« ២៧. ពិធីបរិសុទ្ធទាំងឡាយនៃព្រះវិហារបរិសុទ្ធសម្រាប់អ្នកនៅរស់ »ជម្រើសចេញមកពីក្បួនខ្នាតទូទៅ ( ឆ្នាំ២០២៣ ) ។
« ២៧. ពិធីបរិសុទ្ធទាំងឡាយនៃព្រះវិហារបរិសុទ្ធសម្រាប់អ្នកនៅរស់ » ជម្រើសចេញមកពីក្បួនខ្នាតទូទៅ
២៧.
ពិធីបរិសុទ្ធទាំងឡាយនៃព្រះវិហារបរិសុទ្ធសម្រាប់អ្នកនៅរស់
២៧.០
សេចក្តីផ្ដើម
ព្រះវិហារបរិសុទ្ធគឺជាដំណាក់របស់ព្រះអម្ចាស់ ។ វាចង្អុលបង្ហាញយើងទៅកាន់ព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទ ។ នៅក្នុងព្រះវិហារបរិសុទ្ធ យើងចូលរួមនៅក្នុងពិធីបរិសុទ្ធពិសិដ្ឋៗ ហើយចុះសេចក្ដីសញ្ញាជាមួយព្រះវរបិតាសួគ៌ដែលចងភ្ជាប់យើងទៅនឹងទ្រង់ និងព្រះអង្គសង្គ្រោះរបស់យើង ។ សេចក្ដីសញ្ញា និងពិធីបរិសុទ្ធទាំងនេះរៀបចំយើងឲ្យត្រឡប់ទៅវត្តមានរបស់ព្រះវរបិតាសួគ៌វិញ ហើយផ្សារភ្ជាប់យើងរួមគ្នាជាក្រុមគ្រួសារសម្រាប់ភាពអស់កល្បជានិច្ច ។
នៅក្នុងសេចក្តីសញ្ញា និងពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធ « អំណាចនៃព្រះត្រូវបានសម្ដែងឲ្យឃើញ » ( គោលលទ្ធិ និងសេចក្តីសញ្ញា ៨៤:២០ ) ។
សេចក្តីសញ្ញា និងពិធីបរិសុទ្ធទាំងឡាយនៃព្រះវិហារបរិសុទ្ធមានភាពពិសិដ្ឋ ។ និមិត្តសញ្ញាដែលទាក់ទងនឹងសេចក្ដីសញ្ញានៃព្រះវិហារបរិសុទ្ធមិនត្រូវបានយកមកពិភាក្សានៅខាងក្រៅព្រះវិហារបរិសុទ្ធឡើយ ។ ហើយយើងក៏ពុំគួរពិភាក្សាពីព័ត៌មានពិសិដ្ឋដែលយើងសន្យានៅក្នុងព្រះវិហារបរិសុទ្ធថា នឹងមិនបើកបង្ហាញដល់គេដែរ ។ ទោះជាយ៉ាងណាក្ដី យើងអាចពិភាក្សាពីគោលបំណង និងគោលលទ្ធិសំខាន់ៗនៃសេចក្ដីសញ្ញា និងពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធ និងអារម្មណ៍ខាងវិញ្ញាណដែលយើងមាននៅក្នុងព្រះវិហារបរិសុទ្ធ ។
ថ្នាក់ដឹកនាំវួដ និងស្ដេកពិភាក្សាពីព័ត៌មាននៅក្នុងជំពូកនេះជាមួយនឹងសមាជិកដែលកំពុងរៀបចំខ្លួនដើម្បីទទួលអំណោយទានពិសិដ្ឋ ឬពិធីបរិសុទ្ធនៃការផ្សារភ្ជាប់ ។
២៧.១
ការទទួលពិធីបរិសុទ្ធទាំងឡាយនៃព្រះវិហារបរិសុទ្ធ
២៧.១.១
ការរៀបចំខ្លួនដើម្បីទទួលពិធីបរិសុទ្ធទាំងឡាយនៃព្រះវិហារបរិសុទ្ធ
សមាជិកគួររៀបចំខ្លួនខាងវិញ្ញាណដើម្បីទទួលពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធ ហើយចុះ និងគោរពតាមសេចក្តីសញ្ញានៃព្រះវិហារបរិសុទ្ធ ។
ឪពុកម្តាយមានការទទួលខុសត្រូវដ៏សំខាន់ដើម្បីជួយកូនៗរបស់ពួកគេឲ្យរៀបចំខ្លួនទទួលពិធីបរិសុទ្ធនៅក្នុងព្រះវិហារបរិសុទ្ធ ។ ថ្នាក់ដឹកនាំស្ដេក និងវួដ បងប្អូនប្រុស និងបងប្អូនស្រីដែលផ្ដល់ការងារបម្រើ និងសមាជិកគ្រួសារសាច់ញាតិគាំទ្រដល់ឪពុកម្ដាយនៅក្នុងតួនាទីនេះ ។
ធនធានដើម្បីជួយសមាជិកឲ្យរៀបចំខ្លួនទទួលពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធមាននៅលើគេហទំព័រ temples.ChurchofJesusChrist.org ។
