« ១៨. ការធ្វើពិធីបរិសុទ្ធបព្វជិតភាព និងការប្រសិទ្ធពរនៃបព្វជិតភាព » ជម្រើសចេញមកពីក្បួនខ្នាតទូទៅ ( ឆ្នាំ២០២៣ ) ។
« ១៨. ការធ្វើពិធីបរិសុទ្ធបព្វជិតភាព និងការប្រសិទ្ធពរនៃបព្វជិតភាព » ជម្រើសចេញមកពីក្បួនខ្នាតទូទៅ
១៨.
ការធ្វើពិធីបរិសុទ្ធបព្វជិតភាព និងពរជ័យបព្វជិតភាព
១៨.០
សេចក្តីផ្ដើម
ពិធីបរិសុទ្ធ និងពរជ័យទាំងឡាយគឺជាកិច្ចការដ៏ពិសិដ្ឋ ដែលត្រូវបានធ្វើឡើងដោយសិទ្ធិអំណាចនៃបព្វជិតភាព និងក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ។ ពិធីបរិសុទ្ធ និងពរជ័យបព្វជិតភាពផ្តល់ជាច្រកផ្លូវដើម្បីទទួលព្រះចេស្ដារបស់ព្រះ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៨៤:២០ ) ។
ពិធីបរិសុទ្ធ និងពរជ័យទាំងឡាយគឺត្រូវធ្វើឡើងដោយមានសេចក្តីជំនឿទៅលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ហើយស្របតាមការដឹកនាំរបស់ព្រះវិញ្ញាណបរិសុទ្ធ ។ ថ្នាក់ដឹកនាំត្រូវប្រាកដថា ពួកគាត់ធ្វើកិច្ចការនេះដោយមានការអនុម័តត្រឹមត្រូវ ( បើចាំបាច់ ) មានសិទ្ធិអំណាចបព្វជិតភាពដែលតម្រូវ តាមរបៀបត្រឹមត្រូវ ហើយដោយអ្នកចូលរួមដែលមានភាពស័ក្តិសម ( សូមមើល ១៨.៣ ) ។
១៨.១
ពិធីបរិសុទ្ធនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើង
បព្វជិតភាពរួមមានសិទ្ធិអំណាចដើម្បីធ្វើពិធីបរិសុទ្ធនៃដំណឹងល្អដែលចាំបាច់សម្រាប់សេចក្តីសង្រ្គោះ និងភាពតម្កើងឡើង ។ មនុស្សចុះសេចក្ដីសញ្ញាដ៏ពិសិដ្ឋទាំងនេះជាមួយព្រះ នៅពេលពួកគេទទួលពិធីបរិសុទ្ធទាំងនេះ ។ ពិធីបរិសុទ្ធនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើងមានរៀបរាប់ដូចខាងក្រោម ៖
-
ពិធីបុណ្យជ្រមុជទឹក
-
ពិធីបញ្ជាក់ និងអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ
-
ការប្រគល់បព្វជិតភាពម៉ិលគីស្សាដែក និងការតែងតាំងតំណែងមួយ ( សម្រាប់បុរស )
-
អំណោយទានពិសិដ្ឋក្នុងព្រះវិហារបរិសុទ្ធ
-
ការផ្សារភ្ជាប់ក្នុងព្រះវិហារបរិសុទ្ធ
ប្រសិនបើកុមារម្នាក់ដែលកើតក្នុងសេចក្ដីសញ្ញាស្លាប់មុនអាយុ ៨ ឆ្នាំ នោះគ្មានពិធីបរិសុទ្ធណាមួយចាំបាច់ ឬត្រូវធ្វើឡើងឡើយ ។ ប្រសិនបើកុមារនោះមិនបានកើតមកក្នុងសេចក្ដីសញ្ញាទេ នោះពិធីបរិសុទ្ធតែមួយគត់ដែលគាត់ ឬនាងត្រូវការគឺការផ្សារភ្ជាប់ទៅនឹងឪពុកម្ដាយ ។ ដោយសារតែដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ នោះកុមារគ្រប់រូបដែលស្លាប់មុនអាយុ ៨ ឆ្នាំត្រូវបាន « សង្គ្រោះនៅក្នុងនគរសេឡេស្ទាលនៅស្ថានសួគ៌ » ( គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៧:១០; សូមមើលផងដែរ មរ៉ូណៃ ៨:៨–១២ ) ។
១៨.៣
ការចូលរួមនៅក្នុងពិធីបរិសុទ្ធ ឬការប្រសិទ្ធពរ
បុគ្គលដែលធ្វើ ឬចូលរួមនៅក្នុងពិធីបរិសុទ្ធ ឬការប្រសិទ្ធពរ ត្រូវតែមានសិទ្ធិអំណាចបព្វជិតភាពដែលចាំបាច់ និងមានភាពស័ក្តិសម ។ ជាទូទៅ បទដ្ឋាននៃភាពស័ក្តិសមគឺទាក់ទងនឹងការមានប័ណ្ណចូលព្រះវិហារបរិសុទ្ធ ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលមានការណែនាំដោយព្រះវិញ្ញាណ និងសេចក្តីណែនាំនៅក្នុងជំពូកនេះ នោះប៊ីស្សព និងប្រធានស្តេកអាចអនុញ្ញាតឲ្យឪពុក និងស្វាមីដែលមានតំណែងបព្វជិតភាពដែលចាំបាច់ឲ្យធ្វើ ឬចូលរួមនៅក្នុងពិធីបរិសុទ្ធ និងការប្រសិទ្ធពរមួយចំនួនបាន ទោះបីជាពួកគេមិនមានភាពស័ក្តិសមខាងព្រះវិហារបរិសុទ្ធទាំងស្រុងក្តី ។ អ្នកកាន់បព្វជិតភាពដែលមិនទាន់បានដោះស្រាយអំពើបាបធ្ងន់ធ្ងរ មិនគួរចូលរួមនោះទេ ។
ការធ្វើ ឬការទទួលពិធីបរិសុទ្ធ និងការប្រសិទ្ធពរមួយចំនួនតម្រូវឲ្យមានការអនុម័តពីថ្នាក់ដឹកនាំដែលជាអធិបតី ជាបុគ្គលដែលកាន់កូនសោបព្វជិតភាពចាំបាច់ ( សូមមើល ៣.៤.១ ) ។ ប្រសិនបើចាំបាច់ ការអនុម័តត្រូវបានផ្ដល់ឲ្យដោយទីប្រឹក្សាមួយរូបដែលគាត់ផ្ដល់សិទ្ធិអំណាចឲ្យ ។ សូមមើលតារាងដូចខាងក្រោម ។ សេចក្ដីយោងទៅកាន់ប្រធានស្ដេក ក៏អនុវត្តចំពោះប្រធានបេសកកម្មផងដែរ ។ សេចក្ដីយោងទៅកាន់ប៊ីស្សពក៏អនុវត្តចំពោះប្រធានសាខាផងដែរ ។
តើថ្នាក់ដឹកនាំរូបណាដែលកាន់កូនសោដើម្បីផ្តល់ការអនុម័តឲ្យធ្វើ ឬទទួលពិធីបរិសុទ្ធនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើង ?
|
ពិធីបរិសុទ្ធ |
អ្នកកាន់កូនសោទាំងឡាយ |
|---|---|
ពិធីបរិសុទ្ធ ពិធីបុណ្យជ្រមុជទឹក | អ្នកកាន់កូនសោទាំងឡាយ ប៊ីស្សព ( សម្រាប់កុមារអាយុ ៨ ឆ្នាំ និងសម្រាប់សមាជិកដែលមានក្នុងកំណត់ត្រាដែលមានអាយុ ៩ ឆ្នាំឡើងទៅ ដែលពិធីបុណ្យជ្រមុជទឹករបស់ពួកគេត្រូវបានពន្យារពេល ដោយសារតែពិការភាពខាងបញ្ញា ) ប្រធានបេសកកម្ម ( សម្រាប់អ្នកផ្លាស់ប្រែចិត្តជឿ ) |
ពិធីបរិសុទ្ធ ពិធីបញ្ជាក់ និងអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ | អ្នកកាន់កូនសោទាំងឡាយ ប៊ីស្សព ( សម្រាប់កុមារអាយុ ៨ ឆ្នាំ និងសម្រាប់សមាជិកដែលមានក្នុងកំណត់ត្រាដែលមានអាយុ ៩ ឆ្នាំឡើងទៅ ដែលពិធីបុណ្យជ្រមុជទឹករបស់ពួកគេត្រូវបានពន្យារពេល ដោយសារតែពិការភាពខាងបញ្ញា ) ប្រធានបេសកកម្ម ( សម្រាប់អ្នកផ្លាស់ប្រែចិត្តជឿ ) |
ពិធីបរិសុទ្ធ ការប្រគល់បព្វជិតភាពម៉ិលគីស្សាដែក និងការតែងតាំងឲ្យមានតំណែងមួយ ( សម្រាប់បុរស ) | អ្នកកាន់កូនសោទាំងឡាយ ប្រធានស្តេក |
ពិធីបរិសុទ្ធ អំណោយទានពិសិដ្ឋក្នុងព្រះវិហារបរិសុទ្ធ | អ្នកកាន់កូនសោទាំងឡាយ ប៊ីស្សព និងប្រធានស្តេក |
ពិធីបរិសុទ្ធ ការផ្សារភ្ជាប់ក្នុងព្រះវិហារបរិសុទ្ធ | អ្នកកាន់កូនសោទាំងឡាយ ប៊ីស្សព និងប្រធានស្តេក |
តើថ្នាក់ដឹកនាំរូបណាដែលកាន់កូនសោដើម្បីផ្តល់ការអនុម័តឲ្យធ្វើ ឬទទួលពិធីបរិសុទ្ធ និងការប្រសិទ្ធពរដទៃទៀត ?
