បណ្ណាល័យ
ព្រះគម្ពីរ​មរមន


« ព្រះគម្ពីរ​មរមន » ប្រធានបទ និង សំណួរ ( ឆ្នាំ២០២៣ )

យុវជន​កំពុងអាន​ព្រះគម្ពីរ​មរមន

មគ្គុទ្ទេសក៍​សិក្សា​ដំណឹងល្អ

ព្រះគម្ពីរ​មរមន

សក្ខីបទ​មួយទៀត​អំពី​ព្រះយេស៊ូវគ្រីស្ទ

ព្យាការី​បុរាណ​បានសរសេរ​ព្រះគម្ពីរ​មរមន​សម្រាប់​មនុស្ស​នៅ​ជំនាន់​របស់​យើង ។ ដោយជា​ដៃគូ​នឹង​ព្រះគម្ពីរ​ប៊ីប នោះ​ព្រះគម្ពីរ​មរមន​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ ។ អស់អ្នក​ដែល​អាន និង​សិក្សា​ព្រះគម្ពីរ​នេះ​ដោយស្មោះសរ នឹង​ទទួល​អារម្មណ៍​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​រកឃើញ​នូវ​ចម្លើយ​ចំពោះ​សំណួរ​សំខាន់ៗ​ជាច្រើន​នៃ​ជីវិត ។ តាមរយៈ​ការអាន​ព្រះគម្ពីរ​មរមន មនុស្ស​អាច​រៀន​ដោយខ្លួនឯង​ថា​ព្រះ​មាន​ព្រះជន្ម​រស់ ថា​ទ្រង់​ស្រឡាញ់​ពួកគេ ហើយ​ថា​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​ត្រូវបាន​ស្ដារឡើងវិញ​នៅលើ​ផែនដី​នេះ ។

ព្យាការី​សម័យ​ទំនើប​តែងតែ​អញ្ជើញ​សមាជិក​សាសនាចក្រ​ឲ្យ​សិក្សា​ព្រះគម្ពីរ​មរមន​ជា​ប្រចាំ ។ ឧទាហរណ៍ ប្រធាន រ័សុល អិម ណិលសុន បានប្រកាស​ថា ៖ « ខ្ញុំ​សូម​សន្យា​ថា ពេល​បងប្អូន​សិក្សា​ព្រះគម្ពីរ​មរមន​រាល់​ថ្ងៃប្រកប​ដោយ​ការ​អធិស្ឋាន នោះ​បងប្អូន​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​ប្រសើរ​ជាង—រៀង​រាល់​ថ្ងៃ ។ ខ្ញុំ​សូមសន្យា​ថា ពេល​បងប្អូន​ជញ្ជឹងគិត​នូវ​អ្វី​ដែល​បងប្អូន​សិក្សា នោះ​បង្អួច​ស្ថានសួគ៌​នឹង​បើកឡើង ហើយ​បងប្អូន​នឹង​ទទួល​ចម្លើយ​ចំពោះ​សំណួរ​ផ្ទាល់ខ្លួន និង​ការដឹកនាំ​សម្រាប់​ជីវិត​របស់​បងប្អូន​ផ្ទាល់ ។ ខ្ញុំ​សូម​សន្យា​ថា ពេល​បងប្អូន​សិក្សា​ព្រះគម្ពីរ​មរមន​រាល់​ថ្ងៃ នោះ​បងប្អូន​អាច​ត្រូវ​បាន​ការ​ពារ​ឲ្យ​ផុត​ពី​អំពើ​អាក្រក់​នៃ​ថ្ងៃ​នោះ » ។

តើ​អ្វី​ជា​ព្រះគម្ពីរ​មរមន ?

