ក្បួនខ្នាត និង​ការហៅ
២៣. ការចែកចាយ​ដំណឹងល្អ និង​ការពង្រឹង​សមាជិក​ថ្មី និង​សមាជិក​ដែល​ត្រឡប់​មក​សកម្ម​ឡើងវិញ


« ២៣. ការចែកចាយ​ដំណឹងល្អ និង​ការពង្រឹង​សមាជិក​ថ្មី និង​សមាជិក​ដែល​ត្រឡប់​មក​សកម្ម​ឡើងវិញ » ជម្រើស​ចេញ​មកពី​ក្បួនខ្នាត​ទូទៅ ( ឆ្នាំ២០២៣ ) ។

« ២៣. ការចែកចាយ​ដំណឹងល្អ និង​ការពង្រឹង​សមាជិក​ថ្មី និង​សមាជិក​ដែល​ត្រឡប់​មក​សកម្ម​ឡើងវិញ » ជម្រើស​ចេញ​មកពី​ក្បួនខ្នាត​ទូទៅ ។

មនុស្ស​មើលទៅ​ទូរសព្ទ

២៣.

ការចែកចាយ​ដំណឹងល្អ និង​ការពង្រឹង​សមាជិក​ថ្មី និង​សមាជិក​ដែល​ត្រឡប់​មក​សកម្ម​ឡើងវិញ

២៣.០

សេចក្ដីផ្ដើម

ការអញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​ទទួលយក​ដំណឹងល្អ គឺជា​ផ្នែក​មួយ​នៃ​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាពតម្កើង​ឡើង​របស់​ព្រះ ( សូមមើល ១.២ នៅក្នុង​ក្បួនខ្នាត​នេះ ម៉ាថាយ ២៨:១៩–២០ ) ។ ការណ៍​នេះ​រួមមាន ៖

  • ការចូលរួម​នៅក្នុង​កិច្ចការ​ផ្សព្វផ្សាយ​សាសនា និង​ការបម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ។

  • ការជួយ​ដល់​សមាជិក​ថ្មី និង​សមាជិក​ដែល​ត្រឡប់​មក​សកម្ម​ឡើងវិញ​ឲ្យ​រីកចម្រើន​នៅលើ​ផ្លូវ​នៃ​សេចក្តី​សញ្ញា ។

២៣.១

ចែកចាយ​ដំណឹងល្អ

2:33
2:46

២៣.១.១

ស្រឡាញ់

របៀប​មួយ​ដែល​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ គឺ​តាមរយៈ​ការស្រឡាញ់ និង​ការបម្រើ​បុត្រា​បុត្រី​របស់​ទ្រង់ ( សូមមើល ម៉ាថាយ ២២:៣៦–៣៩; ២៥:៤០ ) ។ យើង​ខិតខំ​ស្រឡាញ់ និង​បម្រើ​ដូចជា​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ធ្វើ​ដែរ ។ សេចក្ដី​ស្រឡាញ់​នេះ​បំផុស​គំនិត​យើង​ឲ្យ​ឈោង​ទៅជួយ​មនុស្ស​មកពី​គ្រប់​ទាំង​សាសនា ពូជសាសន៍ និង​វប្បធម៌ ( សូមមើល កិច្ចការ ១០:៣៤; នីហ្វៃ​ទី​២ ២៦:៣៣ ) ។

