ក្បួនខ្នាត និង​ការហៅ
២០. សកម្មភាព​ទាំងឡាយ


« ២០. សកម្មភាព » ជម្រើស​ចេញ​មកពី​ក្បួនខ្នាត​ទូទៅ ( ឆ្នាំ២០២៣ ) ។

« ២០. សកម្មភាព » ជម្រើស​ចេញ​មកពី​ក្បួនខ្នាត​ទូទៅ

យុវនារី​ជាមួយ​នឹង​កាំភ្លើង​បាញ់​ទឹក

២០.

សកម្មភាព​ទាំងឡាយ

២០.១

គោលបំណង

សកម្មភាព​ទាំងឡាយ​ក្នុង​សាសនាចក្រ​នាំឲ្យ​សមាជិក​សាសនាចក្រ និង​មនុស្ស​ដទៃ​ទៀត​មក​ជួបជុំ​គ្នា​ជា « ជាតិ​តែ​១​នឹង​ពួកបរិសុទ្ធ » ( អេភេសូរ ២:១៩ ) ។ គោលបំណង​សម្រាប់​សកម្មភាព​ទាំងឡាយ​អាច​រួមមាន​ដូច​ខាងក្រោម ៖

  • ស្ថាបនា​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។

  • ផ្ដល់​ការសប្បាយ​រីករាយ និង​បង្កើន​សាមគ្គីភាព ។

  • ផ្ដល់​ឱកាស​ឲ្យ​មាន​ការរីកចម្រើន​ផ្ទាល់ខ្លួន ។

  • ពង្រឹង​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ។

  • ជួយ​សមាជិក​ឲ្យ​ចូលរួម​នៅក្នុង​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាពតម្កើង​ឡើង ( សូមមើល ១.២ ) ។

២០.២

ការរៀបចំ​ផែនការ​សកម្មភាព

មុនពេល​ដាក់​ផែនការ​ធ្វើ​សកម្មភាព​មួយ ថ្នាក់ដឹកនាំ​ពិចារណា​ពី​តម្រូវការ​ខាង​វិញ្ញាណ និង​ខាង​សាច់ឈាម​របស់​សមាជិក​ទាំងឡាយ ។ ថ្នាក់ដឹកនាំ​ស្វែងរក​ការណែនាំ​ពី​ព្រះវិញ្ញាណ នៅពេល​សម្រេច​ចិត្ត​ពី​ប្រភេទ​សកម្មភាព​ដែល​នឹង​ជួយ​បំពេញ​តាម​តម្រូវការ​ទាំងនោះ ។

២០.២.១

ការទទួល​ខុសត្រូវ​សម្រាប់​ការរៀបចំ​ផែនការ​សកម្មភាព

សកម្មភាព​ទាំងឡាយ​ក្នុង​វួដ​អាច​ដាក់​ផែនការ​បាន​តាម​របៀប​ណាមួយ​ដូច​តទៅ​នេះ ដោយ​ផ្អែកលើ​តម្រូវការ​ក្នុង​មូលដ្ឋាន ៖

  • ក្រុមប្រឹក្សា​វួដ​អាច​មើលការ​ខុសត្រូវ​លើ​ការដាក់​ផែនការ​នេះ ។

  • ក្រុមប្រឹក្សា​វួដ​អាច​ចាត់តាំង​អង្គការ​ជាក់លាក់​ណាមួយ ឲ្យ​ជួយ​ដាក់​ផែនការ​ធ្វើ​សកម្មភាព​មួយ ឬ​ច្រើន ។

  • នៅពេល​ដែល​ចាំបាច់ និង​មាន​សមាជិក​គ្រប់គ្រាន់ នោះ​គណៈប៊ីស្សព​អាច​រៀបចំ​ឲ្យ​មាន​គណៈកម្មការ​សកម្មភាព​វួដ​មួយ​ឡើង ។

សម្រាប់​ព័ត៌មាន​អំពី​ការដាក់​ផែនការ​ធ្វើ​សកម្មភាព​យុវវ័យ​វួដ សូមមើល ១០.២.១.៣ និង ១១.២.១.៣ ។

