ក្បួនខ្នាត និង​ការហៅ
១៩. តន្ត្រី


« ១៩. តន្ត្រី » ជម្រើស​ចេញ​មកពី​ក្បួនខ្នាត​ទូទៅ ( ឆ្នាំ២០២៣ ) ។

« ១៩. តន្ត្រី » ជម្រើស​ចេញ​មកពី​ក្បួនខ្នាត​ទូទៅ

ស្ត្រី និង​កុមារ​កំពុង​លេង​ព្យាណូ

១៩.

តន្ត្រី

១៩.១

គោលបំណង​នៃ​តន្រ្តី​នៅក្នុង​សាសនាចក្រ

តន្ត្រី​ពិសិដ្ឋ​បង្កើន​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។ តន្ដ្រី​យាង​អញ្ជើញ​ព្រះវិញ្ញាណ ហើយ​បង្រៀន​គោលលទ្ធិ ។ តន្ត្រី​ក៏​បង្កើត​ឲ្យ​មាន​អារម្មណ៍​គារវភាព បង្រួប​បង្រួម​សមាជិក និង​ផ្ដល់​នូវ​របៀប​មួយ​ដើម្បី​ថ្វាយបង្គំ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ផងដែរ ។

១៩.២

តន្រ្តី​នៅក្នុង​គេហដ្ឋាន

តាម​រយៈ​ពួក​ព្យាការី​របស់​ទ្រង់ ព្រះអម្ចាស់​បាន​លើក​ទឹកចិត្ត​បុគ្គល និង​ក្រុមគ្រួសារ​ទាំងឡាយ ឲ្យ​ប្រើប្រាស់​តន្ត្រី​ដែល​លើក​តម្កើង​នៅក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ពួកគេ ។

សំឡេង​ដែល​ថតទុក​នៃ​តន្ត្រី​របស់​សាសនាចក្រ​អាច​រកបាន​នៅ​ប្រភព​ដូច​ខាងក្រោម​នេះ ៖

១៩.៣

តន្ដ្រី​នៅក្នុង​ការប្រជុំ​សាសនាចក្រ

១៩.៣.១

ការរៀបចំ​តន្រ្តី​សម្រាប់​ការប្រជុំ​ក្នុង​សាសនាចក្រ

អ្នកសម្របសម្រួល​តន្ត្រី​វួដ និង​ស្តេក ធ្វើការ​ជាមួយ​នឹង​ថ្នាក់​ដឹកនាំ​បព្វជិតភាព ដើម្បី​រៀបចំ​តន្ត្រី​សម្រាប់​ការថ្វាយ​បង្គំ​ទាំងឡាយ ។ ពួកគាត់​ជ្រើសរើស​តន្ដ្រី​ដែល​បង្កើន​ស្មារតី​នៃ​ការថ្វាយ​បង្គំ​នៅក្នុង​ការប្រជុំ​ទាំងឡាយ ។

១៩.៣.២

តន្ដ្រី​នៅក្នុង​ការប្រជុំ​សាក្រាម៉ង់

តន្ត្រី​នៅ​ក្នុង​ការប្រជុំ​សាក្រាម៉ង់​រួមមាន​ការច្រៀង​ជា​ក្រុម​ជំនុំ​នូវ​ទំនុកតម្កើង ដើម្បី​បើក និង​បិទ​ការប្រជុំ និង​ពីមុន​ពិធី​សាក្រាម៉ង់ ។ ទំនុកតម្កើង​សាក្រាម៉ង់​គួរ​តែផ្តោត​ទៅ​លើ​ពិធី​សាក្រាម៉ង់​ដោយ​ផ្ទាល់ ឬ​ផ្តោត​ទៅ​លើ​ពលិកម្ម​របស់​ព្រះ​អង្គសង្គ្រោះ ។

ភ្លេង​កំដរ​មុន​បើក​កម្មវិធី​ត្រូវ​លេង ពេល​ដែល​សមាជិក​ប្រមូល​ផ្ដុំ​គ្នា​មុន​ការប្រជុំ ។ បន្ទាប់​ពី​ការអធិស្ឋាន​បិទ ភ្លេង​កំដរ​ពេល​បិទ​កម្មវិធី​ត្រូវ​លេង​ម្ដងទៀត​កាលដែល​សមាជិក​ចាកចេញ​ពី​ការប្រជុំ ។

