ក្បួនខ្នាត និង​ការហៅ
២៤. អនុសាសន៍ និង​ការបម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា


« ២៤. អនុសាសន៍ និង​ការបម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា »ជម្រើស​ចេញ​មកពី​ក្បួនខ្នាត​ទូទៅ ( ឆ្នាំ២០២៣ ) ។

« ២៤. អនុសាសន៍ និង​ការបម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា » ជម្រើស​ចេញ​មកពី​ក្បួនខ្នាត​ទូទៅ ។

អ្នកផ្សព្វផ្សាយ​សាសនា​កំពុង​ដើរ

២៤.

អនុសាសន៍ និង​ការបម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា

២៤.០

សេចក្ដីផ្ដើម

នៅ​ជំនាន់​បុរាណ ព្រះអម្ចាស់​បាន​ប្រទាន​សិទ្ធិ​អំណាច​ឲ្យ​ប្រមូលផ្ដុំ​អ៊ីស្រាអែល​នៅក្នុង​ចំណោម « គ្រប់​ទាំង​សាសន៍ ព្រមទាំង​ធ្វើ​បុណ្យ​ជ្រមុជទឹក​ឲ្យ​ដោយ​នូវ​ព្រះនាម​ព្រះវរបិតា ព្រះរាជបុត្រា និង​ព្រះវិញ្ញាណ​បរិសុទ្ធ​ចុះ » ( ម៉ាថាយ ២៨:១៩; សូមមើល​ផងដែរ ខទី ២០ ) ។ ព្រះអម្ចាស់​បាន​រំឭក​សិទ្ធិ​អំណាច​នោះ​នៅក្នុង​ជំនាន់​ចុងក្រោយ​នេះ ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ៣៩:១១; ៦៨:៦–៨; ១១២:២៨–៣០ ) ។

ការបម្រើ​ព្រះអម្ចាស់​ក្នុងនាម​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ម្នាក់ គឺជា​ឯកសិទ្ធិ​ដ៏ពិសិដ្ឋ​មួយ ។ វា​នាំមក​នូវ​ពរជ័យ​ដ៏អស់កល្ប​ដល់​អ្នកផ្សព្វផ្សាយ​រូប​នោះ និង​អស់​អ្នក​ដែល​គាត់ ឬ​នាង​បម្រើ ( សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៨:១៤–១៦ ) ។

ព្រះអម្ចាស់​សុំឲ្យ​យុវជន​គ្រប់​រូប​ដែល​មាន​សមត្ថភាព និង​ភាពស័ក្ដិសម​ឲ្យ​រៀបចំខ្លួន និង​បម្រើ​បេសកកម្ម ។

ព្រះ​អម្ចាស់​ក៏​ស្វាគមន៍​ឲ្យ​យុវនារី​ដែល​មាន​សមត្ថភាព និង​ភាពស័ក្ដិសម​បម្រើ​បេសកកម្ម​ផងដែរ ប្រសិនបើ​ពួកគេ​មាន​បំណងប្រាថ្នា​ចង់​បម្រើ ។

អ្នកផ្សព្វផ្សាយ​សាសនា​រៀមច្បង​ក៏​ត្រូវការ​ផងដែរ ហើយ​ត្រូវ​បាន​លើក​ទឹកចិត្ត​ឲ្យ​រៀបចំ​ខ្លួន​ដើម្បី​បម្រើ ។

២៤.១

ការហៅ​ឲ្យ​បម្រើ

អ្នកផ្សព្វផ្សាយ​សាសនា​តំណាងឲ្យ​ព្រះអម្ចាស់ និង​ត្រូវតែ​បាន​ហៅ​ដោយ​សិទ្ធិ​អំណាច​ត្រឹមត្រូវ ( សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៤២:១១; មាត្រា​នៃ​សេចក្ដី​ជំនឿ ១:៥ ) ។ ជាទូទៅ ការហៅ​ឲ្យ​បម្រើ​បេសកកម្ម​ត្រូវបាន​ផ្ដល់​មកពី​ប្រធាន​នៃ​សាសនាចក្រ ។ សម្រាប់​អ្នកផ្សព្វផ្សាយ​សាសនា​រៀមច្បង​ផ្នែក​សេវាកម្ម ការហៅ​ត្រូវបាន​ផ្ដល់​មកពី​ប្រធាន​ស្តេក ។

២៤.២

ការចាត់តាំង​ជា​អ្នកផ្សព្វផ្សាយ​សាសនា

ការហៅ​ឲ្យ​បម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​រួមមាន​នូវ​ការចាត់តាំង​ដ៏ជាក់លាក់​មួយ ។ ការចាត់តាំង​ទាំងនេះ​អាច​ខុសគ្នា​ខ្លាំង ។

២៤.២.១

ពួក​អ្នកផ្សព្វផ្សាយ​សាសនា​វ័យក្មេង​ផ្នែក​បង្រៀន

ពួក​អ្នកផ្សព្វផ្សាយ​សាសនា​វ័យក្មេង​ផ្នែក​បង្រៀន​ភាគច្រើន​ត្រូវបាន​ចាត់តាំង​ឲ្យ​បង្រៀន​ដំណឹងល្អ​នៅ​ឆ្ងាយពី​ផ្ទះ ។ ការចាត់តាំង​ទាំងនេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ពួកសាវក​តាមរយៈ​វិវរណៈ ។ អ្នកផ្សព្វផ្សាយ​សាសនា​ទាំងនេះ​បម្រើ​នៅក្រោម​ការដឹកនាំ​របស់​ប្រធាន​បេសកកម្ម ។

២៤.២.២

អ្នកផ្សព្វផ្សាយ​សាសនា​វ័យក្មេង​ផ្នែក​សេវាកម្ម

អ្នកផ្សព្វផ្សាយ​សាសនា​វ័យក្មេង​ផ្នែក​សេវាកម្ម​មួយ​ចំនួន​ត្រូវបាន​ចាត់តាំង​ឲ្យ​បម្រើ​នៅក្នុង​សាសនាចក្រ និង​សហគមន៍ ខណៈ​ពួកគេ​រស់នៅ​ក្នុង​គេហដ្ឋាន​ខ្លួនឯង ។ ការចាត់តាំង​ទាំងនេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ពួកសាវក​តាមរយៈ​វិវរណៈ ។ ពួកលោក​ផ្ដល់​ការចាត់តាំង​ដល់​បេក្ខជន​ដែល​ស្ថានភាព​របស់​ពួកគេ​ស័ក្ដិសម​បំផុត​សម្រាប់​បេសកកម្ម​ផ្នែក​សេវាកម្ម ( សូមមើល ២៤.៣.៣ ) ។

២៤.២.៣

អ្នកផ្សព្វផ្សាយ​សាសនា​រៀមច្បង

អ្នកផ្សព្វផ្សាយ​សាសនា​រៀមច្បង​ទាំងអស់​ត្រូវបាន​លើក​ទឹកចិត្ត​ឲ្យ​ស្វែងរក​មនុស្ស​ដើម្បី​បង្រៀន និង​ជួយ​ពួកគេ​ឲ្យ​រៀបចំ​ខ្លួន​សម្រាប់​ពិធីបុណ្យ​ជ្រមុជ​ទឹក ។ អ្នកផ្សព្វផ្សាយ​សាសនា​រៀមច្បង​ក៏អាច​ត្រូវបាន​ចាត់តាំង​ឲ្យ​គាំទ្រ​ដល់ ៖

