] ជាស្វាមីភរិយា ដែលបានរៀបការស្របច្បាប់ និងត្រឹមត្រូវតាមច្បាប់ សម្រាប់វេលាកាលនៃជីវិតរបស់អ្នក » ) ។
« សូមព្រះប្រទានពរឲ្យការចាប់ដៃគ្នារបស់អ្នកទាំងពីរ ពោរពេញទៅដោយអំណរនៅក្នុងកូនចៅជំនាន់ក្រោយរបស់អ្នក ហើយមានជីវិតសុភមង្គលយូរអង្វែងជាមួយគ្នា និងសូមឲ្យទ្រង់ប្រទានពរដល់អ្នកទាំងពីររក្សាបាននូវរាល់សម្បថពិសិដ្ឋដែលអ្នកបានធ្វើ ។ ខ្ញុំសូមឲ្យពរជ័យទាំងនេះកើតមានដល់អ្នកទាំងពីរ នៅក្នុងព្រះនាមនៃព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ អាម៉ែន » ។
ការអញ្ជើញឲ្យថើបគ្នាក្នុងនាមជាស្វាមីភរិយាគឺជាជម្រើស ដោយផ្អែកទៅលើទំនៀមទម្លាប់វប្បធម៌ ។
៣៨.៤
គោលនយោបាយនៃការផ្សារភ្ជាប់
ពិធីបរិសុទ្ធនៃការផ្សារភ្ជាប់ក្នុងព្រះវិហារបរិសុទ្ធភ្ជាប់ក្រុមគ្រួសារសម្រាប់ភាពអស់កល្បជានិច្ច នៅពេលសមាជិកខិតខំគោរពតាមសេចក្ដីសញ្ញាទាំងឡាយ ដែលពួកគេបានធ្វើ កាលពួកគេទទួលបានពិធីបរិសុទ្ធនោះ ។ ពិធីបរិសុទ្ធនៃការផ្សារភ្ជាប់រួមមាន ៖
-
ពិធីផ្សារភ្ជាប់រវាងស្វាមី និងភរិយា ។
-
ពិធីផ្សារភ្ជាប់កូនៗជាមួយនឹងឪពុកម្តាយ ។
អ្នកដែលរក្សាសេចក្តីសញ្ញារបស់ពួកគេនឹងរក្សានូវពរជ័យនីមួយៗដែលផ្តល់ដោយពិធីផ្សារភ្ជាប់នោះ ។ នេះគឺជាការពិត ទោះបីស្វាមី ឬភរិយារបស់បុគ្គលនោះបានបំពានសេចក្តីសញ្ញា ឬដកខ្លួនចេញពីអាពាហ៍ពិពាហ៍ក្តី ។
កូនៗស្មោះត្រង់ដែលផ្សារភ្ជាប់ទៅនឹងឪពុកម្តាយ ឬកើតក្នុងសេចក្តីសញ្ញារក្សាទុកនូវពរជ័យនៃភាពជាឪពុកម្តាយអស់កល្ប ។ នេះគឺជាការពិត សូម្បីតែឪពុកម្តាយរបស់ពួកគេលុបចោលការផ្សារភ្ជាប់របស់ពួកគេ ត្រូវបានដកហូតសមាជិកភាពពីសាសនាចក្រ ឬលាលែងសមាជិកភាពរបស់ពួកគេក្តី ។
សមាជិកគួរតែពិគ្រោះយោបល់ជាមួយប៊ីស្សពរបស់ពួកគេ ប្រសិនបើពួកគេមានសំណួរអំពីគោលនយោបាយនៃពិធីផ្សារភ្ជាប់ ។ ប៊ីស្សពទាក់ទងទៅប្រធានស្តេក ប្រសិនបើគាត់មានសំណួរ ។ ប្រធានស្តេកអាចទាក់ទងទៅគណៈប្រធានព្រះវិហារបរិសុទ្ធនៅក្នុងមណ្ឌលព្រះវិហារបរិសុទ្ធរបស់ពួកគាត់ គណៈប្រធានតំបន់ ឬការិយាល័យនៃគណៈប្រធានទីមួយ ប្រសិនបើពួកគាត់មានសំណួរ ។
៣៨.៥
សម្លៀកបំពាក់ព្រះវិហារបរិសុទ្ធ និងសម្លៀកបំពាក់ពិសិដ្ឋ
៣៨.៥.១
សម្លៀកបំពាក់ព្រះវិហារបរិសុទ្ធ
នៅអំឡុងពេលទទួលអំណោយទានពិសិដ្ឋ និងពិធីបរិសុទ្ធនៃការផ្សារភ្ជាប់ក្នុងព្រះវិហារបរិសុទ្ធ សមាជិកនៃសាសនាចក្រស្លៀកសម្លៀកបំពាក់ពណ៌ស ។ ស្រ្តីស្លៀកពាក់សម្លៀកបំពាក់ពណ៌សដូចតទៅនេះ ៖ រ៉ូបដៃវែង ឬដៃត្រការ ( ឬសំពត់ និងអាវដៃវែង ឬអាវដៃត្រការ ) ស្រោមជើង និងស្បែកជើង ឬស្បែកជើងស៊ក ។
បុរសស្លៀកពាក់សម្លៀកបំពាក់ពណ៌សដូចតទៅនេះ ៖ អាវដៃវែង ក្រវ៉ាត់ក ខោ ស្រោមជើង និងស្បែកជើងប៊ូរ ឬស្បែកជើងស៊ក ។
នៅអំឡុងពេលទទួលអំណោយទានពិសិដ្ឋ និងពិធីបរិសុទ្ធនៃការផ្សារភ្ជាប់ សមាជិកស្លៀកពាក់សម្លៀកបំពាក់ពិធីបន្ថែមទៀត នៅពីលើសម្លៀកបំពាក់ពណ៌សរបស់ពួកគេ ។
៣៨.៥.២
ការទទួលបានសម្លៀកបំពាក់ព្រះវិហារបរិសុទ្ធ និងសម្លៀកបំពាក់ពិសិដ្ឋ
ថ្នាក់ដឹកនាំវួដ និងស្តេកលើកទឹកចិត្តសមាជិកដែលបានទទួល អំណោយទានពិសិដ្ឋឲ្យមានសម្លៀកបំពាក់ព្រះវិហារបរិសុទ្ធរបស់ពួកគេផ្ទាល់ខ្លួន ។ សម្លៀកបំពាក់ព្រះវិហារបរិសុទ្ធ និងសម្លៀកបំពាក់ពិសិដ្ឋ អាចរកទិញបាននៅតាមហាងចែកចាយរបស់សាសនាចក្រ ឬនៅគេហទំព័រ store.ChurchofJesusChrist.org ។ ស្មៀនស្តេក និងវួដអាចជួយសមាជិកបញ្ជាទិញសម្លៀកបំពាក់នោះ ។
៣៨.៥.៥
ការពាក់សម្លៀកបំពាក់ពិសិដ្ឋ
គណៈប្រធានទីមួយ បានផ្តល់នូវការណែនាំដូចខាងក្រោមស្តីពីការពាក់សម្លៀកបំពាក់ពិសិដ្ឋ ៖
« សម្លៀកបំពាក់បរិសុទ្ធនៃបព្វជិតភាពដ៏បរិសុទ្ធរំឭកយើងអំពី វាំងនននៅក្នុងព្រះវិហារបរិសុទ្ធ ហើយវាំងនននោះជានិមិត្តរូបអំពីព្រះយេស៊ូវគ្រីស្ទ ។ នៅពេលអ្នកពាក់សម្លៀកបំពាក់ពិសិដ្ឋរបស់អ្នក នោះអ្នកស្លៀកពាក់និមិត្តសញ្ញាដ៏ពិសិដ្ឋនៃព្រះយេស៊ូវគ្រីស្ទ ។ ការស្លៀកពាក់វាគឺជាការបង្ហាញខាងក្រៅនៃការតាំងចិត្តខាងក្នុងខ្លួនរបស់អ្នកក្នុងការដើរតាមទ្រង់ ។ សម្លៀកបំពាក់ពិសិដ្ឋក៏ជាការរំឭកអំពីសេចក្ដីសញ្ញានៃព្រះវិហារបរិសុទ្ធរបស់អ្នកផងដែរ ។ អ្នកគួរតែស្លៀកពាក់សម្លៀកបំពាក់ពិសិដ្ឋទាំងយប់ទាំងថ្ងៃពេញមួយជីវិតរបស់អ្នក ។ នៅពេលដែលត្រូវតែដោះសម្លៀកបំពាក់បរិសុទ្ធចេញសម្រាប់ធ្វើសកម្មភាពទាំងឡាយណា ដែលមិនអាចស្លៀកសម្លៀកបំពាក់ពិសិដ្ឋបានដោយសមរម្យ នោះសូមព្យាយាមស្លៀកពាក់វាឡើងវិញឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ។ នៅពេលអ្នកគោរពតាមសេចក្ដីសញ្ញារបស់អ្នក រួមទាំងអភ័យឯកសិទ្ធិដ៏ពិសិដ្ឋដើម្បីស្លៀកពាក់សម្លៀកបំពាក់ពិសិដ្ឋ ដូចដែលបានណែនាំនៅក្នុងពិធីបរិសុទ្ធលាងជម្រះ នោះអ្នកនឹងមានសិទ្ធិទទួលបានសេចក្ដីមេត្តាករុណា ការការពារ កម្លាំង និងព្រះចេស្តារបស់ព្រះអង្គសង្គ្រោះកាន់តែមហិមា » ។
សម្លៀកពាក់ពិសិដ្ឋគួរត្រូវបានស្លៀកពីក្រោមសម្លៀកបំពាក់ក្រៅ ។ វាគឺជាការសម្រេចចិត្តផ្ទាល់ខ្លួន ថាតើខោអាវទ្រនាប់ផ្សេងទៀតត្រូវពាក់ពីលើ ឬពីក្រោមសម្លៀកបំពាក់ពិសិដ្ឋព្រះវិហារបរិសុទ្ធ ។
សមាជិកមិនគួរកែច្នៃម៉ូដ ឬផ្លាស់ប្តូរម៉ូដសម្លៀកបំពាក់ពិសិដ្ឋដើម្បីកែតម្រូវតាមម៉ូដសម្លៀកបំពាក់ផ្សេងៗនោះទេ ។
សូមមើល ២៦.៣.៣ ។
៣៨.៥.៧
ការបោះចោលសម្លៀកបំពាក់ពិសិដ្ឋ និងសម្លៀកបំពាក់ពិធីការក្នុងព្រះវិហារបរិសុទ្ធ
ដើម្បីបោះចោលសម្លៀកបំពាក់ពិសិដ្ឋនៃព្រះវិហារបរិសុទ្ធដែលចាស់ នោះសមាជិកគួរតែកាត់ និងបំផ្លាញសញ្ញាទាំងឡាយចោលសិន ។ បន្ទាប់មកសមាជិកកាត់បំណែកក្រណាត់ដែលនៅសល់ ដើម្បីកុំឲ្យគេស្គាល់ថាជាសម្លៀកបំពាក់ពិសិដ្ឋ ។ ក្រណាត់ដែលនៅសេសសល់អាចបោះចោលបាន ។
សមាជិកអាចឲ្យសម្លៀកបំពាក់ពិសិដ្ឋ និងសម្លៀកបំពាក់ព្រះវិហារបរិសុទ្ធ ដែលនៅល្អទៅឲ្យសមាជិកដទៃទៀត ដែលបានទទួលអំណោយទានពិសិដ្ឋរួចហើយ ។
៣៨.៥.៨
សម្លៀកបំពាក់ព្រះវិហារបរិសុទ្ធសម្រាប់ការបញ្ចុះសព
ប្រសិនបើអាចធ្វើទៅបាន នៅពេលសមាជិកដែលបានទទួលអំណោយទានពិសិដ្ឋរួចហើយទទួលមរណភាព នោះពួកគេគួរតែត្រូវបានបញ្ចុះ ឬបូជាដោយស្លៀកសម្លៀកបំពាក់ព្រះវិហារបរិសុទ្ធ ។ ប្រសិនបើទំនៀមទម្លាប់វប្បធម៌ ឬការបញ្ចុះដូចនេះ មានភាពមិនសមរម្យ ឬមានការពិបាក នោះសម្លៀកបំពាក់នេះអាចបត់ដាក់នៅជិតនឹងសាកសព ។
សពរបស់បុរសត្រូវស្លៀកពាក់សម្លៀកបំពាក់ពិសិដ្ឋនៃព្រះវិហារបរិសុទ្ធ និងសម្លៀកបំពាក់ពណ៌សដូចតទៅនេះ ៖ អាវដៃវែង ក្រវាត់ក ឬណឺ-ក ខោ ស្រោមជើង និងស្បែកជើងប៊ូ ឬស្បែកជើងស៊ក ។ សពរបស់ស្ត្រីត្រូវស្លៀកពាក់សម្លៀកបំពាក់បរិសុទ្ធនៃព្រះវិហារបរិសុទ្ធ និងសម្លៀកបំពាក់ពណ៌សដូចតទៅនេះ ៖ រ៉ូបដៃវែង ឬដៃត្រការ ( ឬសំពត់ និងអាវដៃវែង ឬអាវដៃត្រការ ) ស្រោមជើង និងស្បែកជើង ឬស្បែកជើងស៊ក ។
