« ៣៣. កំណត់ត្រា និងរបាយការណ៍ » ជម្រើសចេញមកពីក្បួនខ្នាតទូទៅ ( ឆ្នាំ២០២៣ ) ។
« ៣៣. កំណត់ត្រា និងរបាយការណ៍ » ជម្រើសចេញមកពីក្បួនខ្នាតទូទៅ
៣៣.
កំណត់ត្រា និងរបាយការណ៍
៣៣.០
សេចក្ដីផ្ដើម
ការរក្សាកំណត់ត្រាតែងតែជាផ្នែកដ៏សំខាន់នៅក្នុងសាសនាចក្ររបស់ព្រះអម្ចាស់ ។ ឧទាហរណ៍ ៖
អ័ដាមបានរក្សា « សៀវភៅរំឭកមួយ » ( ម៉ូសេ ៦:៥ ) ។
មរ៉ូណៃបានបង្រៀនថា ឈ្មោះរបស់អ្នកទាំងឡាយដែលបានទទួលបុណ្យជ្រមុជទឹកចូលក្នុងសាសនាចក្ររបស់ព្រះគ្រីស្ទត្រូវបានកត់ត្រាទុកដើម្បី « ឲ្យពួកគេអាចបាននឹកចាំ ហើយចិញ្ចឹមបីបាច់ដោយព្រះបន្ទូលដ៏ល្អនៃព្រះ » ( មរ៉ូណៃ ៦:៤ ) ។
យ៉ូសែប ស្ម៊ីធ បានណែនាំថា អ្នកកត់បញ្ជីម្នាក់គួរតែត្រូវបានហៅនៅក្នុងគ្រប់វួដទាំងអស់ដើម្បី « កត់បញ្ជីអំពីសេចក្ដីពិតនៅចំពោះព្រះអម្ចាស់ » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ១២៨:២ ) ។
៣៣.១
ទិដ្ឋភាពទូទៅនៃកំណត់ត្រាសាសនាចក្រ
កំណត់ត្រាសាសនាចក្រគឺពិសិដ្ឋ ។ ព័ត៌មាននៅក្នុងកំណត់ត្រាទាំងនេះគឺជាព័ត៌មានរសើប ហើយគួរតែត្រូវបានការពារថែរក្សា ។ ប្រព័ន្ធកំណត់ត្រាសាសនាចក្រអនុញ្ញាតឲ្យចូលទៅប្រើព័ត៌មានសមាជិកភាព ដោយផ្អែកលើការហៅទាំងឡាយ ។
កំណត់ត្រាអាចជួយថ្នាក់ដឹកនាំឲ្យ ៖
-
កំណត់ថានរណាដែលអាចនឹងត្រូវការការថែទាំជាពិសេស ។
-
កំណត់ថាពិធីបរិសុទ្ធណាខ្លះ ដែលបុគ្គលម្នាក់បានទទួល ឬអាចនឹងត្រូវការ ។
-
កំណត់ទីតាំងសមាជិក ។
ប្រភេទកំណត់ត្រាដូចខាងក្រោមត្រូវបានរក្សាទុកនៅក្នុងអង្គភាពសាសនាចក្រ ៖
-
របាយការណ៍ការចូលរួមរបស់សមាជិក ( សូមមើល ៣៣.៥ ) ។
-
កំណត់ត្រាសមាជិកភាព ( សូមមើល ៣៣.៦ ) ។
-
កំណត់ត្រាប្រវត្តិសាស្ត្រ ( សូមមើល ៣៣.៧ ) ។
-
កំណត់ហេតុហិរញ្ញវត្ថុ ( សូមមើល ជំពូកទី ៣៤ ) ។
៣៣.២
សេចក្តីណែនាំទូទៅសម្រាប់ស្មៀន
ពួកគេគួរតែមានប័ណ្ណចូលព្រះវិហារបរិសុទ្ធដែលមានសុពលភាព ។
ស្មៀនគួរតែធ្វើតាមគោលនយោបាយបច្ចុប្បន្ន ដើម្បីការពារមូលនិធិរបស់សាសនាចក្រ ព្រមទាំងធានាថាកំណត់ត្រាសាសនាចក្រមានភាពត្រឹមត្រូវ ។ ស្មៀនទាំងឡាយជូនដំណឹងទៅកាន់ថ្នាក់ដឹកនាំបព្វជិតភាពភ្លាមៗ នូវភាពមិនត្រឹមត្រូវណាក៏ដោយ ។ ប្រសិនបើជួបការលំបាកនៅក្នុងការដោះស្រាយភាពមិនត្រឹមត្រូវទាំងឡាយ ស្មៀនគួរតែទាក់ទងទៅការិយាល័យកំណត់ត្រាសម្ងាត់ នៅទីស្នាក់ការកណ្ដាលរបស់សាសនាចក្រ ។
