បណ្ណាល័យ
ការប្រមូលផ្ដុំ​សាសន៍​អ៊ីស្រាអែល


« ​ការប្រមូលផ្ដុំ​សាសន៍​អ៊ីស្រាអែល » ប្រធានបទ និង សំណួរ ( ឆ្នាំ២០២៣ )

ក្រុម​ជំនុំ​សាសនាចក្រ​កំពុង​ច្រៀង

មគ្គទេសក៍​សិក្សា​ដំណឹងល្អ

ការប្រមូលផ្ដុំ​សាសន៍​អ៊ីស្រាអែល

បុព្វហេតុ​ដ៏​អស្ចារ្យ​បំផុត​នៅលើ​ផែនដី​សព្វថ្ងៃ​នេះ

តើ​អ្នក​ធ្លាប់​ផ្លុំ​រុក្ខជាតិ​ដូចជា​ផ្កា dandelion ហើយ​មើល​គ្រាប់​របស់​វា​ហោះ​ខ្ចាត់ខ្ចាយ​ឬ​ទេ ? តើ​ត្រូវការ​អ្វី​ខ្លះ ដើម្បី​ប្រមូល​គ្រាប់​ពូជ​ទាំងអស់​នោះ​ត្រឡប់មក​វិញ ? វា​មើលទៅ​ហាក់​ដូចជា​មិន​អាច​ទៅ​រួច​ទាល់តែ​សោះ ។ ប៉ុន្ដែ​ការណ៍​ទាំងអស់​នឹង​សម្រេច​បាន​ដោយសារ​មាន​ព្រះ ។

ព្រះគម្ពី​សញ្ញា​ចាស់ ប្រាប់​អំពី​ការខ្ចាត់ខ្ចាយ​មួយ​ប្រភេទ​ទៀត—នៅពេល​រាស្ដ្រ​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ ត្រូវបាន « កម្ចាត់កម្ចាយ … ដោយ​ខ្យល់​កួច​ឲ្យ​ទៅនៅ​កណ្ដាល​អស់​ទាំងសាសន៍ »​( សាការី ៧:១៤ ) ។ ប៉ុន្តែ​តាមរយៈ​ព្យាការី​របស់​ទ្រង់ ព្រះអម្ចាស់​បាន​សន្យា​ថា​ថ្ងៃណា​មួយ​ពួកគេ​នឹង​ត្រូវបាន​ប្រមូលផ្តុំ​ម្តងទៀត ( សូមមើល ចោទិយកថា ៤:២៧–៣១ ) ។

យើង​ហៅ​ការណ៍​នោះ​ថា « ការប្រមូលផ្ដុំ​សាសន៍​អ៊ីស្រាអែល » ហើយ​ការណ៍​នេះ​បាន​ចាប់ផ្តើម​នៅពេល​ដែល​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ត្រូវបាន​ស្តារឡើងវិញ​នៅក្នុង​ថ្ងៃចុងក្រោយ ហើយ​ដំណឹងល្អ​របស់​ទ្រង់​បាន​ចាប់ផ្តើម​រីករាលដាល​ពាសពេញ​ពិភពលោក ។ កិច្ចខិតខំ​ប្រឹងប្រែង​ប្រមូលផ្តុំ​នេះ​បានបន្ត​ទទួលបាន​សន្ទុះ​ដ៏ខ្លាំង នៅពេល​ដែល​ការស្តារ​ឡើងវិញ​នៃ​ដំណឹងល្អ​បានបន្ដ​ឆ្ពោះ​ទៅមុខ ។

តើ​អ្វីជា​ការប្រមូលផ្ដុំ​សាសន៍​អ៊ីស្រាអែល ?

នៅពេល​និយាយ​អំពី​ការប្រមូលផ្ដុំ​សាសន៍​អ៊ីស្រាអែល អ៊ីស្រាអែល សំដៅ​ទៅលើ​ពូជអំបូរ​សុទ្ធសាធ​នៃ​អ័ប្រាហាំ អ៊ីសាក និង យ៉ាកុប ។ វា​ក៏​សំដៅ​ទៅលើ​អស់អ្នក​ដែល​ត្រូវបាន​ទទួល​យក​មក​ចិញ្ចឹម​ទៅក្នុង​គ្រួសារ​របស់​ពួកគេ តាមរយៈ​សេចក្ដីសញ្ញា​នៃ​ពិធី​បុណ្យជ្រមុជទឹក​ផងដែរ ។ កាល​ពីបុរាណ ព្រះ​បាន​កម្ចាត់​កម្ចាយ​កូនចៅ​នៃ​អ៊ីស្រាអែល​ដោយសារ​តែ​ភាពទុច្ចរិត និង​ការបះបោរ​របស់​ពួកគេ ។ អ៊ីស្រាអែល​ត្រូវបាន​ប្រមូលផ្តុំ​នៅពេល​ដែល​បុត្រាបុត្រី​របស់​ព្រះ​ទទួលយក​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ទទួល​ពិធីបរិសុទ្ធ​នៃ​សេចក្ដីសង្គ្រោះ និង​ភាពតម្កើងឡើង ធ្វើ​សេចក្ដីសញ្ញា​ជាមួយនឹង​ព្រះ និង​ខិតខំ​រក្សា​សេចក្តីសញ្ញា​ទាំងនោះ ។