សម្លៀកបំពាក់ពិធីការក្នុងព្រះវិហារបរិសុទ្ធត្រូវបានបំពាក់លើសព ដូចបានណែនាំក្នុងពិធីអំណោយទានពិសិដ្ឋ ។ អាវវែងត្រូវបានបំពាក់នៅលើស្មាខាងស្តាំ ហើយចងខ្សែអាវវែងនៅចង្កេះខាងឆ្វេង ។ ប្រដាប់ប៉ឹងត្រូវចងនៅជុំវិញចង្កេះ ខ្សែចងចង្កេះត្រូវពាក់នៅជុំវិញចង្កេះ ហើយចងជារៀងបូរនៅលើត្រគៀកខាងឆ្វេង ។ ជាទូទៅមួកបុរសត្រូវដាក់នៅក្បែរសព រហូតដល់ពេលត្រូវបិទក្តារមឈូស ឬ ហឹប ។ បន្ទាប់មកមួកត្រូវពាក់ជាមួយនឹងបូរនៅលើត្រចៀកខាងឆ្វេង ។ ស្បៃរបស់ស្ត្រីអាចគ្របនៅលើខ្នើយកើយពីក្រោយក្បាលសព ។ ស្បៃលើមុខសពស្ត្រីពីមុនបញ្ចុះ ឬបូជាគឺជាជម្រើស តាមការកំណត់របស់គ្រួសារ ។
៣៨.៦
គោលនយោបាយអំពីបញ្ហាសីលធម៌
៣៨.៦.១
ការរម្លូតកូន
ព្រះអម្ចាស់បានបង្គាប់ថា « អ្នកមិនត្រូវ … សម្លាប់ឲ្យសោះ ឬប្រព្រឹត្តអំពើអ្វីដូចនោះឲ្យសោះ » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ៥៩:៦ ) ។ សាសនាចក្រជំទាស់នឹងជម្រើសនៃការរម្លូតកូនសម្រាប់ភាពងាយស្រួលរបស់បុគ្គល ឬសង្គម ។ សមាជិកមិនត្រូវចុះចូល ប្រព្រឹត្ត រៀបចំ បង់ថ្លៃ យល់ព្រម ឬលើកទឹកចិត្តឲ្យមានការរម្លូតកូនឡើយ ។ ករណីដែលអាចកើតមានគឺនៅពេលតែ ៖
-
ការមានផ្ទៃពោះដែលជាលទ្ធផលមកពីការចាប់រំលោភដោយបង្ខំ ឬស្មន់ ។
-
គ្រូពេទ្យជំនាញកំណត់ថា ជីវិត និងសុខភាពរបស់ម្តាយស្ថិតនៅក្នុងគ្រោះថ្នាក់ធ្ងន់ធ្ងរ ។
-
គ្រូពេទ្យជំនាញកំណត់ថា គ៌រមានបញ្ហាធ្ងន់ធ្ងរដែលនឹងមិនអនុញ្ញាតឲ្យទារកអាចរស់បានពេលកើតមក ។
សូម្បីតែការលើកលែងទាំងនេះ ក៏មិនបានធ្វើយុត្តិកម្មដោយស្វ័យប្រវត្តិចំពោះការរម្លូតកូនដែរ ។ ការរម្លូតកូនគឺជារឿងដ៏ធ្ងន់ធ្ងរបំផុតមួយ ។ វាគួរតែត្រូវបានពិចារណាតែបន្ទាប់ពីបុគ្គលដែលទទួលខុសត្រូវនោះ បានទទួលការបញ្ជាក់តាមរយៈការអធិស្ឋានប៉ុណ្ណោះ ។ សមាជិកអាចប្រឹក្សាជាមួយប៊ីស្សពរបស់ពួកគេដែលជាផ្នែកមួយនៃដំណើការនេះ ។
៣៨.៦.២
ការរំលោភបំពាន
ការរំលោភបំពានគឺជាការប្រព្រឹត្តខុស ឬការបោះបង់ភារកិច្ចចំពោះមនុស្សដទៃ តាមវិធីមួយដែលបណ្ដាលឲ្យមានអន្តរាយលើរាងកាយ ផ្លូវភេទ សតិអារម្មណ៍ ឬផ្នែកហិរញ្ញវត្ថុ ។ ជំហររបស់សាសនាចក្រគឺថា ការរំលោភបំពានមិនអាចត្រូវបានត្រាប្រណីឲ្យនៅគ្រប់រូបភាពទាំងអស់ ។ អ្នកទាំងឡាយណាដែលរំលោភបំពានលើស្វាមី ឬភរិយា កូន សមាជិកគ្រួសារដទៃទៀត ឬនរណាម្នាក់ទៀត នោះមានន័យថាបានបំពានលើច្បាប់របស់ព្រះ និងមនុស្សហើយ ។
សមាជិកទាំងអស់ ជាពិសេស ឪពុកម្តាយ និងថ្នាក់ដឹកនាំ ត្រូវបានលើកទឹកចិត្តឲ្យមានការប្រុងប្រយ័ត្ន និងឧស្សាហ៍ព្យាយាម ហើយខំឲ្យអស់ពីលទ្ធភាព ដើម្បីការពារកូន និងអ្នកដទៃ ប្រឆាំងនឹងការរំលោភបំពាន ។ ប្រសិនបើសមាជិកបានដឹងអំពីករណីរំលោភបំពាន នោះពួកគេរាយការណ៍ទៅកាន់អាជ្ញាធរស៊ីវិល ហើយប្រឹក្សាជាមួយនឹងប៊ីស្សព ។ ថ្នាក់ដឹកនាំរបស់សាសនាចក្រគួរតែយកការរាយការណ៍អំពីការរំលោភបំពានទុកជាការម៉ឺងម៉ាត់ ហើយមិនត្រូវមើលស្រាលលើវាឡើយ ។
មជ្ឈិមវ័យទាំងអស់ដែលធ្វើការជាមួយកុមារ ឬយុវវ័យត្រូវតែបញ្ចប់វគ្គបណ្តុះបណ្តាលការការពារកុមារ និងយុវវ័យ អំឡុងពេលមួយខែក្រោយពីត្រូវបានគាំទ្រ ( សូមមើលនៅលើគេហទំព័រ ProtectingChildren.ChurchofJesusChrist.org ) ។ ពួកគេត្រូវរៀនវគ្គបណ្តុះបណ្តាលនោះម្តងទៀតរៀងរាល់បីឆ្នាំម្ដង ។
ពេលមានការរំលោភបំពានកើតឡើង ការទទួលខុសត្រូវដំបូង និងភ្លាមៗរបស់ថ្នាក់ដឹកនាំសាសនាចក្រ គឺជួយដល់អ្នកទាំងឡាយដែលត្រូវបានរំលោភបំពាន និងការពារបុគ្គលដែលអាចនឹងរងគ្រោះចំពោះការរំលោភបំពាននាពេលអនាគត ។ ថ្នាក់ដឹកនាំពុំគួរលើកទឹកចិត្តបុគ្គលម្នាក់ឲ្យបន្តនៅក្នុងផ្ទះ ឬស្ថានភាពដែលមានការរំលោភបំពាន ឬគ្មានសុវត្ថិភាពនោះទេ ។
៣៨.៦.២.១
បណ្ដាញជំនួយផ្នែកការរំលោភបំពាន
នៅក្នុងប្រទេសមួយចំនួន សាសនាចក្របានស្ថាបនាបណ្ដាញជំនួយសម្ងាត់ក្នុងករណីរំលោភបំពានដើម្បីជួយដល់ប្រធានស្ដេក និងប៊ីស្សព ។ ថ្នាក់ដឹកនាំទាំងនេះគួរតែទូរសព្ទទៅបណ្ដាញជំនួយភ្លាមអំពីគ្រប់ស្ថានភាពដែលបុគ្គលម្នាក់អាចត្រូវបានរំលោភបំពាន—ឬកំពុងប្រថុយប្រថាននឹងត្រូវរំលោភបំពាន ។ ពួកគាត់ក៏គួរទូរសព្ទទៅបណ្ដាញជំនួយផងដែរ ប្រសិនបើពួកគេបានដឹងពីសមាជិកមា្នក់ដែលមើល ទិញ ឬចែកចាយការណ៍អាសគ្រាមរបស់កុមារ ។
នៅក្នុងប្រទេសដែលគ្មានបណ្តាញជំនួយ នោះប៊ីស្សពដែលដឹងអំពីការរំលោភបំពានគួរតែទាក់ទងទៅប្រធានស្តេករបស់គាត់ ។ ប្រធានស្តេកគួរតែស្វែងរកការណែនាំពីអ្នកប្រឹក្សាស្របច្បាប់ក្នុងតំបន់នៅការិយាល័យប្រចាំតំបន់នោះ ។
៣៨.៦.២.២
ការប្រឹក្សាក្នុងករណីរំលោភបំពាន
ជាញឹកញាប់ ជនរងគ្រោះពីការរំលោភបំពានរងការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរ ។ ប្រធានស្តេក និងប៊ីស្សពឆ្លើយតបដោយក្តីអាណិតអាសូរ និងការយល់ចិត្ត ។ ពួកគាត់ផ្តល់នូវការប្រឹក្សា និងការគាំទ្រដល់ជនរងគ្រោះឲ្យយកឈ្នះលើឥទ្ធិពលដ៏បំផ្លិចបំផ្លាញនៃការរំលោភបំពាន ។
នៅពេលខ្លះ ជនរងគ្រោះមានអារម្មណ៍ខ្មាសអៀន ឬក៏មានកំហុស ។ ជនរងគ្រោះគ្មានទោសកំហុសនៃអំពើបាបទេ ។ ថ្នាក់ដឹកនាំជួយពួកគេ និងក្រុមគ្រួសាររបស់ពួកគេឲ្យយល់ពីសេចក្តីស្រឡាញ់របស់ព្រះ និងការព្យាបាលដែលទទួលបានតាមរយៈព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ ( សូមមើល អាលម៉ា ១៥:៨; នីហ្វៃទី៣ ១៧:៩ ) ។
ប្រធានស្តេក និងប៊ីស្សពគួរជួយអ្នកដែលប្រព្រឹត្តការរំលោភបំពានទាំងនោះឲ្យប្រែចិត្ត ហើយបញ្ឈប់ឥរិយាបថរំលោភបំពានរបស់ពួកគេ ។ ប្រសិនបើមជ្ឈិមវ័យម្នាក់បានប្រព្រឹត្តអំពើបាបខាងផ្លូវភេទចំពោះកុមារ នោះឥរិយាបថនោះអាចពិបាកនឹងផ្លាស់ប្ដូរណាស់ ។ ដំណើរការនៃការប្រែចិត្តអាចអូសបន្លាយពេលយ៉ាងយូរ ។ សូមមើល ៣៨.៦.២.៣ ។
បន្ថែមពីលើការទទួលជំនួយដ៏បំផុសគំនិតរបស់ថ្នាក់ដឹកនាំសាសនាចក្រ នោះជនរងគ្រោះ ជនល្មើស និងគ្រួសារពួកគេអាចនឹងត្រូវការការទូន្មានដែលមានជំនាញផងដែរ ។ សម្រាប់ព័ត៌មាន សូមមើល ៣១.៣.៦ ។
៣៨.៦.២.៣
ការរំលោភបំពានលើកុមារ ឬយុវវ័យ
ការរំលោភបំពានលើកុមារ ឬយុវវ័យ គឺជាអំពើបាបកាន់តែធ្ងន់ធ្ងរ ( សូមមើល លូកា ១៧:២ ) ។ ដូចត្រូវបានប្រើប្រាស់នៅទីនេះ ការរំលោភបំពានលើកុមារ ឬយុវវ័យ រួមមានដូចខាងក្រោមនេះ ៖
-
ការរំលោភផ្លូវកាយ ៖ ការធ្វើឲ្យមានអន្តរាយខាងរាងកាយធ្ងន់ធ្ងរ ដោយអំពើហិង្សាលើរាងកាយ ។ ការអន្តរាយខ្លះអាចនឹងមិនឃើញជាក់ស្ដែងទេ ។
-
