« ២៥. កិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិនៅក្នុងវួដ និងស្តេក »ជម្រើសចេញមកពីក្បួនខ្នាតទូទៅ ( ឆ្នាំ២០២៣ ) ។
« ២៥. កិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិនៅក្នុងវួដ និងស្តេក »ជម្រើសចេញមកពីក្បួនខ្នាតទូទៅ
២៥.
កិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិនៅក្នុងវួដ និងស្តេក
២៥.០
សេចក្ដីផ្ដើម
កិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិគឺជាមធ្យោបាយដើម្បីបង្រួបបង្រួម និងផ្សារភ្ជាប់ក្រុមគ្រួសារសម្រាប់ភាពអស់កល្បជានិច្ច ( សូមមើល ម៉ាថាយ ១៦:១៩ ) ។ កិច្ចការនេះរួមមាន ៖
-
ធ្វើសេចក្តីសញ្ញា កាលដែលយើងទទួលពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធផ្ទាល់ខ្លួនរបស់យើង ( សូមមើល អេសាយ ៥៥:៣; គោលលទ្ធិ និងសេចក្តីសញ្ញា ៨៤:១៩–២៣ ) ។
-
ស្វែងរកបុព្វការីជនដែលបានស្លាប់របស់យើង និងធ្វើពិធីបរិសុទ្ធជូនពួកគាត់នៅក្នុងព្រះវិហារបរិសុទ្ធ ដើម្បីពួកគាត់អាចធ្វើសេចក្តីសញ្ញាជាមួយព្រះបាន ( សូមមើល ម៉ាឡាគី ៤:៥–៦, កូរិនថូស ទី១ ១៥:២៩; គោលលទ្ធិ និងសេចក្ដីសញ្ញា ១២៨:១៥–១៨ ) ។
-
ការទៅដំណាក់នៃព្រះអម្ចាស់ជាទៀងទាត់តាមដែលអាចធ្វើបាន ដើម្បីថ្វាយបង្គំព្រះ និងធ្វើពិធីបរិសុទ្ធសម្រាប់ជីដូនជីតារបស់យើង ( សូមមើល លូកា ២៤:៥២–៥៣, គោលលទ្ធិ និងសេចក្ដីសញ្ញា ១០៩:១៣–១៤ ) ។
មានព័ត៌មានបន្ថែមនៅឯ « Temples » និង « Family History » ( Gospel Topics នៅលើគេហទំព័រ topics.ChurchofJesusChrist.org ) ។
២៥.១
ការចូលរួមរបស់សមាជិក និងថ្នាក់ដឹកនាំក្នុងកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ
សមាជិកសាសនាចក្រមានអភ័យឯកសិទ្ធិ និងទំនួលខុសត្រូវដើម្បីជួយបង្រួបបង្រួមក្រុមគ្រួសាររបស់ពួកគេសម្រាប់ភាពអស់កល្បជានិច្ច ។ ពួកគេរៀបចំខ្លួនរបស់ពួកគេដើម្បីធ្វើសេចក្តីសញ្ញា កាលដែលពួកគេទទួលពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធ ហើយពួកគេព្យាយាមរក្សាសេចក្តីសញ្ញាទាំងនោះ ។
សមាជិកសាសនាចក្រត្រូវបានលើកទឹកចិត្តឲ្យស្វែងរកសាច់ញាតិដែលបានស្លាប់របស់ពួកគេ ដែលពុំទាន់បានទទួលពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធនៅឡើយ ។ បន្ទាប់មក សមាជិកធ្វើពិធីបរិសុទ្ធទាំងឡាយជំនួសឲ្យសាច់ញាតិទាំងនោះ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ១២៨:១៨ ) ។ នៅក្នុងពិភពវិញ្ញាណ បុគ្គលដែលបានស្លាប់អាចជ្រើសរើសដើម្បីទទួល ឬបដិសេធពិធីបរិសុទ្ធដែលបានធ្វើសម្រាប់ពួកគាត់នោះ ។
