« ៣. គោលការណ៍ទាំងឡាយនៃបព្វជិតភាព » ជម្រើសចេញមកពីក្បួនខ្នាតទូទៅ ( ឆ្នាំ២០២៣ ) ។
« ៣. គោលការណ៍ទាំងឡាយនៃបព្វជិតភាព »ជម្រើសចេញមកពីក្បួនខ្នាតទូទៅ
៣.
គោលការណ៍ទាំងឡាយនៃបព្វជិតភាព
៣.០
សេចក្តីផ្ដើម
បព្វជិតភាពគឺជាសិទ្ធិអំណាច និងជាអំណាចរបស់ព្រះ ។ តាមរយៈបព្វជិតភាព ព្រះវរបិតាសួគ៌បានសម្រេចកិច្ចការរបស់ទ្រង់ដើម្បី « នាំឲ្យមានអមតភាព និងជីវិតដ៏នៅអស់កល្បជានិច្ចដល់មនុស្ស » ( ម៉ូសេ ១:៣៩ ) ។ ព្រះប្រទានសិទ្ធិអំណាច និងអំណាចដល់បុត្រា និងបុត្រីរបស់ទ្រង់នៅលើផែនដីដើម្បីជួយធ្វើកិច្ចការនេះ ( សូមមើល ជំពូកទី ១ ) ។
៣.២
ពរជ័យនៃបព្វជិតភាព
តាមរយៈសេចក្តីសញ្ញា និងពិធីបរិសុទ្ធនៃបព្វជិតភាព ព្រះបានធ្វើឲ្យពរជ័យដ៏មហិមាទាំងឡាយមានចំពោះបុត្រាបុត្រីរបស់ទ្រង់ទាំងអស់ ។ ពរជ័យទាំងនេះរួមមាន ៖
-
ពិធីបុណ្យជ្រមុជទឹក និងសមាជិកភាពនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។
-
អំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ។
-
ការទទួលទានសាក្រាម៉ង់ ។
-
សិទ្ធិអំណាច និងអំណាចដើម្បីបម្រើនៅក្នុងការហៅបម្រើក្នុងសាសនាចក្រ និងការចាត់តាំងទាំងឡាយ ។
-
ការទទួលពរជ័យអយ្យកោ និងពរជ័យដទៃទៀតនៃបព្វជិតភាពដូចជា ការព្យាបាល ការលួងលោម និងការដឹកនាំ ។
-
ការទទួលបានអំណោយទានពិសិដ្ឋជាមួយអំណាចរបស់ព្រះនៅក្នុងព្រះវិហារបរិសុទ្ធ ។
-
ការផ្សារភ្ជាប់ជាមួយសមាជិកគ្រួសាររហូតដល់អស់កល្បជានិច្ច ។
-
សេចក្តីសន្យានៃជីវិតអស់កល្បជានិច្ច ។
៣.៣
បព្វជិតភាពម៉ិលគីស្សាដែក និងបព្វជិតភាពអើរ៉ុន
នៅក្នុងសាសនាចក្រ បព្វជិតភាពមានពីរផ្នែក ៖ បព្វជិតភាពម៉ិលគីស្សាដែក និងបព្វជិតភាពអើរ៉ុន ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:១ ) ។
៣.៣.១
បព្វជិតភាពម៉ិលគីស្សាដែក
បព្វជិតភាពម៉ិលគីស្សាដែកគឺជា « បព្វជិតភាពដ៏បរិសុទ្ធ តាមរបៀបនៃព្រះរាជបុត្រានៃព្រះ » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ១០៧:៣ ) ។ វាគឺជាអំណាចដែលបុត្រា និងបុត្រីនៃព្រះអាចប្រែក្លាយដូចជាទ្រង់បានតាមរយៈអំណាចនេះ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៨៤:១៩–២១; ១៣២:១៩–២០ ) ។