  • សមាជិក និង​ថ្នាក់​ដឹកនាំ​ក្នុង​តំបន់ ។

  • តំបន់ នាយកដ្ឋាន​សាសនាចក្រ និង​អាគារ​សាសនាចក្រ ។

  • អង្គការ​សប្បុរសធម៌ ។

អ្នកផ្សព្វផ្សាយ​សាសនា​រៀមច្បង​មិន​ត្រូវបាន​សូម​ឲ្យ​ធ្វើការ​តាម​ម៉ោង​ដូចគ្នា ធ្វើ​សកម្មភាព​ដូចគ្នា​ទាំងអស់ ឬ​បំពេញ​តាម​ការរំពឹងទុក​ដូចគ្នា​នឹង​អ្នកផ្សព្វផ្សាយ​សាសនា​វ័យក្មេង​នោះទេ ។

ការចាត់តាំង​សម្រាប់​អ្នកផ្សព្វផ្សាយ​សាសនា​រៀមច្បង​ត្រូវបាន​ផ្ដល់​ដោយ​វិវរណៈ​ទៅកាន់​ពួកសាវក ។ បេក្ខជន​អាច​បង្ហាញ​ការពេញចិត្ត​សម្រាប់​ការចាត់តាំង​មួយ​បាន ប៉ុន្ដែ​គួរតែ​ស្ម័គ្រចិត្ត​ទទួលយក​ការចាត់តាំង​ផ្សេងទៀត​ផងដែរ ។

២៤.២.៤

អ្នកផ្សព្វផ្សាយ​សាសនា​រៀមច្បង​ផ្នែក​សេវាកម្ម

បន្ថែម​ពីលើ​ការហៅ​នៅក្នុង​វួដ ឬ​ស្ដេក​កំណើត​របស់​ពួកគេ នោះ​សមាជិក​អាច​បម្រើ​ព្រះអម្ចាស់​ក្នុង​នាមជា​អ្នកផ្សព្វផ្សាយ​សាសនា​រៀមច្បង​ផ្នែក​សេវាកម្ម​បាន ។ អ្នកផ្សព្វផ្សាយ​សាសនា​ទាំងនេះ​ផ្ដល់​ការបម្រើ​ដ៏មាន​តម្លៃ​នៅក្នុង​នាយកដ្ឋាន អគារ និង​បេសកកម្ម​របស់​សាសនាចក្រ ( សូមមើល ២៤.៧.១ ) ។ ពួកគេ​រស់នៅ​ក្នុង​ផ្ទះ​ខ្លួនឯង ។

អ្នកផ្សព្វផ្សាយ​សាសនា​រៀមច្បង​ផ្នែក​សេវាកម្ម​ត្រូវបាន​ហៅ​ដោយ​ប្រធាន​ស្តេក ។ ពួកគេ​បម្រើ​នៅក្រោម​ការដឹកនាំ​របស់លោក ។ ចំនួន​ពេលវេលា​ដែល​ពួកគេ​បម្រើ​រាល់​សប្ដាហ៍ អាស្រ័យ​ទៅលើ​សមត្ថភាព​របស់​ពួកគេ ឱកាស​បម្រើ​នៅក្នុង​តំបន់​របស់​ពួកគេ និង​ការដឹកនាំ​មកពី​គណៈប្រធាន​តំបន់ ។

២៤.២.៥

សេចក្ដី​សង្ខេប​នៃ​ការចាត់តាំង​ជា​អ្នកផ្សព្វផ្សាយ​សាសនា

តារាង​ខាងក្រោម​នេះ​សង្ខេប​ពី​ប្រភេទ​នៃ​ការចាត់តាំង​ជា​អ្នកផ្សព្វផ្សាយ​សាសនា ។

អ្នកផ្សព្វផ្សាយ​សាសនា​វ័យក្មេង​ផ្នែក​បង្រៀន
( សូមមើល ២៤.២.១ )

អ្នកផ្សព្វផ្សាយ​សាសនា​វ័យក្មេង​ផ្នែក​សេវាកម្ម
( សូមមើល ២៤.២.២ )

អ្នកផ្សព្វផ្សាយ​សាសនា​រៀមច្បង
( សូមមើល ២៤.២.៣ )

អ្នកផ្សព្វផ្សាយ​សាសនា​រៀមច្បង​ផ្នែក​សេវាកម្ម
( សូមមើល ២៤.២.៤ )

ត្រូវបាន​ហៅ​ដោយ

អ្នកផ្សព្វផ្សាយ​សាសនា​វ័យក្មេង​ផ្នែក​បង្រៀន
( សូមមើល ២៤.២.១ )

ប្រធាន​សាសនាចក្រ

អ្នកផ្សព្វផ្សាយ​សាសនា​វ័យក្មេង​ផ្នែក​សេវាកម្ម
( សូមមើល ២៤.២.២ )

ប្រធាន​សាសនាចក្រ

អ្នកផ្សព្វផ្សាយ​សាសនា​រៀមច្បង
( សូមមើល ២៤.២.៣ )

ប្រធាន​សាសនាចក្រ

អ្នកផ្សព្វផ្សាយ​សាសនា​រៀមច្បង​ផ្នែក​សេវាកម្ម
( សូមមើល ២៤.២.៤ )

ប្រធាន​ស្តេក

ត្រូវបាន​ចាត់តាំង​ដោយ

អ្នកផ្សព្វផ្សាយ​សាសនា​វ័យក្មេង​ផ្នែក​បង្រៀន
( សូមមើល ២៤.២.១ )

សាវក

អ្នកផ្សព្វផ្សាយ​សាសនា​វ័យក្មេង​ផ្នែក​សេវាកម្ម
( សូមមើល ២៤.២.២ )

សាវក

អ្នកផ្សព្វផ្សាយ​សាសនា​រៀមច្បង
( សូមមើល ២៤.២.៣ )

សាវក

អ្នកផ្សព្វផ្សាយ​សាសនា​រៀមច្បង​ផ្នែក​សេវាកម្ម
( សូមមើល ២៤.២.៤ )

ប្រធាន​ស្តេក

ត្រូវបាន​ញែកចេញ​ដោយ

អ្នកផ្សព្វផ្សាយ​សាសនា​វ័យក្មេង​ផ្នែក​បង្រៀន
( សូមមើល ២៤.២.១ )

ប្រធាន​ស្តេក

អ្នកផ្សព្វផ្សាយ​សាសនា​វ័យក្មេង​ផ្នែក​សេវាកម្ម
( សូមមើល ២៤.២.២ )

ប្រធាន​ស្តេក

អ្នកផ្សព្វផ្សាយ​សាសនា​រៀមច្បង
( សូមមើល ២៤.២.៣ )

ប្រធាន​ស្តេក

អ្នកផ្សព្វផ្សាយ​សាសនា​រៀមច្បង​ផ្នែក​សេវាកម្ម
( សូមមើល ២៤.២.៤ )

ប្រធាន​ស្តេក ឬ​ទីប្រឹក្សា

រស់នៅ

អ្នកផ្សព្វផ្សាយ​សាសនា​វ័យក្មេង​ផ្នែក​បង្រៀន
( សូមមើល ២៤.២.១ )

