« ថ្ងៃទី២–៨ ខែវិច្ឆិកា ‹ យើងនឹងដាក់វិញ្ញាណថ្មីនៅក្នុងឯង › ៖ អេសេគាល ១–៣; ៣៣–៣៤; ៣៦–៣៧; ៤៧ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ២០២៦ ( ឆ្នាំ២០២៦ )
« ថ្ងៃទី២–៨ ខែវិច្ឆិកា ‹ យើងនឹងដាក់វិញ្ញាណថ្មីនៅក្នុងឯង › » ចូរមកតាមខ្ញុំ ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ២០២៦
ថ្ងៃទី២–៨ ខែវិច្ឆិកា ៖ « យើងនឹងដាក់វិញ្ញាណថ្មីនៅក្នុងឯង »
អេសេគាល ១–៣; ៣៣–៣៤; ៣៦–៣៧; ៤៧
អេសេគាលគឺជាព្យាការីមួយរូបដែលបាននិរទេសខ្លួន ។ ព្រមជាមួយពួកសាសន៍អ៊ីស្រាអែលដទៃទៀត លោកត្រូវបានគេចាប់ខ្លួន និងបញ្ជូនទៅកាន់ក្រុងបាប៊ីឡូន ។ នៅក្រុងយេរូសាឡិម អេសេគាលបានធ្វើជាសង្ឃបម្រើនៅក្នុងព្រះវិហារ ។ នៅក្រុងបាប៊ីឡូន លោកបាននៅជាមួយ « ពួកឈ្លើយ » ហើយលោក « ទៅកន្លែងដែលគេអាស្រ័យនៅ » ( អេសេគាល ៣:១៥ ) ដែលមានចម្ងាយរាប់រយគីឡូម៉ែតពីដំណាក់ជាទីស្រឡាញ់របស់ព្រះ ហើយដោយមានសេចក្តីសង្ឃឹមតិចតួចនៃការត្រឡប់ទៅវិញ ។ បន្ទាប់មក នៅថ្ងៃមួយអេសេគាលបានមានការនិមិត្តមួយ ។ លោកបានឃើញ « សិរីល្អរបស់ព្រះយេហូវ៉ា » ( អេសេគាល ១:២៨ )—មិនមែននៅឯព្រះវិហារក្រុងយេរូសាឡិមឡើយ ប៉ុន្តែនៅឯក្រុងបាប៊ីឡូនជាមួយពួកដែលនិរទេសខ្លួនវិញ ។ លោកបានដឹងថា ភាពទុច្ចរិតនៅក្នុងក្រុងយេរូសាឡិមកាន់តែធ្ងន់ធ្ងរទៅៗ រហូតដល់ព្រះពុំមានវត្តមាននៅទីនោះទៀតឡើយ ( សូមមើល អេសេគាល ៨–១១; ៣៣:២១ ) ។
ប៉ុន្តែមានអ្វីមួយដែលមានក្ដីសង្ឃឹមអំពីសារលិខិតរបស់អេសេគាល ។ ទោះជាអ្នកដែលបានចុះសេចក្ដីសញ្ញាឃ្លាតឆ្ងាយដល់កម្រិតណាក៏ដោយ ក៏ព្រះមិនបានបោះបង់ចោលទាំងស្រុងឡើយ ។ ប្រសិនបើពួកគេ « ស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ា » ( អេសេគាល ៣៧:៤ ) នោះអ្វីដែលបានស្លាប់ក៏អាចរស់ឡើងវិញបានដែរ ។ « ចិត្តដែលរឹងដូចថ្ម » របស់ពួកគេ អាចត្រូវបានប្តូរដោយ « ចិត្តថ្មី » វិញ ( អេសេគាល ៣៦:២៦ ) ។ ហើយនៅអនាគត ព្រះអម្ចាស់នឹងសង់ព្រះវិហារ និងក្រុងយេរូសាឡិមថ្មីមួយ « ហើយតាំងពីថ្ងៃនោះតទៅ ទីក្រុងនោះត្រូវមានឈ្មោះថា ព្រះយេហូវ៉ាទ្រង់គង់នៅទីនេះ » ( អេសេគាល ៤៨:៣៥ ) ។
សម្រាប់ទិដ្ឋភាពទូទៅស្ដីពីគម្ពីរអេសេគាល សូមមើល « អេសេគាល » នៅក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ។
