« ២៦. ប័ណ្ណចូលព្រះវិហារបរិសុទ្ធ » ជម្រើសចេញមកពីក្បួនខ្នាតទូទៅ ( ឆ្នាំ២០២៣ ) ។
« ២៦. ប័ណ្ណចូលព្រះវិហារបរិសុទ្ធ » ជម្រើសចេញមកពីក្បួនខ្នាតទូទៅ
២៦.
ប័ណ្ណចូលព្រះវិហារបរិសុទ្ធ
២៦.០
សេចក្ដីផ្ដើម
ការចូលទៅក្នុងដំណាក់របស់ព្រះអម្ចាស់គឺជាអភ័យឯកសិទ្ធិដ៏ពិសិដ្ឋមួយ ។ ថ្នាក់ដឹកនាំវួដ និងស្ដេកលើកទឹកចិត្តសមាជិកគ្រប់រូបឲ្យមានភាពស័ក្ដិសមសម្រាប់ និងដើម្បីមានប័ណ្ណចូលព្រះវិហារបរិសុទ្ធដែលមានសុពលភាព ទោះជាពួកគេមិនរស់នៅក្បែរព្រះវិហារបរិសុទ្ធក្ដី ។
ថ្នាក់ដឹកនាំទាំងឡាយរបស់សាសនាចក្រខិតខំយ៉ាងខ្លាំងដើម្បីប្រាកដថា សមាជិកទាំងអស់ដែលចូលដំណាក់នៃព្រះអម្ចាស់មានភាពស័ក្ដិសមដើម្បីចូល ( សូមមើល ទំនុកដំកើង ២៤:៣–៥ ) ។
សមាជិកត្រូវតែមានប័ណ្ណចូលព្រះវិហារបរិសុទ្ធដែលមានសុពលភាពដើម្បីចូលព្រះវិហារបរិសុទ្ធបាន ។
ប៊ីស្សពពិគ្រោះជាមួយនឹងប្រធានស្តេករបស់គាត់ ប្រសិនបើគាត់មានសំណួរអំពីប័ណ្ណចូលព្រះវិហារបរិសុទ្ធ ដែលមិនបានឆ្លើយនៅក្នុងជំពូកនេះ ។ ប្រធានស្តេកអាចនឹងទាក់ទងទៅការិយាល័យនៃគណៈប្រធានទីមួយបាន ប្រសិនបើគាត់មានសំណួរ ។
២៦.១
ប្រភេទប័ណ្ណចូលព្រះវិហារបរិសុទ្ធ
ប័ណ្ណមានបីប្រភេទ ៖
-
ប័ណ្ណចូលព្រះវិហារបរិសុទ្ធសម្រាប់សមាជិកដែលមិនបានទទួលអំណោយទានពិសិដ្ឋ ។ ប័ណ្ណទាំងនេះគឺសម្រាប់សមាជិកដែលមិនបានទទួលអំណោយទានពិសិដ្ឋ ដែលត្រូវផ្សារភ្ជាប់ទៅនឹងឪពុកម្ដាយរបស់ពួកគេ ឬធ្វើពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ជំនួស ។ វាត្រូវចេញឲ្យតាមរយៈ ធនធានសម្រាប់ថ្នាក់ដឹកនាំ និងស្មៀន ( ធ.ថ.ស. ) ។ សម្រាប់ព័ត៌មានបន្ថែម សូមមើល ២៦.៤ ។
-
ប័ណ្ណចូលព្រះវិហារបរិសុទ្ធសម្រាប់ពិធីបរិសុទ្ធសម្រាប់អ្នកនៅរស់ ។ ប័ណ្ណទាំងនេះគឺសម្រាប់សមាជិកដែលទទួលអំណោយទានពិសិដ្ឋរបស់ពួកគេផ្ទាល់ ឬផ្សារភ្ជាប់ជាមួយស្វាមី ឬភរិយា ។ ប័ណ្ណដើម្បីធ្វើពិធីបរិសុទ្ធសម្រាប់អ្នកនៅរស់ ត្រូវបានភ្ជាប់នឹងប័ណ្ណចូលព្រះវិហារបរិសុទ្ធធម្មតាសម្រាប់សមាជិកដែលបានទទួលអំណោយទានពិសិដ្ឋរួចហើយ ( ពិពណ៌នានៅខាងក្រោម ) ។
