« ១៧. ការបង្រៀនដំណឹងល្អ » ក្បួនខ្នាតទូទៅ ៖ ការបម្រើនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ( ឆ្នាំ២០២៥ ) ។
« ១៧. ការបង្រៀនដំណឹងល្អ » ក្បួនខ្នាតទូទៅ ។
១៧.
ការបង្រៀនដំណឹងល្អ
យើងបង្រៀនដំណឹងល្អដើម្បីជួយមនុស្សឲ្យពង្រឹងសេចក្ដីជំនឿរបស់ពួកគេលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ យើងខិតខំជួយមនុស្សឲ្យប្រែក្លាយកាន់តែដូចជាព្រះអង្គសង្គ្រោះ ទទួលបានព្រះចេស្ដារបស់ទ្រង់នៅក្នុងជីវិតរបស់ពួកគេ ហើយនៅទីបំផុតទទួលបានជីវិតដ៏នៅអស់កល្បជានិច្ច ។ នៅពេលព្រះបន្ទូលរបស់ព្រះត្រូវបានបង្រៀន ហើយបានទទួលតាមរយៈព្រះវិញ្ញាណ នោះវាមាននូវអានុភាពដើម្បីផ្លាស់ប្ដូរដួងចិត្ត ហើយបំផុសឲ្យមានការប្រែចិត្តជឿ ។ វាមាន « ប្រសិទ្ធភាពទៅលើគំនិតមនុស្សច្រើនជាង… អ្វីផ្សេងៗទៀត » ( អាលម៉ា ៣១:៥ ) ។
១៧.១
គោលការណ៍ទាំងឡាយនៃការបង្រៀនដូចជាព្រះគ្រីស្ទ
នៅពេលបង្រៀនដំណឹងល្អ នោះឪពុកម្ដាយ គ្រូបង្រៀន និងថ្នាក់ដឹកនាំធ្វើតាមគំរូរបស់ព្រះយេស៊ូវគ្រីស្ទ ដែលជាគ្រូបង្រៀនដ៏ឆ្នើម ។ ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះគឺជាការទុកចិត្ត និងការទទួលខុសត្រូវដ៏ពិសិដ្ឋមួយ ។
ថ្នាក់ដឹកនាំចែកចាយគោលការណ៍ទាំងឡាយនៃការបង្រៀនដូចជាព្រះគ្រីស្ទដូចតទៅនេះ ជាមួយគ្រូបង្រៀននៅក្នុងអង្គការរបស់ពួកគេ ។ គោលការណ៍ទាំងនេះត្រូវបានពន្យល់យ៉ាងលម្អិតនៅក្នុង ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ។
១៧.១.១
ស្រឡាញ់អស់អ្នកដែលអ្នកបង្រៀន
អ្វីៗគ្រប់យ៉ាងដែលព្រះអង្គសង្គ្រោះធ្វើ គឺជាការបង្ហាញពីសេចក្ដីស្រឡាញ់របស់ទ្រង់ ( សូមមើល នីហ្វៃទី២ ២៦:២៤ ) ។ ថ្នាក់ដឹកនាំ និងគ្រូបង្រៀនធ្វើតាមគំរូរបស់ទ្រង់តាមរយៈការបង្ហាញសេចក្ដីស្រឡាញ់ចំពោះបងប្អូនដែលពួកគាត់បង្រៀន ។ ពួកគាត់អធិស្ឋានឲ្យបងប្អូនដែលពួកគាត់បង្រៀនតាមឈ្មោះ ខិតខំភ្ជាប់ទំនាក់ទំនង ហើយស្វែងយល់ពីពួកគេ ព្រមទាំងផ្ដោតលើសេចក្ដីត្រូវការរបស់បុគ្គលម្នាក់ៗ ។ ពួកគាត់ឈោងទៅជួយសមាជិកនៅក្នុងថ្នាក់ ឬកូរ៉ុមរបស់ពួកគាត់ដែលមិនបានចូលរួម ។