ទូរសព្ទ ៖ ១-៨០១-២៤០-២០៥៣ ឬ ១-៨០០-៤៥៣-៣៨៦០ លេខខ្នែង ២-២០៥៣
ទូរសព្ទដោយឥតគិតថ្លៃ ( ទូរសព្ទទំនាក់ទំនងសេវាកម្មទូទាំងពិភពលោក ) ៖ ៨៥៥-៥៣៧-៤៣៥៧
អ៊ីមែល ៖ ConfidentialRecords@ChurchofJesusChrist.org
រយៈពេលនៃការបម្រើរបស់ស្មៀន គួរតែមានពេលគ្រប់គ្រាន់ដើម្បីឲ្យពួកគាត់រៀនអំពីកាតព្វកិច្ចរបស់ពួកគាត់ ហើយរក្សានូវនិរន្តរភាពនៅក្នុងការងាររបស់ពួកគាត់ ។ ដោយសារពួកគាត់មិនមែនជាសមាជិកនៃគណៈប្រធានស្តេក ឬគណៈប៊ីស្សព នោះពួកគាត់មិនចាំបាច់ត្រូវដោះលែងឡើយ នៅពេលគណៈប្រធានស្តេក ឬគណៈប៊ីស្សពត្រូវបានរៀបចំសាឡើងវិញនោះ ។
៣៣.៤
កំណត់ត្រា និងរបាយការណ៍វួដ
៣៣.៤.១
គណៈប៊ីស្សព
ប៊ីស្សពមើលការខុសត្រូវលើការរក្សាកំណត់ត្រាវួដ ។
៣៣.៤.២
ស្មៀនវួដ
នៅគ្រប់វួដគួរមានស្មៀនវួដដែលមានសមត្ថភាព និងបំពេញមុខងារ ។ គាត់ត្រូវបានចេញអនុសាសន៍ដោយគណៈប៊ីស្សព ហើយត្រូវបានហៅ និងធ្វើពិធីញែកចេញ ដោយសមាជិកមួយរូបនៃគណៈប្រធានស្តេក ឬទីប្រឹក្សាជាន់ខ្ពស់ដែលបានចាត់តាំងមួយរូប ។ គាត់គួរតែកាន់បព្វជិតភាពម៉ិលគីស្សាដែក ហើយមានប័ណ្ណចូលព្រះវិហារបរិសុទ្ធដែលមានសុពលភាព ។ គាត់ជាសមាជិកម្នាក់នៃក្រុមប្រឹក្សាវួដ ។ គាត់ចូលរួមការប្រជុំទាំងឡាយក្នុងវួដដូចដែលបានចែងនៅក្នុង ២៩.២ ។
ស្មៀនវួដធ្វើការនៅក្រោមការដឹកនាំរបស់គណៈប៊ីស្សព ។ ជំនួយការស្មៀនវួដអាចត្រូវបានហៅឲ្យជួយ ។
៣៣.៤.២.១
ការទទួលខុសត្រូវលើការរក្សាកំណត់ត្រា
ស្មៀនវួដ ឬជំនួយការស្មៀនដែលបានចាត់តាំង មានការទទួលខុសត្រូវដូចខាងក្រោម ៖
-
រក្សាកំណត់ត្រានៃការចាត់តាំង និងការសម្រេចចិត្ត ដែលបានធ្វើឡើងនៅក្នុងការប្រជុំថ្នាក់ដឹកនាំវួដ ។
-
ធ្វើឲ្យបា្រកដថា កំណត់ត្រា និងរបាយការណ៍ទាំងឡាយមានភាពត្រឹមត្រូវ និងទាន់ពេលវេលា ។
ស្មៀនវួដគួរស្គាល់ឧបករណ៍រក្សាកំណត់ត្រារបស់សាសនាចក្រ ( សូមមើល ៣៣.០ ) ។ គាត់ប្រើប្រាស់ឧបករណ៍ទាំងនេះ ដើម្បីជួយថ្នាក់ដឹកនាំឲ្យកំណត់ ៖
-
សេចក្ដីត្រូវការរបស់សមាជិក និងអង្គការទាំងឡាយ ។
-
ការធ្វើឲ្យមានធនធានទាំងឡាយ រួមទាំងខាងហិរញ្ញវត្ថុផងដែរ ។