ឆ្ងាយ​ពី​ផ្ទះ

អ្នកផ្សព្វផ្សាយ​សាសនា​វ័យក្មេង​ផ្នែក​សេវាកម្ម
( សូមមើល ២៤.២.២ )

នៅ​ផ្ទះ

អ្នកផ្សព្វផ្សាយ​សាសនា​រៀមច្បង
( សូមមើល ២៤.២.៣ )

ឆ្ងាយ​ពី​ផ្ទះ ឬ​នៅ​ផ្ទះ

អ្នកផ្សព្វផ្សាយ​សាសនា​រៀមច្បង​ផ្នែក​សេវាកម្ម
( សូមមើល ២៤.២.៤ )

នៅ​ផ្ទះ

ថ្នាក់ដឹកនាំ​សាសនា

អ្នកផ្សព្វផ្សាយ​សាសនា​វ័យក្មេង​ផ្នែក​បង្រៀន
( សូមមើល ២៤.២.១ )

ប្រធាន​បេសកកម្ម ឬ​ប្រធាន​ទីតាំង​ប្រវត្តិសាស្ដ្រ

អ្នកផ្សព្វផ្សាយ​សាសនា​វ័យក្មេង​ផ្នែក​សេវាកម្ម
( សូមមើល ២៤.២.២ )

ប្រធាន​ស្តេក

អ្នកផ្សព្វផ្សាយ​សាសនា​រៀមច្បង
( សូមមើល ២៤.២.៣ )

ប្រធាន​បេសកកម្ម ប្រធាន​ព្រះវិហារ​បរិសុទ្ធ ឬ​ប្រធាន​ទីតាំង​ប្រវត្តិសាស្ដ្រ ឬ​ប្រធាន​តំបន់

អ្នកផ្សព្វផ្សាយ​សាសនា​រៀមច្បង​ផ្នែក​សេវាកម្ម
( សូមមើល ២៤.២.៤ )

ប្រធាន​ស្តេក

រាយការណ៍​ទៅកាន់

អ្នកផ្សព្វផ្សាយ​សាសនា​វ័យក្មេង​ផ្នែក​បង្រៀន
( សូមមើល ២៤.២.១ )

ប្រធាន​បេសកកម្ម ឬ​ប្រធាន​ទីតាំង​ប្រវត្តិសាស្ដ្រ

អ្នកផ្សព្វផ្សាយ​សាសនា​វ័យក្មេង​ផ្នែក​សេវាកម្ម
( សូមមើល ២៤.២.២ )

ប្រធាន​បេសកកម្ម​តាម​រយៈ​អ្នក​ដឹកនាំ​បេសកកម្ម​ផ្នែក​សេវាកម្ម

អ្នកផ្សព្វផ្សាយ​សាសនា​រៀមច្បង
( សូមមើល ២៤.២.៣ )

ប្រធាន​បេសកកម្ម ប្រធាន​ព្រះវិហារ​បរិសុទ្ធ ឬ​ប្រធាន​ទីតាំង​ប្រវត្តិសាស្ដ្រ ប្រធាន​តំបន់ នាយកគ្រប់គ្រង​មជ្ឈមណ្ឌល​អ្នកទស្សនា ឬ​នាយកគ្រប់គ្រង​នាយកដ្ឋាន ឬ​អគារ​របស់​សាសនាចក្រ

អ្នកផ្សព្វផ្សាយ​សាសនា​រៀមច្បង​ផ្នែក​សេវាកម្ម
( សូមមើល ២៤.២.៤ )

អ្នកគ្រប់គ្រង​ផ្នែក​ប្រតិបត្តិការ​នៃ​ការចាត់តាំង​ផ្នែក​សេវាកម្ម

តម្រូវការ​ទាក់ទង​នឹង​អាយុ

អ្នកផ្សព្វផ្សាយ​សាសនា​វ័យក្មេង​ផ្នែក​បង្រៀន
( សូមមើល ២៤.២.១ )

១៨–២៥ ( បុរស )
១៩–២៩ ( ស្ដ្រី )

អ្នកផ្សព្វផ្សាយ​សាសនា​វ័យក្មេង​ផ្នែក​សេវាកម្ម
( សូមមើល ២៤.២.២ )

១៨–២៥ ( បុរស )
១៩–២៩ ( ស្ដ្រី )

អ្នកផ្សព្វផ្សាយ​សាសនា​រៀមច្បង
( សូមមើល ២៤.២.៣ )

៤០ ឆ្នាំ​ឡើង ប្រសិនបើ​បាន​រៀបការ​ហើយ ឬ​ប្រសិនបើ​ជា​បងប្អូន​ស្រី​នៅលីវ

អ្នកផ្សព្វផ្សាយ​សាសនា​រៀមច្បង​ផ្នែក​សេវាកម្ម
( សូមមើល ២៤.២.៤ )

២៦ ឆ្នាំ​ឡើង

២៤.៣

ការរៀបចំ​ខ្លួន និង​ការមាន​ភាពស័ក្ដិសម​ដើម្បី​បម្រើ​បេសកកម្ម

អនាគត​អ្នកផ្សព្វផ្សាយ​សាសនា​ត្រូវបាន​លើក​ទឹកចិត្ត​ឲ្យ​បម្រើ​បេសកកម្ម ដោយសារតែ​សេចក្ដី​ស្រឡាញ់​របស់​ពួកគេ​ចំពោះ​ព្រះអម្ចាស់ និង​បុត្រា​បុត្រី​របស់​ទ្រង់ ។ ពួកគេ​គួរតែ​ដឹងពី សំណួរ​សម្ភាសន៍​សម្រាប់​ការផ្តល់​អនុសាសន៍​អ្នកផ្សព្វផ្សាយ​សាសនា ។

២៤.៣.១

ការប្រែចិត្ត​ជឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ

បេក្ខជន​អ្នកផ្សព្វផ្សាយ​សាសនា​ខិតខំ​ពង្រឹង​ការប្រែចិត្ត​ជឿ​របស់​ពួកគេ​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​ដែល​បាន​ស្តារ​ឡើងវិញ​របស់​ទ្រង់ ។

២៤.៣.២

ការបំពេញ​តាម​បទដ្ឋាន​នៃ​ភាពស័ក្ដិសម

បេក្ខជន​អ្នកផ្សព្វផ្សាយ​សាសនា​ខិតខំ​មាន​ភាពស័ក្តិសម​នឹង​ភាពជា​ដៃគូ​នៃ​ព្រះវិញ្ញាណ ។ ការណ៍​នេះ​ចាំបាច់​សម្រាប់​ការបម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ដ៏មាន​ប្រសិទ្ធភាព ( សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៤២:១៣–១៤ ) ។

២៤.៣.២.១

ការប្រែចិត្ត

ការប្រែចិត្ត​តម្រូវ​ឲ្យមាន​ការអនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះគ្រីស្ទ ការមាន​បំណង​ដ៏ពិត និង​ការរក្សា​ព្រះបញ្ញត្តិ​ទាំងឡាយ ។ ការណ៍​នេះ​រួមមាន​ការសារភាព និង​ការបោះបង់​ចោល​អំពើបាប ។ ចំពោះ​អំពើ​បាប​ធ្ងន់ធ្ងរ ការប្រែចិត្ត​តម្រូវ​ឲ្យ​មាន​ការសារភាព​ដល់​ប៊ីស្សព ឬ​ប្រធាន​ស្តេក ( សូមមើល ៣២.៣ និង ៣២.៤ ក្នុង​ក្បួនខ្នាត​នេះ ) ។