១៧.១.២
បង្រៀនដោយព្រះវិញ្ញាណ
ដើម្បីបំផុសគំនិតមនុស្សឲ្យមានសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ នោះគ្រូបង្រៀនត្រូវតែបង្រៀនដោយព្រះវិញ្ញាណ ។ គ្រូបង្រៀនស្វែងរកការដឹកនាំពីព្រះវិញ្ញាណ នៅពេលពួកគាត់រៀបចំខ្លួន និងពេលពួកគាត់បង្រៀន ហើយពួកគាត់ខិតខំរស់នៅឲ្យស័ក្ដិសមនឹងព្រះចេស្ដារបស់ទ្រង់រៀងរាល់ថ្ងៃ ។
១៧.១.៣
បង្រៀនគោលលទ្ធិ
ព្រះអង្គសង្រ្គោះបានបង្រៀនពីគោលលទ្ធិរបស់ព្រះវរបិតាទ្រង់ ។ ដោយធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះ គ្រូបង្រៀនផ្ដោតលើសេចក្ដីពិតនៃការសង្គ្រោះដ៏ចាំបាច់នៃដំណឹងល្អ ។ ពួកគាត់បង្រៀនដោយប្រើប្រាស់បទគម្ពីរ និងការបង្រៀនរបស់ព្យាការីថ្ងៃចុងក្រោយ និងឯកសារបង្រៀនតាមកម្មវិធីសិក្សាដែលបានអនុម័ត ។ គ្រូបង្រៀនដឹកនាំការពិភាក្សាដ៏បំផុសគំនិត ហើយត្រូវប្រាកដថា ការបង្រៀនរបស់ពួកគាត់មានការស្អាងឡើង ហើយមានភាពត្រឹមត្រូវខាងគោលលទ្ធិ ។ សម្ភារដែលបានអនុម័តមានរាយនាមនៅក្នុង សេចក្ដីណែនាំស្តីពីកម្មវិធីសិក្សា បច្ចុប្បន្នដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។
១៧.១.៤
អញ្ជើញឲ្យមានការរៀនសូត្រដ៏ឧស្សាហ៍ព្យាយាម
គ្រូបង្រៀនលើកទឹកចិត្តសមាជិកឲ្យទទួលខុសត្រូវចំពោះការរៀនសូត្ររបស់ពួកគេផ្ទាល់ខ្លួន ។ ពួកគាត់គាំទ្រដល់សមាជិកឲ្យខិតខំរៀនសូត្រអំពីដំណឹងល្អ ទាំងការរៀនសូត្រផ្ទាល់ខ្លួន និងជាមួយក្រុមគ្រួសាររបស់ពួកគេ ។ ពួកគាត់អញ្ជើញសមាជិកឲ្យចែកចាយអ្វីដែលពួកគេកំពុងរៀន ហើយអនុវត្តតាមការរៀនសូត្រនោះ ។ សេចក្ដីជំនឿរបស់បុគ្គលម្នាក់រីកចម្រើនឡើង នៅពេលគាត់ ឬនាងចូលរួមយ៉ាងសកម្មនៅក្នុងការរៀនសូត្រអំពីដំណឹងល្អ ហើយអនុវត្តតាមគោលការណ៍នៃដំណឹងល្អនៅក្នុងជីវិតប្រចាំថ្ងៃ ។
១៧.២
ការរៀនសូត្រ និងការបង្រៀនដំណឹងល្អនៅក្នុងគេហដ្ឋាន