គំនិតសម្រាប់ការរៀនសូត្រនៅឯគេហដ្ឋាន និងនៅឯសាសនាចក្រ
អេសេគាល ៣; ៣៤
ព្រះអម្ចាស់អញ្ជើញខ្ញុំឲ្យផ្ដល់ចំណីដល់ចៀមរបស់ទ្រង់ ។
នៅក្នុង អេសេគាល ៣ និង ៣៤ ព្រះអម្ចាស់បានសំដៅទៅលើពួកអ្នកដឹកនាំនៃរាស្រ្តរបស់ទ្រង់ជាអ្នកយាម និងជាអ្នកគង្វាល ។ នៅពេលបងប្អូនអានជំពូកទាំងនេះ សូមពិចារណាពីអ្វីដែលងារទាំងនេះណែនាំអំពីអត្ថន័យនៃការក្លាយជាអ្នកដឹកនាំ ។
តើនរណាជា « ចៀម » ដែលព្រះអម្ចាស់ចង់ឲ្យបងប្អូនឲ្យចំណី ? តើបងប្អូនរកឃើញអ្វីនៅក្នុង អេសេគាល ៣៤ ដែលអាចជួយនរណាម្នាក់ឲ្យរៀបចំបម្រើបេសកកម្ម ចិញ្ចឹមកូនចៅ ឬបំពេញការងារបម្រើមួយដែរឬទេ ? តើបងប្អូនអាចធ្វើតាមគំរូរបស់ព្រះអង្គសង្រ្គោះដែលជាអ្នកគង្វាលរបស់យើងដោយរបៀបណា ? ( សូមមើល ខទី ១១–៣១ ) ។
បងប្អូនក៏ប្រហែលជាជញ្ជឹងគិតអំពីនិមិត្តរូបដែលបងប្អូនរកឃើញនៅក្នុងជំពូកនេះផងដែរ ។ តើ « ទីវាលល្អ » និង « ក្រោលយ៉ាងល្អ » នៅក្នុង ខទី ១៤អាចតំណាងឲ្យអ្វី ? តើចៀមដែល « វង្វេងបាត់ » និងចៀមដែល « ត្រូវប្រដេញ » ខុសគ្នាយ៉ាងដូចម្ដេច ? ( ខទី ១៦ ) ។ តើបងប្អូនរកឃើញនិមិត្តរូបអ្វីខ្លះទៀត ?
សូមមើលផងដែរ យ៉ូហាន ២១:១៥–១៧; ហ្គើរីត ដបុលយូ ហ្គង « ការងារបម្រើ » លីអាហូណា ខែឧសភា ឆ្នាំ២០២៣ ទំព័រ ១៦–១៩ ។
អេសេគាល ៣៣:១០–១៩
ព្រះអម្ចាស់សព្វព្រះទ័យនឹងអភ័យទោសឲ្យ ។
ពួកសាសន៍អ៊ីស្រាអែលដែលជាប់សេវកភាពបានឆ្ងល់ថា « អំពើបាបរបស់យើងគ្របសង្កត់លើយើងហើយ … ធ្វើដូចម្តេចឲ្យយើងរស់នៅបាន ? » ( អេសេគាល ៣៣:១០ ) ។ ជាការឆ្លើយតប ព្រះអម្ចាស់បានបង្រៀនពួកគេអំពីការប្រែចិត្ត និងការអភ័យទោស ។ សំណួរទាំងនេះអាចជួយបងប្អូនឲ្យពិចារណាអំពីអ្វីដែលទ្រង់បានបង្រៀន ៖
-
តើបងប្អូនគិតថា វាមានន័យយ៉ាងណាដើម្បី « ពឹងដល់សេចក្តីសុចរិត [ របស់បងប្អូន ] » ? ( សូមមើល អេសេគាល ៣៣:១២–១៣ ) ។
-
តើបងប្អូននឹងនិយាយបែបណាទៅកាន់នរណាម្នាក់ដែលគិតថាមនុស្សបានពិពណ៌នានៅក្នុង អេសេគាល ៣៣:១២–១៩ មិនទទួលបានការប្រព្រឹត្តដាក់ដោយស្មើភាពគ្នានោះ ? ( សូមមើលផងដែរ ម៉ាថាយ ២១:២៨–៣១; លូកា ១៨:៩–១៤ ) ។
-
តើបងប្អូនរកឃើញអ្វីខ្លះនៅក្នុងឃ្លាទាំងនេះ ដែលជួយបងប្អូនឲ្យយល់អំពីអត្ថន័យនៃការប្រែចិត្ត ? តើបងប្អូនទទួលបានការយល់ដឹងបន្ថែមអ្វីខ្លះ ដែលបងប្អូនរកឃើញនៅក្នុង អេសេគាល ៣៦:២៦–២៧ និង អាលម៉ា ៧:១៤–១៦ ?
