« ២៨. ពិធីបរិសុទ្ធទាំងឡាយនៃព្រះវិហារបរិសុទ្ធសម្រាប់មរណជន » ជម្រើសចេញមកពីក្បួនខ្នាតទូទៅ ( ឆ្នាំ២០២៣ ) ។
« ២៨. ពិធីបរិសុទ្ធទាំងឡាយនៃព្រះវិហារបរិសុទ្ធសម្រាប់មរណជន » ជម្រើសចេញមកពីក្បួនខ្នាតទូទៅ
២៨.
ពិធីបរិសុទ្ធទាំងឡាយនៃព្រះវិហារបរិសុទ្ធសម្រាប់មរណជន
២៨.០
សេចក្ដីផ្ដើម
ពិធីបរិសុទ្ធដែលធ្វើឡើងនៅក្នុងព្រះវិហារបរិសុទ្ធ អាចធ្វើឲ្យក្រុមគ្រួសារនៅជាមួយគ្នាអស់កល្បជានិច្ច និងដកពិសោធន៍នូវភាពពោរពេញនៃសេចក្ដីអំណរនៅក្នុងវត្តមានរបស់ព្រះ ។
ដើម្បីឲ្យបុត្រាបុត្រីរបស់ព្រះវរបិតាសួគ៌ត្រឡប់ទៅកាន់ទ្រង់វិញ ពួកគេម្នាក់ៗត្រូវតែប្រែចិត្ត មានភាពស័ក្ដិសមដើម្បីទទួលពិធីបរិសុទ្ធនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើង ហើយគោរពតាមសេចក្ដីសញ្ញាទាំងឡាយដែលទាក់ទងនឹងពិធីបរិសុទ្ធនីមួយៗ ។
ព្រះវរបិតាសួគ៌បានត្រាស់ដឹងថា បុត្រាបុត្រីរបស់ទ្រង់ជាច្រើននឹងមិនបានទទួលពិធីបរិសុទ្ធទាំងនេះអំឡុងជីវិតរមែងស្លាប់របស់ពួកគេនោះទេ ។ ទ្រង់បានប្រទានរបៀបមួយទៀតដើម្បីឲ្យពួកគេអាចទទួលបានពិធីបរិសុទ្ធ ហើយចុះសេចក្តីសញ្ញាទាំងឡាយជាមួយទ្រង់បាន ។ នៅក្នុងព្រះវិហារបរិសុទ្ធ ពិធីបរិសុទ្ធទាំងឡាយអាចត្រូវបានធ្វើឡើងដោយអ្នកជំនួស ។ នេះមានន័យថា មនុស្សដែលនៅរស់ទទួលពិធីបរិសុទ្ធទាំងឡាយជំនួសឲ្យនរណាម្នាក់ដែលបានស្លាប់ហើយ ។ នៅក្នុងពិភពវិញ្ញាណ មរណជនអាចជ្រើសរើសដើម្បីទទួល ឬបដិសេធពិធីបរិសុទ្ធទាំងឡាយដែលបានធ្វើសម្រាប់ពួកគាត់បាន ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៨:១៩, ៣២–៣៤, ៥៨–៥៩ ) ។
សមាជិកសាសនាចក្រត្រូវបានលើកទឹកចិត្តឲ្យស្វែងរកសាច់ញាតិដែលបានស្លាប់ ដែលពុំទាន់បានទទួលពិធីបរិសុទ្ធនៃសេចក្ដីសង្គ្រោះ និងភាពតម្កើងឡើងនៅឡើយ ។ បន្ទាប់មក សមាជិកធ្វើពិធីបរិសុទ្ធទាំងឡាយជំនួសឲ្យសាច់ញាតិទាំងនោះ ។
ប្រសិនបើសមាជិកមិនបានរៀបចំឈ្មោះរបស់គ្រួសារសម្រាប់កិច្ចការព្រះវិហារបរិសុទ្ធទេ ( សូមមើល ២៨.១.១ ) នោះឈ្មោះរបស់មរណជនដែលត្រូវការពិធីបរិសុទ្ធទាំងឡាយ នឹងត្រូវបានផ្ដល់ឲ្យនៅឯព្រះវិហារបរិសុទ្ធ ។
២៨.១
សេចក្តីណែនាំទូទៅសម្រាប់ការធ្វើពិធីបរិសុទ្ធជំនួស
មរណជនអាយុ ៨ ឆ្នាំឡើងនៅពេលដែលពួកគេបានស្លាប់ អាចទទួលពិធីបរិសុទ្ធជំនួសបាន ។ ករណីលើកលែងបានកត់សម្គាល់ក្នុង២៨.៣ ពិធីបរិសុទ្ធជំនួសអាចធ្វើឡើងសម្រាប់មរណជនទាំងអស់ភ្លាមបន្ទាប់ពីរយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃទទួលមរណភាព របស់ពួកគាត់ ប្រសិនបើមានចំនុចដូចខាងក្រោមនេះ ៖
-