២០.២.២

ការអញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​ចូលរួម

អ្នក​ដែល​ដាក់​ផែនការ​ធ្វើ​សកម្មភាព​គួរតែ​ទៅ​ជួប​នឹង​មនុស្ស​ទាំងអស់ ជាពិសេស​សមាជិក​ថ្មី សមាជិក​មិន​សូវ​សកម្ម យុវវ័យ យុវមជ្ឈិមវ័យ​នៅលីវ មនុស្ស​ដែល​មាន​ពិការភាព និង​មនុស្ស​ដែល​មកពី​ជំនឿ​ផ្សេងទៀត ។

សកម្មភាព​ទាំងឡាយ​មិន​គួរ​ដាក់​បន្ទុក​ហួសហេតុ​ទៅលើ​ថ្នាក់ដឹកនាំ និង​សមាជិក​នោះ​ទេ ។

២០.២.៣

បទដ្ឋាន

សកម្មភាព​ទាំងឡាយ​ក្នុង​សាសនាចក្រ​គួរតែ​ជា​រឿង​លើក​តម្កើង និង​គូស​បញ្ជាក់​លើ​អ្វី​ដែលជា « គុណធម៌ គួរ​ស្រឡាញ់ ឬ​ឈ្មោះ​ល្អ ឬ​ក៏​គួរឲ្យ​សរសើរ » ( មាត្រា​នៃ​សេចក្តី​ជំនឿ ១:១៣ ) ។ សកម្មភាព​ទាំងឡាយ​មិន​ត្រូវ​រួមបញ្ចូល​ចំណុច​ណាមួយ ដែល​ផ្ទុយ​នឹង​ការបង្រៀន​របស់​សាសនាចក្រ​នោះទេ ។

២០.២.៦

មូលនិធិ​សម្រាប់​ធ្វើ​សកម្មភាព

សកម្មភាព​ភាគច្រើន​បំផុត​គួរតែ​មាន​លក្ខណៈ​សាមញ្ញ ហើយ​ចំណាយ​បន្តិច​បន្តួច ឬគ្មាន​ចំណាយ​សោះ ។ រាល់​ការចំណាយ​ទាំងអស់​ត្រូវតែ​បាន​អនុម័ត​ជាមុន​ដោយ​គណៈប៊ីស្សព ឬ​គណៈប្រធាន​ស្ដេក ។

ជាធម្មតា សមាជិក​មិន​គួរ​ចំណាយ​ប្រាក់​ដើម្បី​ចូលរួម​ក្នុង​សកម្មភាព​នានា​នោះទេ ។ សម្រាប់​គោលនយោបាយ និង​គោលការណ៍​ណែនាំ​ស្ដីពី​មូលនិធិ​សម្រាប់​សកម្មភាព​នានា សូមមើល ២០.៦ ។

២០.៤

សន្និសីទ​យុវវ័យ

ដោយ​ចាប់ផ្តើម​នៅ​ខែ​មករា​នៃ​ឆ្នាំ​ដែល​ពួកគេ​ឈាន​ដល់​អាយុ ១៤ ឆ្នាំ នោះ​យុវជន និង​យុវនារី​ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​ជាមួយ​គ្នា​នៅក្នុង​សន្និសីទ​យុវវ័យ ។ ជាធម្មតា សន្និសីទ​យុវវ័យ​ធ្វើ​ឡើង​មួយ​ឆ្នាំ​ម្ដង​នៅ​កម្រិត​វួដ ឬ​ស្តេក ។ សន្និសីទ​ទាំងនេះ​ក៏អាច​ធ្វើឡើង​នៅ​កម្រិត​ពហុស្ដេក ឬ​តំបន់​បាន​ផងដែរ ។ នៅ​ឆ្នាំ​ដែល​យុវវ័យ​ត្រូវបាន​ចាត់តាំង​ឲ្យ​ចូលរួម​សន្និសីទ ដ.ក.យ. នោះ​ស្ដេក និង​វួដ​មិន​គួរ​ធ្វើ​សន្និសីទ​យុវវ័យ​នោះទេ ។

ក្រុមប្រឹក្សា​យុវវ័យ​វួដ​គឺជា​អ្នក​ដែល​ដាក់​ផែនការ និង​ធ្វើ​សន្និសីទ​យុវវ័យ​វួដ ដោយ​នៅក្រោម​ការដឹកនាំ​របស់​គណៈប៊ីស្សព ( សូមមើល ២៩.២.៦ ) ។ គណៈប៊ីស្សព​ទទួល​បាន​ការអនុម័ត​ពី​គណៈប្រធាន​ស្តេក ទាក់ទង​នឹង​ផែនការ​សម្រាប់​សន្និសីទ​យុវវ័យ​វួដ ។