សមាជិកដែលកំពុងរៀបចំខ្លួនដើម្បីទទួលអំណោយទានពិសិដ្ឋរបស់ពួកគេ ឬដើម្បីផ្សារភ្ជាប់នឹងស្វាមី ឬភរិយាត្រូវបានលើកទឹកចិត្តឲ្យចូលរួមនៅក្នុងវគ្គសិក្សាការរៀបចំខ្លួនទៅព្រះវិហារបរិសុទ្ធ ( សូមមើល ២៥.២.៨ ) ។
២៧.១.៣
សមាជិកដែលពិការផ្នែករាងកាយ
សមាជិកមានភាពស័ក្ដិសមដែលពិការផ្នែករាងកាយអាចទទួលពិធីបរិសុទ្ធទាំងអស់ក្នុងព្រះវិហារបរិសុបាន ។ សមាជិកទាំងនេះត្រូវបានលើកទឹកចិត្តឲ្យចូលរួមនៅក្នុងព្រះវិហារបរិសុទ្ធជាមួយសាច់ញាតិ ឬមិត្តភក្ដិដែលបានទទួលអំណោយទានពិសិដ្ឋរួចហើយដែលមានភេទដូចពួកគេ ដែលអាចជួយពួកគេបាន ។ ប្រសិនបើសមាជិកមិនអាចចូលរួមជាមួយសមាជិកគ្រួសារ ឬមិត្តភក្ដិបានទេ នោះពួកគេអាចទូរសព្ទទៅព្រះវិហារបរិសុទ្ធជាមុន ដើម្បីដឹងពីការរៀបចំណាមួយដែលអាចធ្វើឡើងបាន ។
២៧.១.៤
ជំនួយខាងការបកប្រែឯកសារ ឬការបកប្រែផ្ទាល់មាត់
ប្រសិនបើសមាជិកត្រូវការជំនួយខាងការបកប្រែ នោះពួកគេគួរតែទាក់ទងទៅព្រះវិហារបរិសុទ្ធជាមុន ដើម្បីប្រាកដថា មានជំនួយខាងការបកប្រែនេះ ។
២៧.១.៥
សម្លៀកបំពាក់ដើម្បីពាក់ទៅកាន់ព្រះវិហារបរិសុទ្ធ
នៅពេលទៅកាន់ព្រះវិហារបរិសុទ្ធ សមាជិកគួរតែពាក់សម្លៀកបំពាក់ ដែលជាទូទៅពួកគេពាក់ទៅការប្រជុំសាក្រាម៉ង់ ។
សូមមើល ២៧.៣.២.៦ សម្រាប់ព័ត៌មានអំពីសម្លៀកបំពាក់ដែលត្រូវពាក់សម្រាប់អាពាហ៍ពិពាហ៍ ឬការផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធ ។
សូមមើល ៣៨.៥ សម្រាប់ព័ត៌មានអំពី ៖
-
សម្លៀកបំពាក់ដែលត្រូវពាក់អំឡុងពិធីបរិសុទ្ធនៃអំណោយទានពិសិដ្ឋ និងការផ្សារភ្ជាប់ ។
-
ការទទួល ការស្លៀកពាក់ និងការមើលថែសម្លៀកបំពាក់សម្រាប់ពិធីក្នុងព្រះវិហារបរិសុទ្ធ និងសម្លៀកបំពាក់ពិសិដ្ឋ ។
២៧.១.៦
តំហែទាំកុមារ
កុមារត្រូវតែមានមនុស្សពេញវ័យមើលថែ ប្រសិនបើពួកគេនៅបរិវេណព្រះវិហារបរិសុទ្ធ ។ មានអ្នកធ្វើការក្នុងព្រះវិហារបរិសុទ្ធដើម្បីជួយមើលកុមារ ប៉ុន្ដែសម្រាប់តែស្ថានភាពដូចខាងក្រោមនេះប៉ុណ្ណោះ ៖
-
ប្រសិនបើពួកគេត្រូវផ្សារភ្ជាប់នឹងឪពុកម្ដាយ ។
-
ប្រសិនបើពួកគេនឹងមកមើលការផ្សារភ្ជាប់របស់បងប្អូនបង្កើត បងប្អូនចុង ឬបងប្អូនដែលមានឪពុក ឬម្តាយទីទៃពីគ្នាដែលនៅរស់ ទៅនឹងឪពុកម្តាយរបស់ពួកគេ ។
២៧.១.៧
ការជួបជាមួយនឹងសមាជិកបន្ទាប់ពីពួកគេទទួលពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធ
ជារឿយៗ សមាជិកមានសំណួរបន្ទាប់ពីទទួលពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធហើយ ។ សមាជិកគ្រួសារដែលបានទទួលអំណោយទានពិសិដ្ឋរួចហើយ ប៊ីស្សព ថ្នាក់ដឹកនាំផ្សេងទៀតក្នុងវួដ បងប្អូនប្រុស និងបងប្អូនស្រីដែលផ្ដល់ការងារបម្រើ អាចជួបនឹងសមាជិកដើម្បីពិភាក្សាពីបទពិសោធន៍របស់ពួកគេក្នុងព្រះវិហារបរិសុទ្ធ ។
ធនធានដើម្បីជួយឆ្លើយសំណួរនានាមាននៅលើគេហទំព័រ temples.ChurchofJesusChrist.org ។
២៧.២
អំណោយទានពិសិដ្ឋ
ពាក្យ អំណោយទានពិសិដ្ឋ មានន័យថា « អំណោយមួយ » ។ អំណោយទានពិសិដ្ឋនៃព្រះវិហារបរិសុទ្ធគឺពិតជាអំណោយទានមួយមកពីព្រះ ដែលទ្រង់បានប្រទានពរដល់បុត្រាបុត្រីរបស់ទ្រង់ពិតមែន ។ អំណោយទានមួយចំនួនដែលសមាជិកទទួលតាមរយៈអំណោយទានពិសិដ្ឋក្នុងព្រះវិហារបរិសុទ្ធរួមមាន ៖