មគ្គទេសក៍​សិក្សា​ដំណឹងល្អ​ដែល​ជាប់​ទាក់ទង ៖ សេចក្ដីសញ្ញា​ដ៏​អស់កល្ប​អស់កាល​ជានិច្ច ការអញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​ទទួលយក​ដំណឹងល្អ ពរជ័យ​លោកអយ្យកោ ការយាង​មក​ជាលើក​ទីពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ

ផ្នែកទី ១

សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​ផ្នែក​មួយ​នៃ​វង្ស​អ៊ីស្រាអែល

គ្រួសារ​នៅក្នុង​សាលាប្រជុំ

ព្រះអម្ចាស់​បាន​ស្ថាបនា​សេចក្ដីសញ្ញា​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់​ជាមួយ​អ័ដាម ។ ទ្រង់​បានបន្ត​សេចក្ដីសញ្ញា​ជាមួយ​លោក អ័ប្រាហាំ និង សារ៉ាយ ជាមួយ​កូនប្រុស​របស់​ពួកគេ​គឺ អ៊ីសាក និង​ជាមួយ​ចៅប្រុស​របស់​ពួកគេ គឺ​យ៉ាកុប ដែល​ឈ្មោះ​ត្រូវបាន​ប្តូរ​ឈ្មោះ​ទៅជា​អ៊ីស្រាអែល ។ កូនចៅ​សណ្ដាន​ក្រោយ​ត្រូវបាន​ស្គាល់​ថា​ជា សមាជិក​ក្នុង « វង្ស​អ៊ីស្រាអែល » ។ ប៉ុន្តែ​នៅក្នុង​សម័យ​របស់​យើង ពាក្យ​នេះ​អនុវត្ត​ទូលំទូលាយ​ជាងមុន ។

នរណា​ម្នាក់​ដែល​ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ និង​ចូលទៅ​ក្នុង​ផ្លូវ​នៃ​សេចក្ដីសញ្ញា​របស់​ទ្រង់ ដោយ​ចូលរួម​ជាមួយ​សាសនាចក្រ​ដែលបាន​ស្តារឡើង​វិញ​របស់​ទ្រង់—ដោយ​មិនគិត​ពី​ពូជពង្ស​របស់​ពួកគេ—ត្រូវបាន​ប្រមូលផ្តុំ​ទៅក្នុង​វង្ស​នៃ​អ៊ីស្រាអែល ហើយ​ក្លាយជា​ផ្នែក​មួយ​នៃ​រាស្ដ្រ​ក្នុង​សេចក្ដីសញ្ញា​របស់​ព្រះអម្ចាស់ ( សូមមើល និក្ខមនំ ៦:៧; នីហ្វៃទី​១ ១៤:១៤; នីហ្វៃទី​៣ ២១:៦; អ័ប្រាហាំ ២:១០ ) ។ អ្នក​ដើរតាម​ព្រះគ្រីស្ទ​ទាំងនេះ​គឺ​ជា​កូនចៅ​ក្នុង​សេចក្តីសញ្ញា ( សូមមើល នីហ្វៃទី​៣ ២០:២៥–២៧ ) ។ នៅពេល​ដែល​ពួកគេ​រក្សា​សេចក្តីសញ្ញា​របស់​ពួកគេ ពួកគេ​ទទួលបាន​ពរជ័យ​ដូចគ្នា​ដែល​បានសន្យា​ដល់​អ័ប្រាហាំ អ៊ីសាក និង យ៉ាកុប ( សូមមើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ៣៨:១៧–២០; ១៣២:៣០–៣១; អ័ប្រាហាំ ២:៩–១១ ) ។

