ក្បួនខ្នាត និង​ការហៅ
៤. ភាពជា​អ្នកដឹកនាំ និង​ក្រុមប្រឹក្សា​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ


« ៤. ភាពជា​អ្នកដឹកនាំ និង​ក្រុមប្រឹក្សា​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ » ជម្រើស​ចេញ​មកពី​ក្បួនខ្នាត​ទូទៅ ( ឆ្នាំ២០២៣ ) ។

« ៤. ភាពជា​អ្នកដឹកនាំ និង​ក្រុមប្រឹក្សា​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ » ជម្រើស​ចេញ​មកពី​ក្បួនខ្នាត​ទូទៅ

ការប្រជុំ​ក្រុម​ប្រឹក្សា​វួដ

៤.

ភាពជា​អ្នកដឹកនាំ និង​ក្រុមប្រឹក្សា​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ

៤.០

សេចក្ដីផ្ដើម

ក្នុងនាម​ជា​អ្នកដឹកនាំ​នៅក្នុង​សាសនាចក្រ អ្នក​ត្រូវបាន​ហៅ​ដោយ​ការបំផុស​គំនិត​តាមរយៈ​ពួក​អ្នកបម្រើ​ដែល​មាន​សិទ្ធិ​អំណាច​របស់​ព្រះអម្ចាស់ ។ អ្នក​មាន​អភ័យ​ឯកសិទ្ធិ​ក្នុង​ការជួយ​ដល់​កិច្ចការ​របស់​ព្រះវរបិតាសួគ៌​ក្នុង « [ ការ ] នាំ​ឲ្យ​មាន​អមតភាព និង​ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច​ដល់​មនុស្ស » ( ម៉ូសេ ១:៣៩ ) ។

៤.២

គោលការណ៍​នៃ​ភាពជា​អ្នក​ដឹកនាំ​នៅក្នុង​សាសនាចក្រ

អំឡុង​ការងារបម្រើ​នៅលើ​ផែនដី​របស់​ទ្រង់ ព្រះអង្គ​សង្រ្គោះ​បាន​បង្ហាញ​គំរូ​នៃ​ភាព​ជា​អ្នក​ដឹកនាំ​សម្រាប់​សាសនាចក្រ​របស់​ទ្រង់ ។ ព្រះរាជបំណង​ដ៏​សំខាន់​របស់​ទ្រង់​គឺ​ការធ្វើ​តាម​ព្រះទ័យ​របស់​ព្រះវរបិតា​សួគ៌​ទ្រង់ និង​ការជួយ​មនុស្ស​ដទៃ​ឲ្យ​យល់ ហើយ​រស់នៅ​តាម​ដំណឹងល្អ​របស់​ទ្រង់ ( សូមមើល យ៉ូហាន ៥:៣០; ម៉ូសាយ ១៥:៧ ) ។

៤.២.១

រៀបចំ​ខ្លួន​ខាង​វិញ្ញាណ

ព្រះយេស៊ូវ​បាន​រៀបចំ​ព្រះអង្គ​ផ្ទាល់​ខាង​វិញ្ញាណ​សម្រាប់​បេសកកម្ម​នៅលើ​ផែនដី​របស់​ទ្រង់ ( សូមមើល លូកា ៤:១–២ ) ។ ដូច​គ្នា​នេះ​ដែរ អ្នក​រៀបចំ​ខ្លួន​ខាង​វិញ្ញាណ​ដោយ​ខិត​ទៅ​ជិត​នឹង​ព្រះវរបិតា​សួគ៌​តាមរយៈ​ការ​អធិស្ឋាន ការ​សិក្សា​បទគម្ពីរ និង​ការ​គោរព​ប្រតិបត្តិ​តាម​បទ​បញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ។

សូម​ស្វែង​រក​វិវរណៈ​ដើម្បី​យល់​ដឹង​ពី​សេចក្ដី​ត្រូវ​ការ​របស់​មនុស្ស​ដែល​អ្នក​ដឹកនាំ និង​របៀប​បំពេញ​កិច្ចការ​ដែល​ព្រះ​បាន​ហៅ​ឲ្យ​អ្នក​ធ្វើ ។

