« ២១. ការផ្ដល់ការងារបម្រើ » ជម្រើសចេញមកពីក្បួនខ្នាតទូទៅ ( ឆ្នាំ២០២៣ ) ។
« ២១. ការផ្ដល់ការងារបម្រើ » ជម្រើសចេញមកពីក្បួនខ្នាតទូទៅ
២១.
ការផ្ដល់ការងារបម្រើ
២១.០
សេចក្ដីផ្ដើម
ការផ្ដល់ការងារបម្រើមានន័យថា ការបម្រើមនុស្សដទៃដូចជាព្រះអង្គសង្រ្គោះបានធ្វើ ( សូមមើល ម៉ាថាយ ២០:២៦–២៨ ) ។
ព្រះអម្ចាស់សព្វព្រះទ័យឲ្យសមាជិកសាសនាចក្រទាំងអស់របស់ទ្រង់ទទួលការមើលថែបែបនោះ ។ សម្រាប់ហេតុផលនេះហើយ ដែលអ្នកកាន់បព្វជិតភាពត្រូវបានចាត់តាំងជាបងប្អូនប្រុស ដែលផ្ដល់ការងារបម្រើដល់គ្រួសារសមាជិកនីមួយៗ ។ បងប្អូនស្រីដែលផ្ដល់ការងារបម្រើត្រូវបានចាត់តាំងឲ្យបម្រើបងប្អូនស្រីមជ្ឈិមវ័យម្នាក់ៗ ។
២១.១
ទំនួលខុសត្រូវរបស់បងប្អូនប្រុស និងបងប្អូនស្រីដែលផ្ដល់ការងារបម្រើ
បងប្អូនស្រី និងបងប្អូនប្រុសដែលផ្តល់ការងារបម្រើមានទំនួលខុសត្រូវដូចតទៅ ចំពោះបុគ្គល និងក្រុមគ្រួសារដែលត្រូវបានចាត់ឲ្យពួកគេបម្រើ ៖
-
ជួយពួកគេឲ្យពង្រឹងសេចក្ដីជំនឿរបស់ពួកគេលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
-
ជួយពួកគេឲ្យរៀបចំខ្លួនដើម្បីចុះ និងរក្សាសេចក្ដីសញ្ញាដ៏ពិសិដ្ឋជាមួយព្រះ នៅពេលពួកគេទទួលពិធីបរិសុទ្ធ ។
-
ស្វែងយល់ពីតម្រូវការ ហើយផ្តល់ឲ្យនូវសេចក្តីស្រឡាញ់ដូចជាព្រះគ្រីស្ទ ការមើលថែ និងការបម្រើ ។
-
ជួយពួកគេឲ្យមានភាពខ្លួនទីពឹងខ្លួនទាំងខាងវិញ្ញាណ និងខាងសាច់ឈាម ។
២១.២
ការរៀបចំការធ្វើការងារបម្រើ
២១.២.១
ការធ្វើការចាត់តាំង
គណៈប្រធានកូរ៉ុមអែលឌើរ និងគណៈប្រធានសមាគមសង្គ្រោះធ្វើការអធិស្ឋានពីការចាត់តាំងដើម្បីផ្ដល់ការងារបម្រើដល់បងប្អូនប្រុស និងបងប្អូនស្រីដែលផ្តល់ការងារបម្រើ ។ ជាធម្មតា ពួកគាត់ចាត់តាំងបងប្អូនប្រុសពីរនាក់ ឬបងប្អូនស្រីពីរនាក់ជាដៃគូនឹងគ្នា ។ ពួកគាត់ស្វែងរកការអនុម័តពីប៊ីស្សពចំពោះដៃគូ និងការចាត់តាំងការផ្ដល់ការងារបម្រើ ។
ស្វាមីភរិយាមួយគូដែលបានរៀបការហើយអាចត្រូវបានចាត់តាំងឲ្យធ្វើការងារបម្រើរួមគ្នាដល់បុគ្គលម្នាក់ ឬគ្រួសារមួយ ។