|
ពិធីបរិសុទ្ធ ឬការប្រសិទ្ធពរ |
អ្នកកាន់កូនសោទាំងឡាយ |
|---|---|
ពិធីបរិសុទ្ធ ឬការប្រសិទ្ធពរ ការដាក់ឈ្មោះ និងការប្រសិទ្ធពរកុមារ | អ្នកកាន់កូនសោទាំងឡាយ ប៊ីស្សព |
ពិធីបរិសុទ្ធ ឬការប្រសិទ្ធពរ ពិធីសាក្រាម៉ង់ | អ្នកកាន់កូនសោទាំងឡាយ ប៊ីស្សព |
ពិធីបរិសុទ្ធ ឬការប្រសិទ្ធពរ ការប្រគល់បព្វជិតភាពអើរ៉ុន និងការតែងតាំងឲ្យមានតំណែងមួយ ( សម្រាប់យុវជន និងបុរស ) | អ្នកកាន់កូនសោទាំងឡាយ ប៊ីស្សព |
ពិធីបរិសុទ្ធ ឬការប្រសិទ្ធពរ ការធ្វើពិធីញែកចេញសមាជិកឲ្យបម្រើនៅក្នុងការហៅបម្រើ | អ្នកកាន់កូនសោទាំងឡាយ សូមមើល ៣០.៨ |
ពិធីបរិសុទ្ធ ឬការប្រសិទ្ធពរ ការឧទ្ទិសប្រេង | អ្នកកាន់កូនសោទាំងឡាយ ពុំត្រូវការការអនុម័តទេ |
ពិធីបរិសុទ្ធ ឬការប្រសិទ្ធពរ ការព្យាបាលអ្នកឈឺ | អ្នកកាន់កូនសោទាំងឡាយ ពុំត្រូវការការអនុម័តទេ |
ពិធីបរិសុទ្ធ ឬការប្រសិទ្ធពរ ការប្រសិទ្ធពរនៃការលួងលោមចិត្ត និងការប្រឹក្សា រួមទាំងការប្រសិទ្ធពររបស់ឪពុកផងដែរ | អ្នកកាន់កូនសោទាំងឡាយ ពុំត្រូវការការអនុម័តទេ |
ពិធីបរិសុទ្ធ ឬការប្រសិទ្ធពរ ការឧទ្ទិសឆ្លងគេហដ្ឋាន | អ្នកកាន់កូនសោទាំងឡាយ ពុំត្រូវការការអនុម័តទេ |
ពិធីបរិសុទ្ធ ឬការប្រសិទ្ធពរ ការឧទ្ទិសឆ្លងផ្នូរ | អ្នកកាន់កូនសោទាំងឡាយ ថ្នាក់ដឹកនាំបព្វជិតភាពដែលធ្វើអធិបតីនៅក្នុងកម្មវិធីនោះ |
ពិធីបរិសុទ្ធ ឬការប្រសិទ្ធពរ ពរជ័យអយ្យកោ | អ្នកកាន់កូនសោទាំងឡាយ ប៊ីស្សព |
១៨.៤
ពិធីបរិសុទ្ធសម្រាប់កុមារដែលជាអនីតិជន
កុមារអនីតិជនអាចទទួលពិធីបរិសុទ្ធ និងការប្រសិទ្ធពរតែនៅពេលដែលឪពុកម្តាយ ឬអាណាព្យាបាលស្របច្បាប់ផ្តល់ការអនុញ្ញាតប៉ុណ្ណោះ ។ មិនតម្រូវឲ្យមានការអនុញ្ញាតពីឪពុក ឬម្តាយ ឬ អាណាព្យាបាលដែលគ្មានមូលដ្ឋានស្របច្បាប់ជំទាស់នឹងសកម្មភាពនេះទេ ។
១៨.៦
ការដាក់ឈ្មោះ និងការប្រសិទ្ធពរកុមារ
ជាធម្មតា ទារកត្រូវបានដាក់ឈ្មោះ និងប្រសិទ្ធពរ នៅអំឡុងពេលការប្រជុំតមអាហារ និងថ្លែងទីបន្ទាល់នៅក្នុងវួដ ដែលឪពុកម្តាយរបស់ពួកគេជាសមាជិកនៅក្នុងវួដនោះ ។
១៨.៦.១
អ្នកដែលផ្តល់ការប្រសិទ្ធពរ
ពិធីបរិសុទ្ធនៃការដាក់ឈ្មោះ និងការប្រសិទ្ធពរកុមារធ្វើឡើងដោយអ្នកកាន់បព្វជិតភាពម៉ិលគីស្សាដែកដោយអនុលោមតាម គោលលទ្ធិ និងសេចក្ដីសញ្ញា ២០:៧០ ។
បុគ្គលម្នាក់ ឬគ្រួសារមួយដែលមានបំណងឲ្យទារកទទួលការដាក់ឈ្មោះ និងការប្រសិទ្ធពរនោះគាត់សម្របសម្រួលពិធីបរិសុទ្ធនោះជាមួយនឹងប៊ីស្សព ។ គាត់កាន់កូនសោបព្វជិតភាពសម្រាប់ការដាក់ឈ្មោះ និងការប្រសិទ្ធពរកុមារនៅក្នុងវួដ ។
ប៊ីស្សពអាចអនុញ្ញាតឲ្យឪពុកដែលកាន់បព្វជិតភាពម៉ិលគីស្សាដែក ដើម្បីដាក់ឈ្មោះ និងប្រសិទ្ធពរដល់កូនរបស់គាត់ ទោះជាឪពុកគ្មានភាពស័ក្តិសមចូលព្រះវិហារបរិសុទ្ធពេញលេញក្តី ( សូមមើល ១៨.៣ ) ។ ប៊ីស្សពលើកទឹកចិត្តឪពុកទាំងឡាយឲ្យរៀបចំខ្លួនដើម្បីប្រសិទ្ធពរដល់កូនៗរបស់ពួកគេផ្ទាល់ ។
១៨.៦.២
សេចក្តីណែនាំ
នៅក្រោមការដឹកនាំរបស់គណៈប៊ីស្សព អ្នកកាន់បព្វជិតភាពម៉ិលគីស្សាដែកទាំងឡាយឈរជុំគ្នាជារង្វង់ដើម្បីដាក់ឈ្មោះ និងប្រសិទ្ធពរដល់កុមារម្នាក់ ។ ពួកគាត់ដាក់ដៃទ្រពីក្រោមទារកម្នាក់ ឬពួកគាត់ដាក់ដៃស្រាលៗពីលើក្បាលរបស់កុមារធំម្នាក់ ។ បន្ទាប់មក បុគ្គលដែលត្រូវពោលពាក្យ ៖
-
ពោលហៅព្រះវរបិតាសួគ៌ដូចជានៅក្នុងការអធិស្ឋាន ។
-
និយាយថា ការប្រសិទ្ធពរនោះត្រូវបានធ្វើឡើងដោយសិទ្ធិអំណាចនៃបព្វជិតភាពម៉ិលគីស្សាដែក ។
-
ដាក់ឈ្មោះដល់កុមារនោះ ។
-
ហៅឈ្មោះកុមារនោះ ។
-
ផ្ដល់ការប្រសិទ្ធពរមួយដល់កុមារនោះដូចដែលបានណែនាំពីព្រះវិញ្ញាណ ។
-
បញ្ចប់នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ។
១៨.៦.៣
ទម្រង់បែបបទកំណត់ត្រាកូន និងវិញ្ញាបនបត្រការប្រសិទ្ធពរ
ពីមុនកុមារម្នាក់ទទួលបានការប្រសិទ្ធពរ ស្មៀនប្រើ ធនធានសម្រាប់ថ្នាក់ដឹកនាំ និងស្មៀន ( ធ.ថ.ស ) ដើម្បីរៀបចំ ទម្រង់បែបបទកំណត់ត្រាកូន ។ បន្ទាប់ពីការប្រសិទ្ធពរ គាត់បង្កើតកំណត់ត្រាសមាជិកភាពនៅក្នុងប្រព័ន្ធនោះ ហើយរៀបចំ វិញ្ញាបនបត្រការប្រសិទ្ធពរ មួយ ។ វិញ្ញាបនបត្រនេះត្រូវចុះហត្ថលេខាដោយប៊ីស្សព ហើយជូនទៅឪពុកម្តាយ ឬអាណាព្យាបាលរបស់កុមារនោះ ។
ឈ្មោះនៅលើកំណត់ត្រាសមាជិកភាព និងវិញ្ញាបនបត្រនេះគួរតែត្រូវគ្នានឹងសំបុត្រកំណើត ការចុះបញ្ជីកំណើតស៊ីវិល ឬឈ្មោះស្របច្បាប់បច្ចុប្បន្ន ។
១៨.៧
ពិធីបុណ្យជ្រមុជទឹក
ពិធីបុណ្យជ្រមុជទឹកដោយការពន្លិចទៅក្នុងទឹកដោយបុគ្គលម្នាក់ដែលមានសិទ្ធិអំណាចគឺចាំបាច់ ដើម្បីឲ្យមនុស្សម្នាក់ក្លាយជាសមាជិកសាសនាចក្រ ហើយទទួលព្រះវិញ្ញាណបរិសុទ្ធ ។ អ្នកទាំងឡាយណាដែលចង់បានភាពតម្កើងឡើង ត្រូវតែធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះដោយទទួលយកពិធីបរិសុទ្ធទាំងនេះ ។
១៨.៧.១
ការអនុម័តឲ្យបុគ្គលម្នាក់ទទួលពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់
១៨.៧.១.១
កុមារជាសមាជិកដែលមានក្នុងកំណត់ត្រា
ប៊ីស្សពកាន់កូនសោបព្វជិតភាពសម្រាប់ការធ្វើពិធីបុណ្យជ្រមុជទឹកឲ្យសមាជិកអាយុ ៨ ឆ្នាំ ដែលមានក្នុងកំណត់ត្រាក្នុងវួដ ។ កុមារទាំងនេះគួរតែទទួលពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ភ្លាម បន្ទាប់ពីថ្ងៃខួបកំណើត ៨ ឆ្នាំរបស់ពួកគេ ប្រសិនបើអាចធ្វើបាន ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៦៨:២៧ ) ។ កុមារទាំងនេះគឺជាកុមារដែលមានកំណត់ត្រាសមាជិកភាពក្នុងសាសនាចក្ររួចហើយ ( សូមមើលលេខ ៣៣.៦.២ ) ។ នៅពេលពួកគេឈានចូលអាយុ ៨ ឆ្នាំ នោះប៊ីស្សពត្រូវប្រាកដថា ពួកគេមានឱកាសយ៉ាងច្រើនដើម្បីទទួលដំណឹងល្អ និងទទួលពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ ។
ប៊ីស្សព ឬទីប្រឹក្សាដែលបានចាត់តាំងម្នាក់ សម្ភាសកុមារដែលមានកំណត់ត្រាដើម្បីធ្វើពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ ។ សេចក្ដីណែនាំនានាមាននៅក្នុង ៣១.២.៣.១ ។
សម្រាប់ព័ត៌មានអំពីការបំពេញកំណត់ត្រាពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ សូមមើល ១៨.៨.៣ ។
១៨.៧.១.២
អ្នកប្រែចិត្តជឿ