ព្រះអម្ចាស់​ក៏​បាន​សន្យា​ផងដែរ​ថា ទ្រង់​នឹង​ប្រទាន​អំណោយទាន​ខាង​វិញ្ញាណ​ដល់​អ្នក​ដែល​ស្វែងរក​អំណោយទាន​ទាំងនោះ ( សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៤៦:៨ ) ។

៤.២.២

ការផ្ដល់​ការងារបម្រើ​ដល់​បុត្រា​បុត្រី​របស់​ព្រះ​ទាំងអស់

សូម​ស្រឡាញ់​មនុស្ស​ដែល​អ្នក​បម្រើ​ដូចជា​ព្រះយេស៊ូវ​បាន​ធ្វើ​ដែរ ។ សូម​អធិស្ឋាន « ដោយ​អស់​ពី​កម្លាំង​ចិត្ត » ដើម្បី​បាន​ពោរ​ពេញ​ដោយ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ ( មរ៉ូណៃ ៧:៤៨ ) ។

សូម​ជួយ​បុគ្គល​ម្នាក់ៗ​ឲ្យ​ពង្រឹង​ការប្រែចិត្ត​ជឿ និង​សេចក្ដី​ជំនឿ​របស់​ពួកគេ​ទៅលើ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​ជួយ​ពួកគេឲ្យ​រៀបចំខ្លួន​ចុះ​សេចក្ដី​សញ្ញា​នានា នៅ​ពេល​ពួកគេ​ទទួល​ពិធី​បរិសុទ្ធ​បន្ទាប់​ទៀត​របស់​ពួកគេ ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​រក្សា​សេចក្ដី​សញ្ញា ដែល​ពួកគេ​បាន​ធ្វើ និង​ទទួល​យក​ពរជ័យ​នៃ​ការប្រែចិត្ត ។

៤.២.៣

បង្រៀន​ដំណឹងល្អ​របស់​ព្រះ​យេស៊ូវគ្រីស្ទ

ថ្នាក់​ដឹកនាំ​ទាំងអស់​គឺជា​គ្រូបង្រៀន ។ សូម​ខិតខំ​ធ្វើ​តាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ ក្នុង​នាម​ជា​គ្រូបង្រៀន​ម្នាក់ ( សូមមើល ជំពូក​ទី ១៧; ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ) ។ តាមរយៈ​ពាក្យ​សម្ដី និង​ទង្វើ​របស់​អ្នក សូម​បង្រៀន​គោលលទ្ធិ​របស់​ព្រះយេស៊ូវ​គ្រីស្ទ និង​គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ​របស់​ទ្រង់ ( សូម​មើល នីហ្វៃ​ទី​៣ ១១:៣២–៣៣; គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤២:១២–១៤ ) ។

សូម​បង្រៀន​ចេញ​ពី​បទគម្ពីរ និង​ប្រសាសន៍​របស់​ពួក​ព្យាការី​ថ្ងៃ​ចុង​ក្រោយ ( សូម​មើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ៥២:៩ ) ។

ប្រសិនបើ​អ្នក​ត្រូវបាន​ហៅ ឬ​ចាត់តាំង​ឲ្យ​ធ្វើជា​អធិបតី​នៅក្នុង​ការប្រជុំ ឬ​សកម្មភាព​មួយ​ក្នុង​សាសនាចក្រ នោះ​សូម​ប្រាកដ​ថា ការបង្រៀន​នោះ​ជួយ​ស្អាង​សមាជិក និង​ត្រឹមត្រូវ​តាម​គោលលទ្ធិ ( សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៥០:២១–២៣ ) ។

៤.២.៤

ធ្វើជា​អធិបតី​ដោយ​សេចក្ដី​សុចរិត

អ្នកកាន់​តំណែង​ជា​អធិបតី​ម្នាក់ៗ​បម្រើ​នៅក្រោម​ការដឹកនាំ​របស់​បុគ្គល​ម្នាក់ ដែល​កាន់​កូនសោ​ទាំងឡាយ​នៃ​បព្វជិតភាព ( សូមមើល ៣.៤.១ ) ។ រចនា​សម្ព័ន្ធ​នេះ​ផ្ដល់​លំដាប់​លំដោយ ឬ​បន្ទាត់​ច្បាស់លាស់​នៃ​កិច្ចការ និង​ការទទួល​ខុសត្រូវ​នៅក្នុង​ការធ្វើ​កិច្ចការ​របស់​ព្រះអម្ចាស់ ។