អេសេគាល ៣៧
ព្រះអម្ចាស់កំពុងប្រមូលផ្ដុំរាស្រ្តរបស់ទ្រង់ និងប្រទានដល់ពួកគេនូវជីវិតថ្មីមួយ ។
ការប្រមូលសាសន៍អ៊ីស្រាអែលត្រូវបានបង្ហាញនៅក្នុង អេសេគាល ៣៧ តាមរយៈនិមិត្តរូបពីរ ។ កាលដែលបងប្អូនអានអំពីនិមិត្តរូបទីមួយ—ឆ្អឹងដែលស្ងួតហែងត្រូវបានប្រោសឲ្យមានជីវិតវិញ ( សូមមើល ខទី ១–១៤ )—សូមពិចារណាពីអ្វីដែលបងប្អូនរៀនអំពីការប្រមូលសាសន៍អ៊ីស្រាអែលនៅទាំងសងខាងវាំងនន ( សូមមើលផងដែរ អេសេគាល ៣៦:២៤–៣០ ) ។ សូមសំណួរដូចទាំងនេះ ៖
-
តើព្រះអម្ចាស់កំពុងព្យាយាមសម្រេចអ្វីតាមរយៈការប្រមូលសាសន៍អ៊ីស្រាអែល ?
-
តើទ្រង់សម្រេចវាបានតាមរបៀបណា ?
បងប្អូនអាចសួរខ្លួនឯងនូវសំណួរដូចគ្នានេះនៅពេលបងប្អូនអានអំពីនិមិត្តរូបទីពីរ នៅក្នុង ខទី ១៥–២៨ ។ និមិត្តរូបនេះទាក់ទងនឹងបន្ទះឈើពីរដែលពួកអ្នកប្រាជ្ញជាច្រើនបកស្រាយថាជាក្ដារឈើសម្រាប់សរសេរដែលភ្ជាប់គ្នាដោយត្រចៀកមួយ ។ បន្ទះឈើរបស់យូដាអាចតំណាងឲ្យព្រះគម្ពីរប៊ីប ( ដោយសារតែព្រះគម្ពីរប៊ីបភាគច្រើនត្រូវបានសរសេរដោយកូនចៅរបស់យូដា ) ហើយបន្ទះឈើរបស់យ៉ូសែបអាចតំណាងឲ្យព្រះគម្ពីរមរមន ( ដោយសារតែគ្រួសាររបស់លីហៃ ជាកូនចៅរបស់យ៉ូសែបនៅស្រុកអេស៊ីព្ទ ) ។ ដោយគិតអំពីតំណាងទាំងពីរនេះនៅក្នុងចិត្ត តើខគម្ពីរទាំងនេះបង្រៀនបងប្អូនអ្វីខ្លះអំពីតួនាទីនៃព្រះគម្ពីរក្នុងការប្រមូលសាសន៍អ៊ីស្រាអែល ?
សូមគិតអំពីរបៀបដែលព្រះគម្ពីរប៊ីប និងព្រះគម្ពីរមរមនបានធ្វើការរួមគ្នាក្នុងជីវិតរបស់បងប្អូន—ជាពិសេស ដើម្បីជួយបងប្អូនមករកព្រះគ្រីស្ទ ។ តើវគ្គបទគម្ពីរអ្វីដែលមានអត្ថន័យជាពិសេសចំពោះបងប្អូន ?
សូមមើលផងដែរ នីហ្វៃទី២ ៣:១១–១៣; ២៩:១៤; « អ៊ីស្រាអែលអើយព្រះកំពុងហៅ » ទំនុកតម្កើង ល.រ. ៧; Topics and Questions « Bible » « Book of Mormon » បណ្ណាល័យដំណឹងល្អ « The Book of Mormon Gathers Scattered Israel » ( វីដេអូ ) បណ្ណាល័យដំណឹងល្អ ។
The Book of Mormon Gathers Scattered Israel
នៅក្នុងទស្សននិមិត្តអេសេគាលបានឃើញនៅក្នុងការនិមិត្តនូវទន្លេមួយដែលហូរមកពីព្រះវិហារបរិសុទ្ធ ហើយប្រោសដល់សមុទ្រស្លាប់ ។
អេសេគាល ៤៧:១–១២
ខ្ញុំអាចរកឃើញការព្យាបាលខាងវិញ្ញាណនៅក្នុងដំណាក់របស់ព្រះអម្ចាស់ ។
នៅពេលបងប្អូនអាន អេសេគាល ៤៧:១–១២ អាចមានអត្ថប្រយោជន៍ដើម្បីពន្យល់ថា សមុទ្រស្លាប់គឺប្រៃខ្លាំងណាស់ រហូតដល់គ្មានត្រី និងរុក្ខជាតិអ្វីអាចរស់នៅក្នុងសមុទ្រនោះបានទេ ។ តើអ្វីដែលលេចធ្លោចំពោះបងប្អូនអំពីទឹកដែលបានពិពណ៌នានៅក្នុង ខទី ១–១២ ? ( សូមមើលផងដែរ វិវរណៈ ២២:១ ) ។ តើទឹកអាចជានិមិត្តរូបឲ្យអ្វី ? តើដើមឈើដែលមានរៀបរាប់នៅក្នុង ខទី ១២ អាចតំណាងឲ្យអ្វី ?