ដើម្បីមានការប្រែចិត្តជឿលើព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ នោះសមាជិកម្នាក់ៗក្នុងសាសនាចក្រមានការទទួលខុសត្រូវដើម្បីរៀនសូត្រដំណឹងល្អដោយខ្លួនឯង ។ លើសពីនេះទៀត ឪពុកម្តាយទទួលខុសត្រូវក្នុងការបង្រៀនដំណឹងល្អដល់កូនៗរបស់ខ្លួន ។ ការរៀនសូត្រ និងការបង្រៀនដំណឹងល្អគួរតែធ្វើឡើងនៅក្នុងគេហដ្ឋាន ។ ថ្នាក់ដឹកនាំ និងគ្រូបង្រៀនក្នុងសាសនាចក្រលើកទឹកចិត្ត ហើយគាំទ្រដល់ការរៀនសូត្រ និងការបង្រៀនដំណឹងល្អនៅក្នុងគេហដ្ឋាន ។
ថ្នាក់ដឹកនាំ និងគ្រូបង្រៀនលើកទឹកចិត្តសមាជិកឲ្យស្វែងរកការបំផុសគំនិតផ្ទាល់ខ្លួនអំពីរបៀបសិក្សា និងបង្រៀនដំណឹងល្អ ។ ធនធានចម្បងរបស់ពួកគេគួរតែជាព្រះគម្ពីរ និងសារលិខិតក្នុងសន្និសីទទូទៅ ។ ធនធានផ្គត់ផ្គង់អាចរួមមាន ចូរមកតាមខ្ញុំ និង ទស្សនាវដ្ដីសាសនាចក្រ ។
១៧.៣
ការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំទទួលខុសត្រូវលើការបង្រៀន និងការរៀនសូត្រនៅក្នុងអង្គការរបស់ខ្លួន ។ របៀបមួយចំនួនដែលពួកគាត់អាចបំពេញការទទួលខុសត្រូវនេះបាន មានចែងដូចខាងក្រោម ។
-
ធ្វើជាគំរូតាមរយៈការរៀនសូត្រ និងការបង្រៀនដំណឹងល្អតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ។
-
ធានាថាការបង្រៀននៅក្នុងអង្គការរបស់ខ្លួនស្ថាបនាសេចក្ដីជំនឿ ហើយត្រឹមត្រូវតាមគោលលទ្ធិ ។
-
ប្រសិនបើថ្នាក់ដឹកនាំគឺជាសមាជិកក្នុងក្រុមប្រឹក្សាវួដ សូមពិភាក្សាជាមួយនឹងសមាជិកផ្សេងទៀតក្នុងក្រុមប្រឹក្សានោះ ពីរបៀបកែលម្អការរៀនសូត្រ និងការបង្រៀនដំណឹងល្អនៅក្នុងវួដ ។ ប៊ីស្សពអាចអញ្ជើញប្រធានសាលាថ្ងៃអាទិត្យឲ្យដឹកនាំការពិភាក្សាទាំងនេះបាន ។
-
ប្រសិនបើចាំបាច់ សូមណែនាំឈ្មោះសមាជិកក្នុងវួដដល់គណៈប៊ីស្សព ដើម្បីហៅជាគ្រូបង្រៀននៅក្នុងអង្គការរបស់ពួកគាត់ ដោយធ្វើតាមសេចក្ដីណែនាំនៅក្នុង ៣០.១ ។
-
ជួបប្រជុំនឹងគ្រូបង្រៀនដែលទើបបានហៅថ្មី ហើយជួយពួកគេឲ្យរៀបចំខ្លួនសម្រាប់ការហៅរបស់ពួកគេ ( សូមមើល ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្រ្គោះ,ទំព័រ ៤០ ) ។
-