ប្រធានបេសកកម្មកាន់កូនសោបព្វជិតភាព សម្រាប់ការធ្វើពិធីបុណ្យជ្រមុជទឹកដល់ពួកអ្នកប្រែចិត្តជឿនៅក្នុងបេសកកម្ម ។ ដោយសារមូលហេតុនេះហើយ ទើបអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងសម្ភាសពួកអ្នកប្រែចិត្តជឿសម្រាប់ពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ ។
១៨.៧.២
កម្មវិធីពិធីបុណ្យជ្រមុជទឹក
កម្មវិធីពិធីបុណ្យជ្រមុជទឹកមួយគួរតែមានភាពសាមញ្ញ ខ្លី ហើយមានការលើកស្ទួយខាងវិញ្ញាណ ។ វាអាចរួមមានដូចខាងក្រោមនេះ ៖
-
តន្រ្តីកំដរបើកកម្មវិធី
-
ការស្វាគមន៍ដោយសង្ខេបមកពីបងប្អូនប្រុសដែលដឹកនាំកម្មវិធីនោះ
-
ទំនុកតម្កើងបើក និងការអធិស្ឋានបើក
-
សារលិខិតខ្លីមួយ ឬពីរអំពីប្រធានបទដំណឹងល្អ ដូចជា ពិធីបុណ្យជ្រមុជទឹក និងអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ
-
ចម្រៀងពិសេស
-
ពិធីបុណ្យជ្រមុជទឹក
-
ពេលវេលានៃគារវភាព ខណៈដែលបុគ្គលដែលបានចូលរួមក្នុងពិធីបុណ្យជ្រមុជទឹកផ្លាស់ប្ដូរសម្លៀកបំពាក់ ( ទំនុកតម្កើង ឬចម្រៀងកុមារអាចលេង ឬច្រៀងអំឡុងពេលនេះ )
-
ពិធីបញ្ជាក់របស់សមាជិកអាយុ ៨ឆ្នាំដែលមានកំណត់ត្រា និងពិធីបញ្ជាក់របស់ពួកអ្នកប្រែចិត្តជឿ ( សូមមើល ១៨.៨ ) ។
-
ការថ្លែងទីបន្ទាល់របស់ពួកអ្នកប្រែចិត្តជឿថ្មី ប្រសិនបើមានបំណងចង់ថ្លែង
-
ទំនុកតម្កើងបិទ និងការអធិស្ឋានបិទ
-
តន្រ្តីកំដរបិទកម្មវិធី
នៅពេលកុមារដែលមាននៅក្នុងកំណត់ត្រាកំពុងត្រៀមខ្លួនធ្វើពិធីបុណ្យជ្រមុជទឹក សមាជិកនៃគណៈប្រធានប៊ីស្សព និងគណៈប្រធានអង្គការបឋមសិក្សា ប្រឹក្សាជាមួយគ្រួសារដើម្បីរៀបចំផែនការនិងដាក់កាលវិភាគធ្វើកម្មវិធីបុណ្យជ្រមុជទឹក ។ សមាជិកមួយរូបនៃគណៈប៊ីស្សពដឹកនាំកម្មវិធី ។ បើមានកុមារច្រើនជាងម្នាក់នឹងទទួលបុណ្យជ្រមុជទឹកក្នុងខែតែមួយនោះពួកគេអាចធ្វើកម្មវិធីបុណ្យជ្រមុជទឹករួមគ្នា ។
នៅក្នុងស្តេកដែលមាន កុមារ នៅក្នុងកំណត់ត្រាច្រើននោះកុមារមកពីវួដជាច្រើនអាចធ្វើកម្មវិធីបុណ្យជ្រមុជទឹករួមគ្នា ។ សមាជិកមួយរូបនៃគណៈប្រធានស្ដេកឬទីប្រឹក្សាជាន់ខ្ពស់ដែលបានចាត់តាំងមួយរូបជាអ្នកដឹកនាំកម្មវិធី ។
ពិធីបុណ្យជ្រមុជទឹករបស់សមាជិកម្នាក់ក្នុងគ្រួសារមិនគួរពន្យារពេល រហូតដល់ឪពុកអាចទទួលបព្វជិតភាព ហើយធ្វើពិធីបុណ្យជ្រមុជទឹកឲ្យដោយខ្លួនគាត់នោះទេ ។
នៅក្រោមការណែនាំរបស់គណៈប៊ីស្សព នោះអ្នកដឹកនាំបេសកកម្មវួដ ( ប្រសិនបើមានការហៅបម្រើនេះ ) ឬសមាជិកនៃគណៈប្រធានកូរ៉ុមអែលឌើរ ដែលជាអ្នកដឹកនាំកិច្ចការអ្នផ្សព្វផ្សាយសាសនានៅក្នុងវួដ ដាក់ផែនការ និងដឹកនាំកម្មវិធីពិធីបុណ្យជ្រមុជទឹកសម្រាប់អ្នកប្រែចិត្តជឿ ។ គាត់ក៏រៀបចំផែនការធ្វើពិធីបញ្ជាក់របស់អ្នកប្រែចិត្តជឿផងដែរ បើពួកគេនឹងមិនត្រូវបានផ្ដល់ពិធីបញ្ជាក់នៅក្នុងការប្រជុំសាក្រាម៉ង់ទេ ។ ពួកគាត់សម្របសម្រួលកិច្ចការនេះជាមួយអ្នកផ្សព្វផ្សាយសាសនាពេញម៉ោង ។
១៨.៧.៣
បុគ្គលដែលធ្វើពិធីបរិសុទ្ធ
ពិធីបរិសុទ្ធនៃពិធីបុណ្យជ្រមុជទឹកត្រូវបានធ្វើឡើងដោយសង្ឃម្នាក់ ឬអ្នកកាន់បព្វជិតភាពម៉ិលគីស្សាដែកម្នាក់ ។ បុគ្គលដែលធ្វើពិធីបុណ្យជ្រមុជទឹកត្រូវតែទទួលបានការអនុម័តពីប៊ីស្សព ( ឬពីប្រធានបេសកកម្ម ប្រសិនបើអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងធ្វើពិធីបុណ្យជ្រមុជទឹក ) ។
ប៊ីស្សពអាចអនុញ្ញាតឲ្យឪពុកដែលជាសង្ឃ ឬអ្នកកាន់បព្វជិតភាពម៉ិលគីស្សាដែក ធ្វើបុណ្យជ្រមុជទឹកឲ្យកូនរបស់គាត់បាន ទោះជាឪពុកគ្មានភាពស័ក្តិសមចូលព្រះវិហារបរិសុទ្ធពេញលេញក្តី ( សូមមើល ១៨.៣ ) ។ ប៊ីស្សពលើកទឹកចិត្តឲ្យឪពុកទាំងឡាយរៀបចំខ្លួន ដើម្បីធ្វើពិធីបុណ្យជ្រមុជទឹកឲ្យកូនៗរបស់ពួកគេផ្ទាល់ ។
១៨.៧.៤
កន្លែងធ្វើពិធីបរិសុទ្ធ
ពិធីបុណ្យជ្រមុជទឹកគួរតែធ្វើឡើងនៅក្នុងអាងជ្រមុជទឹក ប្រសិនបើមាន ។ ប្រសិនបើគ្មានអាងជ្រមុជទឹកទេ នោះអាចធ្វើនៅក្នុងទឹកទន្លេ បឹង ឬស្ទឹងបាន ។
ដើម្បីធានាសុវត្ថិភាព មជ្ឈិមវ័យដែលមានទំនួលខុសត្រូវម្នាក់ត្រូវតែមានវត្តមាន នៅពេលដែលកំពុងបញ្ចូលទឹកទៅក្នុងអាងជ្រមុជទឹក ហើយរង់ចាំរហូតដល់បង្ហូរទឹកអស់ សម្អាត និងមានសុវត្ថិភាព ។ អាងជ្រមុជទឹកគួរតែបង្ហូរទឹកចេញភ្លាមៗ ក្រោយពីធ្វើពិធីបុណ្យជ្រមុជទឹករួចម្តងៗ ។ ទ្វារទៅកាន់អាងជ្រមុជទឹកគួរតែចាក់សោ ប្រសិនបើមិនប្រើអាងនេះទេ ។
១៨.៧.៥
សម្លៀកបំពាក់
បុគ្គលដែលធ្វើពិធីបុណ្យជ្រមុជទឹក និងបុគ្គលដែលកំពុងទទួលបុណ្យជ្រមុជទឹកពាក់សម្លៀកបំពាក់ពណ៌ស ដែលមិនអាចមើលឃើញសាច់នៅពេលវាត្រូវទឹក ។ បុគ្គលដែលបានទទួលអំណោយទានពិសិដ្ឋពាក់សម្លៀកបំពាក់ពិសិដ្ឋព្រះវិហារបរិសុទ្ធនៅក្រោមសម្លៀកបំពាក់នេះ ខណៈដែលធ្វើពិធីបុណ្យជ្រមុជទឹក ។ អង្គភាពក្នុងមូលដ្ឋានទិញសម្លៀកបំពាក់ធ្វើពិធីបុណ្យជ្រមុជទឹកដោយប្រើប្រាស់មូលនិធិរបស់អង្គភាព ហើយមិនត្រូវគិតថ្លៃប្រើប្រាស់នោះទេ ។
១៨.៧.៦
សាក្សី
សាក្សីពីររូប ដែលបានអនុម័តដោយថ្នាក់ដឹកនាំជាអធិបតី សង្កេតមើលរាល់ពិធីបុណ្យជ្រមុជទឹកដើម្បីធានាឲ្យបានថា ពិធីនេះត្រូវបានធ្វើឡើងដោយត្រឹមត្រូវ ។ សមាជិកសាសនាចក្រដែលបានទទួលបុណ្យជ្រមុជទឹកហើយ រួមទាំងកុមារ និងយុវវ័យផង អាចធ្វើជាសាក្សីបាន ។
ពិធីបុណ្យជ្រមុជទឹកត្រូវតែធ្វើឡើងម្តងទៀត ប្រសិនបើពាក្យពេចន៍មិនបាននិយាយត្រឹមត្រូវដូចមាននៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ២០:៧៣ ទេនោះ ។ ពិធីនេះត្រូវតែធ្វើឡើងវិញ ប្រសិនបើផ្នែកខ្លះរបស់បុគ្គលរូបនេះដូចជា សក់ ឬសម្លៀកបំពាក់មិនបានជ្រមុជចូលទៅក្នុងទឹកទាំងស្រុងទេនោះ ។
១៨.៧.៧
សេចក្តីណែនាំ
ដើម្បីធ្វើពិធីបរិសុទ្ធនៃពិធីបុណ្យជ្រមុជទឹក សង្ឃ ឬអ្នកកាន់បព្វជិតភាពម៉ិលគីស្សាដែកម្នាក់ ៖
-
ឈរនៅក្នុងទឹកជាមួយបុគ្គលដែលកំពុងទទួលបុណ្យជ្រមុជទឹកនោះ ។
-
យកដៃឆ្វេងរបស់គាត់កាន់ក-ដៃខាងស្តាំរបស់បុគ្គលរូបនេះ ( សម្រាប់ភាពងាយស្រួល និងសុវត្ថិភាព ) ។ បុគ្គលដែលកំពុងទទួលបុណ្យជ្រមុជទឹកយកដៃឆ្វេងរបស់ខ្លួនកាន់ក-ដៃឆ្វេងរបស់អ្នកកាន់បព្វជិតភាព ។
-
លើកដៃស្តាំរបស់គាត់ជារាងកែង ។
-
