ក្បួនខ្នាត និង​ការហៅ
៣២. ការប្រែចិត្ត និង​ក្រុមប្រឹក្សា​សមាជិកភាព​សាសនាចក្រ


« ៣២. ការប្រែចិត្ត និង​ក្រុមប្រឹក្សា​សមាជិកភាព​សាសនាចក្រ » ជម្រើស​ចេញ​មកពី​ក្បួនខ្នាត​ទូទៅ( ឆ្នាំ២០២៣ ) ។

« ៣២. ការប្រែចិត្ត និង​ក្រុមប្រឹក្សា​សមាជិកភាព​សាសនាចក្រ » ជម្រើស​ចេញ​មកពី​ក្បួនខ្នាត​ទូទៅ

បុរស​កំពុង​ជជែក​គ្នា

៣២.

ការប្រែចិត្ត និង​ក្រុមប្រឹក្សា​សមាជិកភាព​សាសនាចក្រ

៣២.០

សេចក្តីផ្ដើម

ការប្រែចិត្ត​ភាគច្រើន​កើតឡើង​រវាង​បុគ្គល​ម្នាក់ ព្រះ និង​អស់​អ្នក​ទាំងឡាយ​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​អំពើបាប​របស់​មនុស្ស​ម្នាក់ ។ ទោះជា​យ៉ាងណា​ក្ដី ពេលខ្លះ​ប៊ីស្សព ឬ​ប្រធាន​ស្ដេក​ត្រូវ​ជួយ​សមាជិក​សាសនាចក្រ​នៅក្នុង​ការខិតខំ​ដើម្បី​ប្រែចិត្ត​របស់​ពួកគេ ។

ពេល​ជួយ​សមាជិក​ក្នុង​ការប្រែចិត្ត ប៊ីស្សព និង​ប្រធាន​ស្តេក​ត្រូវ​ពេញ​ដោយ​ក្ដីស្រឡាញ់ និង​ការយក​ចិត្ត​ទុកដាក់ ។ ពួកគាត់​ធ្វើតាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ ដែល​បាន​លើក​ស្ទួយ​បុគ្គល​ទាំងឡាយ និង​បាន​ជួយ​ពួកគេ​ឲ្យ​ងាក​ចេញពី​អំពើបាប ហើយ​បែរ​ទៅរក​ព្រះ ( សូមមើល ម៉ាថាយ ៩:១០–១៣; យ៉ូហាន ៨:៣–១១ ) ។

៣២.១

ការប្រែចិត្ត និង​ការអភ័យទោស

ដើម្បី​នាំ​មក​នូវ​ផែនការ​នៃ​សេចក្ដី​មេត្តា​ករុណា​របស់​ទ្រង់ នោះ​ព្រះវរបិតាសួគ៌​បាន​បញ្ជូន​ព្រះរាជបុត្រា​បង្កើត​តែមួយ​របស់​ទ្រង់ គឺ​ព្រះយេស៊ូវ​គ្រីស្ទ ឲ្យ​មក​ធួន​នឹង​អំពើបាប​របស់​យើង ( សូមមើល អាលម៉ា ៤២:១៥ ) ។ ព្រះយេស៊ូវ​បាន​រងទុក្ខ​នឹង​ការពិន័យ ដែល​ក្រឹត្យវិន័យ​នៃ​សេចក្ដី​យុត្តិធម៌​តម្រូវ​ឲ្យ​មាន​ចំពោះ​អំពើបាប​របស់​យើង ( សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៩:១៥–១៩; សូមមើល​ផងដែរ អាលម៉ា ៤២:២៤–២៥ ) ។ តាមរយៈ​ពលិកម្ម​នេះ ទាំង​ព្រះវរបិតា និង​ព្រះរាជបុត្រា​បាន​បង្ហាញ​ពី​សេចក្ដី​ស្រឡាញ់​ដ៏​និរន្ដរ​របស់​ទ្រង់​ចំពោះ​ពួកយើង ( សូមមើល យ៉ូហាន ៣:១៦ ) ។

នៅពេល​យើង​អនុវត្ត « សេចក្តី​ជំនឿ​ចំពោះ​ការប្រែចិត្ត » នោះ​ព្រះវរបិតាសួគ៌​នឹង​អភ័យទោស​ឲ្យ​ពួកយើង ដោយ​ការប្រទាន​សេចក្តី​មេត្តា​ករុណា​តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ( អាលម៉ា ៣៤:១៥; សូម​មើល​ផងដែរ អាលម៉ា ៤២:១៣ ) ។ នៅពេល​យើង​បាន​ស្អាតស្អំ និង​ទទួល​បាន​ការអភ័យទោស នោះ​យើង​អាច​គ្រង​មរតក​នគរ​របស់​ព្រះ​នៅ​ទីបញ្ចប់​បាន ( សូមមើល អេសាយ ១:១៨; គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៥៨:៤២ ) ។

ការប្រែចិត្ត​គឺ​លើសពី​ការផ្លាស់ប្ដូរ​អាកប្បកិរិយា​ទៅ​ទៀត ។ វា​គឺជា​ការងាកចេញ​ពី​អំពើបាប ហើយ​បែរ​ទៅរក​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។ វា​នាំ​ទៅរក​ការផ្លាស់ប្ដូរ​មួយនៅក្នុង​ដួងចិត្ត និង​គំនិត ( សូមមើល ម៉ូសាយ ៥:២; អាលម៉ា ៥:១២–១៤; ហេលេមិន ១៥:៧ ) ។ តាមរយៈ​ការប្រែចិត្ត នោះ​យើង​ក្លាយជា​មនុស្ស​ថ្មី បាន​ស្រុះស្រួល​នឹង​ព្រះ ( សូមមើល កូរិនថូស​ទី​២ ៥:១៧–១៨; ម៉ូសាយ ២៧:២៥–២៦ ) ។