ព្រះ​គម្ពីរ​មរមន ៖ សក្ខីបទ​មួយ​ទៀត​អំពី​ព្រះយេស៊ូវគ្រីស្ទ គឺជា​គម្ពីរ​នៃ​ព្រះគម្ពីរ​ដ៏​បរិសុទ្ធ ។ ព្រះគម្ពីរ​នេះ​មាន​នូវ​ការសរសេរ​របស់​ព្យាការី​សម័យ​បុរាណ ដែល​រស់​នៅក្នុង​អឌ្ឍគោល​ខាងលិច ។ ក្នុង​នាម​ជា​ព្យាការី​នៃ​ការ​ស្ដារឡើងវិញ យ៉ូសែប ស្ម៊ីធ បាន​បកប្រែ​ព្រះគម្ពីរមរមន​ដោយ​អំណោយទាន និង​ព្រះចេស្ដា​នៃ​ព្រះ ( សូមមើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៣៥:៣ ) ។ ព្រះគម្ពីរ​មរមន​អម​ជាមួយ​នឹង​ព្រះគម្ពីរ​ប៊ីប ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​មាន​នូវ​ភាព​ពេញ​លេញ​នៃ​ដំណឹងល្អ ( សូមមើល អេសេគាល ៣៧:១៥–១៧; គោលលទ្ធិ និង​សេចក្ដី​សញ្ញា ២០:៨–៩ ) ។ ព្រះគម្ពីរ​មរមន​ក៏​ជា​សាក្សី​អំពី​ការ​ហៅ​ជា​ព្យាការី​របស់​យ៉ូសែប ស្ម៊ីធ និង​ការស្ដារឡើងវិញ​នៃ​ដំណឹងល្អ​ផងដែរ ។

ទិដ្ឋភាព​ទូទៅ​នៃ​ប្រធានបទ ៖ ព្រះគម្ពីរ​មរមន

មគ្គុទ្ទេសក៍​សិក្សា​ដំណឹងល្អ​ដែល​ជាប់​ទាក់ទង ៖ ព្រះគម្ពីរ ព្រះគម្ពីរ​ប៊ីប យ៉ូសែប ស្ម៊ីធ ការស្តារ​ឡើងវិញ​នៃ​ដំណឹងល្អ

ផ្នែកទី ១

ព្រះគម្ពីរ​មរមន​ថ្លែងទី​បន្ទាល់​ថា​ព្រះយេស៊ូវគ្រីស្ទ​គឺជា​ព្រះប្រោសលោះ​នៃ​ពិភពលោក

ព្រះគម្ពីរ​មរមន

សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ ចាត់ទុក​ព្រះគម្ពីរ​ប៊ីប​ថា​ជា​ព្រះគម្ពីរ​បរិសុទ្ធ ។ ទាំង​ព្រះគម្ពីរ​សញ្ញាចាស់ និង​ព្រះគម្ពីរ​សញ្ញាថ្មី គឺ​ជា​សាក្សី​នៃ​ព្រះយេស៊ូវ​គ្រីស្ទ និង​នៃ​កិច្ចការ​របស់​ទ្រង់​ក្នុងការ​នាំមក​នូវ​សេចក្ដី​សង្គ្រោះ​ដល់​បុត្រាបុត្រី​របស់​ព្រះ ។ ព្រះគម្ពីរ​មរមន​ត្រូវបាន​សរសេរ​ដោយ​ពួកព្យាការី​របស់​ព្រះ​នៅ​ទ្វីប​អាមេរិក និង​ឈរ​ជា​សក្ខីបទ​មួយទៀត​អំពី​ព្រះយេស៊ូវគ្រីស្ទ ។ ព្រះគម្ពីរ​មរមន​រួមបញ្ចូល​នូវ « ភាពពេញលេញ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ » ហើយ​បញ្ជាក់​ទៅកាន់​ពិភពលោក​ថា​ដំណើររឿង​របស់​ព្រះយេស៊ូវគ្រីស្ទ និង​ពួកសិស្ស​របស់​ទ្រង់​ដែល​មាន​ក្នុង​ព្រះគម្ពីរ​ប៊ីប​គឺ​ជា​ការពិត ( សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ២០:៨–១២ ) ។ អម​ជាមួយនឹង​ព្រះគម្ពីរ​ប៊ីប ព្រះគម្ពីរ​មរមន​ជួយ​មនុស្ស​ឲ្យ​មាន​ការយល់​ដឹង​កាន់តែ​ច្បាស់​អំពី​ផែនការ​របស់​ព្រះ និង​រៀបចំ​ពួកគេ​ឲ្យ​ដើរតាម​ព្រះយេស៊ូវគ្រីស្ទ ( សូមមើល អេសេគាល ៣៧:១៥–១៧; នីហ្វៃ​ទី២ ៣:១២ ) ។

