ការរៀន​ភាសា​អង់គ្លេស
សំណួរ​ដែល​ចោទសួរ​ញឹកញាប់


« សំណួរ​ដែល​ចោទសួរ​ញឹកញាប់ » សម្រាប់​គ្រូបង្រៀន EnglishConnect ( ឆ្នាំ ២០២៣ )

« សំណួរ​ដែល​ចោទសួរ​ញឹកញាប់ » សម្រាប់​គ្រូបង្រៀន EnglishConnect

សំណួរ​ដែល​ចោទសួរ​ញឹកញាប់

ខាងក្រោម​នេះ​គឺជា​សំណួរ​ទូទៅ​មួយចំនួន​អំពី EnglishConnect ។ សំណួរ​ដែល​ចោទសួរ​ញឹកញាប់​បន្ថែម​សម្រាប់​អ្នករៀន គ្រូបង្រៀន និង​ថ្នាក់ដឹកនាំ​អាច​រក​បាន​នៅ​លើ​គេហទំព័រ englishconnect.org/help ។

តើ​ខ្ញុំ​ត្រូវការ​បទពិសោធន៍​បង្រៀន​ដើម្បី​ធ្វើជា​គ្រូបង្រៀន EnglishConnect ដែរ​ឬ​ទេ ?

តើ​ខ្ញុំ​បង្រៀន​អ្នករៀន​ដោយ​របៀបណា ប្រសិនបើ​ខ្ញុំ​មិន​ចេះ​ភាសា​របស់​ពួកគេ​ផង​នោះ ?

តើ​យើង​អាច​និយាយ​ភាសា​កំណើត​ក្នុង​អំឡុង​ពេល​ក្រុម​សន្ទនា​បាន​ដែរ​ឬ​ទេ ?

តើ​ខ្ញុំ​បង្រៀន​ក្រុម​ពហុភាសា​ដោយ​របៀបណា ?

តើ​ខ្ញុំ​ជួយ​អ្នករៀន​អនុវត្ដ​ភាសា​អង់គ្លេស​ប្រចាំថ្ងៃ​ដោយ​របៀបណា ?

តើ​ខ្ញុំ​រៀបចំ​ក្រុម EnglishConnect ដោយ​របៀប​ណា ?

តើ​ការប្រជុំ​ក្រុម EnglishConnect មាន​រយៈពេល​ប៉ុន្មាន ?

តើ​ក្រុម​របស់​ខ្ញុំ​គួរ​ជួប​គ្នា​ញឹកញាប់​ប៉ុនណា ?

តើ​ខ្ញុំ​អាច​បង្រៀន​មេរៀន​ច្រើនជាង​មួយ​នៅក្នុង​ការប្រជុំ​ក្រុម​បាន​ទេ ?

តើ​ខ្ញុំ​ដឹង​ដោយ​របៀបណា​នូវ​កម្រិត EnglishConnect ដែល​អ្នករៀន​គួរ​ចូលរួម ?

តើ EnglishConnect ៣ ជាអ្វី ?

តើ​ខ្ញុំ​អាច​ជួយ​អ្នករៀន​ដែល​ចូលរួម​ក្នុង​ក្រុម​ដែល​កំពុង​ដំណើរការ​រួចហើយ​ដោយ​របៀបណា ?

ចុះបើ​អ្នករៀន​ខកខាន​ការប្រជុំ​ក្រុម ឬ​ឈប់​មក​វិញ​នោះ ?

តើ​ខ្ញុំ​គាំទ្រ​អ្នករៀន​ដែល​កំពុងរៀន​ក្នុង​ល្បឿន​យឺត​ជាង​អ្នក​ផ្សេង​ទៀត​ក្នុង​ក្រុម​ដោយ​របៀបណា ?

តើ​ខ្ញុំ​គាំទ្រ​អ្នករៀន​ដែល​កំពុងរៀន​ក្នុង​ល្បឿន​លឿន​ដោយ​របៀបណា ?

តើ​ខ្ញុំ​គាំទ្រ​អ្នករៀន​ដែល​មាន​សមត្ថភាព​និយាយ​ភាសា​អង់គ្លេស​ខុស​គ្នា​ដោយ​របៀបណា ?

តើ​ខ្ញុំ​ត្រូវ​ធ្វើ​យ៉ាង​ណា​ពេល​សិស្ស​សួរ​សំណួរ​អំពី​វេយ្យាករណ៍ ?

តើ​ខ្ញុំ​គួរ​កែ​ការបញ្ចេញ​សំឡេង​ដែរ​ឬ​ទេ ?

តើ​ខ្ញុំ​ចុះ​ឈ្មោះ និង​គ្រប់គ្រង​ក្រុម EnglishConnect របស់ខ្ញុំ​ដោយ​របៀបណា ?

តើ​សិស្ស​ទទួល​បានវិញ្ញាបនបត្រ EnglishConnect ដោយ​របៀប​ណា ?

តើ​ខ្ញុំ​ត្រូវការ​បទពិសោធន៍​បង្រៀន​ដើម្បី​ធ្វើជា​គ្រូបង្រៀន EnglishConnect ដែរ​ឬ​ទេ ?

អ្នក​មិន​ត្រូវការ​បទពិសោធន៍​បង្រៀន​ដើម្បី​ធ្វើជា​គ្រូបង្រៀន EnglishConnect ទេ ។ ប្រហែលជា​អ្នក​មិន​ធ្លាប់​បង្រៀន​ភាសា​អង់គ្លេស​ពី​មុន​មក ហើយ​មាន​អារម្មណ៍​មិន​ច្បាស់​ថា​ត្រូវ​ចាប់ផ្ដើម​ដោយ​របៀប​ណា ។ នោះ​គឺ​វា​មិន​ថ្វី​ទេ ។ មេរៀន EnglishConnect ត្រូវ​បាន​រៀបចំ​ឡើង​យ៉ាង​យកចិត្ត​ទុកដាក់ និង​ប្រកប​ដោយ​ការគិតគូរ ដោយ​ប្រើ​គោលការណ៍​បង្រៀន​ភាសា និង​គោលការណ៍​ខាងវិញ្ញាណ ដើម្បី​ជួយ​អ្នក​ឲ្យ​ទទួល​បាន​ជោគជ័យ ។ អ្នក​មិន​ចាំបាច់​ជា​អ្នក​ជំនាញ​នោះ​ទេ ។ អ្នក​មិនចាំបាច់​ដឹង​ចម្លើយ​គ្រប់​សំណួរ​នោះទេ ។ តួនាទី​របស់​អ្នក​គឺ​ជួយ​សម្រួល​ដល់​ការអភិវឌ្ឍ​ភាសា​ដោយ​ផ្តល់​ឱកាស​សម្រាប់​ការអនុវត្ត ។ អ្នក​មិន​ចាំបាច់​បង្រៀន​វេយ្យាករណ៍ ឬ​យល់​គ្រប់​យ៉ាង​អំពី​ភាសា​អង់គ្លេស​នោះ​ទេ ។ ផ្ទុយ​ទៅ​វិញ សូម​ផ្តោតលើ​ការបង្កើត​បរិយាកាស​មួយ​ដែល​សិស្ស​មាន​អារម្មណ៍​មិន​ខ្លាច​ក្នុង​ការនិយាយ​ភាសា​អង់គ្លេស និង​រៀន​ពី​កំហុស​របស់​ពួកគេ ។