នៅពេល​ថ្នាក់ដឹកនាំ និង​យុវវ័យ​ដាក់​ផែនការ​ធ្វើ​សន្និសីទ​យុវវ័យ នោះ​ពួកគាត់​គួរតែ​អនុវត្ត​តាម​គោលនយោបាយ​នៅក្នុង​ជំពូក​នេះ និង​គោលការណ៍​ណែនាំ​ដូច​តទៅ​នេះ ៖

  • អ្នក​អាច​ប្រើ​បាវចនា​យុវវ័យ​ប្រចាំ​ឆ្នាំ​របស់​សាសនាចក្រ​ធ្វើជា​បាវចនា​សន្និសីទ​នេះ​បាន ។

  • ដាក់​ផែនការ​សកម្មភាព​ដែល​ស៊ីគ្នា​នឹង​បាវចនា​នេះ ។

  • ទទួល​បាន​ការអនុម័ត​ពី​គណៈប៊ីស្សព ឬ​គណៈប្រធាន​ស្ដេក​សម្រាប់​អ្នកឡើង​និយាយ និង​សកម្មភាព​ទាំងអស់ ។

  • ធានា​ឲ្យមាន​ការគ្រប់គ្រង​ពី​មជ្ឈិមវ័យ​ឲ្យ​បាន​គ្រប់គ្រាន់​នៅគ្រប់​ពេលវេលា​ទាំងអស់ ( សូមមើល ២០.៧.១ ) ។

២០.៥

គោលនយោបាយ និង​គោលការណ៍​ណែនាំ​សម្រាប់​ការជ្រើសរើស និង​ការរៀបចំ​ផែនការ​សកម្មភាព

២០.៥.១

សកម្មភាព​ពាណិជ្ជកម្ម ឬ​នយោបាយ

សកម្មភាព​ដែល​ធ្វើឡើង​សម្រាប់​គោលបំណង​ពាណិជ្ជកម្ម ឬ​នយោបាយ​គឺ​មិន​ត្រូវបាន​អនុញ្ញាត​នោះ​ទេ ( សូមមើល ៣៥.៥.២ ) ។

២០.៥.២

ការរាំ និង​តន្ដ្រី

នៅក្នុង​ការរាំ​ទាំងអស់ សម្លៀក​បំពាក់ ការតុបតែង​ខ្លួន ពន្លឺ របៀប​រាំ ទំនុក​បទ និង​តន្ដ្រី​គួរតែ​រួម​ចំណែក​ឲ្យ​មាន​បរិយាកាស​មួយ ដែល​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​អាច​គង់នៅ​បាន ។

២០.៥.៣

រាត្រី​ថ្ងៃ​ចន្ទ

សមាជិក​ត្រូវបាន​លើក​ទឹកចិត្ត​ឲ្យ​ធ្វើ​សកម្មភាព​ជា​ក្រុមគ្រួសារ​នៅ​ថ្ងៃ​ចន្ទ ឬ​នៅពេល​ផ្សេងទៀត ។ ពុំ​គួរ​មាន​សកម្មភាព​សាសនាចក្រ ការប្រជុំ កម្មវិធី​បុណ្យ​ជ្រមុជ​ទឹក ត្រូវ​ធ្វើ​ឡើង​បន្ទាប់ពី​ម៉ោង ៦:០០ ល្ងាច ថ្ងៃ​ចន្ទ​នោះ​ទេ ។

២០.៥.៥

សកម្មភាព​ស្នាក់នៅ​ពេលយប់

សកម្មភាព​នៅក្នុង​សាសនាចក្រ​ដែល​មាន​ការស្នាក់នៅ​ពេលយប់​សម្រាប់​ក្រុម​យុវជន និង​យុវនារី​លាយចូលគ្នា ត្រូវតែ​មាន​ការអនុម័ត​មកពី​ប៊ីស្សព និង​ប្រធាន​ស្តេក ។ ការណ៍​នេះ​ក៏អនុវត្ត​សម្រាប់​សកម្មភាព​សម្រាប់​សមាជិក​នៅលីវ​ជា​បុរស និង​ស្ដ្រី​ផងដែរ ។