តាមរយៈសិទ្ធិអំណាចនេះ ថ្នាក់ដឹកនាំសាសនាចក្រដឹកនាំ និងគ្រប់គ្រងកិច្ចការខាងវិញ្ញាណទាំងអស់នៃសាសនាចក្រ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ១០៧:១៨ ) ។
ប្រធានស្តេកគឺជាសង្ឃជាន់ខ្ពស់ជាអធិបតីនៅក្នុងស្តេក ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ១០៧:៨, ១០; សូមមើលផងដែរ ជំពូកទី ៦ នៅក្នុងក្បួនខ្នាតនេះ ) ។ ប៊ីស្សពគឺជាសង្ឃជាន់ខ្ពស់ជាអធិបតីនៅក្នុងវួដ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ១០៧:១៧; សូមមើលផងដែរ ជំពូកទី ៧ នៅក្នុងក្បួនខ្នាតនេះ ) ។
សម្រាប់ព័ត៌មានអំពីមុខតំណែង និងការទទួលខុសត្រូវទាំងឡាយនៃបព្វជិតភាពម៉ិលគីស្សាដែក សូមមើល ៨.១ ។
៣.៣.២
បព្វជិតភាពអើរ៉ុន
បព្វជិតភាពអើរ៉ុនគឺជា « ការបន្តោងបញ្ជាប់ទៅនឹង … បព្វជិតភាពម៉ិលគីស្សាដែក » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ១០៧:១៤ ) ។ វារួមមានកូនសោនៃ ៖
-
ការងារបម្រើនៃពួកទេវតា ។
-
ដំណឹងល្អនៃការប្រែចិត្ត ។
-
ការគ្រប់គ្រងពិធីបរិសុទ្ធខាងក្រៅ រួមមានទាំងពិធីបុណ្យជ្រមុជទឹកសម្រាប់ការផ្តាច់បាប ។
( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ១៣:១; ៨៤:២៦–២៧; ១០៧:២០ ) ។
ប៊ីស្សពគឺជាប្រធាននៃបព្វជិតភាពអើរ៉ុននៅក្នុងវួដ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ១០៧:១៥ ) ។
សម្រាប់ព័ត៌មានអំពីមុខតំណែង និងការទទួលខុសត្រូវទាំងឡាយនៃបព្វជិតភាពអើរ៉ុន សូមមើល ១០.១.៣ ។
៣.៤
សិទ្ធិអំណាចបព្វជិតភាព
សិទ្ធិអំណាចបព្វជិតភាពគឺជាការផ្តល់សិទ្ធិអំណាចដើម្បីធ្វើជាអ្នកតំណាងឲ្យព្រះ និងប្រព្រឹត្តនៅក្នុងព្រះនាមទ្រង់ ។ នៅក្នុងសាសនាចក្រ សិទ្ធិអំណាចបព្វជិតភាពទាំងអស់ត្រូវបានអនុវត្តនៅក្រោមការដឹកនាំរបស់អ្នកទាំងឡាយណា ដែលកាន់កូនសោទាំងឡាយនៃបព្វជិតភាព ។
៣.៤.១
កូនសោទាំងឡាយនៃបព្វជិតភាព
កូនសោទាំងឡាយនៃបព្វជិតភាពគឺជាសិទ្ធិអំណាចដើម្បីដឹកនាំការប្រើប្រាស់បព្វជិតភាពជំនួសឲ្យបុត្រាបុត្រីរបស់ព្រះ ។