២៣.១.២

ចែកចាយ

ដោយសារ​យើង​ស្រឡាញ់​ព្រះ និង​បុត្រា​បុត្រី​របស់​ទ្រង់ នោះ​យើង​តែង​ចង់​ចែកចាយ​ពរជ័យ​ទាំងឡាយ ដែល​ទ្រង់​បាន​ប្រទាន​ដល់​យើង ( សូមមើល យ៉ូហាន ១៣:៣៤–៣៥ ) និង​ជួយ​ប្រមូល​សាសន៍​អ៊ីស្រាអែល ។ យើង​ព្យាយាម​ជួយ​មនុស្ស​ទូទៅ​ឲ្យ​មាន​អារម្មណ៍​នៃ​សេចក្ដី​អំណរ ដែល​យើង​មាន ( សូមមើល អាលម៉ា ៣៦:២៤ ) ។ យើង​និយាយ​ដោយ​បើក​ចំហ​អំពី​ព្រះអង្គ​សង្គ្រោះ និង​ព្រះចេស្ដា​របស់​ទ្រង់​នៅក្នុង​ជីវិត​របស់​យើង ( សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៦០:២ ) ។ យើង​ចែកចាយ​អ្វីៗ​ទាំងនេះ​តាម​ធម្មតា និង​ពី​ធម្មជាតិ ដែល​ជា​ផ្នែក​មួយ​នៃ​ការប្រាស្រ័យ​ទាក់ទង​ផ្ទាល់ខ្លួន តាម​អនឡាញ និង​តាម​របៀប​ផ្សេងទៀត ។

២៣.១.៣

អញ្ជើញ

យើង​អធិស្ឋាន​សូម​ការបំផុស​គំនិត និង​ការណែនាំ​ពី​របៀប​ដើម្បី​អញ្ជើញ​មនុស្ស​ដទៃ​ឲ្យ ៖

  • មក ហើយ​មើលឃើញ​ពរជ័យ​ដែល​មាន​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ ដំណឹងល្អ​របស់​ទ្រង់ និង​សាសនាចក្រ​របស់​ទ្រង់ ( សូមមើល យ៉ូហាន ១:៣៧–៣៩, ៤៥–៤៦ ) ។

  • មក ហើយ​បម្រើ​អ្នក​ខ្វះខាត ។

  • មក ហើយ​ក្លាយ​ជា​កម្មសិទ្ធិ​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​បាន​ស្ដារ​ឡើងវិញ​នេះ ។

ជារឿយៗ ការអញ្ជើញ​មាន​ន័យ​សាមញ្ញ​ថា ការរាប់​បញ្ចូល​គ្រួសារ មិត្តភក្ដិ និង​អ្នកជិតខាង​របស់​យើង​នៅក្នុង​សកម្មភាព​ដែល​យើង​កំពុង​ធ្វើ ។

២៣.២

ពង្រឹង​សមាជិក​ថ្មី

សមាជិក​ថ្មី​ម្នាក់ៗ​ត្រូវការ​មិត្តភាព ឱកាស​ដើម្បី​បម្រើ និង​ការចិញ្ចឹម​បីបាច់​ខាង​វិញ្ញាណ ។ ក្នុងនាម​ជា​សមាជិក​នៃ​សាសនាចក្រ យើង​ផ្ដល់​សេចក្ដី​ស្រឡាញ់ និង​ការគាំទ្រ​របស់​យើង​ទៅដល់​សមាជិក​ថ្មី ( សូមមើល ម៉ូសាយ ១៨:៨–១០ ) ។ យើង​ជួយ​ពួកគេ​ឲ្យ​មាន​អារម្មណ៍​ថា​ចូលចុះ​ចំណោម​ក្នុង​សាសនាចក្រ​នេះ ។ យើង​ជួយ​ពួកគេ​ឲ្យ​រីកចម្រើន​លើ​ផ្លូវ​នៃ​សេចក្ដី​សញ្ញា ហើយ​កាន់តែ « បាន​ប្រែចិត្ត​ជឿ​ដល់​ព្រះអម្ចាស់ » យ៉ាង​ស៊ីជម្រៅ ( អាលម៉ា ២៣:៦ ) ។