ស្មៀនវួដលើកទឹកចិត្តដល់សមាជិកឲ្យរាយការណ៍ពីរាល់កំហុសនៅក្នុងព័ត៌មានសមាជិកភាពរបស់ពួកគេ ។
កាតព្វកិច្ចនៃការរក្សាកំណត់ត្រាផ្សេងៗទៀតអាចរួមមាន ៖
-
ការធ្វើឲ្យប្រាកដថា ការតែងតាំងទាំងឡាយត្រូវបានកត់ត្រាទុកដោយត្រឹមត្រូវ និងឆាប់រហ័ស ។
-
ការរៀបចំ ទម្រង់បែបបទអ្នកកាន់តំណែងដែលបានគាំទ្រ សម្រាប់សន្និសីទវួដ ។
-
ការកត់ត្រាព័ត៌មានសម្រាប់ក្រុមប្រឹក្សាសមាជិកវួដ ។
-
ការថែរក្សាកំណត់ត្រាហិរញ្ញវត្ថុ ( សូមមើល ៣៤.២.២ ) ។
៣៣.៥
របាយការណ៍អំពីការចូលរួមរបស់សមាជិក
របាយការណ៍អំពីការចូលរួមរបស់សមាជិកជួយដល់ថ្នាក់ដឹកនាំឲ្យផ្តោតទៅលើការរីកចម្រើន និងសេចក្តីត្រូវការរបស់សមាជិក ។
៣៣.៥.១
ប្រភេទរបាយការណ៍
៣៣.៥.១.១
របាយការណ៍វត្តមាន
វត្តមាននៅការប្រជុំសាក្រាម៉ង់ និងការប្រជុំបព្វជិតភាព និងអង្គការជំនួយនៅថ្ងៃអាទិត្យ ត្រូវបានកត់ត្រាដោយប្រព័ន្ធអេឡិចត្រូនិច ដោយប្រើ ធ.ថ.ស. ឬឧបករណ៍សមាជិក ។
ការប្រជុំសាក្រាម៉ង់ ។ វត្តមាននៅក្នុងការប្រជុំសាក្រាម៉ង់ត្រូវបានកត់ត្រារៀងរាល់សប្ដាហ៍ ដោយស្មៀនវួដ ឬជំនួយការស្មៀនវួដ ។ ការរាប់ចំនួនគឺជាចំនួនដែលចូលរួមនៅក្នុងការប្រជុំដោយផ្ទាល់ ឬដោយមើលតាមការផ្សាយផ្ទាល់ រួមទាំងភ្ញៀវផងដែរ ។
ការប្រជុំកូរ៉ុម និងការប្រជុំអង្គការនានានៅថ្ងៃអាទិត្យ ។ វត្តមានត្រូវបានកត់ត្រាជារៀងរាល់សប្ដាហ៍ដោយលេខា និងអ្នកប្រឹក្សារបស់កូរ៉ុម និងអង្គការជំនួយ ។ ថ្នាក់ដឹកនាំយុវវ័យក៏អាចជួយក្នុងការកត់ត្រាវត្តមានផងដែរ ។ ការរាប់ចំនួនគឺជាចំនួនដែលចូលរួមនៅក្នុងការប្រជុំដោយផ្ទាល់ ឬដោយមើលតាមការផ្សាយផ្ទាល់ រួមទាំងភ្ញៀវផងដែរ ។ សមាជិកដែលកំពុងបម្រើនៅក្នុងអង្គការបឋមសិក្សា ឬជាថ្នាក់ដឹកនាំយុវវ័យនៅក្នុងវួដ ក៏ត្រូវបានបញ្ចូលថាមានវត្តមានផងដែរ ។
ស្មៀនវួដអាចកត់ត្រាវត្តមានជំនួសអង្គការជំនួយបាន ។
៣៣.៥.១.២
របាយការណ៍សម្ភាសពីការផ្ដល់ការងារបម្រើ
សូមមើល ២១.៣ ។
៣៣.៥.១.៣
របាយការណ៍ប្រចាំត្រីមាស
គ្រប់តួលេខនៅក្នុងរបាយការណ៍តំណាងឲ្យសមាជិកម្នាក់ៗដែលមានសេចក្តីត្រូវការជាពិសេស ( សូមមើល ហេលេមិន ១៥:១៣ ) ។