ហៅឈ្មោះពេញរបស់បុគ្គលនោះ ហើយនិយាយថា « ដោយបានទទួលការអនុញ្ញាតពីព្រះយេស៊ូវគ្រីស្ទ ខ្ញុំធ្វើបុណ្យជ្រមុជទឹកឲ្យអ្នក ដោយនូវព្រះនាមនៃព្រះវរបិតា និងនៃព្រះរាជបុត្រា និងនៃព្រះវិញ្ញាណបរិសុទ្ធ ។ អាម៉ែន » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ២០:៧៣ ) ។
-
សូមឲ្យបុគ្គលរូបនេះបិទច្រមុះរបស់ខ្លួនដោយប្រើដៃស្តាំ ( សម្រាប់ភាពងាយស្រួល ) បន្ទាប់មកដាក់ដៃស្តាំរបស់គាត់ក្រោយខ្នងរបស់បុគ្គលរូបនេះ ហើយជ្រមុជបុគ្គលរូបនេះចូលទៅក្នុងទឹកទាំងស្រុង ដោយរួមទាំងសម្លៀកបំពាក់ផងដែរ ។
-
សូមជួយបុគ្គលរូបនេះឲ្យងើបចេញពីទឹក ។
១៨.៨
ពិធីបញ្ជាក់ និងអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ
ក្រោយពីបុគ្គលម្នាក់បានទទួលបុណ្យជ្រមុជទឹកហើយ នោះគាត់ ឬនាងត្រូវបានបញ្ជាក់ជាសមាជិកនៃសាសនាចក្រ ហើយទទួលព្រះវិញ្ញាណបរិសុទ្ធតាមរយៈការដាក់ដៃលើ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ២០:៤១; កិច្ចការ ១៩:១–៦ ) ។ បុគ្គលនោះក្លាយជាសមាជិកនៃសាសនាចក្រ បន្ទាប់ពីពិធីបរិសុទ្ធទាំងពីរនេះត្រូវបានធ្វើឡើង ហើយបានកត់ត្រាត្រឹមត្រូវ ( សូមមើល យ៉ូហាន ៣:៥; គោលលទ្ធិ និងសេចក្ដីសញ្ញា ៣៣:១១; នីហ្វៃទី៣ ២៧:២០ ) ។
ប៊ីស្សពមើលខុសត្រូវទៅលើពិធីបញ្ជាក់របស់កុមារអាយុ ៨ ឆ្នាំ ដែលមានកំណត់ត្រា ។ ជាទូទៅកុមារទាំងនេះត្រូវបានបញ្ជាក់នៅថ្ងៃដែលពួកគេបានជ្រមុជទឹក ។
ពួកអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងសម្របសម្រួល ជាមួយ ថ្នាក់ដឹកនាំវួដ ដើម្បីរៀបចំធ្វើពិធីបញ្ជាក់របស់ អ្នកប្រែចិត្តជឿ ដូចបានកត់សម្គាល់ នៅក្នុង ១៨.៧.២ ។ អ្នកប្រែចិត្តជឿអាចទទួលពិធីបញ្ជាក់នៅឯកម្មវិធីពិធីបុណ្យជ្រមុជទឹក ឬនៅក្នុងការប្រជុំសាក្រាម៉ង់នៅក្នុងវួដ ដែល ពួកគេរស់នៅឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន បន្ទាប់ពីពិធីបុណ្យជ្រមុជទឹករបស់ពួកគេ ។
សមាជិកថ្មីត្រូវបានទទួលស្គាល់ និងស្វាគមន៍ជាសមាជិកថ្មី នៃវួដនៅក្នុងការប្រជុំសាក្រាម៉ង់ បន្ទាប់ពីពិធីបញ្ជាក់របស់ពួកគេ ( សូមមើល ២៩.២.១.១ ) ។
១៨.៨.១
បុគ្គលដែលធ្វើពិធីបរិសុទ្ធ
មានតែអ្នកកាន់បព្វជិតភាពម៉ិលគីស្សាដែកម្នាក់ដែលមានភាពស័ក្តិសមចូលព្រះវិហារបរិសុទ្ធប៉ុណ្ណោះ ទើបអាចពោលពាក្យក្នុងពិធីបញ្ជាក់នេះបាន ។ ទោះជាយ៉ាងណាក្តី ប៊ីស្សពអាចអនុញ្ញាតឲ្យឪពុកដែលកាន់បព្វជិតភាពម៉ិលគីស្សាដែក ឲ្យឈរក្នុងវង្វង់សម្រាប់ធ្វើពិធីបញ្ជាក់ឲ្យកូនរបស់គាត់បាន ទោះជាឪពុកគ្មានភាពស័ក្តិសមចូលព្រះវិហារបរិសុទ្ធពេញលេញក្តី ( សូមមើល ១៨.៣ ) ។
យ៉ាងហោចណាស់ សមាជិកមួយរូបនៃគណៈប៊ីស្សពចូលរួមនៅក្នុងពិធីបរិសុទ្ធនេះ ។ នៅពេលដែលអែលឌើរជាអ្នកផ្សព្វផ្សាយសាសនាបានបង្រៀនអ្នកប្រែចិត្តជឿថ្មី នោះប៊ីស្សពអញ្ជើញពួកគេឲ្យចូលរួម ។
១៨.៨.២
សេចក្តីណែនាំ
នៅក្រោមការដឹកនាំពីគណៈប៊ីស្សព នោះអ្នកកាន់បព្វជិតភាពម៉ិលគីស្សាដែកម្នាក់ ឬពីរនាក់អាចចូលរួមនៅក្នុងពិធីបញ្ជាក់ ។ ពួកគាត់ដាក់ដៃស្រាលៗនៅលើក្បាលរបស់បុគ្គលរូបនេះ ។ បន្ទាប់មក បុគ្គលដែលត្រូវពោលពាក្យ ៖
-
ហៅបុគ្គលនោះតាមឈ្មោះពេញរបស់គាត់ ឬនាង ។
-
និយាយថា ពិធីបរិសុទ្ធត្រូវបានធ្វើឡើងដោយសិទ្ធិអំណាចនៃបព្វជិតភាពម៉ិលគីស្សាដែក ។
-
បញ្ជាក់បុគ្គលរូបនេះជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។
-
ថ្លែងថា « ទទួលព្រះវិញ្ញាណបរិសុទ្ធ » ( មិនមែន « ទទួលអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ » ទេ ) ។
-
ផ្ដល់ពរជ័យដូចដែលបានដឹកនាំដោយព្រះវិញ្ញាណ ។
-
បញ្ចប់នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ។
១៨.៨.៣
កំណត់ត្រា និងវិញ្ញាបនបត្រពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់
ពីមុនកុមារដែលជាសមាជិកមានក្នុងកំណត់ត្រាត្រូវបានសម្ភាសទទួលបុណ្យជ្រមុជទឹក នោះស្មៀនប្រើ ធ.ថ.ស. ដើម្បីរៀបចំ បែបបទពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ ។ ប៊ីស្សព ឬទីប្រឹក្សាដែលបានចាត់តាំងម្នាក់ដឹកនាំការសម្ភាស និងចុះហត្ថលេខាលើបែបបទនោះ ។ បន្ទាប់ពីពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ធ្វើរួច ស្មៀនប្រើបែបបទនេះដើម្បីធ្វើបច្ចុប្បន្នភាពកំណត់ត្រាសមាជិកភាពរបស់កុមារនោះនៅក្នុង ធ.ថ.ស. ។
នៅពេលអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងសម្ភាសអ្នកប្រែចិត្តជឿថ្មីដើម្បីធ្វើពិធីបុណ្យជ្រមុជទឹក នោះគាត់បំពេញកំណត់ត្រាពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ ដោយប្រើកម្មវិធី សៀវភៅផែនការតំបន់ ( ស.ផ.ត. ) ។ ក្រោយពីពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ នោះពួកអ្នកផ្សព្វផ្សាយសាសនាកត់ត្រាព័ត៌មាននៅក្នុង ស.ផ.ត. ហើយដាក់បញ្ជូនវាទៅកាន់ស្មៀនវួដតាមប្រព័ន្ធអេឡិចត្រូនិច ។ ស្មៀនវួដពិនិត្យមើលព័ត៌មាននេះនៅក្នុង ធ.ថ.ស. ហើយបង្កើតកំណត់ត្រាសមាជិកភាព ។
បន្ទាប់ពីកំណត់ត្រាសមាជិកភាពត្រូវបានបង្កើតឡើង នោះស្មៀនរៀបចំវិញ្ញាបនបត្រពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ ។ វិញ្ញាបនបត្រនេះត្រូវចុះហត្ថលេខាដោយប៊ីស្សព ហើយផ្ដល់ជូនបុគ្គលរូបនោះ ។
ឈ្មោះនៅលើកំណត់ត្រាសមាជិកភាព និងវិញ្ញាបនបត្រនេះគួរតែត្រូវគ្នានឹងសំបុត្រកំណើត ការចុះបញ្ជីកំណើតស៊ីវិល ឬឈ្មោះស្របច្បាប់បច្ចុប្បន្ន ។
១៨.៩
ពិធីសាក្រាម៉ង់
សមាជិកសាសនាចក្រជួបនៅថ្ងៃឈប់សម្រាកដើម្បីថ្វាយបង្គំព្រះ និងទទួលទានសាក្រាម៉ង់ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ២០:៧៥; ៥៩:៩; មរ៉ូណៃ ៦:៥–៦ ) ។ នៅអំឡុងពិធីបរិសុទ្ធនេះ ពួកគេទទួលទាននំបុ័ង និងទឹកដើម្បីចងចាំដល់ព្រះកាយ និងព្រះលោហិតរបស់ព្រះអង្គសង្គ្រោះដែលបានធ្វើពលិកម្មសម្រាប់យើង និងដើម្បីរំឭកពីសេចក្តីសញ្ញាដ៏ពិសិដ្ឋរបស់ពួកគេ ( សូមមើល ម៉ាថាយ ២៦:២៦–២៨; ការបកប្រែដោយយ៉ូសែប ស្ម៊ីធ ម៉ាកុស ១៤:២០–២៥; លូកា ២២:១៥–២០; នីហ្វៃទី៣ ១៨; មរ៉ូណៃ ៦:៦ ) ។
១៨.៩.១
ការអនុម័តឲ្យចាត់ចែងពិធីសាក្រាម៉ង់
ប៊ីស្សពកាន់កូនសោបព្វជិតភាពដើម្បីចាត់ចែងពិធីសាក្រាម៉ង់នៅក្នុងវួដ ។ អស់អ្នកដែលចូលរួមនៅក្នុងការរៀបចំ ការប្រសិទ្ធពរ និងការចែកសាក្រាម៉ង់ ត្រូវតែទទួលការអនុម័តពីគាត់ ឬនរណាម្នាក់ក្រោមការដឹកនាំរបស់គាត់ ។