-
ចំណេះដឹងដ៏អស្ចារ្យអំពីព្រះរាជបំណង និងការបង្រៀនរបស់ព្រះអម្ចាស់ ។
-
អំណាចដើម្បីធ្វើរឿងគ្រប់យ៉ាងដែលព្រះវរបិតាសួគ៌សព្វព្រះទ័យឲ្យបុត្រាបុត្រីរបស់ទ្រង់ធ្វើ ។
-
ការដឹកនាំរបស់ព្រះ ពេលយើងបម្រើព្រះអម្ចាស់ ក្រុមគ្រួសាររបស់ពួកគេ និងមនុស្សដទៃ ។
-
សេចក្ដីសង្ឃឹម ការលួងលោមចិត្ត និងសេចក្ដីសុខសាន្តកើនឡើង ។
ការបំពេញពរជ័យទាំងនេះផ្អែកទៅលើភាពស្មោះត្រង់ចំពោះដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។
អំណោយទានពិសិដ្ឋបានទទួលជាពីរផ្នែក ។ នៅផ្នែកទីមួយ បុគ្គលម្នាក់ទទួលពិធីបរិសុទ្ធដំបូងដែលហៅថា ពិធីលាងជម្រះ ។ ពិធីលាងជម្រះមានបញ្ចូលនូវពិធីបរិសុទ្ធចំនួនបីនៅក្នុងនោះគឺ ពិធីលាង ពិធីលាបប្រេង និងពិធីពាក់ សម្លៀកបំពាក់ ( សូមមើលនិក្ខមនំ ២៩:៤–៩ ) ។ វារួមមានពរជ័យពិសេសដែលទាក់ទងនឹងមរតក និងសក្ដានុពលដ៏ទេវភាពរបស់បុគ្គលនោះ ។
អំឡុងពិធីលាងជម្រះ សមាជិកត្រូវបានណែនាំឲ្យពាក់សម្លៀកបំពាក់ពិសិដ្ឋនៃព្រះវិហារបរិសុទ្ធ ។ សម្លៀកបំពាក់ពិសិដ្ឋនេះតំណាងឲ្យទំនាក់ទំនងផ្ទាល់ខ្លួនរបស់គាត់ជាមួយនឹងព្រះ និងការតាំងចិត្តដើម្បីគោរពតាមសេចក្ដីសញ្ញាដែលបានធ្វើនៅក្នុងព្រះវិហារបរិសុទ្ធ ។ នៅពេលសមាជិកស្មោះត្រង់ចំពោះសេចក្ដីសញ្ញារបស់ពួកគេ ហើយស្លៀកសម្លៀកបំពាក់ពិសិដ្ឋនោះយ៉ាងត្រឹមត្រូវពេញមួយជីវិតរបស់ពួកគេ នោះវាក៏ក្លាយជាការការពារមួយផងដែរ ។ សម្រាប់ព័ត៌មានអំពីការស្លៀកពាក់ និងការថែទាំសម្លៀកបំពាក់ពិសិដ្ឋ សូមមើល ៣៨.៥.៥ ។
នៅផ្នែកទីពីរនៃអំណោយទានពិសិដ្ឋ ផែនការនៃសេចក្ដីសង្គ្រោះត្រូវបានបង្រៀន រួមមានការបង្កបង្កើត ការធ្លាក់នៃលោកអ័ដាម និងនាងអេវ៉ា ដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ការក្បត់សាសនា និងការស្ដារឡើងវិញ ។ សមាជិកក៏ទទួលបានការណែនាំអំពីរបៀបត្រឡប់ទៅវត្តមានរបស់ព្រះអម្ចាស់វិញផងដែរ ។
នៅក្នុងពិធីអំណោយទានពិសិដ្ឋ សមាជិកត្រូវបានអញ្ជើញឲ្យចុះសេចក្ដីសញ្ញាដ៏ពិសិដ្ឋដូចខាងក្រោម ៖
-
រស់នៅតាមក្រឹត្យវិន័យនៃការគោរពប្រតិបត្តិ ហើយខិតខំគោរពតាមព្រះបញ្ញត្តិទាំងឡាយរបស់ព្រះវរបិតាសួគ៌ ។
-
គោរពប្រតិបត្តិតាមក្រឹត្យវិន័យនៃពលិកម្ម ដែលមានន័យថា ការធ្វើពលិកម្មដើម្បីគាំទ្រដល់កិច្ចការរបស់ព្រះអម្ចាស់ និងការប្រែចិត្តដោយចិត្តសង្រេង និងវិញ្ញាណទន់ទាប ។
-
គោរពតាមក្រិត្យវិន័យនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។
-
គោរពច្បាប់ព្រហ្មចារីភាព ដែលមានន័យថា ត្រូវចៀសវាងពីការមានទំនាក់ទំនងផ្លូវភេទក្រៅចំណងអាពាហ៍ពិពាហ៍ ស្របច្បាប់រវាងបុរសម្នាក់និងស្រ្តីម្នាក់ ដែលស្របតាមក្រឹត្យវិន័យរបស់ព្រះប៉ុណ្ណោះ ។
-