របាយការណ៍ប្រចាំត្រីមាស មាននូវព័ត៌មានដ៏មានប្រយោជន៍ ដែលអាចផ្ដល់ការយល់ដឹងដល់ថ្នាក់ដឹកនាំទាំងឡាយ កាលដែលពួកគាត់ស្វែងរកការបំផុសគំនិតអំពីកិច្ចខិតខំក្នុងការផ្ដល់ការងារបម្រើរបស់ពួកគាត់ ។
ថ្នាក់ដឹកនាំស្ដេក និងវួដយោងទៅ របាយការណ៍ប្រចាំត្រីមាស ជាទៀងទាត់ ដើម្បីពិនិត្យមើលការរីកចម្រើនរបស់បុគ្គលម្នាក់ៗ ។
គ្រប់វួដទាំងអស់បំពេញ និងបញ្ជូន របាយការណ៍ប្រចាំត្រីមាស ទៅកាន់ទីស្នាក់ការកណ្ដាលសាសនាចក្រ ។ ស្មៀនពិនិត្យមើលរបាយការណ៍នេះឡើងវិញជាមួយនឹងប៊ីស្សព ហើយបញ្ជូនវាពីមុនថ្ងៃទី ១៥ នៃខែបន្ទាប់ពីចុងត្រីមាសនោះ ។
៣៣.៥.២
បញ្ជីសមាជិកភាព
ឧបករណ៍រក្សាកំណត់ត្រារបស់សាសនាចក្រ ផ្ដល់ដល់ថ្នាក់ដឹកនាំនូវមធ្យោបាយដើម្បីចូលទៅកាន់បញ្ជីសមាជិកភាព ។ បញ្ជីទាំងនេះអាចជួយថ្នាក់ដឹកនាំឲ្យកំណត់ ៖
-
សមាជិកដែលមិនទាន់បានទទួលពិធីបរិសុទ្ធដែលពួកគេអាចទទួលបាន ។
-
យុវជន និងយុវនារីដែលអាចបម្រើបេសកកម្មបាន ។
-
យុវវ័យដែលមិនមានប័ណ្ណចូលព្រះវិហារបរិសុទ្ធមានសុពលភាព ។
-
យុវវ័យដែលត្រូវការដាក់កាលវិភាគដើម្បីជួបជាមួយនឹងសមាជិកមួយរូបនៃគណៈប៊ីស្សព ។
ថ្នាក់ដឹកនាំកូរ៉ុម និងថ្នាក់ដឹកនាំអង្គការគួរតែទទួលបានបញ្ជីនៃអ្នកទាំងឡាយណាដែលនៅក្នុងកូរ៉ុម និងអង្គការរបស់ពួកគាត់ ។
៣៣.៦
កំណត់ត្រាសមាជិកភាព
កំណត់ត្រាសមាជិកភាពរួមមានឈ្មោះ ព័ត៌មានទំនាក់ទំនង ព័ត៌មានពិស្ដារអំពីពិធីបរិសុទ្ធ និងព័ត៌មានសំខាន់ៗផ្សេងទៀត ។
កំណត់ត្រាសមាជិកភាពត្រូវបានរក្សាទុកនៅក្នុងវួដ ជាកន្លែងដែលសមាជិករស់នៅ ។ ករណីលើកលែងទាំងឡាយ ដែលគួរតែជាករណីកម្រ តម្រូវឲ្យមានការយល់ព្រមមកពីប៊ីស្សព និងប្រធានស្តេក ដែលជាប់ទាក់ទង ។ ដើម្បីស្នើសុំការលើកលែងមួយ នោះប្រធានស្តេកប្រើ ធ.ថ.ស. ដើម្បីផ្ញើលិខិតមួយច្បាប់ទៅកាន់ការិយាល័យគណៈប្រធានទីមួយ ។
វាសំខាន់ខ្លាំងណាស់ដើម្បីធ្វើដូចខាងក្រោមនេះភ្លាមៗ ៖
-
កត់ត្រាព័ត៌មានពិធីបរិសុទ្ធ ។
-
ផ្លាស់ប្ដូរកំណត់ត្រារបស់សមាជិកដែលប្ដូរចូល ឬចេញពីវួដ ។
-
បង្កើតកំណត់ត្រាសម្រាប់សមាជិកថ្មី និងកូនដែលទើបកើតមកក្នុងគ្រួសារនៃឪពុកម្ដាយដែលជាសមាជិក ។
-
កត់ត្រាមរណភាពរបស់សមាជិក ។
-
កត់ត្រាអាពាហ៍ពិពាហ៍ និងព័ត៌មានគ្រួសារ ។
ប៊ីស្សព ឬប្រធានស្តេកត្រូវប្រាកដថា កំណត់ហេតុសមាជិកភាពមួយ ស្ថិតនៅក្នុងវួដដែលត្រឹមត្រូវ មុននឹងសមាជិកម្នាក់ត្រូវបានសម្ភាសដើម្បីទទួល ៖