ការប្រជុំ​សាក្រាម៉ង់​ក៏​អាច​រួមបញ្ចូល​នូវ​ទំនុកតម្កើង​ជា​ក្រុម​ជំនុំ​បន្ថែម​ទៀត ដែល​នឹង​ច្រៀង​នៅ​ពាក់កណ្ដាល​នៃ​ការប្រជុំ—ឧទាហរណ៍ នៅ​ចន្លោះ​ការឡើង​និយាយ ។

១៩.៣.៣

តន្ត្រី​នៅក្នុង​ថ្នាក់​ទាំងឡាយ និង​ការប្រជុំ​វួដ​ផ្សេងៗ​ទៀត

ថ្នាក់​ដឹកនាំ​លើក​ទឹក​ចិត្ត​គ្រូ​បង្រៀន​ឲ្យ​ប្រើ​ប្រាស់​ទំនុកតម្កើង និង​តន្ត្រី​ពិសិដ្ឋ​ដទៃ​ទៀត ដើម្បី​ជួយ​លើក​កម្ពស់​ដល់​ការ​បង្រៀន​របស់​ពួកគេ ។

១៩.៣.៦

ឧបករណ៍​តន្ត្រី

ជា​ធម្មតា ឧបករណ៍​លេង​ផ្ទាល់​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ភ្លេង​កំដរ​មុន​បើក​កម្មវិធី និង​ពេល​បិទ​កម្មវិធី និង​សម្រាប់​ការលេង​អម​ទំនុកតម្កើង​នៅក្នុង​ការប្រជុំ​សាសនាចក្រ​ទាំងឡាយ ។ ព្យាណូ​ខ្យល់ និង​ព្យាណូ​គឺ​ជា​ឧបករណ៍​ត្រូវ​តាមបទដ្ឋាន បើ​មាន និង​បើ​សមាជិក​អាច​លេង​ឧបករណ៍​ទាំងនោះ​បាន ។ គណៈប៊ីស្សព​អាច​អនុម័ត​ការប្រើប្រាស់​ឧបករណ៍​ផ្សេងៗ​ទៀត​ដើម្បី​អម​ដល់​ការច្រៀង​ជា​ក្រុមជំនុំ សម្រាប់​ភ្លេង​កំដរ​មុន​បើក​កម្មវិធី និង​ពេល​បិទ​កម្មវិធី និង​នៅក្នុង​ជម្រើស​តន្ត្រី​ផ្សេងៗ​ទៀត ។

ប្រសិនបើ​មិន​មាន​ព្យាណូ ព្យាណូ​ខ្យល់ ឬ​អ្នក​លេង​ភ្លេង​ទេ នោះ​អាច​ប្រើ​សំឡេង​ដែល​ថតទុក​ដែល​សមរម្យ​បាន ( សូមមើល ១៩.២ ) ។

១៩.៣.៧

ក្រុម​ចម្រៀង

១៩.៣.៧.១

ក្រុមចម្រៀង​វួដ

បើ​មាន​សមាជិក​គ្រប់គ្រាន់ នោះ​វួដ​អាច​បង្កើត​ក្រុមចម្រៀង ដែល​ច្រៀង​នៅក្នុង​ការប្រជុំ​សាក្រាម៉ង់​ជា​ទៀងទាត់​បាន ។

បន្ថែម​ទៅ​លើក្រុម​ចម្រៀង​វួដ ក្រុមគ្រួសារ និង​ក្រុម​ស្ត្រី បុរស យុវវ័យ ឬ​កុមារ​អាច​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ច្រៀង​នៅ​ក្នុង​ការប្រជុំ​សាសនាចក្រ​បាន ។

១៩.៤

អ្នកដឹកនាំ​តន្ត្រី​ក្នុង​វួដ

១៩.៤.១

គណៈ​ប៊ីស្សព

ប៊ីស្សព​ទទួលខុសត្រូវ​លើ​តន្ត្រី​នៅក្នុង​វួដ ។ គាត់​អាច​ចាត់​ការ​ទទួល​ខុស​ត្រូវ​នេះ​ទៅ​ឲ្យ​ទីប្រឹក្សា​ម្នាក់​របស់គាត់ ។