៣.៤.១.១
អ្នកដែលកាន់កូនសោបព្វជិតភាព
ព្រះអម្ចាស់បានប្រគល់ឲ្យសាវករបស់ទ្រង់ម្នាក់ៗនូវកូនសោទាំងអស់ ដែលទាក់ទងនឹងនគរនៃព្រះលើផែនដី ។ សាវកច្បងដែលនៅរស់ ដែលជាប្រធានសាសនាចក្រ គឺជាមនុស្សតែម្នាក់គត់នៅលើផែនដីនេះ ដែលមានសិទ្ធិអនុវត្តគ្រប់កូនសោបព្វជិតភាពទាំងអស់នោះ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៨១:១–២; ១០៧:៦៤–៦៧, ៩១–៩២; ១៣២:៧ ) ។
ក្រោមការដឹកនាំរបស់ប្រធាននៃសាសនាចក្រ ថ្នាក់ដឹកនាំបព្វជិតភាពដូចខាងក្រោមទទួលបានកូនសោទាំងឡាយ ដើម្បីពួកគាត់អាចធ្វើជាអធិបតីនៅលើតំបន់ដែលពួកគាត់ទទួលខុសត្រូវ ៖
-
ប្រធានស្តេក និងប្រធានមណ្ឌល ។
-
ប៊ីស្សព និងប្រធានសាខា ។
-
ប្រធានកូរ៉ុមបព្វជិតភាពម៉ិលគីស្សាដែក និងបព្វជិតភាពអើរ៉ុន ។
-
ប្រធានព្រះវិហារបរិសុទ្ធ ។
-
ប្រធានបេសកកម្ម និងប្រធានមជ្ឈមណ្ឌលបំពាក់បំប៉នអ្នកផ្សព្វផ្សាយសាសនា ។
ថ្នាក់ដឹកនាំទាំងនេះទទួលកូនសោទាំងឡាយនៃបព្វជិតភាព នៅពេលពួកគាត់ត្រូវបានញែកចេញចំពោះការហៅបម្រើរបស់ពួកគាត់ ។
កូនសោទាំងឡាយនៃបព្វជិតភាពគឺមិនឲ្យដល់អ្នកដទៃឡើយ រួមទាំងទីប្រឹក្សាថ្នាក់ដឹកនាំបព្វជិតភាពក្នុងមូលដ្ឋាន ឬប្រធាននៃអង្គការរបស់សាសនាចក្រផងដែរ ។ ប្រធាននៃអង្គការទាំងឡាយនៃសាសនាចក្រធ្វើជាអធិបតីក្រោមការដឹកនាំរបស់អស់អ្នកដែលកាន់កូនសោទាំងឡាយនៃបព្វជិតភាព ( សូមមើលលេខ ៤.២.៤ ) ។
៣.៤.១.២
របៀបរៀបរយនៃកិច្ចការរបស់ព្រះអម្ចាស់
កូនសោទាំងឡាយនៃបព្វជិតភាពធានាឲ្យបានថា កិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើងគឺត្រូវបានសម្រេចដោយមានរបៀបរៀបរយ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ៤២:១១; ១៣២:៨ ) ។ អ្នកដែលកាន់កូនសោនៃបព្វជិតភាពដឹកនាំកិច្ចការរបស់ព្រះអម្ចាស់នៅក្នុងតំបន់ដែលពួកគាត់ទទួលខុសត្រូវ ។ សិទ្ធិអំណាចជាអធិបតីនេះមានសុពលភាពតែលើការទទួលខុសត្រូវជាក់លាក់នៃការហៅបម្រើរបស់ថ្នាក់ដឹកនាំរូបនេះប៉ុណ្ណោះ ។ នៅពេលថ្នាក់ដឹកនាំបព្វជិតភាពត្រូវបានដោះលែងពីការហៅបម្រើរបស់ពួកគាត់ នោះពួកគាត់មិនអាចកាន់កូនសោទាំងនេះបានទៀតទេ ។
៣.៤.២