តើ​ខ្ញុំ​បង្រៀន​អ្នករៀន​ដោយ​របៀបណា ប្រសិនបើ​ខ្ញុំ​មិន​ចេះ​ភាសា​របស់​ពួកគេ​ផង​នោះ ?

ការបង្រៀន​ភាសា​អង់គ្លេស​ដោយ​ប្រើតែ​ភាសា​អង់គ្លេស​គឺជា​រឿង​ធម្មតា​ណាស់​នៅ​ជុំវិញ​ពិភពលោក ។ តាមពិត ការណ៍​នេះ​អាច​ជា​ពរជ័យ​មួយ ព្រោះ​វា​បង្កើន​ចំនួន​ភាសា​អង់គ្លេស​ដែល​អ្នករៀន​បាន​ឮ និង​ប្រើប្រាស់ ។ សូម​ចងចាំ​ថា ត្រូវ​និយាយ​ភាសា​អង់គ្លេស​សាមញ្ញៗ ។ សូម​ប្រើ​រូបភាព កាយវិការ​ដៃ និង​ភាសា​កាយវិការ ដើម្បី​ជួយ​អ្នករៀន​ឲ្យ​យល់​អំពី​ពាក្យ និង​គំរូ​ថ្មីៗ​នៃ​វាក្យសព្ទ ។ អ្នក​អាច​បង្ហាញ​រូបថត គូរ​រូបភាព ឬ​ធ្វើ​សកម្មភាព ។ អ្នក​អាច​ចង្អុលប្រាប់​អ្នករៀន​ឲ្យ​បកប្រែ​ធនធាន​ទាំងឡាយ​ដែល​មាន​នៅក្នុង EnglishConnect ១ សម្រាប់​អ្នក​រៀនEnglishConnect ២ សម្រាប់​អ្នក​រៀន ឬ​អ្នក​អាច​ប្រើ​វចនានុក្រម​នៅលើ​អនឡាញ ។ ការណ៍​នេះ​ក៏​នឹង​បង្រៀន​អ្នក​រៀន​ពី​របៀប​ប្រើប្រាស់​ធនធាន​ទាំងឡាយ​ដែល​មាន​ដើម្បី​ស្វែងរក​ចម្លើយ​ផងដែរ ។ សូម​ចៀសវាង​ការពន្យល់​វែង​ឆ្ងាយ ។ ផ្ទុយ​ទៅ​វិញ គ្រាន់​តែ​បង្ហាញ​អ្នករៀន​ពី​អ្វី​ដែល​ត្រូវ​ធ្វើ​ដោយ​ការបង្ហាញ​ប្រាប់ ។

សូម​ចងចាំ​ថា អ្នក​កំពុង​រៀន​ជាមួយ​គ្នា ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ងាក​ទៅ​រក​ព្រះអម្ចាស់​ជា​ទៀងទាត់​ដើម្បី​ទទួល​បាន​ការគាំទ្រ ។ ក្នុង​នាម​ជា​គ្រូ​បង្រៀន​របស់​ពួកគេ អ្នក​អាច​ធ្វើ​ជា​គំរូ​នៃ​សេចក្តី​ជំនឿ និង​ការខិតខំ ។ ការនិយាយ​ភាសា​អង់គ្លេស​ជាមួយ​អ្នករៀន​គឺជា​ទង្វើ​នៃ​សេចក្តី​ជំនឿ ។ ព្រះអម្ចាស់​នឹង​ប្រទានពរ​ដល់​អ្នក និង​អ្នក​រៀន នៅពេល​អ្នក​ធ្វើ​សកម្មភាព​ដោយ​សេចក្តីជំនឿ​ដើម្បី​និយាយ​ភាសា​អង់គ្លេស ។

តើ​យើង​អាច​និយាយ​ភាសា​កំណើត​ក្នុង​អំឡុង​ពេល​ក្រុម​សន្ទនា​បាន​ដែរ​ឬ​ទេ ?

អ្នក​នឹង​ជួយ​អ្នក​រៀន​បានច្រើន​បំផុត​នៅពេល​ដែល​អ្នក​ផ្តោតលើ​ការនិយាយ​ភាសា​អង់គ្លេស​នៅ​ទូទាំង​ការសន្ទនា​ជា​ក្រុម ។ អ្នក​អាច​ធ្វើ​ដូច​នេះ​បាន​ដោយ​ការដាក់​ជា​ឧទាហរណ៍ ។ សូម​ខិតខំ​និយាយ​តែ​ភាសា​អង់គ្លេស ។ សូម​ប្រើ​ពាក្យ​សាមញ្ញ និង​ប្រយោគ​ខ្លីៗ ។ សូម​និយាយ​យឺតៗ ហើយ​និយាយ​ពាក្យ​ដដែលៗ​ឲ្យ​បាន​ញឹកញាប់ ។ សូម​សរសេរ​ពាក្យ​គន្លឹះ និង​ឃ្លា​នៅលើ​ក្ដារខៀន ។ អ្នក​ក៏​អាច​ប្រើ​ជំនួយ​ចក្ខុ គូរ​រូបភាព ឬ​សម្តែង​ចេញ​ផងដែរ ។ សូម​ចៀសវាង​ការពន្យល់​វែងឆ្ងាយ និង​បកប្រែ​អ្វី​គ្រប់យ៉ាង​ដែល​អ្នក​និយាយ ។ ប្រសិនបើ​អ្នក​ត្រូវ​ប្រើ​ភាសា​កំណើត សូម​សុំ​ការអនុញ្ញាត​ជា​មុន​សិន ហើយ​ប្រើ​ភាសា​កំណើត​ឲ្យ​តិច​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ហើយ​បន្ទាប់​មក​ត្រឡប់​ទៅ​ជា​ភាសា​អង់គ្លេស​វិញ ។ សូម​លើក​ទឹកចិត្ត​អ្នករៀន​ឲ្យ​និយាយ​ភាសា​អង់គ្លេស​ឲ្យ​បានច្រើន​អស់​ពី​លទ្ធភាព និង​កុំ​ខ្លាច​ថា​មាន​កំហុស ។ សូម​ជួយ​ពួកគេ​ឲ្យ​ទទួល​បាន​បទពិសោធន៍​ជោគជ័យ ហើយ​សរសើរ​រាល់​ការខិតខំ​ប្រឹងប្រែង ។ ប្រសិនបើ​អ្នករៀន​ត្រូវការ​ជំនួយ​បន្ថែម សូម​ណែនាំ​ពួកគេ​ទៅកាន់​សៀវភៅសិក្សា​សម្រាប់​អ្នករៀន ដែល​ពួកគេ​អាច​ស្វែងរក​សម្ភារ​ជា​ភាសា​កំណើត​របស់​ពួកគេ​បាន ។ នៅពេល​អ្នក​ផ្តោតលើ​ការជួយ​អ្នករៀន​តាមរយៈ​ទង្វើ នោះ​អ្នក​នឹង​មិន​សូវ​មាន​តម្រូវការ​ប្រើ​ភាសា​កំណើត​ទេ ។