បងប្អូនប្រុស និងបងប្អូនស្រីដែលផ្ដល់ការងារបម្រើមិនត្រូវបានហៅ គាំទ្រ ឬធ្វើពិធីញែកចេញទេ ។
២១.២.២
ការចាត់តាំងការផ្ដល់ការងារបម្រើសម្រាប់យុវវ័យ
យុវនារីអាចបម្រើជាដៃគូផ្តល់ការងារបម្រើរបស់បងប្អូនស្រ្តីសមាគមសង្រ្គោះនៅពេលយុវនារីនោះស្ម័គ្រចិត្ត និងអាចធ្វើបាន ។ នាងអាចចាប់ផ្តើមការបម្រើនៅក្នុងឆ្នាំដែលនាងឈានចូលដល់វ័យ ១៤ ឆ្នាំ ។
យុវជនបម្រើជាដៃគូផ្ដល់ការងារបម្រើជាមួយអ្នកកាន់បព្វជិតភាពម៉ិលគីស្សាដែក នៅពេលគាត់ត្រូវបានតែងតាំងក្នុងតំណែងគ្រូ ឬសង្ឃ ។
២១.៣
ការសម្ភាសអំពីការផ្ដល់ការងារបម្រើ
ប្រធានកូរ៉ុមអែលឌើរ និងទីប្រឹក្សារបស់គាត់ធ្វើការសម្ភាសបងប្អូនប្រុសដែលផ្ដល់ការងារបម្រើ ។ ប្រធានសមាគមសង្រ្គោះ និងទីប្រឹក្សារបស់គាត់ធ្វើការសម្ភាសបងប្អូនស្រីផ្ដល់ការងារបម្រើ ។
ការសម្ភាសទាំងនេះធ្វើឡើងយ៉ាងហោចណាស់ម្តងក្នុងមួយត្រីមាស ។
គោលបំណងនៃការសម្ភាសនេះគឺដើម្បី ៖
-
ប្រឹក្សាពីភាពរឹងមាំ សេចក្ដីត្រូវការ និងឧបសគ្គរបស់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារដែលបានចាត់តាំង ។
-
ពិភាក្សាអំពីមធ្យោបាយដើម្បីជួយដល់បុគ្គលម្នាក់ៗឲ្យទទួលបានពិធីបរិសុទ្ធ បើចាំបាច់ ។
-
កំណត់ថាតើកូរ៉ុមអែលឌើរ សមាគមសង្គ្រោះ ក្រុមប្រឹក្សាវួដ និងអ្នកផ្សេងទៀតអាចជួយបានដោយរបៀបណា ។
-
បង្រៀន ហើយលើកទឹកចិត្តដល់បងប្អូនប្រុស និងបងប្អូនស្រីដែលផ្តល់ការងារបម្រើ ។
២១.៤
ការសម្របសម្រួលកិច្ចខិតខំក្នុងការផ្ដល់ការងារបម្រើ
គណៈប្រធានសមាគមសង្គ្រោះ និងគណៈប្រធានកូរ៉ុមអែលឌើរជួបជាមួយគ្នាយ៉ាងហោចណាស់ម្តងក្នុងមួយត្រីមាស ។ ពួកគាត់ពិនិត្យមើលអ្វីដែលពួកគាត់បានរៀននៅក្នុងការសម្ភាសអំពីការផ្ដល់ការងារបម្រើ ( សូមមើល ២១.៣ ) ។ ពួកគាត់ក៏សម្របសម្រួលដល់ការចាត់តាំងនៃការផ្ដល់ការងារបម្រើផងដែរ ។
នៅក្នុងអង្គភាពដែលមានសមាជិកសកម្មតិច នោះគណៈប្រធានសមាគមសង្រ្គោះ និងគណៈប្រធានកូរ៉ុមអែលឌើរ អាចសម្រេចចិត្តថាពុំចាត់តាំងទាំងបងប្អូនស្រី និងបងប្អូនប្រុសដែលផ្តល់ការងារបម្រើទៅសមាជិកមួយចំនួនបាន ។