អ្នកកាន់​តំណែង​ជា​អធិបតី​អាច​ផ្ដល់​សិទ្ធិ​អំណាច​ឲ្យ​បុគ្គល​ម្នាក់​ទៀត ធ្វើជា​អធិបតី​លើ​ការចាត់តាំង​បណ្ដោះ​អាសន្ន​មួយ​បាន ។

អ្នកដឹកនាំ​ដែល​ធ្វើជា​អធិបតី​នៅក្នុង​អង្គការ​សាសនាចក្រ ការប្រជុំ ឬ​សកម្មភាព​មួយ ធានា​ថា​នឹង​សម្រេច​បាន​ព្រះរាជបំណង​របស់​ព្រះអម្ចាស់ ។ នៅក្នុង​ការធ្វើ​ដូច្នេះ អ្នកដឹកនាំ​រូបនោះ​ធ្វើតាម​គោលការណ៍​នៃ​ដំណឹងល្អ គោលនយោបាយ​សាសនាចក្រ និង​នៅក្រោម​ការដឹកនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។

ការហៅ ឬ​ការចាត់តាំង​មួយ​ដើម្បី​ធ្វើជា​អធិបតី​ពុំ​ធ្វើឲ្យ​បុគ្គល​ម្នាក់​ដែល​ទទួល​បាន​ការហៅ ឬ​ការចាត់តាំង​នោះ​សំខាន់ ឬ​មាន​តម្លៃ​ជាង​មនុស្ស​ដទៃ​នោះទេ ( សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៨៤:១០៩–១០ ) ។

វា​មិន​សមរម្យ​ឡើយ​ដែល​ប្រាថ្នា​ធ្វើជា​អធិបតី​នៅក្នុង​អង្គការ​ណាមួយ​ក្នុង​សាសនាចក្រ​របស់​ព្រះអម្ចាស់ ( សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១២១:៣៤–៣៧ ) ។

៤.២.៥

បែងចែក​កិច្ចការ និង​ធានា​ថា​មាន​ការទទួល​ខុសត្រូវ

ព្រះអង្គ​សង្គ្រោះ​បាន​ប្រទាន​ការចាត់តាំង និង​ការទទួល​ខុសត្រូវ​ដ៏​មាន​អត្ថន័យ​ដល់​ពួកសិស្ស​របស់​ទ្រង់ ( សូមមើល លូកា ១០:១ ) ។ ទ្រង់​ក៏​បាន​ប្រទាន​ឱកាស​ឲ្យ​ពួកគេ​ទទួល​ខុសត្រូវ​លើ​កិច្ចការ ដែល​បាន​ប្រគល់​ឲ្យ​ពួកគេ​ធ្វើ​ផងដែរ ( សូមមើល លូកា ៩:១០ ) ។

ក្នុង​នាមជា​អ្នកដឹកនាំ​ម្នាក់ អ្នក​អាច​ជួយ​មនុស្ស​ដទៃ​ឲ្យ​រីកចម្រើន​បាន​តាមរយៈ​ការបែងចែក​ការចាត់តាំង​ដល់​ពួកគេ ។ សូម​ខិតខំ​ធ្វើឲ្យ​សមាជិក​គ្រប់រូប​ចូលរួម​នៅក្នុង​កិច្ចការ​របស់​ព្រះ ។

ការបែងចែក​កិច្ចការ​នឹង​ធ្វើឲ្យ​ការបម្រើ​របស់​អ្នក​កាន់តែ​មាន​ប្រសិទ្ធភាព ។ សូម​ស្វែង​រក​ការ​ដឹកនាំ​ពី​ព្រះវិញ្ញាណ​អំពី​កិច្ចការ​ដែល​ត្រូវ​បែង​ចែក ដើម្បី​អ្នក​អាច​ផ្ដោត​លើ​អាទិភាព​ដ៏ខ្ពស់​បំផុត​របស់​អ្នក ។