ព្រះគម្ពីរ​មរមន​គឺ​ជា​ពរជ័យ​ដ៏​អស្ចារ្យ​សម្រាប់​រាស្ដ្រ​របស់​ព្រះ​នា​សព្វថ្ងៃ​នេះ ។ ព្រះគម្ពីរ​នេះ​មាន​នូវ​ព្រះបន្ទូល​នៃ​ព្រះយេស៊ូវគ្រីស្ទ ( សូមមើល នីហ្វៃ​ទី២ ៣៣:១០ ) ។ ប្រធាន រ័សុល អិម ណិលសុន បាន​ពន្យល់ ៖

« [ ព្រះគម្ពីរ​មរមន ] មាន​នូវ​ចម្លើយ​សម្រាប់​សំណួរ​ពិបាកៗ​បំផុត​ក្នុង​ជីវិត ។ វា​បង្រៀន​នូវ​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ ។ វា​ពង្រីក ហើយ​បញ្ជាក់​អំពី​សេចក្ដី​ពិត ‹ ដ៏​ច្បាស់ និង​ពិសេសៗ › [ សូមមើល នីហ្វៃ​ទី១ ១៣:២៩–៣៣ ] ជា​ច្រើន​ដែល​បាន​បាត់បង់​អស់​ជា​ច្រើន​សតវត្សរ៍ និង​តាមរយៈ​ការ​បកប្រែ​ដ៏​ច្រើន​នៃ​ព្រះគម្ពីរ​ប៊ីប ។

« ព្រះគម្ពីរ​មរមន​ផ្ដល់​នូវ​ការយល់ដឹង​ពេញ​លេញ ហើយ​មាន​អំណាច​បំផុត​អំពី​ដង្វាយ​ធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​អាច​រក​ឃើញ​គ្រប់​ទីកន្លែង ។ … អំណាច​ពេញ​លេញ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​មាន​នៅ​ក្នុង​ព្រះគម្ពីរ​មរមន ។ ពិត​ណាស់ » ។

រឿង​ទាំងឡាយ​ដែល​ត្រូវ​ពិចារណា

  • យ៉ូសែប ស៊្មីធ បាន​បង្រៀន​ថា ព្រះគម្ពីរ​មរមន​គឺជា « មូលដ្ឋាន​នៃ​សាសនា​របស់​យើង » ( សូមមើល Teachings of Presidents of the Church: Joseph Smith ( ឆ្នាំ២០១១ ) ទំព័រ៦៤ ) ។ នៅក្នុង​ផ្នែក​ស្ថាបត្យកម្ម សិលា​គន្លឹះ​គឺ​ជា​ថ្ម​ដែលមាន​រាងស្រួច​នៅ​គែមៗ​នៅ​កណ្ដាល​នៃ​កំណោង​ទ្រ​សំណង់ ដែល​ភ្ជាប់​ថ្ម​ផ្សេងទៀត​ឲ្យ​នៅជាប់​នឹងគ្នា ហើយ​ការពារ​មិនឲ្យ​កំណោង​ទ្រ​នោះ​រលំ ។ ដូចជា​សិលា​គន្លឹះ​នៃ​សំណង់​ស្ថាបត្យកម្ម​ដែរ ព្រះគម្ពីរ​មរមន​គឺជា​ផ្នែក​ដ៏​សំខាន់​ចំពោះ​ជំនឿ​របស់​យើង​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើងវិញ​របស់​ទ្រង់ ។ តើ​ទីបន្ទាល់​របស់​អ្នក​អំពី​ព្រះគម្ពីរ​មរមន បាន​មាន​ឥទ្ធិពល​លើ​ទីបន្ទាល់​របស់​អ្នក​ចំពោះ​ផ្នែក​ផ្សេងទៀត​នៃ​ដំណឹងល្អ​យ៉ាង​ដូចម្ដេច ?