សាច់ញាតិជិតដិតម្នាក់របស់មរណជន ( ស្វាមី ឬភរិយាដែលមិនបានលែងលះគ្នា កូនមជ្ឈិមវ័យ ឪពុក ឬម្ដាយ ឬបងប្អូនបង្កើត ) ដាក់បញ្ជូនឈ្មោះនោះដើម្បីធ្វើពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធ ។
-
ការអនុញ្ញាតឲ្យធ្វើពិធីបរិសុទ្ធ គឺត្រូវទទួលបានមកពីសាច់ញាតិជិតដិតម្នាក់របស់មរណជន ( ស្វាមី ឬភរិយាដែលមិនបានលែងលះគ្នា កូនមជ្ឈិមវ័យ ឪពុក ឬម្ដាយ ឬបងប្អូនបង្កើត ) ។
ប្រសិនបើមិនបានបំពេញតាមលក្ខខណ្ឌខាងលើទេពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធជំនួសអាចធ្វើឡើងបាននៅក្នុងរយៈពេល ១១០ ឆ្នាំ បន្ទាប់ពីមរណជនកើត ។
២៨.១.១
ការរៀបចំឈ្មោះរបស់មរណជនសម្រាប់ពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធ
នៅកន្លែងណាដែលមាន ព័ត៌មានដែលកំណត់អត្តសញ្ញាណសមាជិកគ្រួសារដែលបានស្លាប់ គួរតែត្រូវបញ្ចូលទៅក្នុងគេហទំព័រ FamilySearch.org មុនពេលធ្វើពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធ ( សូមមើល ២៥.៤.២ ) ។
២៨.១.១.១
ការដាក់បញ្ជូនឈ្មោះសមាជិកគ្រួសារ
ពេលដាក់បញ្ជូនឈ្មោះសម្រាប់ធ្វើពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធជំនួស នោះជាទូទៅ សមាជិកគួរតែដាក់បញ្ចូលតែឈ្មោះបុគ្គលទាំងឡាយដែលពួកគេជាប់សាច់ញាតិប៉ុណ្ណោះ ។
២៨.១.២
អ្នកដែលអាចចូលរួមក្នុងពិធីបរិសុទ្ធសម្រាប់មរណជន
សមាជិកទាំងអស់ដែលមានប័ណ្ណចូលព្រះវិហារបរិសុទ្ធដែលមានសុពលភាព អាចចូលរួមក្នុងពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់សម្រាប់មរណជនបាន ។ សមាជិកដែលបានទទួលអំណោយទានពិសិដ្ឋរួចហើយ ដែលកាន់ប័ណ្ណចូលព្រះវិហារបរិសុទ្ធដែលមានសុពលភាព អាចចូលរួមនៅក្នុងពិធីបរិសុទ្ធទាំងអស់ ។ សូមមើល ២៦.៣ ។
២៨.១.៤
ការដាក់កាលវិភាគ
សមាជិកអាចត្រូវធ្វើការណាត់ ពីមុនធ្វើពិធីបរិសុទ្ធសម្រាប់មរណជន ។ សូមមើលគេហទំព័រ temples.ChurchofJesusChrist.org សម្រាប់ព័ត៌មានទំនាក់ទំនងរបស់ព្រះវិហារបរិសុទ្ធនីមួយៗ និងតម្រូវការសម្រាប់ការដាក់កាលវិភាគ ។
២៨.២
ការធ្វើពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធសម្រាប់មរណជន
ពេលធ្វើពិធីបរិសុទ្ធជំនួស សមាជិកម្នាក់អាចធ្វើជាអ្នកជំនួសបានតែសម្រាប់មរណជន ដែលមានភេទកំណើតដូចគ្នានឹងសមាជិកនោះប៉ុណ្ណោះ ។
២៨.២.១
ពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់សម្រាប់មរណជន
សមាជិកណាដែលមានប័ណ្ណចូលព្រះវិហារបរិសុទ្ធមានសុពលភាព អាចត្រូវបានអញ្ជើញឲ្យបម្រើនៅក្នុងការចាត់តាំងមួយ ឬច្រើននៅឯអាងជ្រមុជទឹក ។ ការចាត់តាំងមួយចំនួនអាចរួមមាន ៖
-
ធ្វើជាអ្នកជំនួសសម្រាប់ពិធីបុណ្យជ្រមុជទឹក ។
-
ធ្វើជាសាក្សីសម្រាប់ធ្វើពិធីបុណ្យជ្រមុជទឹកជំនួស ។
