« ២. ការគាំទ្រដល់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារនៅក្នុងកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើងរបស់ព្រះ »ជម្រើសចេញមកពីក្បួនខ្នាតទូទៅ ( ឆ្នាំ២០២៣ ) ។
« ២. ការគាំទ្រដល់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ » ជម្រើសចេញមកពីក្បួនខ្នាតទូទៅ
២.
ការគាំទ្រដល់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារនៅក្នុងកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើងរបស់ព្រះ
២.០
សេចក្ដីផ្ដើម
ក្នុងនាមជាថ្នាក់ដឹកនាំម្នាក់នៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ អ្នកគាំទ្រដល់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារនៅក្នុងកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើង ( សូមមើល ១.២ ) ។ គោលបំណងដ៏ធំបំផុតនៃកិច្ចការនេះគឺដើម្បីជួយបុត្រាបុត្រីគ្រប់រូបរបស់ព្រះឲ្យទទួលបានពរជ័យនៃជីវិតដ៏នៅអស់កល្បជានិច្ច និងសេចក្ដីអំណរដ៏ពេញលេញ ។
កិច្ចការនៃសេចក្ដីសង្គ្រោះ និងភាពតម្កើងឡើងរបស់ព្រះភាគច្រើនសម្រេចទៅបានតាមរយៈគ្រួសារ ។ ចំពោះសមាជិកសាសនាចក្រគ្រប់រូប កិច្ចការនេះគឺផ្តោតលើគេហដ្ឋាន ។
២.១
តួនាទីរបស់គ្រួសារនៅក្នុងផែនការរបស់ព្រះ
ជាផ្នែកមួយនៃផែនការរបស់ទ្រង់ ព្រះវរបិតាសួគ៌បានបង្កើតក្រុមគ្រួសារនៅលើផែនដី ។ ទ្រង់មានព្រះរាជបំណងឲ្យក្រុមគ្រួសារនាំសុភមង្គលមកដល់យើង ។ ក្រុមគ្រួសារផ្ដល់ឱកាសឲ្យរៀនសូត្រ រីកចម្រើន បម្រើ ប្រែចិត្ត ហើយអភ័យទោស ។ ក្រុមគ្រួសារអាចជួយយើងឲ្យរៀបចំខ្លួនសម្រាប់ជីវិតដ៏នៅអស់កល្បជានិច្ច ។
ការសន្យានៃជីវិតដ៏នៅអស់កល្បជានិច្ចរបស់ព្រះរួមមាន អាពាហ៍ពិពាហ៍ដ៏នៅអស់កល្បជានិច្ច កូនចៅ និងពរជ័យទាំងអស់ផ្សេងទៀតនៃគ្រួសារដ៏នៅអស់កល្បជានិច្ចមួយ ។ ការសន្យានេះអនុវត្តចំពោះអស់អ្នកដែលមិនទាន់បានរៀបការនៅពេលបច្ចុប្បន្ននេះ ឬមិនមានគ្រួសារនៅក្នុងសាសនាចក្រ ។
២.១.១
ក្រុមគ្រួសារដ៏នៅអស់កល្បជានិច្ច
ក្រុមគ្រួសារដ៏នៅអស់កល្បជានិច្ចត្រូវបានបង្កើតឡើង នៅពេលសមាជិកសាសនាចក្រចុះសេចក្ដីសញ្ញា ពេលពួកគេទទួលពិធីបរិសុទ្ធនៃការផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធ ។ ពរជ័យនៃគ្រួសារដ៏នៅអស់កល្បជានិច្ចនឹងកើតឡើង នៅពេលសមាជិករក្សាសេចក្ដីសញ្ញាទាំងនោះ ហើយប្រែចិត្តពេលពួកគេធ្វើខុស ។ ថ្នាក់ដឹកនាំសាសនាចក្រជួយសមាជិកឲ្យរៀបចំខ្លួនទទួលពិធីបរិសុទ្ធទាំងនេះ ហើយគោរពតាមសេចក្ដីសញ្ញារបស់ពួកគេ ។