២៥.១.១
ការទទួលខុសត្រូវរបស់បុគ្គលដើម្បីចូលរួមក្នុងព្រះវិហារបរិសុទ្ធ
សមាជិកកំណត់ខ្លួនឯងថាតើនៅពេលណា និងញឹកញាប់ប៉ុនណាដើម្បីថ្វាយបង្គំនៅក្នុងព្រះវិហារបរិសុទ្ធ ។ ថ្នាក់ដឹកនាំមិនបង្កើតកូតា ឬប្រព័ន្ធរាយការណ៍សម្រាប់ការចូលរួមក្នុងព្រះវិហារបរិសុទ្ធទេ ។
២៥.២
ការរៀបចំកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិនៅក្នុងវួដ
២៥.២.១
គណៈប៊ីស្សព
គណៈប៊ីស្សពធ្វើការសម្របសម្រួលជាមួយគណៈប្រធានកូរ៉ុមអែលឌើរ និងគណៈប្រធានសមាគមសង្រ្គោះ នៅពេលដែលពួកគាត់ដឹកនាំកិច្ចខិតខំផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិក្នុងវួដ ។ ថ្នាក់ដឹកនាំទាំងនេះប្រឹក្សាជាមួយគ្នាជាប្រចាំ ។
គណៈប៊ីស្សពក៏មានទំនួលខុសត្រូវដូចតទៅ សម្រាប់កិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិនៅក្នុងវួដផងដែរ ៖
-
ធានាឲ្យបានថាគោលលទ្ធិ និងពរជ័យនៃកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិត្រូវបានបង្រៀននៅក្នុងព្រះវិហារ ។
-
ធានាឲ្យបានថា កិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិត្រូវបានសម្របសម្រួលនៅក្នុងការប្រជុំក្រុមប្រឹក្សាវួដ និងក្រុមប្រឹក្សាយុវវ័យវួដ ។
-
មើលការខុសត្រូវលើការរៀបចំវគ្គសិក្សាអំពីការរៀបចំខ្លួនទៅព្រះវិហារបរិសុទ្ធ ( សូមមើល ២៥.២.៨ ) ។
-
ចេញប័ណ្ណចូលព្រះវិហារបរិសុទ្ធ ( សូមមើល ជំពូកទី ២៦ ) ។
២៥.២.២
គណៈប្រធានកូរ៉ុមអែលឌើរ និងគណៈប្រធានសមាគមសង្គ្រោះ
គណៈប្រធានកូរ៉ុមអែលឌើរ និងគណៈប្រធានសមាគមសង្គ្រោះដឹកនាំកិច្ចខិតខំផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិនៅក្នុងវួដជាប្រចាំ ( សូមមើល ៨.២.៤ និង ៩.២.៤ ) ។ នៅក្រោមការសម្របសម្រួលពីប៊ីស្សព ពួកគាត់ធ្វើការរួមគ្នាដើម្បីដឹកនាំកិច្ចខិតខំទាំងនេះជាមួយនឹងក្រុមប្រឹក្សាវួដ ។
ថ្នាក់ដឹកនាំទាំងនេះមានទំនួលខុសត្រូវដូចខាងក្រោម ៖
-
ជួយសមាជិកឲ្យរៀបចំខ្លួនដើម្បីទទួលពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធ និងចុះសេចក្តីសញ្ញានៃព្រះវិហារបរិសុទ្ធ ។
-
លើកទឹកចិត្តសមាជិកឲ្យថ្វាយបង្គំនៅក្នុងព្រះវិហារបរិសុទ្ធឲ្យបានញឹកញាប់តាមដែលកាលៈទេសៈរបស់ពួកគេអំណោយផលឲ្យ ។
-
លើកទឹកចិត្តសមាជិកឲ្យរៀនអំពីបុព្វការីជនរបស់ពួកគេ ហើយធ្វើពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធជំនួសឲ្យពួកគាត់ ។
-