គោរពតាមក្រឹត្យវិន័យនៃការថ្វាយ ដែលមានន័យថា សមាជិកថ្វាយពេលវេលា ទេពកោសល្យ និងអ្វីៗដែលព្រះអម្ចាស់បានប្រទានដល់ពួកគេដើម្បីស្ថាបនាសាសនាចក្ររបស់ព្រះយេស៊ូវគ្រីស្ទនៅលើផែនដី ។
ជាលទ្ធផល ព្រះវរបិតាសួគ៌សន្យាថា អ្នកដែលបន្តស្មោះត្រង់ចំពោះសេចក្ដីសញ្ញារបស់ពួកគេក្នុងព្រះវិហារបរិសុទ្ធនឹងត្រូវបានប្រទានឲ្យនូវ « ព្រះចេស្ដាមកពីស្ថានលើ » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ៣៨:៣២, ៣៨; សូមមើលផងដែរ លូកា ២៤:៤៩; គោលលទ្ធិ និងសេចក្ដីសញ្ញា ៤៣:១៦ ) ។
២៧.២.១
អ្នកដែលអាចនឹងទទួលអំណោយទានពិសិដ្ឋ
សមាជិកពេញវ័យដែលដឹងខុសត្រូវគ្រប់រូបក្នុងសាសនាចក្រ ត្រូវបានអញ្ជើញឲ្យរៀបចំខ្លួន ហើយទទួលអំណោយទានពិសិដ្ឋរបស់ពួកគេ ។ ពិធីបរិសុទ្ធដែលតម្រូវឲ្យមានជាមុនទាំងអស់ត្រូវតែធ្វើឲ្យចប់រួចរាល់ ហើយកត់ត្រាទុក ពីមុនសមាជិកអាចទទួលអំណោយទានពិសិដ្ឋបាន ( សូមមើល ២៦.៣.១ ) ។
២៧.២.១.១
សមាជិកដែលទទួលបុណ្យជ្រមុជទឹកថ្មីៗ
សមាជិកមជ្ឈិមវ័យថ្មីដែលមានភាពស័ក្តិសមអាចទទួលអំណោយទានពិសិដ្ឋរបស់ពួកគេ យ៉ាងហោចណាស់រយៈពេលមួយឆ្នាំពេញ បន្ទាប់ពីកាលបរិច្ឆេទនៃពិធីបញ្ជាក់របស់ពួកគេ ។
២៧.២.១.២
សមាជិកដែលមានស្វាមី ឬភរិយាមិនបានទទួលអំណោយទានពិសិដ្ឋ
សមាជិកដែលមានភាពស័ក្តិសម ដែលមានស្វាមី ឬភរិយាដែលមិនបានទទួលអំណោយទានពិសិដ្ឋអាចទទួលអំណោយទានពិសិដ្ឋរបស់គាត់ផ្ទាល់បាន នៅពេលបំពេញតាមលក្ខខណ្ឌដូចខាងក្រោមនេះ ៖
-
ស្វាមី ឬភរិយាដែលមិនបានទទួលអំណោយទានពិសិដ្ឋផ្ដល់សិទ្ធិឲ្យគាត់ ។
-
សមាជិកនោះ ប៊ីស្សព និងប្រធានស្តេកជឿជាក់ថា ការទទួលខុសត្រូវដែលមានជាមួយនឹងសេចក្តីសញ្ញានៃព្រះវិហារបរិសុទ្ធនឹងមិនរំខានដល់អាពាហ៍ពិពាហ៍ឡើយ ។
លក្ខខណ្ឌទាំងនេះអនុវត្ត ទោះជាស្វាមី ឬភរិយាជាសមាជិកសាសនាចក្រ ឬក៏មិនមែនជាសមាជិកក្ដី ។
២៧.២.១.៣
សមាជិកដែលមានពិការភាពផ្នែកបញ្ញា
សមាជិកដែលមានពិការភាពផ្នែកបញ្ញាអាចទទួលអំណោយទានពិសិដ្ឋរបស់ពួកគេផ្ទាល់បាន ប្រសិនបើ ៖
-
ពួកគេបានទទួលពិធីបរិសុទ្ធដែលតម្រូវជាមុនទាំងអស់ ( សូមមើល ២៦.៣.១ ) ។
-
ពួកគេមានសមត្ថភាពផ្នែកបញ្ញាដើម្បីយល់ ធ្វើ និងរក្សាសេចក្ដីសញ្ញាដែលមាន ។
ប៊ីស្សពប្រឹក្សាជាមួយនឹងសមាជិករូបនោះ ហើយប្រសិនបើអាចធ្វើបាន ជាមួយនឹងឪពុកម្ដាយរបស់គាត់ផងដែរ ។ គាត់ក៏ស្វែងរកការដឹកនាំពីព្រះវិញ្ញាណផងដែរ ។ គាត់អាចប្រឹក្សាជាមួយនឹងប្រធានស្តេក ។
២៧.២.២
ការសម្រេចចិត្តពីពេលវេលាដើម្បីទទួលអំណោយទានពិសិដ្ឋ
ការសម្រេចចិត្តដើម្បីទទួលអំណោយទានពិសិដ្ឋគឺជារឿងផ្ទាល់ខ្លួន ហើយវាគួរតែធ្វើឡើងប្រកបដោយការអធិស្ឋាន ។ អំណោយទានពិសិដ្ឋគឺជាពរជ័យមួយនៃអំណាច និងវិវរណៈចំពោះអ្នកដែលរៀបចំខ្លួនទទួលអំណោយទានពិសិដ្ឋនោះ ។ សមាជិកអាចនឹងជ្រើសរើសទទួលអំណោយទានពិសិដ្ឋរបស់ពួកគេ នៅពេលពួកគេធ្វើតាមលក្ខខណ្ឌដូចខាងក្រោម ៖
-
ពួកគេមានអាយុយ៉ាងហោចណាស់ ១៨ ឆ្នាំ ។
-
ពួកគេរៀនចប់ ឬលែងចូលរៀនថ្នាក់វិទ្យាល័យ ថ្នាក់អនុវិទ្យាល័យ ឬថ្នាក់ដែលមានកម្រិតស្មើគ្នាទៀត ។
