ក្បួនខ្នាត និង​ការហៅ
២២. ការផ្គត់ផ្គង់​តម្រូវការ​ខាង​សាច់ឈាម និង​ការស្ថាបនា​ភាពខ្លួន​ទីពឹង​ខ្លួន


« ២២. ការផ្គត់ផ្គង់​តម្រូវការ​ខាង​សាច់ឈាម និង​ការស្ថាបនា​ភាពខ្លួន​ទីពឹង​ខ្លួន » ជម្រើស​ចេញ​មកពី​ក្បួនខ្នាត​ទូទៅ ( ឆ្នាំ២០២៣ ) ។

« ២២. ការផ្គត់ផ្គង់​តម្រូវការ​ខាង​សាច់ឈាម និង​ការស្ថាបនា​ភាពខ្លួន​ទីពឹង​ខ្លួន » ជម្រើស​ចេញ​មកពី​ក្បួនខ្នាត​ទូទៅ

បុរស​ម្នាក់​កំពុង​ធ្វើការ

២២.

ការផ្គត់ផ្គង់​តម្រូវការ​ខាង​សាច់ឈាម និង​ការស្ថាបនា​ភាពខ្លួន​ទីពឹង​ខ្លួន

២២.០

សេចក្ដីផ្ដើម

សមាជិក​សាសនាចក្រ​ចុះ​សេចក្ដីសញ្ញា​ដើម្បី « ព្រមទទួល​បន្ទុក​គ្នា​ទៅវិញ​ទៅមក …​ហើយ​កម្សាន្ដ​ទុក្ខ​ដល់​អស់​អ្នកណា​ដែល​កំពុង​ត្រូវការ​កម្សាន្ដ​ទុក្ខ » ( ម៉ូសាយ ១៨:៨–៩ ) ។

សមាជិក​សាសនាចក្រ​ក៏​ត្រូវបាន​ប្រឹក្សា​ឲ្យ​ពង្រឹង​ភាព​ខ្លួន​ទីពឹង​ខ្លួន​របស់​ពួកគេ​ផ្ទាល់​តាមរយៈ​ការងារ​ដ៏​ឧស្សាហ៍​ព្យាយាម និង​ដោយមាន​ជំនួយ​របស់​ព្រះអម្ចាស់ ។ ភាពខ្លួន​ទីពឹង​ខ្លួន​គឺជា​លទ្ធភាព ការតាំង​ចិត្ត និង​កិច្ចខិតខំ ដើម្បី​ផ្តល់​សេចក្តី​ត្រូវការ​ចាំបាច់​នៃ​ជីវិត​ខាង​វិញ្ញាណ និង​ខាង​សាច់ឈាម​សម្រាប់​ខ្លួនឯង និង​គ្រួសារ ។


ការខិតខំ​របស់​បុគ្គល​ម្នាក់ៗ និង​គ្រួសារ


២២.១

ស្ថាបនា​ភាពខ្លួនទីពឹង​ខ្លួន

ដោយ​មាន​ជំនួយ​របស់​ព្រះអម្ចាស់ សមាជិក​ស្ថាបនា​ភាព​ខ្លួន​ទីពឹង​ខ្លួន​តាម​របៀប​ដូច​តទៅ​នេះ ៖

  • អភិវឌ្ឍ​កម្លាំង​ខាង​វិញ្ញាណ ខាង​ផ្លូវ​កាយ និង​សតិអារម្មណ៍ ។

  • ទទួល​បាន​ការអប់រំ និង​ការងារ ។

  • កែលម្អ​ការរៀបចំខ្លួន​ខាង​សាច់ឈាម ។

២២.១.៤

ការរៀបចំខ្លួន​ខាង​សាច់ឈាម

សមាជិកត្រូវបាន​ប្រឹក្សា​ឲ្យ​ត្រៀមខ្លួន​ដើម្បី​ពួកគេ​អាច​មើល​ថែ​ខ្លួន​ឯង ក្រុមគ្រួសារ​របស់​ពួកគេ និង​មនុស្ស​ដទៃ​នៅ​គ្រា​លំបាក ។

សមាជិក​បង្កើន​ការរៀបចំខ្លួន​ខាង​ហិរញ្ញវត្ថុ​របស់​ពួកគេ​តាមរយៈ​ការ ៖

  • ថ្វាយ​ដង្វាយ​មួយភាគ​ក្នុង​ដប់ និង​ដង្វាយ​នានា ( សូមមើល ម៉ាឡាគី ៣:៨–១២ ) ។

  • កាត់បន្ថយ​បំណុល​ឲ្យ​តិច​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។

  • ការរស់នៅ​ស្របតាមថវិកា​ដែលមាន ។

  • សន្សំប្រាក់​សម្រាប់​អនាគត ។

  • ទទួល​បានការអប់រំ​ដ៏​សមរម្យ​មួយ ។

ការត្រៀមខ្លួន ក៏រួមបញ្ចូល​ទាំង​ការរៀបចំ​ផែនការ​សម្រាប់​គ្រោះអាសន្ន​ផងដែរ ។ សមាជិក​ត្រូវបាន​លើកទឹកចិត្ត​ឲ្យ​ស្ថាបនា​ការ​បម្រុងទុក​អាហារ ទឹក និង​របស់​របរ​ចាំបាច់​ផ្សេង​ទៀត​សម្រាប់​រយៈពេល​ខ្លី និង​រយៈពេល​វែង ។