ការរំលោភបំពាន ឬការកេងប្រវញ្ចផ្លូវភេទ ៖ ការមានសកម្មភាពខាងផ្លូវភេទជាមួយកុមារ ឬយុវវ័យ ឬការមានចេតនាអនុញ្ញាតឲ្យ ឬជួយអ្នកដទៃទៀតឲ្យមានសកម្មភាពដូច្នោះ ។ ដូចដែលប្រើនៅទីនេះ ការរំលោភបំពានផ្លូវភេទពុំរាប់បញ្ចូលនូវសកម្មភាពផ្លូវភេទដោយមានការយល់ព្រមរវាងអនីតិជនពីរនាក់ ដែលមានអាយុតំណាលគ្នានោះឡើយ ។
-
ការរំលោភបំពានខាងសតិអារម្មណ៍ ៖ ការប្រើប្រាស់សកម្មភាព និងពាក្យសម្ដីដើម្បីធ្វើឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ការញាណដឹងរបស់កុមារ ឬយុវវ័យអំពីការគោរពខ្លួនឯង ឬតម្លៃខ្លួនឯង ។ ជាធម្មតា ការណ៍នេះរួមមានការជេរប្រមាថម្តងហើយម្តងទៀត ការគ្រប់គ្រងដោយឧបាយកល និងការរិះគន់ ដែលធ្វើឱ្យអាម៉ាស់ និងបន្ទាបតម្លៃ ។ វាក៏អាចរួមមាននូវការបោះបង់ភារកិច្ចទាំងស្រុងផងដែរ ។
-
ការណ៍អាសគ្រាមរបស់កុមារ ៖ សូមមើល ៣៨.៦.៦ ។
ប្រសិនបើប៊ីស្សព ឬប្រធានស្ដេកដឹងអំពី ឬមានការសង្ស័យថាមានការរំលោភបំពានលើកុមារ ឬយុវវ័យ នោះគាត់ធ្វើតាមសេចក្តីណែនាំនៅក្នុង ៣៨.៦.២.១ ភ្លាមៗ ។ គាត់ក៏ត្រូវចាត់វិធានការ ដើម្បីការពារកុំឲ្យមានការរំលោភបំពានបន្ថែមទៀតផងដែរ ។
ក្រុមប្រឹក្សាសមាជិកភាពរបស់សាសនាចក្រ និងចំណារកំណត់ត្រាមួយតម្រូវឲ្យមាន ប្រសិនបើសមាជិកជាមជ្ឈិមវ័យម្នាក់រំលោភបំពានលើកុមារ ឬយុវវ័យ ដូចបានពន្យល់នៅក្នុងវគ្គនេះ ។ សូមមើលផងដែរ ៣៨.៦.២.៥ ។
៣៨.៦.២.៤
ការរំលោភបំពានលើប្ដី ឬប្រពន្ធ ឬមជ្ឈិមវ័យម្នាក់ទៀត
ជាញឹកញាប់ វាពុំមាននិយមន័យតែមួយនៃការរំលោភបំពាន ដែលអាចអនុវត្តនៅក្នុងស្ថានភាពទាំងអស់នោះទេ ។ ផ្ទុយទៅវិញ វាមានវិសាលភាពមួយនៃភាពធ្ងន់ធ្ងរនៅក្នុងឥរិយាបថរំលោភបំពាន ។ វិសាលភាពនេះរាប់ចាប់ពីការប្រើប្រាស់ពាក្យចាក់ដោតដើម្បីធ្វើឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ។
ប្រសិនបើប៊ីស្សព ឬប្រធានស្ដេកដឹងអំពីការរំលោភបំពានលើស្វាមី ឬភរិយា ឬមជ្ឈិមវ័យម្នាក់ទៀត នោះគាត់ធ្វើតាមសេចក្តីណែនាំនៅក្នុង ៣៨.៦.២.១ភ្លាមៗ ។ គាត់ក៏ត្រូវចាត់វិធានការ ដើម្បីការពារកុំឲ្យមានការរំលោភបំពានបន្ថែមទៀតផងដែរ ។
ថ្នាក់ដឹកនាំស្វែងរកការណែនាំពីព្រះវិញ្ញាណ ដើម្បីកំណត់ថាតើការប្រឹក្សាផ្ទាល់ខ្លួន ឬក្រុមប្រឹក្សាសមាជិកភាពមួយ ជារបៀបដែលសមរម្យបំផុតដើម្បីដោះស្រាយការរំលោភបំពានឬយ៉ាងណា ។ ពួកគេក៏អាចប្រឹក្សាជាមួយថ្នាក់ដឹកនាំបព្វជិតភាពផ្ទាល់របស់ពួកគេផងដែរអំពីរបៀបដែលសមរម្យបំផុត ។ ទោះជាយ៉ាងណា ការរំលោភបំពានលើស្វាមី ឬភរិយា ឬមជ្ឈិមវ័យម្នាក់ទៀតណាក៏ដោយដែលមានកម្រិតដូចដែលបានពិពណ៌នាខាងក្រោមនេះ តម្រូវឲ្យមានក្រុមប្រឹក្សាសមាជិកភាពមួយ ។
-
ការរំលោភផ្លូវកាយ ៖ ការធ្វើឲ្យមានអន្តរាយខាងរាងកាយធ្ងន់ធ្ងរ ដោយអំពើហិង្សាលើរាងកាយ ។ ការអន្តរាយខ្លះអាចនឹងមិនឃើញជាក់ស្ដែងទេ ។
-
ការរំលោភបំពានផ្លូវភេទ ៖ សូមមើលស្ថានភាពទាំងឡាយដែលបានបញ្ជាក់នៅក្នុង ៣៨.៦.១៨.៣ ។
-
ការរំលោភបំពានខាងសតិអារម្មណ៍ ៖ ការប្រើប្រាស់សកម្មភាព និងពាក្យសម្ដីដើម្បីធ្វើឲ្យមានការខូចខាតដល់ការញាណដឹងរបស់បុគ្គលម្នាក់អំពីការគោរពខ្លួនឯង ឬតម្លៃខ្លួនឯង ។ ជាធម្មតា ការណ៍នេះរួមមានការជេរប្រមាថម្តងហើយម្តងទៀត ការគ្រប់គ្រងដោយឧបាយកល និងការរិះគន់ ដែលធ្វើឱ្យអាម៉ាស់ និងបន្ទាបតម្លៃ ។
-
ការរំលោភបំពានខាងហិរញ្ញវត្ថុ ៖ ការយកប្រៀបខាងហិរញ្ញវត្ថុលើនរណាម្នាក់ ។ ការណ៍នេះរួមមានទាំងការប្រើប្រាស់ទ្រព្យសម្បត្តិ ប្រាក់ ឬរបស់មានតម្លៃផ្សេងៗទៀតរបស់មនុស្សម្នាក់ដោយខុសច្បាប់ ឬដោយមិនមានការអនុញ្ញាត ។ វាក៏អាចរួមបញ្ចូលទាំងការទទួលបានអំណាចហិរញ្ញវត្ថុដោយក្លែងបន្លំលើនរណាម្នាក់ផងដែរ ។ វាអាចរួមមានការប្រើប្រាស់អំណាចហិរញ្ញវត្ថុ ដើម្បីបង្ខិតបង្ខំដល់ការប្រព្រឹត្ត ។
៣៨.៦.២.៥
ការហៅបម្រើក្នុងសាសនាចក្រ ប័ណ្ណចូលព្រះវិហារបរិសុទ្ធ និងការចារចំណាំកំណត់ត្រាសមាជិកភាព
សមាជិកដែលបានរំលោភបំពានលើអ្នកដទៃ មិនគួរត្រូវបានប្រគល់ការហៅបម្រើក្នុងសាសនាចក្រ ហើយមិនអាចមានប័ណ្ណចូលព្រះវិហារបរិសុទ្ធទេ រហូតដល់ពួកគេបានប្រែចិត្ត ហើយរាល់ការដាក់កំហិតសមាជិកភាពរបស់សាសនាចក្រទាំងអស់ត្រូវបានដកចេញ ។
ប្រសិនបើបុគ្គលម្នាក់រំលោភបំពានផ្លូវភេទលើកុមារ ឬយុវវ័យ ឬរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើផ្លូវចិត្ត ឬរាងកាយរបស់កុមារ ឬយុវវ័យ ទាំងផ្លូវកាយ និងសតិអារម្មណ៍ នោះកំណត់ត្រាសមាជិកភាពរបស់គាត់ ឬនាង នឹងត្រូវចារចំណាំ ។ គាត់ ឬនាងមិនត្រូវបានផ្តល់ឲ្យនូវការហៅបម្រើ ឬការចាត់តាំងណាមួយ ដែលទាក់ទងទៅនឹងកុមារ ឬយុវវ័យឡើយ ។ នេះរួមមានទាំង ការមិនត្រូវបានប្រគល់ឲ្យនូវការចាត់តាំងធ្វើការងារបម្រើដល់ក្រុមគ្រួសារដែលមានយុវវ័យ ឬកុមារនៅក្នុងផ្ទះផងដែរ ។ វាក៏រួមបញ្ចូលទាំងការមិនមានយុវវ័យម្នាក់ជាដៃគូធ្វើការងារបម្រើផងដែរ ។ ការដាក់កំហិតទាំងនេះ គួរតែរក្សាទុករហូតដល់គណៈប្រធានទីមួយអនុញ្ញាតឲ្យមានការដកការចារចំណាំនោះចេញ ។
៣៨.៦.២.៦
ក្រុមប្រឹក្សាស្ដេក និងវួដ
នៅក្នុងការប្រជុំក្រុមប្រឹក្សាស្តេក និងវួដ គណៈប្រធានស្តេក និងគណៈប៊ីស្សពរំឭកជាទៀងទាត់អំពីគោលនយោបាយ និងសេចក្តីណែនាំរបស់សាសនាចក្រស្តីពីការការពារ និងការឆ្លើយតបចំពោះការរំលោភបំពាន ។ ថ្នាក់ដឹកនាំ និងសមាជិកក្រុមប្រឹក្សាគួរស្វែងរកការដឹកនាំពីព្រះវិញ្ញាណ នៅពេលពួកគាត់បង្រៀន ហើយពិភាក្សាពីប្រធានបទដ៏សំខាន់នេះ ។
សមាជិកក្រុមប្រឹក្សាក៏ត្រូវបញ្ចប់វគ្គបណ្ដុះបណ្ដាលស្ដីពីការការពារកុមារ និងយុវវ័យផងដែរ ( សូមមើល ៣៨.៦.២ ) ។
៣៨.៦.២.៧
បញ្ហាផ្នែកច្បាប់ទាក់ទងនឹងការរំលោភបំពាន
ប្រសិនបើសកម្មភាពរំលោភបំពានរបស់សមាជិកម្នាក់ បានបំពានលើច្បាប់ នោះប៊ីស្សព ឬប្រធានស្តេកគួរតែជំរុញទឹកចិត្តសមាជិក ឲ្យរាយការណ៍អំពីសកម្មភាពទាំងនេះទៅកាន់បុគ្គលិកអនុវត្តច្បាប់ ឬអាជ្ញាធររដ្ឋាភិបាលសមរម្យផ្សេងទៀត ។
ថ្នាក់ដឹកនាំ និងសមាជិកសាសនាចក្រគួរបំពេញរាល់កាតព្វកិច្ចខាងផ្លូវច្បាប់ដើម្បីរាយការណ៍ការរំលោភបំពានដល់អាជ្ញាធរស៊ីវិល ។
៣៨.៦.៤
ការពន្យារកំណើត
វាគឺជាឯកសិទ្ធិរបស់ស្វាមីភរិយាមួយគូដែលបានរៀបការហើយ ដែលអាចមានកូនដើម្បីផ្តល់រូបកាយខាងសាច់ឈាម សម្រាប់កូនចៅវិញ្ញាណរបស់ព្រះ ដែលពួកគេមានការទទួលខុសត្រូវក្នុងការចិញ្ចឹមបីបាច់ និងថែរក្សា ( សូមមើល ២.១.៣ ) ។ ការសម្រេចចិត្តថាតើត្រូវមានកូនចំនួនប៉ុន្មាននាក់ ហើយនៅពេលណាត្រូវមានកូន នោះគឺជារឿងបុគ្គល និងជាឯកជនបំផុត ។ ហើយគួរតែត្រូវបានទុកឲ្យរវាងគូស្វាមីភរិយា និងព្រះអម្ចាស់ ។
៣៨.៦.៥
ព្រហ្មចារីភាព និងភក្តីភាព
ច្បាប់ព្រហ្មចារីភាពរបស់ព្រះអម្ចាស់គឺ ៖
-
តំណមបម្រាមពីទំនាក់ទំនងខាងផ្លូវភេទក្រៅចំណងអាពាហ៍ពិពាហ៍រវាងបុរសម្នាក់ និងស្ដ្រីម្នាក់ ។