២៣.៣

ពង្រឹង​សមាជិក​ដែល​ត្រឡប់​មក​សកម្ម​ឡើងវិញ

សមាជិក​មួយ​ចំនួន​ជ្រើសរើស​ដើម្បី​ឈប់​ចូលរួម​នៅក្នុង​សាសនាចក្រ ។ ព្រះអង្គ​សង្រ្គោះ​បាន​មាន​បន្ទូល​ថា « ដ្បិត​ចំពោះ​អ្នក​នោះ​ហើយ​ដែល​ត្រូវ​ធ្វើ​ការងារ​បម្រើ ដ្បិត​អ្នករាល់គ្នា​ពុំ​ដឹងថា​ដល់​ពេលណា​ទេ ដែល​អ្នក​នោះ​នឹង​ត្រឡប់​មក​វិញ ហើយ​ប្រែចិត្ត ហើយ​មករក​យើង​ដោយ​អស់ពី​ដួងចិត្ត ហើយ​យើង​នឹង​ប្រោស​ឲ្យ​គេ​បាន​ជា ហើយ​អ្នករាល់គ្នា​នឹង​ទៅជា​មធ្យោបាយ​ក្នុង​ការនាំ​មកនូវ​សេចក្តី​សង្រ្គោះ​ដល់​គេ » ( នីហ្វៃ​ទី​៣ ១៨:៣២ ) ។

សមាជិក​ដែល​មិន​ចូលរួម​ពេញលេញ ទំនងជា​នឹង​ត្រឡប់​មកវិញ ប្រសិនបើ​ពួកគេ​មាន​ទំនាក់ទំនង​ដ៏រឹងមាំ​ជាមួយនឹង​សមាជិក​សាសនាចក្រ ។ ដូចជា​សមាជិក​ថ្មី​ដែរ ពួកគេ​ត្រូវការ​មិត្តភាព ឱកាស​ដើម្បី​បម្រើ និង​ការចិញ្ចឹម​បីបាច់​ខាង​វិញ្ញាណ ។

២៣.៤

ធ្វើ​ការប្រជុំ​សម្របសម្រួល​ប្រចាំសប្តាហ៍

រៀងរាល់​សប្ដាហ៍ ការប្រជុំ​ខ្លី​ក្រៅ​ផ្លូវការ​មួយ​អាច​ធ្វើឡើង ដើម្បី​សម្រប​សម្រួល​កិច្ចខិតខំ​ក្នុង​ការចែកចាយ​ដំណឹងល្អ និង​ការពង្រឹង​សមាជិក​ថ្មី និង​សមាជិក​ដែល​ត្រឡប់​មក​សកម្ម​ឡើងវិញ ។ ប្រសិនបើ​អ្នកដឹកនាំ​បេសកកម្ម​វួដ​ត្រូវបាន​ហៅ នោះ​គាត់​ដឹកនាំ​ការប្រជុំ​ទាំងនេះ ។ បើមិន​ដូច្នោះ​ទេ សមាជិក​ម្នាក់​នៃ​គណៈប្រធាន​កូរ៉ុម​អែលឌើរ​អាច​បំពេញ​តួនាទី​នៃ​ការដឹកនាំ​នេះ​បាន ។

អ្នកផ្សេងទៀត​ដែល​ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម រួមមាន ៖

  • សមាជិក​នៃ​គណៈប្រធាន​សមាគម​សង្គ្រោះ និង​គណៈប្រធាន​កូរ៉ុម​អែលឌើរ​ដែល​បាន​ចាត់តាំង ។

  • អ្នកផ្សព្វផ្សាយ​សាសនា​ប្រចាំ​វួដ ។

  • ជំនួយការ​មួយ​រូប​នៅក្នុង​កូរ៉ុម​សង្ឃ ( ឬ​ប្រធាន​កូរ៉ុម​គ្រូ ឬ​ប្រធាន​កូរ៉ុម​ឌីកុន ប្រសិនបើ​ពុំមាន​កូរ៉ុម​សង្ឃ​នៅក្នុង​វួដ​ទេ​នោះ ) ។

  • សមាជិក​ម្នាក់​នៃ​គណៈប្រធាន​ក្រុម​ថ្នាក់​យុវនារី​ដែល​មាន​វ័យច្រើន​ជាងគេ ។

  • អ្នកផ្សព្វផ្សាយ​សាសនា​ពេញម៉ោង ។

2:9

២៣.៥

ថ្នាក់ដឹកនាំ​ស្តេក

២៣.៥.១

គណៈប្រធាន​ស្តេក

ប្រធាន​ស្តេក​កាន់​កូនសោ​ទាំងឡាយ​នៅក្នុង​ស្ដេក​សម្រាប់​ការចែកចាយ​ដំណឹងល្អ និង​ការពង្រឹង​សមាជិក​ថ្មី និង​សមាជិក​ដែល​ត្រឡប់​មក​សកម្ម​ឡើងវិញ ។ គាត់ និង​ទីប្រឹក្សា​របស់​គាត់​ផ្ដល់​ការដឹកនាំ​ទូទៅ​ដល់​កិច្ចខិតខំ​ទាំងនេះ ។