២២.២

ផ្ដល់ការងារ​បម្រើ​ដល់​សមាជិក​ដែល​មាន​សេចក្តីត្រូវការ​ខាង​សាច់ឈាម និង​សតិអារម្មណ៍

ពួកសិស្ស​របស់​ព្រះអម្ចាស់​ត្រូវ​បាន​បង្រៀន​ឲ្យ « ស្រឡាញ់ … ហើយ​ឲ្យ​បម្រើ​គ្នា​ទៅ​វិញ​ទៅ​មក » និង​ឲ្យ « ជួយ​ដល់​អស់​អ្នក​ណា ដែល​ត្រូវ​ការ​ជំនួយ » ( ម៉ូសាយ ៤:១៥–១៦ ) ។ សមាជិក​ខិតខំ​ធ្វើ​ការងារបម្រើ​ដល់​អ្នក​ដែល​មាន​តម្រូវការ​ខាង​សាច់ឈាម និង​ខាងសតិអារម្មណ៍ ។ សេចក្ដីត្រូវការ​ទាំង​នេះ​អាច​រួមមាន អាហារ សម្លៀក​បំពាក់ ផ្ទះ​ស្នាក់​នៅ ការអប់រំ ការងារ សុខភាពរាងកាយ និង​សុខុមាលភាព​សតិអារម្មណ៍ ។

២២.២.១

ឃ្លាំង​របស់​ព្រះអម្ចាស់

ធនធាន​ទាំងអស់​ដែល​មាន​នៅ​ក្នុង​សាសនាចក្រ​ដើម្បី​ជួយ​សមាជិក​ដែល​មាន​តម្រូវការ​ខាង​សាច់ឈាម ត្រូវ​បាន​ហៅ​ថា​ឃ្លាំង​របស់​ព្រះអម្ចាស់ ( សូម​មើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ៨២:១៨–១៩ ) ។ ធនធាន​ទាំងនេះ​រួម​មាន​ទាំង​ការ​ផ្ដល់​ពេលវេលា ទេពកោសល្យ សេចក្ដី​មេត្តា​ករុណា សម្ភារ និង​ធនធាន​ខាង​ហិរញ្ញវត្ថុ​របស់​សមាជិក​ដើម្បី​ជួយ​ដល់​អ្នកខ្វះខាត ។

ឃ្លាំង​របស់​ព្រះអម្ចាស់​មាន​នៅក្នុង​វួដ និង​ស្ដេក​នីមួយៗ ។ ជារឿយៗ ថ្នាក់ដឹកនាំ​អាច​ជួយ​បុគ្គលម្នាក់ៗ និង​ក្រុម​គ្រួសារ​ឲ្យ​ស្វែងរក​ដំណោះស្រាយ​ចំពោះ​សេចក្ដីត្រូវការ​នានា ដោយ​ផ្អែក​ទៅ​លើ​ចំណេះដឹង ជំនាញ និង​ការបម្រើ​ដែល​ផ្ដល់​ឲ្យ​ដោយ​សមាជិក​វួដ និង​ស្ដេក ។

២២.២.២

ក្រឹត្យវិន័យ​តមអាហារ និង​ដង្វាយ​តមអាហារ

ព្រះអម្ចាស់​បាន​បង្កើត​ក្រឹត្យវិន័យ​តមអាហារ​ដើម្បី​ប្រទានពរ​ដល់​រាស្ត្រ​របស់​ទ្រង់ ហើយ​ផ្ដល់​ជា​របៀប​មួយ​ឲ្យ​ពួកគេ​បម្រើ​ដល់​អ្នក​ខ្វះខាត ។ សមាជិក​ខិតកាន់តែជិត​ព្រះអម្ចាស់ ហើយ​បង្កើន​កម្លាំង​ខាង​វិញ្ញាណ នៅពេល​ពួកគេ​រស់នៅតាម​ក្រឹត្យវិន័យ​តមអាហារ ។ ( សូមមើល អេសាយ ៥៨:៦–១២; ម៉ាឡាគី ៣:៨–១២ ) ។