-
ការហៅបម្រើមួយនៅក្នុងសាសនាចក្រ ។
-
បណ្ណ័ចូលព្រះវិហារបរិសុទ្ធ ។
-
បព្វជិតភាពម៉ិលគីស្សាដែក ឬដើម្បីត្រូវបានតែងតាំងតំណែងមួយនៅក្នុងបព្វជិតភាពនោះ ។
គាត់ក៏ត្រូវប្រាកដផងដែរថា កំណត់ត្រាពុំរួមបញ្ចូលចំណុចណាមួយខាងក្រោមនេះទេ ៖
-
ការចារចំណាំ
-
សេចក្ដីអធិប្បាយអំពីការដាក់កំហិតការផ្សារភ្ជាប់ ឬការដាក់កំហិតពិធីបរិសុទ្ធ
-
ការដាក់កំហិតសមាជិកភាពជាផ្លូវការ
ទោះជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ កំណត់ត្រាសមាជិកភាពមិនត្រូវផ្តល់ទៅឲ្យ ឬបង្ហាញដល់នរណាម្នាក់ ក្រៅពីប៊ីស្សព ឬស្មៀនឡើយ ។
សមាជិកអាចមើលព័ត៌មានសមាជិកភាពសម្រាប់ខ្លួនពួកគេ និងសម្រាប់កូនៗដែលរស់នៅក្នុងបន្ទុកនៅក្នុង កម្មវិធីឧបករណ៍សមាជិក ។ ពួកគេក៏អាចស្នើសុំច្បាប់បោះពុម្ពនៃសេចក្ដីសង្ខេបពិធីបរិសុទ្ធនីមួយៗរបស់ពួកគេពីស្មៀនផងដែរ ។ ប្រសិនបើរកឃើញថាមានកំហុសណាមួយ នោះស្មៀនត្រូវប្រាកដថា កំហុសទាំងនោះត្រូវបានកែតម្រូវនៅលើកំណត់ត្រាសមាជិកភាព ។
៣៣.៦.១
ឈ្មោះដែលត្រូវបានប្រើប្រាស់នៅក្នុងកំណត់ត្រាសាសនាចក្រ
ឈ្មោះពេញស្របច្បាប់របស់បុគ្គលម្នាក់ ដូចបានកំណត់ដោយច្បាប់ ឬទំនៀមទម្លាប់តាមតំបន់ គួរតែត្រូវបានប្រើប្រាស់នៅក្នុងកំណត់ត្រាសមាជិកភាព និងវិញ្ញាបនបត្រពិធីបរិសុទ្ធ ។
៣៣.៦.២
សមាជិកក្នុងកំណត់ត្រា
បុគ្គលម្នាក់ៗដូចខាងក្រោមគឺជាសមាជិកក្នុងកំណត់ត្រា ហើយគួរតែមានកំណត់ត្រាសមាជិកភាព ៖
-
អ្នកដែលបានទទួលពិធីបុណ្យជ្រមុជទឹក និងទទួលពិធីបញ្ជាក់
-
អ្នកដែលមានអាយុក្រោម ៩ ឆ្នាំ ហើយបានទទួលការប្រសិទ្ធពរ ប៉ុន្តែមិនទាន់បានទទួលបុណ្យជ្រមុជទឹកទេ
-
អ្នកដែលគ្មានការទទួលខុសត្រូវ ដោយសារតែពិការផ្នែកបញ្ញា ដោយមិនគិតអំពីអាយុ
-
កុមារដែលមិនបានទទួលការប្រសិទ្ធពរដែលមានអាយុក្រោម ៩ ឆ្នាំ ពេលដែលចំនុចទាំងពីរខាងក្រោមនេះអនុវត្ត ៖
-
យ៉ាងហោចណាស់មានឪពុក ឬម្ដាយ ឬជីតា ឬជីដូនម្នាក់ជាសមាជិកសាសនាចក្រ ។
-
ទាំងឪពុកទាំងម្ដាយផ្ដល់ការអនុញ្ញាតឲ្យបង្កើតកំណត់ត្រាមួយ ។ ( ប្រសិនបើមានតែឪពុក ឬម្តាយម្នាក់មានសិទ្ធិថែរក្សាស្របច្បាប់លើកុមារ នោះការអនុញ្ញាតរបស់ឪពុក ឬម្តាយនោះគឺគ្រប់គ្រាន់ហើយ ) ។