-
ប័ណ្ណចូលព្រះវិហារបរិសុទ្ធសម្រាប់សមាជិកដែលបានទទួលអំណោយទានពិសិដ្ឋរួចហើយ ។ ប័ណ្ណទាំងនេះគឺសម្រាប់សមាជិកដែលបានធ្វើពិធីអំណោយទានពិសិដ្ឋរួចហើយកាលពីមុន ។ វាត្រូវចេញឲ្យតាមរយៈ ធ.ថ.ស. ។ ប័ណ្ណទាំងនេះផ្ដល់សិទ្ធិអនុញ្ញាតឲ្យសមាជិកចូលរួមនៅគ្រប់ពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធសម្រាប់មរណជន ។ វាក៏ត្រូវបានប្រើ ពេលសមាជិកម្នាក់ដែលទទួលអំណោយទានពិសិដ្ឋបានផ្សារភ្ជាប់ទៅនឹងឪពុកម្តាយ ឬកូនដែលនៅរស់ ឬស្លាប់ផងដែរ ។ សម្រាប់ព័ត៌មានបន្ថែម សូមមើល ២៦.៣ ។
២៦.២
ការថែរក្សាប័ណ្ណចូលព្រះវិហារបរិសុទ្ធ
២៦.២.១
ថ្នាក់ដឹកនាំបព្វជិតភាពថែរក្សាប័ណ្ណចូលព្រះវិហារបរិសុទ្ធ
ថ្នាក់ដឹកនាំបព្វជិតភាពដែលត្រូវបានផ្ដល់សិទ្ធិអនុញ្ញាតឲ្យមានសៀវភៅប័ណ្ណចូលព្រះវិហារបរិសុទ្ធ គួរតែថែរក្សាសៀវភៅនេះដោយប្រុងប្រយ័ត្ន ។
ថ្នាក់ដឹកនាំបព្វជិតភាពក៏ត្រូវប្រាកដផងដែរថា បុគ្គលដែលពុំមានការអនុញ្ញាតគឺគ្មានសិទ្ធិចូលប្រើប្រាស់ព័ត៌មានអំពីប័ណ្ណចូលព្រះវិហារបរិសុទ្ធនៅលើ ធ.ថ.ស. ទេ ។
២៦.២.២
ប័ណ្ណដែលបានបាត់ ឬត្រូវគេលួច
ប៊ីស្សពសូមឲ្យសមាជិកជូនដំណឹងដល់គាត់ភ្លាមៗ ប្រសិនបើមានការបាត់ប័ណ្ណ ឬមានគេលួចប័ណ្ណរបស់ពួកគេ ។ គាត់ ឬទីប្រឹក្សាដែលបានចាត់តាំងម្នាក់ ឬស្មៀនប្រើ ធ.ថ.ស. ដើម្បីលុបចោលប័ណ្ណចូលព្រះវិហារបរិសុទ្ធនោះឲ្យបានឆាប់តាមដែលអាចធ្វើបាន ។ ប្រសិនបើពុំមានប្រព័ន្ធនេះប្រើទេ ប៊ីស្សពទាក់ទងទៅការិយាល័យព្រះវិហារបរិសុទ្ធ ដើម្បីឲ្យធ្វើការលុបចោលប័ណ្ណចូលព្រះវិហារបរិសុទ្ធនេះ ។
២៦.២.៣
អ្នកកាន់ប័ណ្ណចូលព្រះវិហារបរិសុទ្ធដែលពុំរស់នៅតាមបទដ្ឋាននៃភាពស័ក្តិសម
ប្រសិនបើប៊ីស្សពកំណត់ថា សមាជិកដែលមានប័ណ្ណមានសុពលភាព ពុំរស់នៅតាមបទដ្ឋាននៃភាពស័ក្តិសមទេ ( សូមមើល ២៦.៣ ) នោះគាត់អាចសូមដកយកប័ណ្ណពីសមាជិកនោះវិញបាន ។ គាត់ប្រើ ធ.ថ.ស. ដើម្បីលុបចោលប័ណ្ណចូលព្រះវិហារបរិសុទ្ធនោះ ។ ប្រសិនបើពុំមានប្រព័ន្ធនេះប្រើទេ ប៊ីស្សពទាក់ទងទៅការិយាល័យព្រះវិហារបរិសុទ្ធ ដើម្បីឲ្យធ្វើការលុបចោលប័ណ្ណចូលព្រះវិហារបរិសុទ្ធនេះ ។