ការតម​អាហារ​អាច​ធ្វើ​ឡើង​នៅពេល​ណា​ក៏​បាន ។ ទោះជា​យ៉ាងណា​ក្តី ជាទូទៅ​សមាជិក​រក្សា​ថ្ងៃ​ឈប់សម្រាក​ដើម​ខែ​ទុក​ជា​ថ្ងៃ​តមអាហារ ។ ជាទូទៅ ថ្ងៃ​តមអាហារ​មាន​នូវ​កិច្ចការ​ដូច​តទៅ​នេះ ៖

  • ការ​អធិស្ឋាន

  • ការមិន​ទទួលទាន​អាហារ និង​ទឹក​រយៈពេល ២៤ ម៉ោង ( ប្រសិនបើ​មាន​សុខភាពល្អ )

  • ការ​ថ្វាយ​ដង្វាយ​តមអាហារ​ដោយ​សប្បុរស

ដង្វាយតមអាហារ​គឺជា​ប្រាក់ដង្វាយ​ដើម្បី​ជួយ​ដល់​ជន​ទ័លក្រ ។ នៅពេល​សមាជិក​តមអាហារ ពួកគេត្រូវបាន​អញ្ជើញ​ឲ្យ​ថ្វាយ​ដង្វាយតម​អាហារ​ដែល​យ៉ាងហោចណាស់​ស្មើ​នឹង​តម្លៃ​នៃ​អាហារ ដែល​មិន​បាន​ទទួល​ទាន​នោះ ។

សមាជិក​អាច​ជូន​ដង្វាយ​តមអាហារ និង​បែបបទ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ និង​ដង្វាយ​ផ្សេងៗ ដែល​បាន​បំពេញ​រួច​របស់​ពួកគេ​ទៅ​ឲ្យ​ប៊ីស្សព ឬ​ទីប្រឹក្សា​មួយរូប​របស់​គាត់ ។ នៅ​តំបន់​ខ្លះ ពួកគេ​ក៏​អាច​ធ្វើការ​ថ្វាយ ប្រាក់ដង្វាយ​តាម​អនឡាញ បាន​ផងដែរ ។


ការ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ


២២.៣

គន្លង​សម្រាប់​ការស្ថាបនា​ភាពខ្លួន​ទីពឹង​ខ្លួន និង​ការផ្ដល់​ការងារ​បម្រើ​ដល់​អ្នកខ្វះខាត

២២.៣.១

ស្វែងរក​អ្នក​ខ្វះខាត

ប៊ីស្សព​មាន​ការទទួល​ខុសត្រូវ​ពិសិដ្ឋ ដើម្បី​ស្វែងរក និង​មើលថែ​អ្នក​ខ្វះខាត ( សូម​មើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៨៤:១១២ ) ។ សមាជិក​ផ្សេងទៀត​ដែល​មាន​តួនាទី​សំខាន់​នៅក្នុង​ការទទួលខុសត្រូវ​នេះ​រួមមាន ៖

  • បងប្អូន​ប្រុស និង​បងប្អូន​ស្រី​ដែល​ផ្ដល់​ការងារ​បម្រើ ។

  • គណៈប្រធាន​សមាគម​សង្គ្រោះ និង​កូរ៉ុម​អែលឌើរ ។

  • ទីប្រឹក្សា​របស់ប៊ីស្សព ។

  • សមាជិក​ផ្សេងទៀត​ក្នុង​ក្រុម​ប្រឹក្សា​វួដ ។

២២.៣.២

ជួយ​សមាជិក​ឲ្យ​វាយតម្លៃ និង​ដោះស្រាយ​ចំពោះ​សេចក្ដី​ត្រូវការ​រយៈពេល​ខ្លី

សមាជិក​ព្យាយាម​បំពេញ​សេចក្ដីការ​​មូលដ្ឋាន​របស់​ខ្លួន ​តាមរយៈ​ការខិតខំ​របស់​ខ្លួនគេ​ផ្ទាល់ និង​ការជួយ​មកពី​គ្រួសារ​ជិតដិត ។ ពេល​ដែល​ជំនួយ​នោះ​មិន​គ្រប់គ្រាន់​នោះ​សមាជិក​អាច​នឹង​ចាំបាច់​ត្រូវ​រក​ជំនួយ​មកពី​ប្រភព​ផ្សេង​ទៀត​ដូច​ជា ៖