១៨.៩.២
បុគ្គលដែលធ្វើពិធីបរិសុទ្ធ
-
ពួកគ្រូ សង្ឃ និងអ្នកកាន់បព្វជិតភាពម៉ិលគីស្សាដែកអាចរៀបចំពិធីសាក្រាម៉ង់បាន ។
-
សង្ឃ និងអ្នកកាន់បព្វជិតភាពម៉ិលគីស្សាដែកអាចប្រសិទ្ធពរសាក្រាម៉ង់បាន ។
-
ឌីកុន គ្រូ សង្ឃ និងអ្នកកាន់បព្វជិតភាពម៉ិលគីស្សាដែកអាចចែកពិធីសាក្រាម៉ង់បាន ។
១៨.៩.៣
គោលការណ៍ណែនាំសម្រាប់ពិធីសាក្រាម៉ង់
ពីព្រោះតែលក្ខណៈពិសិដ្ឋនៃពិធីសាក្រាម៉ង់ នោះថ្នាក់ដឹកនាំបព្វជិតភាពគួរតែរៀបចំដោយយកចិត្តទុកដាក់ ដើម្បីឲ្យវាមានរបៀបរៀបរយ និងគារវភាព ។
អស់អ្នកដែលចាត់ចែងពិធីសាក្រាម៉ង់គួរតែធ្វើដូច្នោះដោយមានសេចក្តីថ្លៃថ្នូរ ដោយការដឹងថាខ្លួនពួកគេតំណាងឲ្យព្រះអម្ចាស់ ។
ការចែកសាក្រាម៉ង់គួរតែមានលក្ខណៈធម្មតា ហើយមិនផ្លូវការពេកនោះទេ ។
ទោះបីជាសាក្រាម៉ង់គឺសម្រាប់សមាជិកនៃសាសនាចក្រក្តី ក៏មិនគួរធ្វើអ្វីដើម្បីរារាំងអ្នកដទៃពីការទទួលទានវាដែរ ។
១៨.៩.៤
សេចក្តីណែនាំ
-
អស់អ្នកដែលរៀបចំ ប្រសិទ្ធពរ ឬចែកសាក្រាម៉ង់ ដំបូងត្រូវលាងដៃរបស់ពួកគេជាមួយសាប៊ូ ឬគ្រឿងសម្អាតដទៃទៀត ។
-
គ្រូ សង្ឃ ឬអ្នកកាន់បព្វជិតភាពម៉ិលគីស្សាដែកធ្វើឲ្យប្រាកដថា ថាសដាក់នំបុ័ងដែលមិនទាន់បានហែកនោះស្អាត ថាសដាក់ទឹកជាមួយពែងទឹកស្អាត ហើយកម្រាលតុស្អាត ត្រូវបានរៀបចំទុកដាក់ពីមុនការប្រជុំសាក្រាម៉ង់ចាប់ផ្តើម ។
-
នៅពេលសមាជិកវួដច្រៀងទំនុកតម្កើងពិធីសាក្រាម៉ង់ អស់អ្នកដែលនឹងប្រសិទ្ធពរសាក្រាម៉ង់ឈរដោយគារវភាព បើកកម្រាលដែលគ្របលើថាសនំបុ័ង ហើយហែកនំបុ័ងជាដុំតូចៗ ។
-
បន្ទាប់ពីទំនុកតម្កើងចប់ បុគ្គលដែលប្រសិទ្ធពរនំបុ័ងលុតជង្គង់ចុះ ហើយពោលពាក្យអធិស្ឋានពិធីសាក្រាម៉ង់សម្រាប់នំបុ័ង ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ២០:៧៧ ) ។
-
ប៊ីស្សពធ្វើឲ្យប្រាកដថា ពាក្យអធិស្ឋានពិធីសាក្រាម៉ង់ត្រូវពោលឡើងយ៉ាងច្បាស់ៗ ត្រឹមត្រូវ និងដោយថ្លៃថ្នូរ ។ ប្រសិនបើនរណាម្នាក់ពោលខុសពីពាក្យពេចន៍ ប៉ុន្ដែបានកែតម្រូវដោយខ្លួនឯង នោះមិនចាំបាច់ធ្វើការកែតម្រូវបន្ថែមទៀតនោះទេ ។ ប្រសិនបើបុគ្គលរូបនេះមិនបានកែតម្រូវកំហុសរបស់គាត់ទេ នោះប៊ីស្សពសុំគាត់ឲ្យអធិស្ឋានឡើងវិញ ។
-
បន្ទាប់ពីការអធិស្ឋាន អ្នកកាន់បព្វជិតភាពចែកនំបុ័ងទៅសមាជិកដោយមានគារវភាព ។ ថ្នាក់ដឹកនាំជាអធិបតីទទួលនំបុ័ងមុនគេ បន្ទាប់មកគ្មានលំដាប់លំដោយនោះទេ ។ នៅពេលដែលថាសមួយត្រូវបានចែកដល់សមាជិក នោះសមាជិកអាចហុចថាសទៅឲ្យសមាជិកម្នាក់ទៀតបាន ។
-
សមាជិកទទួលទានដោយប្រើដៃស្តាំរបស់ពួកគេ នៅពេលដែលអាចធ្វើទៅបាន ។
-
នៅពេលសាក្រាម៉ង់ត្រូវបានចែកដល់សមាជិកទាំងអស់ហើយ អស់អ្នកដែលកំពុងចែកសាក្រាម៉ង់ប្រគល់ថាសទៅឯតុសាក្រាម៉ង់វិញ ។ អស់អ្នកដែលចែកសាក្រាម៉ង់គ្របកម្រាលលើថាសនំបុ័ង ហើយបើកកម្រាលខាងថាសទឹកវិញ ។
-
បុគ្គលដែលប្រសិទ្ធពរទឹកលុតជង្គង់ចុះ ហើយពោលពាក្យអធិស្ឋានពិធីសាក្រាម៉ង់សម្រាប់ទឹក ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ២០:៧៩ ) ។ គាត់ប្រើពាក្យ ទឹក ជំនួសឲ្យ ស្រា ។
-
បន្ទាប់ពីការអធិស្ឋាន នោះអ្នកកាន់បព្វជិតភាពចែកទឹកទៅសមាជិកដោយមានគារវភាព ។ ថ្នាក់ដឹកនាំជាអធិបតីទទួលទឹកមុនគេ បន្ទាប់មកគ្មានលំដាប់លំដោយនោះទេ ។
-
នៅពេលទឹកត្រូវបានចែកដល់សមាជិកទាំងអស់ហើយ អស់អ្នកដែលកំពុងចែកសាក្រាម៉ង់ប្រគល់ថាសទៅឯតុសាក្រាម៉ង់វិញ ។ អស់អ្នកដែលប្រសិទ្ធពរពិធីសាក្រាម៉ង់គ្របកម្រាលលើថាសវិញ ហើយអស់អ្នកដែលប្រសិទ្ធពរ និងចែកសាក្រាម៉ង់ទៅអង្គុយនៅកន្លែងរបស់ពួកគេវិញដោយមានគារវភាព ។
-
បន្ទាប់ពីការប្រជុំ អស់អ្នកដែលរៀបចំសាក្រាម៉ង់សម្អាត បត់កម្រាលតុទុកវិញ ហើយយកនំបុ័ងដែលមិនបានប្រើចេញ ។
១៨.១០
ការប្រគល់បព្វជិតភាព និងការតែងតាំងតំណែង
មានការបែងចែកបព្វជិតភាពទៅជាពីរផ្នែក ៖ អើរ៉ុន និងម៉ិលគីស្សាដែក ( សូមមើល ៣.៣; គោលលទ្ធិ និងសេចក្ដីសញ្ញា ១០៧:១, ៦ ) ។ នៅពេលបព្វជិតភាពត្រូវបានប្រគល់ដល់បុគ្គលម្នាក់ គាត់ក៏ត្រូវបានតែងតាំងនៅក្នុងតំណែងមួយក្នុងបព្វជិតភាពនោះដែរ ។ បន្ទាប់ពីបព្វជិតភាពណាមួយក្នុងចំណោមបព្វជិតភាពទាំងនេះត្រូវបានប្រគល់ឲ្យ នោះបុរសម្នាក់ត្រូវតែបានតែងតាំងក្នុងតំណែងផ្សេងទៀតក្នុងបព្វជិតភាពនោះតែប៉ុណ្ណោះ ។
១៨.១០.១
បព្វជិតភាពម៉ិលគីស្សាដែក
ប្រធានស្តេកកាន់កូនសោបព្វជិតភាពសម្រាប់ការប្រគល់បព្វជិតភាពម៉ិលគីស្សាដែក និងការតែងតាំងតំណែងអែលឌើរ និងសង្ឃជាន់ខ្ពស់ ។ ទោះជាយ៉ាងណាក៏ដោយ ជាធម្មតា ប៊ីស្សពផ្ដល់អនុសាសន៍សម្រាប់ការតែងតាំងទាំងនេះ ។
១៨.១០.១.១
អែលឌើរ
បងប្អូនប្រុសដែលមានភាពស័ក្តិសម អាចទទួលបព្វជិតភាពម៉ិលគីស្សាដែក ហើយត្រូវបានតែងតាំងជាអែលឌើរ នៅពេលពួកគេមានអាយុ ១៨ ឆ្នាំឡើងទៅ ។ ផ្អែកទៅលើស្ថានភាពរបស់បុគ្គលម្នាក់ៗ នោះប៊ីស្សពកំណត់ថា តើយុវជនម្នាក់គួរតែត្រូវបានផ្ដល់អនុសាសន៍ដើម្បីបានតែងតាំងជាអែលឌើរឲ្យបានឆាប់ បន្ទាប់ពីខួបកំណើតអាយុ ១៨ ឆ្នាំរបស់គាត់ឬអត់ ឬក៏នៅតែស្ថិតនៅក្នុងកូរ៉ុមសង្ឃបន្តទៀត ។
នៅក្នុងការធ្វើការសម្រេចចិត្តនេះ ជាដំបូង ប៊ីស្សពពិគ្រោះយោបល់ជាមួយនឹងយុវជនរូបនោះ ព្រមទាំងឪពុកម្តាយ ឬអាណាព្យាបាលរបស់គាត់ ។ បុរសដែលមានភាពស័ក្ដិសមគួរតែត្រូវបានតែងតាំងនៅត្រឹមអាយុ ១៩ឆ្នាំ ឬមុនពេលពួកគេចេញពីផ្ទះដើម្បីទៅរៀននៅមហាវិទ្យាល័យ បម្រើបេសកកម្មពេញម៉ោង បម្រើក្នុងជួរកងទ័ព ឬមានការងារពេញម៉ោង ។
បុរសដែលបានជ្រមុជទឹកហើយថ្មីៗដែលមានអាយុ ១៨ ឆ្នាំឡើងត្រូវតែងតាំងជាអែលឌើរ បន្ទាប់ពីពួកគេបាន ៖
-
ទទួលបព្វជិតភាពអើរ៉ុន និងបម្រើជាសង្ឃ ។
-
អភិវឌ្ឍការយល់ដឹងល្មមគ្រប់គ្រាន់អំពីដំណឹងល្អ ។
-
បង្ហាញពីភាពស័ក្ដិសមរបស់ពួកគេ ។
គ្មានពេលវេលាកំណត់ពីរយៈពេលជាសមាជិកសាសនាចក្រឲ្យជាក់លាក់នោះទេ ។
១៨.១០.១.២
សង្ឃជាន់ខ្ពស់
បុរសទាំងឡាយត្រូវបានតែងតាំងជាសង្ឃជាន់ខ្ពស់ នៅពេលពួកគាត់ត្រូវបានហៅជាគណៈប្រធានស្តេក ទីប្រឹក្សាជាន់ខ្ពស់ ឬគណៈប៊ីស្សព ។
១៨.១០.១.៣
ការសម្ភាស និងការគាំទ្រ