តើ​ខ្ញុំ​បង្រៀន​ក្រុម​ពហុភាសា​ដោយ​របៀបណា ?

ការបង្រៀន​ក្រុម​ដែល​មាន​ភាសា​ចម្រុះ​គឺជា​ឱកាស​ដ៏​ល្អ​មួយ​ដើម្បី​លើក​ទឹកចិត្ត​ឲ្យ​និយាយ​ភាសា​អង់គ្លេស ពីព្រោះ​ភាសា​អង់គ្លេស​គឺជា​ភាសា​រួម​នៅក្នុង​ក្រុម ។ ក្នុង​នាម​ជា​គ្រូបង្រៀន សូម​ប្រើ​កំណែ​ជា​ភាសា​អង់គ្លេស​នៃ​សៀវភៅ​សិក្សា​សម្រាប់​អ្នករៀន ។ សូម​ជួយ​អ្នករៀន​ប្រើប្រាស់​សៀវភៅសិក្សា​សម្រាប់​អ្នករៀន​ជា​ភាសា​កំណើត​របស់​ពួកគេ ប្រសិន​បើ​សៀវភៅ​នេះ​មាន នោះ​ពួកគេ​អាច​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការបកប្រែ ។ ប្រសិនបើ​អាច​ធ្វើ​បាន សូម​ចែក​អ្នករៀន​ជា​ក្រុម​តូចៗ ដើម្បី​ពិភាក្សា​អំពី​គោលការណ៍​នៃ​ការរៀន​ជា​ភាសា​កំណើត​របស់​ពួកគេ ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា​គ្មាន​នរណា​ម្នាក់​ត្រូវ​បាន​ដកចេញ​នោះ​ទេ ។ ប្រសិនបើ​មាន​អ្នកនិយាយ​ភាសា​ជាក់​លាក់​ណាមួយ​តែ​ម្នាក់​នៅក្នុង​ក្រុម សូម​ឲ្យ​ក្រុម​នោះ​ពិភាក្សា​អំពី​គោលការណ៍​នៃ​ការរៀន​ភាសា​អង់គ្លេស​សាមញ្ញ ដើម្បី​ឲ្យ​អ្នករៀន​ទាំងអស់​បានចូលរួម​ចំណែក ។

តើ​ខ្ញុំ​ជួយ​អ្នករៀន​អនុវត្ដ​ភាសា​អង់គ្លេស​ប្រចាំថ្ងៃ​ដោយ​របៀបណា ?

ដើម្បី​រៀន​ភាសា​អង់គ្លេស អ្នករៀន​ត្រូវ​បង្កើត​ទម្លាប់​នៃ​ការអនុវត្ត​ជា​រៀង​រាល់​ថ្ងៃ ។ សូម​លើក​ទឹកចិត្ត​អ្នករៀន​ឲ្យ​បង្កើត​ទម្លាប់​នេះ​ដោយ​ស្វែងរក​វិធី​សាមញ្ញ​ក្នុង​ការបញ្ចូល​ភាសា​អង់គ្លេស​ទៅក្នុង​សកម្មភាព​ប្រចាំថ្ងៃ​របស់​ពួកគេ ( សូមមើល​ផ្នែក « ការអនុវត្ត​ប្រចាំថ្ងៃ » ) ។ ឧទាហរណ៍ អ្នករៀន​អាច​ជ្រើសរើស​មើល​កម្មវិធី​នានា ឬ​ស្តាប់​តន្ត្រី​ជា​ភាសា​អង់គ្លេស ។ អ្នក​អាច​លើក​ទឹកចិត្ត​អ្នករៀន​ឲ្យ​ប្រើ​បញ្ជី​នៃ​គំនិត​ទាំងឡាយ​ដើម្បី​កែលម្អ​ការសិក្សា​ប្រចាំ​ថ្ងៃ​ដែល​មាន​បន្ទាប់ពី « Personal Study Tracker » នៅក្នុង​សេចក្តីណែនាំ​ពី​សៀវភៅ​សិក្សា​សម្រាប់​អ្នករៀន ។ សូម​ប្រើ​បញ្ជី​នេះ​ដើម្បី​បំផុសគំនិត​អ្នករៀន​ឲ្យ​ស្វែងរក​វិធីសាស្រ្ត​ប្រកប​ដោយ​ភាពច្នៃប្រឌិត និង​មាន​អត្ថន័យ​ដើម្បី​អនុវត្ត​ប្រចាំថ្ងៃ ។

ក្នុង​អំឡុងពេល​ការប្រជុំ​ជា​ក្រុម សូម​អញ្ជើញ​អ្នករៀន​ឲ្យ​រៀន និង​អនុវត្ត​ភាសា​អង់គ្លេស​ជា​រៀង​រាល់ថ្ងៃ ហើយ​តាមដាន​ការខិតខំ​ប្រឹងប្រែង​របស់​ពួកគេ ។ អ្នក​អាច​សុំ​ឲ្យ​អ្នក​រៀន​ពីរបី​នាក់​ចែកចាយ​កិច្ចការ​ជាក់លាក់​ដែល​ពួកគេ​បាន​ធ្វើ​ដើម្បី​អនុវត្ត​ជា​ប្រចាំថ្ងៃ ។ អ្នក​អាច​ពិចារណា​បង្កើត​ការប្រជុំ​តាម​អ៊ីនធឺណិត ដូចជា​ការឈែត​ជា​ក្រុម សម្រាប់​អ្នក​រៀន​ក្នុង​ក្រុម ។ សូម​ប្រឹក្សា​ជាមួយ​អ្នកដឹកនាំ​របស់​អ្នក ដើម្បី​ស្វែងរក​មធ្យោបាយ​សមស្រប ដើម្បី​ជួយ​ក្រុម​នេះ​រក្សា​ទំនាក់ទំនង​ក្នុង​អំឡុងពេល​សប្តាហ៍​តាមរយៈ​ការផ្ញើសារ​ជា​ក្រុម ឬ​វិធីសាស្រ្ត​ផ្សេង​ទៀត ។ អ្នក​អាច​គាំទ្រ​ដល់​អ្នករៀន នៅពេល​ពួកគេ​ធ្វើការ​ដើម្បី​សម្រេច​គោលដៅ​របស់​ពួកគេ ប៉ុន្តែ​ត្រូវ​ចាំ​ថា ពួកគេ​ទទួលខុសត្រូវ​ចំពោះ​ការរៀនសូត្រ​នៅទីចុងបញ្ចប់​របស់​ពួកគេ​ផ្ទាល់ ។