  • ធនធាន​រដ្ឋាភិបាល និង​សហគមន៍ ( សូមមើល ២២.១២ ) ។

  • ជំនួយ​ពី​សាសនាចក្រ ។

ជំនួយ​ពី​សាសនាចក្រ​អាច​រួមមាន ជំនួយ​សម្រាប់​សេចក្ដីត្រូវការ​រយៈពេល​ខ្លី ដូចជា អាហារ សម្លៀកបំពាក់ ផ្ទះ​ស្នាក់នៅ ឬ​សម្ភារ​ចាំបាច់​ផ្សេងទៀត ។ ប៊ីស្សព​អាច​ប្រើ​ដង្វាយ​តម​អាហារ​ដើម្បី​ឆ្លើយ​តប​នឹង​សេចក្ដី​ត្រូវការ​ទាំង​នេះ​បាន ។ នៅ​កន្លែង​ដែល​មាន​ការបញ្ជា​ទិញ​របស់​ប៊ីស្សព​​នោះជា​ទូទៅ​ប៊ីស្សព​ប្រើ​ការបញ្ជាទិញ​ទាំង​នោះ​ដើម្បី​ផ្តល់​អាហារ និង​ទំនិញ​ចាំបាច់​ផ្សេង​ទៀត ( សូមមើល « ការបញ្ជា​ទិញ និង​ការបញ្ជូន​មនុស្សថ្មី​របស់​ប៊ីស្សព » នៅ​ក្នុង​ធនធាន​អ្នកដឹកនាំ និង​ស្មៀន [ ធ.ថ.ស. ] ) ។

២២.៣.៣

ជួយ​សមាជិក​ឲ្យ​ស្ថាបនា​ភាព​ខ្លួន​ទីពឹង​ខ្លួន​រយៈពេល​វែង

សមាជិក​អាច​ត្រូវការ​ការ​គាំទ្រ​ជា​បន្ត​បន្ទាប់​ដើម្បី​ដោះស្រាយ​បញ្ហា​រយៈពេល​វែង ។ ការអប់រំ វគ្គ​បណ្ដុះ​បណ្ដាល​ខ្លីៗ ឬ​ធនធាន​ផ្សេង​ទៀត​អាចជួយ​ពួកគេ​ឲ្យ​ស្ថាបនា​ភាពខ្លួនទីពឹងខ្លួន ហើយ​ផ្គត់ផ្គង់​ដល់​សេចក្ដី​ត្រូវការ​រយៈពេល​វែង​របស់​ពួកគេ ។

>ផែនការ​ភាពខ្លួន​ទីពឹង​ខ្លួន ជួយ​សមាជិក​ឲ្យ​ស្គាល់​ពី​ភាពរឹងមាំ តម្រូវការ និង​ធនធាន​របស់​ពួកគេ ។ ផែនការ​នេះ​គួរ​តែ​ប្រើ​រាល់​ពេល​ដែល​ពិចារណា​ពី​ជំនួយ​របស់​សាសនាចក្រ ។

២២.៣.៤

ផ្ដល់​ការងារបម្រើ​ដល់​អ្នក​ដែល​មាន​សេចក្តីត្រូវការ​ខាង​សតិអារម្មណ៍

បងប្អូន​ប្រុស និង​បងប្អូន​ស្រី​ដែល​ផ្ដល់​ការងារ​បម្រើ និង​ថ្នាក់ដឹកនាំ​វួដ​អាច​ជា​ឧបករណ៍​ដើម្បី​ជួយ​សមាជិក​ដែល​មាន​បញ្ហា​ខាង​សតិអារម្មណ៍​បាន ។

២២.៤

គោលការណ៍​សម្រាប់​ការផ្ដល់​ជំនួយ​របស់​សាសនាចក្រ

ដោយមាន​ជំនួយ​របស់​ព្រះអម្ចាស់ នោះ​សមាជិក​ខិតខំ​ផ្គត់ផ្គង់​ដល់​ខ្លួន​ឯង និង​ក្រុម​គ្រួសារ​របស់​ពួកគេ ។

ជំនួយ​របស់​សាសនាចក្រ​មាន​បំណង​ដើម្បី​ជួយ​សមាជិក​ឲ្យ​អភិវឌ្ឍ​ភាពឯករាជ្យ មិន​មែន​ពឹង​ផ្អែក​ទៅ​លើ​គេ​ទេ ។ ជំនួយ​នានា​ដែល​បាន​ផ្ដល់​ឲ្យ​គួរ​តែ​ពង្រឹង​សមាជិក​នៅ​ក្នុង​ការខិតខំ​របស់​ពួកគេ​ដើម្បី​មាន​ភាព​ខ្លួន​ទីពឹង​ខ្លួន ។

22:60

២២.៤.១

លើក​ទឹកចិត្ត​ឲ្យ​មាន​ការទទួល​ខុសត្រូវ​ជាបុគ្គល និង​ជា​ក្រុមគ្រួសារ

ថ្នាក់​ដឹកនាំ​បង្រៀន​ថា បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ​មាន​ការទទួល​ខុសត្រូវ​ជាចម្បង​ចំពោះ​សុខុមាលភាព​របស់​ពួកគេ​ផ្ទាល់ ។

មុន​ពេល​ផ្តល់​ជំនួយ​របស់សាសនាចក្រ ប៊ីស្សព ( ឬ​ថ្នាក់​ដឹកនាំ​ដទៃទៀត ឬ​សមាជិក​សាសនាចក្រ​ដែល​គាត់​ចាត់តាំង ) ពិនិត្យ​មើល​ជាមួយ​សមាជិក​នូវ​ធនធាន​អ្វី​ដែល​ពួកគេ​អាចប្រើបាន ដើម្បី​បំពេញ​តម្រូវការ​របស់​ពួកគេ​ផ្ទាល់ ។