រឿង​ទាំងឡាយ​ដែល​ត្រូវ​ពិចារណា

  • ដើម្បី​ស្វែងយល់​បន្ថែម​អំពី​របៀប​ដែល​សមាជិក​សាសនាចក្រ​ជា​ផ្នែក​មួយ​នៃ​វង្ស​អ៊ីស្រាអែល អ្នក​អាច​សិក្សា​សុន្ទរកថា​របស់​ប្រធាន រ័សុល អិម ណិលសុន « ទុក​ឲ្យ​ព្រះ​ឈ្នះ » ។ តើ​ការក្លាយ​ជា​ផ្នែក​មួយ​នៃ « អ៊ីស្រាអែល » មានន័យ​បែបណា​ចំពោះ​អ្នក ? អ្នក​ក៏អាច​អាន ឬ​ស្ដាប់​ទំនុក​ច្រៀង​នៃ​ទំនុកតម្កើង​ដែល​និយាយ​អំពី​អ៊ីស្រាអែល ដូចជា « ព្រះ​នៃ​អ៊ីស្រាអែល » « អ៊ីស្រាអែល​អើយ​ព្រះ​កំពុង​ហៅ » និង « សង្ឃឹម​អ៊ីស្រាអែល » ជំនួស​ពាក្យ « អ៊ីស្រាអែល » ជាមួយ​ពាក្យ « អ្នក​រក្សា​សេចក្ដីសញ្ញា » ដើម្បី​មើល​ថា​តើ​អ្នក​ទទួលបាន​ការយល់ដឹង​អ្វីខ្លះ ។

  • អែលឌើរ ដេវីឌ អេ បែឌណា បាន​បង្រៀន​អំពី​សារៈសំខាន់​នៃ ការជ្រើសរើស ធ្វើ​ជា​ផ្នែក​មួយ​នៃ​រាស្ដ្រ​នៃ​សេចក្ដីសញ្ញា​របស់​ព្រះ ដោយ​ការធ្វើតាម​ក្រិត្យវិន័យ​របស់​ទ្រង់ ៖ « យើង​មាន​ទាំង​ការហៅ​របស់​ព្រះ និង​ការតប​របស់​យើង​ផ្ទាល់​ចំពោះ​ការហៅ​នោះ ហើយ​មនុស្ស​ជាច្រើន​ត្រូវបាន​ហៅ ប៉ុន្តែ​មាន​មនុស្ស​តិច​ទេ​ដែល​ត្រូវបាន​ជ្រើសរើស ។ ការត្រូវបាន​ជ្រើសរើស ឬ​ក្លាយ​ជា​អ្នកដែល​ត្រូវបាន​ជ្រើសរើស ពុំមែន​ជា​ស្ថានភាព​ពិសេស​មួយ​ដែល​បាន​ប្រទាន​ដល់​យើង​ឡើយ ។ តែ​បងប្អូន និង​ខ្ញុំ​អាច​ជ្រើសរើស​ដើម្បី​ត្រូវបាន​ជ្រើសរើស​នៅ​ទីបំផុត តាមរយៈ​ការអនុវត្ត​សិទ្ធិ​ជ្រើសរើស​ផ្នែក​សីលធម៌​របស់​យើងដ៏​សុចរិត » ។ តើ​ពរជ័យ​អ្វី​ខ្លះ​មាន​ដល់​យើង នៅពេល​យើង « ជ្រើសរើស​ដើម្បី​ត្រូវបាន​ជ្រើសរើស » ជា​ផ្នែក​មួយ​នៃ​វង្ស​អ៊ីស្រាអែល ? តើ​អ្នក​អាច​ធ្វើអ្វី​បន្ថែម​ទៀត ក្នុងការ​ជ្រើសរើស​ដើម្បី​ឲ្យ​បាន​ជ្រើសរើស ?