ឱកាស​ដើម្បី​ប្រែចិត្ត​គឺជា​ពរជ័យ​ដ៏​មហិមា​មួយ ដែល​ព្រះវរបិតាសួគ៌​បាន​ប្រទាន​ដល់​យើង​តាមរយៈ​អំណោយទាន​នៃ​ព្រះរាជបុត្រា​របស់​ទ្រង់ ។

៣២.២

គោលបំណង​នៃ​ការដាក់​កំហិត ឬ​ការដកហូត​សមាជិកភាព​សាសនាចក្រ

ប្រសិនបើ​សមាជិក​ម្នាក់​ប្រព្រឹត្ត​អំពើបាប​ធ្ងន់ធ្ងរ​មួយ នោះ​ប៊ីស្សព ឬ​ប្រធាន​ស្តេក​ជួយ​គាត់ ឬ​នាង​ឲ្យ​ប្រែចិត្ត ។ ជា​ផ្នែក​មួយ​នៃ​ដំណើរការ​នេះ គាត់​អាច​ត្រូវ​បាន​ដាក់​កំហិត​លើ​អភ័យ​ឯកសិទ្ធិ​ខ្លះ​នៃ​សមាជិកភាព​ក្នុង​សាសនាចក្រ​មួយ​រយៈ ។ នៅក្នុង​ស្ថានភាព​មួយ​ចំនួន គាត់​អាច​ត្រូវ​ដក​ហូត​សមាជិកភាព​របស់​បុគ្គល​ម្នាក់​មួយ​រយៈ ។

ការដាក់​កំហិត ឬ​ការដកហូត​សមាជិកភាព​របស់​បុគ្គល​ម្នាក់​មិនមាន​បំណង​ដើម្បី​ដាក់​ទោស​នោះ​ទេ ។ ប៉ុន្ដែ​ផ្ទុយ​ទៅវិញ ពេលខ្លះ សកម្មភាព​ទាំងនេះ​គឺ​ចាំបាច់​ដើម្បី​ជួយ​បុគ្គល​ម្នាក់​ឲ្យ​ប្រែចិត្ត ហើយ​ដកពិសោធន៍​ការផ្លាស់ប្ដូរ​នៅក្នុង​ដួងចិត្ត ។ វា​ក៏​ផ្ដល់​ពេល​ឲ្យ​បុគ្គល​ម្នាក់​រៀបចំ​ខ្លួន​ខាង​វិញ្ញាណ​ដើម្បី​រំឭក និង​រក្សា​សេចក្ដី​សញ្ញា​របស់​គាត់ ឬ​នាង​សារ​ឡើងវិញ​ផងដែរ ។

គោលបំណង​ចំនួន​បី​នៃ​ការដាក់​កំហិត ឬ​ការដកហូត​សមាជិកភាព​គឺ​មាន​ដូច​តទៅ​នេះ ។

៣២.២.១

ជួយ​ការពារ​មនុស្ស​ដទៃ

គោលបំណង​ទី​មួយ គឺ​ដើម្បី​ការពារ​មនុស្ស​ដទៃ ។ ជួន​កាល បុគ្គល​ម្នាក់​បង្ក​ការគំរាម​កំហែង​ខាង​រូបកាយ ឬ​ខាង​វិញ្ញាណ ។ អាកប្បកិរិយា​ដែល​កេងប្រវ័ញ្ច ការបង្ក​គ្រោះថ្នាក់​ដល់​រូបកាយ ការរំលោភ​បំពាន​លើ​ផ្លូវ​ភេទ ការញៀន​ថ្នាំ ការបោកប្រាស់ និង​ការក្បត់​សាសនា​គឺ​ជា​របៀប​មួយ​ចំនួន​ដែល​ការណ៍​នេះ​អាច​កើតឡើង​បាន ។ ដោយ​មាន​ការបំផុស​គំនិត ប៊ីស្សព ឬ​ប្រធាន​ស្ដេក​ធ្វើ​សកម្មភាព​ដើម្បី​ការពារ​ដល់​មនុស្ស​ដទៃ នៅពេល​នរណាម្នាក់​បង្ក​ការគំរាម​កំហែង​តាម​របៀប​ទាំងនេះ និង​របៀប​ដ៏​ធ្ងន់ធ្ងរ​ផ្សេងៗទៀត ( សូមមើល អាលម៉ា ៥:៥៩–៦០ ) ។

៣២.២.២

ជួយ​ឲ្យ​បុគ្គល​ម្នាក់​ទទួល​បាន​នូវ​អំណាច​នៃ​ការប្រោសលោះ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​តាមរយៈ​ការប្រែចិត្ត

គោលបំណង​ទីពីរ​គឺ ដើម្បី​ជួយ​បុគ្គល​ម្នាក់​ឲ្យ​ទទួល​បាន​នូវ​អំណាច​នៃ​ការប្រោសលោះ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​តាមរយៈ​ការប្រែចិត្ត ។ តាមរយៈ​ដំណើរការ​នេះ គាត់ ឬ​នាង​អាច​បាន​ស្អាតស្អំ និង​ស័ក្តិសម​ម្តងទៀត​ដើម្បី​ទទួល​បាន​ពរជ័យ​ទាំងអស់​របស់​ព្រះ ។