ការប្រគល់ និងការតែងតាំងបព្វជិតភាព
ក្រោមការដឹកនាំរបស់អ្នកដែលកាន់កូនសោបព្វជិតភាព នោះបព្វជិតភាពអើរ៉ុន និងបព្វជិតភាពម៉ិលគីស្សាដែកគឺត្រូវបានប្រគល់ឲ្យសមាជិកសាសនាចក្រជាបុរសដែលមានភាពស័ក្ដិសមក្នុងសាសនាចក្រ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៨៤:១៤–១៧ ) ។ បន្ទាប់ពីបព្វជិតភាពត្រឹមត្រូវត្រូវបានប្រគល់ហើយ នោះបុគ្គលរូបនេះត្រូវបានតែងតាំងទៅក្នុងតំណែងមួយនៅក្នុងបព្វជិតភាពនោះ ដូចជា ឌីកុន ឬជាអែលឌើរ ។ អ្នកកាន់បព្វជិតភាពម្នាក់អនុវត្តបព្វជិតភាពស្របតាមសិទ្ធិ និងកាតព្វកិច្ចនៃតំណែងនោះ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ១០៧:៩៩ ) ។
សម្រាប់ព័ត៌មានបន្ថែមអំពីការប្រគល់ និងការតែងតាំងបព្វជិតភាព សូមមើល ៨.១.១ និង ១៨.១០ ។
៣.៤.៣
ការបែងចែកសិទ្ធិអំណាចបព្វជិតភាពដើម្បីបម្រើនៅក្នុងសាសនាចក្រ
៣.៤.៣.១
ការធ្វើពិធីញែកចេញ
នៅពេលសមាជិកសាសនាចក្រត្រូវបានញែកចេញនៅក្រោមការដឹកនាំរបស់អ្នកទាំងឡាយដែលកាន់កូនសោបព្វជិតភាព នោះពួកគេត្រូវបានផ្ដល់ឲ្យនូវសិទ្ធិអំណាចមកពីព្រះ ដើម្បីធ្វើសកម្មភាពនៅក្នុងការហៅបម្រើនោះ ។ ឧទាហរណ៍ ៖
-
ស្ត្រីម្នាក់ដែលត្រូវបានហៅ ហើយបានញែកចេញដោយប៊ីស្សពជាប្រធានសមាគមសង្គ្រោះវួដ ត្រូវបានផ្ដល់ឲ្យនូវសិទ្ធិអំណាចដើម្បីដឹកនាំកិច្ចការនៃសមាគមសង្គ្រោះនៅក្នុងវួដ ។
អស់អ្នកដែលត្រូវបានហៅ ហើយញែកចេញ បម្រើនៅក្រោមការដឹកនាំរបស់អ្នកដែលជាអធិបតីលើពួកគេ ( សូមមើល ៣.៤.១.២ ) ។
នៅពេលពួកគេត្រូវបានដោះលែងពីការហៅបម្រើមួយ នោះពួកគេលែងមានសិទ្ធិអំណាចដែលពាក់ព័ន្ធនឹងការហៅបម្រើនោះទៀតហើយ ។
៣.៤.៣.២
ការចាត់តាំង
ថ្នាក់ដឹកនាំជាអធិបតីក្នុងសាសនាចក្រអាចបែងចែកសិទ្ធិអំណាចតាមរយៈការចាត់តាំង ។ នៅពេលបុរស និងស្ត្រីទទួលបានការចាត់តាំងទាំងនេះ នោះពួកគេត្រូវបានផ្ដល់ឲ្យនូវសិទ្ធិអំណាចមកពីព្រះដើម្បីធ្វើសកម្មភាព ។ ឧទាហរណ៍ ៖
-
គណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បែងចែកសិទ្ធិអំណាចទៅឲ្យពួកចិតសិបនាក់ ដែលត្រូវបានចាត់តាំងឲ្យគ្រប់គ្រងតំបន់ទាំងឡាយ ហើយធ្វើជាអធិបតីនៅក្នុងសន្និសីទស្តេក ។