២២.៤.២

ផ្តល់ជំនួយ​ផ្នែក​សាច់ឈាម​សម្រាប់​សេចក្តី​ត្រូវការ​ដែល​ចាំបាច់

គោលបំណង​នៃ​ជំនួយ​របស់​សាសនាចក្រ​គឺ​ដើម្បី​បំពេញ​តម្រូវការ​មូលដ្ឋាន​ខាងសាច់ឈាម ខណៈ​ដែល​សមាជិក​ព្យាយាម​ធ្វើ​ជា​អ្នក​មាន​ភាព​ខ្លួន​ទីពឹង​ខ្លួន ។

ប៊ីស្សព​គួរតែ​អនុវត្ត​សុភវិនិច្ឆ័យ ហើយ​ស្វែងរក​ការណែនាំ​ខាងវិញ្ញាណ នៅពេល​ពិចារណា​ពី​ចំនួន និង​រយៈពេល​នៃ​ការផ្តល់​ជំនួយ ។ ពួកគាត់​គួរតែ​មាន​សេចក្តី​អាណិត​អាសូរ និង​សេចក្តីសប្បុរស ប៉ុន្តែ​មិន​បង្កើត​ការពឹងផ្អែក​នោះទេ ។

២២.៤.៣

ផ្តល់​ធនធាន ឬ​សេវាកម្ម​ជាជាង​សាច់ប្រាក់

ប្រសិនបើ​អាច​ធ្វើបាន ប៊ីស្សព​គួរតែ​ជៀសវាង​ការផ្តល់​ប្រាក់ ។ ផ្ទុយទៅវិញ គាត់​គួរតែ​ប្រើ​ដង្វាយ​តមអាហារ ឬ​ការបញ្ជា​ទិញ​របស់​ប៊ីស្សព ដើម្បី​ផ្តល់​ឲ្យ​សមាជិក​នូវ​គ្រឿងទេស ឬ​សេវាកម្ម​នានា ។ សមាជិក​អាច​ប្រើប្រាស់​ប្រាក់​ផ្ទាល់ខ្លួន​របស់​ពួកគេ ដើម្បី​បង់​លើ​តម្រូវការ​ទាំងឡាយ​ដទៃទៀត ។

នៅពេល​អ្វីៗ​ទាំងនេះ​មិន​គ្រប់គ្រាន់ នោះ​ប៊ីស្សព​អាច​ជួយ​ដោយ​ការប្រើប្រាស់​ដង្វាយ​តមអាហារ ដើម្បី​បង់ថ្លៃ​វិក្កយបត្រ​ដែល​ចាំបាច់​បាន ( សូមមើល ២២.៥.២ ) ។

២២.៤.៤

ការផ្ដល់​ឱកាស​ធ្វើការងារ ឬ​ការបម្រើ

ប៊ីស្សព​អញ្ជើញ​ជន​ទាំងឡាយ​ណា​ដែល​ទទួល​ជំនួយ​ឲ្យ​ធ្វើការ ឬ​ផ្តល់​ការបម្រើ​ដើម្បី​ពង្រីក​សមត្ថភាព​របស់​ពួកគេ ។ ការ​ធ្វើ​បែបនេះ​ជួយ​សមាជិក​ឲ្យ​មាន​ស្មារតី​នៃ​សេចក្តី​ថ្លៃថ្នូរ ។ វា​ក៏​បង្កើន​សមត្ថភាព​របស់​ពួកគេ​ដើម្បី​ធ្វើ​ជា​បុគ្គល​ដែល​មាន​ភាព​ខ្លួន​ទីពឹង​ខ្លួន​ផងដែរ ។

២២.៤.៥

រក្សា​ព័ត៌មាន​អំពី​ជំនួយ​របស់​សាសនាចក្រ​ជាការ​សម្ងាត់

ប៊ីស្សព និង​ថ្នាក់ដឹកនាំ​វួដ​ដទៃទៀត​រក្សា​រាល់​ព័ត៌មាន អំពី​សមាជិក​ដែល​អាច​ត្រូវការ​ជំនួយ​របស់​សាសនាចក្រ​ជា​ការសម្ងាត់ ។ ការណ៍​នេះ​គឺ​ដើម្បី​ការពារ​ឯកជនភាព​របស់​សមាជិក និង​ភាព​ថ្លៃថ្នូរ ។

២២.៥

គោលនយោបាល​សម្រាប់​ការផ្ដល់​ជំនួយ​របស់​សាសនាចក្រ

ថ្នាក់​ដឹកនាំ​សាសនាចក្រ​គួរតែ​ធ្វើតាម​គោលនយោបាយ​ដែល​បាន​ចែង​នៅក្នុង​ផ្នែក​នេះ​នៅ​ពេល​ផ្តល់​ជំនួយ ។