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • សារលិខិត​ចម្បង​នៃ​ព្រះគម្ពីរ​មរមន​គឺ​ថា​ព្រះយេស៊ូវ​គឺជា​ព្រះគ្រីស្ទ ។ សូម​អញ្ជើញ​សមាជិក​នៃ​ក្រុម​របស់​អ្នក​ឲ្យ​អាន ទំព័រ​ចំណង​ជើង​នៃ​ព្រះគម្ពីរ​មរមន ដោយ​ផ្ដោត​ជាពិសេស​លើ​កថាខណ្ឌ​ទីពីរ ។ តើ​ទំព័រ​ចំណងជើង​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ព្រះគម្ពីរ​មរមន​តាម​របៀបណា ? បទគម្ពីរ​ខាងក្រោម​ក៏​អាច​មាន​ប្រយោជន៍​ផងដែរ ៖ នីហ្វៃ​ទី១ ៦:៤; យ៉ាកុប ១:៧;អោមណៃ ១:២៦; នីហ្វៃ​ទី៣ ១១:១៣–១៧; មរ៉ូណៃ ១០:៣២–៣៣ ។ ហេតុអ្វី​បានជា​វា​សំខាន់​ក្នុងការ​ជួយ​អ្នកដទៃ​ឲ្យ​យល់​ថា គោលបំណង​នៃ​ព្រះគម្ពីរ​មរមន​គឺ​ដើម្បី​ថ្លែងជា​សាក្សី​ថា​ព្រះយេស៊ូវ គឺជា​ព្រះគ្រីស្ទ ?

ស្វែង​យល់​បន្ថែម​ទៀត

ផ្នែកទី ២

ការលេចចេញ​មក​នៃ​ព្រះគម្ពីរ​មរមន​គឺ​ជា​អព្ភូតហេតុ

ផ្ទាំង​ចំណារមាស

ព្រះគម្ពីរ​មរមន​ត្រូវបាន​នាំយក​មក​ដោយ​អំណោយទាន និង​ព្រះចេស្ដា​នៃ​ព្រះ ។ ព្រះគម្ពី​នេះ​ត្រូវបាន​កត់ត្រា​ដំបូង​ដោយ​ពួកព្យាការី​អាមេរិក​កាលពី​បុរាណ នៅ​លើ​ផ្ទាំង​ចំណារ​ដែក ។ អស់រយៈពេល​ជាច្រើន​សតវត្សរ៍ ផ្ទាំង​ចំណារ​ទាំងនោះ​ត្រូវបាន​កប់​នៅក្បែរ​ផ្ទះ​របស់​យ៉ូសែប ស្ម៊ីធ នៅ​ភាគខាងលើ​នៃ​រដ្ឋ​ញូវយ៉ក នៅ​សហរដ្ឋ​អាមេរិក រហូត​ដល់​ពេល​ដែល​សារទូត​នៃ​ស្ថានសួគ៌​គឺ​មរ៉ូណៃ បាន​បង្ហាញ យ៉ូសែប ស្ម៊ីធ ពី​ទីកន្លែង​ដើម្បី​ស្វែងរក​ផ្ទាំង​ចំណារ​ទាំងនោះ ។ ឧបករណ៍​សម្រាប់​បកប្រែ​កំណត់ត្រា​មាន​យូរីម និង​ធូមីម ក៏​ត្រូវបាន​រក្សាទុក​ជាមួយ​ផ្ទាំង​ចំណារ​ទាំងនេះ រួមជាមួយ​នឹង​វត្ថុ​បុរាណ​ផ្សេងទៀត​ផងដែរ ( សូមមើល យ៉ូសែប ស៊្មីធ—ប្រវត្ដិ ១:៣០–៣៥ ) ។