តើ​ខ្ញុំ​រៀបចំ​ក្រុម EnglishConnect ដោយ​របៀប​ណា ?

សូម​ប្រឹក្សា​ជាមួយ​ថ្នាក់ដឹកនាំ​សាសនាចក្រ​ក្នុង​តំបន់ ដើម្បី​ធ្វើ​ការសម្រេចចិត្ត​អំពី​ការរៀបចំ និង​ដំណើរការ​ជា​ក្រុម EnglishConnect ។ ជាទូទៅ គ្រូបង្រៀន​ជា​មជ្ឈិមវ័យ​ពីរ​នាក់​ត្រូវ​បាន​ចាត់តាំង​ឲ្យ​ក្រុម​នីមួយៗ ។ សូម​ពិចារណា​ពី​តម្រូវការ​របស់​អ្នករៀន និង​សមត្ថភាព​ក្នុង​តំបន់ នៅពេល​អ្នក​ធ្វើ​ការជ្រើសរើស​អំពី​ទីតាំង កាលវិភាគ និង​ល្បឿន ។

តើ​ការប្រជុំ​ក្រុម EnglishConnect មាន​រយៈពេល​ប៉ុន្មាន ?

មេរៀន EnglishConnect អាច​មាន​ចាប់ពី ៦០ ទៅ ៩០ នាទី ។ សូម​អនុវត្ត​តាម​កាលវិភាគ​ពេលវេលា​ដែល​បាន​រាយបញ្ជី​សម្រាប់​សកម្មភាព​នីមួយៗ ។ សូម​កុំ​លុប​សកម្មភាព​ណាមួយ​ឡើយ គ្រាន់តែ​ប្រើ​ពេលវេលា​តិច​បំផុត​ដែល​បានស្នើ​សម្រាប់​ការប្រជុំ​ក្រុម​ខ្លី​ជាង ហើយ​ប្រើ​ពេលវេលា​យូរជាង​ដែល​បានស្នើ​ប្រសិនបើ​មាន​ពេល ។។

ចំណាំ ៖ ប្រឹក្សា​ជាមួយ​អ្នក​ដែល​មើល​ការខុសត្រូវ​លើ​កម្មវិធី​នេះ ហើយ​ពិចារណា​ពី​តម្រូវការ​របស់​អ្នករៀន និង​សមត្ថភាព​ក្នុង​តំបន់ នៅពេល​អ្នក​ធ្វើការ​សម្រេចចិត្ត​ទាំងនេះ ។

តើ​ក្រុម​របស់​ខ្ញុំ​គួរ​ជួប​គ្នា​ញឹកញាប់​ប៉ុនណា ?

ជាទូទៅ ក្រុម​ប្រជុំ​ម្តង​ក្នុង​មួយ​សប្តាហ៍ ។ ប្រសិនបើ​ចង់​បាន ក្រុម​អាច​ជួប​ញឹកញាប់​ជាង​មុន​បាន ។ ដើម្បី​ឲ្យ​ការប្រជុំ​ជា​ក្រុម​មាន​ប្រសិទ្ធភាព​បំផុត អ្នករៀន​ត្រូវមាន​ពេលវេលា​គ្រប់គ្រាន់​រវាង​ការប្រជុំ​ដើម្បី​បំពេញ​ផ្នែក « Personal Study » ។

EnglishConnect ១ និង ២ មេរៀន​នីមួយៗ​មាន ២៥ មេរៀន ។ ប្រសិនបើ​ក្រុម​ប្រជុំ​ម្តង​ក្នុង​មួយ​សប្តាហ៍ វា​នឹង​ចំណាយ​ពេល​ប្រាំមួយ​ខែ​ដើម្បី​បញ្ចប់​កម្រិត​មួយ ។ ប្រសិនបើ​ក្រុម​ជួប​គ្នា​ពីរដង​ក្នុង​មួយ​សប្តាហ៍ វា​នឹង​ចំណាយ​ពេល​បី​ខែ ។ ប្រសិនបើ​ចង់​បាន អ្នក​អាច​បំបែក​កម្មវិធី​នេះ​ទៅ​ជា​ផ្នែក​តូចៗ ឬ​ជា​មុខវិជ្ជា ។ ឧទាហរណ៍ អ្នក​អាច​ជ្រើសរើស​ចាប់ផ្តើម​ក្រុម​ដែល​នឹង​ជួប​គ្នា​ត្រឹម​តែ​បី​ខែ​ម្តង​ក្នុង​មួយ​សប្តាហ៍ ដើម្បី​បញ្ចប់​មេរៀន​ពី ១ ដល់ ៣ ។ ការប្រើ​វិធីសាស្រ្ត​នេះ​អាច​ជួយ​ឲ្យ​អ្នករៀន​រក្សា​ការតាំងចិត្ត​បាន ។

ចំណាំ ៖ នៅពេល​រៀបចំ​កាលវិភាគ​ការប្រជុំ​ក្រុម​ដែល​មិន​ចាប់ផ្តើម​ជាមួយ​មេរៀនទី ១ សូម​ពិចារណា​ចាប់ផ្តើម​កាលវិភាគ​មេរៀន​ក្រុម​របស់អ្នក​ជាមួយ​មេរៀន​ទី ១ ។ វា​នឹង​ជួយ​អ្នករៀន​តម្រង់ទិស​អំពី​របៀប​ប្រើ​សៀវភៅ​សិក្សា​នេះ ។ សូម​ប្រឹក្សា​ជាមួយ​អ្នក​ដែល​មើល​ការខុសត្រូវ​លើ​កម្មវិធី​នេះ ហើយ​ពិចារណា​ពី​តម្រូវការ​របស់​អ្នករៀន និង​សមត្ថភាព​ក្នុង​តំបន់ នៅពេល​អ្នកធ្វើ​ការសម្រេចចិត្ត​ទាំងនេះ ។

តើ​ខ្ញុំ​អាច​បង្រៀន​មេរៀន​ច្រើនជាង​មួយ​នៅក្នុង​ការប្រជុំ​ក្រុម​បាន​ទេ ?