-
ភក្ដីភាពក្នុងអាពាហ៍ពិពាហ៍ ។
ភាពស្និទ្ធស្នាលខាងរូបកាយរវាងស្វាមី និងភរិយាមានគោលបំណងធ្វើឲ្យមានភាពស្រស់ស្អាត និងពិសិដ្ឋ ។ វាត្រូវបានតែងតាំងឡើងដោយព្រះ សម្រាប់ការបង្កើតកូនចៅ និងសម្រាប់ការបង្ហាញសេចក្ដីស្រឡាញ់រវាងស្វាមី និងភរិយា ។
៣៨.៦.៦
ការណ៍អាសគ្រាមរបស់កុមារ
សាសនាចក្រថ្កោលទោសដល់ការណ៍អាសគ្រាមគ្រប់ទម្រង់ ។ ប្រសិនបើប៊ីស្សព ឬប្រធានស្ដេកដឹងថា សមាជិកម្នាក់ចូលរួមនៅក្នុងការណ៍អាសគ្រាមរបស់កុមារ នោះគាត់ធ្វើតាមសេចក្តីណែនាំនៅក្នុង ៣៨.៦.២.១ ភ្លាមៗ ។
៣៨.៦.៨
ការគ្រៀវប្រដាប់ភេទស្ដ្រី
សាសនាចក្រថ្កោលទោសដល់ការគ្រៀវប្រដាប់បន្ដពូជស្រ្តី ។
៣៨.៦.១០
អំពើស្មន់ក្នុងរង្វង់សាច់ញាតិ
សាសនាចក្រថ្កោលទោសលើអំពើស្មន់គ្រប់ទម្រង់ ។ ដូចដែលប្រើនៅទីនេះ អំពើស្មន់ក្នុងរង្វង់សាច់ញាតិ គឺជាទំនាក់ទំនងផ្លូវភេទរវាង ៖
-
ឪពុក ឬម្ដាយម្នាក់ និងកូនម្នាក់ ។
-
តា ឬយាយម្នាក់ និងចៅម្នាក់ ។
-
បងប្អូនបង្កើត ។
-
ពូ ឬមីងម្នាក់ និងក្មួយស្រី ឬក្មួយប្រុសម្នាក់ ។
ដូចដែលបានប្រើនៅទីនេះ កូន ចៅ បងប្អូនបង្កើត ក្មួយស្រី និង ក្មួយប្រុស រួមទាំងទំនាក់ទំនងខាងសាច់ញាតិបង្កើត សាច់ញាតិសុំមកចិញ្ចឹម សាច់ញាតិចុង ឬសាច់ញាតិចិញ្ចឹម ។
ពេលដែលអនីតិជនម្នាក់ជាជនរងគ្រោះនៃអំពើស្មន់ក្នុងរង្វង់សាច់ញាតិ នោះប៊ីស្សព ឬប្រធានស្តេកទូរសព្ទទៅបណ្ដាញជំនួយផ្នែកការរំលោភបំពានរបស់សាសនាចក្រ នៅក្នុងប្រទេសទាំងឡាយដែលមានបណ្ដាញនេះ ( សូមមើល ៣៨.៦.២.១ ) ។ នៅក្នុងប្រទេសផ្សេងៗទៀត ប្រធានស្តេកគួរតែស្វែងរកការដឹកនាំមកពីទីប្រឹក្សាច្បាប់ក្នុងតំបន់នៅការិយាល័យប្រចាំតំបន់នោះ ។ គាត់ក៏ត្រូវបានលើកទឹកចិត្តឲ្យប្រឹក្សាជាមួយអ្នកជំនាញសេវាកម្មគ្រួសារ ឬអ្នកគ្រប់គ្រងផ្នែកសុខុមាលភាពខ្លួនទីពឹងខ្លួននៅឯការិយាល័យតំបន់ផងដែរ ។
ក្រុមប្រឹក្សាសមាជិកភាពរបស់សាសនាចក្រ និងការចារចំណាំលើកំណត់ត្រាមួយតម្រូវឲ្យមាន ប្រសិនបើសមាជិកម្នាក់ប្រព្រឹត្តអំពើស្មន់ក្នុងរង្វង់សាច់ញាតិ ។ ស្ទើរតែគ្រប់ករណី អំពើស្មន់ក្នុងរង្វង់សាច់ញាតិតម្រូវឲ្យសាសនាចក្រដកហូតសមាជិកភាពរបស់បុគ្គលម្នាក់ ។
ប្រសិនបើអនីតិជនប្រព្រឹត្តអំពើអំពើស្មន់ក្នុងរង្វង់សាច់ញាតិ នោះប្រធានស្តេកទាក់ទងទៅការិយាល័យគណៈប្រធានទីមួយសូមការណែនាំ ។
ជនរងគ្រោះនៃអំពើស្មន់ក្នុងរង្វង់សាច់ញាតិ ជាញឹកញាប់រងការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរ ។ ថ្នាក់ដឹកនាំឆ្លើយតបដោយក្តីអាណិតអាសូរ និងការយល់ចិត្ត ។ ពួកគាត់ផ្តល់នូវការគាំទ្រ និងការប្រឹក្សាខាងវិញ្ញាណដើម្បីជួយពួកគេឲ្យយកឈ្នះលើឥទ្ធិពលដ៏បំផ្លិចបំផ្លាញនៃអំពើស្មន់ក្នុងរង្វង់សាច់ញាតិ ។
នៅពេលខ្លះ ជនរងគ្រោះមានអារម្មណ៍ខ្មាសអៀន ឬក៏មានកំហុស ។ ជនរងគ្រោះគ្មានទោសកំហុសនៃអំពើបាបទេ ។ ថ្នាក់ដឹកនាំជួយពួកគេ និងក្រុមគ្រួសាររបស់ពួកគេឲ្យយល់ពីសេចក្តីស្រឡាញ់របស់ព្រះ និងការព្យាបាលដែលទទួលបានតាមរយៈព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ ( សូមមើល អាលម៉ា ១៥:៨; នីហ្វៃទី៣ ១៧:៩ ) ។
បន្ថែមពីលើការទទួលជំនួយដ៏បំផុសគំនិតរបស់ថ្នាក់ដឹកនាំសាសនាចក្រ នោះជនរងគ្រោះ និងគ្រួសារពួកគេអាចនឹងត្រូវការការទូន្មានដែលមានជំនាញផងដែរ ។ សម្រាប់ព័ត៌មានបន្ថែម សូមមើល ៣៨.៦.១៨.២ ។
៣៨.៦.១២
វិជ្ជាមន្តអាគម
វិជ្ជាមន្តអាគមផ្ដោតលើសេចក្ដីងងឹត ហើយវាដឹកនាំទៅរកការបោកបញ្ឆោត ។ វាបំផ្លាញសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។
វិជ្ជាមន្តអាគមរួមបញ្ចូលទាំងការថ្វាយបង្គំសាតាំង ។ វាក៏រួមបញ្ចូលទាំងសកម្មភាពអាថ៌កំបាំងដែលមិនស្របតាមដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទផងដែរ ។ សកម្មភាពទាំងនេះរួមមាន ( ប៉ុន្ដែមិនកំណត់ត្រឹមនេះទេ ) ការរកគ្រូទាយ ការដាក់បណ្ដាសា និងការព្យាបាលដែលធ្វើត្រាប់តាមអំណាចបព្វជិតភាពរបស់ព្រះ ( សូមមើល មរ៉ូណៃ ៧:១១–១៧ ) ។
សមាជិកសាសនាចក្រមិនគួរជាប់ទាក់ទងនៅក្នុងទម្រង់នៃការថ្វាយបង្គំសាតាំង ឬចូលរួមនៅក្នុងរបៀបណាមួយខាងមន្តអាគមឡើយ ។ ពួកគេមិនគួរផ្ដោតលើសេចក្ដីងងឹតទាំងនេះនៅក្នុងការសន្ទនា ឬនៅក្នុងការប្រជុំរបស់សាសនាចក្រឡើយ ។
៣៨.៦.១៣
ការណ៍អាសគ្រាម
សាសនាចក្រថ្កោលទោសការណ៍អាសគ្រាមគ្រប់ទម្រង់ ។ ការប្រើប្រាស់ការណ៍អាសគ្រាមគ្រប់ប្រភេទ បំផ្លាញដល់ជីវិតបុគ្គលម្នាក់ៗ ក្រុមគ្រួសារ និងសង្គម ។ វាក៏បណ្តេញព្រះវិញ្ញាណរបស់ព្រះអម្ចាស់ចេញផងដែរ ។ សមាជិកនៃសាសនាចក្រគួរតែចៀសវាងពីសម្ភារការណ៍អាសគ្រាមគ្រប់ទម្រង់ ហើយប្រឆាំងនឹងការផលិត ការចែកចាយ និងការប្រើប្រាស់វា ។
ជាធម្មតា ការប្រឹក្សាផ្ទាល់ខ្លួន និងការដាក់កំហិតសមាជិកភាពក្រៅផ្លូវការគឺគ្រប់គ្រាន់ហើយ នៅពេលជួយបុគ្គលម្នាក់ឲ្យប្រែចិត្តពីការប្រើអាសគ្រាមនោះ ។ ជាទូទៅ ក្រុមប្រឹក្សាសមាជិកភាពមិនចាំបាច់ត្រូវមាននោះទេ ។ ទោះជាយ៉ាងណា ក្រុមប្រឹក្សាមួយអាចចាំបាច់សម្រាប់ការប្រើប្រាស់ការណ៍អាសគ្រាមក្នុងកម្រិតខ្លាំង ឬអត់មិនបាន ដែលបណ្ដាលឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាពាហ៍ពិពាហ៍ ឬគ្រួសាររបស់សមាជិកម្នាក់ ( សូមមើល ៣៨.៦.៥ ) ។ ក្រុមប្រឹក្សាមួយតម្រូវឲ្យមាន ប្រសិនបើសមាជិកម្នាក់ ចូលរួមចំណែក មាន ឬមើលរូបអាសគ្រាមរបស់កុមារម្ដងហើយម្ដងទៀត ( សូមមើល ៣២.៦.៦ ) ។
៣៨.៦.១៤
ការរើសអើង
មនុស្សគ្រប់រូបគឺជាបុត្រាបុត្រីនៃព្រះ ។ មនុស្សទូទៅគឺជាបងប្អូនប្រុសស្រីនឹងគ្នា ហើយជាផ្នែកនៃគ្រួសាររបស់ព្រះ ( សូមមើល « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » ) ។ ព្រះ « បានបង្កើតមនុស្សគ្រប់សាសន៍ពីឈាមតែ១ » ( កិច្ចការ ១៧:២៦ ) ។ « ទាំងអស់ … ក៏ដូចគ្នា » នៅចំពោះទ្រង់ ( នីហ្វៃទី២ ២៦:៣៣ ) ។ មនុស្សម្នាក់ៗគឺ « នៅក្រោមព្រះនេត្រទ្រង់ មនុស្សណាក៏មានតម្លៃដូចជាមនុស្សណាដែរ » ( យ៉ាកុប ២:២១ ) ។
ការរើសអើងមិនសមស្របតាមបន្ទូលរបស់ព្រះដែលបានបើកសម្ដែងឡើយ ។ ការសព្វព្រះទ័យ ឬការមិនសព្វព្រះទ័យរបស់ព្រះគឺអាស្រ័យទៅលើការលះបង់ចំពោះទ្រង់ និងបទបញ្ញត្តិរបស់ទ្រង់ មិនមែនលើពណ៌សម្បុររបស់បុគ្គលម្នាក់ ឬលក្ខណៈផ្សេងទៀតនោះឡើយ ។
សាសនាចក្រអំពាវនាវឲ្យមនុស្សគ្រប់រូបបោះបង់ចោលនូវលក្ខណៈ និងសកម្មភាពរើសអើងចំពោះក្រុម ឬបុគ្គលនានា ។ សមាជិកសាសនាចក្រគួរតែនាំមុខក្នុងការលើកកម្ពស់ដល់ការគោរពបុត្រាបុត្រីគ្រប់រូបរបស់ព្រះ ។ សមាជិកធ្វើតាមបទបញ្ញត្តិរបស់ព្រះអង្គសង្គ្រោះឲ្យស្រឡាញ់មនុស្សដទៃ ( សូមមើល ម៉ាថាយ ២២:៣៥–៣៩ ) ។ ពួកគេខិតខំធ្វើជាមនុស្សដែលមានសន្ដានចិត្តល្អចំពោះមនុស្សគ្រប់គ្នា ដោយបដិសេធការរើសអើងគ្រប់ប្រភេទ ។ ការណ៍នេះរួមបញ្ចូលទាំងការរើសអើងដោយផ្អែកលើពូជសាសន៍ ជាតិពន្ធ សញ្ជាតិ កុលសម្ព័ន្ធ ភេទ អាយុ ពិការភាព ស្ថានភាពសង្គម ជំនឿ ឬការឥតជំនឿលើសាសនា និងភាពទាក់ទាញខាងផ្លូវភេទ ។