៣២.២.៣

ការពារ​សេចក្តី​ថ្លៃថ្នូរ​របស់​សាសនាចក្រ

គោលបំណង​ទីបី​គឺ ដើម្បី​ការពារ​សេចក្តី​ថ្លៃថ្នូរ​របស់​សាសនាចក្រ ។ ការដាក់​កំហិត ឬ​ការដកហូត​សមាជិកភាព​ក្នុង​សាសនាចក្រ​របស់​បុគ្គល​ម្នាក់​អាច​ជា​ការ​ចាំបាច់ ប្រសិនបើ​ទង្វើ​របស់​គាត់ ឬ​នាង​បង្ក​ជា​គ្រោះថ្នាក់​យ៉ាង​ខ្លាំង​ដល់​សាសនាចក្រ ( សូមមើល អាលម៉ា ៣៩:១១ ) ។ សេចក្ដី​ថ្លៃថ្នូរ​របស់​សាសនាចក្រ​មិន​ត្រូវបាន​ការពារ តាមរយៈ​ការបិទបាំង ឬ​ការបន្ថយ​អំពើបាប​ដ៏​ធ្ងន់ធ្ងរ​នោះ​ទេ​—​ប៉ុន្ដែ​គឺ​តាមរយៈ​ការដោះស្រាយ​អំពើបាប​ទាំងនោះ ។

៣២.៣

តួនាទី​របស់​ចៅក្រម​នៃ​អ៊ីស្រាអែល

ប៊ីស្សព ឬ​ប្រធាន​ស្តេក​ត្រូវ​បាន​ហៅ និង​ធ្វើ​ពិធី​ញែកចេញ​ឲ្យ​ធ្វើ​ជា​ចៅក្រម​នៃ​អ៊ីស្រាអែល ( សូម​មើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១០៧:៧២–៧៤ ) ។ ពួកគាត់​កាន់​កូនសោ​ទាំងឡាយ​នៃ​បព្វជិតភាព ដើម្បី​តំណាង​ឲ្យ​ព្រះអម្ចាស់​នៅក្នុង​ការជួយ​សមាជិក​សាសនាចក្រ​ឲ្យ​ប្រែចិត្ត ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៣:១; ១០៧:១៦–១៨ ) ។

ជាញឹកញាប់ ប៊ីស្សព និង​ប្រធាន​ស្ដេក​ជួយ​ដល់​ការប្រែចិត្ត​តាមរយៈ​ការប្រឹក្សា​ផ្ទាល់ខ្លួន ។ ការជួយ​នេះ​អាច​រួមមាន ការដាក់​កំហិត​ក្រៅ​ផ្លូវការ​លើ​អភ័យ​ឯកសិទ្ធិ​មួយ​ចំនួន​នៃ​សមាជិកភាព​ក្នុង​សាសនាចក្រ​មួយ​រយៈ ។

សម្រាប់​អំពើបាប​ដ៏​ធ្ងន់ធ្ងរ​មួយ​ចំនួន ថ្នាក់ដឹកនាំ​ជួយ​ដល់​ការប្រែចិត្ត​តាមរយៈ​ការជួប​ប្រជុំ​ក្រុមប្រឹក្សា​សមាជិកភាព ( សូមមើល ៣២.៦ ) ។ ការជួយ​នេះ​អាច​រួមមាន ការដាក់​កំហិត​ជា​ផ្លូវការ​លើ​អភ័យ​ឯកសិទ្ធិ​មួយ​ចំនួន​នៃ​សមាជិកភាព​ក្នុង​សាសនាចក្រ ឬ​ការដកហូត​សមាជិកភាព​របស់​បុគ្គល​ម្នាក់​មួយ​រយៈ ។

ប៊ីស្សព និង​ប្រធាន​ស្តេក​គឺ​ពេញ​ដោយ​ក្ដីស្រឡាញ់ និង​យកចិត្ត​ទុកដាក់ ពេល​ពួកគាត់​ជួយ​សមាជិក​ឲ្យ​ប្រែចិត្ត ។ ការប្រាស្រ័យ​ទាក់ទង​របស់​ព្រះអង្គ​សង្គ្រោះ​ជាមួយ​នឹង​ស្ដ្រី ដែល​ត្រូវបាន​គេ​ចាប់​ដោយសារ​អំពើ​កំផិត​គឺជា​ការណែនាំ​មួយ ( សូមមើល យ៉ូហាន ៨:៣–១១ ) ។ ទោះបីជា​ទ្រង់​មិន​បាន​មាន​បន្ទូល​ថា អំពើបាប​របស់​នាង​ត្រូវបាន​អភ័យទោស​ឲ្យ​ក្ដី ក៏​ទ្រង់​មិន​បាន​កាត់ទោស​នាង​ដែរ ។ ផ្ទុយ​ទៅវិញ ទ្រង់​បាន​មាន​បន្ទូល​ទៅ​នាង​ថា « កុំ​ធ្វើ​បាប​ទៀត​ឡើយ »​—​ឲ្យ​នាង​ប្រែចិត្ត និង​ផ្លាស់ប្ដូរ​ជីវិត​របស់​នាង ។

ថ្នាក់ដឹកនាំ​ទាំងនេះ​បង្រៀន​ថា « នៅ​ស្ថានសួគ៌ នឹង​មាន​សេចក្តី​អំណរ​យ៉ាង​នោះ​ដែរ … ដោយសារ​មនុស្ស​បាប​តែ​១​នាក់ ដែល​ប្រែ​ចិត្ត​វិញ » ( លូកា ១៥:៧ ) ។ ពួកគាត់​មាន​អំណត់ គាំទ្រ និង​វិជ្ជមាន ។ ពួកគាត់​បំផុស​គំនិត​ឲ្យ​មាន​សេចក្ដី​សង្ឃឹម ។ ពួកគាត់​បង្រៀន និង​ថ្លែង​ទីបន្ទាល់​ថា ដោយសារតែ​ពលិកម្ម​ដ៏​ធួន​របស់​ព្រះអង្គ​សង្គ្រោះ នោះ​មនុស្ស​ទាំងអស់​អាច​ប្រែចិត្ត និង​ស្អាតស្អំ​បាន ។