តើសារលិខិតរបស់អែលឌើរ ឌែល ជី រិនឡាន់ អំពី « Family History and Temple Work: Sealing and Healing » បន្ថែមទៅលើការយល់ដឹងរបស់បងប្អូនអ្វីខ្លះ ? ( សូមមើល Liahona ខែឧសភា ឆ្នាំ២០១៨ ទំព័រ ៤៧–៤៨ ) ។ សូមពិចារណាពីរបៀបដែលបងប្អូនបានរកឃើញជីវិតខាងវិញ្ញាណ និងការព្យាបាល ដោយសារព្រះវិហារបរិសុទ្ធ ។
គំនិតសម្រាប់បង្រៀនកុមារ
អេសេគាល ៣:១៧; ៣៣:១–៥
ពួកព្យាការីគឺដូចជាអ្នកយាម ដែលព្រមានយើងអំពីគ្រោះថ្នាក់ ។
-
កុមារតូចៗអាចរីករាយនឹងការធ្វើសកម្មភាពជាមួយនឹង អេសេគាល ៣:១៧ ។ ពួកគេអាចចង្អុលទៅភ្នែក ត្រចៀក និងមាត់របស់ពួកគេ នៅពេលដែលបងប្អូនអានពាក្យ « អ្នកយាម » « ស្ដាប់ » « មាត់ » ។ ពួកគេក៏អាចចូលចិត្តដើរឡើងភ្នំ ដើរលេងក្រៅផ្ទះ ឬនៅជុំវិញបន្ទប់ផងដែរ ។ នៅពេលពួកគេដើរ សូមព្រមានពួកគេអំពីអ្វីៗនៅលើផ្លូវ ដូចជាដងស្ទឹងត្រូវលោតរំលង មែកឈើត្រូវឱនចុះ ឬសត្វដែលត្រូវដើរចៀស ( ទាំងការពិត ឬសម្តែង ) ។ ការណ៍នេះអាចនាំទៅដល់ការសន្ទនាអំពីរបៀបដែលព្យាការីរបស់ព្រះអម្ចាស់ព្រមានយើងអំពីគ្រោះថ្នាក់ដែលយើងមើលមិនឃើញ ។
-
នេះជារបៀបផ្សេងដែលត្រូវបង្ហាញ អេសេគាល ៣:១៧; ៣៣:១–៥ ។ នៅពេលកូនៗបងប្អូនអាចសម្តែងធ្វើជា « អ្នកចាំយាម » ដោយមើលតាមមាត់បង្អួច ហើយប្រាប់អ្នកផ្សេងទៀតនូវអ្វីដែលកំពុងកើតឡើងនៅខាងក្រៅ ។ បងប្អូនក៏អាចមើលវីដេអូ « Watchman on the Tower » ( ChurchofJesusChrist.org ) ។ តើព្យាការីដែលនៅរស់របស់យើងដូចជាអ្នកចាំយាមសម្រាប់យើងយ៉ាងដូចម្តេច ?