ដោយមានការអនុម័តមកពីគណៈប្រធានស្តេក នោះប៊ីស្សពសម្ភាសដល់បងប្អូនប្រុស ដូចដែលបានណែនាំនៅលើទម្រង់បែបបទកំណត់ត្រាការតែងតាំងបព្វជិតភាពម៉ិលគីស្សាដែក ។ បន្ទាប់មក សមាជិកមួយរូបនៃគណៈប្រធានស្ដេកម្នាក់ក៏ធ្វើការសម្ភាសគាត់ផងដែរ ។ ដោយមានការអនុម័តពីប្រធានបេសកកម្ម នោះប្រធានមណ្ឌលអាចសម្ភាសបងប្អូនប្រុសម្នាក់ ដើម្បីតែងតាំងជាអែលឌើរបាន ( សូមមើល ៦.៣ ) ។
១៨.១០.២
បព្វជិតភាពអើរ៉ុន
ប៊ីស្សពកាន់កូនសោបព្វជិតភាពសម្រាប់ការប្រគល់បព្វជិតភាពអើរ៉ុន និងការតែងតាំងតំណែងឌីកុន គ្រូ និងសង្ឃ ។ ជាធម្មតា បងប្អូនប្រុសដែលស័ក្ដិសមត្រូវបានតែងតាំងក្នុងតំណែងទាំងនេះតាមអាយុដូចតទៅនេះ ប៉ុន្តែពុំមែនមុនឡើយ ៖
-
ឌីកុននៅដើមឆ្នាំដែលពួកគេមានអាយុ ១២ ឆ្នាំ
-
គ្រូនៅដើមឆ្នាំដែលពួកគេមានអាយុ ១៤ ឆ្នាំ
-
សង្ឃនៅដើមឆ្នាំដែលពួកគេមានអាយុ ១៦ ឆ្នាំ
ប៊ីស្សព ឬក៏ទីប្រឹក្សាដែលបានចាត់តាំងមួយរូប សម្ភាសដល់បងប្អូនប្រុសដែលនឹងត្រូវតែងតាំងជាឌីកុន ឬគ្រូ ដើម្បីកំណត់ថាតើពួកគេបានរៀបចំខ្លួនខាងវិញ្ញាណដែរឬទេ ។ ប៊ីស្សពសម្ភាសដល់បងប្អូនប្រុសដែលនឹងត្រូវតែងតាំងជាសង្ឃ ។
ប៊ីស្សពគួរទទួលបានការអនុញ្ញាតដោយផ្ទាល់មាត់ពី ឪពុក ម្ដាយ ឬអណាព្យាបាល ពីមុនធ្វើការសម្ភាស យុវជនម្នាក់ សម្រាប់ការតែងតាំងបព្វជិតភាព ។ មិនតម្រូវឲ្យមានការអនុញ្ញាតពី ឪពុក ឬម្តាយ ឬ អាណាព្យាបាលដែលគ្មានមូលដ្ឋានស្របច្បាប់ជំទាស់នឹង សកម្មភាពនេះទេ ។
១៨.១០.៣
ការបង្ហាញសមាជិកឲ្យទទួលបានការគាំទ្រមុនពេលគាត់ត្រូវបានតែងតាំង
ក្រោយពីបងប្អូនប្រុសម្នាក់ទទួលបានការសម្ភាស និងបានឃើញថាមានភាពស័ក្ដិសមដើម្បីតែងតាំងឲ្យមានតំណែងបព្វជិតភាពហើយ នោះគាត់ត្រូវបានបង្ហាញដើម្បីទទួលបានការគាំទ្រ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ២០:៦៥, ៦៧ ) ។ បងប្អូនប្រុសដែលត្រូវតែងតាំងជាអែលឌើរ ឬសង្ឃជាន់ខ្ពស់ត្រូវបានបង្ហាញដោយសមាជិកនៃគណៈប្រធានស្តេកនៅក្នុងសម័យប្រជុំទូទៅនៃសន្និសីទស្ដេក ( សូមមើល ៦.៣ សម្រាប់សេចក្ដីណែនាំដល់ប្រធានមណ្ឌល ) ។ បងប្អូនប្រុសដែលត្រូវតែងតាំងជាឌីកុន គ្រូ ឬសង្ឃ ត្រូវបានបង្ហាញដោយសមាជិកនៃគណៈប៊ីស្សពនៅក្នុងការប្រជុំសាក្រាម៉ង់ ។
បុគ្គលដែលដឹកនាំការគាំទ្រនេះ សូមឲ្យបងប្អូនប្រុសរូបនេះក្រោកឈរឡើង ។ គាត់ប្រកាសសំណើដើម្បីប្រគល់បព្វជិតភាពអើរ៉ុន ឬម៉ិលគីស្សាដែក ( បើចាំបាច់ ) ហើយតែងតាំងបងប្អូនប្រុសរូបនេះឲ្យមានតំណែងបព្វជិតភាពនោះ ។ បន្ទាប់មក គាត់អញ្ជើញសមាជិកទាំងអស់ឲ្យគាំទ្រសំណើនោះ ។ ឧទាហរណ៍ ដើម្បីបង្ហាញបងប្អូនប្រុសម្នាក់ដែលត្រូវតែងតាំងជាអែលឌើរ នោះគាត់អាចប្រើពាក្យពេចន៍ដូចខាងក្រោមនេះ ៖
« យើងស្នើសុំថា [ ឈ្មោះ ] ទទួលបព្វជិតភាពម៉ិលគីស្សាដែក ហើយត្រូវបានតែងតាំងជាអែលឌើរ ។ អ្នកទាំងឡាយដែលគាំទ្រ សូមបង្ហាញដោយការលើកដៃ ។ [ សូមផ្អាកបន្ដិចសិន ] ។ ប្រសិនបើមានអ្នកណាដែលជំទាស់ ក៏សូមបង្ហាញដោយការលើកដៃផងដែរ ។ [ សូមផ្អាកបន្ដិចសិន ] » ។
ប្រសិនបើសមាជិកមានគោលជំហរល្អមួយរូបលើកដៃជំទាស់ការតែងតាំងនោះ នោះអ្នកដឹកនាំជាអធិបតី ឬអ្នកកាន់តំណែងបព្វជិតភាពដែលបានចាត់តាំងម្នាក់ទៀត ជួបជាមួយគាត់ ឬនាងជាលក្ខណៈឯកជនបន្ទាប់ពីការប្រជុំនោះ ។ អ្នកដឹកនាំនេះព្យាយាមយល់ពីមូលហេតុដែលសមាជិករូបនេះជំទាស់ ។ គាត់ដឹងថា តើសមាជិករូបនេះដឹងពីក្រមសីលធម៌ដែលអាចធ្វើឲ្យបុគ្គលនេះមិនមានគុណសម្បត្តិគ្រប់គ្រាន់ដើម្បីបានតែងតាំងឲ្យមានតំណែងបព្វជិតភាព ។
នៅក្នុងករណីខ្លះ បងប្អូនប្រុសម្នាក់អាចត្រូវទទួលបានការតែងតាំងជាអែលឌើរ ឬសង្ឃជាន់ខ្ពស់ មុនពេលគាត់អាចត្រូវបានបង្ហាញឈ្មោះនៅក្នុងសន្និសីទស្ដេក ។ នៅពេលករណីនេះកើតឡើង គាត់ត្រូវបានបង្ហាញនៅក្នុងការប្រជុំសាក្រាម៉ង់វួដរបស់គាត់សម្រាប់ការគាំទ្រសិន ។ បន្ទាប់មក គាត់នឹងត្រូវបង្ហាញនៅក្នុងសន្និសីទស្តេកលើកក្រោយ ដើម្បីធ្វើសច្ចាប័នចំពោះការតែងតាំង ( សូមសម្របសម្រួលនីតិវិធីនេះសម្រាប់ការគាំទ្រ ដូចបានរៀបរាប់នៅខាងលើ ) ។
១៨.១០.៤
បុគ្គលដែលធ្វើពិធីបរិសុទ្ធ
ប្រធានស្តេក ឬអ្នកកាន់បព្វជិតភាពម៉ិលគីស្សាដែកម្នាក់នៅក្រោមការដឹកនាំរបស់គាត់អាចតែងតាំងបុរសម្នាក់ក្នុងតំណែងអែលឌើរបាន ។ ដោយមានការអនុម័តពីប្រធានបេសកកម្ម នោះប្រធានមណ្ឌល ឬនរណាម្នាក់នៅក្រោមការដឹកនាំរបស់គាត់អាចធ្វើការតែងតាំងនេះបាន ( សូមមើល ៦.៣ ) ។ មានតែអ្នកកាន់បព្វជិតភាពម៉ិលគីស្សាដែកប៉ុណ្ណោះដែលអាចឈរនៅក្នុងរង្វង់នោះបាន ។
ប្រធានស្តេក ឬសង្ឃជាន់ខ្ពស់ម្នាក់នៅក្រោមការដឹកនាំរបស់គាត់អាចតែងតាំងបុរសម្នាក់ក្នុងតំណែងជាសង្ឃជាន់ខ្ពស់បាន ។ មានតែសង្ឃជាន់ខ្ពស់ប៉ុណ្ណោះដែលអាចឈរនៅក្នុងរង្វង់នោះបាន ។
បុគ្គលម្នាក់ដែលតែងតាំងបុរសម្នាក់ក្នុងតំណែងបព្វជិតភាពម៉ិលគីស្សាដែក គួរតែមានភាពស័ក្ដិសមចូលក្នុងព្រះវិហារបរិសុទ្ធ ។ ប្រធានស្តេក ឬមនុស្សម្នាក់ដែលគាត់បានចាត់តាំង ត្រូវតែមានវត្តមាន ។
សង្ឃ ឬអ្នកកាន់បព្វជិតភាពម៉ិលគីស្សាដែកម្នាក់អាចតែងតាំងបងប្អូនប្រុសម្នាក់ក្នុងតំណែងឌីកុន គ្រូ ឬសង្ឃបាន ។ គាត់ត្រូវតែទទួលបានសិទ្ធិអនុញ្ញាតពីប៊ីស្សព ។ ប៊ីស្សព ឬមនុស្សម្នាក់ដែលគាត់បានចាត់តាំង ត្រូវតែមានវត្តមាន ។
ដើម្បីចូលរួមក្នុងការតែងតាំងបព្វជិតភាពអើរ៉ុនបាន បុគ្គលម្នាក់ត្រូវតែជាសង្ឃ ឬអ្នកកាន់បព្វជិតភាពម៉ិលគីស្សាដែក ។
ប៊ីស្សពអាចអនុញ្ញាតឲ្យឪពុកដែលជាសង្ឃ ឬអ្នកកាន់បព្វជិតភាពម៉ិលគីស្សាដែក តែងតាំងកូនប្រុសរបស់ខ្លួនក្នុងតំណែងជាឌីកុន គ្រូ ឬសង្ឃបាន ទោះជាឪពុកគ្មានភាពស័ក្តិសមចូលព្រះវិហារបរិសុទ្ធពេញលេញក្តី ( សូមមើល ១៨.៣ ) ។ ប៊ីស្សពលើកទឹកចិត្តឪពុកទាំងឡាយឲ្យរៀបចំខ្លួនដើម្បីតែងតាំងកូនប្រុសរបស់ពួកគេផ្ទាល់ ។
១៨.១០.៥
សេចក្តីណែនាំ
ដើម្បីប្រគល់បព្វជិតភាព និងតែងតាំងបុគ្គលម្នាក់ក្នុងតំណែងបព្វជិតភាពមួយ អ្នកកាន់បព្វជិតភាពដែលមានសិទ្ធិអំណាចម្នាក់ ឬច្រើននាក់ដាក់ដៃរបស់ពួកគាត់ស្រាលៗលើក្បាលរបស់បុគ្គលនោះ ។ បន្ទាប់មក បុគ្គលដែលត្រូវពោលពាក្យ ៖
-
ហៅឈ្មោះពេញរបស់បុគ្គលនោះ ។
-
និយាយពីសិទ្ធិអំណាចដែលគាត់មានដោយផ្ទាល់ដើម្បីធ្វើពិធីបរិសុទ្ធនោះ ( ជាបព្វជិតភាពអើរ៉ុន ឬបព្វជិតភាពម៉ិលគីស្សាដែក ) ។