ទោះបីជា​យ៉ូសែប ស្ម៊ីធ មាន​អាយុ​ត្រឹម​តែ ២៣​ឆ្នាំ និង​ទទួលបាន​ការសិក្សា​អប់រំ​ជាផ្លូវការ​តិចតួច​ក្ដី ក៏​លោក​បាន​បកប្រែ​ព្រះគម្ពីរ​មរមន​ជា​ភាសា​អង់គ្លេស នៅក្នុង​កម្រិត​មួយ​គឺ ប្រាំបី​ទំព័រ​ក្នុង​មួយថ្ងៃ ។ លោក​មិនមាន​ការយល់ដឹង​អំពី​ភាសា​បុរាណ​ទេ ហើយ​លោក​ក៏​មិន​ប្រើប្រាស់​កំណត់​ចំណាំ​អ្វី​ដែរ ។ លោក​បាន​បញ្ចប់​ការបកប្រែ​ព្រះគម្ពីរ​ទាំងមូល​ក្នុងរយៈ​ពេល​ប្រមាណជា ៨៥ ថ្ងៃ ។ នៅពេល​ដែល​មនុស្ស​សួរ​ថា តើ​លោក​អាច​បកប្រែ​បាន​យ៉ាង​ដូចម្តេច យ៉ូសែប​បាន​និយាយ​យ៉ាង​សាមញ្ញ​ថា​វា​ត្រូវ​បាន​ធ្វើ​ឡើង « ដោយ​អំណោយ​ទាន និង​អំណាច​នៃ​ព្រះ » ( ទំព័រ​ចំណងជើង​នៃ​ព្រះគម្ពីរ​មរមន សូមមើល​ផងដែរ រ័សុល អិម ណិលសុន « A Treasured Testament » Ensign ខែកក្កដា ឆ្នាំ១៩៩៣ ) ។

ព្រះគម្ពីរ​មរមន​ត្រូវបាន​បោះពុម្ព​ជា​ភាសា​អង់គ្លេស​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ មុនពេល​ការរៀបចំ​សាសនាចក្រ​នៅ​ឆ្នាំ​១៨៣០ ( សូមមើល ប្រធានបទ​ប្រវត្តិ​សាសនាចក្រ « Printing and Publishing the Book of Mormon » បណ្ណាល័យ​ដំណឹងល្អ ) ។ នៅ​សព្វថ្ងៃ​នេះ ព្រះគម្ពីរ​មរមន​ត្រូវបាន​បកប្រែ​ទៅ​ជាង ១០០ ភាសា ហើយ​ត្រូវបាន​ប្រើប្រាស់​នៅ​ទូទាំង​ពិភពលោក ។

រឿង​ទាំងឡាយ​ដែល​ត្រូវ​ពិចារណា

  • យ៉ូសែប ស៊្មីធ ត្រូវបាន​បញ្ជា​ឲ្យ​ការពារ​ផ្ទាំង​ចំណារ​ដោយ​ប្រុងប្រយ័ត្ន ។ ក្នុងអំឡុង​ដំណើរការ​នៃ​ការបកប្រែ មាន​មនុស្ស​ពីរបីនាក់​ដែលពិតជា​បាន​ឃើញ​ផ្ទាំង​ចំណារ​ទាំងនេះ ។ ទោះជា​យ៉ាងនេះក្ដី យ៉ូសែប ស៊្មីធ ត្រូវបាន​ប្រាប់ឲ្យ​បង្ហាញ​ផ្ទាំងចំណារ​ទាំងនោះ​ដល់​សហការី​ជិតស្និទ្ធ​របស់​លោក ។ មនុស្ស​ទាំងនេះ​ត្រូវបាន​គេ​ស្គាល់​ជាផ្លូវការ​ថា​ជា « ពួក​សាក្សី​បី​នាក់ » និង « ពួក​សាក្សី​ប្រាំបី​នាក់ » ។ អ្នក​អាច​អាន​ទីបន្ទាល់​របស់​ពួកគេ​នៅក្នុង « ទី​បន្ទាល់​នៃ​ពួក​សាក្សី​បី​នាក់ » និង « ទី​បន្ទាល់​នៃ​ពួក​សាក្សី​ប្រាំ​បី​នាក់ » ។ ហេតុអ្វី​បានជា​វា​មាន​សារៈសំខាន់​ក្នុងការ​ជួយ​អ្នកដទៃ​ឲ្យ​ដឹង​ពី​បទពិសោធន៍​របស់​ពួក​សាក្សី​បី​នាក់ និង​ពួក​សាក្សី​ប្រាំបី​នាក់ ? តើ​អ្នក​អាច​ធ្វើអ្វី​ដើម្បី​ចែកចាយ​សក្ខីភាព​ផ្ទាល់ខ្លួន​របស់​អ្នកអំពី​ព្រះគម្ពីរ​មរមន​ជាមួយ​អ្នកដទៃ ?

