« ៣១. ការសម្ភាស និងការប្រជុំផ្សេងៗទៀតជាមួយសមាជិក » ជម្រើសចេញមកពីក្បួនខ្នាតទូទៅ ( ឆ្នាំ២០២៣ ) ។
« ៣១. ការសម្ភាស និងការប្រជុំផ្សេងៗទៀតជាមួយសមាជិក » ជម្រើសចេញមកពីក្បួនខ្នាតទូទៅ
៣១.
ការសម្ភាស និងការប្រជុំផ្សេងៗទៀតជាមួយសមាជិក
៣១.០
សេចក្ដីផ្ដើម
ជាញឹកញាប់ ព្រះយេស៊ូវគ្រីស្ទធ្វើការងារបម្រើដល់អ្នកដទៃម្នាក់ម្ដងៗ ( ឧទាហរណ៍ សូមមើល យ៉ូហាន ៤:៥–២៦; នីហ្វៃទី៣ ១៧:២១ ) ។ ទ្រង់ស្រឡាញ់បុត្រាបុត្រីម្នាក់ៗរបស់ព្រះ ។ ទ្រង់ជួយពួកគេជាលក្ខណៈបុគ្គល ។
ជំពូកនេះអាចជួយដល់ថ្នាក់ដឹកនាំទាំងអស់ ដែលមានឱកាសដើម្បីជួបជាមួយនឹងសមាជិកដាច់ដោយឡែកពីគ្នា ។
៣១.១
គោលការណ៍ណែនាំ
៣១.១.១
រៀបចំខ្លួនខាងវិញ្ញាណ
សូមរៀបចំខ្លួនអ្នកខាងវិញ្ញាណ តាមរយៈការអធិស្ឋាន ការសិក្សាព្រះគម្ពីរ និងការរស់នៅដោយសុចរិត ។ សូមស្ដាប់ការខ្សឹបរបស់ព្រះវិញ្ញាណបរិសុទ្ធ ។
៣១.១.២
ជួយសមាជិកឲ្យមានអារម្មណ៍ពីសេចក្ដីស្រឡាញ់របស់ព្រះ
ពេលសមាជិកមកកាន់អ្នកដើម្បីទទួលការសម្ភាស ឬសុំជំនួយជាមួយនឹងឧបសគ្គផ្ទាល់ខ្លួនមួយ ជាញឹកញាប់អ្វីដែលពួកគេត្រូវការបំផុតនោះគឺ ដើម្បីបានដឹងថាព្រះវរបិតាសួគ៌ស្រឡាញ់ពួកគេ ។
ព្រះគម្ពីរ និងប្រសាសន៍របស់ពួកព្យាការីថ្ងៃចុងក្រោយអញ្ជើញឲ្យមានព្រះវិញ្ញាណ និងបង្រៀនគោលលទ្ធិដ៏បរិសុទ្ធ ។ សូមប្រើវាដើម្បីបំផុសគំនិត និងលើកទឹកចិត្ត មិនមែនដើម្បីផ្ដន្ទាទោស បង្ខិតបង្ខំ ឬបណ្តាលឲ្យមានការភ័យខ្លាចនោះទេ ( សូមមើល លូកា ៩:៥៦ ) ។
៣១.១.៣
ជួយសមាជិកឲ្យទាញយកព្រះចេស្ដារបស់ព្រះអង្គសង្គ្រោះ
សូមលើកទឹកចិត្តសមាជិកឲ្យបែរទៅរកទ្រង់ ។ សូមជួយពួកគេឲ្យទាញយកព្រះចេស្ដារបស់ទ្រង់ ដើម្បីពង្រឹង លួងលោម និងប្រោសលោះ ។
៣១.១.៤
ជួយសមាជិកឲ្យមានអារម្មណ៍សុខដុម និងសុវត្ថិភាព
តែងតែផ្តល់ឲ្យសមាជិកនូវជម្រើសនៃការមាននរណាម្នាក់ផ្សេងទៀតនៅជាមួយក្នុងពេលសម្ភាស ឬការប្រជុំជានិច្ច ។ នៅពេលជួបជាមួយនឹងសមាជិកម្នាក់ដែលមានភេទផ្ទុយគ្នា កុមារ ឬយុវវ័យ ត្រូវប្រាកដថាមានឪពុក ឬម្ដាយ ឬមជ្ឈិមវ័យម្នាក់ទៀតនៅជាមួយ ។ គាត់អាចចូលរួមក្នុងការប្រជុំ ឬចាំនៅខាងក្រៅបន្ទប់ អាស្រ័យទៅលើជម្រើសរបស់សមាជិកដែលអ្នកកំពុងជួបនោះ ។