-
ពិធីបញ្ជាក់របស់ពួកគេបានពេញមួយឆ្នាំ ។
-
ពួកគេមានបំណងប្រាថ្នាដើម្បីទទួល ហើយគោរពតាមសេចក្ដីសញ្ញាពិសិដ្ឋក្នុងព្រះវិហារបរិសុទ្ធពេញមួយជីវិតរបស់ពួកគេ ។
សមាជិកដែលបានទទួលការហៅបម្រើបេសកកម្ម ឬកំពុងរៀបចំខ្លួនផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធគួរតែទទួលអំណោយទានពិសិដ្ឋ ។
ពីមុនចេញប័ណ្ណចូលព្រះវិហារបរិសុទ្ធ ដើម្បីឲ្យសមាជិកម្នាក់អាចទទួលអំណោយទានពិសិដ្ឋបាន នោះប៊ីស្សព និងប្រធានស្តេកគួរតែមានអារម្មណ៍ថា បុគ្គលនោះបានរៀបចំខ្លួនដើម្បីយល់ ហើយគោរពតាមសេចក្ដីសញ្ញាពិសិដ្ឋក្នុងព្រះវិហារបរិសុទ្ធ ។ សិទ្ធិទទួលនេះត្រូវបានកំណត់ឡើងដាច់ដោយឡែកពីគ្នាសម្រាប់បុគ្គលម្នាក់ៗ ។
២៧.២.៣
ការដាក់ផែនការ និងការកំណត់ពេលវេលាសម្រាប់អំណោយទានពិសិដ្ឋ
២៧.២.៣.១
ការទទួលប័ណ្ណដើម្បីធ្វើពិធីបរិសុទ្ធសម្រាប់អ្នកនៅរស់
សមាជិកត្រូវទទួលប័ណ្ណដើម្បីធ្វើពិធីបរិសុទ្ធសម្រាប់អ្នកនៅរស់ ដើម្បីចូលទៅព្រះវិហារបរិសុទ្ធ ហើយទទួលអំណោយទានពិសិដ្ឋ ។ សម្រាប់ព័ត៌មានបន្ថែមអំពីប័ណ្ណទាំងនេះ សូមមើល ២៦.៥.១ ។
២៧.២.៣.២
ការទាក់ទងទៅព្រះវិហារបរិសុទ្ធ
សមាជិកដែលកំពុងដាក់ផែនការដើម្បីទទួលអំណោយទានពិសិដ្ឋគួរតែទាក់ទងទៅព្រះវិហារបរិសុទ្ធជាមុន ដើម្បីកំណត់ពេលវេលាសម្រាប់ពិធីបរិសុទ្ធនោះ ។
២៧.២.៣.៣
អ្នកអមសមាជិកដែលទទួលអំណោយទានពិសិដ្ឋ
សមាជិកដែលទទួលអំណោយទានពិសិដ្ឋរបស់ពួកគេផ្ទាល់ អាចអញ្ជើញសមាជិកភេទដូចគ្នាម្នាក់ដែលបានទទួលអំណោយទានពិសិដ្ឋរួចហើយ ដើម្បីធ្វើជាអ្នកអមដំណើរ និងជួយពួកគេអំឡុងវគ្គនៃអំណោយទានពិសិដ្ឋ ។ អ្នកអមដំណើរត្រូវតែមានប័ណ្ណចូលព្រះវិហារបរិសុទ្ធដែលមានសុពលភាព ។ ព្រះវិហារបរិសុទ្ធអាចផ្តល់អ្នកអមដំណើរនោះ ប្រសិនបើត្រូវការ ។
២៧.៣
ការផ្សារភ្ជាប់រវាងស្វាមី និងភរិយា
ពិធីផ្សារភ្ជាប់ក្នុងព្រះវិហារបរិសុទ្ធចងភ្ជាប់ស្វាមី និងភរិយា ជាមួយគ្នាសម្រាប់វេលាកាល និងអស់ទាំងភាពកល្បជានិច្ច ។ ពួកគេនឹងទទួលបានពរជ័យទាំងនេះ ប្រសិនបើពួកគេស្មោះត្រង់ចំពោះសេចក្ដីសញ្ញា ដែលពួកគេបានធ្វើនៅក្នុងព្រះវិហារបរិសុទ្ធ ។ តាមរយៈពិធីបរិសុទ្ធនេះ នោះកូនៗរបស់ពួកគេអាចមានចំណែកនៅក្នុងគ្រួសារដ៏អស់កល្បជានិច្ចរបស់ពួកគេផងដែរ ។
ថ្នាក់ដឹកនាំសាសនាចក្រលើកទឹកចិត្តឲ្យសមាជិករៀបចំខ្លួនរៀបអាពាហ៍ពិពាហ៍នៅក្នុងព្រះវិហារបរិសុទ្ធ ហើយរៀបការ និងផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធ ។ នៅកន្លែងណាដែលអាពាហ៍ពិពាហ៍នៅក្នុងព្រះវិហារបរិសុទ្ធមិនត្រូវបានគេទទួលស្គាល់តាមច្បាប់ នោះថ្នាក់ដឹកនាំសាសនាចក្រដែលមានសិទ្ធិអំណាច ឬអ្នកផ្សេងទៀតអាចធ្វើពិធីអាពាហ៍ពិពាហ៍ស៊ីវិល ដែលបន្ដដោយការផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធបាន ( សូមមើល ៣៨.៣ ) ។ លំនាំនេះក៏អាចធ្វើតាមបានដែរ នៅពេលអាពាហ៍ពិពាហ៍នៅក្នុងព្រះវិហារបរិសុទ្ធអាចបណ្ដាលឲ្យឪពុកម្ដាយ ឬសមាជិកគ្រួសារជិតដិត មានអារម្មណ៍ថាមិនត្រូវបានគេរាប់អាន ដោយសារពួកគេមិនអាចចូលរួមក្នុងពិធីនៃព្រះវិហារបរិសុទ្ធបាន ។