២៦.៣
គោលការណ៍ណែនាំទូទៅសម្រាប់ការចេញប័ណ្ណចូលព្រះវិហារបរិសុទ្ធ
ថ្នាក់ដឹកនាំបព្វជិតភាពគួរតែចេញប័ណ្ណចូលព្រះវិហារបរិសុទ្ធឲ្យតែសមាជិក ដែលឆ្លើយសំណួរទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធបានត្រឹមត្រូវប៉ុណ្ណោះ ។
នៅក្នុងស្តេក សមាជិកមួយរូបនៃគណៈប្រធានស្តេក ឬស្មៀនស្តេកធ្វើប័ណ្ណចូលព្រះវិហារបរិសុទ្ធឲ្យសកម្មនៅក្នុង ធ.ថ.ស. បន្ទាប់ពីបានចេញប័ណ្ណហើយ ។ នៅក្នុងមណ្ឌល សមាជិកមួយរូបនៃគណៈប្រធានបេសកកម្ម ឬស្មៀនបេសកកម្មធ្វើឲ្យប័ណ្ណនេះឲ្យសកម្ម ។ ប័ណ្ណចូលព្រះវិហារបរិសុទ្ធសម្រាប់ធ្វើពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ជំនួសត្រូវបានធ្វើឲ្យសកម្ម នៅពេលសមាជិកនៃគណៈប៊ីស្សព ឬប្រធានសាខាបានបោះពុម្ពប័ណ្ណនេះចេញ ។
២៦.៣.១
ការសម្ភាសទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធសម្រាប់សមាជិកនៅក្នុងវួដ និងក្នុងសាខា
នៅក្នុងវួដ ប៊ីស្សព ឬទីប្រឹក្សាដែលបានចាត់តាំងដឹកនាំការសម្ភាសទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធ ហើយចេញប័ណ្ណទៅឲ្យសមាជិកដែលមានភាពស័ក្តិសម ។ នៅក្នុងសាខា មានតែប្រធានសាខាប៉ុណ្ណោះដែលដឹកនាំការសម្ភាសទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធ និងចេញប័ណ្ណបាន ។
នៅក្នុងវួដ ប៊ីស្សពធ្វើការសម្ភាសដោយផ្ទាល់ជាមួយសមាជិកដែល ៖
-
ទទួលអំណោយទានពិសិដ្ឋរបស់ពួកគេផ្ទាល់ ( សូមមើល ២៧.១ និង ២៧.២ ) ។
-
ផ្សារភ្ជាប់ទៅនឹងស្វាមី ឬភរិយា ( សូមមើល ២៧.៣ ) ។
នៅក្នុងករណីបន្ទាន់ នៅពេលប៊ីស្សពអវត្តមាន នោះលោកអាចផ្តល់សិទ្ធិអនុញ្ញាតឲ្យទីប្រឹក្សាម្នាក់របស់លោកដឹកនាំការសម្ភាសនេះ ។