កុំចែកចាយព័ត៌មានសម្ងាត់ជាមួយនរណាម្នាក់ឡើយ—រួមទាំងស្វាមី ឬភរិយារបស់អ្នក ឬថ្នាក់ដឹកនាំសាសនាចក្រផ្សេងទៀតផងដែរ—លើកលែងតែសមាជិកនោះផ្ដល់ការអនុញ្ញាត ។
៣១.១.៥
សួរសំណួរដែលបំផុសគំនិត ហើយស្ដាប់ដោយប្រុងប្រយ័ត្ន
ពេលជួបជាមួយនឹងសមាជិក សូមសួរសំណួរដែលជួយអ្នកឲ្យយល់ពីស្ថានភាពរបស់គាត់ ។
ពេលសមាជិកកំពុងនិយាយ សូមស្ដាប់ដោយប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ ។
៣១.១.៦
លើកទឹកចិត្តឲ្យមានភាពខ្លួនទីពឹងខ្លួន
ដោយសារតែសេចក្ដីស្រឡាញ់របស់អ្នកចំពោះសមាជិក អ្នកអាចនឹងចង់ផ្ដល់ដំណោះស្រាយភ្លាមៗចំពោះបញ្ហារបស់ពួកគេ ។ ទោះជាយ៉ាងណា អ្នកនឹងផ្ដល់ពរជ័យដល់ពួកគេកាន់តែច្រើន ដោយការជួយពួកគេឲ្យស្វែងរកដំណោះស្រាយដោយខ្លួនពួកគេ ហើយធ្វើការសម្រេចចិត្តដោយខ្លួនគេ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៩:៨ ) ។
៣១.១.៧
គាំទ្រដល់ការខិតខំដើម្បីប្រែចិត្ត
មានតែប៊ីស្សព ឬប្រធានស្តេកប៉ុណ្ណោះ ដែលអាចជួយបុគ្គលម្នាក់ឲ្យដោះស្រាយអំពើបាបធ្ងន់ធ្ងរបាន ។ ការណ៍មួយចំនួនទាំងនេះមាននៅក្នុង ៣២.៦ ។ ប្រសិនបើសមាជិកនោះបានប្រព្រឹត្តអំពើបាបណាមួយទាំងនេះ គាត់គួរតែជួបជាមួយនឹងប៊ីស្សព ឬប្រធានស្ដេកភ្លាមៗ ។
៣១.១.៨
ឆ្លើយតបដោយសមរម្យចំពោះការរំលោភបំពាន
ការរំលោភបំពានមិនត្រូវបានអត់ឱនឲ្យឡើយនៅគ្រប់ទម្រង់ទាំងអស់ ។ សូមទទួលយកការរាយការណ៍អំពីការរំលោភបំពានដោយហ្មត់ចត់ ។ ប្រសិនបើអ្នកបានដឹងថា នរណាម្នាក់ទទួលរងការរំលោភបំពាន សូមរាយការណ៍ទៅកាន់អាជ្ញាធរស៊ីវិល ហើយប្រឹក្សាជាមួយនឹងប៊ីស្សព ។ គោលការណ៍ណែនាំសម្រាប់ការរាយការណ៍ និងការឆ្លើយតបចំពោះការរំលោភបំពាន ត្រូវបានផ្តល់ឲ្យនៅក្នុង ៣៨.៦.២ ។
៣១.២
ការសម្ភាស
៣១.២.១
គោលបំណងនៃកិច្ចសម្ភាស
ជាទូទៅ ថ្នាក់ដឹកនាំសាសនាចក្រសម្ភាសសមាជិកទាំងឡាយ ដើម្បីកំណត់ថាពួកគេ ៖
-
បានរៀបចំខ្លួនជាស្រេចដើម្បីទទួល ឬចូលរួមនៅក្នុងពិធីបរិសុទ្ធមួយ ។
-
គួរតែត្រូវបានហៅឲ្យមានតំណែងមួយនៅក្នុងសាសនាចក្រ ។
៣១.២.២
ប្រភេទនៃការសម្ភាស
|
អ្នកដែលអាចដឹកនាំការសម្ភាស |
គោលបំណងនៃការសម្ភាស |
|---|---|
អ្នកដែលអាចដឹកនាំការសម្ភាស ប៊ីស្សពតែប៉ុណ្ណោះ | គោលបំណងនៃការសម្ភាស
