« ការប្រសិទ្ធពរបព្វជិតភាព » ប្រធានបទ និង សំណួរ ( ឆ្នាំ២០២៣ )
មគ្គុទ្ទេសក៍សិក្សាដំណឹងល្អ
ការប្រសិទ្ធពរបព្វជិតភាព
ការយាងអញ្ជើញអំណាចបព្វជិតភាពរបស់ព្រះអង្គសង្គ្រោះមកក្នុងជីវិតរបស់យើង
មិនថាយើងអាយុប៉ុន្មាន ឬស្ថិតក្នុងដំណាក់កាលណានៃជីវិតរបស់យើងនោះទេ យើងម្នាក់ៗនឹងមានតម្រូវការបន្ទាន់នៅពេលណាមួយដើម្បីរំឭកយើងអំពីសេចក្ដីស្រឡាញ់របស់ព្រះ និងទទួលការដឹកនាំដ៏ទេវភាព ។ ព្រះវរបិតាសួគ៌របស់យើងចែកចាយសេចក្តីស្រឡាញ់ ប្រាជ្ញាញាណ និងអំណាចរបស់ទ្រង់ជាមួយយើងតាមរយៈធនធានសំខាន់ៗនានា ។ វិធីមួយចំនួនដែលយើងអាចទទួលបានការដឹកនាំផ្ទាល់ខ្លួន និងជំនួយពីព្រះអាចរួមមានបទគម្ពីរ ពាក្យសម្ដីរបស់ព្យាការីដែលនៅរស់ ពរជ័យលោកអយ្យកោរបស់យើង និងភាពជាដៃគូនៃព្រះវិញ្ញាណបរិសុទ្ធ ។
វិធីមួយទៀតដែលយើងទទួលអារម្មណ៍នៃការងារបម្រើរបស់ព្រះចំពោះតម្រូវការរបស់យើងគឺតាមរយៈការទទួលការប្រសិទ្ធពរបព្វជិតភាព ។ យើងអាចស្នើសុំការប្រសិទ្ធពរបព្វជិតភាពពិសេសនៅពេលណាដែលយើងមានបទពិសោធន៍នៃភាពមិនប្រាកដប្រជា ឬជំងឺ ឬនៅគ្រប់ពេលដែលយើងចង់បានជំនួយខាងវិញ្ញាណបន្ថែម ។ ប្រធាន ហែនរី ប៊ី អាវរិង បានបង្រៀន « គោលបំណងចំពោះការទទួលបព្វជិតភាពរបស់យើងគឺ ដើម្បីអនុញ្ញាតឲ្យយើងផ្ដល់ពរជ័យដល់មនុស្សទូទៅជំនួសព្រះអម្ចាស់ ដោយធ្វើកិច្ចការនេះនៅក្នុងព្រះនាមទ្រង់ » ។ ការផ្ដល់ការប្រសិទ្ធពរដោយការដាក់ដៃលើគឺជាគំរូមួយដែលអនុវត្តតាមដោយអ្នកកាន់បព្វជិតភាពមិលគីស្សាដែកនៅទូទាំងប្រវត្ដិសាស្ដ្រទាំងអស់ ( សូមមើល លោកុប្បត្តិ ៤៨:១៤–១៥; កិច្ចការ ៨:១៤–១៧; អាលម៉ា ៦:១ ) ។
តើអ្វីទៅជាការប្រសិទ្ធពរបព្វជិតភាព ?