ប៊ីស្សព និង​ប្រធាន​ស្តេក​ស្វែងរក​ការណែនាំ​ពី​ព្រះវិញ្ញាណ ដើម្បី​ដឹង​ពី​របៀប​ជួយ​បុគ្គល​ម្នាក់ៗ​ឲ្យ​ប្រែចិត្ត ។ មានតែ​អំពើបាប​ដ៏​ធ្ងន់ធ្ងរ​បំផុត​ប៉ុណ្ណោះ ទើប​សាសនាចក្រ​មាន​បទដ្ឋាន​ជាក់លាក់​មួយ​ស្ដីពី​វិធានការ​នានា​ដែល​ថ្នាក់ដឹកនាំ​សាសនាចក្រ​គួរតែ​អនុវត្ត ( សូមមើល ៣២.៦ ) ។ ពុំ​មាន​ស្ថានភាព​ពីរ​ដែលដូចគ្នា​ឡើយ ។ ការប្រឹក្សា​ដែល​ថ្នាក់ដឹកនាំ​ផ្ដល់​ឲ្យ និង​ដំណើរការ​នៃ​ការប្រែចិត្ត​ដែល​ពួកគាត់​ជួយ​សម្រប​សម្រួល​នេះ ត្រូវតែ​បាន​មកពី​ការបំផុស​គំនិត ហើយ​វា​អាច​ខុសគ្នា​សម្រាប់​បុគ្គល​ម្នាក់ៗ ។

6:18

៣២.៤

ការសារភាព ភាពសម្ងាត់ និង​ការរាយការណ៍​ដល់​អាជ្ញាធរ​រដ្ឋាភិបាល

៣២.៤.១

ការសារភាព

ការប្រែចិត្ត​តម្រូវ​ឲ្យ​មាន​ការសារភាព​ពី​អំពើបាប​ទាំងឡាយ​ទៅកាន់​ព្រះវរបិតាសួគ៌ ។ ព្រះយេស៊ូវ​គ្រីស្ទ​បាន​មាន​ព្រះបន្ទូល​ថា « តាម​របៀប​នេះ អ្នករាល់គ្នា​អាច​ដឹង បើសិនជា​មនុស្ស​ណា​ម្នាក់​ប្រែចិត្ត​ពី​អំពើ​បាប​ទាំងឡាយ​របស់​ខ្លួន​មែន​ឬ​ក៏អត់—​មើល​ចុះ​អ្នក​នោះ​នឹង​សារភាព​អំពី​អំពើបាប​ទាំងឡាយ ហើយ​លះបង់​ចោល​អំពើបាប​ទាំងនោះ » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៥៨:៤៣; សូមមើល​ផងដែរ ម៉ូសាយ ២៦:២៩ ) ។

នៅពេល​សមាជិក​សាសនាចក្រ​ប្រព្រឹត្ត​អំពើបាប​ធ្ងន់ធ្ងរ នោះ​ការប្រែចិត្ត​របស់​ពួកគេ​ក៏​រួមមាន​នូវ​ការសារភាព​ទៅកាន់​ប៊ីស្សព ឬ​ប្រធាន​ស្ដេក​របស់​ពួកគេ​ផងដែរ ។ ពេលនោះ​លោក​អាច​អនុវត្ត​កូនសោ​នៃ​ដំណឹងល្អ​នៃ​ការប្រែចិត្ត​ជំនួស​ឲ្យ​ពួកគេ ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៣:១; ៨៤:២៦–២៧; ១០៧:១៨, ២០ ) ។ ការណ៍​នេះ​ជួយ​ពួកគេ​ឲ្យ​សះស្បើយ និង​ត្រឡប់​មករក​ផ្លូវ​នៃ​ដំណឹងល្អ​វិញ តាមរយៈ​អំណាច​នៃ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ ។

គោលបំណង​នៃ​ការសារភាព​គឺ​ដើម្បី​លើក​ទឹកចិត្ត​ឲ្យ​សមាជិក​សម្រាល​បន្ទុក​ពី​ខ្លួនគេ ដើម្បី​ឲ្យ​ពួកគេ​អាច​ស្វែងរក​ជំនួយ​ពី​ព្រះអម្ចាស់​កាន់តែ​ពេញលេញ​នៅក្នុង​ការផ្លាស់ប្ដូរ និង​ការព្យាបាល ។ ការសារភាព​ជួយ​បង្កើត​ឲ្យ​មាន « ចិត្ត​សង្រេង និង​វិញ្ញាណ​ទន់ទាប » ( នីហ្វៃ​ទី​២ ២:៧ ) ។ ការសារភាព​ដោយ​ស្ម័គ្រចិត្ត​បង្ហាញ​ថា បុគ្គល​ម្នាក់​មាន​បំណង​ប្រាថ្នា​ចង់​ប្រែចិត្ត ។

នៅពេល​សមាជិក​ម្នាក់​សារភាព នោះ​ប៊ីស្សព ឬ​ប្រធាន​ស្ដេក​ធ្វើតាម​គោលការណ៍​ណែនាំ​សម្រាប់​ការប្រឹក្សា​នៅក្នុង ៣២.៨ ។ គាត់​ស្វែងរក​ការដឹកនាំ​ប្រកប​ដោយ​ការអធិស្ឋាន ដើម្បី​ដឹង​អំពី​របៀប​ណា​ដែល​សមរម្យ​ក្នុង​ការជួយ​សមាជិក​ឲ្យ​ប្រែចិត្ត ។ គាត់​ពិចារណា​ថា តើ​ការបង្កើត​ក្រុមប្រឹក្សា​សមាជិកភាព​មួយ​ជាការណ៍​ល្អ​ដែរ​ឬ​ទេ ។ ប្រសិនបើ​គោលនយោបាយ​របស់​សាសនាចក្រ​តម្រូវ​ឲ្យ​មាន​ការប្រជុំ​ក្រុមប្រឹក្សា​សមាជិកភាព នោះ​គាត់​ពន្យល់​ពី​ការណ៍​នេះ ( សូមមើល ៣២.៦ ) ។