២២.៥.១

គោលនយោបាយ​ស្តីពី​អ្នក​ទទួល​ជំនួយ​របស់​សាសនាចក្រ

២២.៥.១.១

ជំនួយ​ដល់​សមាជិក​វួដ

ជាទូទៅ សមាជិក​ដែល​ទទួល​ជំនួយ​របស់​សាសនាចក្រ​គួរតែ​រស់នៅ​ក្នុង​ដែនសីមា​របស់​វួដ ហើយ​កំណត់ត្រា​សមាជិកភាព​របស់​ពួកគេ​គឺ​នៅក្នុង​វួដ​នោះ ។ ជំនួយ​អាច​ផ្តល់ឲ្យ​ដោយ​មិនគិតថា តើ​សមាជិក​នេះ​ចូលរួម​ការប្រជុំ​របស់​សាសនាចក្រ​ទៀងទាត់ ឬ​ធ្វើតាម​បទដ្ឋាន​សាសនាចក្រ​ឬ​អត់​នោះទេ ។

២២.៥.១.២

ជំនួយ​ដល់​ប៊ីស្សព និង​ប្រធាន​ស្តេក

ការចារ​អនុម័ត​របស់​ប្រធានស្តេក​ទាមទារ​ឲ្យមាន ពីមុន​ប៊ីស្សព​អាច​ប្រើប្រាស់​ដង្វាយ​តមអាហារ ឬ​អនុម័ត​ការបញ្ជា​ទិញ​របស់​ប៊ីស្សព​សម្រាប់​ខ្លួនគាត់ ឬ​គ្រួសារ​របស់​គាត់ ។

២២.៥.១.៤

ជំនួយ​សម្រាប់​បុគ្គល​ដែល​មិនមែន​ជា​សមាជិក​សាសនាចក្រ

បុគ្គល​ណា​ដែល​មិនមែន​ជា​សមាជិក​សាសនាចក្រ ជាធម្មតា​ត្រូវបាន​បញ្ជូន​ឲ្យ​ទៅ​កាន់​ធនធាន​នានា​ក្នុង​សហគមន៍​មូលដ្ឋាន ប្រសិនបើ​ត្រូវការ​ជំនួយ​សុខុមាលភាព ។ នៅ​ក្នុង​កាលៈទេសៈ​ដ៏​កម្រ ដូច​ដែល​បាន​ណែនាំ​ដោយ​ព្រះវិញ្ញាណ នោះ​ប៊ីស្សព​អាចជួយ​ពួកគេ​ដោយ​ប្រើ​ដង្វាយ​តម​អាហារ ឬ​ការ​បញ្ជាទិញ​របស់​ប៊ីស្សព ។

២២.៥.២

គោលនយោបាយ​អំពី​ការប្រើប្រាស់​ដង្វាយ​តមអាហារ

២២.៥.២.១

ការ​ថែទាំ​ផ្នែក​វេជ្ជសាស្រ្ត ឬ​ការថែទាំ​សុខភាព​ផ្សេងទៀត

តំបន់​នីមួយៗ​ក្នុង​សាសនាចក្រ​មាន​ការ​កំណត់​លើ​ការអនុម័ត​សម្រាប់​ការ​ប្រើ​ប្រាស់​ដង្វាយ​តមអាហារ ដើម្បី​បង់​ការចំណាយ​លើ​ថ្លៃ​វេជ្ជសាស្ត្រ ទន្ដសាស្ដ្រ ឬ​សុខភាព​ផ្លូវចិត្ត ។

សម្រាប់​ចំនួន​ទឹក​ប្រាក់ និង​គោលការណ៍​ណែនាំ​អំពី​ការអនុម័ត សូមមើល « ការ​ប្រើប្រាស់​ដង្វាយ​តមអាហារ​សម្រាប់​ការចំណាយ​ផ្នែក​វេជ្ជសាស្ត្រ » ។

២២.៥.២.៣

ការ​បង់សង​ដង្វាយ​តមអាហារ

សមាជិក​មិន​បង់​សង​ជំនួយ​ដង្វាយ​តមអាហារ ដែល​ពួកគេ​បាន​ទទួល​ពី​សាសនាចក្រ​ឡើយ ។

២២.៥.២.៤

ចំនួន​ការ​ចំណាយ​ដង្វាយតមអាហារ​ក្នុង​វួដ

ប៊ីស្សព​មិន​តម្រូវ​ឲ្យ​កំណត់​ជំនួយ​ដង្វាយ​តមអាហារ​សម្រាប់​សមាជិក​វួដ​ទៅ​តាម​ចំនួន​ប្រាក់ដង្វាយ​ដែល​ប្រមូល​បាន​នៅ​ក្នុង​វួដ​នោះឡើយ ។