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • ទោះបីជា​មនុស្ស​ជាច្រើន​បានឆ្ងល់​ថា តើ​ដំណើការ​នៃ​ការបកប្រែ​ព្រះគម្ពីរ​មរមន​មាន​លក្ខណៈ​យ៉ាងដូចម្ដេច​ក្ដី ក៏ យ៉ូសែប ស្ម៊ីធ បាន​ផ្ដល់​ព័ត៌មាន​ជាក់លាក់​តិចតួចណាស់​អំពី​ការណ៍​នេះ ដោយ​គ្រាន់​តែ​ប្រាប់ថា វា​ត្រូវបាន​បកប្រែ « ដោយ​អំណោយទាន និង​អំណាច​នៃ​ព្រះ » ( បុព្វកថា​នៃ​ព្រះគម្ពីរ​មរមន; គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៣៥:៣ ) ។ សូម​អញ្ជើញ​សមាជិក​ក្រុម​របស់​អ្នក​ឲ្យ​អាន « Book of Mormon Translation » នៅក្នុង ប្រធានបទ​ប្រវត្ដិ​សាសនាចក្រ ( បណ្ណាល័យ​ដំណឹងល្អ ) ។ សូម​សួរ​ពួកគេ​ថា តើ​ការយល់ដឹង​អ្វីខ្លះ​ដែល​ពួកគេ​ទទួលបាន​ចេញមក​ពី​ការអាន​នេះ ។ ហេតុអ្វី​បានជា​អ្នកគិតថា យ៉ូសែប ស្ម៊ីធ បានសង្កត់ធ្ងន់​លើ « អំណោយទាន និង​អំណាច​នៃ​ព្រះ » នៅពេល​ពិភាក្សា​អំពី​ការបកប្រែ​ព្រះគម្ពីរ​មរមន ?

ស្វែង​យល់​បន្ថែម​ទៀត

  • អេសាយ ២៩:១១–១៤, ១៨–១៩; យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:៣០–៣៥, ៤២–៥៤

  • ពួក​បរិសុទ្ធ ៖ រឿង​អំពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ភាគ ១  បទដ្ឋាន​នៃ​សេចក្ដីពិត ឆ្នាំ​១៨១៥–ឆ្នាំ​១៨៤៦ ( ឆ្នាំ២០១៨ ) ទំព័រ ២១–៣០ ៣៩–៦៤

  • រ័សុល អិម ណិលសុន « A Treasured Testament » Ensign ខែកក្កដា ឆ្នាំ១៩៩៣

  • « Days of Harmony » ( វីដេអូ ) បណ្ណាល័យ​ដំណឹងល្អ

ផ្នែក​ទី ៣

អ្នក​អាច​ដឹង​ដោយ​ខ្លួនឯង​ថា ព្រះគម្ពីរ​មរមន​គឺ​ពិត

មនុស្ស​កំពុង​និយាយ​អំពី​ព្រះគម្ពីរ​មរមន

ការក្លាយជា​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ​គឺជា​ដំណើរការ​ពេញ​មួយ​ជីវិត ។ យើង​ម្នាក់ៗ​ស្ថិតនៅ​កន្លែង​ផ្សេងគ្នា​នៅលើ​ផ្លូវ​ខាងវិញ្ញាណ​ដើម្បី​ត្រឡប់​ទៅរក​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​វិញ ។ ប៉ុន្តែ មិនថា​យើង​នៅ​ទីណា​នៅលើ​ផ្លូវ​នោះ​ទេ ព្រះគម្ពីរ​មរមន​អាច​ជួយ​យើង​ឲ្យ​ខិត​កាន់តែ​ជិត​ទ្រង់​ទាំងទ្វេ​បាន ។ ព្រះបន្ទូល​នៃ​ព្រះ​គឺ​ពោរពេញ​ទៅដោយ​អំណាច​នៃ​ការផ្លាស់​ប្រែចិត្តជឿ ( សូមមើល អាលម៉ា ៥:៧; ៣១:៥ ) ។ ព្រះគម្ពីរ​មរមន​អាច​ជួយ​អ្នក​ចៀសវាង​នូវ​ការបោកប្រាស់​របស់​ពិភពលោក និង​ដឹកនាំ​អ្នក​នៅលើ​ផ្លូវ​ទៅកាន់​សុវត្ថិភាព​ខាងវិញ្ញាណ ( សូមមើល នីហ្វៃ​ទី១ ១៥:២៤; ហេលេមិន ៣:២៩–៣០ ) ។