សកម្មភាព​ស្នាក់នៅ​ពេលយប់​នៅឯ​សាលាប្រជុំ​របស់​សាសនាចក្រ ឬ​នៅ​ទីធ្លា​សាលាប្រជុំ​គឺ​មិន​ត្រូវបាន​អនុម័ត​នោះទេ ។

២០.៥.៨

ការរក្សា​ថ្ងៃ​ឈប់​សម្រាក​ឲ្យ​បរិសុទ្ធ

ពុំ​ត្រូវមាន​ការបោះ​ជំរំ ព្រឹត្តិការណ៍​កីឡា ឬ​ព្រឹត្តិការណ៍​កម្សាន្ដ​ក្នុង​សាសនាចក្រ​ធ្វើឡើង​នៅ​ថ្ងៃ​អាទិត្យ​ឡើយ ។ ហើយ​ក៏ពុំ​គួរមាន​ក្រុម​យុវវ័យ និង​អ្នកផ្សេង​ទៀត​ធ្វើ​ដំណើរ​ទៅ ឬ​មកពី​ការបោះ​ជំរំ ឬ​សន្និសីទ​យុវវ័យ​នៅ​ថ្ងៃ​អាទិត្យ​ដែរ ។

២០.៥.១០

ការទៅ​ព្រះវិហារ​បរិសុទ្ធ

ការទៅ​ព្រះវិហារ​បរិសុទ្ធ​ត្រូវបាន​រៀបចំ​ឡើង​នៅ​កម្រិត​វួដ ឬ​ស្ដេក​នៅក្នុង​មណ្ឌល​ព្រះវិហារ​បរិសុទ្ធ​ដែល​បាន​ចាត់តាំង ។

២០.៦

គោលនយោបាយ និង​គោលការណ៍​ណែនាំ​សម្រាប់​ការផ្ដល់​មូលនិធិ​ដល់​សកម្មភាព

២០.៦.១

សកម្មភាព​ដែល​ចំណាយ​ដោយ​មូលនិធិ​វួដ ឬ​ស្ដេក

មូលនិធិ​ថវិកា​វួដ ឬ​ស្ដេក​គួរតែ​ត្រូវបាន​ប្រើប្រាស់​ដើម្បី​បង់ថ្លៃ​សម្រាប់​សកម្មភាព​ទាំងអស់—ដោយ​មាន​ករណី​លើកលែង​មួយ​ចំនួន​ដូច​មាន​ចែង​នៅក្នុង ២០.៦.២ ។

២០.៦.២

ការផ្ដល់​មូលនិធិ​ដល់​ការបោះ​ជំរំ​យុវវ័យ

ប្រសិនបើ​គម្រោង​ថវិកា​វួដ ឬ​ស្ដេក​មិន​មាន​មូលនិធិ​គ្រប់គ្រាន់​សម្រាប់​សកម្មភាព​ដូច​មាន​ចែង​ខាងក្រោម​នេះ​ទេ នោះ​ថ្នាក់ដឹកនាំ​អាច​សុំឲ្យ​អ្នកចូលរួម​បង់​ថ្លៃ​មួយ​ចំណែក ឬ​ទាំងស្រុង​សម្រាប់​សកម្មភាព​នេះ ៖

  • ការបោះ​ជំរំ​ធំ​សម្រាប់​ក្រុម​បព្វជិតភាព​អើរ៉ុន​ប្រចាំ​ឆ្នាំ​មួយ ឬ​សកម្មភាព​ស្រដៀង​គ្នា ។

  • ការបោះ​ជំរំ​ធំ​សម្រាប់​ក្រុម​យុវនារី​ប្រចាំ​ឆ្នាំ​មួយ ឬ​សកម្មភាព​ស្រដៀង​គ្នា ។

ការចំណាយ ឬ​ការធ្វើ​ដំណើរ​សម្រាប់​ការបោះ​ជំរំ​ប្រចាំ​ឆ្នាំ​មួយ មិន​គួរលើស​កំណត់​នោះទេ ។ ការខ្វះខាត​មូលនិធិ​ផ្ទាល់ខ្លួន​ពុំ​គួរ​រារាំង​សមាជិក​ណា​ម្នាក់​មិន​ឲ្យ​ចូលរួម​នោះ​ឡើយ ។

២០.៦.៣

ការផ្ដល់​មូលនិធិ​សម្រាប់​សន្និសីទ ដ.ក.យ.

