បណ្ណាល័យ
ការអញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​ទទួលយក​ដំណឹងល្អ


« ការអញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​ទទួលយក​ដំណឹងល្អ » ប្រធានបទ និង សំណួរ ( ឆ្នាំ​២០២៣ )

យុវជន​កំពុង​ដើរ និង ជជែក​គ្នា

មគ្គទេសក៍​សិក្សា​ដំណឹងល្អ

ការអញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​ទទួលយក​ដំណឹងល្អ

របៀប​ដែល​យើង​អញ្ជើញ​បុត្រាបុត្រី​របស់​ព្រះ​ដោយ​សេចក្តី​ស្រឡាញ់​ឲ្យ​ទទួលបាន​ពរជ័យ​របស់​ទ្រង់

ស្រមៃ​ថា​អ្នក​កំពុង​ដើរតាម​ផ្លូវ​ជាមួយ​មិត្តភក្តិ​ម្នាក់ ។ តាមផ្លូវ​គឺ​ងងឹត ប៉ុន្តែ​អ្នក​មាន​ពិល​ដើម្បី​បំភ្លឺ​ផ្លូវ ។ អ្នក​អាច​ប្រើ​ពិល​ដើម្បី​គ្រាន់តែ​ជួយ​ឲ្យ​អ្នក​ស្រួល​មើល​ថាមាន​អ្វី​នៅ​ខាងមុខ​ប៉ុណ្ណោះ ។ ប៉ុន្តែ​ដោយសារ​តែ​អ្នក​ចង់ឲ្យ​ការធ្វើដំណើរ​របស់​មិត្តភក្តិ​របស់​អ្នក​កាន់តែ​ងាយស្រួល អ្នក​ក៏​ចែកចាយ​ពន្លឺ​របស់​អ្នក​ជាមួយ​ពួកគេ​ដែរ ។

យើង​អញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​មក​ទទួលយក​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ក្នុង​ហេតុផល​ដូចគ្នា ៖ ដំណឹងល្អ​ធ្វើឲ្យ​ដំណើរ​ជីវិត​របស់​យើង​មាន​ពន្លឺ ។ ដំណឹងល្អ​ឆ្លើយ​សំណួរ​នៃ​ព្រលឹង និង​ផ្តល់​ឲ្យ​យើង​នូវ​ទស្សនវិស័យ សេចក្ដីសុខសាន្ដ និង​សេចក្តីអំណរ ។ ដូច្នេះ​យើង​ចែកចាយ​ដំណឹងល្អ​ជាមួយ​បុត្រាបុត្រី​របស់​ព្រះ ព្រោះ​យើង​ស្រឡាញ់​ពួកគេ និង​ចង់ឲ្យ​មនុស្ស​ទាំងអស់​ទទួលបាន​អត្ថប្រយោជន៍​មកពី​ពន្លឺ​របស់​ទ្រង់​ដែរ ( សូមមើល នីហ្វៃ​ទី​៣ ១៨:២៤ ) ។

តើ​វា​មាន​ន័យ​យ៉ាងណា ដើម្បី​អញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​មក​ទទួល​យក​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ?

