« ៦. ថ្នាក់ដឹកនាំស្តេក » ជម្រើសចេញមកពីក្បួនខ្នាតទូទៅ ( ឆ្នាំ២០២៣ ) ។
« ៦. ថ្នាក់ដឹកនាំស្តេក » ជម្រើសចេញមកពីក្បួនខ្នាតទូទៅ
៦.
ថ្នាក់ដឹកនាំស្តេក
៦.១
គោលបំណងរបស់ស្ដេក
អេសាយបានរៀបរាប់ពីក្រុងស៊ីយ៉ូននៅថ្ងៃចុងក្រោយប្រៀបដូចជាត្រសាល ឬរោងឧបោសថមួយដែលបានការពារដោយចំរឹង ( សូមមើល អេសាយ ៣៣:២០; ៥៤:២ ) ។
ព្រះអម្ចាស់ស្ថាបនាស្ដេកសម្រាប់ « ការប្រមូលគ្នា » នៃរាស្ត្ររបស់ទ្រង់ និង « ជាទីការពារ និងជាទីជ្រកកោន … » ពីពិភពលោកនេះ ( គោលលទ្ធិ និងសេចក្ដីសញ្ញា ១១៥:៦ ) ។
៦.២
គណៈប្រធានស្តេក
ប្រធានស្តេកកាន់កូនសោទាំងឡាយនៃបព្វជិតភាព ដើម្បីដឹកនាំកិច្ចការសាសនាចក្រនៅក្នុងស្តេក ( សូមមើល ៣.៤.១ ) ។ គាត់ និងទីប្រឹក្សារបស់គាត់បង្កើតបានជាគណៈប្រធានស្ដេក ។ ពួកគាត់មើលថែដល់សមាជិកស្ដេកដោយសេចក្ដីស្រឡាញ់ ដោយជួយពួកគេឲ្យក្លាយទៅជាអ្នកដើរតាមដ៏ពិតរបស់ព្រះយេស៊ូវគ្រីស្ទ ។
ប្រធានស្តេកមានការទទួលខុសត្រូវសំខាន់ៗចំនួនបួន ៖
-
គាត់គឺជាសង្ឃជាន់ខ្ពស់ជាអធិបតីនៅក្នុងស្ដេក ។
-
គាត់ដឹកនាំកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើងរបស់ព្រះនៅក្នុងស្ដេក ។
-
គាត់គឺជាចៅក្រមទូទៅមួយរូប ។
-
គាត់មើលការខុសត្រូវលើកំណត់ត្រា ហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិនានា ។
៦.៣
ភាពខុសគ្នារវាងសិទ្ធិអំណាចនៃប្រធានមណ្ឌល និងប្រធានស្ដេក
នៅក្នុងមណ្ឌល អ្នកកាន់បព្វជិតភាពម៉ិលគីស្សាដែកមួយរូបត្រូវបានហៅជាប្រធានមណ្ឌល ។ ភាគច្រើនគាត់បម្រើដូចជាប្រធានស្ដេកដែរ ប៉ុន្តែមានភាពខុសគ្នាដូចតទៅនេះ ៖
-
គាត់មិនមែនជាប្រធានកូរ៉ុមសង្ឃជាន់ខ្ពស់ទេ ។ កូរ៉ុមនេះត្រូវបានរៀបចំឡើងតែនៅក្នុងស្ដេកប៉ុណ្ណោះ ។
-
ដោយមានការអនុម័តពីប្រធានបេសកកម្ម នោះប្រធានមណ្ឌលអាចសម្ភាសបងប្អូនប្រុសម្នាក់ ដើម្បីតែងតាំងជាអែលឌើរបាន ។ ប្រធានមណ្ឌលម្នាក់ ឬនរណាម្នាក់នៅក្រោមការដឹកនាំរបស់គាត់ក៏អាច ( ១ ) ដាក់បង្ហាញបងប្អូនប្រុសម្នាក់ដើម្បីទទួលការគាំទ្រ និង ( ២ ) ធ្វើការតែងតាំងបានផងដែរ ( សូមមើល ១៨.១០.១.៣, ១៨.១០.៣ និង ១៨.១០.៤ ) ។ ទោះជាយ៉ាងណា ប្រធានមណ្ឌលម្នាក់ មិនអាចតែងតាំងលោកអយ្យកោ សង្ឃជាន់ខ្ពស់ ឬប៊ីស្សពបានឡើយ ។
-
ដោយមានការអនុម័តពីប្រធានបេសកកម្ម នោះប្រធានមណ្ឌលអាចញែកចេញប្រធានសាខាបាន ( សូមមើល ១៨.១១ ) ។
-
គាត់មិនដោះលែងពួកអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងទេ ។
-
គាត់មិនធ្វើការសម្ភាសទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធ ឬចុះហត្ថលេខាលើប័ណ្ណចូលព្រះវិហារបរិសុទ្ធទេ ( សូមមើល ២៦.៣.១ ) ។
-
គាត់មិនហៅមកប្រជុំក្រុមប្រឹក្សាសមាជិកភាពទេ លើកលែងតែបានទទួលសិទ្ធិអនុញ្ញាតមកពីប្រធានបេសកកម្ម ។
៦.៥
ក្រុមប្រឹក្សាជាន់ខ្ពស់
គណៈប្រធានស្តេកហៅសង្ឃជាន់ខ្ពស់ចំនួន ១២ រូបដើម្បីបង្កើតក្រុមប្រឹក្សាជាន់ខ្ពស់ស្តេក ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ១០២:១; ១២៤:១៣១ ) ។
៦.៥.១
តំណាងឲ្យគណៈប្រធានស្តេក
គណៈប្រធានស្ដេកចាត់តាំងទីប្រឹក្សាជាន់ខ្ពស់ម្នាក់សម្រាប់វួដនីមួយៗនៅក្នុងស្ដេក ។
គណៈប្រធានស្ដេកក៏ចាត់តាំងទីប្រឹក្សាជាន់ខ្ពស់មួយរូបសម្រាប់កូរ៉ុមអែលឌើរនីមួយៗនៅក្នុងស្ដេកផងដែរ ។
គណៈប្រធានស្ដេកអាចចាត់ទីប្រឹក្សាជាន់ខ្ពស់ ឲ្យណែនាំដល់បុគ្គលដូចតទៅនេះនៅក្នុងការទទួលខុសត្រូវរបស់ពួកគេចំពោះកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ព្រមទាំងកិច្ចការផ្សព្វផ្សាយសាសនា ៖
-
គណៈប្រធានកូរ៉ុមអែលឌើរ
-
អ្នកដឹកនាំបេសកកម្មវួដ
-
អ្នកដឹកនាំផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិវួដ
៦.៧
អង្គការទាំងឡាយក្នុងស្ដេក
អង្គការសមាគមសង្គ្រោះ ក្រុមយុវនារី អង្គការបឋមសិក្សា សាលាថ្ងៃអាទិត្យ និងក្រុមយុវជនត្រូវមានប្រធានម្នាក់ដើម្បីដឹកនាំ ។ ប្រធានទាំងនេះបម្រើនៅក្រោមការដឹកនាំរបស់គណៈប្រធានស្ដេក ។
ការទទួលខុសត្រូវចម្បងនៃថ្នាក់ដឹកនាំទាំងនេះគឺត្រូវជួយដល់គណៈប្រធានស្ដេក បង្រៀន និងគាំទ្រដល់គណៈប្រធានអង្គការ ។
៦.៧.១
គណៈប្រធានសមាគមសង្គ្រោះ ក្រុមយុវនារី អង្គការបឋមសិក្សា និងសាលាថ្ងៃអាទិត្យស្ដេក
សមាជិកនៃគណៈប្រធានទាំងនេះមានការទទួលខុសត្រូវដូចខាងក្រោម ៖
-
បម្រើនៅក្នុងក្រុមប្រឹក្សាស្ដេក ( តែប្រធានប៉ុណ្ណោះ ) ។
-
ផ្តល់ការណែនាំដល់គណៈប្រធានអង្គការទាំងឡាយក្នុងវួដដែលទើបបានហៅថ្មី ។
-
ផ្ដល់ការគាំទ្រ និងការបង្រៀនជាបន្តបន្ទាប់ ។ ប្រាស្រ័យទាក់ទងជាមួយនឹងគណៈប្រធានអង្គការទាំងឡាយក្នុងវួដជាទៀងទាត់ ដើម្បីដឹងពីសេចក្ដីត្រូវការរបស់ពួកគេ ពិភាក្សាពីសេចក្ដីត្រូវការរបស់សមាជិកដែលពួកគេបម្រើ និងពាំនាំនូវព័ត៌មានទំនាក់ទំនងមកពីគណៈប្រធានស្ដេក ។
-
ធ្វើការណែនាំដល់គណៈប្រធានអង្គការទាំងឡាយក្នុងវួដអំឡុងការប្រជុំថ្នាក់ដឹកនាំស្ដេក ( សូមមើល ២៩.៣.៤ ) ។
៦.៧.២
គណៈប្រធានក្រុមយុវជនស្តេក
គណៈប្រធានក្រុមយុវជនស្ដេកមានការទទួលខុសត្រូវដូចខាងក្រោម ៖
-
បម្រើជាធនធានសម្រាប់គណៈប៊ីស្សពនៅក្នុងការទទួលខុសត្រូវរបស់ពួកគាត់សម្រាប់បងប្អូនប្រុសជាបព្វជិតភាពអើរ៉ុន ។
-
បម្រើនៅក្នុងគណៈកម្មការថ្នាក់ដឹកនាំយុវវ័យស្ដេក ( សូមមើល ២៩.៣.១០ ) ។
-
ក្រោមការដឹកនាំរបស់គណៈប្រធានស្ដេក ដាក់ផែនការ ហើយសម្របសម្រួលសកម្មភាពបព្វជិតភាពអើរ៉ុន និងការបោះជំរំ ។