ការប្រសិទ្ធពរបព្វជិតភាពគឺជាពិធីបរិសុទ្ធមួយដែលអ្នកកាន់អំណាចបព្វជិតភាពមិលគីស្សាដែកដែលបានតែងតាំង ដាក់ដៃរបស់គាត់លើក្បាលរបស់បុគ្គលម្នាក់ ( សូមមើល ជនគណនា ២៧:១៨; ហេព្រើរ ៦:១–២; មរមន ៩:២៤ ) ហើយផ្ដល់នូវពាក្យសម្ដីនៃការទូន្មាន ការលួងលោម ឬការព្យាបាលតាមដែលបានដឹកនាំដោយព្រះវិញ្ញាណ ។ ការបំពេញនៃការប្រសិទ្ធពរទាំងនេះកើតមានឡើងតាមព្រះឆន្ទៈរបស់ព្រះ និងសេចក្ដីជំនឿរបស់បុគ្គលនោះលើព្រះយេស៊ូវគ្រីស្ទ ។ ជាធម្មតា ការប្រសិទ្ធពរបព្វជិតភាពគឺត្រូវបានផ្ដល់ដោយសមាជិកគ្រួសារ បងប្អូនប្រុសដែលធ្វើការបម្រើ ឬថ្នាក់ដឹកនាំសាសនាចក្រក្នុងមូលដ្ឋាន ប៉ុន្ដែវាអាចត្រូវបានផ្ដល់ដោយអ្នកកាន់បព្វជិតភាពមិលគីស្សាដែកដែលបានតែងតាំងរួចរូបណាក៏បាន ។ ការប្រសិទ្ធពរបព្វជិតភាពត្រូវបានផ្ដល់ដោយការដាក់ដៃលើក្បាលគឺជារបៀបដ៏សំខាន់មួយដែលព្រះប្រទានការបំផុសគំនិត ការលួងលោម និងសូម្បីតែអំណាចនៃការព្យាបាលរបស់ទ្រង់មកក្នុងជីវិតរបស់យើង ។
ទិដ្ឋភាពទូទៅនៃប្រធានបទ ៖ ការដាក់ដៃ, ការប្រសិទ្ធពរបព្វជិតភាព
មគ្គុទ្ទេសក៍សិក្សាដំណឹងល្អដែលជាប់ទាក់ទង ៖ បព្វជិតភាពមិលគីស្សាដែក, សេចក្ដីសញ្ញា និងពិធីបរិសុទ្ធ, អព្ភូតហេតុ
ផ្នែកទី ១
អ្នកកាន់បព្វជិតភាពធ្វើតាមគំរូនៃព្រះយេស៊ូវគ្រីស្ទនៅពេលពួកគេប្រសិទ្ធពរដល់អ្នកដទៃ
ព្រះយេស៊ូវគ្រីស្ទបានបម្រើដល់អស់អ្នកដែលត្រូវការអំណាចដ៏ទេវភាពដ៏អស្ចារ្យ ( សូមមើល ឧទាហរណ៍ ម៉ាថាយ ៤:២៣–២៤, នីហ្វៃទី៣ ១៧:៦–៩ ) ។ នៅក្នុងជំនាន់ព្រះគម្ពីរសញ្ញាថ្មី ទ្រង់បានប្រទានពរនូវការអត់ទោសដល់អ្នកដទៃ( សូមមើល លូកា ៧:៤៧–៥០ ) សេចក្ដីសុខសាន្ដ និងការការពារ ( សូមមើល ម៉ាកុស ៤:៣៨–៣៩ ) និងការព្យាបាល ( សូមមើល យ៉ូហាន ៩:១–៧ ) ។ ហើយដោយសារតែទ្រង់បានជ្រាបដឹងថាទ្រង់នឹងមិនគង់នៅជាមួយមនុស្សយូរទៀតទេនោះ ទ្រង់ក៏ប្រទានពរដល់កូនសិស្សទាំងដប់ពីររបស់ទ្រង់នូវសិទ្ធិអំណាចដើម្បីផ្ដល់ពរដល់មនុស្សដទៃ ( សូមមើល ម៉ាថាយ ១០:១, ៨ មរ៉ូណៃ ២:១–៣ ) ។
សព្វថ្ងៃនេះ អ្នកកាន់បព្វជិតភាពមិលគីស្សាដែកដែលមានភាពសក្ដិសមអនុវត្ដសិទ្ធិអំណាចដូចគ្នានេះដើម្បីប្រសិទ្ធពរដល់អ្នកដទៃ ។ ដោយការដាក់ដៃលើ អ្នកកាន់អំណាចបព្វជិតភាពផ្ដល់ការប្រសិទ្ធិពរស្របទៅតាមអារម្មណ៍ និងការបំផុសគំនិតដែលពួកគេទទួលបានពីព្រះវិញ្ញាណ ( សូមមើល នីហ្វៃទី២ ៤:១២ ) ។ ជារឿយៗ ការប្រសិទ្ធពរបព្វជិតភាពគឺត្រូវបានផ្ដល់នៅពេលមានការស្នើសុំតាមតម្រូវការរបស់បុគ្គលម្នាក់ ។ ការប្រសិទ្ធពរអាចបានផ្ដល់ដើម្បីផ្ដល់នូវភាពសុខសាន្ដ ការលួងលោម ការព្យាបាល ឬការទូន្មាន ។ ពេលខ្លះការប្រសិទ្ធពរបព្វជិតភាពអាចធ្វើដំណាលគ្នានឹងពិធីបរិសុទ្ធនៃបព្វជិតភាព ដូចជាក្នុងអំឡុងពេលការដាក់ឈ្មោះ និងប្រសិទ្ធពរដល់ក្មេងតូចៗ ពិធីបញ្ជាក់ផ្ដល់អំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ឬការតែងតាំងបព្វជិតភាព ។
អ្នកកាន់អំណាចបព្វជិតភាពមិលគីស្សាដែកដែលផ្ដល់ការប្រសិទ្ធពរដោយការដាក់ដៃលើ ឈរជាតំណាងឲ្យព្រះយេស៊ូវគ្រីស្ទនៅក្នុងការងារបម្រើដល់មនុស្សដទៃ ។ អំណាចបព្វជិតភាពគឺបានសន្យាដល់អស់អ្នកដែលរស់នៅក្នុងគោលការណ៍នៃភាពសុចរិត និងខិតចូលទៅជិតព្រះតាមរយៈការប្រែចិត្ដ និងការគោរពប្រតិបត្ដិតាមព្រះបញ្ញត្ដិរបស់ទ្រង់ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ១២១:៣៦ ) ។
រឿងទាំងឡាយដែលត្រូវពិចារណា
-
នៅពេលអ្នកកាន់អំណាចបព្វជិតភាពមិលគីស្សាដែកផ្ដល់ការប្រសិទ្ធពរដល់នរណាមា្នក់ គាត់ធ្វើកិច្ចការនេះក្នុងព្រះនាមនៃព្រះអម្ចាស់ និងដោយព្រះចេស្ដារបស់ទ្រង់ ។ សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ៣៦:២ ដោយយកចិត្តទុកដាក់ចំពោះអត្ថន័យនៃព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះនៅក្នុងខគម្ពីរនេះ ។ បន្ទាប់មកសូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយប្រធាន ហារ៉ូល ប៊ី លី ៖
« ព្រះអម្ចាស់ [ នៅក្នុងខនេះ គោលលទ្ធិ និងសេចក្ដីសញ្ញា ៣៦:២ ] កំពុងមានបន្ទូលថានៅពេលអ្នកបម្រើដែលមានសិទ្ធិអំណាចរបស់ទ្រង់ម្នាក់ដាក់ដៃលើក្បាលរបស់មនុស្សម្នាក់ដោយសិទ្ធិអំណាចដើម្បីប្រសិទ្ធិពរដល់មនុស្សម្នាក់នោះ ការណ៍នេះគឺដូចជាទ្រង់ផ្ទាល់បានដាក់ព្រះហស្ដរបស់ទ្រង់នៅលើក្បាលរបស់មនុស្សទាំងនោះដើម្បីធ្វើពិធីបរិសុទ្ធនោះដែរ ។ ដូច្នេះយើងចាប់ផ្តើមឃើញពីរបៀបដែលទ្រង់បើកសម្ដែងអំណាចរបស់ទ្រង់ក្នុងចំណោមមនុស្សតាមរយៈពួកអ្នកបម្រើរបស់ទ្រង់ដែលទ្រង់បានប្រទានកូនសោនៃសិទ្ធិអំណាចដល់ពួកគេ » ។
តើវគ្គបទគម្ពីរនេះបានជះឥទ្ធិពលដល់ទស្សនៈរបស់អ្នកអំពីការប្រសិទ្ធិពរបព្វជិតភាពដោយរបៀបណា ? តើអ្នកមានបទពិសោធន៍អ្វីខ្លះជាមួយព្រះវិញ្ញាណនៅពេលដែលអ្នកបានទទួល ឬផ្តល់ការប្រសិទ្ធពរបព្វជិតភាព ?