៣៨.៦.១៥
ការប្រតិព័ទ្ធភេទដូចគ្នា និងអាកប្បកិរិយានៃការប្រតិព័ទ្ធភេទដូចគ្នា
សាសនាចក្រលើកទឹកចិត្តឲ្យក្រុមគ្រួសារ និងសមាជិកទាំងឡាយឈោងទៅជួយដោយការយល់ចិត្ត សេចក្ដីស្រឡាញ់ និងការគោរពចំពោះបុគ្គលទាំងឡាយដែលស្រឡាញ់ភេទដូចគ្នា ។ សាសនាចក្រក៏លើកកម្ពស់ឲ្យមានការយល់ដឹងនៅក្នុងសង្គមទាំងមូល ដែលឆ្លុះបញ្ចាំងពីការបង្រៀនរបស់ខ្លួនអំពី សេចក្ដីសប្បុរស ការរាប់អានគ្នា សេចក្ដីស្រឡាញ់ចំពោះអ្នកដទៃ និងការគោរពចំពោះមនុស្សទាំងអស់ ។ សាសនាចក្រពុំប្រកាន់ជំហរណាមួយលើបុព្វហេតុនានានៃការប្រតិព័ទ្ធភេទដូចគ្នានោះទេ ។
ព្រះបញ្ញត្តិរបស់ព្រះហាមឃាត់ដល់អាកប្បកិរិយាមិនគោរពតាមច្បាប់ព្រហ្មចារីភាពទាំងអស់ មិនថាចំពោះភេទផ្ទុយគ្នា ឬភេទដូចគ្នានោះទេ ។ ថ្នាក់ដឹកនាំសាសនាចក្រផ្តល់ការប្រឹក្សាដល់សមាជិក ដែលបានរំលងច្បាប់ព្រហ្មចារីភាព ។ ថ្នាក់ដឹកនាំជួយពួកគេឲ្យមានការយល់ដឹងច្បាស់លាស់អំពីសេចក្តីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ ដង្វាយធួនរបស់ទ្រង់ ដំណើរការនៃការប្រែចិត្ត និងគោលបំណងនៃជីវិតនៅលើផែនដី ។
ការមានអារម្មណ៍ប្រតិព័ទ្ធភេទដូចគ្នាមិនមែនជាអំពើបាបនោះទេ ។ សមាជិកដែលមានអារម្មណ៍ទាំងនេះ ហើយមិនស្វែងរកឬធ្វើសកម្មភាពតាមអារម្មណ៍នោះទេ គឺកំពុងរស់នៅស្របតាមផែនការរបស់ព្រះវរបិតាសួគ៌ និងគោលលទ្ធិសាសនាចក្រ ដែលមានសម្រាប់បុត្រាបុត្រីរបស់ទ្រង់ ។ ថ្នាក់ដឹកនាំគាំទ្រនិងលើកទឹកចិត្តពួកគេក្នុងកិច្ចខិតខំរបស់ពួកគេដើម្បីរស់នៅតាមបទបញ្ញត្តិរបស់ព្រះអម្ចាស់ ។ សមាជិកដែលមានអារម្មណ៍ទាំងនេះអាចទទួលបានការហៅបម្រើក្នុងសាសនាចក្រ មានប័ណ្ណចូលព្រះវិហារបរិសុទ្ធ ហើយទទួលពិធីបរិសុទ្ធក្នុងព្រះវិហារ ប្រសិនបើពួកគេមានភាពស័ក្ដិសម ។ សមាជិកសាសនាចក្រជាបុរសអាចទទួលបាន និងអនុវត្តបព្វជិតភាព ។
សមាជិកទាំងអស់ដែលរក្សាសេចក្ដីសញ្ញារបស់ពួកគេ នឹងទទួលបានពរជ័យដែលបានសន្យាទាំងអស់នៅក្នុងភាពអស់កល្បជានិច្ច មិនថាកាលៈទេសៈរបស់ពួកគេអនុញ្ញាតឲ្យពួកគេទទួលបានពរជ័យនៃអាពាហ៍ពិពាហ៍ដ៏អស់កល្ប និងភាពជាឪពុកម្ដាយនៅក្នុងជីវិតនេះឬអត់នោះទេ ( សូមមើល ម៉ូសាយ ២:៤១ ) ។
៣៨.៦.១៦
អាពាហ៍ពិពាហ៍ភេទដូចគ្នា
ជាគោលការណ៍មួយខាងគោលលទ្ធិ ដោយផ្អែកទៅលើព្រះគម្ពីរ នោះសាសនាចក្របញ្ជាក់ថា អាពាហ៍ពិពាហ៍រវាងបុរស និងស្រ្តីគឺមានសារៈសំខាន់ចំពោះផែនការរបស់អង្គបង្កបង្កើត សម្រាប់ជោគវាសនាដ៏អស់កល្បជានិច្ចនៃបុត្រាបុត្រីរបស់ទ្រង់ ។ សាសនាចក្រក៏បញ្ជាក់ផងដែរថា ក្រឹត្យវិន័យរបស់ព្រះកំណត់និយមន័យអាពាហ៍ពិពាហ៍ថា ជាសម្ព័ន្ធភាពស្របច្បាប់ និងពេញច្បាប់រវាងបុរសម្នាក់ និងស្រ្តីម្នាក់ ។
៣៨.៦.១៧
ការអប់រំស្តីពីផ្លូវភេទ
ឪពុកម្តាយមានការទទួលខុសត្រូវជាចម្បង ក្នុងការអប់រំស្តីពីផ្លូវភេទដល់កូនៗរបស់ពួកគេ ។ ឪពុកម្តាយគួរតែមានភាពស្មោះត្រង់ ច្បាស់លាស់ និងការសន្ទនាជាបន្តបន្ទាប់ជាមួយកូនៗរបស់ខ្លួនអំពីសុខភាព និងសុចរិតភាពខាងផ្លូវភេទ ។
៣៨.៦.១៨
ការរំលោភបំពានលើផ្លូវភេទ ការរំលោភសេពសន្ថវៈ ឬការបំពារបំពានលើផ្លូវភេទតាមទម្រង់ដទៃទៀត
សាសនាចក្រថ្កោលទោសដល់ការរំលោភបំពានផ្លូវភេទ ។ ដូចដែលបានប្រើនៅទីនេះ ការរំលោភបំពានផ្លូវភេទ ត្រូវបានកំណត់ថា ជាការបង្ខំឲ្យមានសកម្មភាពផ្លូវភេទពីមនុស្សម្នាក់ទៀតដែលមិនចង់ធ្វើវា ។ សកម្មភាពផ្លូវភេទជាមួយមនុស្សម្នាក់ដែលមិនអាចផ្ដល់ការយល់ព្រមតាមច្បាប់ គឺត្រូវបានចាត់ទុកថាជាការរំលោភបំពានផ្លូវភេទ ។ ការរំលោភបំពានផ្លូវភេទក៏អាចកើតឡើងជាមួយស្វាមី ឬភរិយា ឬទំនាក់ទំនងនៃការណាត់ជួបផងដែរ ។ សម្រាប់ព័ត៌មានអំពីការរំលោភបំពានផ្លូវភេទលើកុមារ ឬយុវវ័យ សូមមើល ៣៨.៦.២.៣ ។
ការរំលោភបំពានផ្លូវភេទមានសកម្មភាពក្នុងវិសាលភាពដ៏ធំមួយ រាប់តាំងពីការយាយីរហូតដល់ការរំលោភសេពសន្ថវៈ និងការបំពារបំពានលើផ្លូវភេទតាមទម្រង់ដទៃទៀត ។ វាអាចកើតឡើងលើរាងកាយ ពាក្យសម្ដី និងក្នុងរបៀបផ្សេងៗទៀត ។ សម្រាប់សេចក្តីណែនាំស្ដីពីការប្រឹក្សាសមាជិកដែលបានជួបប្រទះនឹងការរំលោភបំពានផ្លូវភេទ ការរំលោភសេពសន្ថវៈ ឬការបំពារបំពានលើផ្លូវភេទតាមទម្រង់ដទៃទៀត សូមមើល ៣៨.៦.១៨.២ ។
ប្រសិនបើសមាជិកសង្ស័យ ឬដឹងអំពីការរំលោភបំពានលើផ្លូវភេទ ពួកគេត្រូវចាត់វិធានការដើម្បីការពារជនរងគ្រោះ និងអ្នកផ្សេងទៀតឲ្យបានឆាប់បំផុតតាមដែលអាចធ្វើបាន ។ កិច្ចការនេះរួមមានទាំងការរាយការណ៍ទៅអាជ្ញាធរស៊ីវិល និងការជូនដំណឹងទៅប៊ីស្សព ឬប្រធានស្តេក ។ ប្រសិនបើកុមារត្រូវបានរំលោភបំពាន នោះសមាជិកគួរតែធ្វើតាមសេចក្តីណែនាំនេះនៅក្នុង ៣៨.៦.២ ។
៣៨.៦.១៨.២
ការប្រឹក្សាដល់ជនរងគ្រោះពីការរំលោភបំពានលើផ្លូវភេទ ការរំលោភសេពសន្ថវៈ ឬការបំពារបំពានលើផ្លូវភេទតាមទម្រង់ដទៃទៀត
ជនរងគ្រោះពីការរំលោភបំពានផ្លូវភេទ ឬការរំលោភសេពសន្ថវៈ ឬការបំពារបំពានលើផ្លូវភេទតាមទម្រង់ដទៃទៀត ជារឿយៗ ទទួលរងការប៉ះទង្គិចដ៏ធ្ងន់ធ្ងរ ។ នៅពេលពួកគេទុកចិត្តលើប៊ីស្សព ឬប្រធានស្តេក គាត់ឆ្លើយតបដោយក្តីអាណិតអាសូរ និងការយល់ចិត្ត ។ គាត់ផ្តល់ឲ្យនូវការប្រឹក្សាខាងវិញ្ញាណ និងការគាំទ្រ ដើម្បីជួយដល់ជនរងគ្រោះឲ្យយកឈ្នះលើឥទ្ធិពលដ៏បំផ្លិចបំផ្លាញនៃការរំលោភបំពាន ។ គាត់ក៏ទូរសព្ទទៅកាន់លេខជំនួយខាងផ្នែករំលោភបំពានរបស់សាសនាចក្រ ដើម្បីទទួលបានសេចក្តីណែនាំ បើវាមាន ។
នៅពេលខ្លះ ជនរងគ្រោះមានអារម្មណ៍ខ្មាសអៀន ឬក៏មានកំហុស ។ ជនរងគ្រោះគ្មានទោសកំហុសនៃអំពើបាបទេ ។ សូមថ្នាក់ដឹកនាំកុំស្តីបន្ទោសជនរងគ្រោះ ។ ពួកគាត់ជួយជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេឲ្យយល់ពីសេចក្តីស្រឡាញ់របស់ព្រះ និងការព្យាបាលដែលទទួលបានតាមរយៈព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ ( សូមមើល អាលម៉ា ១៥:៨; នីហ្វៃទី៣ ១៧:៩ ) ។
ខណៈពេលដែលសមាជិកអាចជ្រើសរើសចែកចាយព័ត៌មានអំពីការរំលោភបំពាន ឬការបំពារបំពាន នោះថ្នាក់ដឹកនាំមិនគួរផ្តោតខ្លាំងពេកលើព័ត៌មានលម្អិតឡើយ ។ ការធ្វើបែបនេះអាចមានគ្រោះថ្នាក់ដល់ជនរងគ្រោះ ។
បន្ថែមពីលើការទទួលជំនួយដ៏បំផុសគំនិតរបស់ថ្នាក់ដឹកនាំសាសនាចក្រ នោះជនរងគ្រោះ និងគ្រួសារពួកគេអាចនឹងត្រូវការការទូន្មានដែលមានជំនាញផងដែរ ។ សម្រាប់ព័ត៌មាន សូមមើល ៣១.៣.៦ ។
៣៨.៦.១៨.៣
ក្រុមប្រឹក្សាសមាជិកភាព
