« តើគ្រូបង្រៀនមានតួនាទីអ្វីខ្លះ ? » សម្រាប់គ្រូបង្រៀន EnglishConnect ( ឆ្នាំ ២០២៣ )
« តើគ្រូបង្រៀនមានតួនាទីអ្វីខ្លះ ? » សម្រាប់គ្រូបង្រៀន EnglishConnect
តើគ្រូបង្រៀនមានតួនាទីអ្វីខ្លះ ?
តួនាទីរបស់អ្នកជាគ្រូបង្រៀន EnglishConnect គឺដើម្បីជួយអ្នករៀនអភិវឌ្ឍជំនាញសន្ទនាភាសាអង់គ្លេសនៅក្នុងបរិយាកាសនៃសេចក្តីជំនឿ ការរាប់អាន និងការរីកចម្រើន ។ ព្រះវិញ្ញាណគឺជាគ្រូបង្រៀនពិតប្រាកដ ។ អ្នកអាចជួយអ្នករៀនឲ្យទទួលអារម្មណ៍ពីព្រះវិញ្ញាណ មានអារម្មណ៍ថាពួកគេជាកម្មសិទ្ធិ ហើយមានទំនុកចិត្តថាដោយមានជំនួយពីព្រះវរបិតាសួគ៌ ថាពួកគេអាចរៀនភាសាអង់គ្លេសបាន ។ អ្នកនឹងជួយអ្នករៀននៅពេលដែលអ្នកផ្ដោតលើចំណុចខាងក្រោម ៖
បណ្តុះឲ្យមានសេចក្តីជំនឿ
សូមលើកទឹកចិត្តអ្នករៀនឲ្យស្វែងរក និងស្គាល់ជំនួយរបស់ព្រះអម្ចាស់ក្នុងការរៀនភាសាអង់គ្លេស ។ លើកទឹកចិត្តពួកគេឲ្យអនុវត្តគោលការណ៍នៃការរៀនសូត្រ « ដោយសារការសិក្សា និងដោយសារសេចក្តីជំនឿ » ( គោលលទ្ធិ និងសេចក្តីសញ្ញា ៨៨:១១៨ ) ។ ជួយសិស្សឲ្យស្គាល់សេចក្តីស្រឡាញ់ ព្រះចេស្តា និងសេចក្តីមេត្តាករុណារបស់ព្រះអម្ចាស់នៅក្នុងជីវិតរបស់ពួកគេ ។ សូមអញ្ជើញពួកគេឲ្យចែកចាយបទពិសោធន៍ស្ថាបនាសេចក្តីជំនឿរបស់ពួកគេ ។ សូមចែកចាយបទពិសោធន៍របស់អ្នកអំពីការទទួលជំនួយពីព្រះអម្ចាស់ ។ ( សូមមើលផ្នែក « ជួយសិស្សឲ្យមកកាន់ព្រះយេស៊ូវគ្រីស្ទ » ចេញពី ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ [ ឆ្នាំ ២០២២ ] ) ។
បណ្តុះឲ្យមានការរាប់អាន
សូមយាងអញ្ជើញព្រះវិញ្ញាណដោយជួយសិស្សឲ្យស្រឡាញ់ និងគាំទ្រគ្នាទៅវិញទៅមក ។ សូមជួយពួកគេទទួលបានសេចក្ដីស្រឡាញ់របស់ព្រះ ។ បង្កើតបរិយាកាសស្វាគមន៍ដែលអ្នករៀនទាំងអស់មានអារម្មណ៍ថា ពួកគេមានចំណែកជាកម្មសិទ្ធិ ។ រៀនស្គាល់អ្នករៀន និងជួយពួកគេឲ្យស្គាល់គ្នាទៅវិញទៅមក ។ ជួយពួកគេបង្កើតទំនុកចិត្តនៅពេលពួកគេអនុវត្ត ធ្វើខុស និងអភិវឌ្ឍន៍ជាមួយគ្នា ។ ( សូមមើលផ្នែក « ស្រឡាញ់អស់អ្នកដែលអ្នកបង្រៀន » ចេញពី ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ [ ឆ្នាំ ២០២២ ] ) ។
បណ្តុះឲ្យមានការរីកចម្រើន
ជួយសិស្សឲ្យធ្វើសកម្មភាពដោយសេចក្តីជំនឿដើម្បីអនុវត្តភាសាអង់គ្លេស និងអភិវឌ្ឍ ។ អ្នករៀនខ្លះអាចខ្វះទំនុកចិត្តលើសមត្ថភាពរបស់ពួកគេក្នុងការរៀនភាសាអង់គ្លេស ។ អ្នកអាចជួយបាន ។ នៅពេលអ្នកនិយាយភាសាអង់គ្លេសទៅកាន់ពួកគេ អ្នកបង្ហាញជំនឿរបស់អ្នកថា ព្រះអាចជួយពួកគេរៀនបាន ។ លើកទឹកចិត្តសិស្សឲ្យនិយាយភាសាអង់គ្លេស ។ សរសើរការខិតខំប្រឹងប្រែងរបស់ពួកគេ ។ ជួយសិស្សចងចាំពីមូលហេតុដែលពួកគេរៀនភាសាអង់គ្លេស ។ លើកទឹកចិត្តពួកគេឲ្យដាក់គោលដៅ និងអនុវត្តភាសាអង់គ្លេសប្រចាំថ្ងៃ ។ ( សូមមើលផ្នែក « អញ្ជើញឲ្យរៀនសូត្រដោយឧស្សាហ៍ » ចេញពី ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ [ ឆ្នាំ ២០២២ ] ) ។
តួនាទីរបស់ខ្ញុំ
-
ខ្ញុំបណ្តុះឲ្យមានសេចក្ដីជំនឿដោយការជួយអ្នករៀនស្វែងរក និងស្គាល់ជំនួយរបស់ព្រះអម្ចាស់ក្នុងការរៀនភាសាអង់គ្លេស ។
-
ខ្ញុំបណ្តុះឲ្យមានការរាប់អាន ហើយយាងអញ្ជើញព្រះវិញ្ញាណដោយជួយអ្នករៀនឲ្យស្រឡាញ់ និងគាំទ្រគ្នាទៅវិញទៅមក ។
-
ខ្ញុំបណ្តុះឲ្យមានការភាពរីកចម្រើនដោយជួយសិស្សឲ្យធ្វើសកម្មភាពដោយសេចក្តីជំនឿដើម្បីអនុវត្ត និងអភិវឌ្ឍភាសាអង់គ្លេស ។