-
បុគ្គលដែលមានអាយុចាប់ពី ៩ ឆ្នាំឡើងទៅ ដែលមានកំណត់ត្រាសមាជិកភាព ប៉ុន្តែមិនទាន់បានទទួលបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់មិនត្រូវបានរាប់ថាជាសមាជិកមានកំណត់ត្រាទេ ។ ទោះជាយ៉ាងណាក៏ដោយវួដដែលបុគ្គលនោះរស់នៅ រក្សាកំណត់ត្រាសមាជិកភាពនោះ រហូតដល់បុគ្គលនោះមានអាយុ ១៨ ឆ្នាំ ។ នៅគ្រានោះ ប្រសិនបើបុគ្គលនោះជ្រើសរើសថាមិនទទួលពិធីបុណ្យជ្រមុជទឹកទេ នោះប៊ីស្សពធ្វើការលុបចោលកំណត់ត្រាសមាជិកភាពនោះ ។ ការណ៍នេះតម្រូវឲ្យមានការអនុញ្ញាតរបស់ប្រធានស្តេក ។
កំណត់ត្រាមិនត្រូវបានលុបចោលឡើយ សម្រាប់អស់អ្នកដែលមិនបានជ្រមុជទឹកដោយសារតែពិការភាពខាងបញ្ញានោះ លុះត្រាតែបានស្នើដោយបុគ្គលផ្ទាល់ ឬអាណាព្យាបាលស្របច្បាប់ រួមមានឪពុក ឬម្ដាយជាដើម ។
៣៣.៦.៣
កំណត់ត្រានៃសមាជិកវួដថ្មី
ស្មៀនវួដ ឬជំនួយការស្មៀនវួដទាក់ទងទៅសមាជិកវួដថ្មីភ្លាម បន្ទាប់ពីកំណត់ត្រាសមាជិកភាពរបស់ពួកគេមកដល់ដើម្បីពិនិត្យមើលភាពត្រឹមត្រូវនៃសេចក្តីសង្ខេបនៃពិធីបរិសុទ្ធនីមួយៗ ។
៣៣.៦.៦
កំណត់ត្រារបស់សមាជិកដែលកំពុងបម្រើនៅក្រៅវួដតាមភូមិសាស្ដ្ររបស់ពួកគេ
៣៣.៦.៦.២
កំណត់ត្រារបស់អ្នកផ្សព្វផ្សាយសាសនាពេញម៉ោង
សូមមើល ២៤.៦.២.៨ ។
៣៣.៦.១៣
កំណត់ត្រានៃកុមារដែលឪពុកម្តាយលែងលះគ្នា
កំណត់ហេតុសមាជិកភាពទាំងអស់ប្រើប្រាស់ឈ្មោះផ្លូវការរបស់បុគ្គលម្នាក់ ដូចដែលបានកំណត់ដោយច្បាប់ ឬទំនៀមទម្លាប់មូលដ្ឋាន ។ នេះរួមមានទាំងកូនៗរបស់ឪពុកម្ដាយដែលបានលែងលះផងដែរ ។
ជារឿយៗ កុមារដែលមានឪពុកម្តាយលែងលះគ្នា ចូលរួមការប្រជុំនៅព្រះវិហារទាំងពីរក្នុងវួដរបស់ឪពុក និងម្តាយ ។ ខណៈដែលមានតែអង្គភាពមួយអាចរក្សាទុក និងធ្វើបច្ចុប្បន្នភាពកំណត់ត្រាសមាជិកភាពផ្លូវការរបស់កុមារនោះបាន កំណត់ត្រាសមាជិកក្រៅអង្គភាពមួយអាចត្រូវបានបង្កើតឡើងនៅក្នុងវួដមួយទៀតដែលគាត់ចូលរួម ។ ការណ៍នេះអនុញ្ញាតឲ្យឈ្មោះ និងព័ត៌មានទំនាក់ទំនងរបស់កុមារនេះបញ្ចូលក្នុងបញ្ជីឈ្មោះក្នុងវួដ និងបញ្ជីឈ្មោះក្នុងថ្នាក់ ។
កុមារដែលមានកំណត់ត្រាសមាជិកក្រៅអង្គភាពអាចទទួលបានការហៅបម្រើមួយនៅក្នុងអង្គភាពនោះផងដែរ ។
៣៣.៦.១៥