|
អ្នកដែលអាចដឹកនាំការសម្ភាស ប៊ីស្សព ឬទីប្រឹក្សាម្នាក់ដែលគាត់ចាត់តាំង | គោលបំណងនៃការសម្ភាស
|
៣១.២.៣
ការសម្ភាសសម្រាប់ពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់
៣១.២.៣.១
កុមារជាសមាជិកដែលមានក្នុងកំណត់ត្រា
ប៊ីស្សពកាន់កូនសោទាំងឡាយនៃបព្វជិតភាពសម្រាប់ការធ្វើពិធីបុណ្យជ្រមុជទឹកឲ្យសមាជិកអាយុ ៨ ឆ្នាំ ដែលមានកំណត់ត្រាក្នុងវួដរបស់គាត់ ។ ដោយសារហេតុផលនេះហើយ ទើបគាត់ ឬទីប្រឹក្សាដែលបានចាត់តាំងម្នាក់ធ្វើការសម្ភាសបុគ្គលទាំងឡាយខាងក្រោមនេះសម្រាប់ពិធីបុណ្យជ្រមុជទឹក ៖
-
កុមារអាយុ ៨ឆ្នាំ ដែលជាសមាជិកមានកំណត់ត្រា ។
-
កុមារអាយុ ៨ ឆ្នាំ ដែលមិនមែនជាសមាជិកក្នុងកំណត់ត្រា ប៉ុន្តែមានឪពុក ឬម្តាយ ឬអាណាព្យាបាលម្នាក់ជាសមាជិក ។
-
សមាជិកដែលមានក្នុងកំណត់ត្រាដែលមានអាយុ ៩ឆ្នាំ ឡើងទៅ ដែលពិធីបុណ្យជ្រមុជទឹករបស់ពួកគេត្រូវបានពន្យារពេល ដោយសារតែពិការភាពខាងបញ្ញា ។
នៅក្នុងការសម្ភាស សមាជិកគណៈប៊ីស្សពធ្វើឲ្យប្រាកដថា កុមារយល់ពីគោលបំណងនៃពិធីបុណ្យជ្រមុជទឹក ( សូមមើល នីហ្វៃទី២ ៣១:៥–២០ ) ។ គាត់ក៏ត្រូវប្រាកដផងដែរថា កុមារនោះយល់អំពីសេចក្តីសញ្ញានៃពិធីបុណ្យជ្រមុជទឹក ហើយបានតាំងចិត្តរស់នៅតាមសេចក្តីសញ្ញានោះ ( សូមមើល ម៉ូសាយ ១៨:៨–១០ ) ។ គាត់មិនចាំបាច់ប្រើប្រាស់បញ្ជីសំណួរជាក់លាក់នោះទេ ។ នេះមិនមែនជាការសម្ភាសដើម្បីកំណត់ពីភាពស័ក្ដិសមនោះទេ ដោយសារតែ « កូនក្មេងតូចពុំចាំបាច់មានការប្រែចិត្ត » ឡើយ ( មរ៉ូណៃ ៨:១១ ) ។
៣១.២.៣.២
អ្នកប្រែចិត្តជឿ
ប្រធានបេសកកម្មកាន់កូនសោទាំងឡាយនៃបព្វជិតភាព សម្រាប់ការធ្វើពិធីបុណ្យជ្រមុជទឹកដល់ពួកអ្នកប្រែចិត្តជឿ ។ ដោយសារមូលហេតុនេះហើយ ទើបអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងម្នាក់សម្ភាស ៖
-
បុគ្គលអាយុ ៩ ឆ្នាំ ឡើងទៅដែលមិនធ្លាប់ទទួលពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ពីមុនមក ។ សូមមើល ៣១.២.៣.១ សម្រាប់ករណីលើកលែងចំពោះបុគ្គលដែលមានពិការភាពខាងបញ្ញា ។
-
កុមារអាយុ ៨ឆ្នាំ ឡើងទៅដែលឪពុកម្ដាយមិនមែនជាសមាជិកក្នុងសាសនាចក្រ ។
-