ប្រសិនបើ​ចង់​បាន ក្រុម​អាច​គ្របដណ្តប់​មេរៀន​ច្រើន​ជាង​មួយ​ក្នុង​អំឡុងពេល​ប្រជុំ​ក្រុម ។ ដើម្បី​ឲ្យ​ការប្រជុំ​ជា​ក្រុម​មាន​ប្រសិទ្ធភាព​បំផុត អ្នករៀន​ត្រូវ​មាន​ពេលវេលា​គ្រប់គ្រាន់​មុន​ពេល​ការប្រជុំ​ក្រុម​ដើម្បី​បំពេញ​ផ្នែក « Personal Study » សម្រាប់​មេរៀន​នីមួយៗ ។

សូមមើល « តើ​ក្រុម​របស់​ខ្ញុំ​គួរ​ជួប​គ្នា​ញឹកញាប់​ប៉ុនណា ? » សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​កាលវិភាគ​មេរៀន និង​ល្បឿន ។

តើ​ខ្ញុំ​ដឹង​ដោយ​របៀបណា​នូវ​កម្រិត EnglishConnect ដែល​អ្នករៀន​គួរ​ចូលរួម ?

EnglishConnect ១ ទាមទារ​ឲ្យ​ចេះ​អក្សរ​ជា​ភាសា​កំណើត​របស់​បុគ្គល​នោះ និង​សមត្ថភាព​ក្នុង​ការអាន​អក្សរ​អង់គ្លេស និង​ពាក្យ​អង់គ្លេស​ជា​គ្រឹះ ។ EnglishConnect ២ គឺ​សម្រាប់​អ្នក​រៀន​ដែល​អាច​និយាយ​ប្រយោគ​គ្រឹះ និង​ឆ្លើយ​សំណួរ​គ្រឹះ​ជា​ភាសា​អង់គ្លេស ។ ដើម្បី​សម្រេច​ថា​តើ​អ្នករៀន​គួរ​ចូលរួម​ជាមួយ EnglishConnect ១ ឬ EnglishConnect ២ អ្នក​អាច​ប្រើ​ការសម្ភាសន៍​លើ​ភាពស្ទាត់ជំនាញ​ផ្ទាល់មាត់​នៅក្នុង លិបិក្រម ខ ។

EnglishConnect ៣ គឺជា​វគ្គរៀន​កម្រិត​មធ្យម​ដែល​ជួយ​អ្នករៀន​អភិវឌ្ឍ​ជំនាញ​ភាសា​អង់គ្លេស​ក្នុង​ការរៀន ។ ដើម្បី​ចូលរៀន EnglishConnect ៣ អ្នករៀន​ត្រូវតែ​អនុវត្ត និង​ទទួល​បាន​ពិន្ទុ ដែល​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ក្នុង​ការប្រឡង​ចូលរៀន ។ អ្នករៀន​អាច​អនុវត្ត​នៅលើ​គេហទំព័រ englishconnect.org/join ។

តើ EnglishConnect ៣ ជាអ្វី ?

EnglishConnect មាន​កម្រិត​ជាច្រើន ដើម្បី​ជួយ​អ្នក​ចូលរួម​រីកចម្រើន ។ EnglishConnect ១ និង ២ ជួយ​អ្នករៀន​ឲ្យ​អភិវឌ្ឍ​ជំនាញ​ភាសា​អង់គ្លេស​ជា​មូលដ្ឋាន ។ EnglishConnect ៣ គឺជា​វគ្គរៀន​កម្រិត​មធ្យម​ដែល​ជួយ​អ្នករៀន​អភិវឌ្ឍ​ជំនាញ​ភាសា​អង់គ្លេស​ក្នុង​ការរៀន ។ វា​ជួយ​អ្នករៀន​រៀបចំ​ខ្លួន​ចូលរៀន BYU-Pathway Worldwide ។ ( រៀន​បន្ថែមទៀត​អំពី BYU–Pathway Worldwide នៅ​ឯ byupathway.org ) ។

EnglishConnect ៣ គឺជា​វគ្គ​រៀន​តាម​អនឡាញ​ដែល​មាន​តម្លៃ​ទាប ដោយ​មាន​ការសន្ទនា​ដែល​ជួបជុំ​គ្នា​រៀន​តាម​អ៊ីនធឺណិត ឬ​តាម​សាលាប្រជុំ​ក្នុង​តំបន់ ។ EnglishConnect ៣ រួមបញ្ចូល​នូវ​ធនធាន​រៀន​តាម​អនឡាញ ដោយ​មាន​មតិកែលម្អ​ផ្ទាល់ខ្លួន​ក្នុង​ការស្តាប់ ការនិយាយ ការអាន និង​ការសរសេរ ។ សិស្ស​អាច​រៀន​ទៅ​មុខ​មុន​វគ្គ តាម​ល្បឿន​របស់​ពួកគេ​ផ្ទាល់ ។ អ្នករៀន​អាច​រៀន EnglishConnect ៣ ឡើងវិញ​បាន​ច្រើន​ដង​តាម​ដែល​ចង់​បាន ដើម្បី​សម្រេច​គោលដៅ​របស់​ពួកគេ ។ ការបញ្ចប់ EnglishConnect ៣ អនុញ្ញាត​ឲ្យ​អ្នករៀន​រំលង​ការវាយ​តម្លៃ​លើ​ភាសា​អង់គ្លេស នៅពេល​ដាក់​ពាក្យ​ទៅ BYU–Pathway Worldwide ។

ដើម្បី​រៀបចំ​ខ្លួន​ចូលរៀន EnglishConnect ៣ អ្នករៀន​គួរ​បំពេញ EnglishConnect ១ និង ២—រួមទាំង​សកម្មភាព​នៅ​សៀវភៅ​លំហាត់ ជា​ពិសេស​សកម្ម​ភាពអាន និង​សរសេរ ។ សូម​លើក​ទឹកចិត្ត​អ្នករៀន EnglishConnect ២ ឲ្យ​ចុះឈ្មោះ​ចូលរៀន EnglishConnect ៣ នៅ englishconnect.org/join ។

EnglishConnect ៣ ត្រូវ​បាន​ផ្តល់​ជូន​តាមរយៈ BYU–Pathway Worldwide ដោយ​សហការ​ជាមួយ​ថ្នាក់ដឹកនាំ​ក្នុង​តំបន់ និង​អ្នក​ផ្សព្វផ្សាយ​សាសនា ។ អ្នកដឹកនាំ​ដែល​មាន​ចំណាប់​អារម្មណ៍​អាច​ធ្វើការ​ជាមួយ​អ្នកគ្រប់គ្រង​ផ្នែក​សុខុមាលភាព និង​ភាពខ្លួន​ទីពឹងខ្លួន​នៅក្នុង​តំបន់​របស់​ពួកគេ ដើម្បី​ផ្តល់ EnglishConnect ៣ នៅក្នុង​ទីតាំង​របស់​ពួកគេ ។

តើ​ខ្ញុំ​អាច​ជួយ​អ្នករៀន​ដែល​ចូលរួម​ក្នុង​ក្រុម​ដែល​កំពុង​ដំណើរការ​រួចហើយ​ដោយ​របៀបណា ?