ជាធម្មតា ប្រធាន​ស្ដេក​ជួប​នឹង​ប្រធាន​បេសកកម្ម​រៀងរាល់​ខែ ដើម្បី​សម្រប​សម្រួល​កិច្ចខិតខំ​របស់​ថ្នាក់ដឹកនាំ​ស្ដេក និង​វួដ ព្រមទាំង​របស់​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា ។

២៣.៥.៣

ទីប្រឹក្សា​ជាន់ខ្ពស់

គណៈប្រធាន​ស្តេក​អាច​ចាត់តាំង​ទីប្រឹក្សា​ជាន់ខ្ពស់​ឲ្យ​ណែនាំ និង​គាំទ្រ​ដល់​គណៈប្រធាន​កូរ៉ុម​អែលឌើរ និង​អ្នកដឹកនាំ​បេសកកម្ម​វួដ​បាន ។ ទីប្រឹក្សា​ជាន់ខ្ពស់​ម្នាក់ ឬ​ច្រើន​នាក់​អាច​ត្រូវបាន​ចាត់តាំង​ឲ្យ​ដឹកនាំ​កិច្ចខិតខំ​ទាំងនេះ ។ ទោះជា​យ៉ាងណា​ក្តី ទីប្រឹក្សា​ជាន់ខ្ពស់​ទាំងអស់​មាន​ទំនួលខុសត្រូវ​ទាំងនេះ សម្រាប់​វួដ និង​កូរ៉ុម​ដែល​ពួកគាត់​ត្រូវបាន​ចាត់​ទៅ​ផងដែរ ។

២៣.៥.៤

គណៈប្រធាន​សមាគម​សង្រ្គោះ​ស្តេក

នៅក្រោម​ការដឹកនាំ​របស់​ប្រធាន​ស្តេក នោះ​គណៈប្រធាន​សមាគម​សង្រ្គោះ​ស្តេក​ណែនាំ និង​គាំទ្រ​ដល់​គណៈប្រធាន​សមាគម​សង្រ្គោះ​វួដ នៅក្នុង​ការទទួល​ខុសត្រូវ​របស់​ពួកគាត់​ដើម្បី​ចែកចាយ​ដំណឹងល្អ និង​ការពង្រឹង​សមាជិក​ថ្មី និង​សមាជិក​ដែល​ត្រឡប់​មក​សកម្ម​ឡើងវិញ ។

២៣.៦

ថ្នាក់ដឹកនាំ​វួដ

២៣.៦.១

គណៈ​ប៊ីស្សព

គណៈប៊ីស្សព​សម្រប​សម្រួល​ជាមួយ​នឹង​គណៈប្រធាន​កូរ៉ុម​អែលឌើរ និង​គណៈប្រធាន​សមាគម​សង្គ្រោះ កាល​ពួកគាត់​ដឹកនាំ​កិច្ចខិតខំ​របស់​វួដ​ដើម្បី​ចែកចាយ​ដំណឹងល្អ និង​ពង្រឹង​សមាជិក​ថ្មី ក៏ដូចជា​សមាជិក​ដែល​ត្រឡប់​មក​សកម្ម​ឡើង​វិញ ។ ថ្នាក់ដឹកនាំ​ទាំងនេះ​ប្រឹក្សា​ជាមួយគ្នា​ជាប្រចាំ ។

គណៈប៊ីស្សព​ត្រូវ​ប្រាកដ​ថា កិច្ចខិតខំ​ទាំងនេះ​បាន​ពិភាក្សា និង​សម្រប​សម្រួល​នៅក្នុង​ការប្រជុំ​ក្រុមប្រឹក្សា​វួដ និង​ក្រុមប្រឹក្សា​យុវវ័យ​វួដ ។