កុមារអាយុ៨ឆ្នាំ ឡើងទៅដែលមានឪពុក ឬម្ដាយម្នាក់ ដែលនឹងទទួលពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ផងដែរ ។
៣១.២.៤
ការសម្ភាសសម្រាប់ការតែងតាំងតំណែងនៅក្នុងបព្វជិតភាពអើរ៉ុន
សម្រាប់ព័ត៌មានបន្ថែម សូមមើល ១៨.១០.២ ។
៣១.២.៥
ការសម្ភាសទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធ
ព្រះវិហារបរិសុទ្ធគឺជាដំណាក់របស់ព្រះអម្ចាស់ ។ ការចូលព្រះវិហារបរិសុទ្ធ និងការចូលរួមនៅក្នុងពិធីបរិសុទ្ធទាំងឡាយដែលមាននៅក្នុងនោះ គឺជាឯកសិទ្ធិដ៏ពិសិដ្ឋមួយ ។ ឯកសិទ្ធិនេះត្រូវបានរក្សាទុកសម្រាប់អ្នកទាំងឡាយ ដែលបានរៀបចំខ្លួនខាងវិញ្ញាណ ហើយខិតខំរស់នៅតាមបទដ្ឋានរបស់ព្រះអម្ចាស់ ដូចដែលបានកំណត់ដោយថ្នាក់ដឹកនាំបព្វជិតភាពដែលមានសិទ្ធិអំណាច ។
ដើម្បីធ្វើការកំណត់នេះ ថ្នាក់ដឹកនាំបព្វជិតភាពសម្ភាសសមាជិក ដោយប្រើប្រាស់សំណួរទាំងឡាយនៅក្នុង ធ.ថ.ស. ( សូមមើលផងដែរនូវគោលការណ៍ណែនាំនៅក្នុង ២៦.៣ ) ។
៣១.២.៦
ការសម្ភាសសម្រាប់ការតែងតាំងតំណែងនៅក្នុងបព្វជិតភាពម៉ិលគីស្សាដែក
ប្រធានស្តេកកាន់កូនសោទាំងឡាយនៃបព្វជិតភាពសម្រាប់ការប្រគល់បព្វជិតភាពម៉ិលគីស្សាដែក ។ គាត់ក៏កាន់កូនសោសម្រាប់ការតែងតាំងតំណែងអែលឌើរ និងសង្ឃជាន់ខ្ពស់ផងដែរ ។
ដោយមានការអនុម័តមកពីគណៈប្រធានស្តេក នោះប៊ីស្សពសម្ភាសដល់សមាជិក ដូចដែលបានណែនាំនៅលើ កំណត់ត្រាការតែងតាំងបព្វជិតភាពម៉ិលគីស្សាដែក ។
៣១.៣
ឱកាសផ្សេងៗទៀតសម្រាប់ថ្នាក់ដឹកនាំជួបជាមួយសមាជិក
-
សមាជិកអាចសុំជួបជាមួយនឹងអ្នកដឹកនាំសាសនាចក្ររបស់ពួកគេ នៅពេលពួកគេត្រូវការការណែនាំខាងវិញ្ញាណ ឬមានបញ្ហាផ្ទាល់ខ្លួនជាទម្ងន់ ។
-
ប៊ីស្សព ឬនរណាម្នាក់ដែលគាត់ចាត់តាំង ជួបជាមួយនឹងសមាជិកដែលមានតម្រូវការខាងសាច់ឈាម ( សូមមើល ២២.៦ ) ។
-
សមាជិកនៃគណៈប៊ីស្សពជួបជាមួយនឹងកុមារអាយុ ១១ ឆ្នាំ ពេលដែលគាត់ ឬនាងចេញពីអង្គការបឋមសិក្សា ទៅកាន់កូរ៉ុមឌីកុន ឬថ្នាក់យុវនារី ។
៣១.៣.១
ការជួបជាមួយយុវវ័យ
ប៊ីស្សព ឬទីប្រឹក្សាមួយរូបរបស់គាត់ជួបជាមួយនឹងយុវវ័យពីរដងក្នុងមួយឆ្នាំ ។ យ៉ាងហោចណាស់ ការប្រជុំរាល់ឆ្នាំទាំងនេះគួរតែធ្វើឡើងជាមួយប៊ីស្សព ។ ដោយចាប់ផ្ដើមនៅឆ្នាំដែលយុវវ័យឈានចូលអាយុ ១៦ ឆ្នាំ ការប្រជុំទាំងពីរនៅក្នុងឆ្នាំនោះគួរតែធ្វើឡើងជាមួយប៊ីស្សព បើអាចធ្វើទៅបាន ។