២៧.៣.១
សមាជិកដែលអាចនឹងផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធ
សមាជិកមិនទាន់រៀបការដែលដឹងខុសត្រូវគ្រប់រូបក្នុងសាសនាចក្រត្រូវបានអញ្ជើញឲ្យរៀបចំខ្លួនសម្រាប់ការផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធ ។ អ្នកដែលបានរៀបការស៊ីវិលហើយត្រូវបានលើកទឹកចិត្តឲ្យផ្សារភ្ជាប់សម្រាប់កាលវេលានេះ និងភាពអស់កល្បជានិច្ចនៅក្នុងព្រះវិហារបរិសុទ្ធភ្លាមៗ បន្ទាប់ពីពួកគេបានរៀបចំខ្លួនរួច ។ សមាជិកទាំងឡាយត្រូវតែទទួលអំណោយទានពិសិដ្ឋពីមុនពួកគេអាចផ្សារភ្ជាប់បាន ( សូមមើល ២៧.២ ) ។
គូស្វាមីភរិយាដែលត្រូវផ្សារភ្ជាប់ក្នុងព្រះវិហារបរិសុទ្ធត្រូវតែបាន ( ១ ) រៀបការស៊ីវិលពីមុនផ្សារភ្ជាប់ ឬ ( ២ ) បានរៀបការ និងផ្សារភ្ជាប់នៅក្នុងពិធីតែមួយក្នុងព្រះវិហារបរិសុទ្ធ ។ សូមមើល ២៧.៣.២ ។
២៧.៣.១.២
សមាជិកដែលមានពិការភាពផ្នែកបញ្ញា
សមាជិកដែលមានពិការភាពផ្នែកបញ្ញាអាចនឹងផ្សារភ្ជាប់ទៅនឹងស្វាមី ឬភរិយា ឬគូដណ្ដឹងរបស់ពួកគេបាន ប្រសិនបើ ៖
-
ពួកគេបានទទួលពិធីបរិសុទ្ធដែលតម្រូវជាមុនទាំងអស់ រួមទាំងអំណោយទានពិសិដ្ឋ ( សូមមើល ២៧.២.១.៣ ) ។
-
ពួកគេមានសមត្ថភាពផ្នែកបញ្ញាដើម្បីយល់ ធ្វើ និងរក្សាសេចក្ដីសញ្ញាដែលមាន ។
ប៊ីស្សពប្រឹក្សាជាមួយនឹងសមាជិកនេះ និងស្វាមី ឬភរិយា ឬគូដណ្ដឹងរបស់គាត់ ។ គាត់ក៏ស្វែងរកការដឹកនាំពីព្រះវិញ្ញាណផងដែរ ។ គាត់អាចប្រឹក្សាជាមួយនឹងប្រធានស្តេក ។
២៧.៣.២
ការដាក់ផែនការ និងការកំណត់ពេលវេលាសម្រាប់អាពាហ៍ពិពាហ៍ ឬពិធីផ្សារភ្ជាប់ក្នុងព្រះវិហារបរិសុទ្ធ
២៧.៣.២.១
ការទទួលប័ណ្ណដើម្បីធ្វើពិធីបរិសុទ្ធសម្រាប់អ្នកនៅរស់
សមាជិកត្រូវទទួលប័ណ្ណដើម្បីធ្វើពិធីបរិសុទ្ធសម្រាប់អ្នកនៅរស់ ដើម្បីផ្សារភ្ជាប់ទៅនឹងស្វាមី ឬភរិយារបស់គាត់ ។ សម្រាប់ព័ត៌មានបន្ថែមអំពីប័ណ្ណទាំងនេះ សូមមើល ២៦.៣ ។
២៧.៣.២.២
ការទាក់ទងទៅព្រះវិហារបរិសុទ្ធ
សមាជិកដែលកំពុងដាក់ផែនការដើម្បីរៀបការ ឬផ្សារភ្ជាប់នឹងស្វាមី ឬភរិយាគួរតែទាក់ទងទៅព្រះវិហារបរិសុទ្ធជាមុន ដើម្បីកំណត់ពេលវេលាសម្រាប់ពិធីបរិសុទ្ធនោះ ។
២៧.៣.២.៣
ការទទួលបានសំបុត្រអាពាហ៍ពិពាហ៍
ពីមុនរៀបការ គូស្វាមីភរិយាមួយគូត្រូវតែមានសំបុត្រអាពាហ៍ពិពាហ៍ស្របច្បាប់ដែលមានសុពលភាព នៅទីកន្លែងដែលអាពាហ៍ពិពាហ៍នោះបានធ្វើឡើង ។ ប្រសិនបើគូស្វាមីភរិយាគូនេះមានផែនការរៀបការ ហើយផ្សារភ្ជាប់នៅក្នុងពិធីតែមួយ នោះពួកគេត្រូវតែនាំយកសំបុត្រអាពាហ៍ពិពាហ៍ដែលមានសុពលភាពទៅកាន់ព្រះវិហារបរិសុទ្ធ ។
គូស្វាមីភរិយាដែលត្រូវផ្សារភ្ជាប់បន្ទាប់ពីអាពាហ៍ពិពាហ៍ស៊ីវិលពុំចាំបាច់យកសំបុត្រអាពាហ៍ពិពាហ៍ទៅព្រះវិហារបរិសុទ្ធទេ ។ ផ្ទុយទៅវិញ ពួកគេផ្ដល់កាលបរិច្ឆេទ និងទីកន្លែងនៃអាពាហ៍ពិពាហ៍ស៊ីវិលរបស់ពួកគេជាផ្នែកមួយនៃដំណើរការផ្ទៀងផ្ទាត់កំណត់ត្រា ។