ក្នុងនាម​ជា​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ យើង​ខិតខំ​អញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យមក​ទទួល​យក​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ព្រោះ​វា​ជា « ដំណឹងល្អ​អំពី​សេចក្ដីសុខសាន្ដ ហើយ [ គឺជា ] សេចក្ដី​ដែល​បណ្ដាល​ឲ្យ​រីករាយ​ចិត្ដ » ( រ៉ូម ១០:១៥ ) ។ យើង​អញ្ជើញ​មនុស្ស​ដទៃ​ឲ្យមក​ទទួល​ដំណឹងល្អ « ដោយ​វាចា និង​ដោយ​គំរូ » ។ ការណ៍​នេះអាច​មាន​ដូចជា​ការចែកចាយ​ដំណឹងល្អ​នៅក្នុង​ជីវិត​ប្រចាំថ្ងៃ ការបម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា និង « ការជួយ​ដល់​សមាជិកថ្មី និង​សមាជិក​ដែល​ត្រឡប់​មក​កាន់សាសនាចក្រ​វិញ​ឲ្យ​រីកចម្រើន​នៅលើ​ផ្លូវ​នៃ​សេចក្តីសញ្ញា ។ » នៅពេល​ដែល​យើង​ជួយ​មនុស្ស​ដទៃ « ទទួលយក​ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ តាមរយៈ​សេចក្ដី​ជំនឿ​នៅលើ​ព្រះ​យេស៊ូវ​គ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់ ការប្រែចិត្ត ពិធីបុណ្យ​ជ្រមុជទឹក ការទទួល​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ និង​ការកាន់​ខ្ជាប់​ដរាប​ដល់​ចុង​បំផុត » យើង​អាច​ដក​ពិសោធន៍​នូវ​សេចក្ដីអំណរ​ដ៏​ពិត ។

ទិដ្ឋភាព​ទូទៅ​នៃ​ប្រធានបទ ៖ កិច្ចការ​ផ្សព្វផ្សាយ​សាសនា

មគ្គទេសក៍​សិក្សា​ដំណឹងល្អ​ដែល​ជាប់​ទាក់ទង ៖ សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ ការប្រែចិត្ដជឿ សេចក្ដីសញ្ញា​ដ៏​អស់កល្ប​អស់កាល​ជានិច្ច ការប្រមូល​ផ្តុំ​អ៊ីស្រាអែល

ផ្នែកទី ១

យើង​ជួយ​ព្រះ​សម្រេច​កិច្ចការ​របស់ទ្រង់ នៅពេល​ដែល​យើង​អញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យមក​ទទួលយក​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ

ស្ត្រី​សន្ទនា​ជាមួយគ្នា​នៅ​ឯ​ព្រះវិហារ

ព្រះ​សព្វព្រះទ័យ​ឲ្យ​បុត្រាបុត្រី​របស់​ទ្រង់​ទាំងអស់​ស្តាប់ឮ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​ពួកគេ​ទាំងអស់គ្នា​អាច​ទទួល​បាន​ពរជ័យ​ពី​ដំណឹងល្អ​នេះ ។ របៀប​មួយ​ដែល​ព្រះអម្ចាស់​នាំយក​ដំណឹងល្អ​របស់​ទ្រង់​ដល់​មនុស្ស​ដទៃ​គឺ​ដោយ​ការហៅ​យើង​ឲ្យ « ប្រកាស​ព្រះបន្ទូល​របស់​ទ្រង់​ក្នុង​ចំណោម​ប្រជាជន​ទ្រង់ » ( នីហ្វៃ​ទី​៣ ៥:១៣ ) ។ យើង​ទទួល​អារម្មណ៍​នៃ​សេចក្ដីអំណរ​ពេល​យើង​ចែកចាយ​ព្រះបន្ទូល​របស់​ទ្រង់ ផ្ដល់​ដល់​មនុស្ស​ដទៃ​នូវ​ឱកាស​ដើម្បី​មករក​ព្រះយេស៊ូវគ្រីស្ទ និង​ទទួល​បាន​នូវ​ការលួងលោម សេចក្ដីសង្ឃឹម និង​សេចក្ដីសុខសាន្ដ ។