ប្រធានយុវនារីក៏មានតួនាទីដើម្បីផ្ដល់ការងារបម្រើដល់យុវនារីម្នាក់ៗផងដែរ ។ គាត់អាចធ្វើការណ៍នេះបាន ដោយការជួបជាមួយនឹងយុវនារីមួយទល់នឹងមួយ ( ឬដោយមានវត្តមានរបស់មជ្ឈិមវ័យម្នាក់ទៀត ) ។
៣១.៣.១.២
ប្រធានបទដើម្បីពិភាក្សា
គោលបំណងចម្បងនៃការប្រជុំទាំងឡាយជាមួយនឹងយុវវ័យ គឺដើម្បីស្ថាបនាសេចក្តីជំនឿទៅលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ និងជួយយុវវ័យឲ្យដើរតាមទ្រង់ទាំងទ្វេ ។ ការប្រជុំទាំងនេះគួរតែជាបទពិសោធន៍ខាងវិញ្ញាណមួយ ដែលលើកស្ទួយ ។
៣១.៣.២
ការប្រជុំជាមួយយុវមជ្ឈិមវ័យនៅលីវ
ប៊ីស្សពដាក់អាទិភាពដ៏ខ្ពស់លើការរីកចម្រើនខាងវិញ្ញាណរបស់យុវមជ្ឈិមវ័យនៅលីវនៅក្នុងវួដរបស់គាត់ ។ គាត់ ឬទីប្រឹក្សាមួយរូបដែលគាត់ចាត់តាំង ជួបជាមួយនឹងយុវមជ្ឈិមវ័យនៅលីវម្នាក់ៗយ៉ាងហោចណាស់មួយឆ្នាំម្ដង ។
៣១.៣.៣
ការជួបជាមួយសមាជិកដើម្បីពិភាក្សាពីការហៅទាំងឡាយ និងការទទួលខុសត្រូវរបស់ពួកគេ
គណៈប្រធានស្តេក គណៈប៊ីស្សព និងថ្នាក់ដឹកនាំផ្សេងទៀតជួបជាមួយសមាជិកដាច់ដោយឡែកពីគ្នា ដែលរាយការណ៍មកកាន់ពួកគាត់អំពីការហៅទាំងឡាយរបស់ពួកគេ ។
អ្នកដឹកនាំបង្ហាញការដឹងគុណសម្រាប់ការបម្រើរបស់សមាជិក ហើយផ្ដល់ការលើកទឹកចិត្ត ។
៣១.៣.៦
ការប្រឹក្សា និងការព្យាបាលប្រកបដោយវិជ្ជាជីវៈ
ថ្នាក់ដឹកនាំសាសនាចក្រពុំត្រូវបានហៅឲ្យធ្វើជាអ្នកប្រឹក្សាដែលមានវិជ្ជាជីវៈ ឬដើម្បីផ្ដល់ការព្យាបាលនោះទេ ។ ជំនួយដែលពួកគាត់ផ្ដល់ឲ្យគឺខាងវិញ្ញាណ ដោយផ្តោតលើការពង្រឹង ការលួងលោម អំណាចនៃការប្រោសលោះរបស់ព្រះយេស៊ូវគ្រីស្ទ ។ បន្ថែមពីលើជំនួយដ៏សំខាន់ និងដ៏បំផុសគំនិតនេះ នោះសមាជិកអាចនឹងទទួលបានប្រយោជន៍មកពីការប្រឹក្សាដែលមានវិជ្ជាជីវៈ នៅកន្លែងណាដែលមានការប្រឹក្សានេះ ។
៣១.៤
ការជួបជាមួយនឹងសមាជិកតាមអ៊ីនធឺណិត
ជាធម្មតា ថ្នាក់ដឹកនាំជួបជាមួយសមាជិកដោយផ្ទាល់សម្រាប់ការសម្ភាសនានា និងដើម្បីផ្ដល់ជំនួយខាងវិញ្ញាណ និងការផ្ដល់ការងារបម្រើ ។ ទោះជាយ៉ាងណា ជាការលើកលែង ពួកគាត់អាចជួបពីចម្ងាយបាន នៅពេលដែលការជួបដោយផ្ទាល់ពុំអាចធ្វើទៅបាន ។