មុនពេលចេញប័ណ្ណឲ្យតាមស្ថានភាពដូចបានរៀបរាប់ខាងលើ ប៊ីស្សពពិនិត្យមើលកំណត់ត្រារបស់សមាជិកដើម្បីផ្ទៀងផ្ទាត់ថា វាគ្មានការចារអំពីការដាក់កំហិតសមាជិកភាពសាសនាចក្រឡើយ ។ សម្រាប់សមាជិកដែលទទួលអំណោយទានពិសិដ្ឋរបស់ពួកគេផ្ទាល់ ឬផ្សារភ្ជាប់ជាមួយស្វាមី ឬភរិយា នោះប៊ីស្សពក៏ត្រូវធានាឲ្យបានដែរថា ៖
-
ពិធីបុណជ្រមុជទឹក និងពិធីបញ្ជាក់របស់បុគ្គលនេះត្រូវបានកត់ត្រានៅលើកំណត់ត្រាសមាជិកភាពហើយ ។
-
បងប្អូនប្រុសបានទទួលបព្វជិតភាពម៉ិលគីស្សាដែកហើយ ។
បន្ទាប់ពីការសម្ភាសដោយសមាជិកមួយរូបនៃគណៈប៊ីស្សព ឬដោយប្រធានសាខាហើយ សមាជិកមួយរូបនៃគណៈប្រធានស្តេកសម្ភាសសមាជិកដែលរស់នៅក្នុងស្តេក ។ សមាជិកនៃគណៈប្រធានបេសកកម្មដឹកនាំការសម្ភាសជាលើកទីពីរសម្រាប់សមាជិកដែលរស់នៅក្នុងមណ្ឌល ។ ប្រធានមណ្ឌលពុំដឹកនាំការសម្ភាសទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធឡើយ លើកលែងតែគណៈប្រធានទីមួយអនុញ្ញាតឲ្យ ។
២៦.៣.២
ការសម្ភាសទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធសម្រាប់សមាជិកដែលនៅតំបន់ឆ្ងាយ
សមាជិកមួយចំនួនរស់នៅតំបន់ដែលតម្រូវឲ្យមានការចំណាយលើការធ្វើដំណើរយ៉ាងច្រើន ឬមានភាពពិបាកខ្លាំង ដើម្បីឲ្យសមាជិកទៅជួបនឹងសមាជិកមួយរូបនៃគណៈប្រធានស្តេក ឬគណៈប្រធានបេសកកម្ម ។ នៅក្នុងស្ថានភាពទាំងនេះ ប្រធានព្រះវិហារបរិសុទ្ធអាចសម្ភាសបុគ្គលរូបនេះ ហើយចុះហត្ថលេខាលើប័ណ្ណនោះ ។ ពីមុនដឹកនាំការសម្ភាស គាត់ពិភាក្សាជាមួយនឹងប្រធានស្តេក ឬប្រធានបេសកកម្មជាមុនសិន ។ ប៊ីស្សព ទីប្រឹក្សាដែលទទួលសិទ្ធិអនុញ្ញាត ឬប្រធានសាខាគួរតែបានសម្ភាសសមាជិកនោះ ហើយចុះហត្ថលេខាលើប័ណ្ណរួចហើយ ។
២៦.៣.៣
ការដឹកនាំការសម្ភាសយកប័ណ្ណចូលព្រះវិហារបរិសុទ្ធ
ថ្នាក់ដឹកនាំមិនគួរបន្ថែម ឬដកតម្រូវការណាមួយចេញឡើយ ។
ការសម្ភាសទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធមិនគួរធ្វើឡើងដោយប្រញាប់ប្រញាល់នោះទេ ។ ការសម្ភាសនេះគួរតែមានឯកជនភាព ។ ទោះជាយ៉ាងណាក្តី សមាជិកដែលត្រូវទទួលការសម្ភាសរូបនេះអាចអញ្ជើញស្វាមី ឬភរិយា ឪពុក ឬម្តាយ ឬមជ្ឈិមវ័យម្នាក់ទៀតឲ្យមកជាមួយបាន ។