បុគ្គល​ម្នាក់​ដែល​ប្រែចិត្ត ទទួល​បាន​ការអភ័យទោស ហើយ​ត្រូវបាន​សម្អាត​តាមរយៈ​ដង្វាយធួន និង​ព្រះគុណ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ព្រះអម្ចាស់​នឹង​ពុំ​ចងចាំ​អំពើបាប​នេះ​ទៀតឡើយ ។ « សេចក្ដី​អំណរ​របស់​ទ្រង់​មហិមា​ណាស់​ហ្ន៎​ចំពោះ​ព្រលឹង​ណា​ដែល​ប្រែចិត្ត ! » ( គោលលទ្ធិ និង​សេចក្តីសញ្ញា ១៨:១៣; សូមមើល អេសាយ ៤៣:២៥; យ៉ាកុប ៦:៥; អាលម៉ា ៣៤:១៥-១៧; ហេលេមិន ៥:១០-១១; គោលលទ្ធិ និង​សេចក្តីសញ្ញា ៥៨:៤២-៤៣ និង ៣២.១ ក្នុង​ក្បួនខ្នាត​នេះ ) ។

បេក្ខជន​អ្នកផ្សព្វផ្សាយ​សាសនា​ត្រូវតែ​បាន​ប្រែចិត្ត​ពី​អំពើបាប​ធ្ងន់ធ្ងរ​សិន ពីមុន​ប្រធាន​ស្ដេក​អាច​បញ្ជូន​អនុសាសន៍​របស់​គាត់​បាន ( សូមមើល ៣២.៦; សូមមើល​ផងដែរ ២៤.៤.៤ ) ។ ដំណើរការ​នៃ​ការប្រែចិត្ត​រួមបញ្ចូល​ទាំង​ការ​មាន​ពេលវេលា​គ្រប់គ្រាន់ ដើម្បី​ឲ្យ​បុគ្គល​នោះ​បង្ហាញ​ការប្រែចិត្ត​តាមរយៈ​ការរស់នៅ​ដោយ​សុចរិត​ដើម្បី​គាត់​ទទួល​ព្រះវិញ្ញាណ​នៃ​ព្រះគ្រីស្ទ​ឆ្ពោះទៅរក​ការអភ័យទោស​ពី​អំពើបាប ( សូមមើល គោលលទ្ធិ និង​សេចក្តីសញ្ញា ២០:៣៧ ) ។

២៤.៣.៣

សុខភាព​ផ្លូវកាយ ផ្លូវចិត្ត និង​ខាង​សតិ​អារម្មណ៍

កិច្ចការ​អ្នកផ្សព្វផ្សាយ​សាសនា​គឺ​ពិបាក ។ ពួក​អ្នកផ្សព្វផ្សាយ​សាសនា​វ័យក្មេង​ផ្នែក​បង្រៀន​ត្រូវតែ​ប្ដេជ្ញាចិត្ត ទាំង​ខាង​ផ្លូវកាយ ផ្លូវចិត្ត និង​ខាង​សតិ​អារម្មណ៍​ដើម្បី​អាច​ធ្វើ​តាម​កាលវិភាគ​អ្នកផ្សព្វផ្សាយ​សាសនា​ពេញម៉ោង​បាន ។

២៤.៣.៤

ហិរញ្ញវត្ថុ

២៤.៣.៤.១

ការផ្ដល់​ហិរញ្ញវត្ថុ​ដល់​អ្នកផ្សព្វផ្សាយ​សាសនា​វ័យក្មេង​ដែល​បម្រើ​នៅឆ្ងាយ​ពីផ្ទះ

បេក្ខជន​វ័យក្មេង​ដែល​បាន​រៀបចំ​ខ្លួន​ស្របតាម​សមត្ថភាព​របស់​ពួកគេ មិនគួរ​ពន្យារពេល​ដើម្បី​បម្រើ​ដោយសារ​មូលហេតុ​ហិរញ្ញវត្ថុ​នោះទេ ។ អស់​អ្នក​ដែល​ត្រូវការ​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ ដើម្បី​បំពេញ​តាម​ការតាំងចិត្ត​បរិច្ចាគ​ដែល​បាន​រំពឹង​ទុក អាច​ទទួល​បាន​ជំនួយ​នោះ​មកពី​គ្រួសារ និង​មិត្តភក្ដិ​ជិតឆ្ងាយ​ទាំងឡាយ ។

ប្រសិនបើ​សេចក្ដី​ត្រូវការ​នៅតែ​មាន នោះ​ប៊ីស្សព ឬ​ប្រធាន​ស្តេក​អាច​សូមឲ្យ​សមាជិក​នៅក្នុង​វួដ ឬ​ស្ដេក ធ្វើ​ការបរិច្ចាគ​ចូល​ក្នុង​មូលនិធិ​អ្នកផ្សព្វផ្សាយ​សាសនា​វួដ​បាន ។

ថវិកា និង​ដង្វាយ​តម​អាហារ​របស់​អង្គភាព​ក្នុង​មូលដ្ឋាន មិន​អាច​យកមក​ប្រើប្រាស់​បាន​ទេ ។

ការតាំងចិត្ត​បរិច្ចាគ​រាល់ខែ ។ ពួក​អ្នកផ្សព្វផ្សាយ​សាសនា​វ័យក្មេង​ផ្នែក​បង្រៀន និង​ក្រុមគ្រួសារ​របស់​ពួកគេ​បរិច្ចាគ​ក្នុង​ចំនួន​ជាក់លាក់​មួយ​ជារៀងរាល់​ខែ ដើម្បី​ជួយ​ចេញថ្លៃ​ចំណាយ​កម្មវិធី​អ្នកផ្សព្វផ្សាយ​សាសនា ។

ការបរិច្ចាគ​នេះ​ត្រូវ​ដាក់​ទៅក្នុង​មូលនិធិ​អ្នកផ្សព្វផ្សាយ​សាសនា​វួដ ។ ប៊ីស្សព​បញ្ជាក់​ថា មូលនិធិ​នេះ​ត្រូវបាន​បរិច្ចាគ​ជារៀងរាល់​ខែ ។ មូលនិធិ​ដែល​លើសពី​ចំនួន​ប្រចាំ​ខែ មិន​គួរ​ធ្វើការ​បរិច្ចាគ​ទុកជាមុន​នោះទេ ។ មូលនិធិ​ដែល​បាន​បរិច្ចាគ​ជាមុន មិន​អាច​ប្រគល់​សង​វិញ​បាន​ទេ ប្រសិនបើ​អ្នកផ្សព្វផ្សាយ​សាសនា​ត្រឡប់​ទៅផ្ទះ​វិញ​មុន​កំណត់​នោះ ។