វាអាចចាំបាច់តម្រូវឲ្យមានក្រុមប្រឹក្សាសមាជិកភាព ចំពោះបុគ្គលម្នាក់ដែលបានបំពានខាងផ្លូវភេទ ឬរំលោភបំពាននរណាម្នាក់ ។ តម្រូវឲ្យមានក្រុមប្រឹក្សាសមាជិកភាពមួយបង្កើតឡើង ប្រសិនបើសមាជិកម្នាក់ប្រព្រឹត្តអំពើរំលោភសេពសន្ថវៈ ឬត្រូវបានផ្តន្ទាទោសតាមទម្រង់ការបំពារបំពានផ្លូវភេទដទៃទៀត ។
៣៨.៦.២០
ការធ្វើអត្តឃាត
ជីវិតរមែងស្លាប់គឺជាអំណោយទានដ៏មានតម្លៃមួយមកពីព្រះ—អំណោយទានដែលគួរតែត្រូវបានឲ្យតម្លៃ និងការពារ ។ សាសនាចក្រគាំទ្រយ៉ាងខ្លាំងចំពោះការធ្វើអន្ដរាគមន៍ដល់ការធ្វើអត្តឃាត ។
មនុស្សភាគច្រើនដែលបានគិតចង់ធ្វើអត្តឃាតគឺមានបំណងចង់បានធូរស្រាលផ្នែកផ្លូវកាយ ផ្លូវចិត្ត ផ្លូវសតិអារម្មណ៍ ឬការឈឺចាប់ខាងវិញ្ញាណ ។ បុគ្គលបែបនោះត្រូវការសេចក្តីស្រឡាញ់ ជំនួយ និងការគាំទ្រពីក្រុមគ្រួសារ ថ្នាក់ដឹកនាំក្នុងសាសនាចក្រ និងអ្នកជំនាញដែលមានវិជ្ជាជីវៈ ។
ប៊ីស្សពគួរតែផ្តល់ជំនួយខាងបព្វជិតភាព ប្រសិនបើសមាជិកគិតចង់ធ្វើអត្តឃាត ឬមានបំណងចង់ធ្វើអត្តឃាត ។ គាត់ក៏ជួយសមាជិកឲ្យទទួលជំនួយពីអ្នកជំនាញភ្លាមៗផងដែរ ។
ទោះបីជាមានការខិតខំដ៏ខ្លាំងក្លាពីអ្នកជាទីស្រឡាញ់ ថ្នាក់ដឹកនាំ និងអ្នកជំនាញក្តី ក៏ការធ្វើអត្តឃាតមិនអាចការពារបានជានិច្ចដែរ ។ វាបន្សល់ទុកនូវការខូចចិត្ត ការរំជួលចិត្តយ៉ាងខ្លាំង និងចម្ងល់ដែលគ្មានចម្លើយសម្រាប់មនុស្សជាទីស្រឡាញ់ និងអ្នកដទៃ ។ ថ្នាក់ដឹកនាំគួរតែប្រឹក្សា និងលួងលោមដល់ក្រុមគ្រួសារ ។ ពួកគាត់ផ្តល់ឲ្យនូវការថែទាំ និងគាំទ្រ ។
វាមិនមែនជារឿងត្រឹមត្រូវទេដែលមនុស្សម្នាក់បញ្ចប់ជីវិតរបស់គាត់ ឬនាងខ្លួនឯងនោះ ។ ទោះជាយ៉ាងណាក្តី មានតែព្រះប៉ុណ្ណោះទើបអាចធ្វើការវិនិច្ឆ័យគំនិត សកម្មភាព និងកម្រិតនៃការទទួលខុសត្រូវរបស់មនុស្សម្នាក់បាន ( សូមមើល សាំយូអែល ទី១ ១៦:៧; គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៧:៩ ) ។
អស់អ្នកដែលបាត់បង់មនុស្សជាទីស្រឡាញ់ព្រោះតែអត្តឃាត អាចស្វែងរកក្តីសង្ឃឹម និងការព្យាបាលតាមរយៈព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ ។
៣៨.៦.២៣
បុគ្គលប្ដូរភេទ
បុគ្គលប្ដូរភេទប្រឈមនឹងឧបសគ្គដ៏ស្មុគស្មាញ ។ សមាជិក ឬអ្នកមិនមែនសមាជិក ដែលកំណត់អត្តសញ្ញាណថាជា បុគ្គលប្ដូរភេទ—ព្រមទាំងក្រុមគ្រួសារ និងមិត្តភក្ដិរបស់ពួកគេផងដែរ—គួរតែត្រូវបានប្រព្រឹត្តដាក់ដោយការយល់ចិត្ត សណ្ដានចិត្តល្អ ការអាណិតអាសូរ និងសេចក្ដីស្រឡាញ់ដ៏បរិបូរណ៍ដូចព្រះគ្រីស្ទ ។ មនុស្សទាំងអស់គ្នាត្រូវបានស្វាគមន៍ឲ្យចូលរួមការប្រជុំសាក្រាម៉ង់ ការប្រជុំថ្ងៃអាទិត្យផ្សេងៗទៀត ក៏ដូចជាព្រឹត្តិការណ៍ខាងសង្គមរបស់សាសនាចក្រ ( សូមមើល ៣៨.១.១ ) ។
ភេទគឺជាលក្ខណៈដ៏ចាំបាច់មួយនៃផែនការសុភមង្គលរបស់ព្រះវរបិតាសួគ៌ ។ អត្ថន័យពិតរបស់ ភេទ នៅក្នុង ការប្រកាសអំពីក្រុមគ្រួសារ គឺជា ភេទជីវសាស្ត្រពីកំណើតមក ។ មនុស្សមួយចំនួនដកពិសោធន៍នូវអារម្មណ៍នៃភាពមិនស្របគ្នារវាងភេទជីវសាស្ត្ររបស់ពួកគេ និងអត្តសញ្ញាណភេទរបស់ពួកគេ ។ ជាលទ្ធផល ពួកគេអាចនឹងកំណត់ថាជាបុគ្គលប្ដូរភេទ ។ សាសនាចក្រពុំប្រកាន់ជំហរមួយលើបុព្វហេតុនៃមនុស្សដែលកំណត់អត្តសញ្ញាណខ្លួនថាជាអ្នកប្ដូរភេទនោះទេ ។
ការចូលរួមរបស់សាសនាចក្រភាគច្រើនបំផុត និងពិធីបរិសុទ្ធបព្វជិតភាពមួយចំនួនគឺអព្យាក្រឹត្យលើភេទ ។ បុគ្គលប្ដូរភេទអាចនឹងទទួលបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់បាន ដូចមានចែងនៅក្នុង ៣៨.២.៨.១០ ។ ពួកគេក៏អាចទទួលទានសាក្រាម៉ង់ និងទទួលពរជ័យបព្វជិតភាពផងដែរ ។ ទោះជាយ៉ាងណា ការតែងតាំងបព្វជិតភាព និងពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធត្រូវទទួលទៅតាមភេទពីកំណើតមក ។
ថ្នាក់ដឹកនាំសាសនាចក្រប្រឹក្សាប្រឆាំងនឹងទម្រង់ការវេជ្ជសាស្ត្រ ឬការវះកាត់ដោយការជ្រើសរើស ក្នុងគោលបំណងដើម្បីព្យាយាមផ្លាស់ប្ដូរទៅជាភេទដែលផ្ទុយពីភេទពីកំណើតមករបស់បុគ្គលម្នាក់ ( « ការកំណត់ភេទជាថ្មី » ) ។ ថ្នាក់ដឹកនាំផ្ដល់ដំបូន្មានថា ការធ្វើដូច្នោះនឹងជាបុព្វហេតុនៃការដាក់កំហិតសមាជិកភាពសាសនាចក្រ ។
ថ្នាក់ដឹកនាំក៏ប្រឹក្សាប្រឆាំងនឹងការផ្លាស់ប្ដូរខាងសង្គមផងដែរ ។ ការផ្លាស់ប្ដូរខាងសង្គម រួមមានការផ្លាស់ប្ដូរការស្លៀកពាក់ ឬការតុបតែងខ្លួន ឬការផ្លាស់ប្ដូរឈ្មោះ ឬសព្វនាម ដើម្បីបង្ហាញខ្លួនឯងជាមនុស្សម្នាក់ផ្សេងពីភេទពីកំណើតមករបស់គាត់ ឬរបស់នាង ។ ថ្នាក់ដឹកនាំផ្ដល់ដំបូន្មានផងដែរថា ពួកអ្នកដែលផ្លាស់ប្ដូរខាងសង្គម នឹងទទួលការដាក់កំហិតសមាជិកភាពសាសនាចក្រមួយចំនួន សម្រាប់រយៈពេលនៃការផ្លាស់ប្ដូរនេះ ។
ការដាក់កំហិតរួមមានការទទួល ឬការអនុវត្តបព្វជិតភាព ការទទួល ឬការប្រើប្រាស់ប័ណ្ណចូលព្រះវិហារបរិសុទ្ធ និងការទទួលការហៅមួយចំនួនរបស់សាសនាចក្រ ។ ថ្វីបើអភ័យឯកសិទ្ធិនៃសមាជិកភាពមួយចំនួនត្រូវបានដាក់កំហិតក្ដី ក៏ការចូលរួមផ្សេងៗទៀតក្នុងសាសនាចក្រត្រូវបានស្វាគមន៍ដដែល ។
ប្រសិនបើសមាជិកម្នាក់សម្រេចចិត្តដើម្បីផ្លាស់ប្ដូរឈ្មោះ ឬសព្វនាមដែលពេញចិត្តរបស់គាត់ ឬរបស់នាង នោះឈ្មោះពេញចិត្តអាចត្រូវបានកត់សម្គាល់នៅក្នុងប្រអប់ឈ្មោះដែលពេញចិត្តនៅក្នុងកំណត់ត្រាសមាជិកភាព ។ បុគ្គលនោះអាចត្រូវបានហៅតាមឈ្មោះដែលពេញចិត្តនោះនៅក្នុងវួដ ។
កាលៈទេសៈខុសគ្នាយ៉ាងខ្លាំងពីអង្គភាពមួយទៅអង្គភាពមួយ និងពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ ។ សមាជិក និងថ្នាក់ដឹកនាំប្រឹក្សាជាមួយគ្នា និងជាមួយព្រះអម្ចាស់ ។ គណៈប្រធានតំបន់នឹងជួយដល់ថ្នាក់ដឹកនាំឲ្យដោះស្រាយស្ថានភាពបុគ្គលម្នាក់ៗដោយការយល់ចិត្ត ។ ប៊ីស្សពប្រឹក្សាជាមួយនឹងប្រធានស្តេក ។ ប្រធានស្តេក និងប្រធានបេសកកម្មត្រូវតែស្វែងរកការប្រឹក្សាពីគណៈប្រធានតំបន់ ( សូមមើល ៣២.៦.៣ ) ។
៣៨.៧
គោលនយោបាយវេជ្ជសាស្ត្រ និងសុខភាព
៣៨.៧.២
ការបញ្ចុះសព និងការបូជា
ក្រុមគ្រួសាររបស់បុគ្គលដែលបានទទួលមរណភាពធ្វើការសម្រេចចិត្តថាតើសពរបស់គាត់ ឬនាងគួរតែបញ្ចុះ ឬធ្វើការបូជា ។ ពួកគាត់គោរពដល់បំណងប្រាថ្នារបស់បុគ្គលនេះ ។
នៅក្នុងប្រទេសមួយចំនួនច្បាប់តម្រូវឲ្យបូជា ។ នៅក្នុងករណីខ្លះទៀត ការបញ្ចុះសពមិនមែនជាទម្លាប់ ឬដែលក្រុមគ្រួសារមិនអាចមានលទ្ធភាពធ្វើបាន ។ នៅគ្រប់ករណីទាំងអស់ សពគួរតែត្រូវបានប្រព្រឹត្តដោយសេចក្តីស្រឡាញ់ និងការគោរព ។ សមាជិកទាំងឡាយគួរតែត្រូវបានបញ្ជាក់ថា អំណាចនៃដំណើររស់ឡើងវិញ តែងតែអនុវត្តជានិច្ច ( សូមមើល អាលម៉ា ១១:៤២–៤៥ ) ។