២២.៥.៣

គោលនយោបាយ​អំពី​ការបង់ប្រាក់

ប្រសិនបើ​អាច​ធ្វើបាន ការបង់ប្រាក់​ទាំងឡាយ​គួរតែ​ធ្វើ​ឡើង​ដោយ​ផ្ទាល់​ទៅ​កាន់​អាជីវកម្ម​ដែល​ផ្គត់ផ្គង់​សម្ភារ និង​សេវាកម្ម​នោះ ។

២២.៥.៤

គោលនយោបាយ​អំពី​ការបង់ប្រាក់​ដែល​នឹង​ជួយ​ដល់​ប៊ីស្សព ឬ​ប្រធានស្ដេក

នៅពេល​ផ្ដល់​ជំនួយ​តមអាហារ​ដល់​សមាជិក ប៊ីស្សព​មិន​អាច​ប្រើ​មូលនិធិ​នោះ​ដើម្បី​បង់ថ្លៃ​សម្ភារ ឬ​សេវាកម្ម​តាម​របៀប​ដែល​ទទួល​បាន​អត្ថប្រយោជន៍​ផ្ទាល់​ខ្លួន​នោះឡើយ ។

ប្រសិន​បើ​ការ​បង់ប្រាក់​ដង្វាយតមអាហារ​ឲ្យ​សមាជិក​នឹង​ផ្ដល់​អត្ថ​ប្រយោជន៍​ដល់​ប្រធាន​ស្តេក ឬ​អាជីវកម្ម​ដែល​គាត់​មាន នោះ​តម្រូវ​ឲ្យ​មាន​ការ​អនុម័ត​មក​ពី​គណៈប្រធាន​តំបន់ ។

២២.៦

តួនាទី​របស់​ថ្នាក់​ដឹកនាំ​វួដ

២២.៦.១

ប៊ីស្សព និង​ទីប្រឹក្សា​របស់​គាត់

ប៊ីស្សព​មាន​សិទ្ធិ​អំណាច​ដ៏​ទេវភាព​ដើម្បី​ស្វែងរក និង​មើលថែ​សមាជិក​ដែល​មាន​សេចក្ដីត្រូវការ​ខាង​សាច់​ឈាម ( សូម​មើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៨៤:១១២ ) ។ គាត់​បែងចែក​កិច្ចការ​នេះ​ភាគច្រើន​ឲ្យទៅ​គណៈប្រធាន​កូរ៉ុម​អែលឌើរ និង​សមាគម​សង្គ្រោះ ។ ទោះជា​យ៉ាងណា​ក្ដី ក៏មាន​នូវ​ភារកិច្ច​ជាក់លាក់​ដែល​មានតែ​ប៊ីស្សព​ប៉ុណ្ណោះ​ដែល​អាច​ធ្វើ​បាន​ដែរ ។ ឧទាហរណ៍ ប៊ីស្សព ៖

  • កំណត់​ប្រភេទ ចំនួន​ទឹក​ប្រាក់ និង​រយៈពេល​នៃ​ជំនួយ​ខាង​សាច់ឈាម​ដែល​ត្រូវ​ផ្ដល់​ឲ្យ ។

  • អនុម័ត​ជំនួយ​ដង្វាយ​តមអាហារ ( សូមមើល ២២.៤ និង ២២.៥ ) និង​ការបញ្ជាទិញ​របស់​ប៊ីស្សព ( សូមមើល ២២.១៣ ) ។

  • ពិនិត្យ​មើល​ផែនការ​ភាព​ខ្លួន​ទីពឹង​ខ្លួន​របស់​សមាជិក​ដោយ​ផ្ទាល់ ។ គាត់​ចាត់​ថ្នាក់ដឹកនាំ​ផ្សេងទៀត​ក្នុង​វួដ​ដើម្បី​តាមដាន​លើ​ផែនការ​ទាំង​នេះ ប្រសិន​បើ​ចាំបាច់ ។

ប៊ីស្សព និង​ទីប្រឹក្សា​របស់​គាត់​មាន​ការ​ទទួល​ខុស​ត្រូវ​ដូច​ខាង​ក្រោម ៖

  • បង្រៀន​ពី​គោលការណ៍ និង​ពរជ័យ​ទាក់ទង​នឹង ( ១ ) ការមើល​ថែ​សមាជិក​ដែល​មាន​សេចក្ដី​ត្រូវការ​ខាង​សាច់ឈាម និង​ខាង​សតិអារម្មណ៍ និង ( ២ ) ការស្ថាបនា​ភាពខ្លួន​ទីពឹង​ខ្លួន ( សូមមើល ២២.១ ) ។

  • បង្រៀនពី​ក្រឹត្យវិន័យ​តមអាហារ ហើយ​លើក​ទឹកចិត្ត​សមាជិក​ឲ្យ​ថ្វាយ​ដង្វាយ​តមអាហារ​ដោយ​សប្បុរស ( សូមមើល ២២.២.២ ) ។