ប៊ីស្សព​សម្ភាស​សមាជិក​ថ្មី​ដែល​គ្រប់​អាយុ ដើម្បី​ទទួល​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ដើម្បី​ធ្វើ​ពិធី​បុណ្យ​ជ្រមុជ​ទឹក និង​ពិធី​បញ្ជាក់​ជំនួស ( សូមមើល ២៦.៤.២ ) ។ គាត់​ក៏ធ្វើ​ការសម្ភាស​បងប្អូន​ប្រុស​ដែល​គ្រប់​អាយុ ដើម្បី​ទទួល​បព្វជិតភាព​អើរ៉ុន​ផងដែរ ។ ជាធម្មតា គាត់​ដឹកនាំ​ការសម្ភាស​ទាំងនេះ​ក្នុង​រយៈពេល​មួយ​សប្តាហ៍​ក្រោយពី​ពិធីបញ្ជាក់​របស់​សមាជិក​នោះ ។

២៣.៦.២

គណៈប្រធាន​កូរ៉ុម​អែលឌើរ និង​គណៈប្រធាន​សមាគម​សង្គ្រោះ

គណៈប្រធាន​កូរ៉ុម​អែលឌើរ និង​គណៈប្រធាន​សមាគម​សង្គ្រោះ​ដឹកនាំ​កិច្ចខិតខំ​ប្រចាំ​ថ្ងៃ​របស់​វួដ ដើម្បី​ចែកចាយ​ដំណឹងល្អ និង​ពង្រឹង​សមាជិក​ថ្មី ក៏ដូចជា​សមាជិក​ដែល​ត្រឡប់​មក​សកម្ម​ឡើង​វិញ ( សូមមើល ៨.២.៣ និង ៩.២.៣ ) ។

ថ្នាក់ដឹកនាំ​ទាំងនេះ​មាន​ទំនួល​ខុសត្រូវ​ដូច​ខាងក្រោម ៖

  • ជួយ​បំផុស​គំនិត​សមាជិក​ឲ្យ​ស្រឡាញ់​បុត្រា​បុត្រី​របស់​ព្រះ ចែកចាយ​ដំណឹងល្អ និង​អញ្ជើញ​មនុស្ស​ដទៃ​ឲ្យ​ទទួលយក​ពរជ័យ​របស់​ព្រះអង្គ​សង្គ្រោះ ។

  • ចាត់តាំង​បងប្អូន​ប្រុស និង​បងប្អូន​ស្រី​ដែល​ផ្ដល់​ការងារ​បម្រើ​ឲ្យ​បម្រើ​ដល់​សមាជិក​ថ្មី និង​សមាជិក​ដែល​ត្រឡប់​មក​សកម្ម​ឡើងវិញ ( សូមមើល ២១.២.១ ) ។

  • ដឹកនាំ​កិច្ចការ​របស់​អ្នកដឹកនាំ​បេសកកម្ម​វួដ ។

ប្រធាន​កូរ៉ុម​អែលឌើរ និង​ប្រធាន​សមាគម​សង្រ្គោះ​ម្នាក់ៗ ចាត់​តាំង​សមាជិក​ម្នាក់​ក្នុង​គណៈប្រធាន​របស់​ខ្លួន​ឲ្យ​ជួយ​ដឹកនាំ​កិច្ចខិតខំ​ទាំងនេះ ។ សមាជិក​នៃ​គណៈប្រធាន​ទាំងពីរ​រូប​នេះ​ធ្វើការ​ជាមួយគ្នា ។ ពួកគាត់​ចូលរួម​ការប្រជុំ​សម្របសម្រួល​ប្រចាំ​សប្ដាហ៍ ( សូមមើល ២៣.៤ ) ។

២៣.៦.៣

អ្នកដឹកនាំ​បេសកកម្ម​វួដ

គណៈប៊ីស្សព​ពិគ្រោះ​យោបល់​ជាមួយ​ប្រធាន​ស្តេក ដើម្បី​កំណត់​ថា​តើ​ត្រូវ​ហៅ​អ្នកដឹកនាំ​បេសកកម្ម​វួដ​ឬ​អត់ ។