២៧.៣.២.៤
អ្នកអមកូនក្រមុំ និងកូនកំលោះ
បងប្អូនស្រីម្នាក់ដែលបានទទួលអំណោយទានពិសិដ្ឋរួចហើយ អាចអមដំណើរកូនក្រមុំដើម្បីជួយនាងចូលទៅក្នុងបន្ទប់ស្លៀកសម្លៀកបំពាក់ ។ បងប្អូនប្រុសដែលបានទទួលអំណោយទានពិសិដ្ឋរួចហើយ ក៏អាចធ្វើដូចគ្នាសម្រាប់កូនកំលោះដែរ ។ អ្នកអមដំណើរត្រូវតែមានប័ណ្ណចូលព្រះវិហារបរិសុទ្ធដែលមានសុពលភាព ។ ព្រះវិហារបរិសុទ្ធអាចផ្តល់អ្នកអមដំណើរនោះ ប្រសិនបើត្រូវការ ។
២៧.៣.២.៥
បុគ្គលដែលធ្វើពិធីរៀបអាពាហ៍ពិពាហ៍ ឬពិធីផ្សារភ្ជាប់ក្នុងព្រះវិហារបរិសុទ្ធ
អាពាហ៌ពិពាហ៌ ឬពិធីផ្សារភ្ជាប់ក្នុងព្រះវិហារបរិសុទ្ធ ជាទូទៅធ្វើឡើងដោយអ្នកធ្វើពិធីផ្សារភ្ជាប់ដែលត្រូវបានចាត់នៅក្នុងព្រះវិហារបរិសុទ្ធដែលស្វាមីភរិយានោះចង់រៀបការ ឬផ្សារភ្ជាប់ ។ ប្រសិនបើសមាជិកគ្រួសារ ឬអ្នកស្គាល់គ្នាកាន់សិទ្ធិអំណាចនៃការផ្សារភ្ជាប់ ហើយមានការចាត់តាំងនៅព្រះវិហារបរិសុទ្ធដែលគូស្វាមីភរិយានោះនឹងរៀបការ ឬផ្សារភ្ជាប់ នោះស្វាមីភរិយានោះអាចអញ្ជើញគាត់ឲ្យធ្វើពិធីរៀបអាពាហ៍ពិពាហ៍ និងពិធីផ្សារភ្ជាប់សម្រាប់ពួកគេបាន ។
២៧.៣.២.៦
សម្លៀកបំពាក់សមរម្យសម្រាប់អាពាហ៍ពិពាហ៍ ឬពិធីផ្សារភ្ជាប់ក្នុងព្រះវិហារបរិសុទ្ធ
រ៉ូបរបស់កូនក្រមុំ ។ រ៉ូបរបស់កូនក្រមុំដែលស្លៀកនៅក្នុងព្រះវិហារបរិសុទ្ធត្រូវតែជាពណ៌ស ម៉ូដ និងសាច់ក្រណាត់សមរម្យ ហើយគ្មានម៉ូដរញ៉េរញ៉ៃច្រើនទេ ។ វាក៏គួរតែបិទបាំងសម្លៀកបំពាក់ពិសិដ្ឋនៃព្រះវិហារបរិសុទ្ធដែរ ។ សាច់ក្រណាត់ដែលស្ដើងគួរតែមានក្រណាត់ទ្រាប់ពីក្រោម ។
ដើម្បីឲ្យដូចគ្នានឹងរ៉ូបផ្សេងទៀតដែលពាក់នៅក្នុងព្រះវិហារបរិសុទ្ធ នោះរ៉ូបរបស់កូនក្រមុំគួរតែមានដៃវែង ឬដៃត្រការ ។ រ៉ូបមិនគួរមានកន្ទុយស្បៃវែងទេ លើកលែងតែវាអាចកិបបាន ឬដកចេញនៅពេលធ្វើពិធីផ្សារភ្ជាប់ក្នុងព្រះវិហារបរិសុទ្ធ ។
ព្រះវិហារបរិសុទ្ធអាចផ្តល់រ៉ូបបាន ប្រសិនបើចាំបាច់ ឬត្រូវការ ។
សម្លៀកបំពាក់កូនកំលោះ ។ កូនកំលោះពាក់សម្លៀកធម្មតាសម្រាប់ព្រះវិហារបរិសុទ្ធអំឡុងពិធីអាពាហ៍ពិពាហ៍ ឬពិធីផ្សារភ្ជាប់ ( សូមមើល ៣៨.៥.១ និង ៣៨.៥.២ ) ។
សម្លៀកបំពាក់ភ្ញៀវ ។ អ្នកដែលចូលរួមពិធីអាពាហ៍ពិពាហ៍ ឬពិធីផ្សារភ្ជាប់គួរតែស្លៀកពាក់សម្លៀកបំពាក់ស្រដៀងគ្នានឹងអ្វីដែលពួកគេស្លៀកពាក់សម្រាប់ការប្រជុំសាក្រាម៉ង់ ។ សមាជិកដែលចូលរួមពិធីផ្សារភ្ជាប់ ដោយចេញមកពីវគ្គពិធីអំណោយទានពិសិដ្ឋផ្ទាល់ អាចស្លៀកពាក់សម្លៀកបំពាក់ពិធីក្នុងព្រះវិហារបរិសុទ្ធបាន ។
ផ្កា ។ ស្វាមី ឬភរិយា និងភ្ញៀវរបស់ពួកគេមិនគួរពាក់ផ្កានៅអំឡុងពិធីអាពាហ៍ពិពាហ៍ ឬពិធីផ្សារភ្ជាប់ឡើយ ។
២៧.៣.២.៧
ការបំពាក់ចិញ្ចៀន បន្ទាប់ពីពិធីអាពាហ៍ពិពាហ៍ ឬពិធីផ្សារភ្ជាប់ក្នុងព្រះវិហារបរិសុទ្ធ