ដោយ​សារតែ​សារៈសំខាន់​នៃ​ព្រះគម្ពីរ​មរមន អ្នកបម្រើ​របស់​ព្រះអម្ចាស់​បាន​សង្កត់ធ្ងន់​ថា សមាជិក​គ្រប់រូប​របស់​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ គប្បី​ស្វែងរក​ដើម្បិ​ដឹង​ដោយ​ខ្លួនឯង​ថា​ព្រះគម្ពីរ​មរមន​គឺ​ពិត ។ បុព្វកថា​នៃ​ព្រះគម្ពីរ​មរមន ថ្លែងថា « យើង​សូម​អញ្ជើញ​មនុស្ស​ទាំង​អស់​នៅ​គ្រប់​ទិសទី សូម​ឲ្យ​អាន​ព្រះ​គម្ពីរ​មរមន សូម​ឲ្យ​ពិចារណា​មើល​នៅ​ក្នុង​ចិត្ត​នូវ​ពាក្យ​ពេចន៍​នៅ​ក្នុង​គម្ពីរ​នេះ ហើយ​បន្ទាប់​មក សូម​ឲ្យ​សួរ​ដល់​ព្រះ​ជា​ព្រះ​វរបិតា​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ដោយ​នូវ​ព្រះ​នាម​នៃ​ព្រះ​គ្រីស្ទ ថា​តើ​គម្ពីរ​នេះ​ពិត​ឬ​ទេ ។ អស់​អ្នក​ណា​ដែល​ធ្វើ​តាម​បែបបទ​នេះ ហើយ​សូម​សួរ​ដោយ​សេចក្ដី​ជំនឿ នោះ​នឹង​បាន​ទទួល​ទី​បន្ទាល់​អំពី​សេចក្ដី​ពិត និង​ទេវភាព​របស់​គម្ពីរ​នេះ ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ។ ( សូម​មើល មរ៉ូណៃ ១០:៣–៥ ) ។ »

រឿង​ទាំងឡាយ​ដែល​ត្រូវ​ពិចារណា

  • សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ អែលឌើរ ជែហ្វ្រី អ័រ ហូឡែន « ខ្ញុំ​ធ្វើ​ទីបន្ទាល់​ថា​មនុស្ស​ម្នាក់​ពុំ​អាច​ចាប់ផ្តើម​មាន សេចក្តី​ជំនឿ​ដ៏ពេញលេញ​នៅក្នុង​កិច្ចការ​ថ្ងៃចុងក្រោយ​នេះ​បានទេ—ហើយ​ដោយ​ហេតុ​នោះ​គឺ​ពុំអាច​រកឃើញ​នូវ​រង្វាស់​នៃ​សន្តិភាព​ដ៏​ពេញលេញ ព្រមទាំង​ការលួងលោម​នៅក្នុង​កិច្ចការ​នេះ​នៅ​អំឡុងពេល​របស់យើង​បានឡើយ—លើកលែង​តែ​គាត់​ឱបក្រសោប​នូវ​ទេវភាព​នៃ​ព្រះគម្ពីរ​មរមន និង​ព្រះអម្ចាស់ យេស៊ូវគ្រីស្ទ ដែល​ព្រះគម្ពីរ​នេះ​ធ្វើ​បន្ទាល់​អំពី​ទ្រង់ » ។ តើ​ព្រះគម្ពីរ​មរមន​បាន​ជះឥទ្ធិពល​ដល់​ទីបន្ទាល់​របស់​អ្នក​អំពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ដោយ​របៀបណា ?