សកម្មភាពសម្រាប់ការរៀនសូត្រជាមួយអ្នកដទៃ
-
ខណៈពេលដែលយើងអាចទំនងជាភ្ជាប់ទំនាក់ទំនងការប្រសិទ្ធពរបព្វជិតភាពទៅនឹងមនុស្សដែលផ្ដល់ការប្រសិទ្ធពរនេះ—បុរសទាំងឡាយដែលកាន់បព្វជិតភាពមិលគីស្សាដែក—វាសំខាន់ដើម្បីចាំថាអំណាចបព្វជិតភាពកើតមានឡើងតែតាមរយៈព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះ ។ សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ១២១:៣៦–៣៧, ៤១–៤៦ ជាក្រុម ។ តើអ្នករៀនអ្វីខ្លះចេញពីខគម្ពីរទាំងនេះ អំពីអ្វីដែលព្រះរំពឹងទុកពីនរណាម្នាក់ដែលចង់បានអំណាចខាងវិញ្ញាណកាន់តែច្រើន ? តើយើងម្នាក់ៗអាចបណ្ដុះបុគ្គលិកលក្ខណៈទាំងនេះបានកាន់តែប្រសើរឡើងក្នុងជីវិតរបស់យើងដោយរបៀបណា ?
-
សូមមើលវីដេអូ « Sanctify Yourselves » ( នាទី ៤:៣៧ ) ជាក្រុម ។ មុនពេលអ្នកចាប់ផ្តើមមើលវីដេអូ សូមអញ្ជើញសមាជិកក្រុមឲ្យស្រមៃមើលខ្លួនឯងនៅក្នុងស្ថានភាពដែលបានបង្ហាញក្នុងវីដេអូនៅពេលពួកគេមើល ។ បន្ទាប់ពីបានមើលវីដេអូរួចហើយ សូមអញ្ជើញសមាជិកក្រុមឲ្យចែកចាយគំនិតរបស់ពួកគេ ។ ហេតុអ្វីបានជាការស្វែងរកភាពស្អាតស្អំមានភាពចាំបាច់សម្រាប់មនុស្សគ្រប់គ្នាដែលត្រូវការអំណាចពីស្ថានសួគ៌ ?
ស្វែងយល់បន្ថែមទៀត
-
លោកុប្បត្តិ ៤៨:១៤–១៥; កិច្ចការ ៦:៥–៦; នីហ្វៃទី៣ ១៧:១៨–២៤; គោលលទ្ធិ និងសេចក្ដីសញ្ញា ២០:៧០
-
« ការធ្វើពិធីបរិសុទ្ធបព្វជិតភាព និងពរជ័យបព្វជិតភាព » ក្បួនខ្នាតទូទៅ ៖ ការបម្រើនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ជំពូកទី ១៨ នៅលើបណ្ណាល័យដំណឹងល្អ ។
-
ជូលី ប៊ី ប៊េក « An Outpouring of Blessings » Liahona ខែឧសភា ឆ្នាំ២០០៦ ទំព័រ ១១–១៣
-
« Sanctify Yourselves » ( វីដេអូ ) នៅលើបណ្ណាល័យដំណឹងល្អ
ផ្នែកទី ២
ការប្រសិទ្ធពរបព្វជិតភាពសម្រាប់មនុស្សឈឺ