យុវវ័យ​អាច​ត្រូវបាន​សូម​ឲ្យ​រួម​ចំណែក​បង់​ថ្លៃ​ដើម្បី​ចូលរួម​សន្និសីទ ដើម្បី​កម្លាំង​នៃ​យុវជន ( ដ.ក.យ. ) ។ ប្រសិនបើ​ការចំណាយ​រារាំង​មិនឲ្យ​យុវវ័យ​ម្នាក់​ចូលរួម​បាន នោះ​ប៊ីស្សព​អាច​ប្រើ​មូលនិធិ​គម្រោង​ថវិកា​វួដ ដើម្បី​ចេញ​ថ្លៃ​ទាំងស្រុង ឬ​ចេញ​មួយ​ចំណែក​នៃ​ការបង់ថ្លៃ​នេះ​បាន ។ សូមមើល​គេហទំព័រ FSY.ChurchofJesusChrist.org ។

២០.៦.៥

ព្រឹត្តិការណ៍​រៃ​អង្គាស​ថវិកា

ជាធម្មតា ការចំណាយ​សម្រាប់​សកម្មភាព​ស្ដេក និង​វួដ​ត្រូវបាន​បង់ថ្លៃ​ដោយ​មូលនិធិ​គម្រោង​ថវិកា ។ ទោះជា​យ៉ាងណា​ក៏ដោយ ប្រធាន​ស្តេក ឬ​ប៊ីស្សព​អាច​អនុម័ត​ឲ្យ​មាន​ព្រឹត្តិការណ៍​រៃ​អង្គាស​ថវិកា​មួយ​ជារៀង​រាល់​ឆ្នាំ សម្រាប់​គោលបំណង​ដូច​តទៅ​នេះ​តែ​ប៉ុណ្ណោះ ៖

  • ដើម្បី​ជួយ​បង់ថ្លៃ​សកម្មភាព​ដែល​មាន​នៅក្នុង ២០.៦.២និង ២០.៦.៣ ។

  • ដើម្បី​ជួយទិញ​ឧបករណ៍​ដែល​អង្គភាព​ត្រូវការ​សម្រាប់​ការ​បោះជំរំ​ប្រចាំឆ្នាំ ។

២០.៧

គោលនយោបាយ និង​គោលការណ៍​ណែនាំ​ស្ដីពី​សុវត្ថិភាព​សម្រាប់​សកម្មភាព

២០.៧.១

ការគ្រប់គ្រង​ពី​មជ្ឈិមវ័យ

យ៉ាង​ហោច​ណាស់​ត្រូវតែ​មាន​មជ្ឈិមវ័យ​ពីរនាក់​ចូលរួម​នៅ​គ្រប់​សកម្មភាព​ក្នុង​សាសនាចក្រ​ទាំងអស់ ដែល​មាន​កុមារ និង​យុវវ័យ​ចូលរួម ។ មជ្ឈិមវ័យ​បន្ថែម​ទៀត​អាច​ចាំបាច់ អាស្រ័យ​ទៅលើ​ទំហំ​នៃ​ក្រុម ជំនាញ​ដែល​តម្រូវ​ឲ្យមាន​សម្រាប់​សកម្មភាព​នោះ ឬ​កត្តា​ផ្សេងៗ​ទៀត ។ ឪពុក​ម្តាយ​ត្រូវបាន​លើក​ទឹកចិត្ត​ឲ្យ​ជួយ ។

មនុស្ស​ទាំងអស់​ដែល​ធ្វើការ​ជាមួយ​កុមារ និង​យុវវ័យ​ត្រូវតែ​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​ការការពារ​កុមារ និង​យុវវ័យ ។ សូមមើល​គេហទំព័រ ProtectingChildren.ChurchofJesusChrist.org ។