១៩.៤.២

អ្នកសម្របសម្រួល​តន្រ្តី​វួដ

អ្នកសម្របសម្រួល​តន្រ្តី​វួដ​បម្រើ​នៅក្រោម​ការដឹកនាំ​របស់​គណៈប៊ីស្សព ។ គាត់ ឬ​នាង​មាន​ការទទួល​ខុសត្រូវ​ដូច​ខាងក្រោម ៖

  • បម្រើ​ជា​ធនធាន​មួយ​ដល់​គណៈប៊ីស្សព និង​ថ្នាក់ដឹកនាំ​វួដ​ដទៃ​ទៀត​លើ​បញ្ហា​តន្រ្តី ។

  • ធ្វើការ​ជាមួយ​នឹង​គណៈប៊ីស្សព ដើម្បី​រៀបចំ​តន្ត្រី​សម្រាប់​ការប្រជុំ​សាក្រាម៉ង់ ( សូមមើល ១៩.៣.១ និង ១៩.៣.២ ) ។

  • ពេល​ត្រូវបាន​សំណូមពរ​ពី​គណៈប៊ីស្សព សូម​ណែនាំ​សមាជិក​ដើម្បី​បម្រើ​នៅក្នុង​ការហៅ​ខាង​តន្ត្រី​នៅក្នុង​វួដ ។ ណែនាំ​ដល់​អស់​អ្នក​ដែល​បម្រើ​នៅក្នុង​ការហៅ​ទាំងនេះ ផ្ដល់​ការគាំទ្រ ការបង្ហាត់បង្រៀន និង​ការបំពាក់បំប៉ន​តាម​ដែល​ត្រូវការ ។

១៩.៤.៣

ការហៅ​បន្ថែម

គណៈ​ប៊ីស្សព​អាច​ហៅ​សមាជិក​ឲ្យ​បម្រើ​នៅក្នុង​ការហៅ​ដូច​ខាងក្រោម ។

១៩.៤.៣.១

អ្នកដឹកនាំ​តន្រ្តី​វួដ

អ្នកដឹកនាំ​តន្រ្តី​វួដ​ដឹកនាំ​ទំនុក​តម្កើង​ក្រុមជំនុំ​សម្រាប់​ការប្រជុំ​សាក្រាម៉ង់ និង​សម្រាប់​ការប្រជុំ​វួដ​ដទៃ​ទៀត​តាម​សំណើ ។

១៩.៤.៣.២

អ្នក​លេងភ្លេង​វួដ

អ្នក​លេងភ្លេង​វួដ​លេង​ភ្លេង​កំដរ​មុន​បើក​កម្មវិធី និង​ពេល​បិទ​កម្មវិធី ហើយ​លេង​ភ្លេង​អម​ទំនុក​តម្កើង​នៅ​ក្នុង​ការប្រជុំ​សាក្រាម៉ង់ និង​នៅ​ក្នុង​ការប្រជុំ​វួដ​ដទៃ​ទៀត​តាម​សំណើ ។

១៩.៧

គោលនយោបាយ និង​គោលការណ៍​ណែនាំ​បន្ថែម

១៩.៧.២

ការប្រើប្រាស់​ឧបករណ៍​របស់​សាលា​ប្រជុំ​ដើម្បី​ការហាត់ ការបង្រៀន​ជា​ឯកជន និង​ការសម្ដែង​តូចៗ

នៅពេល​គ្មាន​ជម្រើស​ផ្សេងទៀត​ដែល​សមហេតុ​សមផល នោះ​ថ្នាក់ដឹកនាំ​បព្វជិតភាព​អាច​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ព្យាណូ និង​ព្យាណូ​ខ្យល់​ក្នុង​សាលា​ប្រជុំ​សម្រាប់​ការហាត់សម ការបង្រៀន​ជាឯកជន​ដោយ​បង់​ថ្លៃ និង​ការសម្តែង​ដែល​ជាប់​ទាក់ទង​ទៅ​នឹង​សមាជិក​នៃ​អង្គភាព ដែល​ប្រើ​ប្រាស់​សាលា​ប្រជុំ ។