នៅកន្លែងណាដែលអាចធ្វើទៅបាន សាកសពរបស់សមាជិកដែលទទួលមរណភាព ដែលបានទទួលអំណោយទានពិសិដ្ឋរួចហើយ គួរតែត្រូវបានស្លៀកពាក់នៅក្នុងសម្លៀកបំពាក់ពិធីការក្នុងព្រះវិហារបរិសុទ្ធ នៅពេលបញ្ចុះសព ឬបូជា ( សូមមើល ៣៨.៥.៨ ) ។
៣៨.៧.៣
កូនដែលបានស្លាប់ពីមុនកំណើត ( កូនដែលស្លាប់នៅក្នុងផ្ទៃ ឬបានរលូត )
ឪពុកម្តាយអាចសម្រេចចិត្តថាតើត្រូវធ្វើពិធីរំឭកវិញ្ញាណក្ខន្ធ ឬពិធីបញ្ចុះសពឬអត់ ។
ពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធគឺពុំត្រូវការ ឬពុំត្រូវធ្វើសម្រាប់កូនដែលស្លាប់នៅក្នុងផ្ទៃនោះទេ ។ កិច្ចការនេះមិនបានបដិសេធចំពោះលទ្ធភាព ដែលកូនស្លាប់ក្នុងផ្ទៃទាំងនេះ អាចក្លាយជាចំណែកនៃគ្រួសារនៅក្នុងភាពដ៏អស់កល្បជានិច្ចនោះទេ ។ ឪពុកម្តាយគឺត្រូវបានលើកទឹកចិត្តឲ្យទុកចិត្តលើព្រះអម្ចាស់ និងស្វែងរកការលួងលោមរបស់ទ្រង់ ។
៣៨.៧.៤
សុមរណៈ
ជីវិតរមែងស្លាប់គឺជាអំណោយទានដ៏មានតម្លៃមកពីព្រះ ។ សុមរណៈគឺជាការបញ្ចប់ជីវិតដោយចេតនារបស់មនុស្សម្នាក់ ដែលទទួលរងពីជំងឺដែលមិនអាចជាសះស្បើយបាន ឬស្ថានភាពផ្សេងទៀត ។ បុគ្គលដែលចូលរួមនៅក្នុងសុមរណៈ រួមមានទាំងការជួយដល់នរណាម្នាក់ឲ្យស្លាប់ដោយការធ្វើអត្តឃាតខ្លួន គឺជាការល្មើសនឹងបទបញ្ញត្តិរបស់ព្រះ និងអាចល្មើសនឹងច្បាប់ក្នុងមូលដ្ឋានផងដែរ ។
ការជួយដល់វិធានការការបញ្ឈប់ ឬការបោះបង់ជីវិតហួសប្រមាណសម្រាប់មនុស្សជិតនឹងស្លាប់គឺមិនចាត់ទុកថាសុមរណៈនោះទេ ( សូមមើល ៣៨.៧.១១ ) ។
៣៨.៧.៥
ការឆ្លងមេរោគអេដស៍ និងជំងឺអេដស៍
សមាជិកដែលឆ្លងវីរុសអេដស៍ ( វីរុសធ្វើឲ្យខូចប្រព័ន្ធភាពស៊ាំការពារខ្លួនរបស់មនុស្ស ) ឬអ្នកដែលមានជំងឺអេដស៍ ( ភាពស៊ាំនៃប្រជុំរោគសញ្ញា ) គួរតែត្រូវបានទទួលរាក់ទាក់នៅក្នុងការប្រជុំ និងសកម្មភាពផ្សេងៗ ។ ការចូលរួមនោះពុំធ្វើឲ្យសុខភាពរបស់អ្នកដទៃមានហានិភ័យនោះទេ ។
៣៨.៧.៨
ការថែទាំខាងវេជ្ជសាស្រ្ត និងការថែទាំសុខភាព
ស្វែងរកជំនួយពីគ្រូពេទ្យឯកទេសខាងវេជ្ជសាស្ដ្រដ៏ជំនាញ អនុវត្តសេចក្តីជំនឿ និងទទួលការប្រសិទ្ធពរបព្វជិតភាពផ្គួបផ្សំគ្នាដើម្បីព្យាបាល ស្របតាមព្រះទ័យនៃព្រះអម្ចាស់ ។
សមាជិកមិនគួរប្រើប្រាស់ ឬជំរុញឲ្យមានការព្យាបាលតាមទម្លាប់ដែលចោទជាចម្ងល់ចំពោះក្រមសីលធម៌ ខាងវិញ្ញាណ និងច្បាប់នោះទេ ។ អស់អ្នកដែលមានបញ្ហាសុខភាពគួរទៅពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យឯកទេសខាងវេជ្ជសាស្ដ្រដ៏ជំនាញ ដែលមានអាជ្ញាប័ណ្ណនៅក្នុងជំនាញដែលពួកគេបំពេញមុខងារ ។
៣៨.៧.៩
កញ្ឆាជាវេជ្ជសាស្រ្ត
សាសនាចក្រជំទាស់ការប្រើប្រាស់កញ្ឆាក្រៅពីគោលបំណងវេជ្ជសាស្រ្ត ។ សូមមើល ១២.៣.១៤ ។
៣៨.៧.១១
ការពន្យារជីវិត ( រួមទាំងការទ្រទ្រង់ជីវិត )
សមាជិកមិនគួរមានអារម្មណ៍ថា ត្រូវពន្យារជីវិតរមែងស្លាប់ ដោយមធ្យោបាយហួសហេតុពេកឡើយ ។ ការសម្រេចចិត្តទាំងនេះគឺត្រូវធ្វើឡើងដោយបុគ្គល ប្រសិនបើអាច ឬដោយសមាជិកគ្រួសារ ។ ពួកគេគួរតែស្វែងរកយោបល់របស់គ្រូពេទ្យឯកទេស និងសេចក្តីណែនាំដ៏ទេវភាពតាមរយៈការអធិស្ឋាន ។
៣៨.៧.១៣
ការចាក់វ៉ាក់សាំង
ការចាក់វ៉ាក់សាំងដែលបានគ្រប់គ្រងដោយគ្រូពេទ្យឯកទេសការពារសុខភាព និងថែរក្សាអាយុជីវិត ។ សមាជិកសាសនាចក្រត្រូវបានលើកទឹកចិត្តឲ្យថែរក្សាខ្លួនរបស់ពួកគេ កូនៗរបស់ពួកគេ និងសហគមន៍របស់ពួកគេតាមរយៈការចាក់វ៉ាក់សាំង ។
នៅទីបំផុត បុគ្គលម្នាក់ៗទទួលខុសត្រូវលើការសម្រេចចិត្តផ្ទាល់ខ្លួនអំពីការចាក់វ៉ាក់សាំងនេះ ។ ប្រសិនបើសមាជិកមានកង្វល់ នោះពួកគេគួរតែប្រឹក្សាជាមួយគ្រូពេទ្យឯកទេសខាងវេជ្ជសាស្ដ្រដ៏ជំនាញ ហើយក៏ស្វែងរកការណែនាំពីព្រះវិញ្ញាណបរិសុទ្ធផងដែរ ។
៣៨.៧.១៤
ពាក្យសម្ដីនៃប្រាជ្ញាវាងវៃ និងទម្លាប់សុខភាព
ពាក្យសម្ដីនៃប្រាជ្ញាវាងវៃគឺជាបទញ្ញត្តិនៃព្រះ ។ ព្យាការីបានបញ្ជាក់ថា ការបង្រៀននៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ៨៩ រួមមានតំណមពីថ្នាំជក់ គ្រឿងស្រវឹង ( ជាតិស្រា ) និងភេសជ្ជៈក្តៅ ( តែ និងកាហ្វេ ) ។
មានសារធាតុ និងការអនុវត្តដែលបង្កឲ្យមានគ្រោះថ្នាក់ដទៃទៀតដែលមិនបានបញ្ជាក់នៅក្នុងពាក្យសម្តីនៃប្រាជ្ញាវាងវៃ ឬដោយថ្នាក់ដឹកនាំនៃសាសនាចក្រ ។ សមាជិកគួរប្រើប្រាជ្ញា និងការវិនិច្ឆ័យប្រកបដោយការអធិស្ឋាននៅក្នុងការធ្វើការសម្រេចចិត្តដែលជំរុញឲ្យរូបកាយ វិញ្ញាណ និងសតិអារម្មណ៍របស់ពួកគេមានសុខភាពល្អ ។
៣៨.៨
គោលនយោបាយខាងរដ្ឋបាល
៣៨.៨.១
ការសុំកូនយកមកចិញ្ចឹម និងការចិញ្ចឹមថែទាំ
ការសុំកូនយកមកចិញ្ចឹម និងការផ្ដល់ការចិញ្ចឹមថែទាំអាចផ្ដល់ពរជ័យដល់កូនៗ និងក្រុមគ្រួសារ ។ ក្រុមគ្រួសារដ៏នៅអស់កល្បជានិច្ចដែលពេញដោយក្ដីស្រឡាញ់ អាចកើតមានឡើងបានតាមរយៈការសុំមកចិញ្ចឹម ។ មិនថាកូនៗមកក្នុងគ្រួសារមួយតាមរយៈការសុំមកចិញ្ចឹម ឬកំណើតនោះទេ ពួកគេគឺជាពរជ័យដ៏មានតម្លៃស្មើគ្នា ។
សមាជិកដែលចង់សុំកូនមកចិញ្ចឹម ឬផ្តល់ការចិញ្ចឹមថែទាំ គួរតែគោរពតាមតម្រូវការច្បាប់ទាំងអស់របស់ប្រទេស និងរដ្ឋាភិបាលទាំងឡាយដែលជាប់ទាក់ទង ។
៣៨.៨.៤
ហត្ថលេខា និងរូបថតរបស់អ្នកមានសិទ្ធិអំណាចទូទៅ អ្នកកាន់តំណែងទូទៅ និងពួកចិតសិបនាក់ប្រចាំតំបន់
សមាជិកសាសនាចក្រមិនគួរព្យាយាមទទួលបានហត្ថលេខាមកពីអ្នកមានសិទ្ធិអំណាចទូទៅ អ្នកកាន់តំណែងទូទៅ ឬពួកចិតសិបនាក់ប្រចាំតំបន់ឡើយ ។ ការធ្វើដូច្នោះធ្វើឲ្យរំខានដល់ការហៅដ៏ពិសិដ្ឋរបស់ពួកគាត់ និងរំខានដល់ស្មារតីនៃការប្រជុំ ។ វាក៏អាចរារាំងពួកគាត់មិនឲ្យស្វាគមន៍ដល់សមាជិកដទៃទៀតផងដែរ ។
សមាជិកមិនគួរថតរូបថតអ្នកមានសិទ្ធិអំណាចទូទៅ អ្នកកាន់តំណែងទូទៅ ឬពួកចិតសិបនាក់ប្រចាំតំបន់នៅក្នុងរោងជំនុំឡើយ ។
៣៨.៨.៧
ទស្សនាវដ្តីសាសនាចក្រ
ទស្សនាវដ្តីសាសនាចក្រ រួមមាន ៖
-
ទស្សនាវដ្តី ប្រិយមិត្ត សម្រាប់កុមារ ។
-
ទស្សនាវដ្តី ដើម្បីកម្លាំងនៃយុវជន សម្រាប់យុវវ័យ ។
-
ទស្សនាវដ្តី លីអាហូណា សម្រាប់មជ្ឈិមវ័យ ។
គណៈប្រធានទីមួយបានលើកទឹកចិត្តសមាជិកទាំងអស់ឲ្យអានទស្សនាវដ្តីរបស់សាសនាចក្រ ។ ទស្សនាវដ្តីទាំងនេះអាចជួយសមាជិកឲ្យរៀនដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ សិក្សាការបង្រៀនទាំងឡាយនៃព្យាការីដែលនៅរស់ មានអារម្មណ៍ផ្សារភ្ជាប់នឹងក្រុមគ្រួសារសាសនាចក្រជាសាកល ប្រឈមមុខនឹងឧបសគ្គដោយសេចក្តីជំនឿ និងខិតកាន់តែជិតព្រះ ។
៣៨.៨.៨
ឈ្មោះ ស្លាកអក្សរ និងនិមិត្តសញ្ញារបស់សាសនាចក្រ
ឈ្មោះ ស្លាកអក្សរ និងនិមិត្តសញ្ញារបស់សាសនាចក្រគឺជាអត្តសញ្ញាណគន្លឹះរបស់សាសនាចក្រ ។