៤.២.៦

រៀបចំ​អ្នកដទៃ​ឲ្យ​ក្លាយជា​ថ្នាក់ដឹកនាំ និង​គ្រូបង្រៀន

នៅពេល​ពិចារណា​ពី​មនុស្ស​ដែល​អាច​បម្រើ​នៅក្នុង​ការហៅ ឬ​ការចាត់តាំង​នៅក្នុង​សាសនាចក្រ សូម​ធ្វើការ​អធិស្ឋាន ។ សូម​ចាំ​ថា ព្រះអម្ចាស់​នឹង​ធ្វើឲ្យ​អស់​អ្នក​ដែល​ទ្រង់​បាន​ហៅ​សម​នឹង​កិច្ចការ​នោះ ។ អ្វី​ដែល​សំខាន់​បំផុត​គឺថា ពួកគេ​យល់​ព្រម​បម្រើ ពួកគេ​នឹង​ស្វែង​រក​ជំនួយ​របស់​ព្រះអម្ចាស់​ដោយ​រាបសា ហើយ​ខិតខំ​ធ្វើ​ខ្លួន​ឲ្យ​មាន​ភាព​ស័ក្ដិសម ។

៤.២.៧

ដាក់​ផែនការ​សម្រាប់​ការប្រជុំ មេរៀន និង​សកម្មភាព​ដោយ​មាន​គោលបំណង​ច្បាស់លាស់

សូម​ស្វែង​រក​ការ​ណែនាំ​ពី​ព្រះវិញ្ញាណ​នៅ​ក្នុង​ការ​ដាក់​ផែនការ​សម្រាប់​ការ​ប្រជុំ មេរៀន និង​សកម្មភាព​ដោយ​មាន​គោលបំណង​ច្បាស់​លាស់ ។ គោលបំណង​ទាំង​នេះ​គួរ​តែ​ពង្រឹង​ដល់​បុគ្គល​ម្នាក់ៗ និង​ក្រុម​គ្រួសារ នាំ​ពួកគេ​ឲ្យខិត​ទៅ​ជិត​ព្រះគ្រីស្ទ ហើយ​ជួយ​សម្រេច​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ និង​ភាព​តម្កើង​ឡើង​របស់​ព្រះ ( សូមមើល ជំពូក​ទី ១ និង  ) ។

៤.២.៨

ការវាយតម្លៃ​កិច្ចខិតខំ​របស់អ្នក

សូម​ពិនិត្យ​មើល​ការ​ទទួល​ខុស​ត្រូវ និង​ការ​រីកចម្រើន​ខាង​វិញ្ញាណ​របស់​អ្នក​ក្នុង​នាម​ជា​ថ្នាក់​ដឹកនាំ​ឲ្យ​បាន​ទៀង​ទាត់ ។ សូម​ពិចារណា​ផង​ដែរ​ពី​ការ​រីកចម្រើន​របស់​មនុស្ស​ដែល​អ្នក​ដឹកនាំ ។

ភាព​ជោគជ័យ​របស់​អ្នក​ក្នុង​នាម​ជា​ថ្នាក់​ដឹកនាំ ត្រូវ​បាន​វាស់​វែង​ជា​ចម្បង​ដោយ​ការ​តាំង​ចិត្ត​របស់​អ្នក ដើម្បី​ជួយ​បុត្រា​បុត្រី​របស់​ព្រះ​ឲ្យ​ក្លាយ​ជា​ពួក​សិស្ស​ដ៏​ស្មោះ​ត្រង់​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ អ្នក​អាច​ដឹង​ថា ព្រះអម្ចាស់​មាន​ព្រះទ័យ​រីករាយ​ចំពោះ​ការប្រឹងប្រែង​របស់​អ្នក នៅពេល​អ្នក​ទទួល​អារម្មណ៍​ថា ព្រះវិញ្ញាណ​កំពុង​ធ្វើ​កិច្ចការ​តាមរយៈ​អ្នក ។

៤.៣

ក្រុមប្រឹក្សា​នៅក្នុង​សាសនាចក្រ

ព្រះអម្ចាស់​បាន​ណែនាំ​ថ្នាក់ដឹកនាំ​នៃ​សាសនាចក្រ​របស់​ទ្រង់​ឲ្យ​ប្រឹក្សា​ជាមួយ​គ្នា​ពេល​ធ្វើ​កិច្ចការ​របស់​ទ្រង់ ( សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៤១:២–៣ ) ។ ក្រុមប្រឹក្សា​ផ្ដល់​ឱកាស​ឲ្យ​សមាជិក​ក្រុមប្រឹក្សា​ទទួល​បាន​វិវរណៈ នៅពេល​ពួកគេ​ខិតខំ​យល់ពី​តម្រូវការ​របស់​បុត្រា​បុត្រី​របស់​ព្រះ និង​ដាក់​ផែនការ​ពី​របៀប​ជួយ​បំពេញ​តាម​តម្រូវការ​ទាំងនោះ ។