រឿង​ទាំងឡាយ​ដែល​ត្រូវ​ពិចារណា

  • ព្រលឹង​នីមួយៗ​មាន​តម្លៃ​ណាស់​ចំពោះ​ព្រះ ។ ទ្រង់​សព្វព្រះទ័យ​ឲ្យ​យើង​ទាំងអស់​គ្នា​ត្រឡប់​ទៅរក​ទ្រង់​វិញ ។ សូមអាន គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៨:១០–១៦ ហើយ​ពិចារណា​ពី​តម្លៃ​របស់​បុត្រាបុត្រី​របស់​ព្រះ ។ ហេតុអ្វី​បានជា​ព្រះអម្ចាស់​សព្វព្រះទ័យ​ឲ្យ​អ្នក​ចែកចាយ​ដំណឹងល្អ​ជាមួយ​អ្នកដទៃ ? សូម​គិត​អំពី​នរណា​ម្នាក់​ដែលបាន​ចែកចាយ​ដំណឹងល្អ​ជាមួយ​អ្នក ឬ​អ្នក​ដែល​បានជួយ​អ្នក​មករក​ព្រះគ្រីស្ទ ។ តើ​ជីវិត​របស់​អ្នក​នឹង​ខុសគ្នា​យ៉ាង​ដូចម្តេច ប្រសិន​បើ​បុគ្គល​នោះ​មិនបាន​ចែកចាយ​ពន្លឺ​របស់​ព្រះអង្គសង្គ្រោះ​ជាមួយ​អ្នក​ទេនោះ ? កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក ហើយ​បន្ទាប់មក​សរសេរ​ពី​របៀប​ដែល​អ្នក​អាច​ចែកចាយ​ព្រះបន្ទូល​របស់​ទ្រង់​ជាមួយ​អ្នកដទៃ ។

  • យើង​ជោគជ័យ​ក្នុងការ​ចែកចាយ​ដំណឹងល្អ​នៅពេល​យើង​អញ្ជើញ​មនុស្ស​ដទៃ​ឲ្យ​រៀន​អំពី​ដំណឹងល្អ ឬ​ក៏​គ្រាន់តែ​មក ហើយ​មើល​ថា​ដំណឹងល្អ​ជា​អ្វី​ក៏បាន​ដែរ ។ ពួកគេ​អាច​ទទួលយក​ការអញ្ជើញ​របស់យើង—ឬ​ពួកគេ​អាច​នឹង​មិន​ទទួល ។ សូម​អាន​ផ្នែក​ដែលមាន​ចំណងជើង​ថា « ចែកចាយ​រឿង​របស់​អ្នក » នៅក្នុង​សារលិខិត​របស់​អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ « ដំណើរផ្សងព្រេង​ដ៏​អស្ចារ្យ​របស់​អ្នក » ។ ចូរ​ពិចារណា​ពី​នរណា​ម្នាក់​ដែល​អ្នក​អាច​អញ្ជើញ​ឲ្យ​រៀន​អំពី​ដំណឹងល្អ ឬ​បុគ្គល​ដែល​អ្នក​អាច​អញ្ជើញ​ម្តងទៀត ។ តើ​អ្នក​អាច​បង្ហាញ​សេចក្តី​ស្រឡាញ់ និង​ការគោរព​របស់​អ្នក​ចំពោះ​បុគ្គល​នោះ​ដោយ​របៀបណា​នៅពេល​អ្នក​អញ្ជើញ​ពួកគេ ? តើ​ការណ៍​នេះ​អាច​ជួយ​ពួកគេ​ឲ្យ​ទទួល​អារម្មណ៍​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ​សង្រ្គោះ​ចំពោះ​ពួកគេ​បាន​ដោយ​របៀប​ណា ?