ពេលខ្លះ​សមាជិក​ម្នាក់​បាន​ធ្វើ​ខុស​នឹង​ស្វាមី ឬ​ភរិយា ឬ​មជ្ឈិមវ័យ​ម្នាក់​ផ្សេងទៀត ។ ជា​ផ្នែក​មួយ​នៃ​ការប្រែចិត្ត នោះ​ជាធម្មតា​គាត់ ឬ​នាង​គួរតែ​សារភាព​ទៅកាន់​បុគ្គល​នោះ និង​សូម​ការអភ័យទោស ។ យុវវ័យ​ម្នាក់​ដែល​ប្រព្រឹត្ត​អំពើបាប​ធ្ងន់ធ្ងរ​មួយ ជាធម្មតា​ត្រូវបាន​លើក​ទឹកចិត្ត​ឲ្យ​ប្រឹក្សា​ជាមួយ​នឹង​ឪពុក​ម្ដាយ​របស់​គាត់ ឬ​នាង ។

៣២.៤.៤

ភាពសម្ងាត់

ប៊ីស្សព ប្រធាន​ស្តេក និង​ទីប្រឹក្សា​របស់​ពួកគាត់​មាន​ភារកិច្ច​ដ៏​ពិសិដ្ឋ​មួយ ដើម្បី​រក្សា​ព័ត៌មាន​សម្ងាត់​ទាំងអស់​ដែល​បាន​ចែកចាយ​ជាមួយ​នឹង​ពួកគាត់​ទុក​ជា​ការសម្ងាត់ ។ ព័ត៌មាន​នេះ​អាច​ទទួល​បាន​នៅក្នុង​ការសម្ភាស ការប្រឹក្សា និង​ការសារភាព ។ ភារកិច្ច​នៃ​ភាពសម្ងាត់​ដូចគ្នា​នេះ​អនុវត្ត​ចំពោះ​មនុស្ស​ទាំងអស់ ដែល​ចូលរួម​នៅក្នុង​ក្រុមប្រឹក្សា​សមាជិកភាព​ដែរ ។ ភាពសម្ងាត់​គឺ​សំខាន់​ចាំបាច់​ណាស់ ដោយសារ​សមាជិក​អាច​មិន​សារភាព​អំពើបាប ឬ​ស្វែងរក​ការណែនាំ​ទេ ប្រសិនបើ​អ្វី​ដែល​ពួកគេ​ចែកចាយ​នឹង​មិន​ត្រូវបាន​រក្សា​ទុក​ជា​ការសម្ងាត់​នោះ ។ ការរំលោភ​លើ​ទំនុកចិត្ត​គឺជា​ការក្បត់​នឹង​ការទុកចិត្ត​របស់​សមាជិក ហើយ​បណ្ដាល​ឲ្យ​ពួកគេ​បាត់បង់​ទំនុកចិត្ត​លើ​ថ្នាក់​ដឹកនាំ​របស់​ពួកគេ ។

ដោយ​មាន​ភាពខ្ជាប់ខ្ជួន​នឹង​ភារកិច្ច​នៃ​ការរក្សា​ភាពសម្ងាត់​របស់​ពួកគេ នោះ​ប៊ីស្សព ប្រធាន​ស្តេក ឬ​ទីប្រឹក្សា​របស់​ពួកគាត់​អាច​ចែកចាយ​ព័ត៌មាន​បែប​នេះ​បាន​តែ​ក្នុង​ករណី​ដូច​តទៅ​នេះ​ប៉ុណ្ណោះ ៖

  • ពួកគាត់​ត្រូវ​ពិភាក្សា​ជាមួយ​នឹង​ប្រធាន​ស្តេក ប្រធាន​បេសកកម្ម ឬ​ប៊ីស្សព​របស់​សមាជិក​នេះ​អំពី​ការប្រជុំ​ក្រុមប្រឹក្សា​សមាជិកភាព ឬ​បញ្ហា​ដែល​ពាក់ព័ន្ធ​គ្នា​នេះ ។

  • បុគ្គល​នេះ​ប្ដូរ​ទៅ​វួដ​ថ្មី​មួយ ( ឬ​ថ្នាក់​ដឹកនាំ​បព្វជិតភាព​ត្រូវបាន​ដោះលែង ) ខណៈ​សកម្មភាព​លើ​សមាជិកភាព ឬ​បញ្ហា​ធ្ងន់ធ្ងរ​ផ្សេងទៀត​កំពុង​តែ​ដោះស្រាយ ។

  • ប៊ីស្សព ឬ​ប្រធាន​ស្ដេក​ដឹង​ថា សមាជិក​សាសនាចក្រ​ម្នាក់​ដែល​រស់នៅ​ក្រៅ​វួដ ឬ​ស្ដេក​គាត់​អាច​បាន​ពាក់ព័ន្ធ​ក្នុង​អំពើបាប​ដ៏​ធ្ងន់ធ្ងរ​មួយ ។

  • វា​ចាំបាច់​ដើម្បី​បើក​បង្ហាញ​នូវ​ព័ត៌មាន​អស់​នោះ​អំឡុងពេល​ការប្រជុំ​ក្រុមប្រឹក្សា​សមាជិកភាព ។

  • សមាជិក​ម្នាក់​ជ្រើសរើស​ដើម្បី​ផ្ដល់​ការអនុញ្ញាត​ឲ្យ​ថ្នាក់​ដឹកនាំ​នេះ​ចែកចាយ​ព័ត៌មាន​ជាមួយ​នឹង​បុគ្គល​ជាក់លាក់​មួយ​ចំនួន ។

  • វា​អាច​ចាំបាច់​ដើម្បី​ចែកចាយ​តែ​ព័ត៌មាន​ដែល​មាន​កម្រិត អំពី​ការសម្រេច​ចិត្ត​របស់​ក្រុមប្រឹក្សា​សមាជិកភាព​ប៉ុណ្ណោះ ។