មេរៀន​នេះ​ត្រូវ​បានរៀបរៀង​ឡើង​ដើម្បី​ឲ្យ​អ្នករៀន​ថ្មី​អាច​ចូលរួម​ជាមួយ​ក្រុម EnglishConnect គ្រប់​ពេល​វេលា ។ ប្រសិនបើ​អ្នក​រៀន​ចង់​ចូលរួម​បន្ទាប់ពី​ក្រុម​បាន​ចាប់ផ្តើម​រួច​ហើយ សូម​ស្វាគមន៍​ពួកគេ ផ្តល់​ឲ្យ​ពួកគេ​នូវ EnglishConnect ១ សម្រាប់​អ្នករៀនEnglishConnect ២ សម្រាប់​អ្នក​រៀន ( ឬ​បង្ហាញ​ពួកគេ​ពី​របៀប​ចូលប្រើ​សៀវភៅ​សិក្សា​នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ ) ហើយ​ជួយ​ពួកគេ​ឲ្យ​ចូលរួម ។ អ្នក ឬ​អ្នករៀន​ផ្សេងទៀត​អាច​ជួយ​អ្នករៀន​ថ្មី​ឲ្យ​ចូលរួម​ជាមួយ​ក្រុម​ដោយ​បង្ហាញ​ពួកគេ​ពី​របៀប​រៀបចំខ្លួន​សម្រាប់​មេរៀន​ថ្មី ។ ដូចគ្នា​នេះ​ដែរ អ្នករៀន​អាចជ្រើសរើស​រៀន​កម្រិត​ដដែល​ឡើងវិញ ប្រសិនបើ​ពួកគេ​ត្រូវការ​ការអនុវត្ត​បន្ថែម​ទៀត ។

ចុះបើ​អ្នករៀន​ខកខាន​ការប្រជុំ​ក្រុម ឬ​ឈប់​មក​វិញ​នោះ ?

ពេលខ្លះ​អ្នករៀន​មាន​បញ្ហា​ប្រឈម​ដែល​ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការចូលរួម​ក្រុម ហើយ​ជារឿយៗ​ពួកគេ​ស្ទាក់ស្ទើរ​ក្នុងការ​ត្រឡប់​មក​វិញ​ដោយសារ​តែ​ខ្មាសអៀន ឬ​ភ័យខ្លាច ។ ពួកគេ​អាច​សន្មត់​ថា ពួកគេ​បាន​ខកខាន​ច្រើន​ពេក​ហើយ​មិន​អាច​តាម​ទាន់បាន ។ សូម​អញ្ជើញ​អ្នករៀន​ដែល​អវត្តមាន​ឲ្យ​មក​មេរៀន​បន្ទាប់ មិន​ថា​ពួកគេ​ខកខាន​ប៉ុន្មាន​ដង​នោះ​ទេ ។ ផ្ដល់​ការគាំទ្រ និង​ការលើក​ទឹកចិត្ត ។ ធានា​ដល់​ពួកគេ​ថា EnglishConnect ត្រូវ​បានរចនា​ឡើង ដើម្បី​ឲ្យ​អ្នករៀន​អាច​ចូលរួម​ឡើងវិញ​បាន​គ្រប់​ពេល ។ សិស្ស​អាច​ចាប់ផ្តើម​ម្តងទៀត​ដោយ​ចូលរួម​ក្រុម និង​រៀបចំ​ខ្លួន​សម្រាប់​មេរៀន​ថ្មី ។ សូម​ពិចារណា​អញ្ជើញ​សមាជិក​ម្នាក់ ឬ​ច្រើន​នាក់​នៃ​ក្រុម​ឲ្យ​ទាក់ទង​អ្នករៀន​ដែល​អវត្តមាន ហើយ​បង្ហាញ​ការគាំទ្រ ។

ចំណាំ ៖ កុំ​ចែកចាយ​ព័ត៌មាន​ទំនាក់ទំនង​របស់​បុគ្គល​ម្នាក់​ដោយ​គ្មាន​ការអនុញ្ញាត​ជា​លាយលក្ខណ៍​អក្សរ​ពី​គាត់ ឬ​នាង​ឡើយ ។

តើ​ខ្ញុំ​គាំទ្រ​អ្នករៀន​ដែល​កំពុងរៀន​ក្នុង​ល្បឿន​យឺត​ជាង​អ្នក​ផ្សេង​ទៀត​ក្នុង​ក្រុម​ដោយ​របៀបណា ?

អ្នករៀន​ខ្លះ​ត្រូវការ​ពេលវេលា​បន្ថែមទៀត​ដើម្បី​យល់ និង​និយាយ​ភាសា​មួយ ។ អ្នក​រៀន​ទាំងនេះ​នឹង​ទទួល​បាន​អត្ថប្រយោជន៍​បំផុត​មកពី​ការបំពេញ ផ្នែក « Personal Study » ​មុន​ពេល​ចូលរួម​ក្នុង​ការសន្ទនា​ជា​ក្រុម​នីមួយៗ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​អនុវត្ត​វាក្យសព្ទ និង​លំនាំ​ប្រយោគ មុនពេល​ជួប​ក្រុម ។ ក្នុង​អំឡុងពេល​មេរៀន សូម​ចាប់គូ​អ្នករៀន​ទាំងនេះ​ជាមួយ​អ្នករៀន​ផ្សេងទៀត​ដែល​អាច​ផ្តល់​ការលើក​ទឹកចិត្ត និង​ការគាំទ្រ ។ សូម​លើក​ទឹកចិត្ត​អ្នករៀន​ទាំងអស់​ឲ្យ​ធ្វើ​អស់ពី​លទ្ធភាព និង​ទទួល​យក​កំហុស​ជា​ផ្នែក​នៃ​ដំណើរ​ការរៀនសូត្រ ។ អ្នក​ក៏​អាច​ជ្រើសរើស​ពិនិត្យមើល និង​ធ្វើ​សកម្មភាព​ឡើងវិញ​ផងដែរ ។ សូម​រំឭក​អ្នក​រៀន​ទាំងអស់​ឲ្យ​បំពេញ​ផ្នែក « Personal Study » មុន​ពេល​ចូលរួម​ក្នុង​ការសន្ទនា​ជា​ក្រុម​ថ្មី​គឺ​មាន​សារៈសំខាន់​ចំពោះ​ការរីកចម្រើន​របស់​ពួកគេ ។

តើ​ខ្ញុំ​គាំទ្រ​អ្នករៀន​ដែល​កំពុងរៀន​ក្នុង​ល្បឿន​លឿន​ដោយ​របៀបណា ?