ស្លាកអក្សរ និងនិមិត្តសញ្ញា ។ ស្លាកអក្សរ និងនិមិត្តសញ្ញារបស់សាសនាចក្រ( សូមមើលរូបភាពខាងលើ ) ត្រូវបានប្រើប្រាស់តែនៅពេលបានអនុម័តដោយគណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់តែប៉ុណ្ណោះ ។ វាមិនអាចប្រើជាធាតុផ្សំតុបតែងលម្អបានទេ ។ ហើយវាក៏មិនអាចត្រូវបានប្រើប្រាស់ជាលក្ខណៈផ្ទាល់ខ្លួន ពាណិជ្ជកម្ម ឬផ្សាយពាណិជ្ជកម្មណាមួយបានដែរ ។
៣៨.៨.១០
កុំព្យូទ័រ
កុំព្យូទ័រ និងសុសវែរដែលប្រើប្រាស់នៅក្នុងសាសនាចក្រត្រូវបានផ្ដល់ និងគ្រប់គ្រងដោយទីស្នាក់ការកណ្តាលនៃសាសនាចក្រ ឬការិយាល័យប្រចាំតំបន់ ។ ថ្នាក់ដឹកនាំ និងសមាជិកទាំងឡាយប្រើប្រាស់ធនធានទាំងនេះដើម្បីគាំទ្រដល់គោលបំណងរបស់សាសនាចក្រ រួមមានកិច្ចការពង្សប្រវត្តិផងដែរ ។
សុសវែរទាំងអស់នៅលើកុំព្យូទ័រទាំងនេះត្រូវតែមានអាជ្ញាប័ណ្ណត្រឹមត្រូវជូនសាសនាចក្រ ។
៣៨.៨.១២
សម្ភារកម្មវិធីសិក្សា
សាសនាចក្រផ្ដល់សម្ភារជាច្រើនដើម្បីជួយដល់សមាជិកឲ្យរៀនសូត្រ និងរស់នៅតាមដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។ សម្ភារទាំងនេះរួមមានព្រះគម្ពីរ សារលិខិតនៃសន្និសីទទូទៅ ទស្សនាវដ្ដី សៀវភៅសិក្សា សៀវភៅទូទៅ និងធនធានផ្សេងៗទៀត ។ ថ្នាក់ដឹកនាំលើកទឹកចិត្តសមាជិកឲ្យប្រើព្រះគម្ពីរ និងធនធានផ្សេងៗទៀតតាមការចាំបាច់ ដើម្បីសិក្សាដំណឹងល្អនៅឯគេហដ្ឋាន ។
៣៨.៨.១៤
ការស្លៀកពាក់ និងអាការៈខាងក្រៅ
សមាជិកនៃសាសនាចក្រត្រូវបានលើកទឹកចិត្តឲ្យបង្ហាញការគោរពដល់រូបកាយ តាមរយៈការជ្រើសរើសរបស់ពួកគេអំពីសម្លៀកបំពាក់ដែលសមរម្យ និងអាការៈខាងក្រៅ ។ អ្វីដែលសមរម្យគឺខុសគ្នាពីវប្បធម៌មួយទៅវប្បធម៌មួយ និងឱកាសផ្សេងៗ ។
៣៨.៨.១៦
ថ្ងៃតមអាហារ
សមាជិកអាចតមអាហារនៅពេលណាក៏បានដែរ ។ ទោះជាយ៉ាងណាក្តី ជាទូទៅសមាជិករក្សាថ្ងៃឈប់សម្រាកដើមខែទុកជាថ្ងៃតមអាហារ ។
ជាធម្មតា ថ្ងៃតមអាហារ រួមមានការអធិស្ឋាន មិនទទួលទានអាហារ និងទឹកសម្រាប់រយៈពេល ២៤ ម៉ោង ( ប្រសិនបើមានសុខភាពល្អ ) និងផ្តល់ដង្វាយតមអាហារដោយសប្បុរស ។ ដង្វាយតមអាហារគឺជាការបរិច្ចាគដើម្បីជួយដល់ជនទ័លក្រ ( សូមមើល ២២.២.២ ) ។
នៅពេលខ្លះនៅទូទាំងសាសនាចក្រ ឬការប្រជុំក្នុងមូលដ្ឋាន ត្រូវបានធ្វើឡើងនៅថ្ងៃឈប់សម្រាកដើមខែ ។ នៅពេលជួបករណីនេះ គណៈប្រធានស្តេកធ្វើការកំណត់ការផ្លាស់ប្តូរថ្ងៃឈប់សម្រាកដើម្បីធ្វើការតមអាហារ ។
៣៨.៨.១៧
ល្បែងស៊ីសង និងឆ្នោត
សាសនាចក្រប្រឆាំងនឹងការលេងល្បែងស៊ីសងគ្រប់ទម្រង់រូបភាពទាំងអស់ ហើយទូន្មានឲ្យចៀសវាងពីវា ។ ការណ៍នេះរួមមានការចាក់បាល់ ការទាយលទ្ធផលកីឡា និងការលេងឆ្នោតជាតិផងដែរ ។
៣៨.៨.១៩
អន្តោប្រវេសន៍
សមាជិកដែលបន្ដនៅក្នុងទឹកដីកំណើតរបស់ពួកគេ ជាញឹកញាប់មានឱកាសដើម្បីស្ថាបនា និងពង្រឹងសាសនាចក្រនៅទីនោះ ។ ទោះយ៉ាងណា ការធ្វើអន្ដោប្រវេសន៍ទៅកាន់ប្រទេសមួយទៀតគឺជាជម្រើសផ្ទាល់ខ្លួន ។
សមាជិកដែលប្ដូរទៅរស់នៅប្រទេសមួយទៀត គួរតែគោរពតាមច្បាប់ជាធរមានទាំងអស់ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៥៨:២១ ) ។
អ្នកផ្សព្វផ្សាយសាសនាមិនគួរផ្ដល់ការឧបត្ថម្ភដល់ការធ្វើអន្ដោប្រវេសន៍របស់អ្នកដទៃនោះទេ ។
៣៨.៨.២២
ច្បាប់ភូមិបាល
សមាជិកគួរតែគោរព ធ្វើតាម និងគាំទ្រដល់ច្បាប់នៅក្នុងប្រទេសទាំងឡាយ ដែលពួកគេរស់នៅ ឬធ្វើដំណើរ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៥៨:២១–២២; មាត្រានៃសេចក្តីជំនឿ ១:១២ ) ។ ការណ៍នេះរួមទាំងច្បាប់ដែលហាមឃាត់ដល់ការដើរផ្សព្វផ្សាយផងដែរ ។
៣៨.៨.២៥
ទំនាក់ទំនងរបស់សមាជិកជាមួយនឹងទីស្នាក់ការកណ្តាលរបស់សាសនាចក្រ
សមាជិកសាសនាចក្រមិនត្រូវបានលើកទឹកចិត្តឲ្យទូរសព្ទ អ៊ីមែល ឬសរសេរសំបុត្រទៅកាន់អ្នកមានសិទ្ធិអំណាចទូទៅអំពីសំណួរខាងគោលលទ្ធិ បញ្ហា ឬសំណើផ្ទាល់ខ្លួនទេ ។ សមាជិកត្រូវបានលើកទឹកចិត្តឲ្យទៅជួបនឹងថ្នាក់ដឹកនាំក្នុងមូលដ្ឋានរបស់ពួកគេ រួមមានប្រធានសមាគមសង្គ្រោះ ឬប្រធានកូរ៉ុមអែលឌើររបស់ពួកគេ នៅពេលស្វែងរកការណែនាំខាងវិញ្ញាណ ( សូមមើល ៣១.៣ ) ។
៣៨.៨.២៧
សមាជិកដែលមានពិការភាព
ថ្នាក់ដឹកនាំ និងសមាជិកត្រូវបានលើកទឹកចិត្តឲ្យនិយាយពីតម្រូវការនៃសមាជិកទាំងអស់ដែលរស់នៅក្នុងអង្គភាពរបស់ពួកគាត់ ។ សមាជិកដែលមានពិការភាពគឺមានតម្លៃ និងអាចចូលរួមចំណែកតាមរបៀបដ៏មានអត្ថន័យមួយ ។ ពិការភាពអាចជាផ្នែកបញ្ញា ផ្នែកសង្គម ផ្នែកសតិអារម្មណ៍ ឬ ផ្នែករាងកាយ ។
៣៨.៨.២៩
ជំនឿផ្សេង
អ្វីជាច្រើនដែលជាការបំផុសគំនិត ភាពថ្លៃថ្នូរ និងភាពស័ក្តិសមនឹងទទួលបានការគោរពដ៏ខ្ពង់ខ្ពស់ គឺមាននៅក្នុងជំនឿដទៃទៀតជាច្រើន ។ ពួកអ្នកផ្សព្វផ្សាយសាសនា និងសមាជិកដទៃទៀតត្រូវតែយល់ និងគោរពដល់ជំនឿ និងប្រពៃណីរបស់អ្នកដទៃ ។
៣៨.៨.៣០
សកម្មភាពនយោបាយ និងពលរដ្ឋ
សមាជិកសាសនាចក្រត្រូវបានលើកទឹកចិត្តឲ្យចូលរួមនៅក្នុងកិច្ចការនយោបាយ និងកិច្ចការរដ្ឋាភិបាល ។ នៅក្នុងប្រទេសជាច្រើន កិច្ចការនេះអាចរួមមាន ៖
-
ការបោះឆ្នោត ។
-
ការចូលរួម ឬការបម្រើក្នុងគណបក្សនយោបាយ ។
-
ការផ្តល់ការគាំទ្រខាងហិរញ្ញវត្ថុ ។
-
ការប្រាស្រ័យទាក់ទងជាមួយមន្ដ្រីបក្ស និងបេក្ខជនបក្ស ។
-
ការបម្រើនៅក្នុងការិយាល័យដែលបានជ្រើសរើស ឬដែលបានចាត់នៅក្នុងរដ្ឋាភិបាលថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិ ។
សមាជិកក៏ត្រូវបានលើកទឹកចិត្តឲ្យចូលរួមនៅក្នុងបុព្វហេតុស័ក្តិសមផងដែរ ដើម្បីធ្វើឲ្យសហគមន៍របស់ពួកគេនោះជាកន្លែងល្អដើម្បីរស់នៅ និងចិញ្ចឹមបីបាច់ក្រុមគ្រួសារ ។
ថ្នាក់ដឹកនាំសាសនាចក្រក្នុងមូលដ្ឋានពុំគួររៀបចំសមាជិកឲ្យចូលរួមក្នុងបញ្ហានយោបាយឡើយ ។ ហើយថ្នាក់ដឹកនាំក៏មិនគួរព្យាយាមមានឥទ្ធិពលលើរបៀបដែលសមាជិកចូលរួមផងដែរ ។
ថ្នាក់ដឹកនាំ និងសមាជិកគួរតែចៀសវាងពីការថ្លែង ឬការប្រព្រឹត្តដែលអាចនឹងបកប្រែថា សាសនាចក្រមានការយល់ព្រមនឹងគណបក្សនយោបាយ វេទិកា គោលនយោបាយ ឬបេក្ខជនណាមួយនោះឡើយ ។
៣៨.៨.៣១
ឯកជនភាពរបស់សមាជិក
ថ្នាក់ដឹកនាំសាសនាចក្រមានកាតព្វកិច្ច ដើម្បីការពារឯកជនភាពរបស់សមាជិក ។ កំណត់ត្រាសាសនាចក្រ សៀវភៅរាយឈ្មោះ និងអាសយដ្ឋាន និងសម្ភារស្រដៀងគ្នា មិនអាចត្រូវបានប្រើប្រាស់សម្រាប់គោលបំណងផ្ទាល់ខ្លួន ពាណិជ្ជកម្ម ឬខាងនយោបាយបានឡើយ ។
៣៨.៨.៣៥
ជនភៀសខ្លួន
ជាផ្នែកមួយនៃការទទួលខុសត្រូវរបស់ពួកគេដើម្បីថែទាំដល់អ្នកដែលខ្វះខាត ( សូមមើល ម៉ូសាយ ៤:២៦ ) សមាជិកសាសនាចក្រផ្ដល់ពេលវេលា ទេពកោសល្យ និងមិត្តភាពរបស់ពួកគេដើម្បីស្វាគមន៍ជនភៀសខ្លួនមកក្នុងសហគមន៍របស់ពួកគេ ។
៣៨.៨.៣៦
សំណើសុំជំនួយហិរញ្ញវត្ថុពីសាសនាចក្រ
សមាជិកដែលខ្វះខាតត្រូវបានលើកទឹកចិត្តឲ្យនិយាយជាមួយប៊ីស្សពរបស់ពួកគេ ជាជាងទាក់ទងមកទីស្នាក់ការកណ្តាលសាសនាចក្រ ឬស្នើសុំប្រាក់កាសពីថ្នាក់ដឹកនាំ ឬសមាជិកសាសនាចក្រដទៃទៀត ។