ដើម្បី​ជួយ​ថ្នាក់ដឹកនាំ​ក្នុង​ការការពារ​ដល់​មនុស្ស​ដទៃ និង​អនុលោម​តាម​ច្បាប់ នោះ​សាសនាចក្រ​ផ្ដល់​ជំនួយ​មកពី​អ្នកដែល​មាន​វិជ្ជាជីវៈ​ដែល​មាន​ការអប់រំ​ត្រឹមត្រូវ ។ ដើម្បី​ទទួល​បាន​ការណែនាំ​នេះ ថ្នាក់ដឹកនាំ​ទូរសព្ទ​ទៅ​កាន់​លេខ​ជំនួយ​ខាង​ផ្នែក​រំលោភ​បំពាន​របស់​សាសនាចក្រ​ភា្លមៗ បើ​វា​មាន ( សូមមើល ៣៨.៦.២.១ ) ។ បើ​មិនមាន​ទេ នោះ​ប្រធាន​ស្តេក​គួរតែ​ទាក់ទង​ទៅ​ការិយាល័យ​ប្រចាំ​តំបន់ ដើម្បី​ទទួល​បាន​ការប្រឹក្សា​ខាង​ផ្លូវ​ច្បាប់​ក្នុង​តំបន់​នោះ ។

មាន​តែ​នៅក្នុង​ស្ថានភាព​មួយ​ប៉ុណ្ណោះ​ដែល​ប៊ីស្សព ឬ​ប្រធាន​ស្ដេក​អាច​បើក​បង្ហាញ​ព័ត៌មាន​សម្ងាត់​នេះ ដោយ​មិន​ចាំបាច់​ស្វែងរក​ការណែនាំ​បែប​នោះ​ជាមុន​បាន ។ ស្ថានភាព​នោះ​គឺនៅពេល​ការប្រាប់​ព័ត៌មាន​នោះ​គឺមានភាពចាំបាច់​ដើម្បី​រារាំង​ការបង្ក​គ្រោះថ្នាក់​ដល់​ជីវិត ឬ​ការរង​របួស​ធ្ងន់ធ្ងរ ហើយ​ដែល​ពុំ​មាន​ពេល​ដើម្បី​ស្វែងរក​ការណែនាំ ។ នៅក្នុង​ករណី​បែប​នោះ ភារកិច្ច​ដើម្បី​ការពារ​មនុស្ស​ដទៃ​គឺ​សំខាន់​ជាង​ភារកិច្ច​រក្សា​ការសម្ងាត់ ។ ថ្នាក់ដឹកនាំ​គួរតែ​ទាក់ទង​ទៅ​អាជ្ញាធរ​ស៊ីវិល​ជាបន្ទាន់ ។

៣២.៦

ភាពធ្ងន់ធ្ងរ​នៃ​អំពើបាប និង គោលនយោបាយ​របស់​សាសនាចក្រ

ភាពធ្ងន់ធ្ងរ​នៃ​អំពើបាប​គឺជា​ចំណុច​ដ៏​សំខាន់​មួយ​ក្នុង​ការពិចារណា​ដើម្បី​សម្រេច​ពី​របៀប​ដែល​នឹង ( ១ ) ជួយ​ការពារ​មនុស្ស​ដទៃ និង ( ២ ) ជួយ​បុគ្គល​ម្នាក់​ឲ្យ​ប្រែចិត្ត ។ ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា « ពុំអាច​ទតមើល​អំពើបាប សូម្បីតែ​បន្ដិច​បន្ដួច​បាន​ឡើយ » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១:៣១; សូមមើល​ផងដែរ ម៉ូសាយ ២៦:២៩ ) ។ អ្នកបម្រើ​របស់​ទ្រង់​មិន​ត្រូវ​មើល​រំលង​ភស្ដុតាង​នៃ​អំពើបាប​ធ្ងន់ធ្ងរ​ឡើយ ។

អំពើបាប​ធ្ងន់ធ្ងរ​គឺជា​អំពើល្មើស​ដោយ​ចេតនា និង​ជា​ការរំលង​ដ៏​សម្បើម​ប្រឆាំង​នឹង​ក្រឹត្យវិន័យ​របស់​ព្រះ ។ ប្រភេទ​នៃ​អំពើបាប​ធ្ងន់ធ្ងរ​មាន​ចែង​ដូច​តទៅ​នេះ ។

  • អំពើ​ហិង្សា និង​ការរំលោភ​បំពាន

  • អំពើ​អសីលធម៌​ខាង​ផ្លូវភេទ

  • អំពើ​បោកប្រាស់​ក្លែង​បន្លំ

  • ការរំលោភ​លើ​ទំនុកចិត្ត

  • អំពើ​មួយ​ចំនួន​ផ្សេងទៀត

ពេល​ដែល​ក្រុមប្រឹក្សា​សមាជិកភាព​តម្រូវ​ឲ្យ​មាន ឬ​អាច​នឹង​ចាំបាច់​ត្រូវ​មាន

ប្រភេទ​នៃ​អំពើបាប

តម្រូវ​ឲ្យ​មានក្រុមប្រឹក្សា​សមាជិកភាព

អាច​នឹងចាំបាច់​ឲ្យ​មានក្រុមប្រឹក្សា​សមាជិកភាព

ប្រភេទ​នៃ​អំពើបាប

អំពើ​ហិង្សា និង​ការរំលោភ​បំពាន

តម្រូវ​ឲ្យ​មានក្រុមប្រឹក្សា​សមាជិកភាព

  • ឃាតកម្ម

  • ការចាប់​រំលោភ

  • ការផ្តន្ទាទោស​លើ​ការរំលោភ​ផ្លូវភេទ

  • ការរំលោភ​បំពាន​លើ​កុមារ ឬ​យុវវ័យ

  • អាកប្បកិរិយា​ហិង្សា​កេង​ប្រវ័ញ្ច

អាច​នឹងចាំបាច់​ឲ្យ​មានក្រុមប្រឹក្សា​សមាជិកភាព

  • ឃាតកម្ម​ដោយ​មាន​ការប៉ុនប៉ង​ទុក​ជាមុន

  • ការរំលោភ​បំពាន​លើ​ផ្លូវ​ភេទ រួមមាន​ការបំពាន និង​ការបៀតបៀន ( សូមមើល ៣៨.៦.១៨ សម្រាប់​ពេលវេលា​ដែល​តម្រូវ​ឲ្យ​មាន​ក្រុមប្រឹក្សា​មួយ )