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • អ្នក​អាច​អាន​រួម​គ្នា​នូវ​ផ្នែក​នៃ​សុន្ទរកថា​របស់​ប្រធាន ណិលសុន « Choices for Eternity » ដែល​លោក​ពិភាក្សា​អំពី​ស្លាក​ទាំងឡាយ ។ បន្ទាប់មក​សូម​មើល​ស្លាក​នៅលើ​អាហារ ឬ​ប្រអប់​ផ្សេងៗ​ទៀត ហើយ​និយាយ​អំពី​របៀប​ដែល​ស្លាក​នៅលើ​អាហារ ឬ​ប្រអប់​ទាំងនេះ​មានឥទ្ធិពល​លើ​អ្វី​ដែល​យើង​គិត​អំពី​អាហារ​ទាំងនោះ ។ តើ​ស្លាក​បី​ណាខ្លះ​សម្រាប់​យើង​ដែល​ប្រធាន ណិលសុន មានប្រសាសន៍​ថា គួរ​តែ​ដាក់​អាទិភាព​លើសជាង​ស្លាក​ទាំងអស់​ផ្សេង​ទៀត ? តើ​ស្លាក « បុត្រ​នៃ​សេចក្តីសញ្ញា » អាច​ជួយ​យើង​ឲ្យ​យល់​ពី​ពរជ័យ​ដែល​អាច​មាន​មកពី​ការក្លាយ​ជា​សមាជិក​នៃ​វង្ស​អ៊ីស្រាអែល​ដោយ​របៀបណា ? សូមអាន នីហ្វៃទី​៣ ២០:២៥–២៧ ហើយ​ពិភាក្សា​អំពី​អ្វី​ដែល​ខគម្ពីរ​ទាំងនេះ​បង្រៀន​យើង អំពី​អ្វី​ដែល​ព្រះអម្ចាស់​រំពឹងទុក​ពី​យើង​ក្នុងនាម​ជា​បុត្រ​នៃ​សេចក្តីសញ្ញា​របស់​ទ្រង់ ។

  • តាមរយៈ​សេចក្ដីសញ្ញា​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ព្រះ​ដែល​បាន​ធ្វើ​ជាមួយ​ក្រុម​មនុស្ស​ជាក់លាក់​អស់រយៈ​ពេល​ជាច្រើន​សតវត្សស៍​មក​ហើយ​នោះ មនុស្ស​គ្រប់រូប​អាច​ក្លាយ​ជា​ផ្នែក​មួយ​នៃ​សេចក្ដីសញ្ញា​នេះ​បាន ។ អែលឌើរ ឃ្វីនថិន អិល ឃុក បានបង្រៀន « អស់​អ្នក​ដែល​ទទួល​យក​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​មិន​ថា​មាន​ពូជពង្ស​ណា​នោះ​ទេ ក្លាយ​ជា​ផ្នែក​នៃ​អ៊ីស្រាអែល​ដែល​បាន​ប្រមូល​ផ្តុំ​នោះ » ។ អ្នក​អាច​ពិនិត្យ​មើល​សារលិខិត​របស់​អែលឌើរ ឃុក « ប្រមូល​ផ្ដុំ​គ្នា​ទៅផ្ទះ​ដោយ​សុវត្ថិភាព » ដើម្បី​ស្វែងយល់​បន្ថែម​អំពី​សារៈសំខាន់​នៃ​ការក្លាយ​ជា​ផ្នែក​មួយ​នៃ​វង្ស​អ៊ីស្រាអែល​ដែល​បាន​ប្រមូលផ្តុំ ។ ពិភាក្សា​អ្វី​ដែល​អ្នក​រៀន ។

ស្វែង​យល់​បន្ថែម​ទៀត

ផ្នែកទី ២

ការប្រមូល​សាសន៍​អ៊ីស្រាអែល​គឺជា​កិច្ចការ​ដ៏​សំខាន់​បំផុត​នៅលើ​ផែនដី​សព្វថ្ងៃ​នេះ

អ្នកផ្សព្វផ្សាយ​សាសនា​ជា​ស៊ីស្ទើរ

សាសន៍​អ៊ីស្រាអែល​ពី​បុរាណ​ត្រូវបាន​ខ្ចាត់ខ្ចាយ​ដោយសារ​តែ​ពួកគេ​បាន​បដិសេធ​ព្រះយេស៊ូវ និង​មិន​ស្មោះត្រង់​ចំពោះ​សេចក្ដីសញ្ញា​របស់​ពួកគេ​ជាមួយនឹង​ទ្រង់ ( សូមមើល លេវីវិន័យ ២៦:៣៣; ចោទិយកថា ៤:២៣–២៧ ) ។ ការខ្ចាត់ខ្ចាយ​នេះ​បានកើត​ឡើង​អស់​រយៈពេល​យូរ ខណៈ​ដែល​សាសន៍​អ៊ីស្រាអែល​ត្រូវបាន​ត្រួតត្រា​ដោយ​សាសន៍​ផ្សេងទៀត និង​នាំទៅរក​ការជាប់ឃុំឃាំង ( សូមមើល ពង្សាវតាក្សត្រទី ២ ១៧:៦–២៣; ២៥:១–១២; នីហ្វៃទី​១ ២២:៣–៥ ) ។ អ្វី​ដែល​ជា​សោកនាដកម្ម​ជាងនេះ​ទៅ​ទៀត​នោះ ពួកគេ​ជាច្រើន​បាន​បាត់បង់​អារម្មណ៍​នៃ​អត្តសញ្ញាណ​របស់​ពួកគេ​ក្នុង​នាម​ជា​រាស្ដ្រ​នៃ​សេចក្ដីសញ្ញា​របស់​ព្រះ ( សូមមើល នីហ្វៃទី​២ ៦:៨–១១ ) ។