ដឹកនាំកិច្ចការរបស់អ្នកដឹកនាំផ្នែកកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិប្រចាំវួដ ។ ប្រសិនបើអ្នកដឹកនាំនេះមិនត្រូវបានហៅទេ នោះសមាជិកមួយរូបនៃគណៈប្រធានកូរ៉ុមអែលឌើរបំពេញតួនាទីនេះ ( សូមមើល ២៥.២.៣ ) ។
ប្រធានកូរ៉ុមអែលឌើរ និងប្រធានសមាគមសង្រ្គោះម្នាក់ៗ ចាត់សមាជិកម្នាក់ក្នុងគណៈប្រធានរបស់ខ្លួនឲ្យជួយដឹកនាំកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិវួដ ។ សមាជិកនៃគណៈប្រធានទាំងពីររូបនេះធ្វើការជាមួយគ្នា ។ ពួកគាត់ចូលរួមការប្រជុំសម្របសម្រួលផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិប្រចាំវួដ ( សូមមើល ២៥.២.៧ ) ។
២៥.២.៣
អ្នកដឹកនាំផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ
គណៈប៊ីស្សពពិគ្រោះយោបល់ជាមួយប្រធានស្តេក ដើម្បីកំណត់ថាតើត្រូវហៅអ្នកដឹកនាំផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិវួដឬអត់ ។ បុគ្គលរូបនេះគួរតែជាអ្នកកាន់បព្វជិតភាពម៉ិលគីស្សាដែក ។
អ្នកដឹកនាំផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិវួដគាំទ្រដល់គណៈប្រធានកូរ៉ុមអែលឌើរ និងគណៈប្រធានសមាគមសង្គ្រោះក្នុងការទទួលខុសត្រូវលើផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិរបស់ពួកគាត់ ។ គាត់ក៏មានការទទួលខុសត្រូវដូចខាងក្រោមផងដែរ ៖
-
ដឹកនាំការប្រជុំសម្របសម្រួលផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិប្រចាំវួដ ( សូមមើល ២៥.២.៧ ) ។
-
អ្នកប្រឹក្សាផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិប្រចាំវួដ ។ សម្របសម្រួលកិច្ចខិតខំរបស់ពួកគេដើម្បីជួយសមាជិកជាមួយនឹងកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ។
-
ធ្វើការជាមួយអ្នកដឹកនាំបេសកកម្មវួដ និងពួកអ្នកផ្សព្វផ្សាយសាសនាដើម្បីជួយដល់ពួកអ្នករៀនដំណឹងល្អ សមាជិកថ្មី និងសមាជិកដែលត្រឡប់មកវិញ ឲ្យចូលរួមនៅក្នុងកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ។
២៥.២.៤
អ្នកជំនាញផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិប្រចាំវួដ
អ្នកជំនាញផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្ដិប្រចាំវួដ បម្រើនៅក្រោមការដឹកនាំរបស់អ្នកដឹកនាំផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិប្រចាំវួដ ឬសមាជិកមួយរូបនៃគណៈប្រធានកូរ៉ុមអែលឌើរ ដែលបំពេញតួនាទីនេះ ។ គណៈប៊ីស្សពហៅសមាជិកទាំងនេះឲ្យបម្រើ ។ មជ្ឈិមវ័យ និងយុវវ័យក៏អាចហៅឲ្យបម្រើបានដែរ ។
អ្នកប្រឹក្សាមានការទទួលខុសត្រូវដូចខាងក្រោម ៖
-