ព្រះយេស៊ូវគ្រីស្ទបានបម្រើដល់បុត្រាបុត្រីរបស់ព្រះនៅក្នុងរបៀបដ៏មានអត្ថន័យជាច្រើនខណៈពេលដែលទ្រង់រស់នៅលើផែនដី ។ ទ្រង់បានបង្ហាញសេចក្តីស្រឡាញ់ដ៏ឥតខ្ចោះពេលទ្រង់សម្រាលនូវភាពឈឺចាប់នៃអ្នកឈឺ និងអ្នករងទុក្ខដោយការប្រាសពួកគេឲ្យជា ( សូមមើល ម៉ាថាយ ៨:១៦–១៧; ម៉ូសាយ ៣:៥–៦ ) ។ ទ្រង់បានដឹកនាំសិស្សរបស់ទ្រង់ឲ្យចេញទៅព្យាបាលអ្នកជំងឺ ( សូមមើល ម៉ាថាយ ១០:១ ) ។ ព្រះគម្ពីរសញ្ញាថ្មីបង្ហាញថាលំនាំនៃការដាក់ដៃលើអ្នកដែលឈឺដើម្បីព្យាបាលពួកគេគឺត្រូវបានធ្វើតាមនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៅក្នុងជំនាន់បុរាណ ( សូមមើល កិច្ចការ ៣:១–៨; ៩:១២, ១៧; ២៨:៨; យ៉ាកុប ៥:១៤–១៥ ) ។ អ្នកកាន់បព្វជិតភាពមិលគីស្សាដែកសម័យទំនើបធ្វើតាមលំនាំដូចគ្នានេះនៅពេលពួកគេចាក់ប្រេងដែលបានញែកចេញលើអ្នកឈឺ ហើយប្រសិទ្ធពរដល់ពួកគេដោយការដាក់ដៃលើ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៤២:៤៣–៤៤; ៦៦:៩ ) ។
ប្រធាន ដាល្លិន អេក អូក បានរំឭកយើង ៖ « នៅពេលយើងអនុវត្តអំណាចបព្វជិតភាពនៃព្រះដោយឥតសង្ស័យ និងនៅពេលយើងឱបក្រសោបសេចក្ដីសន្យារបស់ទ្រង់ ថាទ្រង់នឹងឮ និងឆ្លើយតបការអធិស្ឋានដោយសេចក្ដីជំនឿ នោះយើងត្រូវតែចងចាំជានិច្ចថា សេចក្ដីជំនឿ និងអំណាចបព្វជិតភាពនៃការព្យាបាលមិនអាចមានលទ្ធផលមួយផ្ទុយទៅនឹងព្រះឆន្ទៈរបស់ទ្រង់ ដែលទ្រង់ជាម្ចាស់នៃបព្វជិតភាពនោះឡើយ ។ គោលការណ៍នេះត្រូវបានបង្រៀននៅក្នុងវិវរណៈដែលណែនាំថា ពួកអែលឌើរនៃសាសនាចក្រ ត្រូវតែដាក់ដៃរបស់ពួកគេលើអ្នកឈឺ ។ សេចក្ដីសន្យារបស់ព្រះអម្ចាស់គឺថា ‹ អ្នកណាដែលមានសេចក្ដីជំនឿជឿដល់យើង ដើម្បីឲ្យបានជាស្បើយ ហើយដែលពុំបានកំណត់ឲ្យស្លាប់ នោះនឹងត្រូវបានជាស្បើយហើយ › ( គ&ស ៤២:៤៨បានគូសបញ្ជាក់បន្ថែម ) ។
រឿងទាំងឡាយដែលត្រូវពិចារណា
-
តើអ្នកអាចរៀបចំខ្លួនឯងដោយរបៀបណានៅពេលស្វែងរកពរជ័យព្យាបាលសម្រាប់ខ្លួនឯង ឬអ្នកដទៃ ? នៅពេលអ្នកពិចារណាសំណួរនេះ សូមអាន យ៉ាកុប ៥:១៥; យ៉ាកុប ៣:១; អាលម៉ា ១៥:១០–១១;និង អេធើរ ១២:១២ ។ តើឃ្លា « ពាក្យអធិស្ឋាននៃសេចក្ដីជំនឿ » មានអត្ថន័យយ៉ាងណាចំពោះអ្នក ? តើគោលការណ៍សំខាន់អ្វីផ្សេងទៀតដែលត្រូវបានរកឃើញនៅក្នុងវគ្គបទគម្ពីរទាំងនេះ ?