ប៉ុន្តែ​ព្រះអម្ចាស់​មិនបាន​ភ្លេច​ពួកគេ​ឡើយ ។ ទ្រង់​បាន​សន្យាថា ទ្រង់​នឹង​ប្រមូលផ្តុំ​ប្រជារាស្រ្ត​របស់​ទ្រង់ បន្ទាប់ពី​ពួកគេ​ត្រូវបាន​ខ្ចាត់ខ្ចាយ​មួយរយៈ ( សូមមើល នីហ្វៃទី​២ ១០:៦–៨; គោលលទ្ធិ និង​សេចក្ដីសញ្ញា ៣៣:៦ ) ។ រាស្ដ្រ​របស់​ព្រះ​ត្រូវបាន​ប្រមូលផ្តុំ​នៅពេល​ពួកគេ​មាន​ចំណេះដឹង​អំពី​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ហើយ​មក​រក​ទ្រង់ ( សូមមើល នីហ្វៃទី​១ ១៩:១៦ ) ។

ព្យាការី យ៉ូសែប ស្ម៊ីធ បានបង្រៀនថា គោលបំណង​ចម្បង​ក្នុងការ​ប្រមូល​ផ្តុំ​រាស្ដ្រ​របស់​ព្រះ គឺ​ដើម្បី​ជួយ​ពួកគេ​ឲ្យ​ទទួល​ពិធីបរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ និង​រៀបចំ​ពួកគេ​សម្រាប់​សេចក្ដី​សង្គ្រោះ ។ ការប្រមូល​សាសន៍​អ៊ីស្រាអែល​ដែល​បាន​ខ្ចាត់ខ្ចាយ​គឺ​មានសារៈ​សំខាន់​នៅពេល​នេះ ក៏ដូចជា​នៅក្នុង​សម័យ​របស់​ព្យាការី យ៉ូសែប ស្ម៊ីធ ដែរ ។ ប្រធាន រ័សុល អិម ណិលសុន បានហៅ​ការណ៍​នេះ​ថា « បុព្វហេតុដ៏​ធំ​បំផុត និង​ជា​កិច្ចការ​ដ៏ ធំ​បំផុត នៅលើ​ផែនដី​សព្វថ្ងៃ​នេះ » ។ វា​គឺ​ជា​របៀប​ដែល​បុត្រាបុត្រី​របស់​ព្រះ​អាច​ដឹង និង​ត្រឡប់​ទៅរក​ទ្រង់​វិញ​នៅទី​បំផុត ។

រឿង​ទាំងឡាយ​ដែល​ត្រូវ​ពិចារណា

  • ប្រធាន ណិលសុន បាន​មាន​ប្រសាសន៍​ជាញឹកញាប់​អំពី​សារៈសំខាន់​នៃ​ការប្រមូល​សាសន៍​​អ៊ីស្រាអែល ។ លោក​បាន​ប្រកាស ៖ « ព្រះអម្ចាស់​កំពុង​តែ​ប្រមូលផ្តុំ​ជនទាំង​ឡាយ​ណា​ដែល​នឹង​ជ្រើសរើស​ទុក​ឲ្យ​ព្រះ​ជា​អង្គ​ដែល​មាន​ឥទ្ធិពល​សំខាន់​បំផុត​នៅ​ក្នង​ជីវិត​របស់​ពួកគេ ។ អស់​រាប់​សតវត្សរ៍ ព្យាការី​ទាំងឡាយ​បាន​ព្យាករណ៍​ពី​ការ​ប្រមូលផ្តុំ​នេះ ហើយ​វា​កំពុងតែ​កើត​ឡើង​នៅ​ពេល​ឥឡូវ​នេះ ! ជា​ព្រឹត្តិការណ៍​ដ៏​ចាំបាច់​ដែល​កើតឡើង​ពី​មុន​ការយាងមក​ជា​លើកទីពីរ​របស់​ព្រះអម្ចាស់ វា​គឺ​ជា​កិច្ចការ ដ៏​សំខាន់​បំផុត នៅ​ក្នុង​ពិភពលោក​នេះ ! » សូម​គិត​អំពី​អត្ថន័យ​ថា​អ្វី​ទៅ​គឺជា « កិច្ចការ​ដ៏​សំខាន់​បំផុត » នៅលើ​ផែនដី ។ តើ​ចំណេះដឹង​នេះ​អាច​ជួយ​អ្នក​សម្រេចចិត្ត​ពី​របៀប​ដែល​អ្នក​ចំណាយ​ពេលវេលា ទេពកោសល្យ ថាមពល និង​ធនធាន​របស់​អ្នក​ដោយ​របៀបណា ?