កត្តាមួយបន្ថែមទៀតនៃការស្ថាបនាក្រុមគ្រួសារដ៏នៅអស់កល្បជានិច្ចគឺ ការធ្វើពិធីបរិសុទ្ធនៅក្នុងព្រះវិហារបរិសុទ្ធ ដែលអនុញ្ញាតឲ្យសមាជិកត្រូវបានផ្សារភ្ជាប់ទៅនឹងបុព្វការីជនរបស់ខ្លួនដែលបានទទួលមរណភាពទៅ ។
២.១.២
ស្វាមី និងភរិយា
អាពាហ៍ពិពាហ៍រវាងបុរស និងស្ត្រីត្រូវបានតែងតាំងឡើងដោយព្រះ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៤៩:១៥ ) ។ ស្វាមី និងភរិយាត្រូវមានគោលបំណងដើម្បីរីកចម្រើនជាមួយគ្នាឆ្ពោះទៅកាន់ជីវិតដ៏នៅអស់កល្បជានិច្ច ( សូមមើល កូរិនថូស ទី១ ១១:១១ ) ។
តម្រូវការមួយដើម្បីទទួលបានជីវិតដ៏នៅអស់កល្បជានិច្ចសម្រាប់បុរសម្នាក់ និងស្ត្រីម្នាក់ គឺការចូលទៅក្នុងសេចក្ដីសញ្ញានៃអាពាហ៍ពិពាហ៍សេឡេស្ទាល ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ១៣១:១–៤ ) ។ ស្វាមីភរិយាមួយគូចុះសេចក្ដីសញ្ញានេះ នៅពេលពួកគេទទួលពិធីបរិសុទ្ធនៃការផ្សារភ្ជាប់សម្រាប់អាពាហ៍ពិពាហ៍នៅក្នុងព្រះវិហារបរិសុទ្ធ ។ សេចក្ដីសញ្ញានេះគឺជាមូលដ្ឋានគ្រឹះនៃគ្រួសារដ៏នៅអស់កល្បជានិច្ចមួយ ។ នៅពេលពួកគេរក្សាសេចក្ដីសញ្ញានោះដោយស្មោះត្រង់ វាអនុញ្ញាតឲ្យអាពាហ៍ពិពាហ៍របស់ពួកគេបន្តទៅជារៀងរហូត ។
ភាពស្និទ្ធស្នាលខាងរូបកាយរវាងស្វាមី និងភរិយាមានគោលបំណងធ្វើឲ្យមានភាពស្រស់ស្អាត និងពិសិដ្ឋ ។ វាត្រូវបានតែងតាំងឡើងដោយព្រះ សម្រាប់ការបង្កើតកូនចៅ និងសម្រាប់ការបង្ហាញសេចក្ដីស្រឡាញ់រវាងស្វាមី និងភរិយា ។ ភាពទន់ភ្លន់ និងការគោរព—មិនមែនភាពអាត្មានិយមទេ—គួរតែដឹកនាំទំនាក់ទំនងដ៏ជិតស្និទ្ធរបស់ពួកគេ ។
ព្រះបានដាក់បញ្ញត្តិថា ភាពស្និទ្ធស្នាលខាងផ្លូវភេទគឺត្រូវបានរក្សាទុកសម្រាប់ពេលរៀបអាពាហ៍ពិពាហ៍រវាងបុរសម្នាក់ និងស្រ្តីម្នាក់ ។
ស្វាមី និងភរិយាមានភាពស្មើគ្នានៅក្នុងព្រះនេត្ររបស់ព្រះ ។ ដៃគូម្ខាងមិនគួរត្រួតត្រាលើដៃគូម្ខាងទៀតនោះទេ ។ ការសម្រេចចិត្តរបស់ពួកគេគួរតែបានធ្វើឡើងដោយមានសាមគ្គីភាព និងសេចក្តីស្រឡាញ់ ដោយមានការចូលរួមចំណែកទាំងសងខាង ។
២.១.៣
ឪពុកម្តាយ និងកូនៗ