4:17Watchman on the Tower
The Prophet Ezekiel [ ព្យាការីអេសេគាល ] ដោយ ឡែ បែដឌីស
អេសេគាល ៣៧:១៥–២៣
ព្រះគម្ពីរប៊ីប និងព្រះគម្ពីរមរមន ជួយ « ប្រមូល » យើងឲ្យមកកាន់ព្រះយេស៊ូវគ្រីស្ទ ។
-
បន្ទាប់ពីការអាន អេសេគាល ៣៧:១៥–២៣ ជាមួយគ្នា នោះបងប្អូន និងកូនៗបងប្អូនអាចរកបន្ទះឈើពីរ ហើយសរសេរនៅលើបន្ទះឈើមួយថា សម្រាប់យូដា ( ព្រះគម្ពីរប៊ីប ) និងលើឈើមួយទៀតថា សម្រាប់យ៉ូសែប ( ព្រះគម្ពីរមរមន ) ។ បន្ទាប់មក បងប្អូនអាចចែកចាយដំណើររឿង ឬបទគម្ពីរចេញពីព្រះគម្ពីរប៊ីប និងព្រះគម្ពីរមរមន ដែលអាចជួយបងប្អូនឲ្យមានអារម្មណ៍កាន់តែជិតស្និទ្ធនឹងព្រះអង្គសង្រ្គោះ ហើយប្រែក្លាយដូចជា « រាស្រ្ត[ របស់ទ្រង់ ] » ( ខទី ២៣ ) ។ ហេតុអ្វីបានជាវាជាការល្អដើម្បីមានព្រះគម្ពីរទាំងពីរនេះ ?
កុំព្យាយាមបង្រៀនអ្វីៗគ្រប់យ៉ាង ។ បងប្អូនប្រហែលជាមិនអាចរកឃើញសេចក្ដីពិតទាំងអស់នៅក្នុងគម្ពីរអេសេគាល ជាមួយកូនៗបងប្អូនឡើយ ។ សូមពិចារណាដោយការអធិស្ឋាននូវអ្វីដែលពួកគេត្រូវយល់ ហើយស្វែងរកការណែនាំខាងវិញ្ញាណដើម្បីកំណត់នូវអ្វីដែលត្រូវផ្តោតលើ ។ ( សូមមើល ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ទំព័រ ១៧ ) ។
អេសេគាល ៤៧:១–១២
ដួងចិត្ត និងក្រុមគ្រួសាររបស់យើងអាចរកឃើញការព្យាបាលនៅក្នុងដំណាក់របស់ព្រះអម្ចាស់ ។
-
អេសេគាល ៤៧ ពិពណ៌នាពីការនិមិត្តរបស់អេសេគាល ពីទឹកដែលហូរមកពីព្រះវិហារបរិសុទ្ធ ហើយប្រោសដល់សមុទ្រក្ស័យ—ជាសមុទ្រដែលមានទឹកប្រៃជាខ្លាំង រហូតដល់គ្មានត្រី និងរុក្ខជាតិណាអាចរស់នៅក្នុងសមុទ្រនេះបានឡើយ ។ ប្រហែលជាកូនៗបងប្អូនម្នាក់ៗអាចទាញវត្ថុមួយ ឬពីរពីការនិមិត្ត ដូចជាព្រះវិហារបរិសុទ្ធ ទន្លេ វាលខ្សាច់ សមុទ្រស្លាប់ ត្រីជាច្រើន ឬដើមឈើដែលមានផ្លែ ។ បន្ទាប់មក នៅពេលបងប្អូនអាន ខទី ១–១២ ជាមួយគ្នា ពួកគេអាចចែកចាយរូបគំនូររបស់ពួកគេ នៅពេលដែលវត្ថុនោះត្រូវបានលើកឡើង ។ តើពរជ័យអ្វីខ្លះ ដែលបានមកពីទឹកស្ទឹងនៅក្នុងការនិមិត្តនេះ ? សូមជួយកុមារឲ្យមើលឃើញពីរបៀបដែលពរជ័យទាំងនេះ គឺដូចជាពរជ័យដែលព្រះអង្គសង្គ្រោះប្រទានដល់ពួកអ្នកដែលរក្សាសេចក្ដីសញ្ញានៃព្រះវិហារបរិសុទ្ធដែរ ។ វីដេអូ « And the River Will Grow » ( បណ្ណាល័យដំណឹងល្អ ) អាចជួយបាន ។
3:43And the River Will Grow
-
បងប្អូនក៏អាចច្រៀងជាមួយគ្នានូវបទចម្រៀងដែលពិពណ៌នាពីពរជ័យព្រះវិហារបរិសុទ្ធ ដូចជាបទ « ក្រុមគ្រួសារអាចនៅជាមួយគ្នាជានិរន្តរ » ( សៀវភៅចម្រៀងកុមារ ទំព័រ ៩៨ ) ។ តើបទចម្រៀងនេះបង្រៀនយើងអំពីរបៀបដែលព្រះអម្ចាស់ប្រទានពរដល់យើងនៅក្នុងដំណាក់ដ៏បរិសុទ្ធរបស់ទ្រង់ដោយរបៀបណា ?
សម្រាប់គំនិតបន្ថែម សូមមើលទស្សនាវដ្តី ប្រិយមិត្ត ប្រចាំខែនេះ ។