  • មើល​ខុសត្រូវ​លើ​ការប្រមូល និង​គណនេយ្យកិច្ច​លើ​ដង្វាយ​តមអាហារ ( សូមមើល ៣៤.៣.២ ) ។

២២.៦.២

គណៈប្រធាន​សមាគម​សង្គ្រោះ និង​កូរ៉ុម​អែលឌើរ

នៅក្រោម​ការដឹកនាំ​របស់​ប៊ីស្សព នោះ​គណៈប្រធាន​សមាគម​សង្គ្រោះ និង​កូរ៉ុម​អែលឌើរ​មាន​តួនាទី​ដ៏​សំខាន់​មួយ​ដើម្បី​មើលថែ​ដល់​អ្នក​ខ្វះខាត​នៅក្នុង​វួដ ( សូមមើល ៨.២.២ និង ៩.២.២ ) ។ ថ្នាក់ដឹកនាំ​ទាំង​នេះ​បង្រៀន​សមាជិកវួដ​ឲ្យ ៖

  • ផ្ដល់​ការងារ​បម្រើ​ដល់​អ្នក​ខ្វះខាត ។

  • រស់នៅ​តាម​ច្បាប់​តមអាហារ ។

  • ស្ថាបនា​ភាពខ្លួនទីពឹង​ខ្លួន ។

  • បង្កើន​ការ​រៀបចំខ្លួន​ឯង​ផ្ទាល់ និង​គ្រួសារ ។

២២.៦.៣

បងប្អូន​ប្រុស ឬ​បងប្អូន​ស្រី​ដែល​ផ្ដល់​ការងារ​បម្រើ

ជារឿយៗ ជំនួយ​សម្រាប់​តម្រូវការ​ខាង​វិញ្ញាណ និង​ខាង​សាច់ឈាម​ចាប់ផ្ដើម​នឹង​បងប្អូន​ប្រុស និង​បងប្អូន​ស្រី​ដែល​ផ្ដល់​ការងារ​បម្រើ ( សូមមើល ២១.១ ) ។ ពួក​គាត់​រាយការណ៍​អំពី​សេចក្តី​ត្រូវការ​របស់​អ្នក​ទាំង​ឡាយ​ដែល​ពួក​គាត់​បម្រើ​ទៅ​កាន់​គណៈប្រធាន​កូរ៉ុម​អែលឌើរ និង​សមាគម​សង្រ្គោះ​របស់​ពួក​គាត់ នៅ​ក្នុង​ការសម្ភាស​អំពី​ការផ្ដល់​ការងារ​បម្រើ និង​នៅពេល​ផ្សេង​ទៀត ។ ពួកគាត់​អាច​ចែកចាយ​អំពី​សេចក្ដីត្រូវការ​ដែល​មាន​លក្ខណៈ​សម្ងាត់​ទៅ​កាន់​ប៊ីស្សព​ដោយ​ផ្ទាល់ ។

២២.៧

តួនាទី​របស់​ក្រុមប្រឹក្សា​វួដ

តួនាទី​ដ៏​សំខាន់​មួយ​របស់​ក្រុមប្រឹក្សា​វួដ​គឺ ត្រូវ​ដាក់​ផែនការ​ពីរបៀប​ដើម្បី​ថែទាំ​ដល់​អ្នក​ខ្វះខាត និង​ដើម្បី​ជួយ​ពួកគេ​ឲ្យ​ប្រែក្លាយ​ជា​អ្នក​ដែល​មាន​ភាពខ្លួន​ទីពឹង​ខ្លួន ( សូមមើល ៤.៤ ) ។ ក្នុងការ​ពិភាក្សា​ពី​តម្រូវការ​របស់​សមាជិក ក្រុមប្រឹក្សា​គោរព​តាម​បំំណង​របស់​អស់​អ្នក​ដែល​ធ្វើការ​ស្នើសុំ​ដោយ​សម្ងាត់ ។

២២.៨

តួនាទី​របស់​ក្រុមប្រឹក្សា​យុវវ័យ​វួដ

គោលបំណង​មួយ​របស់​ក្រុមប្រឹក្សា​យុវវ័យ​វួដ​គឺ ដើម្បី​ជួយ​យុវវ័យ​ឲ្យ​ក្លាយជា​អ្នកដើរ​តាម​ដ៏​បរិសុទ្ធ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ( សូមមើល ២៩.២.៦ ) ។

នៅក្រោម​ការណែនាំ​របស់​គណៈប៊ីស្សព ក្រុមប្រឹក្សា​យុវវ័យ​វួដ​ដាក់​ផែនការ​ពី​របៀប​ដើម្បី​បម្រើ​ដល់​អ្នក​ខ្វះខាត​នៅក្នុង​វួដ និង​សហគមន៍​របស់​ពួកគេ ។