  • ការរំលោភ​បំពាន​លើ​ស្វាមី ឬ​ភរិយា ឬ​មជ្ឈិមវ័យ​ម្នាក់ទៀត ( សូមមើល ៣៨.៦.២.៤ សម្រាប់​ពេល​ណា​ដែល​តម្រូវ​ឲ្យ​មាន​ក្រុមប្រឹក្សា​មួយ )

ប្រភេទ​នៃ​អំពើបាប

អំពើ​អសីលធម៌​ខាង​ផ្លូវភេទ

តម្រូវ​ឲ្យ​មានក្រុមប្រឹក្សា​សមាជិកភាព

  • សាហាយស្មន់

  • អំពើ​អាសគ្រាម​លើ​កុមារ

  • អាពាហ៍​ពិពាហ៍​ពហុពន្ធភាព

  • អាកប្បកិរិយា​បៀតបៀន​ខាង​ផ្លូវ​ភេទ

អាច​នឹងចាំបាច់​ឲ្យ​មានក្រុមប្រឹក្សា​សមាជិកភាព

  • អំពើកំផិត អំពើសហាយស្មន់ ទំនាក់ទំនង​ភេទដូចគ្នា និង​ទំនាក់ទំនងផ្លូវ​ភេទ​ផ្សេង​ទៀត​ទាំងអស់​ដែល​នៅ​ក្រៅ​ចំណង​អាពាហ៍ពិពាហ៍​ស្របច្បាប់​រវាង​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់​រួមទាំង​ការប្រព្រឹត្ត​ផ្លូវភេទ​តាមអនឡាញ ឬ​តាមទូរសព្ទ

  • ការរួមរស់​ជាមួយ​គ្នា​ទាំង​មិន​បាន​រៀបការ សហពន្ធភាព​ស៊ីវិល និង​ភាពជាដៃគូ និង​អាពាហ៍ពិពាហ៍​ភេទ​ដូចគ្នា

  • ការប្រើប្រាស់​អាសគ្រាម​ក្នុង​កម្រិត​ខ្លាំង ឬ​អត់​មិន​បាន ដែល​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​អាពាហ៍ពិពាហ៍ ឬ​គ្រួសារ​របស់​សមាជិក​ម្នាក់

ប្រភេទ​នៃ​អំពើបាប

អំពើ​បោកប្រាស់​ក្លែង​បន្លំ

តម្រូវ​ឲ្យ​មានក្រុមប្រឹក្សា​សមាជិកភាព

  • អាកប្បកិរិយា​បំពាន​ហួសហេតុ​ខាង​ហិរញ្ញវត្ថុ ដូចជា​ការក្លែង​បន្លំ និង​សកម្មភាព​ស្រដៀង​គ្នា​នេះ ( សូមមើល ៣២.៦.៣.៣ ប្រសិនបើ​សមាជិក​ម្នាក់​ពាក់ព័ន្ធ​នឹង​ការកេង​បន្លំ​មូលនិធិ ឬ​ទ្រព្យសម្បត្តិ​សាសនាចក្រ )

អាច​នឹងចាំបាច់​ឲ្យ​មានក្រុមប្រឹក្សា​សមាជិកភាព

  • ការប្លន់ ការលប​គាស់​ផ្ទះ ការលួច ការកេង​បន្លំ ( សូមមើល ៣២.៦.៣.៣ ប្រសិនបើ​សមាជិក​ម្នាក់​ពាក់ព័ន្ធ​នឹង​ការកេង​បន្លំ​មូលនិធិ ឬ​ទ្រព្យសម្បត្តិ​សាសនាចក្រ )

  • ការភូតភរ

ប្រភេទ​នៃ​អំពើបាប

ការរំលោភ​លើ​ទំនុកចិត្ត

តម្រូវ​ឲ្យ​មានក្រុមប្រឹក្សា​សមាជិកភាព

  • អំពើបាប​ធ្ងន់ធ្ងរ ខណៈ​ពេល​កាន់​តំណែង​លេចធ្លោ​នៅក្នុង​សាសនាចក្រ

អាច​នឹងចាំបាច់​ឲ្យ​មានក្រុមប្រឹក្សា​សមាជិកភាព

  • អំពើបាប​ធ្ងន់ធ្ងរ ខណៈពេល​កាន់​តំណែង​ដែល​មាន​សិទ្ធិ​អំណាច ឬ​ទទួល​បាន​ទំនុកចិត្ត​នៅក្នុង​សាសនាចក្រ ឬ​សហគមន៍ ( សូមមើល ៣២.៦.៣.៣ ប្រសិនបើ​សមាជិក​ម្នាក់​ពាក់ព័ន្ធ​នឹង​ការកេង​បន្លំ​មូលនិធិ ឬ​ទ្រព្យសម្បត្តិ​សាសនាចក្រ )

  • អំពើបាប​ធ្ងន់ធ្ងរ​ដែល​ត្រូវ​គេ​ដឹង​យ៉ាង​ទូលំទូលាយ

ប្រភេទ​នៃ​អំពើបាប

អំពើ​មួយ​ចំនួន​ផ្សេងទៀត

តម្រូវ​ឲ្យ​មានក្រុមប្រឹក្សា​សមាជិកភាព

  • ការផ្តន្ទាទោស​បទឧក្រិដ្ឋ​ភាគច្រើន

អាច​នឹងចាំបាច់​ឲ្យ​មានក្រុមប្រឹក្សា​សមាជិកភាព

  • ការរំលូតកូន ( លុះត្រាតែ​មាន​ករណី​លើកលែង​នៅក្នុង ៣៨.៦.១ យក​មក​អនុវត្ត )