ការដាក់កំហិតលើការប្ដូរទីលំនៅលើកំណត់ត្រាសមាជិកភាព
ប្រសិនបើសមាជិកផ្លាស់ទីលំនៅ ខណៈការដាក់កំហិតសមាជិកភាពជាផ្លូវការ ឬមានបញ្ហាធ្ងន់ធ្ងរណាមួយទៀតមិនទាន់បញ្ចប់ នោះប៊ីស្សព ឬស្មៀនដែលទទួលការអនុញ្ញាត អាចដាក់កំហិតលើការប្ដូរទីលំនៅនៅលើកំណត់ត្រាសមាជិកភាពនោះបាន ។ គាត់ប្រើ ធ.ថ.ស. ដើម្បីធ្វើការណ៍នេះ ។
កំណត់ត្រាដែលមានការដាក់កំហិតលើការប្ដូរទីលំនៅ មិនត្រូវផ្លាស់ទៅអង្គភាពថ្មីមួយទេ រហូតដល់អ្នកដឹកនាំបព្វជិតភាពដែលបានដាក់កំហិតនោះ អនុញ្ញាតឲ្យដកការដាក់កំហិតនោះចេញសិន ។
៣៣.៦.១៧
ការកត់ត្រា និងការកែតម្រូវព័ត៌មានពិធីបរិសុទ្ធ
សូមមើល ជំពូកទី ១៨ ។
៣៣.៦.១៩
សវនកម្មកំណត់ត្រាសមាជិកភាព
ជារៀងរាល់ឆ្នាំ ស្មៀនស្តេក ឬជំនួយការស្មៀនស្តេកត្រូវប្រាកដថា សវនកម្មកំណត់ត្រាសមាជិកភាព ត្រូវបានធ្វើឡើងនៅក្នុងវួដនីមួយៗដោយប្រើប្រាស់ ធ.ថ.ស ។ សវនកម្មគួរតែត្រូវបានបញ្ចប់នៅត្រឹមថ្ងៃទី ៣០ ខែ មិថុនា ជារៀងរាល់ឆ្នាំ ។
៣៣.៧
កំណត់ត្រាប្រវត្តិសាស្ត្រ
៣៣.៧.១
ប្រវត្តិសាស្ដ្រវួដ និងស្ដេក
ព្រះអម្ចាស់បានបញ្ជាថា រឿងរ៉ាវ « ប្រវត្តិអំពីការណ៍ដ៏សំខាន់ៗទាំងឡាយ » ទាក់ទងនឹងសាសនាចក្ររបស់ទ្រង់ គឺត្រូវសរសេរទុក និងថែរក្សា ( គោលលទ្ធិ និងសេចក្ដីសញ្ញា ៦៩:៣; សូមមើលផងដែរ ខទី ៥; អាលម៉ា ៣៧:២ ) ។
អង្គភាពនីមួយៗនៅក្នុងសាសនាចក្រត្រូវរៀបចំឯកសារសំខាន់ៗទាក់ទងនឹងអង្គភាពទុក ។
ការរក្សាប្រវត្តិសាស្រ្តមួយគឺជាកិច្ចការខាងវិញ្ញាណ ដែលនឹងពង្រឹងដល់សេចក្ដីជំនឿរបស់អស់អ្នកដែលសរសេរ និងអានវា ។
ថ្នាក់ដឹកនាំបព្វជិតភាពស្តេក និងវួដ និងថ្នាក់ដឹកនាំអង្គការចូលរួមផ្តល់នូវរឿងរាវនានាដោយប្រើ ឧបករណ៍ប្រវត្តិអង្គភាព នៅលើ គេហទំព័រChurchofJesusChrist.org ។ ស្មៀនស្តេក និងវួដមានទំនួលខុសត្រូវចម្បងក្នុងការរៀបចំ និងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងនេះ ។ សេចក្តីណែនាំបន្ថែមមាននៅក្នុង Quick Start Guide របស់ឧបករណ៍ ។
៣៣.៨
ភាពសម្ងាត់នៃកំណត់ត្រាទាំងឡាយ
កំណត់ត្រាទាំងឡាយរបស់សាសនាចក្រគឺជាការសម្ងាត់ ទោះជាវាមាននៅលើក្រដាស ឬជាឌីជីថលក៏ដោយ ។ ទាំងនេះរួមមាន ៖
-
កំណត់ត្រាសមាជិកភាព ។
-
កំណត់ត្រាហិរញ្ញវត្ថុ ។
-