-
សិទ្ធិអំណាចត្រូវបានបែងចែកដល់សមាជិកសាសនាចក្រដើម្បីបម្រើជាបងប្អូនប្រុស និងបងប្អូនស្រីដែលផ្ដល់ការងារបម្រើ ។
សិទ្ធិអំណាចដែលត្រូវបានបែងចែកតាមរយៈការចាត់តាំង មានការកំណត់ចំពោះការទទួលខុសត្រូវ និងរយៈពេលជាក់លាក់នៃការចាត់តាំងនោះ ។
៣.៤.៤
ការអនុវត្តសិទ្ធិអំណាចបព្វជិតភាពដោយសុចរិត
សិទ្ធិអំណាចនេះអាចត្រូវបានប្រើតែនៅក្នុងសេចក្ដីសុចរិតប៉ុណ្ណោះ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ១២១:៣៦ ) ។ វាត្រូវបានអនុវត្តដោយការលួងលោម ការអត់ធ្មត់ ភាពទន់ភ្លន់ ភាពស្លូតបូត សេចក្តីស្រឡាញ់ និងសណ្តានចិត្តល្អ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ១២១:៤១–៤២ ) ។
អ្នកដែលអនុវត្តសិទ្ធិអំណាចបព្វជិតភាពពុំបង្ខំមនុស្សដទៃឲ្យធ្វើតាមឆន្ទៈរបស់ខ្លួនឡើយ ។ ពួកគេពុំប្រើប្រាស់វាសម្រាប់គោលបំណងដ៏អាត្មានិយមនោះទេ ។
៣.៥
អំណាចបព្វជិតភាព
អំណាចបព្វជិតភាព គឺជាអំណាចរបស់ព្រះ ដែលទ្រង់ប្រើដើម្បីប្រទានពរដល់កូនចៅរបស់ទ្រង់ ។ អំណាចបព្វជិតភាពរបស់ព្រះកើតមានដល់សមាជិកគ្រប់រូបក្នុងសាសនាចក្រ—ទាំងប្រុសទាំងស្រី—នៅពេលពួកគេរក្សាសេចក្ដីសញ្ញាដែលពួកគេបានធ្វើជាមួយនឹងទ្រង់ ។ សមាជិកចុះសេចក្ដីសញ្ញាទាំងនេះ នៅពេលពួកគេទទួលពិធីបរិសុទ្ធនៃបព្វជិតភាព ។ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ៨៤:១៩–២០ ) ។
ពរជ័យនៃអំណាចបព្វជិតភាពដែលសមាជិកអាចទទួលបានរួមមាន ៖
-
ការដឹកនាំសម្រាប់ជីវិតរបស់ពួកគេ ។
-
វិវរណៈដើម្បីដឹងពីរបៀបបំពេញកិច្ចការដែលពួកគេត្រូវបានតែងតាំង ញែកចេញ ឬចាត់ឲ្យធ្វើ ។
-
ជំនួយ និងកម្លាំងដើម្បីក្លាយកាន់តែដូចជាព្រះយេស៊ូវគ្រីស្ទ និងព្រះវរបិតាសួគ៌ ។
៣.៥.១
សេចក្ដីសញ្ញាទាំងឡាយ
សេចក្តីសញ្ញាគឺជាការសន្យាដ៏ពិសិដ្ឋមួយរវាងព្រះ និងបុត្រាបុត្រីរបស់ទ្រង់ ។ ព្រះប្រទានលក្ខខណ្ឌចំពោះសេចក្ដីសញ្ញានោះ ហើយបុត្រាបុត្រីរបស់ទ្រង់យល់ព្រមដើម្បីគោរពតាមលក្ខខណ្ឌទាំងនោះ ។ ព្រះសន្យានឹងប្រទានពរដល់បុត្រាបុត្រីរបស់ទ្រង់ នៅពេលពួកគេបំពេញតាមសេចក្ដីសញ្ញានោះ ។