ពួកព្យាការីសម័យចុងក្រោយបានបង្រៀនថា « ព្រះបញ្ញាត្តិរបស់ព្រះសម្រាប់កូនចៅរបស់ទ្រង់ដើម្បីបង្កើតកូនចៅឲ្យចម្រើនជាច្រើនឡើងឲ្យមានពាសពេញលើផែនដី នោះនៅតែឲ្យប្រតិបត្តិនៅឡើយ » ( « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » សូមមើលផងដែរ គោលលទ្ធិ និងសេចក្តីសញ្ញា ៤៩:១៦–១៧ ) ។
ស្វាមី និងភរិយាដែលពេញដោយក្តីស្រឡាញ់ រួមគ្នាផ្តល់នូវមជ្ឈដ្ឋានក្នុងការចិញ្ចឹមបីបាច់កូនៗបានយ៉ាងប្រសើរបំផុត ។ កាលៈទេសៈរបស់បុគ្គលម្នាក់ៗអាចរារាំងឪពុកម្តាយមិនឲ្យចិញ្ចឹមបីបាច់កូនៗរួមគ្នា ។ ទោះជាយ៉ាងណាក្តី ព្រះអម្ចាស់នឹងប្រទានពរដល់ពួកគេ នៅពេលពួកគេស្វែងរកជំនួយរបស់ទ្រង់ ហើយព្យាយាមរក្សាសេចក្តីសញ្ញារបស់ពួកគេជាមួយទ្រង់ ។
ឪពុកម្តាយមានទំនួលខុសត្រូវដ៏សំខាន់ដើម្បីជួយកូនៗរបស់ពួកគេ ឲ្យរៀបចំខ្លួនទទួលពរជ័យនៃជីវិតដ៏នៅអស់កល្បជានិច្ច ។ ពួកគេបង្រៀនកូនៗរបស់ពួកគេឲ្យស្រឡាញ់ និងបម្រើព្រះ និងអ្នកដទៃ ( សូមមើល ម៉ាថាយ ២២:៣៦–៤០ ) ។
« ឪពុកត្រូវបានចាត់ឲ្យធ្វើជាអ្នកដឹកនាំនៅក្នុងគ្រួសាររបស់ខ្លួនដោយសេចក្ដីស្រឡាញ់ និងសេចក្ដីសុចរិត ហើយមានភារកិច្ចក្នុងការផ្គត់ផ្គង់សេចក្ដីត្រូវការក្នុងជីវិត ព្រមទាំងការពារក្រុមគ្រួសារខ្លួនផង » ( « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » ) ។ នៅពេលគ្មានស្វាមី ឬឪពុកនៅក្នុងផ្ទះ នោះម្តាយធ្វើជាអធិបតីនៅក្នុងក្រុមគ្រួសារ ។
ការធ្វើជាអធិបតីនៅក្នុងគ្រួសារគឺជាទំនួលខុសត្រូវ ដើម្បីជួយដឹកនាំសមាជិកគ្រួសារឲ្យត្រឡប់ទៅរស់នៅក្នុងវត្តមានរបស់ព្រះវិញ ។ ការណ៍នេះអាចធ្វើទៅបាន តាមរយៈការបម្រើ និងការបង្រៀនដោយភាពទន់ភ្លន់ សុភាពរាបសា និងសេចក្តីស្រឡាញ់ដ៏បរិសុទ្ធ ដោយការធ្វើតាមគំរូរបស់ព្រះយេស៊ូវគ្រីស្ទ ( សូមមើល ម៉ាថាយ ២០:២៦–២៨ ) ។ ការធ្វើជាអធិបតីនៅក្នុងគ្រួសាររួមមានការដឹកនាំសមាជិកគ្រួសារឲ្យមានការអធិស្ឋានជាប្រចាំ ការសិក្សាដំណឹងល្អ និងទិដ្ឋភាពផ្សេងទៀតនៃការថ្វាយបង្គំ ។ ឪពុកម្តាយធ្វើការរួមគ្នាដើម្បីបំពេញការទទួលខុសត្រូវទាំងនេះ ។