២៦.៤
ការចេញប័ណ្ណចូលព្រះវិហារបរិសុទ្ធដល់សមាជិកដែលមិនទាន់ទទួលបានអំណោយទានពិសិដ្ឋ
២៦.៤.១
គោលការណ៍ណែនាំទូទៅ
ប័ណ្ណចូលព្រះវិហារបរិសុទ្ធនឹងចេញឲ្យសមាជិកដែលមិនបានទទួលអំណោយទានពិសិដ្ឋ ដូចខាងក្រោម ៖
-
សម្រាប់សមាជិកអាយុ ១១ ឆ្នាំឡើងទៅ ដើម្បីធ្វើពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់សម្រាប់មរណជន ។ ( យុវនារី និងយុវជនដែលបានតែងតាំងនឹងអាចទទួលបានប័ណ្ណចូលព្រះវិហារបរិសុទ្ធនៅដើមខែមករានៃឆ្នាំដែលពួកគេឈានចូលអាយុ ១២ ឆ្នាំ ) ។
-
សម្រាប់សមាជិកអាយុចាប់ពី ៨ ឆ្នាំរហូតដល់ ២០ឆ្នាំ ដើម្បីធ្វើការផ្សារភ្ជាប់ជាមួយនឹងឪពុកម្តាយរបស់ពួកគេ ។ កុមារអាយុក្រោម ៨ ឆ្នាំពុំត្រូវការប័ណ្ណចូលព្រះវិហារបរិសុទ្ធដើម្បីផ្សារភ្ជាប់ទៅនឹងឪពុកម្តាយរបស់ពួកគេទេ ( សូមមើល ២៦.៤.៤ ) ។
-
សម្រាប់សមាជិកអាយុចាប់ពី ៨ ឆ្នាំរហូតដល់ ២០ ឆ្នាំ ដើម្បីមើលការផ្សារភ្ជាប់នៃបងប្អូនបង្កើត បងប្អូនចុង ឬបងប្អូនដែលមានឪពុក ឬម្តាយទីទៃពីគ្នាដែលនៅរស់ទៅនឹងឪពុកម្តាយរបស់ពួកគេ ។
សមាជិកដែលបានទទួលអំណោយទានពិសិដ្ឋពីមុនមក ពុំត្រូវបានចេញប័ណ្ណចូលព្រះវិហារបរិសុទ្ធដូចដែលបានពន្យល់នៅក្នុងវគ្គនេះទេ ។
សមាជិកសាសនាចក្របុរសដែលមានអាយុគ្រប់គ្រាន់ដើម្បីកាន់បព្វជិតភាព ត្រូវតែមានការតែងតាំងតំណែងមួយក្នុងបព្វជិតភាព ពីមុនគាត់អាចទទួលបានប័ណ្ណចូលព្រះវិហារបរិសុទ្ធ ។
២៦.៤.២
ប័ណ្ណចូលព្រះវិហារបរិសុទ្ធសម្រាប់សមាជិកដែលទើបទទួលបុណ្យជ្រមុជទឹកថ្មី
ប៊ីស្សពសម្ភាសសមាជិកថ្មី ដែលគ្រប់អាយុដើម្បីទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធដើម្បីធ្វើពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ជំនួសតែប៉ុណ្ណោះ ។ គាត់ធ្វើការសម្ភាសនេះភ្លាមៗ បន្ទាប់ពីពិធីបញ្ជាក់របស់សមាជិក ជាធម្មតាក្នុងពេលមួយសប្ដាហ៍ ( សូមមើល ២៦.៤.១ ) ។ សម្រាប់បងប្អូនប្រុសវិញ ការសម្ភាសនេះគួរតែធ្វើឡើងជាមួយនឹងការសម្ភាសទទួលបព្វជិតភាពអើរ៉ុន ។