៤.៤

គោលការណ៍​នៃ​ក្រុមប្រឹក្សា​ដែល​មាន​ប្រសិទ្ធភាព

៤.៤.១

គោលបំណង​របស់​ក្រុមប្រឹក្សា

ក្រុមប្រឹក្សា​សង្កត់​ធ្ងន់​ជាពិសេស​ទៅលើ​ការជួយ​សមាជិក​ឲ្យ​ទទួល​បាន​ពិធីបរិសុទ្ធ និង​រក្សា​សេចក្ដីសញ្ញា​ដែល​ទាក់ទង​ទាំងនោះ ។

៤.៤.២

ការរៀបចំ​សម្រាប់​ការប្រជុំ​ក្រុមប្រឹក្សា

គណៈប្រធាន និង​ក្រុមប្រឹក្សា​ត្រូវ​ជួបគ្នា​ជាប្រចាំ ។ ថ្នាក់ដឹកនាំ​ទាំងនេះ​ខិតខំ​ស្វែងរក​ការណែនាំ​ពី​ព្រះអម្ចាស់​ពេល​ដាក់ផែនការ​ការប្រជុំ​ក្រុមប្រឹក្សា ។ ពួកគាត់​ក៏​ខ្នះខ្នែង​ឲ្យមាន​ការចូលរួម​ពី​សមាជិក​ក្រុមប្រឹក្សា​នៅក្នុង​ការសម្រេច​ចិត្ត​ពី​អ្វី​ដែល​ត្រូវ​ពិភាក្សា​ផងដែរ ។

ថ្នាក់ដឹកនាំ​អនុញ្ញាត​ឲ្យ​សមាជិក​ក្រុមប្រឹក្សា​ដឹង​ពី​បញ្ហា​ដែល​ត្រូវ​ពិភាក្សា​ជាមុន ។ សមាជិក​ក្រុមប្រឹក្សា​រៀបចំ​ចែកចាយ​ការយល់ដឹង​អំពី​បញ្ហា​ទាំងនេះ ។

៤.៤.៣

ការពិភាក្សា និង​សេចក្ដី​សម្រេច

អំឡុង​ការប្រជុំ​ក្រុមប្រឹក្សា អ្នកដឹកនាំ ( ឬ​នរណាម្នាក់​ដែល​អ្នកដឹកនាំ​ចាត់តាំង ) ពន្យល់​ពី​បញ្ហា​ដែល​ត្រូវ​ពិចារណា​នោះ ។ បន្ទាប់មក អ្នកដឹកនាំ​នោះ​លើក​ទឹកចិត្ត​ឲ្យ​មាន​ការពិភាក្សា​នៅក្នុង​ចំណោម​សមាជិក​ក្រុមប្រឹក្សា​ទាំងអស់ ដោយ​ការសួរ​សំណួរ និង​ការប្រមូល​គំនិត​យោបល់​នានា ។

សមាជិក​ចែកចាយ​យោបល់ និង​ស្តាប់គ្នា​ទៅវិញទៅមក​ដោយ​ការគោរព ។ នៅពេល​ពួកគេ​ព្យាយាម​ស្គាល់​ព្រះហឫទ័យ​របស់​ព្រះអម្ចាស់ នោះ​វិញ្ញាណ​នៃ​ការបំផុស​គំនិត និង​សាមគ្គីភាព​អាច​នឹង​មាន​វត្តមាន ។

នៅក្នុង​ក្រុមប្រឹក្សា​មួយ​ដែល​មាន​ស្ដ្រី និង​បុរស នោះ​អ្នកដឹកនាំ​ខិតខំ​ទទួល​បាន​ការយល់ដឹង និង​យោបល់​មកពី​ភាគី​ទាំងពីរ ។ ជារឿយៗ ស្ដ្រី និង​បុរស​មាន​ទស្សនវិស័យ​ខុសគ្នា ដែល​ផ្ដល់​តុល្យភាព​ដ៏ចាំបាច់​មួយ ។