« ម្តាយមានភារកិច្ចសំខាន់ដើម្បីថែរក្សាបីបាច់កូនចៅរបស់ខ្លួន » ( « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » ) ។ ការថែរក្សាបីបាច់មានន័យថាត្រូវចិញ្ចឹម បង្រៀន និងគាំទ្រ ដោយធ្វើតាមគំរូនៃព្រះអង្គសង្រ្គោះ ( សូមមើល នីហ្វៃទី៣ ១០:៤ ) ។ ដោយមានសាមគ្គីភាពជាមួយស្វាមីរបស់ខ្លួន នោះម្តាយមួយរូបជួយក្រុមគ្រួសាររបស់ខ្លួនឲ្យរៀនពីសេចក្តីពិតនៃដំណឹងល្អ ហើយអភិវឌ្ឍសេចក្តីជំនឿលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ ជាមួយគ្នា ពួកគេបង្កើតបរិយាកាសនៃសេចក្តីស្រឡាញ់ក្នុងក្រុមគ្រួសារ ។
« នៅក្នុងការទទួលខុសត្រូវដ៏ពិសិដ្ឋទាំងនេះ ឪពុក និងម្តាយមានកាតព្វកិច្ចដើម្បីជួយគ្នាទៅវិញទៅមកជាដៃគូស្មើគ្នា » ( « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » ) ។ ពួកគេប្រឹក្សាប្រកបដោយការអធិស្ឋានជាមួយគ្នា និងជាមួយព្រះអម្ចាស់ ។
២.២
កិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើងរបស់ព្រះនៅក្នុងគេហដ្ឋាន
គណៈប្រធានទីមួយមានប្រសាសន៍ថា « គេហដ្ឋានគឺជាគ្រឹះនៃជីវិតដ៏សុចរិតមួយ » ( លិខិតរបស់គណៈប្រធានទីមួយ ចុះថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ១៩៩៩ ) ។
ដើម្បីគាំទ្រសមាជិកនៅក្នុងការធ្វើកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើងរបស់ព្រះនៅឯគេហដ្ឋាន នោះថ្នាក់ដឹកនាំសាសនាចក្រលើកទឹកចិត្តពួកគេឲ្យស្ថាបនាគេហដ្ឋានមួយដែលមានព្រះវិញ្ញាណគង់នៅ ។ ពួកគាត់ក៏បានលើកទឹកចិត្តសមាជិកឲ្យគោរពថ្ងៃឈប់សម្រាក សិក្សា និងរៀនពីដំណឹងល្អនៅឯគេហដ្ឋាន ហើយធ្វើរាត្រីជួបជុំក្រុមគ្រួសារជារៀងរាល់សប្តាហ៍ផងដែរ ។
២.២.៣
ការសិក្សា និងការរៀនសូត្រដំណឹងល្អនៅឯគេហដ្ឋាន
ការបង្រៀន និងការរៀនសូត្រដំណឹងល្អគឺធ្វើឡើងនៅគេហដ្ឋាន ហើយមានការគាំទ្រពីសាសនាចក្រ ។ ថ្នាក់ដឹកនាំសាសនាចក្រលើកទឹកចិត្តសមាជិកគ្រប់រូបឲ្យសិក្សាដំណឹងល្អនៅឯគេហដ្ឋាននៅថ្ងៃឈប់សម្រាក និងពេញមួយសប្ដាហ៍ ។
ការសិក្សាបទគម្ពីរដូចដែលបានចែងនៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ គឺជាវគ្គសិក្សាដែលបានណែនាំសម្រាប់ការសិក្សាដំណឹងល្អនៅឯគេហដ្ឋាន ។
២.២.៤
រាត្រីជួបជុំក្រុមគ្រួសារ និងសកម្មភាពផ្សេងទៀត
ពួកព្យាការីថ្ងៃចុងក្រោយបានទូន្មានសមាជិកសាសនាចក្រឲ្យធ្វើរាត្រីជួបជុំក្រុមគ្រួសាររៀងរាល់សប្ដាហ៍ ។ នេះគឺជាពេលវេលាដ៏ពិសិដ្ឋសម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារដើម្បីរៀនដំណឹងល្អ ពង្រឹងទីបន្ទាល់ ស្ថាបនាសាមគ្គីភាព ហើយរីករាយជាមួយគ្នា ។