មនុស្សគ្រប់រូបដែលកាន់ខ្ជាប់ដរាបដល់ចុងបំផុតនៅក្នុងការរក្សាសេចក្ដីសញ្ញារបស់ពួកគេ នឹងទទួលបានជីវិតដ៏នៅអស់កល្បជានិច្ច ( សូមមើល នីហ្វៃទី២ ៣១:១៧–២០; គោលលទ្ធិ និងសេចក្ដីសញ្ញា ១៤:៧ ) ។
ឪពុកម្តាយ ថ្នាក់ដឹកនាំសាសនាចក្រ និងមនុស្សដទៃទៀតជួយបុគ្គលម្នាក់ៗឲ្យរៀបចំខ្លួនដើម្បីចុះសេចក្តីសញ្ញា នៅពេលដែលពួកគេទទួលពិធីបរិសុទ្ធនៃដំណឹងល្អ ។ ពួកគាត់ធានាឲ្យបានថា បុគ្គលរូបនោះយល់ពីសេចក្តីសញ្ញាដែលគាត់ ឬនាងនឹងចុះ ។ បន្ទាប់ពីមនុស្សម្នាក់ចុះសេចក្តីសញ្ញាមួយហើយ នោះពួកគាត់ជួយគាត់ ឬនាងឲ្យរក្សាសេចក្តីសញ្ញានោះ ។ ( សូមមើល ម៉ូសាយ ១៨:៨–១១, ២៣–២៦ ) ។
៣.៥.២
ពិធីបរិសុទ្ធទាំងឡាយ
ពិធីបរិសុទ្ធគឺជាកិច្ចការដ៏ពិសិដ្ឋមួយដែលបានធ្វើឡើងដោយសិទ្ធិអំណាចនៃបព្វជិតភាព ។
នៅក្នុងពិធីបរិសុទ្ធជាច្រើន បុគ្គលម្នាក់ៗចុះសេចក្តីសញ្ញាជាមួយព្រះ ។ ឧទាហរណ៍រួមមាន ពិធីបុណ្យជ្រមុជទឹក ពិធីសាក្រាម៉ង់ អំណោយទានពិសិដ្ឋ និងពិធីបរិសុទ្ធនៃការផ្សារភ្ជាប់អាពាហ៍ពិពាហ៍ ។
ពិធីបរិសុទ្ធនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើងគឺចាំបាច់ដើម្បីទទួលបានជីវិតដ៏នៅអស់កល្បជានិច្ច ។ សម្រាប់ព័ត៌មានបន្ថែម សូមមើល ១៨.១ ។
៣.៦
បព្វជិតភាព និងគេហដ្ឋាន
សមាជិកសាសនាចក្រទាំងអស់ដែលរក្សាសេចក្តីសញ្ញារបស់ពួកគេ—ស្ត្រី បុរស និងកុមារ—នឹងទទួលបានពរជ័យជាមួយនឹងអំណាចបព្វជិតភាពរបស់ព្រះនៅក្នុងគេហដ្ឋានរបស់ពួកគេ ដើម្បីពង្រឹងខ្លួនគេ និងក្រុមគ្រួសាររបស់ពួកគេ ( សូមមើល ៣.៥ ) ។ អំណាចនេះនឹងជួយសមាជិកនៅក្នុងការធ្វើកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើងរបស់ព្រះនៅក្នុងជីវិតផ្ទាល់ខ្លួនរបស់ពួកគេ និងក្រុមគ្រួសាររបស់ពួកគេ ( សូមមើល ២.២ ) ។
បុរសដែលកាន់បព្វជិតភាពម៉ិលគីស្សាដែក អាចផ្តល់ពរជ័យបព្វជិតភាពដល់សមាជិកគ្រួសារដើម្បីផ្តល់ការដឹកនាំ ការព្យាបាល និងការលួងលោម ។ នៅពេលត្រូវការ សមាជិកសាសនាចក្រក៏អាចស្វែងរកពរជ័យទាំងនេះពីសាច់ញាតិជិតឆ្ងាយផ្សេងទៀត បងប្អូនប្រុសដែលផ្ដល់ការងារបម្រើ ឬថ្នាក់ដឹកនាំសាសនាចក្រក្នុងមូលដ្ឋានផងដែរ ។