២៦.៤.៣
ប័ណ្ណចូលព្រះវិហារបរិសុទ្ធសម្រាប់ពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ជំនួសតែប៉ុណ្ណោះ
ប័ណ្ណចូលព្រះវិហារបរិសុទ្ធ ដែលត្រូវបានចេញសម្រាប់ធ្វើពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ជំនួស អាចត្រូវបានប្រើប្រាស់សម្រាប់តែគោលបំណងនោះប៉ុណ្ណោះ ។
២៦.៤.៤
ប័ណ្ណចូលព្រះវិហារបរិសុទ្ធសម្រាប់ការផ្សារភ្ជាប់កូនៗដែលនៅរស់ទៅនឹងឪពុកម្តាយ
សមាជិកដែលមានអាយុ ២១ ឆ្នាំឡើងទៅ អាចត្រូវបានផ្សារភ្ជាប់នឹងឪពុកម្តាយរបស់ពួកគេ ឬមើលការផ្សារភ្ជាប់តែប៉ុណ្ណោះ ប្រសិនបើពួកគេ ( ១ ) បានទទួលអំណោទានពិសិដ្ឋ និង ( ២ ) មានប័ណ្ណចូលព្រះវិហារបរិសុទ្ធដែលមានសុពលភាពមួយ ។
២៦.៥
ការចេញប័ណ្ណចូលព្រះវិហារបរិសុទ្ធនៅក្នុងកាលៈទេសៈពិសេស
២៦.៥.១
សមាជិកដែលទទួលអំណោយទានពិសិដ្ឋរបស់ពួកគេផ្ទាល់
សមាជិកដែលមានភាពស័ក្ដិសម ដែលមានបំណងប្រាថ្នាចង់ទទួលបានអំណោយទានពិសិដ្ឋរបស់ពួកគេផ្ទាល់អាចធ្វើដូច្នោះបាន នៅពេលពួកគេបំពេញតាមលក្ខខណ្ឌទាំងអស់ដែលមានដូចខាងក្រោមនេះ ៖
-
ពួកគេមានអាយុយ៉ាងហោចណាស់ ១៨ ឆ្នាំ ។
-
ពួកគេរៀនចប់ ឬលែងចូលរៀនថ្នាក់វិទ្យាល័យ ថ្នាក់អនុវិទ្យាល័យ ឬថ្នាក់ដែលមានកម្រិតស្មើគ្នាទៀត ។
-
ក្រោយពិធីបញ្ជាក់របស់ពួកគេបានកន្លងទៅរយៈពេលមួយឆ្នាំពេញ ។
-
ពួកគេមានបំណងប្រាថ្នាដើម្បីទទួល ហើយគោរពតាមសេចក្ដីសញ្ញាក្នុងព្រះវិហារបរិសុទ្ធពេញមួយជីវិតរបស់ពួកគេ ។
ជាការបន្ថែម បុរសម្នាក់ត្រូវតែកាន់បព្វជិតភាពម៉ិលគីស្សាដែក ពីមុនទទួលអំណោយទានពិសិដ្ឋរបស់ពួកគេ ។ សម្រាប់ព័ត៌មានស្ដីពីសមាជិកដែលរៀបចំខ្លួនដើម្បីទទួលអំណោយទានពិសិដ្ឋរបស់ពួកគេផ្ទាល់ សូមមើល ២៥.២.៨ ។ សម្រាប់ព័ត៌មានស្ដីពីអ្នកដែលអាចទទួលអំណោយទានពិសិដ្ឋ សូមមើល ២៧.២.១ ។
២៦.៥.៣
ពួកអ្នកផ្សព្វផ្សាយសាសនាវ័យក្មេងដែលត្រឡប់មកពីការបម្រើឆ្ងាយពីផ្ទះ