  • លំនាំ​នៃ​អំពើបាប​ធ្ងន់ធ្ងរ

  • ការបោះបង់​ការទទួល​ខុសត្រូវ​ក្នុង​គ្រួសារ​ដោយ​ចេតនា រួមទាំង​ការមិន​បង់​កាតព្វកិច្ច​ហិរញ្ញវត្ថុ​ដល់​កូន និង​អាហារកិច្ច​ក្រោយពី​ការលែងលះ

  • ការលក់​ថ្នាំញៀន​ខុស​ច្បាប់

  • អំពើ​ឧក្រិដ្ឋកម្ម​ដ៏​ធ្ងន់ធ្ងរ​ផ្សេងទៀត

៣២.៦.៣

ពេល​ប្រធាន​ស្ដេក​ប្រឹក្សា​ជាមួយ​នឹង​គណៈប្រធាន​តំបន់​អំពី​ភាពចាំបាច់​ត្រូវ​បង្កើត​ក្រុមប្រឹក្សា​សមាជិកភាព​មួយ ឬ​សកម្មភាព​ផ្សេងទៀត​ឬ​អត់

បញ្ហា​មួយ​ចំនួន​តម្រូវ​ឲ្យ​មាន​ការប្រុង​ប្រយ័ត្ន និង​ការណែនាំ​បន្ថែម​ទៀត ។ ដើម្បី​ដឹង​ពី​របៀប​ជួយ​បាន​ល្អ​បំផុត នោះ​ប្រធាន​ស្តេក​ត្រូវតែ​ប្រឹក្សា​ជាមួយ​នឹង​គណៈប្រធាន​តំបន់ ស្ដីពី​ស្ថានភាព​ទាំងឡាយ​ដែល​មាន​នៅក្នុង​វគ្គ​នេះ ។

៣២.៦.៣.២

ការក្បត់​សាសនា

ជារឿយៗ បញ្ហា​អំពី​ការក្បត់​សាសនា​មាន​ឥទ្ធិពល​ហួស​ពី​ព្រំដែន​វួដ ឬ​ស្ដេក​មួយ​ទៅ​ទៀត ។ បញ្ហា​ទាំងនេះ​ត្រូវតែ​ដោះស្រាយ​ភ្លាមៗ​ដើម្បី​ការពារ​មនុស្ស​ដទៃ ។

ប៊ីស្សព​ប្រឹក្សា​ជាមួយ​ប្រធាន​ស្តេក ប្រសិនបើ​គាត់​មាន​អារម្មណ៍​ថា សកម្មភាព​របស់​សមាជិក​ម្នាក់​អាច​បង្កជា​ការក្បត់​សាសនា​បាន ។

ដូច​ដែល​បាន​ប្រើ​នៅ​ទី​នេះ ការក្បត់​សាសនា សំដៅ​ទៅ​លើ​សមាជិក​ម្នាក់​ដែល​ពាក់ព័ន្ធ​នៅក្នុង​សកម្មភាព​ណាមួយ​ដូច​តទៅ​នេះ ៖

  • ធ្វើ​ទង្វើ​ដដែលៗ​យ៉ាងច្បាស់ និង​ប្រឆាំង​ដោយ​ចេតនា​ជា​សាធារណៈ​នឹង​សាសនាចក្រ គោលលទ្ធិ​របស់​សាសនាចក្រ គោលនយោបាយ​របស់​សាសនាចក្រ ឬ​ថ្នាក់ដឹកនាំ​ក្នុង​សាសនាចក្រ

  • បន្ត​បង្រៀន​អ្វីមួយ​ថាជា​គោលលទ្ធិ​របស់​សាសនាចក្រ ដែល​វា​មិនមែន​ជា​គោលលទ្ធិ​របស់​សាសនាចក្រ បន្ទាប់ពី​ត្រូវបាន​កែតម្រូវ​ដោយ​ប៊ីស្សព ឬ​ប្រធាន​ស្ដេក

  • បង្ហាញ​លំនាំ​មួយ​ក្នុង​ការធ្វើឲ្យ​សេចក្ដី​ជំនឿ និង​សកម្មភាព​របស់​សមាជិក​សាសនាចក្រ​ចុះ​ខ្សោយ​ដោយ​ចេតនា

  • បន្ត​ធ្វើតាម​ការបង្រៀន​របស់​និកាយ​ក្បត់​សាសនា បន្ទាប់ពី​ត្រូវបាន​ណែនាំ​កែ​តម្រូវ​ដោយ​ប៊ីស្សព ឬ​ប្រធាន​ស្ដេក

  • ចូល​រួម​នៅ​ក្នុង​ព្រះវិហារ​ផ្សេង​ទៀត​ជា​ផ្លូវការ ហើយ​គាំទ្រ​ដល់​ការបង្រៀន​របស់​ព្រះវិហារ​នោះ

៣២.៦.៣.៣

ការកេង​បន្លំ​មូលនិធិ​សាសនាចក្រ

ប្រសិនបើ​បុគ្គល​ម្នាក់​កេង​បន្លំ​មូលនិធិ​សាសនាចក្រ ឬ​លួច​ទ្រព្យសម្បត្តិ​ដ៏មាន​តម្លៃ​របស់​សាសនាចក្រ នោះ​ប្រធាន​ស្ដេក​ប្រឹក្សា​ជាមួយ​នឹង​គណៈប្រធាន​តំបន់​អំពី​ភាពចាំបាច់​ក្នុង​ការបង្កើត​ក្រុមប្រឹក្សា​សមាជិកភាព​មួយ ឬ​សកម្មភាព​ផ្សេងទៀត​ឬ​អត់ ។