ចំណាយ​នៅក្នុង​តំបន់​បេសកកម្ម ។ ជារៀង​រាល់ខែ អ្នកផ្សព្វផ្សាយ​សាសនា​វ័យក្មេង​ទទួលបាន​មូលនិធិ​គ្រប់គ្រាន់​មកពី​បេសកកម្ម​ដើម្បី​ផ្គត់ផ្គង់​សម្រាប់​ការចំណាយ​ថ្លៃ​ម្ហូប​អាហារ​ដែល​មានសុខភាព មធ្យោបាយ​ធ្វើដំណើរ និង​ការចំណាយ​ថ្លៃ​រស់នៅ​ផ្សេងៗទៀត ។ មូលនិធិ​ទាំងនេះ​គឺ​ពិសិដ្ឋ​ណាស់ ។ អ្នកផ្សព្វផ្សាយ​សាសនា​ប្រើ​មូលនិធិ​នេះ តែ​សម្រាប់​គោលបំណង​ដែល​ទាក់ទង​នឹង​បេសកកម្ម​ប៉ុណ្ណោះ ។ មូលនិធិ​នេះ​មិនគួរ​ប្រើប្រាស់​សម្រាប់​ការចំណាយ​ផ្ទាល់ខ្លួន សន្សំ​ទុក ឬ​ផ្ញើទៅ​សមាជិក​គ្រួសារ ឬ​អ្នកដទៃ​នោះទេ ។ អ្នកផ្សព្វផ្សាយ​សាសនា​ប្រគល់​មូលនិធិ​នានា ដែល​ពួកគេ​មិន​ត្រូវការ​ទៅកាន់​បេសកកម្ម​វិញ ។

អ្នកផ្សព្វផ្សាយ​សាសនា​ប្រើប្រាស់​មូលនិធិ​ផ្ទាល់ខ្លួន​ដើម្បី​ចេញថ្លៃ​ចំណាយ​ផ្សេងទៀត ។ ការចំណាយ​ផ្ទាល់ខ្លួន​ទាំងនេះ​គួរតែ​តិចតួច​ទេ ។ ( សូមមើល បទដ្ឋាន​អ្នកផ្សព្វផ្សាយ​សាសនា​សម្រាប់​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ ៤.៨ ) ។

២៤.៣.៤.២

ការផ្ដល់​ហិរញ្ញវត្ថុ​ដល់​អ្នកផ្សព្វផ្សាយ​សាសនា​រៀមច្បង​ដែល​បម្រើ​នៅឆ្ងាយ​ពីផ្ទះ

ការតាំងចិត្ត​បរិច្ចាគ​រាល់ខែ ។ អ្នកផ្សព្វផ្សាយ​សាសនា​រៀមច្បង​ដែល​បម្រើ​នៅឆ្ងាយ​ពីផ្ទះ បរិច្ចាគ​ទៅកាន់​មូលនិធិ​អ្នកផ្សព្វផ្សាយ​សាសនា​វួដ​កំណើត​របស់​ពួកគាត់​ជារៀង​រាល់ខែ ។ ការបរិច្ចាគ​ទាំងនេះ​ជួយ​បង់ថ្លៃការ​ចំណាយ​លើ​ការស្នាក់នៅ និង​យានយន្ត ។

ប៊ីស្សព​បញ្ជាក់​ថា មូលនិធិ​នេះ​ត្រូវបាន​បរិច្ចាគ​ជារៀងរាល់​ខែ ។ មូលនិធិ​ដែល​លើសពី​ចំនួន​ប្រចាំ​ខែ មិន​គួរ​ធ្វើការ​បរិច្ចាគ​ទុកជាមុន​នោះទេ ។

ការចំណាយ​បន្ថែម ។ បន្ថែម​ពីលើ​ការតាំងចិត្ត​បរិច្ចាគ​ប្រចាំខែ ដែល​ជួយ​ចេញ​ថ្លៃ​ការស្នាក់នៅ និង​ថ្លៃ​រថយន្ដ នោះ​អ្នកផ្សព្វផ្សាយ​សាសនា​រៀមច្បង​ត្រូវតែ​ចេញ​ថ្លៃ​ចំណាយ​ផ្សេងទៀត​ទាំងអស់​ដោយ​ខ្លួនឯង រួមមានទាំង​អាហារ សម្ភារ​ផ្ទាល់​ខ្លួន និង​ប្រេងសាំង​រថយន្ត​ផងដែរ ។

២៤.៣.៤.៣

ការផ្ដល់​ហិរញ្ញវត្ថុ​ដល់​អ្នកផ្សព្វផ្សាយ​សាសនា​ដែល​បម្រើ​នៅ​ផ្ទះ

អ្នកផ្សព្វផ្សាយ​សាសនា​ដែល​បម្រើ​នៅផ្ទះ ទទួល​ខុសត្រូវ​លើ​តម្រូវការ​ផ្នែក​ហិរញ្ញវត្ថុ​របស់​ពួកគេ​ទាំងអស់ ។

២៤.៣.៤.៤

ការធានា​រ៉ាប់រង និង​ការចំណាយ​ផ្នែក​វេជ្ជសាស្រ្ត

ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ទាំងអស់ រួម​ទាំង​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​វ័យក្មេង​ផ្នែក​បង្រៀន​ត្រូវ​បាន​លើក​ទឹកចិត្ត​យ៉ាង​ខ្លាំង​ឲ្យ​ពួកគេ​រក្សា​ការធានារ៉ាប់រង​វេជ្ជសាស្ត្រ ដែល​មាន​ស្រាប់​ប្រសិន​បើ​អាច​ធ្វើ​ទៅ​បាន ។

អ្នកផ្សព្វផ្សាយ​សាសនា​ដែល​បម្រើ​នៅផ្ទះ ត្រូវតែ​មាន​ការធានា​រ៉ាប់រង​វេជ្ជសាស្ដ្រ​របស់​ពួកគេ​ផ្ទាល់ និង​ការធានា​រ៉ាប់រង​ផ្សេងទៀត ។ អ្នកផ្សព្វផ្សាយ​សាសនា​រៀមច្បង​ដែល​បម្រើ​នៅឆ្ងាយ​ពីផ្ទះ ក៏​ត្រូវតែ​មាន​ការធានា​រ៉ាប់រង​នេះ​ដែរ ។ អ្នកផ្សព្វផ្សាយ​សាសនា​រៀមច្បង​ដែល​នឹង​បម្រើ​នៅក្រៅ​ប្រទេស​កំណើត​របស់​ពួកគេ អាច​ទទួលបាន​ការធានា​រ៉ាប់រង​តាមរយៈ ផែនការ​វេជ្ជសាស្ដ្រ​សម្រាប់​ការបម្រើ​របស់​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​រៀមច្បង ។

២៤.៣.៥

តួនាទី​របស់​សមាជិក​គ្រួសារ និង​ថ្នាក់ដឹកនាំ​នៅក្នុង​ការរៀបចំ​អ្នកផ្សព្វផ្សាយ​សាសនា

សមាជិក​គ្រួសារ ប៊ីស្សព និងថ្នាក់ដឹកនាំ​ដទៃ​ទៀត ជួយ​យុវវ័យ​ឲ្យ​រៀបចំ​ខ្លួន​បម្រើ​បេសកកម្ម ។

សមាជិក​គ្រួសារ និង​ថ្នាក់ដឹកនាំ​លើក​ទឹកចិត្ត​ឲ្យ​បេក្ខជន​អ្នកផ្សព្វផ្សាយ​សាសនា​ទាំងអស់​សិក្សា ៖