២០.៧.២

តម្រូវការ​ទាក់ទង​នឹង​អាយុ​ដើម្បី​ចូលរួម​ក្នុង​សកម្មភាព​យុវវ័យ

ដោយ​មាន​ការអនុម័ត​ពី​ឪពុក​ម្ដាយ​របស់​ពួកគេ យុវវ័យ​អាច​ចូលរួម​ការបោះជំរំ​ដែល​មាន​ការសម្រាក​នៅពេល​យប់ នៅ​ដើម​ខែ​មករា​នៃ​ឆ្នាំ​ដែល​ពួកគេ​ឈាន​ចូល​អាយុ ១២ ឆ្នាំ ។ ពួកគេ​អាច​ចូលរួម​ក្នុង​ការរាំ សន្និសីទ​យុវវ័យ និង​សន្និសីទ ដ.ក.យ. នៅ​ដើម​ខែ​មករា​នៃ​ឆ្នាំ​ដែល​ពួកគេ​ឈាន​ចូល​អាយុ ១៤ ឆ្នាំ ។

២០.៧.៤

ការអនុញ្ញាត​ពី​ឪពុក​ម្ដាយ

កុមារ និង​យុវវ័យ​មិន​អាច​ចូលរួម​នៅក្នុង​សកម្មភាព​សាសនាចក្រ​ដោយ​គ្មាន​ការអនុញ្ញាត​ពី​ឪពុក​ម្ដាយ ឬ​អាណាព្យាបាល​របស់​ពួកគេ​បាន​នោះទេ ។ សម្រាប់​សកម្មភាព​សាសនាចក្រ​ដែល​រួមមាន​ការស្នាក់នៅ​ពេលយប់ នោះការធ្វើ​ដំណើរ​ក្នុង​រយៈ​ចម្ងាយ​ឆ្ងាយ ឬ​មាន​ហានិភ័យ​ខ្ពស់ជាង​សព្វ​មួយ​ដង នោះ​ចាំបាច់​ត្រូវតែ​មាន​ការយល់ព្រម​ជា​លាយលក្ខណ៍​អក្សរ ។

ឪពុក​ម្ដាយ និង​អាណាព្យាបាល​ផ្ដល់​ការយល់ព្រម​នេះ​តាមរយៈ​ការចុះ​ហត្ថលេខា​លើ ទម្រង់​បែបបទ​ស្ដីពី​ការអនុញ្ញាត និង​ការចេញ​វេជ្ជសាស្ដ្រ ។

២០.៧.៥

ការរាយការណ៍​ពី​ការរំលោភ​បំពាន

ការរំលោភ​បំពាន​គ្រប់​ទម្រង់​ទាំងអស់​ដែល​កើតឡើង​នៅក្នុង​សកម្មភាព​សាសនាចក្រ គួរតែ​ត្រូវបាន​រាយការណ៍​ទៅកាន់​អាជ្ញាធរ​ស៊ីវិល ។ អ្នក​គួរតែ​ទាក់ទង​ទៅកាន់​ប៊ីស្សព​ភ្លាមៗ ។ សេចក្តីណែនាំ​សម្រាប់​សមាជិក​ទាំងឡាយ​មាន​នៅក្នុង ៣៨.៦.២.៧ ។ សេចក្តី​ណែនាំ​សម្រាប់​ប៊ីស្សព​មាន​នៅក្នុង ៣៨.៦.២.១ ។

២០.៧.៦

បម្រាម​ស្ដីពី​សុវត្ថិភាព ការឆ្លើយតប​នឹង​ឧបទ្ទវហេតុ និង​ការរាយការណ៍​អំពី​ឧបទ្ទវហេតុ

២០.៧.៦.១

បម្រាម​ស្ដីពី​សុវត្ថិភាព

ថ្នាក់ដឹកនាំ និង​អ្នកចូលរួម​ទាំងឡាយ​ចូលរួម​ក្នុង​សកម្មភាព​នានា​ដោយ​ប្រយ័ត្ន​ប្រយែង ដើម្បី​ធានា​ឲ្យបាន​ថា​មាន​ការប្រថុយ​ប្រថាន​នឹង​គ្រោះថ្នាក់ ឬ​ជំងឺ​តិចតួច​បំផុត ។ សកម្មភាព​ទាំងឡាយ​ក៏​គួរតែ​ពាក់ព័ន្ធ​នឹង​ការប្រថុយ​ប្រថាន​នឹង​ការខូចខាត​ដល់​ទ្រព្យសម្បត្តិ​តិចតួច​បំផុត​ផងដែរ ។ អំឡុងពេល​ធ្វើ​សកម្មភាព ថ្នាក់ដឹកនាំ​ខិតខំ​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​ធានា​បាន​នូវ​សុវត្ថិភាព ។