ជួយសមាជិកឲ្យដកពិសោធន៍ពរជ័យនៃការរកឃើញបុព្វការីជនរបស់ពួកគេ និងការធ្វើពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធជំនួសពួកគាត់ ។
-
ជួយសមាជិកឲ្យរៀបចំខ្លួនដើម្បីទទួលពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធ និងចុះសេចក្តីសញ្ញានៃព្រះវិហារបរិសុទ្ធ ។
-
ចូលរួមនៅក្នុងការប្រជុំសម្របសម្រួលផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ( សូមមើល ២៥.២.៧ ) ។
២៥.២.៧
ការប្រជុំសម្របសម្រួលផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិប្រចាំវួដ
ការប្រជុំសម្របសម្រួលផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិប្រចាំវួដខ្លីៗ ក្រៅផ្លូវការ ត្រូវធ្វើឡើងជាប្រចាំ ។ ប្រសិនបើបានហៅអ្នកដឹកនាំផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិប្រចាំវួដ នោះគាត់នឹងដឹកនាំការប្រជុំទាំងនេះ ។ បើមិនដូច្នោះទេ សមាជិកនៃគណៈប្រធានកូរ៉ុមអែលឌើរអាចបំពេញតួនាទីនៃការដឹកនាំនេះបាន ។
អ្នកផ្សេងទៀតដែលត្រូវបានអញ្ជើញឲ្យចូលរួម រួមមាន ៖
-
សមាជិកនៃគណៈប្រធានសមាគមសង្គ្រោះ និងគណៈប្រធានកូរ៉ុមអែលឌើរដែលបានចាត់តាំង ។
-
ជំនួយការមួយរូបនៅក្នុងកូរ៉ុមសង្ឃ ។
-
សមាជិកម្នាក់នៃគណៈប្រធានក្រុមថ្នាក់យុវនារីដែលមានវ័យច្រើនជាងគេ ។
-
អ្នកប្រឹក្សាផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ។
គោលបំណងនៃការប្រជុំទាំងនេះគឺដើម្បី ៖
-
រៀបផែនការអំពីរបៀបជួយសមាជិកជាក់លាក់ទាំងឡាយក្នុងវួដជាមួយនឹងកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិតាមសំណើ ។
ការប្រជុំទាំងនេះអាចធ្វើឡើងដោយផ្ទាល់ ឬពីចម្ងាយ ។ ការសម្របសម្រួលក៏អាចកើតឡើងតាមរបៀបផ្សេងទៀតផងដែរ រួមមានការទូរសព្ទ ការផ្ញើសារ និងអ៊ីមែលជាដើម ។
២៥.២.៨
វគ្គសិក្សាអំពីការរៀបចំខ្លួនទៅព្រះវិហារបរិសុទ្ធ
ក្រោមការដឹកនាំរបស់ប៊ីស្សព វគ្គសិក្សាអំពីការរៀបចំខ្លួនទៅព្រះវិហារបរិសុទ្ធអាចរៀបចំឡើង ដើម្បីជួយសមាជិកឲ្យរៀបចំខ្លួនធ្វើសេចក្តីសញ្ញា កាលដែលពួកគេទទួលពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធ ។ វគ្គសិក្សាទាំងនេះធ្វើឡើងនៅក្រៅការប្រជុំជាទៀងទាត់នៅថ្ងៃអាទិត្យ នៅពេលមួយសមរម្យសម្រាប់សមាជិកទាំងឡាយ ។ វគ្គសិក្សាទាំងនេះអាចធ្វើឡើងនៅក្នុងសាលាប្រជុំ ឬនៅក្នុងផ្ទះ ។