នៅពេល​អ្នក​ចូលរួម​ជាមួយ​អ្នករៀន នោះ​អ្នក​អាច​សម្គាល់ឃើញ​ថា អ្នក​ខ្លះ​យល់​ច្បាស់ ហើយ​អាច​បំពេញ​សកម្មភាព​អនុវត្ត​បាន​យ៉ាង​ងាយស្រួល ។ សូម​ពិចារណា​លើ​ការអញ្ជើញ​ឲ្យ​អ្នករៀន​ទាំងនេះ​ធ្វើ​ឲ្យ​ការរៀន​សូត្រ​របស់​ពួកគេ​កាន់តែ​ស៊ីជម្រៅ ដោយ​រួមបញ្ចូល​ព័ត៌មាន​លម្អិត​បន្ថែម ឬ​ធ្វើ​សកម្មភាព​ដូចគ្នា​ក្នុង​បរិបទ​ផ្សេង ។ ឧទាហរណ៍ នៅពេល​ដែល​អ្នករៀន​អនុវត្ត​ការជួប​នរណា​ម្នាក់ សុំ​ឲ្យ​ពួកគេ​អនុវត្ត​ការជួប​មិត្ត​ថ្មី ឬ​ចៅហ្វាយ​នាយ​ថ្មី ។ អ្នករៀន​ទាំងនេះ​ក៏​អាច​ពង្រឹង​ចំណេះដឹង​ភាសា​អង់គ្លេស​របស់​ពួកគេ​ដោយ​គាំទ្រ​អ្នករៀន​ដែល​កំពុងរៀន​ក្នុង​ល្បឿន​យឺត​ដែរ ។ អ្នករៀន​ទាំងអស់​អាច​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការបង្រៀន​មិត្តភក្តិ និង​ជួយ​អ្នក​ដទៃ​អនុវត្ត​វាក្យសព្ទ និង​គំរូ​ជា​ភាសា​អង់គ្លេស ។

តើ​ខ្ញុំ​គាំទ្រ​អ្នករៀន​ដែល​មាន​សមត្ថភាព​និយាយ​ភាសា​អង់គ្លេស​ខុស​គ្នា​ដោយ​របៀបណា ?

ការមាន​អ្នក​រៀន​ដែល​មាន​កម្រិត​សមត្ថភាព​និយាយ​ភាសា​អង់គ្លេស​ខុសៗ​គ្នា​គឺ​ជា​រឿង​ធម្មតា ហើយ​ជា​ឱកាស​សម្រាប់​ពួកគេ​ក្នុង​ការ​ជួយ​គ្នា​ទៅវិញទៅមក ។ ការជួយ​គ្នា​ទៅវិញ​ទៅមក​អាច​ជំរុញ​ការរាប់អាន និង​ការរីកចម្រើន ។ មនុស្ស​គ្រប់​រូប​មាន​អ្វី​ដែល​ចង់​ចែកចាយ ។ ឧទាហរណ៍ អ្នករៀន​ខ្លះ​អាច​ជួយ​អ្នកដទៃ​ឲ្យ​មាន​អារម្មណ៍​ជឿជាក់ ដោយសារ​ពួកគេ​សុខ​ចិត្ត​ធ្វើ​កំហុស ។ សូម​ចាប់​គូ​អ្នករៀន​តាម​វិធី​ផ្សេងៗ​គ្នា ។ អ្នក​អាច​ចាប់គូ​អ្នករៀន​ជាមួយ​នរណា​ម្នាក់​ដែល​មាន​កម្រិត​ស្រដៀង​គ្នា ដើម្បី​ជួយ​ពួកគេ​ពង្រីក​សមត្ថភាព​របស់​ពួកគេ​ជាមួយគ្នា ។ ឬ​អ្នក​អាច​ចាប់គូ​អ្នករៀន​ជាមួយ​នរណា​ម្នាក់​នៅ​កម្រិត​ផ្សេង ។ អ្នករៀន​កម្រិត​ទាប​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​មតិកែ​លម្អ និង​ការគាំទ្រ ។ អ្នករៀន​កម្រិត​ខ្ពស់​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការបង្រៀន​មិត្តភក្តិ និង​ការពន្យល់​ជា​ភាសា​អង់គ្លេស ។ សូម​ចងចាំ​ថា ការ​មាន​ក្រុម​ដែល​មាន​សមត្ថភាព​និយាយ​ភាសា​អង់គ្លេស​ខុសៗ​គ្នា​គឺជា​រឿង​ធម្មតា ហើយ​អាច​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​អ្នករៀន​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការជួយ​គ្នាទៅ​វិញ​ទៅមក ។

តើ​ខ្ញុំ​ត្រូវ​ធ្វើ​យ៉ាង​ណា​ពេល​សិស្ស​សួរ​សំណួរ​អំពី​វេយ្យាករណ៍ ?

ជំនួស​ឲ្យ​ការផ្តល់​នូវ​ការណែនាំ​ពី​វេយ្យាករណ៍​ដ៏​វែង ឬ​ចំណាយពេល​ច្រើន​និយាយ​អំពី​ច្បាប់ សូម​ចង្អុលបង្ហាញ​អ្នករៀន​ត្រឡប់​ទៅ​គំរូ​នេះ​វិញ ។ អ្នករៀន​នឹង​ចៀសវាង​កំហុស​ជាច្រើន​ដោយ​ធ្វើ​តាម​គំរូ​នេះ ។ វា​កាន់​តែ​មាន​ប្រសិទ្ធភាព​ក្នុងការរៀនភាសា​ដោយ​ការអនុវត្ត​​ជាជាង​ការនិយាយ​អំពី​វា ។ ការពន្យល់​ណា​មួយ​អំពី​វេយ្យាករណ៍​គួរតែ​សាមញ្ញ ខ្លីៗ និង​អាច​ធ្វើ​សកម្មភាព​បាន ។ ប្រសិនបើ​អ្នក​បង្រៀន​គោលការណ៍​មួយ សូម​ផ្តល់​ឧទាហរណ៍​ជា​ប្រយោគៗ ហើយ​អញ្ជើញ​អ្នករៀន​ឲ្យ​អនុវត្ត​ការធ្វើតាម​គោលការណ៍​នេះ ។ អ្នករៀន​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​បំផុត​ពី​ការស្តាប់ និង​អនុវត្ត​ភាសា​អង់គ្លេស ។

តើ​ខ្ញុំ​គួរ​កែ​ការបញ្ចេញ​សំឡេង​ដែរ​ឬ​ទេ ?