២០.៧.៦.២

ការឆ្លើយតប​នឹង​ឧបទ្ទវហេតុ

ប្រសិនបើ​ឧបទ្ទវហេតុ​មួយ ឬ​គ្រោះថ្នាក់​មួយ​កើតមាន​នៅក្នុង​បរិវេណ​សាសនាចក្រ ឬ​អំឡុងពេល​មាន​សកម្មភាព​សាសនាចក្រ នោះ​ថ្នាក់ដឹកនាំ​អនុវត្ត​តាម​គោលការណ៍​ណែនាំ​ដូច​តទៅ​នេះ ប្រសិនបើ​អនុវត្ត​បាន ៖

  • ផ្ដល់​ជំនួយ​បឋម ។ ប្រសិនបើ​បុគ្គល​ម្នាក់​ត្រូវការ​ជំនួយ​ផ្នែក​វេជ្ជសាស្ដ្រ​បន្ថែម សូម​ទាក់ទង​ទៅកាន់​សេវាកម្ម​វេជ្ជសាស្ដ្រ ។ សូម​ទាក់ទង​ទៅកាន់​ឪពុក ឬ​ម្ដាយ អាណាព្យាបាល ឬ​ទៅកាន់​សាច់ញាតិ​ជិតដិត​ដទៃ​ទៀត ព្រមទាំង​ប៊ីស្សព ឬ​ប្រធាន​ស្ដេក​ផងដែរ ។

  • ប្រសិនបើ​នរណាម្នាក់​បាត់​ខ្លួន ឬ​ស្លាប់ នោះ​សូម​ជូន​ដំណឹង​ទៅកាន់​អាជ្ញាធរ​ស្របច្បាប់​ក្នុង​មូលដ្ឋាន​ភ្លាមៗ ។

  • ផ្តល់​ការគាំទ្រ​ផ្នែក​សតិអារម្មណ៍ ។

  • មិន​លើកទឹកចិត្ត ឬ​មិន​បំបាក់​ទឹកចិត្ត​ទាក់ទង​នឹង​វិធានការណ៍​ផ្លូវ​ច្បាប់ ។ មិន​ធ្វើការ​តាំងចិត្ត​ជំនួស​ឲ្យ​សាសនាចក្រ ។

  • ប្រមូល និង​រក្សាទុក​ឈ្មោះ​សាក្សី​ទាំងឡាយ ព័ត៌មាន​ទំនាក់ទំនង​របស់​ពួកគេ ដើម​ហេតុ​ដែល​បាន​កើតឡើង និង​រូបថត ។

  • រាយការណ៍​ពី​ឧបទ្ទវហេតុ​នេះ ( សូមមើល ២០.៧.៦.៣ ) ។

២០.៧.៦.៣

ការរាយការណ៍​អំពី​ឧបទ្ទវហេតុ

ស្ថានភាព​ដូច​តទៅ​នេះ​គួរតែ​ត្រូវបាន​រាយការណ៍​តាម​អនឡាញ តាមរយៈ​គេហទំព័រ incidents.ChurchofJesusChrist.org ។

  • ឧបទ្ទវហេតុ ឬ​គ្រោះថ្នាក់​ដែល​កើតឡើង​នៅលើ​ទ្រព្យសម្បត្តិ​សាសនាចក្រ ឬ​អំឡុង​ពេល​ធ្វើ​សកម្មភាព​ក្នុង​សាសនាចក្រ ។

  • បុគ្គល​ដែល​ចូលរួម​នៅក្នុង​សកម្មភាព​សាសនាចក្រ​បាន​បាត់​ខ្លួន ។

  • ទ្រព្យសម្បត្តិ​ឯកជន សាធារណៈ ឬ​ទ្រព្យសម្បត្តិ​សាសនាចក្រ​រង​ការខូចខាត​អំឡុងពេល​សកម្មភាព​សាសនាចក្រ ។

  • មាន​គេ​គំរាម ឬ​រំពឹង​ទុកថា​នឹង​មាន​វិធានការណ៍​ផ្លូវ​ច្បាប់ ។

ប្រសិនបើ​ព្រឹត្តិការណ៍​មួយ​នាំឲ្យ​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ គ្រោះថ្នាក់​ដល់​អាយុ​ជីវិត ឬ​ការបាត់​ខ្លួន​មនុស្ស នោះ​ប្រធាន​ស្ដេក ប៊ីស្សព ឬ​សមាជិក​ដែល​គាត់​ចាត់តាំង ត្រូវជូន​ដំណឹង​ទៅកាន់​ការិយាល័យ​តំបន់​ភ្លាមៗ ។

