« ១៧. ការបង្រៀនដំណឹងល្អ »ជម្រើសចេញមកពីក្បួនខ្នាតទូទៅ ( ឆ្នាំ២០២៣ ) ។
« ១៧. ការបង្រៀនដំណឹងល្អ » ជម្រើសចេញមកពីក្បួនខ្នាតទូទៅ
១៧.
ការបង្រៀនដំណឹងល្អ
យើងបង្រៀនដំណឹងល្អដើម្បីជួយមនុស្សឲ្យពង្រឹងសេចក្ដីជំនឿរបស់ពួកគេលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
១៧.១
គោលការណ៍ទាំងឡាយនៃការបង្រៀនដូចជាព្រះគ្រីស្ទ
នៅពេលបង្រៀនដំណឹងល្អ នោះឪពុកម្ដាយ គ្រូបង្រៀន និងថ្នាក់ដឹកនាំធ្វើតាមគំរូរបស់ព្រះយេស៊ូវគ្រីស្ទ ដែលជាគ្រូបង្រៀនដ៏ឆ្នើម ។
ថ្នាក់ដឹកនាំចែកចាយគោលការណ៍ទាំងឡាយនៃការបង្រៀនដូចជាព្រះគ្រីស្ទដូចតទៅនេះ ជាមួយគ្រូបង្រៀននៅក្នុងអង្គការរបស់ពួកគេ ។ គោលការណ៍ទាំងនេះត្រូវបានពន្យល់យ៉ាងលម្អិតនៅក្នុង ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ។
១៧.១.១
ស្រឡាញ់អស់អ្នកដែលអ្នកបង្រៀន
អ្វីៗគ្រប់យ៉ាងដែលព្រះអង្គសង្គ្រោះធ្វើ គឺជាការបង្ហាញពីសេចក្ដីស្រឡាញ់របស់ទ្រង់ ( សូមមើល នីហ្វៃទី២ ២៦:២៤ ) ។
១៧.១.២
បង្រៀនដោយព្រះវិញ្ញាណ
គ្រូបង្រៀនស្វែងរកការដឹកនាំពីព្រះវិញ្ញាណ នៅពេលពួកគាត់រៀបចំខ្លួន និងពេលពួកគាត់បង្រៀន ហើយពួកគាត់ខិតខំរស់នៅឲ្យស័ក្ដិសមនឹងព្រះចេស្ដារបស់ទ្រង់រៀងរាល់ថ្ងៃ ។
១៧.១.៣
បង្រៀនគោលលទ្ធិ
ដោយធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះ គ្រូបង្រៀនផ្ដោតលើសេចក្ដីពិតនៃការសង្គ្រោះដ៏ចាំបាច់នៃដំណឹងល្អ ។ ពួកគាត់បង្រៀនដោយប្រើប្រាស់បទគម្ពីរ និងការបង្រៀនរបស់ព្យាការីថ្ងៃចុងក្រោយ និងឯកសារបង្រៀនតាមកម្មវិធីសិក្សាដែលបានអនុម័ត ។
១៧.១.៤
អញ្ជើញឲ្យមានការរៀនសូត្រដ៏ឧស្សាហ៍ព្យាយាម
គ្រូបង្រៀនលើកទឹកចិត្តសមាជិកឲ្យទទួលខុសត្រូវចំពោះការរៀនសូត្ររបស់ពួកគេផ្ទាល់ខ្លួន ។
១៧.២
ការរៀនសូត្រ និងការបង្រៀនដំណឹងល្អនៅក្នុងគេហដ្ឋាន
ថ្នាក់ដឹកនាំ និងគ្រូបង្រៀនក្នុងសាសនាចក្រលើកទឹកចិត្ត ហើយគាំទ្រដល់ការរៀនសូត្រ និងការបង្រៀនដំណឹងល្អនៅក្នុងគេហដ្ឋាន ។
ថ្នាក់ដឹកនាំ និងគ្រូបង្រៀនលើកទឹកចិត្តសមាជិកឲ្យស្វែងរកការបំផុសគំនិតផ្ទាល់ខ្លួនអំពីរបៀបសិក្សា និងបង្រៀនដំណឹងល្អ ។ ធនធានចម្បងរបស់ពួកគេគួរតែជាព្រះគម្ពីរ និងសារលិខិតក្នុងសន្និសីទទូទៅ ។
១៧.៣
ការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ
-
ធ្វើជាគំរូតាមរយៈការរៀនសូត្រ និងការបង្រៀនដំណឹងល្អតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ។
-
ធានាថាការបង្រៀននៅក្នុងអង្គការរបស់ខ្លួនស្ថាបនាសេចក្ដីជំនឿ ហើយមានភាពត្រឹមត្រូវខាងគោលលទ្ធិ ។
-
ផ្ដល់ការគាំទ្រជាបន្តបន្ទាប់ដល់គ្រូបង្រៀននៅក្នុងអង្គការរបស់ពួកគាត់ ។
១៧.៤
ការប្រជុំក្រុមប្រឹក្សាគ្រូបង្រៀន
នៅក្នុងការប្រជុំក្រុមប្រឹក្សាគ្រូបង្រៀន គ្រូបង្រៀនប្រឹក្សាយោបល់រួមគ្នាអំពីគោលការណ៍ទាំងឡាយនៃការបង្រៀនដូចជាព្រះគ្រីស្ទ ។ ពួកគេក៏ប្រឹក្សាគ្នាអំពីរបៀបកែលម្អការរៀនសូត្រ និងការបង្រៀនដំណឹងល្អផងដែរ ។ ពួកគេប្រើ ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ជាធនធានមួយ ។
ការប្រជុំក្រុមប្រឹក្សាគ្រូបង្រៀនត្រូវបានធ្វើឡើងរៀងរាល់ត្រីមាសអំឡុងម៉ោងរៀនរយៈពេល ៥០ នាទីនៅថ្ងៃអាទិត្យ ។