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • នៅពេល​ដែល​យើង​ចែកចាយ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ វា​សំខាន់​ក្នុង​ការភ្ជាប់​ជាមួយ​អ្នកដទៃ​តាម​របៀប​ដែល​ពួកគេ​ចង់បាន ឬ​ត្រូវការ ។ សូម​អាន​គំនិត​មួយ​ចំនួន​រួមគ្នា​សម្រាប់​របៀប​ធ្វើ​ដូច្នេះ​នៅក្នុង « ស្វែងយល់​ពី​ស្ថានភាព​របស់​ពួកគេ » ក្នុង ជំពូកទី ៩ នៃ ប្រកាស​ដំណឹងល្អ​របស់​យើង ៖ មគ្គុទេសន៍​ចែកចាយ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ និយាយ​អំពី​សំណួរ និង​គំនិត​នៅក្នុង​ផ្នែក​នេះ ហើយ​ព្រាង​គំនិត​ផ្សេង​ទៀត ។ បន្ទាប់​មក​សម្ដែង​ធ្វើ​ការសន្ទនា​អំពី​របៀប​ដែល​អ្នក​អញ្ជើញ​នរណា​ម្នាក់​ឲ្យ​រៀន​អំពី​ដំណឹងល្អ ។ បន្ទាប់មក អនុវត្ដ​គោលការណ៍​ទាំងនេះ​នៅក្នុង​ជីវិត​របស់​អ្នក​ផ្ទាល់ ពេល​អ្នក​អញ្ជើញ​មនុស្ស​ដទៃ​ឲ្យ​មករក​ព្រះគ្រីស្ទ ។

  • សូមអាន គោលលទ្ធិ និង​សេចក្ដីសញ្ញា ៤ ជាមួយគ្នា ហើយ​និយាយ​អំពី​អ្នក​ដែល​ត្រូវបាន​ហៅឲ្យ​ចែកចាយ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ( សូមមើល ខទី ៣ ) ។ បន្ទាប់មក​ពិភាក្សា​អំពី​គុណលក្ខណៈ​ដូច​ព្រះគ្រីស្ទ​ដែល​បាន​រាយ​នៅក្នុង​ខទី ៥–៦ និង​របៀប​ដែល​គុណលក្ខណៈ​ទាំងនេះ​អាច​ជួយ​យើង​ចែកចាយ​ព្រះបន្ទូល​របស់ទ្រង់ ។ អ្នក​អាច​លេងហ្គេម​ជាមួយគ្នា​ដើម្បី​ជួយ​អ្នក​ចងចាំ​គុណលក្ខណៈ​ទាំងនេះ ។ ចាប់ផ្តើម​ដោយ​បោះបាល់​ទៅ​នរណា​ម្នាក់​នៅក្នុង​ក្រុម​របស់​អ្នក ។ នៅពេល​ដែល​បុគ្គល​នោះ​ចាប់​បាល់​បាន សូម​ឲ្យ​ពួកគេ​និយាយ​ពី​គុណលក្ខណៈ​មួយ​ដែល​អ្នក​បាន​ពិភាក្សា ។ បន្ត​ជាមួយ​ការលេងហ្គេម​រហូត​ដល់​គុណលក្ខណៈ​ទាំងអស់​ត្រូវបាន​លើកឡើង ។ អ្នក​អាច​លេង​បាន​ច្រើន​ជុំ ហើយ​មើលថា​តើ​អ្នក​អាច​លេង​បាន​កាន់តែ​លឿន​នៅ​ជុំ​បន្ដ​បន្ទាប់​ទៀត​ឬទេ ។ ជ្រើសយក​គុណលក្ខណៈ​មួយ​ដើម្បី​អភិវឌ្ឍ ហើយ​សង្កេតមើល​ពី​របៀប​ដែល​គុណលក្ខណៈ​នោះ​បាន​ជួយ​អ្នក​អញ្ជើញ​អ្នកដទៃ​ឲ្យ​មក​ទទួល​យក​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នាពេលខាង​មុខ ។

ស្វែង​យល់​បន្ថែម​ទៀត

  • ម៉ាកុស ១៦:១៥; យ៉ូហាន ៤:៣៥–៣៨

  • អិម រ័សុល បាឡឺដ « The Essential Role of Member Missionary Work » Liahona ខែ​ឧសភា ឆ្នាំ​២០០៣ ទំព័រ ៣៧–៤០