-
ប្រគល់បព្វជិតភាពអើរ៉ុន ឬបព្វជិតភាពម៉ិលគីស្សាដែក លើកលែងតែវាត្រូវបានប្រគល់រួចហើយ ។
-
តែងតាំងបុគ្គលនោះក្នុងតំណែងមួយក្នុងបព្វជិតភាពអើរ៉ុន ឬបព្វជិតភាពម៉ិលគីស្សាដែក ហើយប្រគល់សិទ្ធិ អំណាច និងសិទ្ធិអំណាចនៃតំណែងនោះ ។
-
ផ្ដល់ពរជ័យដូចដែលបានដឹកនាំដោយព្រះវិញ្ញាណ ។
-
បញ្ចប់នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ។
ដើម្បីតែងតាំងបុគ្គលម្នាក់ក្នុងតំណែងបព្វជិតភាពមួយ បន្ទាប់ពីគាត់មានបព្វជិតភាពត្រឹមត្រូវហើយនោះ បុគ្គលដែលធ្វើការតែងតាំងរំលងជំហានទី ៣ ។
១៨.១០.៦
កំណត់ត្រា និងវិញ្ញាបនបត្រការតែងតាំង
ពីមុនបងប្អូនប្រុសម្នាក់ត្រូវបានសម្ភាសដើម្បីតែងតាំងក្នុងតំណែងមួយក្នុងបព្វជិតភាពអើរ៉ុន នោះស្មៀនប្រើ ធ.ថ.ស. ដើម្បីរៀបចំ កំណត់ត្រាការតែងតាំងបព្វជិតភាពអើរ៉ុន ។ ប៊ីស្សព ឬទីប្រឹក្សាម្នាក់ដែលបានចាត់តាំងដឹកនាំការសម្ភាស និងចុះហត្ថលេខាលើបែបបទនោះ ប្រសិនបើរាល់លក្ខខណ្ឌនៃភាពស័ក្ដិសមត្រូវបានបំពេញ ។
បន្ទាប់ពីការតែងតាំងនោះ ប៊ីស្សព ឬទីប្រឹក្សាដែលបានចាត់តាំងបំពេញបែបបទនោះ ហើយឲ្យវាទៅស្មៀន ។ គាត់កត់ត្រាការតែងតាំងនោះនៅក្នុង ធ.ថ.ស. ហើយរៀបចំវិញ្ញាបនបត្រពិធីតែងតាំង ។
ឈ្មោះស្របច្បាប់បច្ចុប្បន្នរបស់បុគ្គលម្នាក់គួរតែត្រូវបានប្រើនៅលើកំណត់ត្រា និងវិញ្ញាបនបត្រពិធីតែងតាំង ។
១៨.១១
ការធ្វើពិធីញែកចេញសមាជិកឲ្យបម្រើនៅក្នុងការហៅបម្រើ
សមាជិកដែលត្រូវបានហៅ និងគាំទ្រនៅក្នុងការហៅបម្រើក្នុងតំណែងសាសនាចក្រភាគច្រើន គួរតែត្រូវបានញែកចេញដើម្បីបម្រើនៅក្នុងតំណែងនោះ ( សូមមើល យ៉ូហាន ១៥:១៦; គោលលទ្ធិ និងសេចក្ដីសញ្ញា ៤២:១១; សូមមើលផងដែរ ៣.៤.៣.១ នៅក្នុងក្បួនខ្នាតនេះ ) ។ នៅអំឡុងពេលធ្វើការញែកចេញ បុគ្គលរូបនេះត្រូវបានផ្តល់ឲ្យនូវ ( ១ ) សិទ្ធិអំណាចដើម្បីធ្វើការហៅបម្រើនេះ និង ( ២ ) ពាក្យពេចន៍នៃពរជ័យតាមដែលត្រូវបានដឹកនាំដោយព្រះវិញ្ញាណ ។
ប្រធានស្តេក ប៊ីស្សព និងប្រធានកូរ៉ុមទទួលកូនសោនៃគណៈប្រធាន នៅពេលពួកគេត្រូវបានញែកចេញ ( សូមមើល ៣.៤.១.១ ) ។ ទោះជាយ៉ាងណាក៏ដោយ ពាក្យថា កូនសោ មិនគួរត្រូវបានប្រើ នៅពេលធ្វើពិធីញែកចេញសមាជិកចំពោះការបម្រើនៅក្នុងការហៅបម្រើផ្សេងទៀតឡើយ រួមទាំងទីប្រឹក្សានៅក្នុងគណៈប្រធានផងដែរ ។
១៨.១១.១
បុគ្គលដែលធ្វើពិធីញែកចេញ
ការធ្វើពិធីញែកចេញគឺត្រូវបានធ្វើឡើងដោយអ្នកកាន់បព្វជិតភាពម៉ិលគីស្សាដែកម្នាក់ ។ គាត់ត្រូវតែទទួលការអនុម័តពីថ្នាក់ដឹកនាំដែលកាន់កូនសោបព្វជិតភាពត្រឹមត្រូវ ។ អស់អ្នកដែលត្រូវបានអនុញ្ញាតឲ្យធ្វើការញែកចេញត្រូវបានបង្ហាញនៅក្នុង ៣០.៨ ។ តំណែងជាអែលឌើរម្នាក់មិនគួរធ្វើជាអ្នកពោលពាក្យ ឬឈរនៅក្នុងរង្វង់ឡើយ នៅពេលដែលមានបុរសម្នាក់ត្រូវធ្វើពិធីញែកចេញក្នុងការហៅបម្រើមួយ ដែលវាតម្រូវឲ្យបុរសនោះគឺជាសង្ឃជាន់ខ្ពស់ ។
ក្រោមការដឹកនាំនៃថ្នាក់ដឹកនាំជាអធិបតី អ្នកកាន់បព្វជិតភាពម្នាក់ ឬច្រើននាក់អាចចូលរួមនៅក្នុងការធ្វើពិធីញែកចេញបាន ។ ប្រធានត្រូវទទួលពិធីញែកចេញមុនទីប្រឹក្សារបស់ពួកគាត់ ។
ថ្នាក់ដឹកនាំជាអធិបតីអាចអនុញ្ញាតឲ្យស្វាមី ឬឪពុកដែលជាអ្នកកាន់បព្វជិតភាពម៉ិលគីស្សាដែកឈរនៅក្នុងរង្វង់សម្រាប់ការធ្វើពិធីញែកចេញឲ្យភរិយា ឬកូនៗរបស់គាត់បាន ទោះបីជាគាត់គ្មានភាពស័ក្តិសមចូលព្រះវិហារបរិសុទ្ធពេញលេញក្តី ( សូមមើល ១៨.៣ ) ។
១៨.១១.២
សេចក្តីណែនាំ
អ្នកកាន់បព្វជិតភាពម៉ិលគីស្សាដែកម្នាក់ ឬច្រើននាក់ដាក់ដៃលើក្បាលរបស់បុគ្គលរូបនេះស្រាលៗ ។ បន្ទាប់មក បុគ្គលដែលត្រូវពោលពាក្យ ៖
-
ហៅបុគ្គលនោះតាមឈ្មោះពេញរបស់គាត់ ឬនាង ។
-
និយាយថា គាត់កំពុងតែធ្វើកិច្ចការដោយសិទ្ធិអំណាចនៃបព្វជិតភាពម៉ិលគីស្សាដែក ។
-
ធ្វើពិធីញែកបុគ្គលនោះចេញចំពោះការហៅបម្រើនៅក្នុងស្តេក វួដ កូរ៉ុម ឬថ្នាក់ ។
-
ប្រគល់កូនសោ ប្រសិនបើបុគ្គលរូបនេះគួរតែទទួលបាន ។
-
ផ្ដល់ពរជ័យដូចដែលបានដឹកនាំដោយព្រះវិញ្ញាណ ។
-
បញ្ចប់នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ។
១៨.១២
ការឧទ្ទិសប្រេង
អ្នកកាន់បព្វជិតភាពម៉ិលគីស្សាដែកត្រូវតែឧទិ្ទសប្រេងអូលីវ ពីមុនវាត្រូវបានលាបលើអ្នកឈឺ ឬអ្នកជួបទុក្ខលំបាក ( សូមមើល យ៉ាកុប ៥:១៤ ) ។ មិនអាចប្រើប្រេងដទៃទៀតឡើយ ។
សមាជិកទាំងឡាយមិនគួរយកប្រេងដែលបានឧទិ្ទសទៅបរិភោគ ឬយកវាទៅលាបនៅកន្លែងដែលឈឺលើរាងកាយឡើយ ។
១៨.១២.១
បុគ្គលដែលធ្វើពិធីបរិសុទ្ធ
អ្នកកាន់បព្វជិតភាពម្នាក់ ឬច្រើននាក់អាចឧទិ្ទសប្រេងបាន ។ ពួកគេពុំចាំបាច់ស្វែងរកការអនុម័តពីអ្នកដឹកនាំបព្វជិតភាពឡើយ ។
១៨.១២.២
សេចក្តីណែនាំ
ដើម្បីឧទិ្ទសប្រេង អ្នកកាន់បព្វជិតភាពម៉ិលគីស្សាដែកម្នាក់ ៖
-
កាន់ដបប្រេងបើកមាត់ដបឲ្យចំហ ។
-
ពោលហៅព្រះវរបិតាសួគ៌ដូចជានៅក្នុងការអធិស្ឋាន ។
-
និយាយថា គាត់កំពុងតែធ្វើកិច្ចការដោយសិទ្ធិអំណាចនៃបព្វជិតភាពម៉ិលគីស្សាដែក ។
-
ឧទិ្ទសប្រេង ( មិនមែនដបនោះទេ ) ហើយញែកវាចេញសម្រាប់ការលាបប្រេង និងប្រសិទ្ធពរដល់អ្នកឈឺ និងអ្នកជួបទុក្ខលំបាក ។
-
បញ្ចប់នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ។
១៨.១៣
ការព្យាបាលអ្នកឈឺ
ការព្យាបាលអ្នកឈឺ « ដោយការដាក់ដៃលើ » មានពីរផ្នែក ៖ ការលាបប្រេង និងការផ្សារភ្ជាប់ប្រេងជាមួយនឹងពរជ័យ ។ ប្រសិនបើគ្មានប្រេងដែលបានឧទិ្ទសទេ ពរជ័យអាចផ្តល់ឲ្យបានដោយសិទ្ធិអំណាចនៃបព្វជិតភាពម៉ិលគីស្សាដែកដោយគ្មានការលាបប្រេង ។
១៨.១៣.១
អ្នកដែលផ្តល់ការប្រសិទ្ធពរ
មានតែអ្នកកាន់បព្វជិតភាពម៉ិលគីស្សាដែកដែលមានភាពស័ក្ដិសមប៉ុណ្ណោះ ដែលអាចធ្វើនការព្យាបាលដល់អ្នកឈឺ ឬអ្នកជួបការលំបាកបាន ។ ពួកគេពុំចាំបាច់ស្វែងរកការអនុម័តពីអ្នកដឹកនាំបព្វជិតភាពឡើយ ។ ប្រសិនបើអាចធ្វើទៅបាន ឪពុកដែលកាន់បព្វជិតភាពម៉ិលគីស្សាដែកធ្វើការព្យាបាលដល់សមាជិកគ្រួសារដែលឈឺរបស់គាត់ ។
ជាធម្មតា អ្នកកាន់បព្វជិតភាពម៉ិលគីស្សាដែកពីរ ឬច្រើននាក់ធ្វើការព្យាបាលដល់អ្នកឈឺ ។ ទោះជាយ៉ាងណាក្តី មនុស្សម្នាក់ក៏អាចធ្វើការលាបប្រេង និងការផ្សារភ្ជាប់បានដែរ ។
១៨.១៣.២
សេចក្តីណែនាំ