កំណត់ចំណាំមកពីការប្រជុំ ។
-
ទម្រង់បែបបទ និងឯកសារផ្លូវការ ( រួមមានកំណត់ត្រានៃក្រុមប្រឹក្សាសមាជិកភាព ) ។
ថ្នាក់ដឹកនាំធានាឲ្យបានថា ព័ត៌មានដែលប្រមូលបានមកពីសមាជិកគឺ ៖
-
ត្រូវបានកម្រិតត្រឹមនូវអ្វីដែលសាសនាចក្រតម្រូវឲ្យមាន ។
-
ត្រូវបានប្រើប្រាស់សម្រាប់តែគោលបំណងរបស់សាសនាដែលបានអនុម័តប៉ុណ្ណោះ ។
-
ត្រូវបានប្រគល់ទៅឲ្យអ្នកទាំងឡាយណា ដែលត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់វាតែប៉ុណ្ណោះ ។
ព័ត៌មានដែលត្រូវបានរក្សាទុកដោយអេឡិចត្រូនិច ត្រូវតែរក្សាឲ្យមានសុវត្ថិភាព និងការពារឲ្យបានត្រឹមត្រូវ ( សូមមើល ៣៣.៩.១ ) ។
៣៣.៩
ការគ្រប់គ្រងកំណត់ត្រា
៣៣.៩.១
ការការពារ
កំណត់ត្រា របាយការណ៍ និងទិន្នន័យទាំងអស់របស់សាសនាចក្រ គួរតែត្រូវបានការពារទប់ទល់នឹងការចូលប្រើប្រាស់ ការផ្លាស់ប្តូរ ការបំផ្លាញ ឬការបង្ហាញឲ្យឃើញដោយគ្មានការអនុញ្ញាត ។ ព័ត៌មាននេះគួរតែត្រូវបានរក្សាទុកនៅកន្លែងដែលមានសុវត្ថិភាព ។
ឧបករណ៍ ឬស្តុកប្រព័ន្ធផ្សព្វផ្សាយដែលជាកម្មសិទ្ធិរបស់សាសនាចក្រដែលបានបាត់ ឬត្រូវបានគេលួច គួរតែត្រូវបានរាយការណ៍ភ្លាមៗនៅលើគេហទំព័រ incidents.ChurchofJesusChrist.org ។ ការប្រើប្រាស់ខុសនូវព័ត៌មានរបស់សាសនាចក្រក៏គួរតែត្រូវបានរាយការណ៍ផងដែរ ។
៣៣.៩.១.១
ឈ្មោះអ្នកប្រើប្រាស់ និងពាក្យសម្ងាត់
ប្រធានស្តេក ប៊ីស្សព និងថ្នាក់ដឹកនាំផ្សេងទៀត មិនគួរចែកចាយឈ្មោះអ្នកប្រើប្រាស់ និងពាក្យសម្ងាត់សាសនាចក្ររបស់ពួកគាត់ជាមួយនឹងទីប្រឹក្សា ស្មៀន លេខាប្រតិបត្តិ ឬអ្នកដទៃទៀតសោះឡើយ ។
៣៣.៩.១.៣
ភាពសម្ងាត់នៃទិន្នន័យ
ប្រទេសជាច្រើនបានបង្កើតការការពារទិន្នន័យ ដែលគ្រប់គ្រងដំណើរការនៃទិន្នន័យផ្ទាល់ខ្លួន ។ ការណ៍នេះរួមមានព័ត៌មាននៅក្នុងកំណត់ត្រាសមាជិកភាព និងកំណត់ត្រាសាសនាចក្រផ្សេងៗទៀត ដែលបង្ហាញពីអត្តសញ្ញាណរបស់បុគ្គលទាំងឡាយ ។ ថ្នាក់ដឹកនាំដែលមានសំណួរអំពីការអនុវត្តនៃច្បាប់ការពារទិន្នន័យ ទាក់ទងនឹងការគ្រប់គ្រងក្នុងមូលដ្ឋានរបស់កំណត់ត្រាសាសនាចក្រ អាចទាក់ទងទៅការិយាល័យភាពសម្ងាត់នៃទិន្នន័យរបស់សាសនាចក្រតាមអាសយដ្ឋានអ៊ីមែល DataPrivacyOfficer@ChurchofJesusChrist.org ។