សមាជិក​គ្រួសារ និង​ថ្នាក់ដឹកនាំ​ជួយ​បេក្ខជន​ទាំងអស់​ឲ្យ​ប្ដេជ្ញាចិត្ត​ធ្វើតាម​បទដ្ឋាន​អ្នកផ្សព្វផ្សាយ​សាសនា ។ ពួកគាត់​លើក​ទឹកចិត្ត​ឲ្យ​បេក្ខជន​សិក្សា​ក្បួនខ្នាត​បទដ្ឋាន​អ្នកផ្សព្វផ្សាយ​សាសនា ដែល​មាន​ខ្លឹមសារ​ទាក់ទង​នឹង​ការចាត់តាំង​របស់​ពួកគេ ៖

២៤.៤

ការផ្ដល់​អនុសាសន៍​អ្នកផ្សព្វផ្សាយ​សាសនា

២៤.៤.១

ការវាយតម្លៃ​សុខភាព

បេក្ខជន​ទាំងអស់​តម្រូវ​ឲ្យមាន​ការវាយតម្លៃ​ពី​គ្រូពេទ្យ​ជំនាញ អំពី​ស្ថានភាព​សុខភាព​របស់​ពួកគេ ។

២៤.៤.២

ទម្រង់​បែបបទ​ការសម្ភាស និង​អនុសាសន៍

ប៊ីស្សព និង​ប្រធាន​ស្តេក​ដឹកនាំ​ការសម្ភាស​ដោយ​យកចិត្ត​ទុក​ដាក់ ដោយ​ការស្រាវជ្រាវ​ខាង​វិញ្ញាណ និង​ដោយ​ការលើក​ស្ទួយ​ជាមួយ​នឹង​បេក្ខជន​ម្នាក់ៗ ។ ពួកគាត់​ប្រើប្រាស់ សំណួរ​សម្ភាសន៍​សម្រាប់​ការ​ចេញ​អនុសាសន៍​អ្នកផ្សព្វផ្សាយ​សាសនា ។

ប៊ីស្សព និង​ប្រធាន​ស្តេក​ក៏​ពិនិត្យ​មើល​ព័ត៌មាន​អំពី​បទដ្ឋាន​នៃ​ភាពស័ក្ដិសម និង​ស្ថានភាព​សុខភាព​នៅក្នុង ប្រព័ន្ធ​ផ្ដល់​អនុសាសន៍​អ្នកផ្សព្វផ្សាយ​សាសនា​តាម​អនឡាញ ផងដែរ ។ ប៊ីស្សព និង​ប្រធាន​ស្តេក​មិន​បន្ថែម​បទដ្ឋាន​ផ្សេងទៀត ដើម្បី​មាន​សិទ្ធិ​ចូលរួម​នោះទេ ។ ហើយ​ពួកគាត់​ក៏មិន​ផ្លាស់ប្ដូរ​សំណួរ​សម្ភាសន៍​ដែរ ។

ប្រសិនបើ​ប៊ីស្សព និង​ប្រធាន​ស្តេក​មាន​កង្វល់​អំពី​ការធ្វើតាម​បទដ្ឋាន​នៃ​ភាពស័ក្ដិសម​របស់​បេក្ខជន​ម្នាក់ ឬ​អំពី​ស្ថានភាព​សុខភាព​របស់​គាត់ ឬ​នាង នោះ​ពួកគាត់​ប្រឹក្សា​ជាមួយគ្នា និង​ជាមួយ​បុគ្គល​នោះ ។ ដោយ​មាន​ការអនុញ្ញាត​ពី​បេក្ខជន​វ័យក្មេង នោះ​ពួកគាត់​ក៏អាច​ប្រឹក្សា​ជាមួយ​នឹង​ឪពុក​ម្ដាយ​របស់​គាត់ ឬ​នាង​បាន​ដែរ ។ ប៊ីស្សព និង​ប្រធាន​ស្តេក​មិនត្រូវ​បញ្ជូន​អនុសាសន៍​ទេ ទាល់តែ​បុគ្គល​នេះ​បាន​ប្រែចិត្ត​ពី​អំពើបាប​ធ្ងន់ធ្ងរ​ជាមុន​សិន ( សូមមើល ២៤.៣.២.១ ) ។ អាស្រ័យលើ​សុខភាព​ផ្លូវកាយ ផ្លូវចិត្ត ឬ​ខាង​សតិ​អារម្មណ៍​របស់​បុគ្គល​នេះ នោះ​ពួកគាត់​អាច​ពិភាក្សាពី​លទ្ធភាព​នៃ​ការចាត់តាំង​ឲ្យធ្វើជា​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម ។

នៅក្នុង​ករណី​បន្ទាន់ នៅពេល​ប៊ីស្សព ឬ​ប្រធាន​ស្ដេក​អវត្តមាន នោះ​គាត់​អាច​ផ្តល់​សិទ្ធិ​អនុញ្ញាត​ឲ្យ​ទីប្រឹក្សា​ម្នាក់​របស់​គាត់​ដឹកនាំ​ការសម្ភាសន៍​ទាំងនេះ​បាន ។

នៅក្នុង​មណ្ឌល ប្រធាន​បេសកកម្ម ឬ​ទីប្រឹក្សា​ដែល​បាន​ចាត់តាំង​ធ្វើ​ការសម្ភាស និង​ផ្ដល់​អនុសាសន៍​ដល់បេក្ខជន​ជាអ្នកផ្សព្វផ្សាយ​សាសនា ។ ប្រធាន​មណ្ឌល​មិន​ដឹកនាំ​ការសម្ភាស​ទាំងនេះ​ទេ ។

២៤.៤.៤

អ្នកទាំងឡាយ​ដែល​មិន​អាច​បម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង​បាន

ពេលខ្លះ សមាជិក​ម្នាក់​ដែល​ចង់​បម្រើ ហើយ​ត្រូវ​បាន​ផ្តល់​អនុសាសន៍​ឲ្យ​បម្រើ​ជាអ្នកផ្សព្វផ្សាយ​សាសនា អាច​នឹង​មិន​ត្រូវ​បាន​ហៅ​ឲ្យ​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​បង្រៀន ឬ​ផ្នែក​សេវាកម្ម​នោះ​ទេ ។ ការណ៍​នេះ​អាច​បណ្តាល​មកពី​បញ្ហា​សុខភាព មិន​បំពេញ​តាម​បទដ្ឋាន​នៃ​ភាពស័ក្ដិសម បញ្ហា​ផ្លូវច្បាប់ ឬ​កាលៈទេសៈ​ផ្សេងទៀត ។ ប៊ីស្សព និង​ប្រធាន​ស្តេក​បង្ហាញ​សេចក្ដី​ស្រឡាញ់ និង​ការដឹងគុណ​ចំពោះ​ឆន្ទៈ​បម្រើ​របស់​សមាជិក​រូបនេះ ។

២៤.៥

បន្ទាប់ពី​ទទួលបាន​ការបម្រើ​បេសកកម្ម

អ្នកផ្សព្វផ្សាយ​សាសនា​ដែល​បាន​ហៅ​ឲ្យ​បម្រើ​ថ្មីៗ ត្រូវបាន​លើក​ទឹកចិត្ត​ឲ្យ​អាន ឬ​អាន​ឡើងវិញ​ក្នុង​ព្រះគម្ពីរ​មរមន មុនពេល​ពួកគេ​ចាប់ផ្តើម​បេសកកម្ម​របស់​ពួកគេ ។ ពួកគេ​ធ្វើតាម​ការប្រឹក្សា​របស់​ស្ដេច​បេនយ៉ាមីន​ឲ្យ « ប្រយ័ត្ន​ខ្លួន ទាំង​គំនិត​របស់​ខ្លួន និង​ពាក្យ​សម្ដី​របស់​ខ្លួន និង​កិច្ចការ​របស់​ខ្លួន » ( ម៉ូសាយ ៤:៣០ ) ។