អ្នកដឹកនាំ​បេសកកម្ម​វួដ​គួរតែ​ជា​អ្នក​កាន់​បព្វជិតភាព​ម៉ិលគីស្សាដែក ។ ប្រសិនបើ​អ្នកដឹកនាំ​បេសកកម្ម​វួដ​ម្នាក់​មិន​ត្រូវបាន​ហៅទេ នោះ​សមាជិក​មួយ​រូប​នៃ​គណៈប្រធាន​កូរ៉ុម​អែលឌើរ​បំពេញ​តួនាទី​នេះ ។

អ្នកដឹកនាំ​បេសកកម្ម​វួដ​គាំទ្រ​ដល់​គណៈប្រធាន​កូរ៉ុម​អែលឌើរ និង​គណៈប្រធាន​សមាគម​សង្គ្រោះ​ក្នុង​ការទទួល​ខុសត្រូវ​លើ​ការផ្សព្វផ្សាយ​សាសនា​របស់​ពួកគាត់ ។ គាត់​ក៏​មាន​ការទទួល​ខុសត្រូវ​ដូច​ខាងក្រោម​ផងដែរ ៖

  • សម្រប​សម្រួល​កិច្ចការ​របស់​សមាជិក និង​ថ្នាក់ដឹកនាំ​វួដ អ្នកផ្សព្វផ្សាយ​សាសនា​វួដ ក៏ដូចជា​អ្នកផ្សព្វផ្សាយ​សាសនា​ពេញម៉ោង​ដែរ ។

  • ដឹកនាំ​ការប្រជុំ​សម្របសម្រួល​ប្រចាំ​សប្ដាហ៍ ( សូមមើល ២៣.៤ ) ។

២៣.៦.៤

អ្នកផ្សព្វផ្សាយ​សាសនា​វួដ

អ្នកផ្សព្វផ្សាយ​សាសនា​វួដ​ជួយ​សមាជិក​វួដ​ឲ្យ​ដក​ពិសោធន៍​អំណរ​ក្នុង​ការចែកចាយ​ដំណឹងល្អ​ដូចបាន​រៀបរាប់​នៅក្នុង ២៣.១ ។ ពួកគេ​បម្រើ​នៅក្រោម​ការដឹកនាំ​របស់​អ្នកដឹកនាំ​បេសកកម្ម​វួដ ឬ​សមាជិក​មួយ​រូប​នៃ​គណៈប្រធាន​កូរ៉ុម​អែលឌើរ ដែល​បំពេញ​តួនាទី​នេះ ។

២៣.៦.៥

ក្រុមប្រឹក្សា​វួដ និង​ក្រុមប្រឹក្សា​យុវវ័យ​វួដ

ការចែកចាយ​ដំណឹងល្អ និង​ការពង្រឹង​សមាជិក​ថ្មី និង​សមាជិក​ដែល​ត្រឡប់​មក​សកម្ម​ឡើងវិញ គួរតែ​ត្រូវបាន​ពិភាក្សា​នៅក្នុង​ការប្រជុំ​ក្រុមប្រឹក្សា​វួដ​ជាទៀងទាត់ ។ ប៊ីស្សព​អាច​អញ្ជើញ​អ្នកដឹកនាំ​បេសកកម្ម​វួដ​ឲ្យ​ចូលរួម​ក្នុង​ការប្រជុំ​ក្រុមប្រឹក្សា​វួដ​បាន ។

ធនធាន​ដូច​ខាងក្រោម​នេះ​អាច​ជួយ​ដល់​ការពិភាក្សា​ទាំងនេះ​បាន ៖

ក្រុម​ប្រឹក្សា​យុវជន​វួដ​បាន​ផ្តល់​ការយកចិត្តទុកដាក់ ជា​ពិសេស​ដល់ ( ១ ) យុវវ័យ​ដែល​ជា​សមាជិក​ថ្មី និង​សមាជិក​ដែល​ត្រឡប់​មក​សកម្ម​ឡើង​វិញ និង ( ២ ) យុវវ័យ​ដែល​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​កំពុងបង្រៀន ។