ផ្ដល់ការគាំទ្រជាបន្តបន្ទាប់ដល់គ្រូបង្រៀននៅក្នុងអង្គការរបស់ពួកគាត់ ។ និយាយជាមួយគ្រូបង្រៀនអំពីកិច្ចខិតខំរបស់ពួកគេ ដើម្បីស្ថាបនាសេចក្ដីជំនឿរបស់បងប្អូនដែលពួកគេបង្រៀនជាទៀងទាត់ ។ ប្រសិនបើចាំបាច់ សូមសុំជំនួយពីប្រធានសាលាថ្ងៃអាទិត្យ ។
១៧.៤
ការប្រជុំក្រុមប្រឹក្សាគ្រូបង្រៀន
នៅក្នុងការប្រជុំក្រុមប្រឹក្សាគ្រូបង្រៀន គ្រូបង្រៀនប្រឹក្សាយោបល់រួមគ្នាអំពីគោលការណ៍ទាំងឡាយនៃការបង្រៀនដូចជាព្រះគ្រីស្ទ ។ ពួកគេក៏ប្រឹក្សាគ្នាអំពីរបៀបកែលម្អការរៀនសូត្រ និងការបង្រៀនដំណឹងល្អផងដែរ ។ ពួកគេប្រើ ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ជាធនធានមួយ ។
ការប្រជុំក្រុមប្រឹក្សាគ្រូបង្រៀនត្រូវបានធ្វើឡើងរៀងរាល់ត្រីមាសអំឡុងម៉ោងរៀនរយៈពេល ៥០ នាទីនៅថ្ងៃអាទិត្យ ។
-
ការប្រជុំសម្រាប់គ្រូបង្រៀនបព្វជិតភាព សមាគមសង្គ្រោះ និងក្រុមយុវនារីអាចធ្វើឡើងនៅថ្ងៃអាទិត្យទីមួយ ឬទីបី ។
-
ការប្រជុំសម្រាប់គ្រូបង្រៀនសាលាថ្ងៃអាទិត្យអាចធ្វើឡើងនៅថ្ងៃអាទិត្យទីពីរ ឬទីបួន ។
គណៈប្រធានអង្គការបឋមសិក្សាប្រឹក្សាជាមួយនឹងសមាជិកមួយរូបនៃគណៈប៊ីស្សព ដើម្បីកំណត់ពីរបៀបដើម្បីពង្រឹងការបង្រៀននៅក្នុងអង្គការបឋមសិក្សា ។ ប្រធានសាលាថ្ងៃអាទិត្យអាចជួយបាន ប្រសិនបើចាំបាច់ ។ មានជម្រើសមួយចំនួនត្រូវបានរៀបរាប់ដូចតទៅនេះ ៖
-
គ្រូបង្រៀនអង្គការបឋមសិក្សាអាចចូលរួមក្នុងការប្រជុំក្រុមប្រឹក្សាគ្រូបង្រៀនជាមួយនឹងគ្រូបង្រៀនមកពីអង្គការផ្សេងៗបាន ។
-
ការប្រជុំក្រុមប្រឹក្សាគ្រូបង្រៀនអាចត្រូវបានធ្វើឡើងដាច់ដោយឡែកសម្រាប់គ្រូបង្រៀនអង្គការបឋមសិក្សា ។ ការប្រជុំទាំងនេះអាចត្រូវបានធ្វើឡើងនៅអំឡុងម៉ោងច្រៀងចម្រៀងរបស់អង្គការបឋមសិក្សារយៈពេល ២០ នាទី ។ ពួកគេអាចឆ្លាស់គ្នា ដោយធ្វើការប្រជុំនោះពីមុន ឬក្រោយការប្រជុំថ្ងៃអាទិត្យតាមធម្មតា ឬនៅថ្ងៃមួយទៀតអំឡុងសប្ដាហ៍ ។
-
សមាជិកនៃគណៈប្រធានអង្គការបឋមសិក្សាអាចចុះមើលថ្នាក់អង្គការបឋមសិក្សា ហើយប្រឹក្សាជាមួយគ្រូបង្រៀននៅពេលក្រោយ អំពីការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ។