មេរៀន និងសេចក្តីណែនាំសម្រាប់ការរៀបចំវគ្គសិក្សានេះមាននៅក្នុង អំណោយទានពិសិដ្ឋមកពីស្ថានលើ ៖ សៀវភៅសិក្សារបស់គ្រូបង្រៀនថ្នាក់សិក្ខាសាលាស្តីពីការរៀបចំខ្លួនទៅព្រះវិហារបរិសុទ្ធ ។ អ្នកចូលរួមនឹងទទួលបានសៀវភៅ ការរៀបចំខ្លួនចូលព្រះវិហារបរិសុទ្ធ ។ សម្រាប់ការសិក្សាផ្ទាល់ខ្លួន និងធនធានមេរៀន សូមមើលគេហទំព័រ temples.ChurchofJesusChrist.org ។
២៥.៤
ធនធាននានានៃពង្សប្រវត្តិ
២៥.៤.១
គ្រួសាររបស់ខ្ញុំ ៖ ដំណើររឿងដែលនាំយើងឲ្យជួបជុំគ្នា
គ្រួសាររបស់ខ្ញុំ ៖ ដំណើររឿងដែលនាំយើងឲ្យជួបជុំគ្នា ជួយមនុស្សឲ្យរកឃើញសាច់ញាតិ និងបុព្វការីជន ហើយប្រមូលផ្ដុំដំណើររឿងរបស់ពួកគាត់ ។ កូនសៀវភៅនេះក៏អាចជួយសមាជិកឲ្យចាប់ផ្តើមរៀបចំឈ្មោះគ្រួសារដើម្បីទទួលពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធផងដែរ ។
កូនសៀវភៅទាំងនេះអាចទាញយកបានពីគេហទំព័រ ChurchofJesusChrist.org ។ សៀវភៅបោះពុម្ពអាចបញ្ជាទិញនៅឯគេហទំព័រ store.ChurchofJesusChrist.org ។
២៥.៤.២
FamilySearch.org និងកម្មវិធី FamilySearch
FamilySearch.org គឺជាគេហទំព័ររបស់សាសនាចក្រសម្រាប់កិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ។ វាអាចជួយអ្នកប្រើប្រាស់ឲ្យ ៖
-
បង្កើតទំនាក់ទំនង និងចំណងទាក់ទងមែកធាងគ្រួសារ ។
-
រកឃើញបុព្វការីជន និងដំណើររឿងរបស់ពួកគាត់ ។
-
ចែកចាយ និងរក្សាទុកដំណើររឿង រូបថត និងប្រវត្តិអំពីគ្រួសារ ។
-
រៀបចំឈ្មោះគ្រួសារដើម្បីទទួលពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធ ។
កម្មវិធីមែកធាងគ្រួសារ និង កម្មវិធីកម្រងអនុស្សាវរីយ៍ FamilySearch អាចធ្វើឲ្យមនុស្សចូលរួមនៅក្នុងកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិតាមរយៈឧបករណ៍ចល័ត ។
២៥.៥
ការចេញអនុសាសន៍ និងការហៅអ្នកធ្វើការក្នុងព្រះវិហារបរិសុទ្ធ
២៥.៥.១
ការចេញអនុសាសន៍ស្តីពីអ្នកធ្វើការក្នុងព្រះវិហារបរិសុទ្ធ
អ្នកធ្វើការក្នុងព្រះវិហារបរិសុទ្ធដែលមានសក្តានុពលត្រូវបានកំណត់តាមរបៀបដូចខាងក្រោម ៖
-
សមាជិកដែលបានកំណត់ដោយប៊ីស្សព ឬថ្នាក់ដឹកនាំវួដដទៃទៀត
-
សមាជិកដែលចូលទៅសូមការបម្រើពីប៊ីស្សព
-
សមាជិកដែលត្រូវបានចេញអនុសាសន៍ដោយប្រធានព្រះវិហារបរិសុទ្ធ ភរិយាប្រធានព្រះវិហារបរិសុទ្ធ ឬថ្នាក់ដឹកនាំព្រះវិហារបរិសុទ្ធដទៃទៀត
-
សមាជិកដែលកំពុងរៀបចំខ្លួន ឬដែលទើបត្រឡប់មកពីបម្រើជាអ្នកផ្សព្វផ្សាយសាសនានាពេលថ្មីៗ ( សូមមើល ជំពូកទី ២៤ )
ឈ្មោះអ្នកធ្វើការនៅព្រះវិហារបរិសុទ្ធដែលមានសក្តានុពលត្រូវបានបញ្ជូនដោយប្រើ ឧបករណ៍ផ្ដល់អនុសាសន៍អ្នកធ្វើការក្នុងព្រះវិហារបរិសុទ្ធ ។ ឧបករណ៍នេះមានសម្រាប់ប៊ីស្សព ប្រធានស្តេក និងគណៈប្រធានព្រះវិហារបរិសុទ្ធ ។