  • ឌី ថត គ្រីស្តូហ្វឺសិន⁠ « Sharing the Message of the Restoration and the Resurrection » Liahona ខែ​ឧសភា ឆ្នាំ​២០២០⁠ ទំព័រ ១១០–១១៣

  • សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « កិច្ចការ​ផ្សព្វផ្សាយ​សាសនា » នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ

ផ្នែកទី ២

យើង​អាច​ជួយ​មនុស្ស​ដទៃ​ទទួលយក​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ពេល​យើង​ស្រឡាញ់ ចែកចាយ និង អញ្ជើញ

ស្ត្រី​ម្នាក់​កំពុង​និយាយ​ជាមួយ​ស្ត្រី​ម្នាក់​ទៀត​នៅខាង​ក្រៅ​អគារ

ក្នុងនាម​ជា​សមាជិក​នៃ​សាសនាចក្រ យើង​ចង់​ឲ្យ​មនុស្ស​គ្រប់គ្នា​ទទួលយក​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ « ដោយសារ​យើង​ស្រឡាញ់​ព្រះ និង​បុត្រា​បុត្រី​របស់​ទ្រង់ » ហើយ​យើង​ចង់​ឲ្យ​អ្នកដទៃ​ទទួល​អារម្មណ៍​នៃ​សេចក្ដី​អំណរ​ដូចដែល​យើង​ទទួល​បាន ។ ការនាំយក​ដំណឹងល្អ​ទៅកាន់​អ្នកដទៃ​គឺសាមញ្ញ—យើង​គ្រាន់តែ​ត្រូវការ​ស្រឡាញ់ ចែកចាយ និង អញ្ជើញ​ប៉ុណ្ណោះ ។ ពេលខ្លះ​យើង​ធ្វើ​កិច្ចការ​នេះ​តាមរយៈ​ការបម្រើ​បេសកកម្ម​នៅ​ក្នុង​សាសនាចក្រ ។ ជាញឹកញាប់ យើង​ស្រឡាញ់ ចែកចាយ និង​អញ្ជើញ​ដោយ​ការ​រស់នៅ​តាម​គោលការណ៍​នៃ​ដំណឹងល្អ និង​និយាយ​អំពី​ជំនឿ​របស់​យើង​តាម​របៀប​សាមញ្ញ និង​ធម្មតា ។ ពេល​យើង​ចែកចាយ​ដំណឹងល្អ​ជាមួយ​មនុស្ស​នៅគ្រប់​ទិសទី យើង​ជួយ​រៀបចំ​បុត្រាបុត្រី​របស់​ទ្រង់​សម្រាប់​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។

រឿង​ទាំងឡាយ​ដែល​ត្រូវ​ពិចារណា

  • ពេលខ្លះ​យើង​ប្រហែល​ជា​ចង់​ចែកចាយ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ប៉ុន្តែ​មិន​ប្រាកដ​ថា​ត្រូវ​ចាប់​ផ្តើម​ពី​កន្លែង​ណា ។ ពិនិត្យ​មើល​សារលិខិត​របស់​អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន « ស្រឡាញ់ ចែកចាយ អញ្ជើញ » សម្រាប់​ការបំផុស​គំនិត​អំពី​របៀប​ចែកចាយ​ដំណឹងល្អ​តាម​របៀប​សាមញ្ញ និង​ធម្មតា ។ បន្ទាប់មក​សូមអាន ម៉ាថាយ ៧:៧ និង នីហ្វៃ​ទី៣ ១៨:២០ ហើយ​ពិចារណា​ពី​របៀប​ដែល​អ្នក​អាច​ទូលសុំ​ជំនួយ​ពី​ព្រះអម្ចាស់​ក្នុងការ​ចែកចាយ​ដំណឹងល្អ​របស់​ទ្រង់​ជាមួយ​មនុស្ស​ដទៃ រួមទាំង​មិត្តភក្តិ អ្នកជិតខាង និង​មនុស្សជាទីស្រឡាញ់​របស់​អ្នក ។ សូម​អធិស្ឋាន​ទូលសុំ​ការណែនាំ​របស់​ទ្រង់ ហើយបន្ទាប់​មក​រកមើល​ឱកាស​ដើម្បី​ផ្សព្វផ្សាយ​សាសនា ។ កត់ត្រា​ពី​របៀប​ដែល​អ្នក​មើលឃើញ​ព្រះហស្ដ​របស់​ព្រះអម្ចាស់ ពេល​អ្នក​អញ្ជើញ​មនុស្ស​ដទៃ​ឲ្យ​រៀន​អំពី​ដំណឹងល្អ​របស់​ទ្រង់​ដោយ​ក្ដីស្រឡាញ់ ។

  • នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ យើង​មាន​ឱកាស​ដើម្បី​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ។ សូមអាន « ការផ្សាយ​ដំណឹងល្អ​នៃ​ភាពសុខសាន្ដ » ដោយ ប្រធាន រ័សុល អិម ណិលសុន និង « អ្នក​នឹង​មាន​អំណរ​ដ៏មហិមា » ដោយ អែលឌើរ រ៉ូណល អេ រ៉ាសបាន ។ ហេតុអ្វី​បានជា​ព្រះអម្ចាស់​ត្រូវការ​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​គ្រប់វ័យ​ដើម្បី​នាំ​ដំណឹងល្អ​របស់ទ្រង់​ទៅកាន់​មនុស្ស​ដទៃ ? តើ​ទ្រង់​ប្រទានពរ​ដល់​ពួកគេ​សម្រាប់​ការខិតខំ​ប្រឹងប្រែង​របស់​ពួកគេ​យ៉ាងដូចម្តេច ? សូម​ពិចារណា​ពី​របៀប​ដែល​អ្នក​បានឃើញ​ពួកអ្នកផ្សព្វផ្សាយ​សាសនា​ធ្វើតាម​គោលការណ៍​នៃ​ការស្រឡាញ់ ការចែកចាយ និង​ការអញ្ជើញ​ជួយ​មនុស្ស​ដទៃ​មករក​ព្រះគ្រីស្ទ ។ តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​ធ្វើតាម​គំរូ​របស់​ពួកគេ ? អ្នក​ក៏អាច​ពិចារណា​ផងដែរ​ថា​តើ​អ្នក​អាច​បម្រើ​បេសកកម្ម ហើយ​ចាប់ផ្តើម​រៀបចំ​សម្រាប់​ឱកាស​នោះ ។

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

ស្វែង​យល់​បន្ថែម​ទៀត

កំណត់​ចំណាំ

  1. សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « កិច្ចការ​ផ្សព្វផ្សាយ​សាសនា » នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

  2. ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ១.២.៣ បណ្ណាល័យ​ដំណឹង​ល្អ ។

  3. ប្រកាស​ដំណឹងល្អ​របស់​យើង ៖ មគ្គុទេសន៍​ចែកចាយ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ( ឆ្នាំ​២០២៣ )  ។

  4. ឌៀថើរ អេស្វ អុជដូហ្វ « Your Great Adventure » Liahona ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ទំព័រ ៨៨–៨៩ ។

  5. សៀវភៅប្រកាស​ដំណឹងល្អ​របស់​យើង ១៧១–១៧២ ។

  6. ក្បួនខ្នាត​ទូទៅ ២៣.១.២ ។

  7. សូមមើល ឌៀថើរ អេហ្វ អុជដូហ្វ « Missionary Work: Sharing What Is in Your Heart » Liahona ខែ​ឧសភា ឆ្នាំ​២០១៩ ទំព័រ ១៧ ។

  8. សូមមើល ក្បួនខ្នាត​ទូទៅ ២៣.១.៣ ។

  9. ទំនុក​តម្កើង ល.រ. ១៦៨ ។