-
ការមានឆន្ទៈក្នុងការជឿទុកចិត្ដលើព្រះឆន្ទៈរបស់ព្រះគឺជាផ្នែកមួយដ៏សំខាន់នៃការអធិស្ឋាន ឬការប្រសិទ្ធពរបព្វជិតភាព ។ សូមអាន ម៉ូសាយ ៤:៩ ។ តើគោលការណ៍ដែលបានបង្រៀនដោយស្តេចបេនយ៉ាមីននៅក្នុងបទគម្ពីរនេះអាចជួយអ្នកឲ្យមានអារម្មណ៍ត្រៀមខ្លួនរួចរាល់កាន់តែខ្លាំងដើម្បីទទួលយកព្រះឆន្ទៈរបស់ព្រះដោយរបៀបណា ?
សកម្មភាពសម្រាប់ការរៀនសូត្រជាមួយអ្នកដទៃ
-
នៅពេលដែលនរណាម្នាក់ឈឺ យើងមានបំណងចង់ធ្វើអ្វីដែលយើងអាចធ្វើបានដើម្បីជួយ និងសម្រាលការឈឺចាប់របស់គាត់ ។ ទាំងការប្រសិទ្ធពរបព្វជិតភាព និងការថែទាំផ្នែកវេជ្ជសាស្ដ្រគឺមានសារៈសំខាន់ ។ សូមអញ្ជើញសមាជិកក្នុងក្រុមឲ្យអានសេចក្តីថ្លែងការណ៍ខាងក្រោមដោយប្រធាន ដាល្លិន អេក អូក ៖
« ខ្ញុំចង់និយាយ … អំពីការព្យាបាលអ្នកឈឺ—ដោយវិទ្យាសាស្ដ្រវេជ្ជសាស្ដ្រ ដោយការអធិស្ឋាននៃសេចក្ដីជំនឿ និងដោយការប្រសិទ្ធពរបព្វជិតភាព ។ … ប្រាកដណាស់ថា យើងពុំរង់ចាំរហូតដល់វិធីសាស្ត្រដទៃទៀតទាំងអស់ប្រើការលែងបាន ទើបយើងអធិស្ឋានដោយសេចក្ដីជំនឿ ឬផ្ដល់ការប្រសិទ្ធពរបព្វជិតភាពសម្រាប់ការជាសះស្បើយនោះទេ ។ ក្នុងពេលមានអាសន្ន ការអធិស្ឋាន និងការប្រសិទ្ធពរត្រូវធ្វើឡើងដំបូងគេបង្អស់ ។ ជាញឹកញាប់យើងបន្តកិច្ចខិតខំប្រឹងប្រែងទាំងអស់ក្នុងពេលដំណាលគ្នា » ។
ហេតុអ្វីបានជាវាសំខាន់ក្នុងការរួមបញ្ចូលគ្នានូវការអធិស្ឋាននៃសេចក្តីជំនឿ និងការប្រសិទ្ធពរបព្វជិតភាពជាមួយនឹងការស្វែងរកជំនួយខាងវេជ្ជសាស្ដ្រ ?
ស្វែងយល់បន្ថែមទៀត
-
ពង្សាវតារក្សត្រទី១ ១៧:៨–២៤; ម៉ាថាយ ៨:៥–១៣; ម៉ាកុស ៥:២៥–៣៤
-
ដាល្លិន អេក អូក « Healing the Sick » Liahona ខែឧសភា ឆ្នាំ២០១០ ទំព័រ ៤៧–៥០
-
ដូណល អិល ហលស្ត្រម « Has the Day of Miracles Ceased? » Liahona ខែវិច្ឆិកា ឆ្នាំ២០១៧ ទំព័រ ៨៨–៩០
-
« Why Are People Anointed with Oil When They Receive a Priesthood Blessing? » Liahona ខែមីនា ឆ្នាំ២០១០ ទំព័រ ៤៤–៤៥
-
Church History Topics « Healing » នៅលើបណ្ណាល័យដំណឹងល្អ
ធនធានផ្សេងទៀតអំពីការប្រសិទ្ធពរបព្វជិតភាព
-
ធនធានសម្រាប់កុមារ