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

មេ​មាន់​ក្រុង​កូនមាន់
  • អ្នក​អាច​សិក្សា នីហ្វៃទី​៣ ១០:៥–៦ និង គោលលទ្ធិ និង​សេចក្ដីសញ្ញា ២៩:១–៨ ហើយ​ពិភាក្សា​អំពី​របៀប​ដែល​ព្រះអម្ចាស់​កំពុង​ប្រមូល​ផ្តុំ​រាស្ដ្រ​របស់​ទ្រង់​នៅក្នុង​ថ្ងៃចុងក្រោយ ។ តើ​ការប្រមូល​សាសន៍​អ៊ីស្រាអែល​ដូចគ្នា​ទៅនឹង​ការ​ដែល​មេមាន់​ក្រុង​កូនមាន់​របស់​វា​យ៉ាង​ដូចម្តេច​ទៅ ? ពេល​អ្នក​ពិចារណា​វគ្គ​បទគម្ពីរ​ទាំងនេះ និង​សំណួរ​នេះ សូម​មើលទៅ​រូបភាព​ដែល​ភ្ជាប់មក​ជាមួយ​រូប​របស់​មេមាន់ និង​កូនមាន់ ។ ចែកចាយ​ព័ត៌មាន​លម្អិត​ដែល​ហាក់ដូច​ជា​មាន​សារៈ​សំខាន់​ចេញពី​រូបភាព​នេះ ។ តើ​ព័ត៌មាន​លម្អិត​ទាំងនេះ​ជួយ​អ្នក​ឲ្យ​យល់​ពី​អ្វី​ដែល​ព្រះអម្ចាស់​ចង់​បង្រៀន​យើង​អំពី​ការប្រមូល​ផ្តុំ​ដោយ​របៀបណា ? តើ​យើង​ត្រូវបាន​ការពារ​ផ្នែក​ខាងរាងកាយ និង​ខាង​វិញ្ញាណ​យ៉ាងដូចម្តេច ពេល​ដែល​យើង​ប្រមូលផ្តុំ​ជាមួយ​ពួកបរិសុទ្ធ​ផ្សេងទៀត ?

  • អ្នក​អាច​មើល​វីដេអូ « Jesus Christ Prophesies of the Gathering of Israel » ដើម្បី​ស្វែងយល់​បន្ថែម​អំពី​ការប្រមូលផ្តុំ​នៅក្នុង​សម័យ​របស់យើង ។ តើ​ព្រះអង្គសង្គ្រោះ​បង្រៀន​អ្វីខ្លះ នៅក្នុង​ដំណើររឿង​នេះ អំពី​របៀប​ដែលការ​ប្រមូលផ្តុំ​សាសន៍​​អ៊ីស្រាអែល​នឹងត្រូវ​បាន​បំពេញ ? ពិភាក្សា​អំពី​អ្វី​ដែល​អ្នក​រៀន និង​របៀប​ដែល​វា​ពាក់ព័ន្ធ​នឹង​យើង​នាសព្វថ្ងៃនេះ ។

ស្វែង​យល់​បន្ថែម​ទៀត

ផ្នែក​ទី ៣

ពួក​បរិសុទ្ធ​ថ្ងៃចុងក្រោយ​មាន​ទំនួល​ខុសត្រូវ​ក្នុងការ​ជួយ​ព្រះអម្ចាស់​ប្រមូលផ្តុំ​សាសន៍​​អ៊ីស្រាអែល