រាត្រីជួបជុំក្រុមគ្រួសារមានភាពបត់បែនស្របតាមស្ថានភាពរបស់សមាជិក ។ វាអាចត្រូវធ្វើឡើងនៅថ្ងៃឈប់សម្រាក ឬថ្ងៃ និងពេលវេលាផ្សេងទៀត ។ វាអាចរួមមាន ៖
-
ការសិក្សា និងការបង្រៀនដំណឹងល្អ ( ឯកសារមេរៀន ចូរមកតាមខ្ញុំ អាចយកមកប្រើបាន ប្រសិនបើចង់ ) ។
-
ការបម្រើដល់មនុស្សដទៃ ។
-
ការច្រៀង ឬការស្តាប់ទំនុកតម្កើង និងចម្រៀងកុមារ ( សូមមើល ជំពូកទី ១៩ ) ។
-
ការគាំទ្រដល់សមាជិកគ្រួសារនៅក្នុង ការអភិវឌ្ឍខ្លួនរបស់កុមារ និងយុវវ័យ ។
-
ក្រុមប្រឹក្សាគ្រួសារដើម្បីដាក់គោលដៅ ដោះស្រាយបញ្ហា ហើយសម្របសម្រួលកាលវិភាគ ។
-
សកម្មភាពកម្សាន្តនានា ។
សមាជិកនៅលីវ និងមនុស្សដទៃទៀតអាចជួបជុំគ្នាជាក្រុមនៅក្រៅកម្មវិធីថ្វាយបង្គំជាធម្មតានៅថ្ងៃឈប់សម្រាក ដើម្បីចូលរួមនៅក្នុងរាត្រីជួបជុំក្រុមគ្រួសារ ហើយពង្រឹងគ្នាតាមរយៈការសិក្សាដំណឹងល្អ ។
២.២.៥
ការគាំទ្រដល់បុគ្គលម្នាក់ៗ
ថ្នាក់ដឹកនាំសាសនាចក្រជួយសមាជិកដែលត្រូវការនូវការគាំទ្របន្ថែម ។ ថ្នាក់ដឹកនាំជួយសមាជិកទាំងនេះ និងក្រុមគ្រួសាររបស់ពួកគេឲ្យមានឱកាសទទួលបានការរាប់អាន បទពិសោធន៍សង្គមល្អៗ និងការរីកចម្រើនខាងវិញ្ញាណ ។
២.៣
ទំនាក់ទំនងរវាងគេហដ្ឋាន និងសាសនាចក្រ
កិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើងរបស់ព្រះគឺផ្ដោតលើគេហដ្ឋាន ហើយបានគាំទ្រដោយសាសនាចក្រ ។ គោលការណ៍ដូចតទៅនេះអនុវត្តចំពោះទំនាក់ទំនងរវាងគេហដ្ឋាន និងសាសនាចក្រ ។
-
ថ្នាក់ដឹកនាំ និងគ្រូបង្រៀនគោរពតួនាទីរបស់ឪពុកម្ដាយ ហើយជួយដល់ពួកគេ ។
-
ការប្រជុំមួយចំនួនរបស់សាសនាចក្រគឺចាំបាច់នៅក្នុងវួដ ឬសាខានីមួយៗ ។ ការប្រជុំទាំងនេះរួមមានការប្រជុំសាក្រាម៉ង់ ការប្រជុំថ្នាក់ និងការប្រជុំកូរ៉ុមដែលធ្វើឡើងនៅថ្ងៃឈប់សម្រាក ។ ការប្រជុំ សកម្មភាព និងកម្មវិធីផ្សេងទៀតជាច្រើនគឺពុំចាំបាច់ទេ ។
-
ព្រះអម្ចាស់នឹងប្រទានពរដល់សមាជិកទាំងឡាយ នៅពេលពួកគេបម្រើ ហើយលះបង់នៅក្នុងសាសនាចក្ររបស់ទ្រង់ ។ ទោះជាយ៉ាងណា ចំនួនពេលវេលាដែលបានផ្ដល់ឲ្យទៅកម្មវិធីសាសនាចក្រពុំគួរកាត់បន្ថយលទ្ធភាពរបស់សមាជិក ដើម្បីបំពេញការទទួលខុសត្រូវរបស់ពួកគេនៅក្នុងគេហដ្ឋាន កន្លែងការងារ និងកន្លែងផ្សេងទៀតនោះទេ ។