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • ព្រះគម្ពីរ​មរមន​គឺជា​ឧបករណ៍​រៀបចំ​សម្រាប់​ការប្រែចិត្ដ​ជឿ​ដ៏​ទេវភាព​មួយ ដែល​មាន​នូវ​អានុភាព​ដើម្បី​ផ្លាស់ប្ដូរ​គំនិត ដួងចិត្ដ និង​ជីវិត ពេលយើង​សម្រប​ខ្លួន​របស់​យើង​ជាមួយនឹង​ព្រះយេស៊ូវគ្រីស្ទ និង​ការបង្រៀន​របស់​ទ្រង់ ។ សូម​អាន​សេចក្តី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ជាមួយ​សមាជិក​ក្រុម​របស់​អ្នក ៖

    « ព្រះគម្ពីរ​មរមន​គឺជា​ឧបករណ៍​ដែល​ព្រះ​បាន​រៀបចំ​ឡើង​ដើម្បី ‹ បោស​ផែនដី ដូច​ជា​ទឹកជំនន់ ដើម្បី​ប្រមូល​ពួក​អ្នក​ជម្រើស​របស់ [ ទ្រង់ ] › ។ ( ម៉ូសេ ៧:៦២ ) ។ គម្ពីរ​ដ៏​ពិសិដ្ឋ​នេះ​ចាំបាច់​ត្រូវ​ក្លាយ​ជា​ផ្នែក​កាន់តែ​សំខាន់​នៅ​ក្នុង​ការប្រកាស​របស់​យើង ការ​បង្រៀន​របស់​យើង និង​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​របស់​យើង ។ …

    « ខ្ញុំ​សូម​អញ្ជើញ​យើង​ម្នាក់ៗ​ឲ្យ​ពិចារណា​ប្រកប​ដោយ​ការអធិស្ឋាន​ពី​ជំហាន​ដែល​យើង​អាច​ធ្វើ ដើម្បី​នាំយក​សាក្សី​ថ្មី​នេះ​នៃ​ព្រះគ្រីស្ទ​មកកាន់​ជីវិត​របស់​យើង​កាន់តែ​ច្រើន​ជាងមុន ហើយ​មកកាន់​ពិភពលោក​ដែល​កំពុង​ត្រូវការ​សាក្សី​នេះ​យ៉ាង​អន្ទះសារ » ។

    តើ​មាន​វិធី​អ្វីខ្លះ​ដែល​យើង​អាច​ជួយ​ព្រះអម្ចាស់​ក្នុង​កិច្ចការ​របស់​ទ្រង់​តាមរយៈ​ការនាំយក​នូវ​ព្រះគម្ពីរ​មរមន​យ៉ាងច្រើន​សន្ធឹក​សន្ធាប់​មកកាន់​ពិភពលោក​នេះ ?

ស្វែង​យល់​បន្ថែម​ទៀត

ធនធាន​ផ្សេងទៀត​អំពី​ព្រះគម្ពីរ​មរមន

កំណត់​ចំណាំ

  1. សូមមើល​រ័សុល អិម ណិលសុន « A Testimony of the Book of Mormon »​Ensign ខែវិច្ឆិកា ឆ្នាំ១៩៩៩ ទំព័រ ៧០ ។

  2. រ័សុល អិម ណិលសុន « The Book of Mormon: What Would Your Life Be Like Without It? » Liahona ខែវិច្ឆិកា ឆ្នាំ២០១៧ ទំព័រ ៦២–៦៣ ។

  3. រ័សុល អិម ណិលសុន « The Book of Mormon: What Would Your Life Be Like Without It? » ទំព័រ ៦២ ។

  4. ជែហ្វ្រី អ័រ ហូឡិន « Safety for the Soul » Liahona ខែវិច្ឆិកា ឆ្នាំ២០០៩ ទំព័រ ៨៩ ។

  5. Teachings of Presidents of the Church: Ezra Taft Benson ( ឆ្នាំ២០១៤ ) ទំព័រ ១៤៣–១៤៤ ។