ក្រុម​យុវជន​កំពុង​ចែកចាយ​បទគម្ពីរ

ការប្រមូលផ្តុំ​សាសន៍​អ៊ីស្រាអែល​គឺ​ទាំង​ខាងវិញ្ញាណ និង​ខាង​រាងកាយ ( សូមមើល នីហ្វៃទី​១ ២២:៣; Gospel Principles [ ឆ្នាំ​២០១១ ] ទំព័រ ២៤៨ ) ។ មិនយូរ​ប៉ុន្មាន​បន្ទាប់ពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ត្រូវបាន​ស្តារឡើងវិញ ព្រះអម្ចាស់​បាន​បញ្ជា​ឲ្យ​ពួកបរិសុទ្ធ​ប្រមូលផ្តុំ​ដោយ​ផ្ទាល់​នៅ ខឺតឡង់ រដ្ឋ​អូហៃអូ អ៊ិនឌីប៉ែនដែនស៍រដ្ឋ​មិសសួរី ណៅរូ រដ្ឋ​អិលលីណយ និង​ចុងក្រោយគេ​នៅ​​ជ្រលង​ភ្នំ សលត៍ លេក ។ សព្វថ្ងៃនេះ ជាជាង​ការប្រមូលផ្តុំ​នៅទីតាំង​តែមួយ សមាជិក​សាសនាចក្រ​ស្ថាបនា​សាសនាចក្រ​របស់​ព្រះអម្ចាស់​នៅក្នុង​តំបន់​ដែល​ពួកគេ​រស់នៅ នៅពេល​ដែល​ពួកគេ​ប្រមូលផ្តុំ​គ្នា​ទៅរក​ព្រះអង្គសង្គ្រោះ—ទៅរក​គោលលទ្ធិ និង​សេចក្តីសញ្ញា​របស់​ទ្រង់ ( សូមមើល នីហ្វៃទី​២ ១០:២ ) ។

សមាជិក​សាសនាចក្រ​មាន​កាតព្វកិច្ច​ដើម្បី​ជួយ​ក្នុងការ​ប្រមូលផ្តុំ ( សូមមើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ២៩:២, ៧; ៨៨:៨១; អ័ប្រាហាំ ២:១០–១១ ) ។ ការចែកចាយ​ដំណឹងល្អ​គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​នោះ ។ ហើយ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្ដិ​ក៏​ដូច្នោះ​ដែរ នៅពេល​ដែល​យើង​និយាយ​អំពី​ការប្រមូល​ផ្ដុំ​សាសន៍អ៊ីស្រាអែល​ក្នុង​ចំណោម​ទាំង​អ្នក​នៅរស់ និង​អ្នក​ដែល​បានស្លាប់​ហើយ ។

រឿង​ទាំងឡាយ​ដែល​ត្រូវ​ពិចារណា

  • អែលឌើរ រ៉ូណល អេ រ៉ាសបាន បាន​សង្កត់ធ្ងន់​អំពី​សារៈសំខាន់​នៃ​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​នៅក្នុងការ​ជួយ​ប្រមូល​ផ្ដុំ​សាសន៍​អ៊ីស្រាអែល ។ លោក​បាន​មានប្រសាសន៍ ៖ « យើង​កំពុង​ប្រមូលផ្ដុំ​បុត្រា​បុត្រី​របស់​ព្រះ​នៅ​ថ្ងៃ​ចុងក្រោយ​នេះ ដើម្បី​ពួកគេ​អាច​មាន ‹ ព្រះពរ​ដ៏ធំ​ទាំងឡាយ​បាន​ស្រោច​មកលើ​ក្បាល​ពួកគេ › [ នីហ្វៃ​ទី​៣ ១០:១៨ ] និង​ការសន្យា​នៃ ‹ ទ្រព្យ​សម្បត្តិ​ទាំងឡាយ​ខាង​ភាពអស់កល្ប​ជានិច្ច › [ គោលលទ្ធិ និង​សេចក្ដីសញ្ញា ៧៨:១៨ ] ។ ដើម្បី​ប្រមូលផ្ដុំ​អ៊ីស្រាអែល យើង​ត្រូវ​ការ​អ្នកផ្សព្វផ្សាយ​សាសនា— ឲ្យ​ច្រើន​ជាង​អ្នក​កំពុង​បម្រើ​[ បច្ចុប្បន្ន​នេះ ] ។… ក្នុងនាមជា​សាវក​របស់​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ ខ្ញុំ​សូម​ឲ្យ​បងប្អូន​បម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា ដើម្បី​ប្រមូល​ផ្ដុំ​អ៊ីស្រាអែល » ។ ចូរ​ពិចារណា​ពី​របៀប​ដែល​អ្នក​អាច​ជួយ​ព្រះអម្ចាស់​ប្រមូល​ផ្តុំ​រាស្ដ្រ​របស់​ទ្រង់—ដោយ​មាន ឬ​គ្មាន​ការហៅ​ជា​ផ្លូវការ​ក្នុងនាម​ជា​អ្នកផ្សព្វផ្សាយ​សាសនា ។ កត់ត្រា​ចំណាប់​អារម្មណ៍​ដែល​អ្នក​ទទួល​បាន ហើយ​ធ្វើ​សកម្មភាព​តាម​ចំណាប់​អារម្មណ៍​ទាំងនោះ ។