២៤.៥.១

អំណោយទាន​ពិសិដ្ឋ​នៃ​ព្រះវិហារ​បរិសុទ្ធ និង​ការបម្រើ​ក្នុង​ព្រះវិហារ​បរិសុទ្ធ

អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​ទើប​ហៅ​ថ្មី​ត្រូវ​បាន​លើក​ទឹកចិត្ត​ឲ្យ​ទទួល​អំណោយទាន​ពិសិដ្ឋ​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ហើយ​ចូលរួម​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ឲ្យ​បាន​ញឹកញាប់​តាម កាលៈទេសៈ​ផ្តល់ឲ្យ ( សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៤៣:១៥–១៦; ១០៥:៣៣ ) ។ ការណ៍នេះ​អនុវត្ត​ចំពោះ​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​បង្រៀន និង​អ្នក ផ្សព្វផ្សាយ​សាសនា​ផ្នែកសេវាកម្ម ប្រសិន​បើ​សមរម្យ​សម្រាប់​ស្ថានភាព​របស់​ពួកគេ ។

អ្នកផ្សព្វផ្សាយ​សាសនា​ដែល​ទើប​បាន​ហៅ​ថ្មីៗ ដែល​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ​រួចហើយ អាច​បម្រើ​ជា​អ្នកធ្វើការ​ផ្នែក​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​បាន ពីមុន​ពួកគេ​ចាប់ផ្ដើម​ការបម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​តាម​ការគួរ ( សូមមើល ២៥.៥ ) ។

២៤.៥.២

ការប្រជុំ​សាក្រាម៉ង់

គណៈប៊ីស្សព​អញ្ជើញ​អ្នកផ្សព្វផ្សាយ​សាសនា​ដែល​ទើបបាន​ហៅ​ថ្មីៗ ឲ្យ​ឡើង​និយាយ​នៅក្នុង​ការប្រជុំ​សាក្រាម៉ង់ មុនពេល​ពួកគេ​ចាប់ផ្ដើម​បេសកកម្ម​របស់​ពួកគេ ។ នេះ​គឺជា​ការប្រជុំ​សាក្រាម៉ង់​តាម​ធម្មតា​មួយ ។ វា​គួរតែ​ផ្ដោតលើ​សាក្រាម៉ង់ និង​ព្រះអង្គ​សង្គ្រោះ ។

២៤.៥.៣

ពិធី​ញែកចេញ​ពួក​អ្នកផ្សព្វផ្សាយ​សាសនា

ប្រធាន​ស្តេក​កំណើត​ធ្វើ​ពិធី​ញែកចេញ​ឲ្យ​អ្នកផ្សព្វផ្សាយ​សាសនា​ម្នាក់ៗ​ដែល​ជិត​ដល់​កាលបរិច្ឆេទ​ចេញ​បេសកកម្ម​របស់​គាត់ ឬ​នាង​បំផុត តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។ នៅក្នុង​ករណី​បន្ទាន់ នៅពេល​ប្រធាន​ស្ដេក​មិន​ទំនេរ នោះ​គាត់​អាច​ផ្តល់​សិទ្ធិ​អនុញ្ញាត​ឲ្យ​ទីប្រឹក្សា​ម្នាក់​របស់​គាត់​ធ្វើ​ពិធី​ញែកចេញ​ដល់​អ្នកផ្សព្វផ្សាយ​សាសនា​បាន ។

ប្រធាន​បេសកកម្ម ឬ​ទីប្រឹក្សា​ម្នាក់​របស់​គាត់​ធ្វើ​ពិធី​ញែកចេញ​ដល់​អ្នកផ្សព្វផ្សាយ​សាសនា ដែល​ត្រូវបាន​ហៅ​ឲ្យ​បម្រើ​មកពី​មណ្ឌល​នៅក្នុង​បេសកកម្ម​របស់​គាត់ ។ ប្រធាន​មណ្ឌល​មិន​ធ្វើ​ពិធី​ញែកចេញ​ឲ្យ​អ្នកផ្សព្វផ្សាយ​សាសនា​ទេ ។

បងប្អូន​ប្រុស​ដែល​នឹង​បម្រើ​នៅឆ្ងាយ​ពីផ្ទះ ត្រូវតែ​ទទួល​បព្វជិតភាព​ម៉ិលគីស្សាដែក ពីមុន​ការញែកចេញ​ជា​អ្នកផ្សព្វផ្សាយ​សាសនា ។ បងប្អូន​ប្រុស​ដែល​នឹង​បម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម គួរតែ​កាន់​បព្វជិតភាព​ម៉ិលគីស្សាដែក ប្រសិនបើ​សមស្រប​នឹង​ស្ថានភាព​របស់​គាត់ ។

២៤.៦

ការបម្រើ​នៅឆ្ងាយ​ពីផ្ទះ

២៤.៦.២

នៅក្នុង​តំបន់​បេសកកម្ម

២៤.៦.២.៥

សំណើសុំ​ផ្តល់​ជំនួយ​ដល់​អ្នកដទៃ​ខាង​ហិរញ្ញវត្ថុ ឬ​ថ្លៃ​សាលារៀន ឬ​ការធ្វើ​អន្ដោប្រវេសន៍

អ្នកផ្សព្វផ្សាយ​សាសនា និង​ក្រុមគ្រួសារ​របស់​ពួកគេ​មិន​គួរ​ផ្ដល់​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​អស់​អ្នក​ដែល​រស់នៅ​ក្នុង​តំបន់ ដែល​អ្នកផ្សព្វផ្សាយ​សាសនា​កំពុង​បម្រើ​នោះទេ រួមទាំង​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​ថ្លៃសាលារៀន​ផងដែរ ។ ហើយ​អ្នកផ្សព្វផ្សាយ​សាសនា និង​ក្រុមគ្រួសារ​របស់​ពួកគេ​ក៏មិន​គួរ​ធានា​ដល់​បុគ្គល ដែល​ចង់​ធ្វើ​អន្ដោប្រវេសន៍​ទៅកាន់​ប្រទេស​ដទៃ​ទៀត​នោះ​ដែរ ( សូមមើល ៣៨.៨.១៩ ) ។

២៤.៦.២.៨

កំណត់ត្រា​សមាជិកភាព និង​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់

វួដ​កំណើត​របស់​អ្នកផ្សព្វផ្សាយ​សាសនា​រក្សា​កំណត់ត្រា​សមាជិកភាព ។ វួដ​កំណើត​ក៏​កត់ត្រា​ស្ថានភាព​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​របស់​គាត់ ឬ​នាង​ផងដែរ ។ អ្នកផ្សព្វផ្សាយ​សាសនា​មិន​បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ពី​មូលនិធិ​គាំទ្រ ដែល​ពួកគេ​បាន​ទទួលពី​បេសកកម្ម​នោះទេ ។ ប៉ុន្ដែ ពួកគេ​ត្រូវ​បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ប្រសិនបើ​ពួកគេ​មាន​ប្រាក់​ចំណូល​ផ្ទាល់ខ្លួន​ណាមួយ ។