ការលាបប្រេងគឺត្រូវធ្វើឡើងដោយអ្នកកាន់បព្វជិតភាពម៉ិលគីស្សាដែកម្នាក់ ។ គាត់ ៖
-
បន្ដក់ប្រេងដែលបានឧទិ្ទសមួយតំណក់នៅលើក្បាលរបស់បុគ្គលរូបនោះ ។
-
ដាក់ដៃរបស់គាត់ស្រាលៗនៅលើក្បាលរបស់បុគ្គលរូបនោះ ហើយហៅឈ្មោះរបស់បុគ្គលតាមឈ្មោះពេញរបស់ពួកគេ ។
-
និយាយថា គាត់កំពុងតែធ្វើកិច្ចការដោយសិទ្ធិអំណាចនៃបព្វជិតភាពម៉ិលគីស្សាដែក ។
-
និយាយថា គាត់កំពុងលាបប្រេងដែលត្រូវបានឧទ្ទិសសម្រាប់ការលាបប្រេង និងការផ្តល់ពរជ័យដល់អ្នកឈឺ និងអ្នកជួបទុក្ខលំបាក ។
-
បញ្ចប់នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ។
ដើម្បីផ្សារភ្ជាប់ប្រេង អ្នកកាន់បព្វជិតភាពម៉ិលគីស្សាដែកម្នាក់ ឬច្រើននាក់ដាក់ដៃរបស់ពួកគេស្រាលៗលើក្បាលរបស់បុគ្គលរូបនោះ ។ បន្ទាប់មក បុគ្គលម្នាក់ដែលធ្វើការផ្សារភ្ជាប់ប្រេង ៖
-
ហៅបុគ្គលនោះតាមឈ្មោះពេញរបស់គាត់ ឬនាង ។
-
និយាយថា គាត់កំពុងផ្សារភ្ជាប់ប្រេងដោយសិទ្ធិអំណាចនៃបព្វជិតភាពម៉ិលគីស្សាដែក ។
-
ផ្ដល់ពរជ័យដូចដែលបានដឹកនាំដោយព្រះវិញ្ញាណ ។
-
បញ្ចប់នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ។
១៨.១៤
ការប្រសិទ្ធពរនៃការលួងលោមចិត្ត និងការប្រឹក្សា រួមទាំងពរជ័យរបស់លោកឪពុកផងដែរ
១៨.១៤.១
អ្នកដែលផ្តល់ការប្រសិទ្ធពរ
អ្នកកាន់បព្វជិតភាពម៉ិលគីស្សាដែកអាចផ្តល់ពរជ័យនៃការលួងលោមចិត្ត និងការប្រឹក្សាដល់សមាជិកគ្រួសារ និងមនុស្សដទៃទៀតដែលបានស្នើសុំពួកគេ ។
ឪពុកដែលកាន់បព្វជិតភាពម៉ិលគីស្សាដែកអាចផ្តល់ពរជ័យរបស់ឪពុកដល់កូនៗរបស់គាត់បាន ។ ឪពុកម្តាយលើកទឹកចិត្តឲ្យកូនៗរបស់ពួកគាត់សូមពរជ័យរបស់ឪពុក នៅពេលដែលត្រូវការ ។ ពរជ័យរបស់លោកឪពុកអាចត្រូវបានកត់ត្រាសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួនបាន ។
អ្នកកាន់បព្វជិតភាពម៉ិលគីស្សាដែកមិនចាំបាច់សូមការអនុម័តពីថ្នាក់ដឹកនាំបព្វជិតភាព ដើម្បីផ្តល់ពរជ័យនៃការលួងលោមចិត្ត និងការប្រឹក្សា ឬពរជ័យរបស់លោកឪពុកនោះទេ ។
១៨.១៤.២
សេចក្តីណែនាំ
ដើម្បីផ្តល់ពរជ័យនៃការលួងលោមចិត្ត និងការប្រឹក្សា ឬពរជ័យរបស់លោកឪពុក អ្នកកាន់បព្វជិតភាពម្នាក់ ឬច្រើននាក់ដាក់ដៃស្រាលៗលើក្បាលរបស់បុគ្គលរូបនោះ ។ បន្ទាប់មក បុគ្គលដែលត្រូវពោលពាក្យ ៖
-
ហៅបុគ្គលនោះតាមឈ្មោះពេញរបស់គាត់ ឬនាង ។
-
និយាយថា ការប្រសិទ្ធពរនោះត្រូវបានធ្វើឡើងដោយសិទ្ធិអំណាចនៃបព្វជិតភាពម៉ិលគីស្សាដែក ។
-
ផ្តល់ពរជ័យ ការលួងលោមចិត្ត និងពាក្យទូន្មានតាមដែលបានដឹកនាំដោយព្រះវិញ្ញាណ ។
-
បញ្ចប់នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ។
១៨.១៥
ការឧទ្ទិសឆ្លងគេហដ្ឋាន
សមាជិកនៃសាសនាចក្រអាចឧទ្ទិសឆ្លងគេហដ្ឋានរបស់ពួកគេដោយសិទ្ធិអំណាចនៃបព្វជិតភាពម៉ិលគីស្សាដែកបាន ។
១៨.១៥.២
សេចក្តីណែនាំ
ដើម្បីឧទិ្ទសឆ្លងគេហដ្ឋានមួយ អ្នកកាន់បព្វជិតភាពម៉ិលគីស្សាដែក ៖
-
ពោលហៅព្រះវរបិតាសួគ៌ដូចជានៅក្នុងការអធិស្ឋាន ។
-
និយាយថា គាត់កំពុងតែធ្វើកិច្ចការដោយសិទ្ធិអំណាចនៃបព្វជិតភាពម៉ិលគីស្សាដែក ។
-
ឧទ្ទិសឆ្លងគេហដ្ឋាននេះជាទីកន្លែងពិសិដ្ឋមួយដែលព្រះវិញ្ញាណបរិសុទ្ធអាចគង់នៅ ហើយថ្លែងពាក្យពេចន៍ដូចដែលបានដឹកនាំដោយព្រះវិញ្ញាណ ។
-
បញ្ចប់នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ។
១៨.១៦
ការឧទ្ទិសឆ្លងផ្នូរ
១៨.១៦.១
អ្នកដែលឧទ្ទិសឆ្លងផ្នូរ
អ្នកដែលឧទ្ទិសឆ្លងផ្នូរគួរកាន់បព្វជិតភាពម៉ិលគីស្សាដែក ហើយត្រូវបានអនុញ្ញាតដោយថ្នាក់ដឹកនាំបព្វជិតភាពដែលដឹកនាំកម្មវិធី ។
១៨.១៦.២
សេចក្តីណែនាំ
ដើម្បីឧទិ្ទសឆ្លងផ្នូរ អ្នកកាន់បព្វជិតភាពម៉ិលគីស្សាដែកម្នាក់ ៖
-
ពោលហៅព្រះវរបិតាសួគ៌ដូចជានៅក្នុងការអធិស្ឋាន ។
-
និយាយថា គាត់កំពុងតែធ្វើកិច្ចការដោយសិទ្ធិអំណាចនៃបព្វជិតភាពម៉ិលគីស្សាដែក ។
-
ឧទ្ទិសឆ្លង និងញែកកន្លែងបញ្ចុះសពជាកន្លែងសម្រាកសម្រាប់សព ។
-
អធិស្ឋានសូមឲ្យកន្លែងនេះនឹងមានភាពពិសិដ្ឋ និងការការពាររហូតដល់ការរស់ឡើងវិញ ( តាមដែលសមរម្យ ) ។
-
ទូលទៅព្រះវរបិតាសួគ៌សូមឲ្យលួងលោមចិត្តដល់ក្រុមគ្រួសារ និងពោលពាក្យតាមដែលបានដឹកនាំដោយព្រះវិញ្ញាណ ។
-
បញ្ចប់នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ។
ប្រសិនបើសពរបស់សមាជិកសាសនាចក្រត្រូវបានបូជា នោះថ្នាក់ដឹកនាំដែលធ្វើជាអធិបតីប្រើការវិនិច្ឆ័យរបស់គាត់ដើម្បីសម្រេចចិត្តថា តើត្រូវឧទ្ទិសឆ្លងនៅកន្លែងដែលធាតុត្រូវបានរក្សាទុកឬអត់ ។
១៨.១៧
ពរជ័យអយ្យកោ
រាល់សមាជិកដែលបានទទួលពិធីបុណ្យជ្រមុជទឹក និងមានភាពស័ក្តិសមគ្រប់រូប មានសិទ្ធិទទួលពរជ័យអយ្យកោ ដែលផ្តល់ការដឹកនាំដ៏បំផុសគំនិតមកពីព្រះវរបិតាសួគ៌ ( សូមមើល លោកុប្បត្តិ ៤៨:១៤–១៦; ៤៩; នីហ្វៃទី២ ៤:៣–១១ ) ។
ប៊ីស្សព ឬទីប្រឹក្សាម្នាក់ដែលបានចាត់តាំង សម្ភាសសមាជិកដែលចង់ទទួលពរជ័យអយ្យកោ ។ ប្រសិនបើសមាជិកមានភាពស័ក្តិសម នោះអ្នកសម្ភាសរៀបចំចេញប័ណ្ណពរជ័យអយ្យកោឲ្យ ។ គាត់បញ្ជូនវាតាមរយៈ ប្រព័ន្ធពរជ័យអយ្យកោ នៅលើគេហទំព័រ ChurchofJesusChrist.org ។
បុគ្គលដែលចេញប័ណ្ណពរជ័យអយ្យកោត្រូវប្រាកដថា សមាជិករូបនេះគឺចាស់ទុំគ្រប់គ្រាន់ ដើម្បីយល់អំពីសារៈសំខាន់ និងភាពពិសិដ្ឋនៃពរនោះ ។
១៨.១៧.១
ការទទួលពរជ័យអយ្យកោ
បន្ទាប់ពីទទួលប័ណ្ណនេះហើយ សមាជិកទាក់ទងទៅលោកអយ្យកោដើម្បីធ្វើការណាត់ជួបទទួលពរជ័យអយ្យកោ ។ ដល់ថ្ងៃណាត់ជួប សមាជិកគួរទៅជួបលោកអយ្យកោដោយមានឥរិយាបថពោរពេញដោយការអធិស្ឋាន និងស្លៀកសម្លៀកបំពាក់ថ្ងៃអាទិត្យ ។
រាល់ពរជ័យអយ្យកោនីមួយៗគឺពិសិដ្ឋ សម្ងាត់ និងផ្ទាល់ខ្លួន ។ ហេតុដូច្នោះហើយ ពរនេះត្រូវផ្តល់ឲ្យជាលក្ខណៈឯកជន លើកលែងតែសមាជិកគ្រួសារ ប៉ុន្ដែការចូលរួមត្រូវមានកំណត់ ។
បុគ្គលដែលទទួលពរជ័យអយ្យកោគួរតែឲ្យតម្លៃដល់ពាក្យពេចន៍ក្នុងពរជ័យនេះ ជញ្ជឹងគិតពីពរជ័យនេះ ហើយរស់នៅឲ្យមានភាពស័ក្តិសមតាមការសន្យារបស់ពរជ័យនេះនៅក្នុងជីវិតនេះ និងភាពអស់កល្បជានិច្ច ។
សមាជិកសាសនាចក្រមិនគួរប្រៀបធៀបពរជ័យនេះ និងមិនគួរចែកចាយពរជ័យនេះឡើយ លើកលែងតែសមាជិកគ្រួសារដែលជិតដិតប៉ុណ្ណោះ ។ ពរជ័យអយ្យកោមិនគួរយកមកអាននៅក្នុងការប្រជុំក្នុងសាសនាចក្រ ឬទីកន្លែងជួបជុំជាសាធារណៈឡើយ ។