-
ធ្វើជាអ្នកជំនួសសម្រាប់ធ្វើពិធីពិធីបញ្ជាក់ ។
-
ធ្វើជាជំនួយការដល់អ្នកធ្វើការក្នុងព្រះវិហារបរិសុទ្ធ ។
អ្នកកាន់បព្វជិតភាពម៉ិលគីស្សាដែក និងពួកសង្ឃនៅក្នុងបព្វជិតភាពអើរ៉ុន អាចត្រូវបានអញ្ជើញឲ្យធ្វើពិធីបុណ្យជ្រមុជទឹកសម្រាប់មរណជន ។ អ្នកកាន់បព្វជិតភាពម៉ិលគីស្សាដែកក៏អាចត្រូវបានអញ្ជើញឲ្យធ្វើជាអធិបតីនៅក្នុងពិធីបញ្ជាក់សម្រាប់មរណជនផងដែរ ។
មានតែបុរសដែលបានទទួលអំណោយទានពិសិដ្ឋហើយប៉ុណ្ណោះ ដែលត្រូវបានអញ្ជើញឲ្យ ៖
-
បម្រើជាអ្នកកត់ត្រានៅខាងមុខ ។
-
បម្រើជាអ្នកកត់ត្រាពិធីបញ្ជាក់ ។
២៨.២.២
ពិធីអំណោយទានពិសិដ្ឋ ( រួមទាំងពិធីលាងជម្រះ )
នៅពេលធ្វើពិធីអំណោយទានពិសិដ្ឋជំនួសសម្រាប់មរណជន នោះផ្នែកពិធីលាងជម្រះនៃអំណោយទានពិសិដ្ឋត្រូវបានធ្វើឡើង និងកត់ត្រាទុកដោយឡែក ( សូមមើល ២៧.២ ) ។ រាល់សមាជិកដែលបានទទួលអំណោយទានពិសិដ្ឋដែលមានប័ណ្ណចូលព្រះវិហារបរិសុទ្ធមានសុពលភាព អាចធ្វើជាអ្នកជំនួសដើម្បីទទួលពិធីបរិសុទ្ធទាំងនេះបាន ។
២៨.២.៣
ការផ្សារភ្ជាប់ជាមួយនឹងស្វាមី ឬភរិយា និងការផ្សារភ្ជាប់កូនៗជាមួយនឹងឪពុកម្តាយ
នៅក្នុងព្រះវិហារបរិសុទ្ធ មរណជនអាចត្រូវបានផ្សារភ្ជាប់ទៅនឹងស្វាមីភរិយា ដែលពួកគេបានរៀបការកាលពីនៅរស់ ។ មរណជនក៏អាចផ្សារភ្ជាប់ទៅនឹងកូនៗដែលនៅរស់ ឬដែលបានស្លាប់ផងដែរ ។ សមាជិកដែលបានទទួលអំណោយទានពិសិដ្ឋដែលមានប័ណ្ណចូលព្រះវិហារបរិសុទ្ធមានសុពលភាព អាចធ្វើជាអ្នកជំនួសសម្រាប់ពិធីបរិសុទ្ធនៃការផ្សារភ្ជាប់ ។
២៨.៣
កាលៈទេសៈពិសេស
វគ្គនេះពន្យល់អំពីកាលៈទេសៈទាំងឡាយ ដែលគោលការណ៍ណែនាំមួយចំនួននៅក្នុង ២៨.១ អាចនឹងមិនអនុវត្ត ។
២៨.៣.១
កូនដែលបានស្លាប់មុនពេលកើត ( កូនដែលស្លាប់ក្នុងផ្ទៃ ឬរលូត )
ពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធគឺពុំត្រូវការ ឬពុំត្រូវធ្វើសម្រាប់កូនដែលស្លាប់នៅក្នុងផ្ទៃនោះទេ ។ សម្រាប់ព័ត៌មានបន្ថែម សូមមើល ៣៨.៧.៣ ។
២៨.៣.២
កុមារដែលស្លាប់ក្រោមអាយុប្រាំបីឆ្នាំ
កុមារតូចៗត្រូវបានប្រោសលោះតាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ហើយត្រូវបាន « សង្គ្រោះនៅក្នុងនគរសេឡេស្ទាលនៃស្ថានសួគ៌ » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៧:១០ ) ។ ដោយសារមូលហេតុនេះហើយទើបគ្មានពិធីបុណ្យជ្រមុជទឹក ឬពិធីអំណោយទានពិសិដ្ឋត្រូវធ្វើឡើងសម្រាប់កុមារដែលស្លាប់មុនអាយុប្រាំបីឆ្នាំនោះទេ ។ ទោះជាយ៉ាងណា ការផ្សារភ្ជាប់ជាមួយឪពុកម្ដាយអាចត្រូវបានធ្វើឡើងសម្រាប់កុមារដែលមិនបានកើតនៅក្នុងសេចក្ដីសញ្ញា ឬពុំបានទទួលពិធីបរិសុទ្ធនោះពេលនៅរស់ ( សូមមើល ១៨.១ ) ។