២០.៧.៦.៤

ធានា​រ៉ាប់រ៉ង និង​សំណួរ​ទាំងឡាយ

ប្រសិនបើ​មាន​របួស​អំឡុង​ពេល​ព្រឹត្តិការណ៍​របស់​សាសនាចក្រ នោះ​ថ្នាក់ដឹកនាំ​ត្រូវ​កំណត់​ថា​តើ​ត្រូវ​អនុវត្ត​កម្មវិធី​ជំនួយ​វេជ្ជសាស្ដ្រ​ក្នុង​សកម្មភាព​សាសនាចក្រ​ដែរ​ឬ​ទេ ។

នៅក្នុង​ករណី​មួយ​ចំនួន ប្រធាន​ស្តេក ឬ​ប៊ីស្សព​អាច​មាន​សំណួរ​អំពី​បញ្ហា​សុវត្ថិភាព ឬ​ការទាមទារ​ពី​សាសនាចក្រ ។ ប្រធាន​ស្តេក ( ឬ​ប៊ីស្សព​នៅក្រោម​ការដឹកនាំ​របស់​គាត់ ) បញ្ជូន​សំណួរ​បែបនោះ​ទៅកាន់​ការិយាល័យ​ផ្នែក​គ្រប់គ្រង​ហានិភ័យ ឬ​ទៅកាន់​ការិយាល័យ​ប្រចាំ​តំបន់ ។

២០.៧.៧

ការធ្វើ​ដំណើរ

ការធ្វើ​ដំណើរ​សម្រាប់​សកម្មភាព​សាសនាចក្រ​គួរតែ​ត្រូវបាន​អនុម័ត​ដោយ​ប៊ីស្សព ឬ​ប្រធាន​ស្ដេក ។ ការធ្វើ​ដំណើរ​នេះ​មិន​គួរ​ដាក់​បន្ទុក​ហួសហេតុ​ទៅលើ​សមាជិក​នោះ​ទេ ។

អ្នក​ចូលរួម​មិន​គួរ​ធ្វើ​ដំណើរ​ក្នុង​រយៈ​ចម្ងាយ​ឆ្ងាយ ( ជាង​ពីរ​បី​ម៉ោង ) សម្រាប់​ចូលរួម​សកម្មភាព​នោះ​ទេ ។ គណៈប្រធាន​តំបន់​ត្រូវតែ​អនុម័ត​រាល់​ករណី​លើកលែង​ណាមួយ ។

នៅពេល​ណា​អាច​ធ្វើបាន ក្រុម​ក្នុង​សាសនាចក្រ​គួរតែ​ប្រើ​មធ្យោបាយ​ដឹក​ជញ្ជូន​ពាណិជ្ជកម្ម​សម្រាប់​ការធ្វើ​ដំណើរ​ក្នុង​រយៈ​ចម្ងាយ​ឆ្ងាយ ។ វា​គួរតែ​មាន​អាជ្ញាប័ណ្ណ និង​បាន​ការពារ​ដោយ​ធានា​រ៉ាប់រង​ដែល​មាន​ការទទួល​ខុសត្រូវ ។

នៅពេល​ក្រុម​ក្នុង​សាសនាចក្រ​ធ្វើ​ដំណើរ​ក្នុង​យានយន្ដ​ដឹក​អ្នកដំណើរ​ឯកជន នោះ​យានយន្ដ​នីមួយៗ​ត្រូវមាន​លក្ខខណ្ឌ​ប្រតិបត្តិការ​សុវត្ថិភាព​ល្អ ។ បុគ្គល​ម្នាក់ៗ​គួរតែ​ក្រវាត់​ខ្សែ​ក្រវាត់​សុវត្ថិភាព ។ អ្នកបើកបរ​គ្រប់រូប​គួរតែ​ជា​មជ្ឈិមវ័យ​ម្នាក់​ដែល​មាន​ប័ណ្ណ​បើកបរ និង​មាន​ការទទួល​ខុសត្រូវ ។