ការបំពាក់ចិញ្ចៀនមិនមែនជាផ្នែកមួយនៃពិធីផ្សារភ្ជាប់ក្នុងព្រះវិហារបរិសុទ្ធនោះទេ ។ ទោះជាយ៉ាងណាក៏ដោយ គូស្វាមីភរិយាអាចបំពាក់ចិញ្ចៀនបាន បន្ទាប់ពីពិធីនៅក្នុងបន្ទប់ផ្សារភ្ជាប់ ។ គូស្វាមីភរិយាមិនគួរបំពាក់ចិញ្ចៀននៅពេល ឬនៅកន្លែងណាមួយផ្សេងទៀតនៅក្នុងព្រះវិហារបរិសុទ្ធ ឬនៅក្នុងបរិវេណនៃព្រះវិហារបរិសុទ្ធនោះទេ ។
គូស្វាមីភរិយាដែលរៀបការ និងផ្សារភ្ជាប់នៅក្នុងពិធីតែមួយអាចបំពាក់ចិញ្ចៀនគ្នានៅពេលក្រោយ ដើម្បីសម្រួលដល់សមាជិកគ្រួសារដែលមិនអាចចូលរួមពិធីអាពាហ៍ពិពាហ៍ក្នុងព្រះវិហារបរិសុទ្ធបាន ។ ការបំពាក់ចិញ្ចៀនមិនមែនជាផ្នែកមួយនៃពិធីអាពាហ៍ពិពាហ៍ ឬពិធីផ្សារភ្ជាប់ក្នុងព្រះវិហារបរិសុទ្ធនោះទេ ។ គូស្វាមីភរិយាមិនគួរប្ដូរសម្បថបន្ទាប់ពីបានរៀបការ ឬផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធឡើយ ។
គូស្វាមីភរិយាដែលរៀបការស៊ីវិលពីមុនពិធីផ្សារភ្ជាប់របស់ពួកគេនៅក្នុងព្រះវិហារបរិសុទ្ធ អាចបំពាក់ចិញ្ចៀនគ្នានៅឯពិធីរៀបការស៊ីវិលរបស់ពួកគេ នៅពិធីផ្សារភ្ជាប់ក្នុងព្រះវិហារបរិសុទ្ធ ឬនៅពិធីទាំងពីរបាន ។
២៧.៣.៤
អ្នកដែលអាចចូលរួមនៅក្នុងពិធីអាពាហ៍ពិពាហ៍ ឬពិធីផ្សារភ្ជាប់ក្នុងព្រះវិហារបរិសុទ្ធ
គូស្វាមីភរិយាគួរតែអញ្ជើញតែសមាជិកគ្រួសារ និងមិត្តភក្តិជិតស្និទ្ធប៉ុណ្ណោះ នៅក្នុងពិធីអាពាហ៍ពិពាហ៍ ឬពិធីផ្សារភ្ជាប់ក្នុងព្រះវិហារបរិសុទ្ធ ។ សមាជិកដែលដឹងខុសត្រូវត្រូវតែទទួលអំណោយទានពិសិដ្ឋ ហើយមានប័ណ្ណចូលព្រះវិហារបរិសុទ្ធដែលមានសុពលភាពដើម្បីចូលរួម ។
ប្រធានស្តេកអាចផ្ដល់សិទ្ធិឲ្យបុគ្គលម្នាក់ដែលមិនបានជ្រមុជទឹក ឬមិនបានទទួលអំណោយទានពិសិដ្ឋដោយសារតែពិការភាពផ្នែកបញ្ញា ដើម្បីទៅមើលពិធីរៀបការ ឬពិធីផ្សារភ្ជាប់របស់បងប្អូនបង្កើតដែលនៅរស់របស់គាត់បាន ។ បុគ្គលនោះត្រូវតែ ៖
-
មានអាយុយ៉ាងហោចណាស់ ១៨ ឆ្នាំ ។
-
អាចមានគារវភាពអំឡុងពិធីនោះ ។
ប្រធានស្ដេកសរសេរលិខិតមួយដោយចែងថា បុគ្គលនោះត្រូវបានផ្ដល់សិទ្ធិឲ្យចូលមើលពិធីផ្សារភ្ជាប់ ។ លិខិតនេះត្រូវបង្ហាញនៅព្រះវិហារបរិសុទ្ធ ។
២៧.៤
ពិធីផ្សារភ្ជាប់កូនៗនៅរស់ជាមួយនឹងឪពុកម្តាយ
កូនដែលកើតមក បន្ទាប់ពីម្តាយរបស់ពួកគេត្រូវបានផ្សារភ្ជាប់នឹងស្វាមីនៅក្នុងព្រះវិហារបរិសុទ្ធ គឺបានកើតនៅក្នុងសេចក្តីសញ្ញានៃការផ្សារភ្ជាប់នោះ ។ ពួកគេមិនចាំបាច់ទទួលពិធីបរិសុទ្ធនៃការផ្សារភ្ជាប់ទៅនឹងឪពុកម្តាយនោះទេ ។
កូនៗដែលមិនកើតនៅក្នុងសេចក្តីសញ្ញា អាចមានចំណែកនៅក្នុងគ្រួសារដ៏អស់កល្បជានិច្ចបាន តាមរយៈការផ្សារភ្ជាប់ទៅនឹងឪពុកម្តាយបង្កើត ឬឪពុកម្តាយចិញ្ចឹមរបស់ពួកគេ ។ កូនៗទាំងនេះទទួលបានពរជ័យដូចគ្នានឹងកូនដែលបានកើតនៅក្នុងសេចក្តីសញ្ញាដែរ ។
២៧.៤.២
ការទាក់ទងទៅព្រះវិហារបរិសុទ្ធ
គូស្វាមីភរិយាដែលចង់ឲ្យកូនៗរបស់ខ្លួនផ្សារភ្ជាប់នឹងពួកគេ ឬកូនៗដែលមានបំណងប្រាថ្នាចង់ផ្សារភ្ជាប់នឹងឪពុកម្ដាយពួកគេដែលបានស្លាប់ទៅ គួរតែទាក់ទងទៅព្រះវិហារបរិសុទ្ធជាមុន ដើម្បីកំណត់ពេលវេលាសម្រាប់ពិធីបរិសុទ្ធនោះ ។