ក្រុមប្រឹក្សាវួដមើលការខុសត្រូវ ហើយដាក់កាលវិភាគសម្រាប់ការប្រជុំក្រុមប្រឹក្សាគ្រូបង្រៀន ។ ជាធម្មតាសមាជិកម្នាក់នៃគណៈប្រធានសាលាថ្ងៃអាទិត្យដឹកនាំកិច្ចប្រជុំ ។ ទោះជាយ៉ាងណាក្ដី ក៏គណៈប៊ីស្សពអាចស្នើសុំឲ្យសមាជិកផ្សេងទៀតដឹកនាំការប្រជុំទាំងនេះបានផងដែរ ។
សម្រាប់ព័ត៌មានបន្ថែម សូមមើល « ការប្រជុំក្រុមប្រឹក្សាគ្រូបង្រៀន » នៅក្នុង ការបង្រៀនតាមរបៀបព្រះអង្គសង្រ្គោះ ( ទំព័រ ៣៨–៣៩ ) ។
១៧.៥
ការប្រជុំក្រុមប្រឹក្សាគ្រូបង្រៀនសម្រាប់ឪពុកម្តាយ
ក្រុមប្រឹក្សាវួដអាចរៀបចំការប្រជុំក្រុមប្រឹក្សាគ្រូបង្រៀនសម្រាប់ឪពុកម្ដាយ ដើម្បីជួយពួកគាត់ឲ្យកែលម្អដល់ការបង្រៀនដំណឹងល្អនៅក្នុងគេហដ្ឋាន ។ ដូចគ្នានឹងការប្រជុំក្រុមប្រឹក្សាគ្រូបង្រៀនផ្សេងទៀតដែរ ការប្រជុំទាំងនេះត្រូវបានធ្វើឡើងនៅអំឡុងម៉ោងរៀនរយៈពេល ៥០ នាទីនៅថ្ងៃអាទិត្យ ។
នៅក្នុងកិច្ចប្រជុំទាំងនេះ ឪពុកម្ដាយប្រឹក្សារួមគ្នាអំពីរបៀបអនុវត្តគោលការណ៍នៃការបង្រៀនដូចជាព្រះគ្រីស្ទ នៅពេលពួកគេបង្រៀនកូនរបស់ពួកគេ ។ ពួកគេប្រើ ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ជាធនធានមួយ រួមទាំងវគ្គដែលមានចំណងជើងថា « គេហដ្ឋាន និងគ្រួសារ» ( ទំព័រ ៣០–៣១ ) ។ ពួកគេក៏អាចពិភាក្សាអំពីយោបល់នៃការបង្រៀន និងការសិក្សាព្រះគម្ពីរនៅក្នុង ចូរមកតាមខ្ញុំ ដូចជាវគ្គដែល មានចំណងជើងថា « ការរៀបចំកូនៗរបស់បងប្អូនឲ្យនៅលើផ្លូវនៃសេចក្ដីសញ្ញារបស់ព្រះពេញមួយជីវិត » ។
ក្រុមប្រឹក្សាវួដមើលការខុសត្រូវ ហើយដាក់កាលវិភាគសម្រាប់ការប្រជុំក្រុមប្រឹក្សាគ្រូបង្រៀនសម្រាប់ឪពុកម្ដាយ ។ ពួកគេកំណត់ថា តើត្រូវអញ្ជើញឪពុកម្ដាយជាក់លាក់ឲ្យចូលរួម ឬត្រូវអញ្ជើញឪពុកម្ដាយទាំងអស់នៅក្នុងវួដ ។
ជាធម្មតាសមាជិកម្នាក់នៃគណៈប្រធានសាលាថ្ងៃអាទិត្យដឹកនាំកិច្ចប្រជុំ ។ ទោះជាយ៉ាងណាក្ដី ក៏គណៈប៊ីស្សពអាចស្នើសុំឲ្យសមាជិកផ្សេងទៀតដឹកនាំការប្រជុំទាំងនេះបានផងដែរ ។
សម្រាប់ព័ត៌មានបន្ថែម សូមមើល « ការប្រជុំក្រុមប្រឹក្សាគ្រូបង្រៀន » នៅក្នុង ការបង្រៀនតាមរបៀបព្រះអង្គសង្រ្គោះ ( ទំព័រ ៣៨–៣៩ ) ។