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • សូម​អាន គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៨:១០–១៦ ជាមួយគ្នា ហើយ​ចែកចាយ​ចំណាប់​អារម្មណ៍​របស់​អ្នក​ជាមួយគ្នា អំពី​របៀប​ដែល​ព្រះ​មាន​ព្រះទ័យ​ចំពោះ​បុត្រាបុត្រី​របស់​ទ្រង់ ។ ហេតុអ្វី​បានជា​កិច្ចការ​នៃ​ការប្រមូល​ផ្តុំ​បុត្រាបុត្រី​របស់​ទ្រង់​មាន​សារៈសំខាន់​ខ្លាំង​ចំពោះ​ទ្រង់ ? តើ​យើង​រកឃើញ​អ្វីខ្លះ​នៅក្នុង​ខគម្ពីរ​ទាំងនេះ ដែល​បំផុស​គំនិត​យើង​ឲ្យ​ជួយ​ប្រមូល​សាសន៍​អ៊ីស្រាអែល ?

  • តើ​យើង​ជួយ​ប្រមូល​សាសន៍​អ៊ីស្រាអែល​ដោយ​របៀបណា ? សូម​ពិចារណា​ការពន្យល់​ដ៏​មាន​ឥទ្ធិពល​នេះ​មកពី ប្រធាន រ័សុល អិម ណិលសុន « រាល់​ពេល ដែល​បងប្អូន​ធ្វើ អ្វី​មួយ ដើម្បី​ជួយ នរណា​ម្នាក់—នៅ​ទាំង​សងខាង​នៃ​វាំងនន—បោះ​ជំហាន​ទៅ​ធ្វើ​សេចក្ដីសញ្ញា​ជា​មួយ​នឹង​ព្រះ ហើយ​ទទួល​ពិធីបរិសុទ្ធ​នៃ​ពិធីបុណ្យ​ជ្រមុជទឹក និង​ព្រះវិហារបរិសុទ្ធ​ដ៏​សំខាន់​របស់​ពួកគេ នោះ​បងប្អូន​កំពុង​ជួយ​ប្រមូល​អ៊ីស្រាអែល​ហើយ ។ វា​សាមញ្ញ​ដូច្នោះ​ឯង » ។ វា​អាច​ជា​រឿង​ដ៏​សប្បាយ​ក្នុង​ការ​បង្កើត​បញ្ជី​នៃ​សកម្មភាព​ដែល​ជា​ផ្នែក​នៃ​ការប្រមូល​ផ្ដុំ​អ៊ីស្រាអែល ។ មើល​ថា​អ្នកណា​អាច​បង្កើត​បញ្ជី​ដែល​វែង​ជាងគេ ! អ្នក​ក៏​អាច​ចែកចាយ​ជាមួយ​គ្នា​ទៅវិញ​ទៅមក​នូវ​កិច្ចការ​មួយ​ចំនួន​ដែល​អ្នក​បាន​ធ្វើ​ក្នុង​សប្ដាហ៍​នេះ—ឬ ដែល​អ្នក​ដាក់​ផែនការ​ដើម្បី​ធ្វើ​នៅ​សប្ដាហ៍​ខាងមុខ—ដើម្បី​ជួយ​នៅក្នុង​កិច្ចការ​ដ៏​អស្ចារ្យ​នៃ​ការប្រមូល​ផ្ដុំ​អ៊ីស្រាអែល ។ ( ឧទាហរណ៍​អាច​រួមមាន ការបង្រៀន​ថ្នាក់​អង្គការ​បឋមសិក្សា ឬ ថ្នាក់​សាលា​ថ្ងៃអាទិត្យ ការធ្វើ​ពង្សប្រវត្តិ ការចូលរួម​ក្នុង​ព្រះវិហារ​បរិសុទ្ធ ការចែកចាយ​បទគម្ពីរ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ឬ​ការជួយ​នរណា​ម្នាក់​ដែល​ខ្វះខាត ) ។ តើ​អ្នក​បាន​ឃើញ​ពរជ័យ​អ្វីខ្លះ ពេល​ដែល​អ្នក​បាន​ជួយ​ព្រះ​ក្នុង​កិច្ចការ​របស់​ទ្រង់​នៃ​ការប្រមូល​ផ្តុំ​រាស្ដ្រ​របស់​ទ្រង់​ឲ្យ​ទៅរក​ទ្រង់ ?

ស្វែង​យល់​បន្ថែម​ទៀត