សូម​កុំ​ចំណាយ​ពេល​ច្រើន​ក្នុង​ការកែតម្រូវ​ការបញ្ចេញ​សំឡេង​ច្រើនពេក ។ សូម​រំឭក​អ្នក​រៀន​ថា ការយល់ គឺ​សំខាន់​ជាង​ការ​មាន​ការបញ្ចេញ​សំឡេង​ដ៏​ល្អ​ឥតខ្ចោះ ។ សូម​លើក​ទឹកចិត្ត​អ្នករៀន​ឲ្យ​អនុវត្ត​ការបញ្ចេញ​សំឡេង​ក្នុង​អំឡុង​ពេល​នៃ​ការសិក្សា​ផ្ទាល់ខ្លួន​របស់​ពួកគេ ដើម្បី​ពួកគេ​អាច​អនុវត្ត​តាម​ល្បឿន​របស់​ពួកគេ​ផ្ទាល់ ។ សូម​ចងចាំ​ថា ប្រសិនបើ​អ្នករៀន​មាន​ការព្រួយ​បារម្ភ​ខ្លាំង​ពេក​អំពី​ការបញ្ចេញ​សំឡេង​របស់​ពួកគេ ពួកគេ​អាច​ស្ទាក់ស្ទើរ​ក្នុង​ការអនុវត្ត​ការសន្ទនា ។ សូម​លើក​ទឹកចិត្ត​អ្នករៀន​ឲ្យ​ប្រើ​មុខវិជ្ជា​បញ្ចេញ​សំឡេង​តាម​អនឡាញ englishconnect.org/learner/resources ។

តើ​ខ្ញុំ​ចុះ​ឈ្មោះ និង​គ្រប់គ្រង​ក្រុម EnglishConnect របស់ខ្ញុំ​ដោយ​របៀបណា ?

សូម​ប្រើ​ឧបករណ៍ QuickReg ( quickreg.englishconnect.org ) ដើម្បី​ចុះ​ឈ្មោះ និង​គ្រប់គ្រង​ក្រុម EnglishConnect របស់​អ្នក ។ QuickReg គឺជា​ឧបករណ៍​ចុះឈ្មោះ​ដែល​បាន​ផ្តល់ជូន​ដោយ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ ។ អ្នក​អាច​ប្រើ QuickReg ដើម្បី ៖

  • បង្កើត​ក្រុម ៖ ជ្រើសរើស​ថ្ងៃ ពេលវេលា និង​ទីតាំង​របស់​ក្រុម​របស់​អ្នក ។

  • គ្រប់គ្រង​ក្រុម ៖ មើល​ព័ត៌មាន​អ្នក​ចូលរួម និង​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​ក្រុម ។

  • អញ្ជើញ​មនុស្ស​ឲ្យ​ចូលរួម ៖ ក្រុម​របស់​អ្នក​នឹង​ដាក់​នៅលើ​អនឡាញ englishconnect.org/join ។ អ្នក​អាច​ចែកចាយ​តំណ​ដើម្បី​អញ្ជើញ​មនុស្ស​ឲ្យ​ចុះឈ្មោះ​សម្រាប់​ក្រុម​របស់​អ្នក ។

  • ចែក​វិញ្ញាបនបត្រ ៖ នៅចុង​បញ្ចប់​នៃ​ក្រុម​របស់អ្នក អ្នក​អាច​ចូលប្រើ និង​បោះពុម្ព​វិញ្ញាបនបត្រ​បាន ។

តើ​សិស្ស​ទទួល​បានវិញ្ញាបនបត្រ EnglishConnect ដោយ​របៀប​ណា ?

EnglishConnect ១ និង ២ ៖ នៅចុង​បញ្ចប់​នៃ​ក្រុម អ្នករៀន​អាច​ទទួល​បាន​វិញ្ញាបនបត្រ​ចូលរៀន ។ អ្នកដឹកនាំ អ្នក​ជំនាញ ឬ​គ្រូបង្រៀន​អាច​ចែកចាយ​វិញ្ញាបនបត្រ​បាន ។ ប្រទេស​មួយ​ចំនួន​ប្រហែលជា​មិន​អនុញ្ញាត​ឲ្យ​ចែក​វិញ្ញាបនបត្រ EnglishConnect ទេ ។ សូម​ពិនិត្យមើល​តម្រូវការ​ផ្នែក​ច្បាប់​ក្នុង​តំបន់ មុនពេល​ផ្តល់​វិញ្ញាបនបត្រ ( សូមមើល englishconnect.org/leader/approved-locations ) ។

ចំណាំ ៖ ដើម្បី​ចូល​ប្រើ និង​ចែក​វិញ្ញាបនបត្រ ក្រុម​របស់អ្នក​ត្រូវតែ​ចុះឈ្មោះ​នៅក្នុង​ឧបករណ៍ QuickReg នៅ​គេហទំព័រ quickreg.englishconnect.org ។ ( សូមមើល « តើ​ខ្ញុំ​ចុះ​ឈ្មោះ និង​គ្រប់គ្រង​ក្រុម EnglishConnect របស់ខ្ញុំ​ដោយ​របៀបណា ? » នៅក្នុង​ផ្នែក ស.ស.ញ. នេះ ) ។

EnglishConnect ៣ ៖ សិស្ស​អាច​ទទួល​បាន​វិញ្ញាបនបត្រ​នៃ​ការបញ្ចប់​ការសិក្សា​នៅពេល​ពួកគេ​បំពេញ​កម្រិត​ដែល​តម្រូវ​នៅក្នុង​វគ្គសិក្សា​នេះ ។ ការបញ្ចប់ EnglishConnect ៣ អនុញ្ញាត​ឲ្យ​អ្នករៀន​រំលង​ការវាយ​តម្លៃ​លើ​ភាសា​អង់គ្លេស នៅពេល​ដាក់​ពាក្យ​ទៅ BYU–Pathway Worldwide ។