២៤.៦.៣

ការត្រឡប់​ពី​បេសកកម្ម​ទៅផ្ទះ​វិញ

២៤.៦.៣.១

ការត្រឡប់​ពី​បេសកកម្ម​ទៅផ្ទះ​វិញ​តាម​ការកំណត់​ដើម

អ្នកផ្សព្វផ្សាយ​សាសនា និង​សមាជិក​គ្រួសារ​របស់​ពួកគេ​មិន​គួរ​ស្នើសុំ​ឲ្យ​មាន​ការដោះលែង​មុន ឬ​ការពន្យារ​ការបម្រើ​ដោយសារ​ភាពងាយស្រួល​ផ្ទាល់ខ្លួន​នោះ​ឡើយ ។

អ្នកផ្សព្វផ្សាយ​សាសនា​វ័យក្មេង​គួរតែ​ចេញ​ដំណើរ​ទៅផ្ទះ​តែម្ដង​ពី​បេសកកម្ម​របស់​ពួកគេ ។ ការធ្វើ​ដំណើរ​ណាមួយ​ផ្សេងទៀត​អាច​ត្រូវបាន​អនុញ្ញាត តែ​នៅពេល​អ្នកផ្សព្វផ្សាយ​សាសនា​មាន​យ៉ាង​ហោច​ណាស់​ឪពុក ឬ​ម្តាយ ឬ​អាណាព្យាបាល​នៅ​ជាមួយ​ប៉ុណ្ណោះ ។

អ្នកផ្សព្វផ្សាយ​សាសនា​មិន​ត្រូវបាន​ដោះលែង​នោះទេ រហូតដល់​ពួកគេ​បាន​ទៅជួប​នឹង​ប្រធាន​ស្តេក​របស់​ពួកគេ​សិន ។ ពួកគេ​ធ្វើតាម​បទដ្ឋាន​អ្នកផ្សព្វផ្សាយ​សាសនា​រហូត​ដល់​ពេលនោះ ។

២៤.៦.៣.២

ការត្រឡប់​ទៅផ្ទះ​វិញ​មុន​កំណត់

អ្នកផ្សព្វផ្សាយ​សាសនាផ្នែក​បង្រៀន និង​ផ្នែក​សេវាកម្ម​មួយ​ចំនួន​ត្រូវបាន​ដោះលែង​មុន​ពេល​កំណត់ ដោយសារ​តែ​មូលហេតុ​សុខភាព ភាពស័ក្ដិសម ឬ​មូលហេតុ​ផ្សេងៗទៀត ។ ប៊ីស្សព និង​ប្រធាន​ស្តេក​ផ្តល់​ការគាំទ្រ​ជាពិសេស​ដល់​អ្នកត្រឡប់​ពី​បេសកកម្ម​ទាំងនេះ ។ ថ្នាក់ដឹកនាំ​ជួយ​ពួកគេ​ឲ្យ​ខិតខំ​មាន​សុខភាព​ល្អ​ឡើងវិញ ឬ​ត្រឡប់​ទៅកាន់​ការបម្រើ​វិញ ប្រសិនបើ​អាច​ធ្វើបាន ។

២៤.៧

បេសកកម្ម​ផ្នែក​សេវាកម្ម

២៤.៧.១

ការកំណត់​ឱកាស​សម្រាប់​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម

សម្រាប់​អ្នកផ្សព្វផ្សា​យសាសនា​ផ្នែក​សេវាកម្ម​រៀមច្បង ប៊ីស្សព ប្រធាន​ស្តេក និង​អ្នកផ្សព្វផ្សាយ​សាសនា​ប្រឹក្សា​ជាមួយ​គ្នា ដើម្បី​កំណត់​ពី​ឱកាស​បម្រើ​ក្នុង​មូលដ្ឋាន ។

សម្រាប់​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​វ័យ​ក្មេង ថ្នាក់​ដឹកនាំ​បេសកកម្ម​ផ្នែក​សេវាកម្ម ប្រាប់​​អំពី​ឱកាស​បម្រើ​ដែល​សមរម្យ ។ ឪពុកម្តាយ ឬ​អាណាព្យាបាល​របស់​អ្នកផ្សព្វផ្សាយ​សាសនា​ជា​ទូទៅ​ចូលរួម​ក្នុង​ការពិភាក្សា​នេះ ។

២៤.៨

បន្ទាប់ពី​ការបម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​

២៤.៨.២

ការសម្ភាស​ដោះលែង​អ្នកផ្សព្វផ្សាយ​សាសនា

ប្រធាន​ស្ដេក​ដោះលែង​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​ការបង្រៀន និង​ផ្នែកសេវាកម្ម ហើយ​ដឹកនាំ​ការសម្ភាស​ដោះលែង​នេះ ។ នៅក្នុង​មណ្ឌល ជាទូទៅ​ប្រធាន​បេសកកម្ម ឬ​ទីប្រឹក្សា​ដែល​បាន​ចាត់តាំង ជា​អ្នកដោះលែង​អ្នកផ្សព្វផ្សាយ​សាសនា ។

សេចក្ដី​ណែនាំ​ខាងក្រោម​សម្រាប់​ការសម្ភាស​នេះ​អាច​មាន​អត្ថប្រយោជន៍ ។

  • លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​បន្ដ​ធ្វើជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ​អស់មួយ​ជីវិត ។

  • ផ្តល់​ដំបូន្មាន​ដល់​ពួកគេ​ឲ្យ​បន្ដ​ស្ថាបនា​លើ​ទម្លាប់​ល្អៗ ដែល​ពួកគេ​បាន​បង្កើត​កាល​នៅជា​អ្នកផ្សព្វផ្សាយ​សាសនា ។

  • លើក​ទឹកចិត្ត​ឲ្យពួកគេ​ពិចារណា និង​រៀបចំ​ខ្លួន​សម្រាប់​អនាគត ដូចជា​ការអប់រំ និង​ការងារ​សម្រាប់​អ្នកផ្សព្វផ្សាយ​សាសនា​វ័យក្មេង ។

  • លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​រស់នៅ​ដោយ​ភាពស័ក្ដិសម​នឹង​កាន់​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ជានិច្ច ។

២៤.៨.៤

ការហៅ​ទាំងឡាយ

ថ្នាក់ដឹកនាំ​ផ្ដល់​ការចាត់តាំង​ការផ្ដល់​ការងារ​បម្រើ និង​ការហៅ​ទាំងឡាយ​ភ្លាមៗ​ដល់​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​ការបង្រៀន និង​ផ្នែក​សេវាកម្ម​ដែល​ទើបបាន​ដោះលែង​ថ្មីៗ ។ ការណ៍​នេះ​រួមមាន ការពិចារណា​ឲ្យ​ធ្វើជា​អ្នកធ្វើការ​ផ្នែក​ពិធីបរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ​តាម​ការគួរ ( សូមមើល ២៥.៥ ) ។

២៤.៩

ធនធាន​សម្រាប់​ការផ្តល់​អនុសាសន៍ និង​ការបម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា

២៤.៩.២

គេហទំព័រ

  • MissionaryRecommendations.ChurchofJesusChrist.org ( មាន​តែ​សម្រាប់​ថ្នាក់ដឹកនាំ​ក្នុង​មូលដ្ឋាន និង​បេក្ខជន​អ្នកផ្សព្វផ្សាយ​សាសនា​ប៉ុណ្ណោះ )