ប្រធានបេសកកម្មចុះកាលបរិច្ឆេទ និងធ្វើឲ្យប័ណ្ណនោះសកម្ម ដើម្បីឲ្យផុតកំណត់ក្នុងរយៈពេលបីខែ ចាប់ពីកាលបរិច្ឆេទដែលអ្នកផ្សព្វផ្សាយសាសនានោះត្រឡប់មកដល់ផ្ទះវិញ ។
ប៊ីស្សពសម្ភាសអ្នកផ្សព្វផ្សាយសាសនាដែលបានបញ្ចប់បេសកកម្ម ដើម្បីចេញប័ណ្ណចូលព្រះវិហារបរិសុទ្ធថ្មី នៅជិតចុងបញ្ចប់នៃរយៈពេលបីខែដែលនឹងផុតកំណត់ ។
២៦.៥.៤
សមាជិកដែលមិនបានរស់នៅក្នុងវួដដដែលសម្រាប់រយៈពេលយ៉ាងហោចណាស់មួយឆ្នាំ
ប៊ីស្សព ឬទីប្រឹក្សាម្នាក់ដែលបានចាត់តាំង ទាក់ទងទៅប៊ីស្សពមុន ពីមុនដឹកនាំការសម្ភាសយកប័ណ្ណចូលព្រះវិហារបរិសុទ្ធ ។
២៦.៥.៧
សមាជិកដែលកំណត់ថាជាបុគ្គលប្តូរភេទ
ប្រធានស្តេកគួរតែប្រឹក្សាជាមួយគណៈប្រធានតំបន់ ដើម្បីដោះស្រាយកាលៈទេសៈនានារបស់បុគ្គលម្នាក់ៗដោយយកចិត្តទុកដាក់ និងដោយសេចក្ដីស្រឡាញ់ដូចជាព្រះគ្រីស្ទ ( សូមមើល ៣៨.៦.២៣ ) ។
២៦.៥.៨
សមាជិកដែលបានប្រព្រឹត្តអំពើបាបធ្ងន់ធ្ងរ
សមាជិកដែលបានប្រព្រឹត្តអំពើបាបធ្ងន់ធ្ងរអាចនឹងមិនទទួលបានប័ណ្ណចូលព្រះវិហារបរិសុទ្ធទេ រហូតដល់គាត់ ឬនាងបានប្រែចិត្តសិន ( សូមមើល ៣២.៦ ) ។
២៦.៥.៩
សមាជិកដែលត្រូវបានអនុញ្ញាតឲ្យចូលមកសាសនាចក្រវិញ បន្ទាប់ពីការដកហូត ឬការលាលែងសមាជិកភាព
២៦.៥.៩.១
សមាជិកដែលមិនទាន់បានទទួលអំណោយទានពិសិដ្ឋកាលពីមុន
សមាជិកទាំងនេះមិនអាចត្រូវបានចេញឲ្យនូវប័ណ្ណដើម្បីទទួលអំណោយទានពិសិដ្ឋរបស់ពួកគេផ្ទាល់បានទេ រហូតដល់រយៈពេលមួយឆ្នាំពេញ បន្ទាប់ពីកាលបរិច្ឆេទនៃការត្រឡប់ឲ្យចូលមកក្នុងសាសសនាចក្រវិញ តាមរយៈពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់របស់ពួកគេបានកន្លងផុតទៅសិន ។
២៦.៥.៩.២
សមាជិកដែលបានទទួលអំណោយទានពិសិដ្ឋកាលពីមុនរួចហើយ
សមាជិកដែលបានទទួលអំណោយទានពិសិដ្ឋពីមុន មិនអាចទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធណាមួយបានឡើយ រហូតដល់ពរជ័យនៃព្រះវិហារបរិសុទ្ធរបស់ពួកគេត្រូវបានស្តារឡើងវិញ តាមរយៈពិធីបរិសុទ្ធនៃការស្តារឡើងវិញនៃពរជ័យទាំងឡាយសិន ។