អ្នកដឹកនាំ​ដឹកនាំ​ការពិភាក្សា​នៅក្នុង​ក្រុមប្រឹក្សា ។ ប៉ុន្ដែ​គាត់ ឬ​នាង​គួរតែ​ស្ដាប់​ច្រើន​ជាង​និយាយ ។

បន្ទាប់ពី​ការពិភាក្សា​ហើយ អ្នកដឹកនាំ​អាច​សម្រេច​ចិត្ត​ធ្វើ​សកម្មភាព​បែប​ណាមួយ ឬ​ក៏​ពន្យារ​ពេល​សម្រេច​ចិត្ត​សិន ដើម្បី​យកពេល​ទៅ​ស្វែងរក​ព័ត៌មាន និង​ការណែនាំ​បន្ថែម​ទៀត ។

៤.៤.៤

សាមគ្គីភាព

សមាជិក​ក្រុមប្រឹក្សា​ខិតខំ​ដើម្បី​មាន​បំណង​ប្រាថ្នា និង​គោលបំណង​តែមួយ​ដូចគ្នា​នឹង​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ដែរ ។ ពួកគាត់​ខិតខំ​មាន​សាមគ្គីភាព​នៅក្នុង​ការពិភាក្សា និង​សេចក្ដី​សម្រេច​របស់​ពួកគាត់ ។

៤.៤.៥

សកម្មភាព និង​ការទទួល​ខុសត្រូវ

សមាជិក​ក្រុមប្រឹក្សា​ធ្វើ​កិច្ចការ​របស់​ពួកគាត់​ភាគច្រើន​នៅមុន និង​នៅក្រោយ​ការប្រជុំ​ក្រុមប្រឹក្សា ។ អំឡុង​ការប្រជុំ​ទាំងនេះ ពួកគាត់​ព្យាយាម​ទទួល​បាន​ការបំផុស​គំនិត នៅពេល​បង្កើត​ផែនការ​ដើម្បី​អនុម័ត​តាម​សេចក្ដី​សម្រេច​នានា ។ អ្នកដឹកនាំ​ក្រុមប្រឹក្សា​អញ្ជើញ​សមាជិក​ឲ្យ​បំពេញ​តាម​ការចាត់តាំង​នានា ដែល​ទាក់ទង​នឹង​ផែនការ​ទាំងនេះ ។

សមាជិក​ក្រុមប្រឹក្សា​រាយការណ៍​អំពី​ការចាត់តាំង​របស់​ពួកគាត់ ។ ជាធម្មតា ការរីកចម្រើន​តម្រូវ​ឲ្យ​មាន​ការយក​ចិត្ត​ទុកដាក់​ជាបន្ដ​បន្ទាប់ និង​ការសួរ​នាំ​ដល់​ការចាត់តាំង ។

៤.៤.៦

ភាពសម្ងាត់

ថ្នាក់ដឹកនាំ​ប្រើ​ឆន្ទានុសិទ្ធិ នៅពេល​ចែកចាយ​ព័ត៌មាន​ផ្ទាល់ខ្លួន​ជាមួយ​នឹង​ក្រុមប្រឹក្សា ។ ជាទូទៅ ពួកគាត់​ត្រូវ​ទទួល​បាន​ការអនុញ្ញាត​ពី​សមាជិក​ដើម្បី​ចែកចាយ​ព័ត៌មាន​នេះ ។

សមាជិក​ក្រុមប្រឹក្សា​មិន​គួរ​ចែកចាយ​ព័ត៌មាន​ផ្ទាល់ខ្លួន​នៅក្រៅ​ក្រុមប្រឹក្សា​ឡើយ លុះត្រាតែ​វា​តម្រូវ​ឲ្យ​ធ្វើ​ដូច្នោះ​ដើម្បី​បំពេញ​ការចាត់តាំង​មកពី​អ្នកដឹកនាំ​ក្រុមប្រឹក្សា ។

បញ្ហា​មួយ​ចំនួន​មាន​ភាពរសើប​ខ្លាំង​ណាស់ ពេល​យក​មក​ពិភាក្សា​នៅមុខ​អង្គ​ប្រជុំ​ក្រុមប្រឹក្សា​ទាំងមូល ។